ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ — សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឱ្យសមាជិកគ្រួសារ និងអាជ្ញាធរមានសត្ថកិច្ច ធ្វើការរាយការណ៍ពីសមាជិកខ្លួនដែលមកពីប្រទេសថៃ និងប្រទេសផ្សេងៗ ដើម្បីពិនិត្យសុខភាព និងដាក់នៅឱ្យឆ្ងាយពីសមាជិករយៈពេល១៤ថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយជាសាធារណៈតាមរយៈប្រព័ន្ធតេឡេក្រាមរបស់សម្តេចក្រឡាហោម ស ខេង។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា “នៅតាមច្រកដូង នៅច្រកកំរៀង ខេត្តបាត់ដំបង និងខេត្តច័ន្ទបុរី ហើយមិនដឹងច្រកណាទៀត បងប្អូនពលករខ្មែរបានសម្រុកចូលមកពីប្រទេសថៃ ដោយមនុស្សមិនតិចជាង១ពាន់នាក់ទេ ហើយគ្មានបានត្រួតពិនិត្យ សុខភាពច្បាស់លាស់នោះទេ ដូច្នេះគាត់មកនឹងទៅតាមស្រុក កំណើតនៅតាមខេត្តរៀង ខ្លួនហើយ» ។
សម្តេចក្រឡាហោមបានស្នើឱ្យអភិបាលខេត្ត និងថ្នាក់ដឹកនាំសាម៉ីនីមូយៗ នៅតាមមូលដ្ឋាន ភូមិ ឃុំ ស្រុក ធ្វើការរាយការណ៍ពីអ្នកដែលមកពីថៃដើម្បីឱ្យគ្រូពេទ្យ ទៅពិនិត្យ ។ ជាងនេះទៀត បើមានការសង្ស័យត្រូវទុកឱ្យគាត់នៅដោយឡែកពីសមាជិកគ្រួសារសិន ដោយកុំឱ្យពួកគាត់ប៉ះពាល់ជាមួយអ្នកដទៃ ក្នុងនោះសមាជិកក្នុងផ្ទះក៏កុំឱ្យប៉ះពាល់ ដោយទុក គាត់នៅរយៈពេល១៤ថ្ងៃ ហើយបើមានការសង្ស័យត្រូវយកសំណាក ទៅវិទ្យាស្ថានប៉ាស្ទ័រដើម្បីពិនិត្យ ។
ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា បើសិនមានប្រជាពលរដ្ឋមកពីច្រកផ្សេងៗទៀត ត្រូវតែធ្វើវិធានការបែបនេះដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩នេះ ។
ចំណែកឯកឧត្ដម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈក៏បានអំពាវនាវដល់បងប្អូន ដែលទើបវិលត្រឡប់ពីខេត្តឆ្ងាយ ឬបរទេស ចូលរួមរក្សាអនាម័យ និងសុខភាពទាំងអស់គ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឯកឧត្ដមបានបញ្ជាក់ថា “ខ្ញុំយល់ពីអារម្មណ៍របស់បងប្អូន ក្នុងកាលៈទេសៈនៃការប្រឈ មពេញពិភពលោកនេះ ប៉ុន្តែការគោរពវិធានណែនាំ និងជឿទៅលើការណែនាំរបស់ពេទ្យ ក៏ដូចជាការវាយតម្លៃកម្រិតហានិភ័យនៃវិស័យ ឬសកម្មភាពណាមួយរបស់ជំនាញ នៅតែជាជម្រើសដែលល្អបំផុត សម្រាប់បងប្អូន”។
ឯកឧត្ដមក័បានស្នើដល់បងប្អូននៅតាមសហគមន៍ សូមកុំរើសអើងអ្នកចំណូលថ្មីពីព្រោះជំងឺនេះវាមិនឆ្លងតាមខ្យល់នោះទេ ប៉ុន្តែបងប្អូនត្រូវហ៊ានដាស់តឿន និងក្រើនរម្លឹកប្រកបដោយភាពទន់ភ្លន់ និងម៉ឺងមាត់ដល់អ្នកជិតខាងយើងអំពីវិធានការពារជំងឺកូវីដ-១៩ឬជូនដំណឹងទៅភូមិ ឃុំ ឬចាស់ព្រឹទ្ធាចារ្យដែលមានឥទ្ធិពលក្នុងភូមិឱ្យជួយដាស់តឿន ណែនាំបន្ថែម។ ទន្ទឹមនេះ បងប្អូនដែលមានសមាជិកគ្រួសារទើបមកពីឆ្ងាយ ក៏សូមមេត្តាកុំខឹង ឬអាក់អន់ចិត្តនឹងអ្នកជិតខាង ឬអាជ្ញាធរ ឬចាស់ព្រឹទ្ធាចារ្យយើង ប្រសិនជាអ្នកជិតខាង ឬអាជ្ញាធរ ឬចាស់ព្រឹទ្ធាចារ្យយើងសួរនាំ ឬដាស់តឿន ក្រើនរំឮកអំពីវិធានការពារជំងឺកូវីដ និងសុំឱ្យកាត់បន្ថយភាពស្និទ្ធស្នាលក្នុងផ្ទះ និងការស្វាគមន៍គ្នា ដូចជាមិនបាច់រៀបក ម្មវិធីហូបអាហារជុំគ្នា ជប់លៀងអ៊ូអរ។ល។
ឯកឧត្ដមរដ្ឋលេខាធិការបានបន្ថែមថា ចាំយើងច្បាំងឈ្នះជំងឺកូវីដ-១៩ ចាំជប់លៀង ក៏មិនហួសពេលដែរ។ សូមបងប្អូនទើបមកពីឆ្ងាយនៅដាច់ពីគេ ឬកុំមានភាពស្និទ្ធស្នាលជាមួយអ្នកផ្ទះចំនួន ១៤ថ្ងៃ បើទោះបីជាបងប្អូនមានអារម្មណ៍ថាមានសុខភាពល្អក៏ដោយ។ ក្នុងអំឡុងពេល១៤ថ្ងៃនេះ បើបងប្អូនឡើងកម្តៅលើសពី ៣៧.៥ អង្សា ហើយមានអាការៈណាមួយផ្សេងទៀតដូចជា ក្អក ឈឺក ពិបាកដកដង្ហើម សូមបងប្អូនទៅមន្ទីរពេទ្យបង្អែកស្រុក ឬពេទ្យដែលនៅកៀកផ្ទះដើម្បីសុំការណែនាំបន្ថែមពីគ្រូពេទ្យ។ ឯកឧត្ដមបានឱ្យដឹងទៀតថា ការយកជំងឺណាមួយទៅធ្វើឱ្យរីករាលដាលដោយចេតនា គឺជាបាបកម្ម ក្នុងផ្លូវសាសនាផង និងជាទោសព្រហ្មទណ្ឌផង។
ឯកឧត្ដមក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ពណ៌សំបុរ ឱ្យមានស្មារតីក្លាហាន ទឹកចិត្តមោះមុត ប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ-១៩ ប្រកបដោយភាពវៃឆ្លាត៕