សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរខេត្តដាក់សាលារៀន ជាកន្លែងត្រៀមបង្ការ​ទទួលអ្នកជំងឺកូវីដ-១៩

ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសដាក់​ចេញវិធានការឱ្យមន្ទីរសុខាភិបាលតាមខេត្តទាំងអស់ ជ្រើសរើសអគារក្នុងសាលារៀន ដើម្បី​ធ្វើជាកន្លែងត្រៀមបង្ការចាំទទួលអ្នកជំងឺបណ្តាលមកពីវីរុសCovid-19 ដោយតម្រូវមានការ​បំពាក់សម្ភារ ​បរិក្ខារពេទ្យ បណ្តាញទឹក ភ្លើង ឱ្យបានរួចរាល់។ នេះបើយោងតាមប្រព័ន្ធ Telegram ដែលបានផ្ញើដល់អាជ្ញាធរគ្រប់ខេត្ត ក្រុង។

ក្នុងសារសំឡេងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីជូនថ្នាក់ដឹកនាំ ជាពិសេសអភិបាល ខេត្ត ដែលជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងកូវីត-១៩នៅតាមខេត្តបានថ្លែងថា “យើង បានឃើញហើយថា អ្នកជំងឺរបស់យើងជួនកាលកន្លែងខ្លះមានការកើនឡើង ដូចជានៅខេត្ត​ព្រះសីហនុជាដើម។ អីច្ចឹងបើកើតឡើងរបៀបនេះ ធ្វើឱ្យកន្លែងដែលយើងទទួល គឺវាមិនគ្រប់​គ្រាន់ទេ។ អីច្ចឹង ខ្ញុំបានពិភាក្សាជាមួយនឹងឯកឧត្តម ម៉ម ប៊ុនហេង យើងត្រូវប្រើប្រាស់ សាលារៀន ហើយខ្លះមានអ្នលជូនយោបល់ខ្ញុំ ថាឱ្យយកកុងទីន័ររមកកែច្នែធ្វើជាបន្ទប់ ប៉ុន្តែ​គឺវាមិនល្អទេ។” សម្ដេចតេជោបានបន្ដថា សម្ដេចគិតថា ត្រូវប្រើប្រាស់សាលារៀន ហើយ​សាលារៀនដែលសម្ដេចបានធ្វើកន្លងមកគឺស្អាតៗណាស់ គឺនៅទីរួមខេត្តនិងកន្លែងមួយចំនួន គឺយើងយកសាលារៀនតែម្តង អ្វីដែលជាបញ្ហាបន្ទាន់ គឺត្រូវជ្រើសរើសទីតាំងណាមួយឬពីរ ក្នុងខេត្តមួយ ហើយគឺថា និងរៀបចំប្រព័ន្ធទឹក ភ្លើង ចូលឱ្យដល់ជាបន្ទាន់ នេះជាកិច្ចការ​បន្ទាន់នៅតាមខេត្តត្រូវយកចិត្តទុកដាក់។ សម្ដេចតេជោបានបន្ដទៀតថា ចំពោះរាជធានី​ភ្នំពេញ​មិនជាចំណោទទេ ដោយសារយើងមានមន្ទីរពេទ្យរុស្ស៊ី ហើយអគារនៅចាក់អង្រែ ក្រៅពីនោះ នៅមន្ទីរពេទ្យ UT ហើយសណ្ឋាគារអាំងទែកុងទីណង់តាល់ហើយ មិនជាចំណោទ​ទេ។ ប៉ុន្តែអ្វីដែលជាចំណោទគឺនៅតាមបណ្តាខេត្ត ដែលត្រូវធ្វើបន្ទាន់ ដោះស្រាយធ្វើម៉េច​ត្រូវជ្រើសរើសសាលារៀនដែលយើងកំពុងតែបិទ យកអគារមួយ ឬពីរ គឺឱ្យមានច្រើនបន្ទប់ រៀបចំបន្ទប់ រៀបចំគ្រែ ដើម្បីដំណើរការតែម្តង ដោយប្រើប្រាស់កម្លាំងសរុប ដែលអាចយក​ទាំងកម្លាំងប៉ូលីស កម្លាំងទាហាន និងប៉េអឹម ដើម្បីយកមកជួយការងារនេះតែម្តង។ ជាពិសេស​គឺសម្រុកដោះស្រាយបញ្ហាតភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ចូលទៅក្នុងសាលាតែម្តង ហើយរៀបចំគ្រែ ដោះស្រាយគ្រែ ដើម្បីដាក់សម្រាប់ទទួលអ្នកជំងឺ ដែលយើងត្រូវមាន​ការចំបាច់។ សម្ដេចតេជោបានបន្ថែមថា នេះជាវិធីដែលដោះស្រាយបន្ទាន់ ហើយយើង​មាន​អគារស្រាប់ទាំងអស់ មិនចាំបាច់ដូចនៅប្រទេសចិនគេកសាងអគារភ្លាមៗ ដែលយើងគឺមិន​ចំបាច់ទេ គឺយើងយកអគារសាលារៀនតែម្តង បន្ទប់សាលារៀនដែលយើងបានធ្វើកន្លង​ទៅ​ស្អាតៗណាស់ ហើយរឿងដែលខ្វះគឺថាខ្វះតែបន្ទប់ទឹកទេ ប៉ុន្តែបើនិយាយពីសាលា​មានកន្លែង​ខ្លះគឺមានបន្ទប់ទឹក។ ប៉ុន្តែបណ្តាញទឹកដែលត្រូវផ្គត់ផ្គង់គឺវាត្រូវឱ្យគ្រប់ ដែលត្រូវខិតខំដោះ​ស្រាយបញ្ហានឹងបន្ទាន់។ សម្ដេចតេជបានស្នើសូមឱ្យយកចិត្តទុកដាក់អំពីបញ្ហានេះ ព្រោះ​ដើម្បីចៀសសវាងគឺនៅពេលមានអ្នកជំងឺច្រើន យើងមិនអាចរកកន្លែងដាក់បាន តែយើង​បានត្រៀមបម្រុងទុកហើយ។ ទន្ទឹមនេះ សូមឱ្យថ្នាក់ខេត្ត ឯកឧត្តម ម៉ម ប៊ុនហេង ក៏ដូចជា​ថ្នាក់ដឹកនាំក្រសួង គឺចូលរួមផ្តល់មតិបន្ថែមទៅឱ្យសុខាភិបាលខេត្ត រួមជាមួយនឹងគណៈ​អភិបាល ដើម្បីពិនិត្យទៅថា គួរយកកន្លែងណាដែលសមស្រប យើងមិនមែនចេះតែ​ដើរ​យកទេ គឺយកកន្លែងណាដែលសមស្រប ដែលមានលទ្ធភាព ហើយដែលមិនអាចរីករាល​ដាលទៅកន្លែងដទៃ៕

ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ