ជប៉ុន ផ្ដល់ហិរញ្ញប្បទានឥតសំណង និង​ឥណទាន​សម្បទាន ប្រមាណ​៣១០​លាន​ដុល្លា​អាម៉េរិក​ដល់កម្ពុជា

ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ — រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់នូវហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ប្រមាណ ៣១០លានដុល្លារអាម៉េរិក ដល់កម្ពុជា ដើម្បីជួយលើកកម្ពស់បន្ថែមទៀត នូវការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

ក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែល មានទឹកប្រាក់សរុបចំនួន៣៤.១៣៨ លានយ៉េន (ប្រមាណ៣១០លានដុល្លារអាម៉េរិក) ត្រូវបាន​ធ្វើ​ឡើងនាព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០នៅវិមានសន្តិភាព ដែលត្រូវបានចុះហត្ថលេខា ដោយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជ​ទូតជប៉ុនប្រចាំកម្ពុជា និងឯកសារមួយទៀត ត្រូវបានចុះហត្ថលេខាដោយឯកឧត្ដមអគ្គ​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ឯកឧត្ដម Sukano yuichi ប្រធានអង្គការ JICA ប្រចាំកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហា​សេនា​បតី​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ចំពោះហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តន៍គ្របដណ្ដប់លើ ១. គម្រោងការ​ពង្រីក​ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ចំនួន៣.៤២១លានយ៉េន (ប្រមាណ៣១លានដុល្លារអាម៉េរិក) ២. គម្រោងសមាហរណកម្មការបោសសម្អាតមីន និង​សង្គ្រោះជនពិការដោយសារមីនដែលមានទឹកប្រាក់ចំនួន១.០០០លានយ៉េន (ប្រមាណ៩លាន​ដុល្លារអាម៉េរិក) និង៣. គម្រោង កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ដែលមានទឹកប្រាក់ចំនួន​៣០០លានយ៉េន (ប្រមាណ២,៧លានដុល្លារអាម៉េរិក)។

ជាមួយគ្នានេះ សម្រាប់​ឥណទាន​សម្បទាន សម្រាប់​អនុវត្តន៍ ១. គម្រោងធ្វើឱ្យប្រសើរ​នូវ​​ផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និង សិរីសោភ័ណ្ឌ-ប៉ោយប៉ែត) ដែល​មាន​ទឹកប្រាក់ ១៧.៧០២ លានយ៉េន (ប្រមាណ១៦១លានដុល្លារអាម៉េរិក)។ ២. គម្រោងធ្វើឱ្យ​ប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ ១១.៧១៥​លានយ៉េន (ប្រមាណ១០៦,៥ លានដុល្លារអាម៉េរិក)។

គួរបញ្ជាក់ដែរថា ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយ​រដ្ឋាភិបាលជប៉ុននេះនឹងជួយលើកកម្ពស់បន្ថែមទៀតនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃ​ព្រះ​រាជាណាចក្រកម្ពុជា ហើយព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង​ប្រជាជាតិទាំងពីរផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ