បាត់ដំបង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារឱ្យមន្ត្រីស្ថានទូតម្នាក់ ជុំវិញករណីអ្នកទេសចរក្នុងនាវានៅខេត្តកំពង់ចាម ក្នុងខណៈដែលកម្ពុជាបានរកឃើញជនបរទេសចំនួន៣នាក់ ដែលមានវីរុសកូវីដ-១៩នោះ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋជាច្រើនពាន់នាក់ ក្នុងពិធីអបអរសាទរបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ«ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» នារសៀលថ្ងៃទី ១៤ ខែមីនាឆ្នាំ២០២០ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សូមឱ្យមានការយោគយល់ពីស្ថានទូតនៃប្រទេសខ្លះ ដែលកន្លងទៅនេះបានស្នើសុំឱ្យយកអ្នកទេសចរក្នុងនាវានៅឯខេត្តកំពង់ចាម ដែលធ្វើដំណើរមកពីប្រទេសវៀតណាម ហើយដែលកម្ពុជាបានរកឃើញនូវមេរោគកូវីដ-១៩ ចំនួន៣នាក់នោះ ដោយគេបានស្នើសុំឱ្យជនជាតិរបស់គេមកដេកនៅសណ្ឋាគារផ្កាយប្រាំនៅទីក្រុងភ្នំពេញ។ សម្ដេចតេជោបានលើកឡើងថា គេបានប្រៀបធៀបថា ហេតុអ្វីកាលពីពេលមុនបានជាកម្ពុជាអាចអនុញ្ញាតឱ្យភ្ញៀវទេសចររាប់ពាន់នាក់នៅលើនាវា វេសស្ទ័រដាម មកស្នាក់នៅសណ្ឋាគារផ្កាយប្រាំក្នុងទីក្រុងភ្នំពេញបាន ហេតុអ្វីមិនអាចធ្វើចំពោះជនជាតិរបស់គេនៅលើនាវានៅឯខេត្តកំពង់ចាមមកមិនបាន។ សម្ដេចតេជោបានគូសបញ្ជាក់ថា “បញ្ហានេះខ្ញុំសូមពន្យល់ថាករណីនេះវាមិនដូចគ្នាទេ ភ្ញៀវនៅលើនាវាវេសស្ទ័រដាមគ្មានអ្នកជំងឺកូវីដ-១៩ ទេ ប៉ុន្តែនាវាទេសចរណ៍មួយគ្រឿងនៅឯខេត្តកំពង់ចាមមានផ្ទុកនូវមេរោគនេះរួចស្រេចទៅហើយ។ ដូច្នេះជាមួយនឹងពលរដ្ឋរបស់អស់លោកអ្នក ចំនួនប៉ុន្មាននាក់នេះ តើឱ្យយើងខ្ញុំយោគយល់ពលរដ្ឋរបស់អស់លោក ហើយបំផ្លាញនូវពលរដ្ឋរបស់យើងខ្ញុំ១៦លាននាក់បានទេ។” សម្ដេចតេជោបានបន្ថែមថា នេះជាបញ្ហាដែលសូមឱ្យបងប្អូនជនរួមជាតិរបស់យើងធ្វើការពិចារណា រាប់ទាំងបងប្អូនជនរួមជាតិមួយចំនួន ដែលធ្លាប់តែទិទៀនរាជរដ្ឋាភិបាល។ សម្ដេចតេជោបានគូសបញ្ជាក់ទៀតថា មានមន្ត្រីទូតមួយដែលសម្ដេចសុំមិនបញ្ចេញឈ្មោះ បានធ្វើការបំភ័យ ឬក៏អាចថាធ្វើការព្រមានដល់អភិបាលខេត្តកំពង់ចាម ថាអ្នកនៅលើនាវានេះអាចមកលើគោកលើកបដាធ្វើបាតុកម្ម ហើយបង្ហោះតាមហ្វេសប៊ុក។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា “ខ្ញុំបានឆ្លើយតបទៅវិញថា បើគេចង់ធ្វើ ក៏គេធ្វើទៅតាមចិត្តដែលចង់ទៅចុះ ក៏ប៉ុន្តែទឹកដីកម្ពុជា នៅតែទឹកដីកម្ពុជា អនុញ្ញាតឱ្យអ្នកឯងឡើងគោកដើម្បីសម្អាតនាវា ហើយបើនៅពេលនេះ អ្នកឯងចង់ចុះទៅក្នុងនាវាវិញ។ យើងអនុញ្ញាតឱ្យអ្នកឯងចុះទៅវិញ ប៉ុន្តែនាវានេះមិនត្រូវបានចល័តទៅកន្លែងណាផ្សេងនោះទេ រហូតដល់ផុតរយៈពេលនៃជំងឺដែលត្រូវកំណត់ដោយវិធាននៃអង្គការសុខភាពពិភពលោក”។ សម្ដេចតេជោក៏បានសូមជូនសារទៅមន្ត្រីស្ថានទូតនេះឱ្យបានជ្រាបថា នេះមិនមែនជាទឹកដីរបស់អ្នក ដែលតម្រូវឱ្យសម្ដេចគិតគូរចំពោះតែជនជាតិរបស់អ្នកឯងប៉ុន្មាននាក់ ហើយខ្វះការគិតគូរចំពោះពលរដ្ឋរបស់សម្ដេចចំនួន១៦លាននាក់នោះទេ។ សម្ដេចតេជោបានថ្លែងទៀតថា អ្នកឯងមិនអាចគម្រាមកម្ពុជា ឱ្យយកភ្ញៀវរបស់អ្នកឯងត្រឹមតែប៉ុន្មាននាក់មកកាន់ទីក្រុងភ្នំពេញ ហើយឱ្យមានការភ័យខ្លាចនៅទីក្រុងភ្នំពេញនោះទេ។ ដូច្នេះសូមមេត្តាយោគយល់ និងអាធ្យាស្រ័យគ្នា។ សម្ដេចបានបន្ថែមទៀតថា ម៉្យាងទៀតក្រសួងសុខាភិបាលក៏បានចេញនូវសេចក្ដីប្រកាសហាមឃាត់ ការធ្វើដំណើរចំនួនប្រទេស៥ ដែលកំពុងរីករាលដាលខ្លាំង នោះរួមមាន ប្រទេសបារាំង អេស៉្បាញ អាល្លឺម៉ង់ អ៊ីតាលី និងអាម៉េរិក ដែលនេះមិនមែនជាការរើសអើងទេ។
សម្ដេចតេជោបានបញ្ជាក់បន្ថែមថា “ឥឡូវយើងកំពុងតែពិនិត្យមើលប្រទេសអ៊ីរ៉ងមួយទៀត ដែលមានការខ្វះចន្លោះ ឬអាចមិនទាន់មានការគិតដល់ពីសំណាក់ក្រសួងសុខាភិបាល ព្រោះប្រទេសអ៊ីរ៉ង់ក៏ជាប្រទេសកំពុងមានការរីករាលដាលនៃជំងឺកូវីដ-១៩នេះផងដែរ”៕