ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការក្នុងការផ្សព្វផ្សាយតាមភូមិ ឃុំ ដល់ពលករខ្មែរដែលបានទៅធ្វើការនៅប្រទេសថៃ ហើយបានវិលត្រឡប់ចូលមកស្រុកកំណើតវិញប្រមាណ១ម៉ឺន ៥ពាន់នាក់ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។
ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីអន្តោរប្រវេសន៍ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ចំពោះការវិលត្រឡប់របស់បងប្អូនពលករខ្មែរមកពីប្រទេសថៃវិញនេះ គឺមិនបានធ្វើការត្រួតពិនិត្យសុខភាពឱ្យបានអស់ទេ ដូច្នេះសម្តេចបានធ្វើសំណើទៅសម្តេច តេជោ ហ៊ុន សែន ដើម្បីឱ្យរដ្ឋបាលនៅតាមមូលដ្ឋានទៅជួបពលករទាំងនោះនៅផ្ទះ និងបានដឹងពីស្ថានភាពរបស់គាត់។ សម្ដេចក្រឡហោមបានបន្ដថា ក្នុងករណីដែលមានការឆ្លងជំងឺកូវីដ-១៩នេះ អាចនឹងបិទធ្វើដំណើរនៅក្នុងភូមិ ឬកន្លះភូមិ ព្រោះថានៅកម្ពុជាមិនដូចជាប្រទេសគេនោះទេ។ សម្ដេចក្រឡាហោមបានបន្ដទៀតថា នៅកម្ពុជាមិនទាន់ឈានដល់ធ្វើការបង្ខាំងមនុស្សមិនឱ្យចេញពីផ្ទះដូចប្រទេសអ៊ីតាលី ឬប្រទេសផ្សេងនោះទេគឺ ធ្វើការអំពាវនាវសិន។ ប៉ុន្តែបើនៅប្រទេសផ្សេងបើមិនស្តាប់នឹងមានការផាកពិន័យ ហើយអាចជាប់គុកទៀត។
សម្ដេចក្រឡាហោមបានបន្ថែមថា “ឥឡូវយើងយកវិធានការប្រៀបដូចជាការឃោសនា បោះឆ្នោតអីច្ចឹង គឺចាក់មេក្រូ ប្រកាសតាមភូមិ រហូតដល់ប្រជាពលរដ្ឋយល់ ហើយធ្វើការដូរទីតាំងផ្សេង រហូតដល់ប្រជាពលរដ្ឋយល់”៕
ដោយ ប៊ុនរិទ្ធ