សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន, ពិធីចែកសញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថាន វ៉ាន់ដា

CNV:

ក្រមាខ្មែរថែសុខភាព

ដំបូងខ្ញុំសុំបង្ហាញ អំពីឯកសណ្ឋានថ្មី។ នេះជាក្រវាត់កជំនាន់កូរ៉ូណា។ ម្សិលមិញបាន​ពាក់ឯកសណ្ឋានបែបនេះទៅកាន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៥៥ និងបើកការដ្ឋានផ្លូវជាតិលេខ ១០ ដែលតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តកោះកុង។ ថ្ងៃនេះ ពាក់(ក្រមា)មកកាន់ទីនេះ ហើយពីពេលនេះរហូតដល់បញ្ចប់វីរុសកូរ៉ូណា ខ្ញុំនៅតែពាក់បែបនេះ។ ខ្ញុំគិតថា វាក៏ជាផ្នែកមួយ ដើម្បីដោះស្រាយរឿងម៉ាសឡើងថ្លៃ។ ម៉ាស់វាមិនសូវមានប្រយោជន៍ប៉ុន្មានទេ យ៉ាងច្រើន ៥ ម៉ោង ត្រូវប្ដូរវាម្ដង។ ក្រមាអត់មានបញ្ហាទេ ក្រោមពាក្យស្លោក “ក្រមាខ្មែរថែសុខភាព”។ អញ្ចឹងទេ អ្នកដែលចង់បង់កក្រមាក៏បង់ទៅ អ្នកដែលចង់ពាក់ម៉ាសក៏ពាក់ទៅ គឺជារឿងដែលទាក់ទងជាមួយសុខភាពរបស់យើង។

ចំនួននិស្សិតស្ត្រីច្រើនជាងបុរស ស្តែងពីការលើកស្ទួយសមភាពយេនឌ័រ

ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកចូលរួមសាជាថ្មីម្ដងទៀត ក្នុងការចែកសញ្ញាបត្រ សម្រាប់ជ័យលាភី ចំនួន ៣ ៤៥៨ នាក់ នៅវិទ្យាស្ថាន វ៉ាន់ដា ដែលនេះ គឺជាផ្នែកដ៏សំខាន់មួយ នៃការអភិវឌ្ឍធនធានមនុស្សរបស់យើង។ ខ្ញុំពិតជាមានការរីករាយ ដែលបានស្ដាប់របាយការណ៍របស់ឯកឧត្តម បណ្ឌិត ហេង វ៉ាន់ដា ទាក់ទងជាមួយនឹងជាមួយនឹងវឌ្ឍនភាព នៃវិទ្យាស្ថានរបស់យើង ដែលបានឆ្លើយតបទៅនឹងតម្រូវការនៃការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង ហើយយើងនៅតែបន្តការខិតខំតទៅទៀត ដើម្បីធ្វើយ៉ាងណាឱ្យធនធានមនុស្សប្រទេសកម្ពុជារបស់យើងកាន់តែរីកចម្រើនទៅមុខ។

នៅទីនេះ យើងមាននិស្សិតបរិញ្ញាបត្ររង ចំនួន ៤២៦ នាក់ (ក្នុងនោះ) ស្រ្តីមាន ៨០,៥២%។ បរិញ្ញាបត្រ ចំនួន ២ ៩៣៣ នាក់ (ក្នុងនោះ) ស្ត្រីមាន ៨៧,០១%។ បរិញ្ញាបត្រជាន់ខ្ពស់ (ចំនួន) ៩៩នាក់ (ក្នុងនោះ) ស្ត្រីមាន ៥៩,៦០%។ ដូចមុនៗដែរ គឺយើងសង្កេតឃើញថា នៅតាមបណ្ដាសាកលវិទ្យាល័យ ឬគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ គឺជាវិទ្យាស្ថាន វ៉ាន់ដា ជាវិទ្យាស្ថានមួយ ដែលគ្រប់ដណ្ដប់ស្ត្រីច្រើនជាងបុរស នៃការសិក្សានៅទីនេះ។ នេះគឺជាមោទនភាពមួយ ដែលយើងទទួលបានការបណ្ដុះបណ្ដាលចំនួននិស្សិតជាស្ត្រីច្រើនជាងបុរស ហើយក៏ជាផ្នែកមួយ នៃការយឹតយោងទៅដល់ការលើកស្ទួយសមភាពយេនឌ័ររបស់យើង​។

ខ្ញុំសុំថ្លែងការកោតសរសើរ ចំពោះវឌ្ឍនភាព ​នៃវិទ្យាស្ថាន (វ៉ាន់ដា) ក៏ដូចជា កោតសរសើរចំពោះក្រុមប្រឹក្សាភិបាល សាស្ត្រាចារ្យ ដែលបានផ្ដល់ការបង្រៀនដល់និស្សិតនៅទីនេះ។ ខ្ញុំអរគុណផងដែរ ដល់វិទ្យាស្ថាន(វ៉ាន់​ដា) ដែលបានផ្ដល់អាហារូបករណ៍សម្រាប់ខ្ញុំ។ ដែលថ្ងៃនេះ មាននិស្សិតមួយចំនួនបានមកទទួលសញ្ញាបត្រនៅថ្ងៃនេះដែរ។ ក្នុងនោះ យោងទៅលើតួលេខ ដែលបានផ្ដល់រយៈពេលកន្លងទៅនេះ វិទ្យាស្ថាននេះ បានផ្ដល់អាហារូបករណ៍ឱ្យខ្ញុំ ៦២៤ កន្លែងនោះ ត្រូវបានផ្ដល់សម្រាប់និស្សិតដែលខ្វះលទ្ធភាពឱ្យបានចូលរៀននៅក្នុងវិទ្យាស្ថាន(វ៉ាន់ដា)នេះ រហូតដល់បញ្ចប់។

លើកកម្ពស់ការចេះដឹងឱ្យស្របទៅតាមការវិវឌ្ឍ នៃសភាពការថ្មីៗ

ខ្ញុំក៏សូមយកយកឱកាសនេះ ថ្លែងជូននូវការអបអរសាទរ ចំពោះនិស្សិតជ័យលាភីគ្រប់កម្រិតទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមជាមួយក្រុមគ្រួសារ ញាតិមិត្ត អាណាព្យាបាល។ ក៏សូមផ្ដាំផ្ញើ ចំពោះក្មួយ​ៗទាំងអស់ សុំបន្តការខិតខំតទៅទៀត ​មិនមែនគ្រាន់តែទទួលសញ្ញាបត្រនៅថ្ងៃនេះហើយចប់នោះទេ ដែលយើងត្រូវលើកកម្រិត នៃការចេះដឹងរបស់យើងឱ្យខ្ពស់ជាងនេះ ស្របទៅតាមការវិវឌ្ឍនៃសភាពការណ៍ថ្មីៗ។ ប្រទេសរបស់យើង ឬក៏ពិភពលោកដើរលឿនណាស់ ដូច្នេះ តម្រូវឱ្យមនុស្សរបស់យើងដើរលឿនស្របទៅតាមការវិវឌ្ឍនៃសភាពការណ៍ក្នុងប្រទេស/តំបន់ និងសភាពការណ៍អន្តរជាតិផងដែរ។ បញ្ហាប្រឈមជាច្រើនបានលេចឡើងនៅលើពិភពលោកនេះ។ ក្នុងនោះ មិនត្រូវភ្លេចថា កម្ពុជាក៏ជាផ្នែកមួយនៅក្នុងបរិបទ នៃសមាហរណកម្ម និងពហុភាគីនិយម ដែលកម្ពុជាត្រូវធ្វើសមាហរណកម្មយ៉ាងរឹងមាំ ជាមួយអង្គការក្នុងតំបន់ ក៏ដូចជា អង្គការដទៃទៀតនៅក្នុងពិភពលោក​។

សាស្ត្រាចារ្យខិតខំធ្វើឱ្យគុណភាពបណ្តុះបណ្តាលកាន់តែខ្ពស់

ថ្ងៃនេះទិវា ASEM DAY ត្រូវបានប្រារព្ធនៅទីក្រុងភ្នំពេញ ដើម្បីអបអរសាទរជាមួយនឹងការប្រុងប្រៀបឈានឆ្ពោះទៅរកការធ្វើជាម្ចាស់ផ្ទះ នៃការប្រជុំ អាស៊ី-អឺរ៉ុប នៅខែ វិច្ឆិកា ២០២០ ខាងមុខនេះ។ នេះជាអ្វីដែលខ្ញុំចង់និយាយទៅកាន់និស្សិតរបស់យើង។ បញ្ហាដែលខ្ញុំត្រូវនិយាយនោះ ជារឿងដដែលទេ។ ក៏ប៉ុន្តែ ខ្ញុំនៅតែអំពាវនាវឱ្យវិទ្យាស្ថាន (វ៉ាន់ដា) ក៏ដូចជា និស្សិតទាំងអស់ បង្កើនការខិតខំថែមទៀត ដើម្បីពង្រឹងគុណភាពទៅលើការបណ្ដុះបណ្ដាល។ សាស្ត្រាចារ្យត្រូវស្វែងរកវិធីសាស្ត្រ និងធ្វើយ៉ាងណា ដើម្បីឱ្យគុណភាព នៃការបណ្ដុះបណ្ដាលរបស់យើងកាន់តែខ្ពស់ទៅៗ។ សម្រាប់និស្សិតម្នាក់ៗ ដែលត្រូវទទួលសញ្ញាបត្រនៅថ្ងៃនេះ ក៏ត្រូវទទួលការខិតខំ ដើម្បីឈានឡើងបន្តទៅទៀត។

អ្នកដែលមានបរិញ្ញាបត្ររង អាចឈានទៅរកបរិញ្ញាបត្រ ​ហើយអ្នកដែលមានបរិញ្ញាបត្រ/បរិញ្ញាជាន់ខ្ពស់ ត្រូវតែបន្តការខិតខំពង្រឹងគុណភាព តាមដែលអាចធ្វើទៅតាម ដើម្បីផ្ដល់ចំណេះដឹងកាន់តែខ្លាំង សម្រាប់យើង។ គ្មានអ្នកណាទទួលយើងឱ្យចូលធ្វើការ នៅពេលដែលយើងគ្រាន់តែមានសញ្ញាបត្រមួយសន្លឹកហើយយកទៅបង្ហាញគេ នឹងពុំមានការចេះដឹងនោះទេ។ មិនមែនគ្រាន់តែផ្នែកវិស័យឯកជនទេ វិស័យរដ្ឋក៏ត្រូវមានការប្រឡងប្រជែងដ៏តឹងតែង។ ជួនកាលក្របខណ្ឌនៅកន្លែងខ្លះ ឱ្យជ្រើសរើសតែ ២០ នាក់ទេ​ ក៏ប៉ុន្តែអ្នកដាក់ពាក្យប្រឡងរហូតដល់ ១ ពាន់នាក់ ឯណោះ។ ទម្រាំតែជ្រើសរើសបាន មិនមែនជាការងាយស្រួលទេ ហើយកុំបន្ទោសគេថា មានបញ្ហាពុករលួយ។

សេដ្ឋកិច្ចទីផ្សារ គ្មានមនោសញ្ចេតនា អ្នកចេះទើបជាប់/រកការងារបានធ្វើ

ប្រព័ន្ធនៃការប្រឡងប្រជែងបច្ចុប្បន្ន រាប់ទាំងការប្រឡងប្រជែងនៅមធ្យមសិក្សានៅបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ សុទ្ធតែមានការគ្រប់គ្រងហ្មត់ចត់ ដែលឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បាននិយាយថា “ចេះទើបជាប់”។ នៅពេលដែលយើងដាក់ពាក្យប្រឡង​ទៅកាន់ស្ថាប័នសាធារណៈរបស់រដ្ឋ ឬផ្នែកឯកជន នៅពេលដែលយើងប្រឡងធ្លាក់ យើងកុំចោទគេ។ គឺមកពីសមត្ថភាពរបស់យើងមិនដល់ ព្រោះអ្នកដែលធ្វើអាជីវកម្មមួយ គេមិនអាចជ្រើសរើសបុគ្គលិកទៅតាមមនោសញ្ចេតនាទេ។ ខ្ញុំក៏អាចនិយាយបានថា “សេដ្ឋកិច្ចទីផ្សារ គ្មានមនោសញ្ចេតនាទេ”។ សេដ្ឋកិច្ចទីផ្សារ គឺស្គាល់តែពីរឿងចំណេញ និងខាតតែប៉ុណ្ណោះ។ រឿងមនោសញ្ចេតនា ផ្ញើកូន/ក្មួយ(នៅជាមួយ)អ្នកនេះ/នោះទៅឱ្យស៊ីប្រាក់ខែរបស់គេ គឺអត់ព្រមទេ …។

ទាំងរដ្ឋ/ឯកជន ទំនើបកម្មស្ថាប័ន ចាប់ផ្តើមសមត្ថភាពមនុស្ស

ស្ថាប័នរដ្ឋក៏ដូចគ្នា ត្រូវតែមានការរឹតបន្តឹង ធ្វើឱ្យមានប្រសិទ្ធភាពទាំងអស់គ្នា។ ចង់ឱ្យស្ថាប័នធ្វើទំនើបកម្ម (និង/ឬ)ពង្រឹងសមត្ថភាពស្ថាប័ន ត្រូវចាប់ផ្ដើមពង្រឹងសមត្ថភាពមនុស្សតែម្ដង។ បើមនុស្សគ្មានការចេះដឹងគ្រប់គ្រាន់ទេ ស្ថាប័ននោះក៏វាមិនរឹងមាំដែរ។​ មិនមែនគ្រាន់តែសំដៅទៅលើស្ថាប័នរដ្ឋទេ គឺវិស័យឯកជនតែម្ដង ដែលឥឡូវនេះ ការប្រកួតប្រជែងកាន់តែខ្លាំង/ខ្ពស់/ធំទូលាយ និងស៊ីជម្រៅ ដែលទាមទារឱ្យគ្រប់ទីកន្លែងទាំងអស់ ត្រូវធ្វើការស៊ីជម្រៅ ហើយចាប់ផ្ដើមពីការបង្កើនធនធានមនុស្សរបស់យើង។ ខ្ញុំអរគុណជាមួយការខិតខំទាំងអស់ ទាំងក្រុមប្រឹក្សាភិបាល និងសាស្ត្រាចារ្យ ដែលបានធ្វើកិច្ចការយ៉ាងល្អ ហើយក្នុងមួយឆ្នាំយើងតែងតែមកជួបគ្នានៅទីនេះ។

ថ្ងៃទី ១០ វិច្ឆិកា, ១០ មីនា និង ១២ កក្កដា បីថ្ងៃនេះមិនសូវធ្វើការ

ខ្ញុំមកចែកសញ្ញាបត្រនៅវិទ្យាស្ថាន(វ៉ាន់ដា)នេះ ចំនួន ១៤ ដង (ដោយ)គិតទាំងថ្ងៃនេះ។ ក៏សូមជម្រាបជូនផងដែរថា ខ្ញុំមិនគួរយកថ្ងៃនេះចែកសញ្ញាបត្រទេ ដោយសាតែថ្ងៃនេះ គឺជាខួបលើកទី ២២ ឆ្នាំ នៃមរណភាពរបស់ម្ដាយខ្ញុំ។ ការពិតទៅ ខ្ញុំដាក់ច្រឡំ។ ក៏ប៉ុន្តែ ខ្ញុំពិបាកកែ។ តាមធម្មតាមាន ៣ ថ្ងៃដែលខ្ញុំមិនសូវធ្វើការទេ គឺថ្ងៃទី ១០ វិច្ឆិកា គឺជាថ្ងៃស្លាប់ដ៏លំបាកវេនា នៃកូនប្រុសរបស់ខ្ញុំ។ ថ្ងៃមួយទៀត គឺថ្ងៃទី ១០ មីនា (ជាថ្ងៃ)មរណកាលរបស់ម្ដាយខ្ញុំ និងមួយទៀត គឺថ្ងៃទី ១២ កក្កដា គឺជាថ្ងៃខួបឪពុក ក៏ប៉ុន្តែ មិនបានដល់ ក៏ដាក់ចូលក្នុងកម្មវិធីទៅ។ តែក៏មានប្អូនពៅតែងតែធ្វើបុណ្យ/ទាន ឧទ្ទិសកុសលទៅគាត់។

សេដ្ឋកិច្ចពិភពលោករងគ្រោះពីជំងឺឆ្លងរាតត្បាត បន្ថែមលើសង្គ្រាមពាណិជ្ជកម្ម

ខ្ញុំនៅតែមានបញ្ហាដែលត្រូវនិយាយ ទាក់ទងនឹងបញ្ហាជំងឺឆ្លង ដែលកំពុងរាតត្បាតក្នុងពិភពលោកបច្ចុប្បន្ននេះ។ ក្នុងស្ថានភាពនេះ ពិភពលោកកំពុងវាយប្រហារដោយធ្ងន់បន្ថែមពីលើសង្គ្រាមពាណិជ្ជកម្ម ដែលមិនទាន់ផុតរលត់។ ​​នេះជារឿងដែលអកុសល សម្រាប់សេដ្ឋកិច្ចសាកល។ វាមិនមែនជាបញ្ហាដាច់ដោយឡែករបស់ចិនទេ តែវាជាបញ្ហារួមរបស់ពិភពលោក ដែលទាមទារការប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ។ មកដល់ពេលនេះ គេរៀបចំជាចំណាត់ថ្នាក់ ប្រទេសចិនឈរនៅលំដាប់លេខ ១។ ប្រទេសអ៊ីតាលីឈរនៅលំដាប់លេខ ២ ខាងឆ្លង និងស្លាប់។ ប្រទេសកូរ៉េខាងត្បូង ​គឺ(ឈរនៅ)លំដាប់លេខ ៣ ខាងឆ្លងប៉ុន្តែ ស្លាប់តិចទេ។ ឯចំពោះប្រទេសអ៊ីរ៉ង់ គឺឈរនៅលំដាប់ទី ៤។ ឥឡូវនេះ គឺថា វាវិវឌ្ឍរាលពេញតែម្តង។

អ្នកបានប្រាស្រ័យទាក់ទងនឹងបុរសឆ្លង Covid-19 នៅសៀមរាប សូមទៅពិនិត្យសុខភាព

សម្រាប់ប្រទេសរបស់យើង ដឹងហើយថា កាលពីថ្ងៃ សៅរ៍ យើងមានការឆ្លងលើក្មួយប្រុសម្នាក់ ដែលមានអាយុ ៣៨ ឆ្នាំ​ នៅខេត្តសៀមរាប។ ឥឡូវ យើងកំពុងតែព្យាបាលគាត់ដោយយកចិត្តទុកដាក់។ សង្ឃឹមថា សុខភាពរបស់គាត់នឹងមិនទ្រុឌទ្រោមអីទេ។ ឃើញគេបញ្ចាំងរូបភាពដែលគាត់ដើរ គឺសុខភាពគាត់មិនទ្រុឌទ្រោម​ ដែលនាំឱ្យគេគ្រា/សែងអីឯណាទេ។ តាមដឹង ម្នាក់នេះក៏ពូកែផឹកដែរ។ ហ្នឹងគេឱ្យផឹកស្រាបានឬ​អត់? ទេ! បើផឹកស្រាឆាប់ជា មានអីបញ្ជូនស្រាសទៅឱ្យផឹក។ សម្រាប់ប្រទេសរបស់យើង វីរុសដែលមានឆ្លងទើបមាន ៣ ករណីទេ។ ទី ១ គឺករណីជនជាតិចិនម្នាក់ ដែលបានកើតនៅខេត្តព្រះសីហនុ យើងក៏បានព្យាបាលឱ្យជា រួចក៏បាន(ឱ្យ)វិលត្រឡប់ទៅប្រទេស(របស់គេ)វិញ។ ករណីទី ២ ជនជាតិជប៉ុនម្នាក់ យើងក៏មិនទាន់ដឹងថា ជនជាតិជប៉ុននេះ គាត់កើតពីកន្លែងណាមក។

នេះជាបញ្ហាដែលត្រូវបន្តស្រាវជ្រាវ (និង)សហការជាមួយនឹងខាងភាគីជប៉ុន ដើម្បីឱ្យបានដឹងថា គាត់កើតពីកន្លែងណាមក ព្រោះគាត់ធ្វើដំណើរចេញពីប្រទេសជប៉ុន មកចូលវៀតណាម មកចូលកម្ពុជា ហើយទៅហ្វីលីពីន ចូលថៃទៀត … ទៅរកឃើញនៅឯជប៉ុនឯណោះ។ អញ្ចឹង សួរថា ពិតប្រាកដរបស់គាត់ គឺកើតនៅឯណា? ក្មួយប្រុសម្នាក់ដែលបានឆ្លងនៅខេត្តសៀមរាបនេះ គឺជាករណីដែលយើងទទួលស្គាល់ថា ឆ្លងពីជនជាតិជប៉ុននេះ។ ម្សិលមិញដូចជាធ្វើរោគសំណាកទៅលើមនុស្សដល់ទៅ ២២ នាក់ គឺអវិជ្ជមានទាំងអស់​។ ខ្ញុំសុំយកឱកាសនេះ អំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋ ឬយុវជន ឬនរណាក៏ដោយ លឺថាគាត់ចូល Karaoke ផង។ បើថាចូល Karaoke នាងៗនៅក្នុង Karaoke ក៏ត្រូវចេញមក ដើម្បីនឹងពិនិត្យសុខភាព ការ​ពារខ្លួនឯងទេ។ វាជាការល្អដែរ ដែលប្រទេសរបស់យើងគ្មានការរើសអើងចំពោះអ្នកជំងឺ។ ការរើសអើង (និង/ឬ)ការភ័យខ្លាច គឺជាគ្រោះថ្នាក់ធំជាងជំងឺ Covid-19 នេះទៅទៀត …។

បិទសាលាជាង ១០០ ជាវិធានការការពារ ពិសេសយកចិត្តទុកដាក់ចំពោះកុមារ

មូលហេតុ ដែល(ដែលនាំទៅដល់ការ)បិទសាលា អ្វីដែលសំខាន់ជាងគេ ដែលសូមពន្យល់ឡើងវិញ នៅត្រង់ថា ទី ១ គឺយើងយកចិត្តទុកដាក់ទៅលើសុខភាពរបស់កុមារជាមុន ដោយកុមារជាទូទៅ គឺថា មិនស្គាល់របៀបដែលត្រូវការពារខ្លួនទេ ប្រៀបធៀបជាមួយអ្នកពេញវ័យ​ ឬក៏គ្រូបង្រៀន ឬក៏សាស្រ្តាចារ្យ។ អញ្ចឹង យើងត្រូវតែដាក់ចេញវិធានការបន្ទាន់មួយ ហើយកម្រិតត្រឹមតែក្នុងទីរួមខេត្តប៉ុណ្ណោះ។ អញ្ចឹង បានជាក្រោយពេល ឯកឧត្តម ម៉ម ប៊ុនហេង ប្រកាស ក៏មានអ្នកចេញមកនិយាយថា ដាក់ទូទាំងខេត្ត។ សូមបញ្ជាក់ថា យើងនៅតែក្នុងកម្រិតទីរួមខេត្ត/ក្រុងសៀមរាបតែប៉ុណ្ណោះ ដែលមានជាង ១១០ សាលារៀន ខាងផ្នែកក្រសួងអប់រំ។

មានសាលាខាងផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ របស់ក្រសួងការងារ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ។ ខាងផ្នែកទេសចរណ៍ … យើងត្រូវមានការប្រុងប្រយ័ត្ន។ ក្នុងពេលនោះ យើងមិនទាន់ដឹងច្បាស់ថា មានប៉ុន្មាននាក់ ដែលមានទាក់ទងជាមួយជនជាតិជប៉ុន និងទាក់ទងជាមួយក្មួយប្រុសអាយុ ៣៨ ឆ្នាំនេះទេ។ ឥឡូវ យើងកំពុងស្វែងរកអ្នកដែលមានការពាក់ព័ន្ធ ដើម្បីយកមកពិនិត្យនូវសំណាក តើមានជំងឺនេះទៀតឬអត់? ក្នុងពេលដែលយើងដាក់ឱ្យនៅដាច់ដោយឡែក អ្នកដែលមានការពាក់ព័ន្ធ ហើយជាពិសេស គឺសម្រាប់អ្នកដែលមានវិជ្ជមានពី Covid-19 នេះតែម្តង …។

សូមកុំភ័យខ្លាច និងរើសអើង ចំពោះអ្នកសៀមរាបដោយសារ Covid-19

ខ្ញុំស្នើកុំឱ្យមានការភ័យខ្លាចចំពោះអ្នកសៀមរាប។ សូមប្រយ័ត្នប្រយែង។ កុំគិតថា មនុស្សចេញពីខេត្តសៀមរាបខ្លាចទាំងអស់។ នេះគឺជារោគគ្រោះថ្នាក់ជាងគេទាំងអស់។ អ្នកណាក៏ដោយឱ្យតែនៅទីរួមខេត្តសៀមរាប ចេញទៅដល់ស្រុកជីក្រែងៗថាទេ អ្ហែងចេញពីកន្លែងកើត(Covid-19)។ ចេញទៅដល់ស្រុកក្រឡាញ់ៗបដិសេធ ឬក៏ចេញពីខេត្តសៀមរាប ទៅខេត្តបាត់ដំបង បន្ទាយមានជ័យ ទៅឧត្តរមានជ័យ មកកំពង់ធំ ទៅព្រះវិហារ គេរើសអើងទាំងអស់។ នេះសូមប្រយ័ត្ន។ នៅលើពិភពលោកមានការប្រកាន់រើសអើងជាមួយប្រទេសមានបញ្ហា Covid-19។ មួយទៀត បែរជាមិនហ៊ានធ្វើដំណើរទៅខេត្តសៀមរាប ក្នុងពេលដែលខ្លួនមានតម្រូវការចាំបាច់ ទាំងការដើរកម្សាន្តជាដើម។​ វាជាករណីមួយនៅទីនោះ។ ប៉ុន្តែ បើនិយាយពីអ្នកទេសចរវិញ ឯកឧត្តម ថោង ខុន បានថតរូបភាពនៅក្នុងទីរួមខេត្តសៀមរាប ពួកទេសចរដើរលេងធម្មតាអត់មានខ្វល់រឿង Covid-19 មិន Covid-19 អីទេ។ អ្នកទេសចរបរទេស។ អញ្ចឹងទេ សូមឱ្យមានការយោគយល់គ្នា ហើយសូមកុំឱ្យមានការរើសអើងឱ្យសោះនៅក្នុងចំណោមជនជាតិរបស់យើង។

មិនរើសអើង តែត្រូវមានវិធានការ ពិនិត្យច្បាស់លាស់ មុនឱ្យចូលមកកម្ពុជា

យើងមិនមានគ្រាន់តែមិនរើសអើង ចំពោះជនជាតិរបស់យើងទេ ប៉ុន្តែយើងក៏មិនរើសអើងជាមួយជនបរទេសនោះដែរ។ យើងត្រូវចាត់វិធានការ ដើម្បីពិនិត្យឱ្យច្បាស់លាស់មុនឱ្យគេចូលមកដល់កម្ពុជា។ នៅតាមព្រលានយន្តហោះ ត្រូវតែដាក់វិធានការដើម្បីពិនិត្យ។ ការពិនិត្យនេះទៀតសោត ក៏នៅតែបញ្ជាក់បន្ថែម ​បងប្អូនខ្លះចង់ឱ្យគេយកប្រដាប់(ស្ទង់កំដៅ)មកបាញ់ក្បាលម្នាក់មួយៗ។ ក៏ប៉ុន្តែ បើធ្វើបែបនេះវាអត់ទាន់ពេលទេ។ យើងត្រូវធ្វើស្គែនមួយ គឺថា អាហ្នឹងគេប្រើយូរហើយ។ ក្នុងពេលដែលអ្នកឯងដើរមក គេចាប់នៅក្នុងបន្ទប់ឯណោះ។ ប៉ុន្តែនៅកន្លែងណា គឺមិនដឹងទេ។ នៅពេលដែលគេឃើញថាអ្នកហ្នឹងមានកម្តៅ គេទៅអញ្ជើញចូលទៅកន្លែងពិនិត្យហើយ។ កន្លងទៅក៏មានអ្នកដែលធ្វើដំណើរមកតាមហ្នឹងថា អត់មានអ្នកណាពិនិត្យផង។ ការពិត សុទ្ធតែកាមេរ៉ាសុវត្ថិភាព បន្ថែមក្នុងនោះ គេមានដាក់កាមេរ៉ាសម្រាប់បញ្ចាំងទៅលើសរីរាង្គមនុស្ស ដើម្បីកំណត់ថា អ្នកឯងមានកម្តៅប៉ុន្មាន? អញ្ចឹងទេ ​គ្រប់មាត់ច្រកទាំងអស់នៅក្នុងប្រទេសរបស់យើងៗត្រូវមានរឹតបន្តឹងផ្នែកវេជ្ជសាស្ត្រ ដែលអង្គការសុខភាពពិភពលោកតម្រូវ …។

ប្រភព ៤ ប្រទេស គេកំណត់ត្រូវទុកឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ

ឥឡូវ(នេះ) គេបានកំណត់ចេញមកពីប្រភព ៤ ប្រទេស គេត្រូវទុកឱ្យនៅដាច់ដោយឡែក (ក្នុងនោះមាន)ចេញពីចិន ចេញពីកូរ៉េខាងត្បូង ចេញពីអ៊ីតាលី និងចេញពីអ៊ីរ៉ង់។ ៤ ប្រទេសហ្នឹងគេត្រូវទុកឱ្យនៅ(ដាច់ដោយឡែក) ១៤ ថ្ងៃ។ បើអញ្ចឹង ខ្ញុំអត់គ្រប់លក្ខខណ្ឌដើរទៅណាទាំងអស់​ ព្រោះអីខ្ញុំទើបមកពីកូរ៉េខាងត្បូង ​និងមកពីចិន។ បានសេចក្តីថា ខ្ញុំអត់គ្រប់លក្ខខណ្ឌក្នុងការធ្វើដំណើរ។ ឧទាហរណ៍ ការប្រជុំអាស៊ាន បើខ្ញុំអត់ទៅ វាអត់គ្រប់អាស៊ាន ព្រោះរដ្ឋមន្ត្រីការបរទេសក៏ទៅកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រីក៏ទៅកូរ៉េខាងត្បូង​។ បានសេចក្តីថា អត់គ្រប់លក្ខខណ្ឌក្នុងការទៅប្រជុំទេ។ បើអញ្ចឹងទេ អាស៊ានវាអត់ជាអាស៊ានកើតទេ ព្រោះអត់មានគណៈប្រតិភូកម្ពុជា ប្រជុំអាស៊ានធ្វើម៉េចទៅ? កូរ៉េខាងត្បូងខ្ញុំទៅ ថ្ងៃទី៣-៤ ថ្ងៃទី ៥ ចេញមកវិញ។ ហើយថ្ងៃទី ៥ នោះ ក៏ចូលប្រទេសចិន។ អញ្ចឹង គិតមកដល់ពេលនេះ វាហួសជាង ១ ខែទៅហើយ។ បើវាឈឺៗតាំងពីប៉ុន្មានអាទិត្យមុនឯណោះ។

ត្រូវពង្រឹងសមត្ថភាពលើច្រកប្រចាំការ ២៤/២៤ ម៉ោង ត្រូវស្គាល់ភូមិសាស្ត្រ មិនត្រូវរុញដាក់គ្នា

ចំណុចនេះ នៅតែអំពាវនាវ ចំពោះបងប្អូនប្រជាពលរដ្ឋរបស់យើង ហើយបើមានការសង្ស័យ គឺយើងត្រូវតែរត់រកគ្រូពេទ្យភ្លាម។ ខ្ញុំស្នើឱ្យ ឯកឧត្តម ម៉ម ប៊ុនហេង ចាត់តាំងមនុស្សដែលមានសមត្ថភាពក្នុងការប្រចាំការនៅតាមទូរស័ព្ទ (១១៥)។ ខ្ញុំឃើញគេបង្ហោះក្នុងហ្វេសប៊ុកមួយ ក៏ប៉ុន្តែ មិនដឹងថាវាពិតដល់ប៉ុណ្ណា ហៅទៅមួយៗថា ត្រូវទាក់ទងទៅកន្លែងនោះ ដល់ទាក់ទងទៅកន្លែងនោះៗថា ទាក់ទងទៅកន្លែងនោះ។ ដល់ឆ្លើយដាក់គ្នាតែអញ្ចឹង អ្នកជំងឺពឹងអី? អញ្ចឹងទេ សូមពង្រឹងសមត្ថភាពអ្នកប្រចាំការបន្ទាន់។ កុំឱ្យនៅពេលគេទូរស័ព្ទមករកបែរជាយើងអត់មានអ្នកលើកទូរស័ព្ទ។ ត្រូវពង្រឹងសមត្ថភាព ហើយអ្នកទាំងអស់ហ្នឹងត្រូវស្គាល់ភូមិសាស្ត្រ និយាយរួមកុំរុញដាក់គ្នា។ អ្នកនេះទូរស័ព្ទចូលទៅនេះហើយ រួចហើយថាអត់ទទួលទេ ត្រូវទាក់ទងទៅលេខអ្នកនោះវិញ។ ហ្នឹងខ្ញុំមិនដឹងថា តើវាពិតកម្រិតណាទេ? ព្រោះគេបាញ់ឱ្យខ្ញុំ។

ត្រូវពង្រឹងសមត្ថភាព នៃច្រកប្រចាំការនេះ ២៤/២៤ ម៉ោង។ ទូរស័ព្ទរោទិ៍ត្រូវតែឆ្លើយតប។ ប្រសិនបើយើងទទួលបានហើយ យើងមិនត្រូវឱ្យអ្នកទូរស័ព្ទមកពឹងពាក់យើងនេះ ធ្វើទំនាក់ទំនងទៅកន្លែងផ្សេងទេ ខ្លួនយើងត្រូវតែធ្វើទំនាក់ទំនងទៅកន្លែងផ្សេង។ ឧទាហរណ៍ថា៖   ប្រជាពលរដ្ឋមានបញ្ហាទាក់ទងនឹងជំងឺហ្នឹង (Covid-19) គាត់ទូរស័ព្ទមកខាងយើង ឯយើងបែរជាប្រាប់ថា មិនមែនភារកិច្ចយើងទេ ត្រូវទាក់ទងកន្លែងនោះ។ ឥឡូវ យើងប្រគល់ការងារហ្នឹងឱ្យថា បើគេទាក់ទងមកហើយ គឺយើងត្រូវម្ចាស់ការទាក់ទងទៅកន្លែង ដែលយើងចង្អុលឱ្យប្រជាពលរដ្ឋទាក់ទងទៅនោះ ដើម្បីឱ្យគេទៅទទួលយកមនុស្សហ្នឹង ឬគ្រប់គ្រងមនុស្សហ្នឹងយ៉ាងម៉េច។ អាហ្នឹងត្រូវពង្រឹងនូវសមត្ថភាពសេវារបស់យើងឱ្យមាំទាំ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ជាមួយនឹងការព្រួយបារម្ភរបស់របស់ប្រជាពលរដ្ឋរបស់យើង។

ប្រជាជនចាយវាយក្នុងពេលសេដ្ឋកិច្ចលំបាក ធ្វើឱ្យសេដ្ឋកិច្ចល្អ

ចំពោះការព្រួយបារម្ភនេះទៀតសោត ម្សិលមិញខ្ញុំបាននិយាយ បើនិយាយមិនស្តាប់ទេ​ ព្រោះខ្ញុំអត់មានសិទ្ធិហាមឃាត់ការភ័យខ្លាចទេ។ ឥឡូវនេះ ដល់ថ្នាក់ទិញអង្ករ ទិញមី ទិញស្រា យកទៅដាក់ក្នុងផ្ទះក្រែងលោចេញមកផឹកមិនបាន។ វាទៅជាអញ្ចេះ។ បើបានជាជ្រុលទិញអញ្ចឹងក៏ល្អដែរ មូលហេតុអីបានល្អ? មូលហេតុត្រង់ថា ឥឡូវ អង្ករវាខ្វះទីផ្សារ។ អញ្ចឹង បើជួយទិញអង្ករម្នាក់មួយប៉ាវៗយកទៅដាក់តាមផ្ទះ អាហ្នឹងស្រួលហើយ ព្រោះអ្នកកិនស្រូវកំពុងតែខ្វះទីផ្សារ។ ៤០០ ឃ្លាំងកំពុងតែខ្វះ(ទីផ្សារ)។ រួចហើយក្រុមហ៊ុនផ្គត់ផ្គង់អង្ករតាមទីផ្សារ បញ្ជូនចូលទីផ្សារទៅ អ្នកហ្នឹងទិញយកទៅដាក់ផ្ទះទៅ។ កំពុងតែខ្វះផង រុញទូកបណ្តោយទឹកយកតែម្តង។ គ្រាន់តែថា ពេលហ្នឹងកុំឆ្លៀតដំឡើងថ្លៃជ្រុល។ ប៉ុន្តែ ទីផ្សារសេរីយើងពិបាកណាស់ រវាងសេចក្តីត្រូវការ និងការផ្គត់ផ្គង់។

អ្នកទាំងនេះរៀនគណនេយ្យច្បាស់ជាដឹងហើយ នៅពេលដែលតម្រូវការច្រើន តែការផ្គត់ផ្គង់តិច អាហ្នឹងវាឡើងថ្លៃហើយ។ នៅពេលដែលការផ្គត់ផ្គង់ច្រើន តម្រូវការតិច អាហ្នឹងច្បាស់ជាចុះថោកហើយ។ អញ្ចឹង បានជ្រុលទិញហើយ ទិញទៅស្រាបៀរអី ក្រែងលោខ្លាចចេញមកផឹកមិនបាន។ រោងចក្រស្រាបៀរច្រើនណាស់ ក្រៅពីរោងចក្រស្រុកយើង មាន GANZBERG នាំគ្នាទិញទៅ រួចហើយរដ្ឋដឹងតែថា មួយកំប៉ុងប៉ុន្មានសេន មួយកេសចូលប៉ុន្មានដុល្លារ ព្រោះពន្ធលើតម្លៃបន្ថែមនោះ។ អញ្ចឹង ប្រជាជនបានចាយវាយប្រាក់ក្នុងពេលដែលសេដ្ឋកិច្ចរបៀបហ្នឹង ដូច្នេះ ធ្វើឱ្យសេដ្ឋកិច្ចល្អទៅវិញ។ បើនិយាយពីក្រឹត្យក្រមសេដ្ឋកិច្ច គេខ្លាចបំផុត ខ្លាចមិនព្រមយកលុយទៅចាយទៅវិញទេ។ ដល់និយាយថាកុំឱ្យភ័យ បែរជាភ័យ។

ខ្ញុំ​ឯកភាពជាមួយ ខៀវ កាញារិទ្ធិ ម្សិលមិញគាត់ប្រកាសថា ប្រសិនបើប្រជាពលរដ្ឋខ្មែរយើងភ័យខ្លាចគ្រោះថ្នាក់ចរាចរណ៍ ស្មើនឹងភ័យខ្លាចមេរោគ Covid-19 ប្រហែលជាជីវិតមនុស្សនៅគង់វង្សរាប់ពាន់នាក់។ ហ្នឹងនិយាយការពិត។ ខ្មែរយើងមិនបានយកការភ័យខ្លាចលើគ្រោះថ្នាក់ចរាចរណ៍ ស្មើនឹងការភ័យខ្លាចមេរោគ Covid-19 ទេ។ ឥឡូវ នាំគ្នាធ្វើជាអ្នកខ្លាចរឿងគ្រោះថ្នាក់ចរាចរណ៍វិញម្តងមើល។ រឿងមិនគួរខ្លាច ទៅជានាំគ្នាខ្លាចពេញទឹក/ដី …។

ត្រូវមានជំនឿលើប្រព័ន្ធសុខាភិបាលជាតិ

ខ្ញុំដាក់ចេញជាសំណួរ តើទៅណាបើមិនពឹងលើពេទ្យកម្ពុជា? ហោះទៅសាំងហ្គាពួរ ស្មានតែសាំងហ្គាពួរគេឱ្យចូល? បើខ្លួនឯងមុនហ្នឹងហោះចេញទៅកំដៅលើសពី ៣៧ កន្លះទៅហើ​យ។ គេអត់ឱ្យទៅទេ។ ហើយម្យ៉ាងទៀត ផ្នែកចត្តាឡីស័ករបស់យើងក៏មិនបណ្តោយឱ្យមនុស្សហ្នឹងទៅដែរ។ ហោះទៅវៀតណាម តើវៀតណាមគេឱ្យចូលដែរ(ទេ)? បើយើងមានជំងឺ(Covid-19)ហ្នឹងគេអត់ឱ្យចូលទេ។ ហោះទៅថៃៗគេអត់ឱ្យចូលទេ។ ហោះទៅបារាំងៗកាន់តែមិនឱ្យចូល។ ឥឡូវថា (បើ)មិនជឿវេជ្ជសាស្ត្រខ្មែរទៅចុះ ចុះវេជ្ជសាស្រ្តនៅប្រទេសអឺរ៉ុប ឥឡូវនេះ ដែលកំពុងវាយប្រហារធ្ងន់ធ្ងរជាងគេ គឺអ៊ីតាលី មើលនៅក្នុងនេះ អ៊ីតាលីឆ្លងឡើងដល់ ៩ ១៧២ នាក់ (និង)ស្លាប់បានឡើងដល់ ៤៦៣ នាក់ … ខ្ញុំគិតថាអញ្ចេះ ខាងប្រតិកម្មរហ័ស  Update ឱ្យខ្ញុំមួយថ្ងៃ ៣ ដង។ ព្រឹកម៉ោង ៧ ម្តង ម៉ោង ២ រសៀលម្តង និងម៉ោង ៥ ល្ងាចម្តង ដើម្បីខ្ញុំតាមដានអាហ្នឹង។

(យើង)ដាក់ចេញជាសំណួរ នៅពេលដែលអស់លោកនិយាយថា មិនជឿលើគ្រូពេទ្យកម្ពុជា ឥឡូវបើកសិទ្ធិឱ្យអស់លោក/ស្រី អ្នកនាងកញ្ញា ចង់ធ្វើដំណើរទៅណាក៏បានដែរ។ ប៉ុន្តែ ខ្ញុំដឹងចម្លើយរួចបាត់ទៅហើយថា ទៅអត់រួច។ ប្រទេសគេៗមិនឱ្យទៅ។ អញ្ចឹង គ្មានជម្រើសណាក្រៅពីសហប្រតិបត្តិការជាមួយគ្រូពេទ្យកម្ពុជាទេ។ អត់មានជម្រើសទេ។ មិនមែនបានសេចក្តីថា ខ្ញុំផ្ចាញ់ផ្ចាលទេ។ នៅកន្លែងផ្សេងដែលនិយាយថា មិនទុកចិត្តគ្រូពេទ្យកម្ពុជា ឥឡូវ ខ្ញុំក៏សុំស្នើត្រឡប់ទៅវិញ សុំអញ្ជើញទៅកន្លែងណាដែលអ្នកចង់(ទៅ)។ សួរថា ទៅវៀតណាមគេមិនឱ្យទៅ។ ទៅឡាវក៏មិនឱ្យទៅ។ (ទៅ)ថៃគេមិនឱ្យទៅ អាហ្នឹងថាគេមិនឱ្យទៅ គឺជារឿងវេជ្ជសាស្រ្ត ដែលគេតម្រូវ។ ប៉ុន្តែ សួរថា គ្រូពេទ្យកម្ពុជាអន់ ចុះគ្រូពេទ្យអាមេរិកកាំងម៉េចក៏ធ្វើឱ្យប្រជាជនឆ្លង និងស្លាប់? គ្រូពេទ្យបារាំងម៉េចក៏ធ្វើឱ្យប្រជាជនឆ្លង និងស្លាប់? អាឡឺម៉ង់ អ៊ីតាលី និងប្រទេសដទៃទៀត។

ធ្វើការជាមួយគ្នា និងសហការជាមួយគ្នា មិនប្រកាន់និន្នាការនយោបាយ

ក្នុងចំណោមពលរដ្ឋរបស់យើង មិនថានិន្នាការនយោបាយបែបណាទេ ត្រូវធ្វើការជាមួយគ្នា សហការជាមួយគ្នា ឧទាហរណ៍៖ ខ្លួនមានការសង្ស័យទៅលើបញ្ហាកំដៅខ្លួន សុំឱ្យគ្រូពេទ្យជួយពិនិត្យភ្លាម តើអាហ្នឹងវាជា Covid-19 ឬក៏ជាការផ្តាសាយធម្មតា។ បើការផ្តាសាយធម្មតា មួយឆ្នាំៗស្លាប់ច្រើនជាង Covid-19 ទៅទៀត។ ឥឡូវ បូកសរុប(អ្នក)ស្លាប់ៗដល់ប៉ុន្មានហើយ? … ទើបនឹង ៤ ០២៥ នាក់ទេ បើប្រៀបធៀបជាមួយនឹងផ្តាសាយធំ ក្នុងមួយឆ្នាំស្លាប់ជាមធ្យមប្រហាក់ប្រហែលជាកន្លះលាននាក់ឯណោះ។ ចំ​ណុចនេះ យើងត្រូវពិចារណារួមគ្នា ហើយរកវិធីដោះស្រាយបញ្ហាទាំងអស់នេះ។ នេះជាបញ្ហាប្រឈមជាសាកល មិនមែនជាបញ្ហាដាច់ដោយឡែកទេ។ កម្ពុជាមានមួយករណី មានអីគួរឱ្យខ្លាច? ប្រទេសរបស់យើងក៏ធំដែរ វាមិនមែនជាតូចប៉ុន្មានទេ។ មនុស្ស ១៦ លាននាក់ ហើយប៉ះពាល់ម្នាក់ វាមិនទាន់ច្រើនពេកទេ។ បើទោះបីប៉ះពាល់ ២០ (ឬ) ៣០ នាក់ ក៏វាមិនច្រើនដែរ។ សង្ឃឹមថា វាមិនឈានដល់ការរីករាលដាលរហូតដល់រាប់សិប (ឬ)រាប់រយនោះទេ។

ក្លាហានជំនះគ្រប់បញ្ហា រាប់ទាំងព័ត៌មានក្លែងក្លាយ

ខ្ញុំបានដាក់ឱ្យក្រសួងសុខាភិបាល ពិនិត្យអំពីសេណារីយោមួយៗ លទ្ធភាពមួយៗ ដែលចេញឡើង។ ខ្ញុំនិយាយពីលទ្ធភាពទី ១ គឺលទ្ធភាព នៃសភាពការណ៍ដូចមុនពេលករណីកើតឡើង។ ខ្ញុំលើកឧទាហរណ៍ បើករណីកើតឡើង តើគួរត្រូវបិទសាលារៀនទេ? គួរធ្វើយ៉ាងម៉េចខ្លះ? អញ្ចឹងទេ ចំណុចអស់ទាំងនេះ ខ្ញុំនៅតែបន្តការអំពាវនាវ សុំកុំឱ្យយកការភ័យខ្លាច និងការរើសអើង ធ្វើជាមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហា។ ត្រូវយកសេចក្តីក្លាហានរបស់យើងជំនះគ្រប់បញ្ហាទាំងអស់ រាប់ទាំងព័ត៌មានក្លែងក្លាយ។ ព័ត៌មានក្លែងក្លាយវាមិនឈ្នះយើងទេ  វាស៊ីសងនៅពេលដែលវាបំផុសថា ជំងឺផ្ទុះឡើងនៅក្នុងក្រុងភ្នំពេញ អ្នកក្រុងភ្នំពេញប្រាប់ថា អញអត់ឈឺផង វាចប់បាត់ត្រឹមថាអញអត់ឈឺ។ ប៉ុន្តែ សូម្បីតែគេបង្ហោះរូបភាពបងប្អូនឯង ដែលថាឈឺ ក៏នាំគ្នាជឿដែរ នៅពេលដែលមិនទាន់សាកសួរដល់បងប្អូននោះ។ ដើម្បីយកឈ្នះលើព័ត៌មានក្លែងក្លាយ មានតែបុគ្គលយើងម្នាក់ៗ ឆ្លើយតប ព្រោះមិនមែនមនុស្សទាំងអស់សុទ្ធតែជឿទេ។ ម្នាក់ៗ គឺមានជំនឿខុសគ្នា។​ ខ្លះក៏ជឿទៅ ខ្លះមិនជឿ។ ចេញមកឱ្យស្រុះគ្នា​ បញ្ជាក់អំពីការគ្មាន(កើតរោគអី) ហើយកុំចេះតែចែករំលែក។ ឃើញគេផុសទៅ ចែកទៅ។ ហ្នឹងគឺជារឿងមួយដែលធ្វើឱ្យមានការភ័យខ្លាច ហើយការភ័យខ្លាចជ្រុល វានាំទៅដល់មហន្តរាយវិញទេ។

ម្នាក់ៗ សហគមន៍នីមួយៗ ធ្វើអនាម័យ បាញ់សម្លាប់មេរោគ

សូម្បីតែព្រឹកនេះ ខ្ញុំដឹងវិធានការនៅប្រទេសបារាំង។ បារាំងការជួបជុំណាលើសពី ១ ពាន់នាក់ អត់ឱ្យជួបជុំទេឥឡូវ។ ដូចនៅអាឡឺម៉ង់ដែរ។ នៅអ៊ីតាលីបង្ខាំងមនុស្ស ១៦ លាននាក់ ហាមចូលតំបន់ហ្នឹង (ហើយ)ក៏ហាមចាកចេញដែរ។ ឥឡូវនេះ ខ្ញុំកំពុងជួបនិស្សិត ចំនួន ៣ ៤៥៨ នាក់ បូកនឹងភ្ញៀវទៀតវាប្រហែលជា ៣ ៥០០ នាក់ ជាងបន្តិច។ អញ្ចឹង យើងនៅតែធ្វើបាន។ ដូចខ្ញុំបានបញ្ជាក់កាលពីថ្ងៃ អាទិត្យ គេនាំគ្នាផ្អើលឈូ ប៉ុន្តែ យើងបើកទៅមើល Concert នៅកោះពេជ្រ មនុស្សមើលពេញហ្នឹង។ អញ្ចឹង អ្នកខ្លាចចេះតែខ្លាចទៅ អ្នកដើរលេងចេះតែដើរលេងទៅ។ ហ្នឹងហង្សមាស(ធ្វើ)នៅទីនេះ។ ដល់រស្មីហង្សមាសលេងនៅខេត្តកណ្ដាល (នៅ)តាខ្មៅ មនុស្សមើលពេញ។ ដល់ MyTV លេងនៅខេត្តកំពង់ធំ មនុស្សមើលពេញ។ អញ្ចឹង ទេ អ្នកខ្លាច បើបានជ្រុលខ្លាចហើយ ទុកទាំងឡាន/ម៉ូតូ ហើយដេកស៊ីអង្ករឱ្យអស់សិនទៅ វាក៏ធូរស្រាលចរាចរណ៍ក្នុងក្រុងដែរ។ មានតែវិធីរុញទូកបណ្តោយទឹក។ ដល់យូរៗទៅបាត់មុខ ចេះតែសម្ងំក្នុងផ្ទះទៅ។ ប៉ុន្តែ បើធ្វើការរាជការ/ឯកជន គេលុបឈ្មោះចោល …។

… ព្រះរាជអាជ្ញាបានចេញនូវដីកាឱ្យនគរបាលជាតិចាប់សម្លេង មុនពេលដែលព្រឹត្តិការណ៍រដ្ឋប្រហារ ៩ វិច្ឆិកា កាលពីឆ្នាំទៅ។ តាមរយៈនោះ ការប្រយុទ្ធប្រឆាំងភេរវកម្មនៅតែបន្ត។ ដូច្នេះ សមត្ថកិច្ចមានសិទ្ធិនឹងចាប់សម្លេង។ អញ្ចឹង ពិនិត្យមើលការចាប់សំឡេង។ ពួកគេសួរគ្នាថា ឮថាភ្នំពេញមានកើត(ជំងឺ Covid-19)? អញ្ចឹង អ្នកភ្នំពេញមួយចំនួនគេក៏ឆ្លើយត្រឡប់ទៅវិញថា អញនៅហ្នឹងអត់មានកើតអីផង។ បើឆ្លើយអញ្ចឹងល្អហើយ។ ឥឡូវសួរថា បើរត់ៗទៅឯណា? ឧទាហរណ៍៖ អ្នកភ្នំពេញខ្លាច រត់ទៅសៀមរាប។ អ្នកសៀម​រាបថា កំពុងកើត(Covid-19) ដែរ។ រត់ទៅកំពង់ធំ។ អ្នកកំពង់ធំថា អត់ច្បាស់កើតឬមិនកើតទេ។ រត់ទៅព្រៃវែង អ្នកព្រៃវែងថា អ្នកច្បាស់ទេ។ រត់ទៅណាក៏រត់វាមិនរួច។ បើអញ្ចឹងនៅសល់ជម្រើសតែមួយគត់ (គឺ)នៅហ្នឹងកន្លែង សហការជាមួយ​សហគមន៍នៅក្បែរខាងគ្នា ពង្រឹងសមត្ថភាព ដើម្បីឆ្លើយតបជាមួយនឹងជំងឺនេះ។ ដោយសារចាប់ផ្ដើមពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗ និងសហគមន៍នីមួយៗ នាំគ្នាសម្អាតអនាម័យពេញភូមិ។ កន្លែងណាដែលអាចបាញ់សម្លាប់មេរោគបាន គឺបាញ់។ សៀមរាប មិនយូរប៉ុន្មានទេត្រូវប្រើវិធានការបាញ់សម្លាប់មេរោគ។ សៀមរាបអាចនឹង(មានអ្នក)ទេសចរមកកម្សាន្តឡើងវិញ។ បន្ទាប់ពីយើងរុករកអ្នកដែលជាប់ពាក់ព័ន្ធយកសំណាកអស់ហើយ យើងត្រូវបើកទូលាយ ហើយសាលាក៏អាចរៀបចំបើកឡើងវិញដែរនៅពេលនោះ។ ឥឡូវនេះ យើងទើបនឹងឈប់បានពីរថ្ងៃទេ ហើយបើឈប់យូរពេកក៏មិនបានដែរ។ នៅលើពិភពលោក បច្ចុប្បន្នមានសិស្ស/និស្សិតជាង ៣០០ លាននាក់ហើយ ដែលមិនបានរៀន (ដោយសារបិទ)សាលា …។

ហ៊ានចេញទៅរកជំនួយវេជ្ជសាស្ត្រ ពេលមានអាការៈសង្ស័យថាជាជំងឺ Covid-19

ខ្ញុំចង់ផ្ញើសារទៅកាន់ប្រជាពលរដ្ឋរបស់យើង ឱ្យផ្ដល់នូវកិច្ចសហការ ដើម្បីការពារខ្លួនគេ គ្មានដើម្បីអ្នកណាទេ។ ការពារខ្លួនយើងផង ប្រពន្ធយើងផង ក្រុមគ្រួសារយើងផង។ បើយើងនៅតែលាក់លៀមអត់បានទេ។ យើងត្រូវហ៊ានចេញមកនៅពេលដែលមានការសង្ស័យថា ខ្លួនមានបញ្ហា (Covid-19)។ (កាលពីម្សិលមិញ) ខ្ញុំនិយាយលេងទេ ខ្ញុំអាចនឹងឱ្យពេទ្យពិនិត្យចំពោះខ្លួនខ្ញុំ។ ប៉ុន្តែ និយាយលេងនេះ ក៏មិនមែនប្រាកដថា(មិនកើតជំងឺទេ) ស្រាប់តែស្អែក (ឬ)ខានស្អែកតឹងច្រមុះ ក្ដៅខ្លួន (មានរត់ទៅណា) យើងមិនទៅរកពេទ្យ។ ពេលហ្នឹងយើងដាក់ខ្លួនឯងឱ្យនៅឯកោសិន។ ប៉ុន្តែ ខ្ញុំទាន់មានជំងឺអីទេ។ ពិតមែនហើយ ខ្ញុំប៉ះពាល់ជាមួយនឹងមនុស្សច្រើនណាស់ សូម្បីតែម្សិលមិញ រហូតដល់ក្មួយឥស្លាមម្នាក់មកថើបខ្ញុំទៅទៀប។ អញ្ចឹង ក្មួយនោះមិនខ្លាចឆ្លងជំងឺពីខ្ញុំផង។ ឯខ្ញុំទៅគេចឯណាទាន់ បើគាត់មកថើបហើយ។

សូមឱ្យយើងទាំងអស់គ្នាមានស្មារតីនឹងនរ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺភ័យខ្លាច និងជំងឺរើងអើង (ព្រោះជំងឺទាំងនេះ)ទើបជាជំងឺគ្រោះថ្នាក់។ ខ្ញុំនៅតែប្រកាន់ឥរិយាបទបែបនេះ។ អ្នកដែលចេញមកប្រកាសក្រោយខ្ញុំ ប្រធានាធិបតីកូរ៉េខាងត្បូងថា អាវុធប្រសិទ្ធភាពបំផុត គឺបំបាត់ការភ័យខ្លាច។ ប៉ុន្មានថ្ងៃមុនប្រធានាធិបតីឥណ្ឌូនេស៊ីគាត់ថា ជំងឺដែលគ្រោះថ្នាក់ គឺជំងឺភ័យខ្លាច​។ បានសេចក្ដីថា កម្ពុជាបានទៅមុនមួយជំហានហើយ។ ដំបូងបំផុតម៉ាសឡើងថ្លៃពេញទឹក/ដីទាំងអស់។ ដល់ពេលដែលខ្ញុំចេញមកនិយាយ ខ្ញុំថា ជំងឺរបស់កម្ពុជាយើងនៅពេលនេះ មិនមែនមេរោគកូរ៉ូណាទេ គឺជំងឺភ័យខ្លាច។

ធ្លាក់ចុះសីលធម៌ និងចរិតមនុស្សធម៌ ខ្វះការទទួលខុសត្រូវ ចំពោះសិទ្ធិមនុស្ស

គ្រាមានវិបត្តិមនុស្សធម៌ (ចំពោះ)នាវា Westerdam ខ្ញុំបានប្រើពាក្យថា “ជំងឺនៅក្នុងតំបន់ និងពិភពលោកបច្ចុប្បន្ន មិនមែនជំងឺ Covid-19 ទេ គឺជំងឺភ័យខ្លាច និងការរើសអើង”។ តាមព័ត៌មានដែលខ្ញុំទទួលពីប្រធានកំពង់ផែស្វយ័តក្រុងព្រះសីហនុពីម្សិល លឺថានាវាណាមួយដឹកទេសចរប៉ុនប៉ងចូលមក(នៅ)ថ្ងៃទី ១១។ ប៉ុន្តែ នាវាមួយដែលខាងម៉ាឡេស៊ី និងថៃបដិសេធ ឥឡូវ ចូលចតនៅសាំងហ្គាពួរហើយ។ គេពិនិត្យ ហើយនាវាហ្នឹងចេញពីសាំងហ្គាពួរ។ ខ្ញុំមិនច្បាស់ទេថា មាននាវាមួយមានគោលដៅចូលមក ប៉ុន្តែមិនមានផែនការ គ្មានកាលបរិច្ឆេទ សំរាប់ការចូលនាវានេះទេ។ ខ្ញុំនិយាយពីរឿងនាវា Westerdam បើសិនកម្ពុជាមិនធ្វើកិច្ចការមនុស្សធម៌ដ៏ធំមួយនេះទេ តើនៅលើនាវានេះ នឹងកើតរឿងអី? ពេលមានមនុស្សឈឺស្លាប់នៅលើនោះ តើគេត្រូវធ្វើម៉េចជាមួយនឹងសាកសពមនុស្សនេះ? …

ឥឡូវនេះ ពិភពលោកហាក់ដូចជាធ្លាក់ចុះនូវខាងសីលធម៌ និងចរិកមនុស្សធម៌ (ដោយ)ខ្វះការទទួលខុសត្រូវ ចំពោះបញ្ហាសិទ្ធិមនុស្ស ដែលចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិតតែម្ដង មិនមែនបានសេចក្ដីថាយើងបន្តុះបង្អាប់ជាមួយអ្នកណាទេ ក៏ប៉ុន្តែ រហូតទៅដល់នាវាជិតអស់ស្បៀងអាហារទៅហើយមិនឱ្យគ្នាចូល។ ដល់កម្ពុជានាំនាវានេះចូល​ កម្ពុជាត្រូវបានគេរើសអើងទៅទៀត។ ប៉ុន្តែ មកដល់ពេលនេះ ខ្ញុំអាចប្រកាសដោយមោទនភាពថា អ្នកទាំងអស់នៅលើនាវា Westerdam បានវិលទៅស្រុកកំណើត ហើយមកដល់ម៉ោងនេះ គ្មានអ្នកណាឈឺ ហើយក៏គ្មានអ្នកណាស្លាប់ដែរ។ បើកម្ពុជាមិនធ្វើអាហ្នឹង តើអ្នកណាព្រមធ្វើ បើគេបដិសេធអស់ទៅហើយហ្នឹង?

ចិនប្រើកប៉ាល់ ៧ គ្រឿង ដឹកវត្ថុធាតុដើមផ្គត់ផ្គង់ដល់វិស័យកាត់ដេរកម្ពុជា

សេដ្ឋកិច្ចនៅលើពិភពលោករង់ផងប៉ះពាល់ធ្ងន់ធ្ងរ ព្រោះសង្វាក់ផលិតកម្មគាំងនៅឯប្រទេសចិន ឬក៏ផ្អាកការផលិតនៅក្នុងប្រទេសចិន។ ប៉ុន្តែ កុំភ្លេចថា ចិនបានដើរតួនាទីសំខាន់ណាស់នៅក្នុងសេដ្ឋកិច្ចពិភពលោក​។ ដូចជាយើងទទួលវត្ថុធាតុដើម ៦០% ពីប្រទេសចិន ដើម្បីផលិតចេញនូវសំលៀកបំពាក់ សម្រាប់ការនាំចេញ។ ប្រទេសច្រើនណាស់ ដែលពឹងពាក់ទៅលើវត្ថុធាតុដើមចេញពីប្រទេសចិន។ ក្រៅពីនោះ មានរោងចក្រផ្គុំនៅប្រទេសចិន ជាគ្រឿងបន្លាស់រថយន្ត ជាគ្រឿងបង្គុំផ្នែករថយន្ត រហូតទៅដល់ iPhone (និង/ឬ) Smartphone ក៏មានផលិតនៅក្នុងប្រទេសចិន។ អញ្ចឹងទេ ធ្វើឱ្យខ្សែសង្វាក់ផលិតកម្មត្រូវគាំង សម្រាប់យើង។ ផលប៉ះពាល់បានមកដល់នោះ គឺខ្វះវត្ថុធាតុដើម សម្រាប់ផ្គត់ផ្គង់ឱ្យរោងចក្រកាត់ដេរ។ ប៉ុន្តែដោយសារសំណូមពររបស់កម្ពុជា ជាមួយនឹងការធ្វើការយ៉ាងជិតស្និតជាមួយភាគីចិន ហើយក៏មានការយោគយល់ពីសំណាក់ភាគីចិន មិត្តចិនបានយកកប៉ាល់ចំនួន ៧ គ្រឿង សម្រាប់ការដឹក(វត្ថុធាតុដើមផ្គត់ផ្គង់ដល់វិស័យកាត់ដេរ)ឱ្យកម្ពុជា។ ម្សិលមិញចូលមកដល់កំពង់ផែក្រុងព្រះសីហនុ ដោយមានជាង ៦០ កុងតឺន័រ និងមានកប៉ាល់ចូលចតជាបន្តបន្ទាប់។ កប៉ាល់ ៥ គ្រឿង ចូលនៅខេត្តព្រះសីហនុ និង ២ គ្រឿង ចូលនៅក្រុងហូជីមិញ។ ២ គ្រឿង ដែលចូលនៅក្រុងហូជីមិញ គឺសម្រាប់ផ្គត់ផ្គង់ឱ្យនៅតំបន់សេដ្ឋកិច្ចពិសេសបាវិត ព្រោះដឹកពីនោះវាជិតជាង។

គ្រប់ខេត្ត/ក្រុងដែលមានរោងចក្រ ត្រូវសម្រួលឱ្យរថយន្តដឹកវត្ថុធាតុដើមចូលតាមរោងចក្រ

ខ្ញុំសុំស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច និងផ្នែកដែលទាក់ទងនឹងការដឹកជញ្ជូន ធ្វើសកម្មភាពឱ្យបានឆាប់។ គយក្ដី កំពង់ផែក្ដី រហូតមកដល់ទីក្រុងភ្នំពេញ ឯកឧត្តម ឃួង ស្រេង បាននិយាយថា បើសិនជាមកដល់ភ្នំពេញវាពិបាកក្នុងការឆ្លងកាត់ ដែលយើងមិនឱ្យឆ្លងកាត់ក្នុងពេលថ្ងៃ ក៏ត្រូវឱ្យចូលដែរ ហើយយកឡានសឺរ៉ែននាំមុខតែម្ដង ដើម្បីដឹកវត្ថុធាតុដើមចូលតាមរោងចក្រ ព្រោះការអនុញ្ញាតឱ្យរថយន្តធំៗចូលក្នុងទីក្រុង យើងអនុញ្ញាតឱ្យតែពេលយប់ទេ។ នេះសភាពការណ៍អាសន្ន អំពីការខ្វះវត្ថុធាតុដើម ដើម្បីចៀសវាងការបិទរោងចក្រ (និង/ឬ)ព្យួរការងាររបស់កម្មករ។ អញ្ចឹងទេ គ្រប់ខេត្តទាំងអស់ ដែលមានរោងចក្រ ត្រូវសម្រួលឱ្យរថយន្តដឹកវត្ថុធាតុដើមចូលតាមរោងចក្រ។

រោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ចាម/បាវិត ផលិតសម្ភារៈពេទ្យកំពុងបង្កើនផលិតកម្ម

នៅក្នុងប្រទេសរបស់យើង រោងចក្រខ្លះកាត់បន្ថយការផលិត ប៉ុន្តែ រោងចក្រខ្លះបង្កើនការផលិត។ កាលពីថ្ងៃអាទិត្យ ខ្ញុំជួបជាមួយនឹងអ្នកវិនិយោគម្នាក់ ដែលវិនិយោគនៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេសកំពង់ចាម ដែលមានកម្មករជាង ៤ ០០០ នាក់ និងតំបន់សេដ្ឋកិច្ចពិសេសបាវិត ដែលមានកម្មករ ៣១ ០០០ នាក់ បង្កើនសកម្មភាព។ ហេតុអ្វីត្រូវបង្កើន? ដោយសារតែរោងចក្រនៅតំបន់សេដ្ឋកិច្ចទាំងពីរនេះ ផលិតសម្ភារៈពេទ្យម៉ាក DuPont។ គេយកមកជូនខ្ញុំ ១ ០០០ កំប្លេដែរ។ ១ ០០០ កំប្លេហ្នឹង ឯកឧត្តម ម៉ម ប៊ុនហេង ចាំទទួលនៅល្ងាចនេះ សម្រាប់ពាក់ឱ្យគ្រូពេទ្យរបស់យើង។ ផលិតអត់ទាន់ទេ។ ប្រទេសខ្លះត្រូវការ ២ លានកំប្លេ។ ប្រទេសខ្លះត្រូវការប៉ុណ្ណេះប៉ុណ្ណោះ។ ហើយម៉ាកល្បី DuPont របស់បារាំងមានម៉ាស មានខោអាវពេទ្យ (មានប្រដាប់)ពាក់ក្បាល ពាក់មុខស្អីៗហ្នឹង សុទ្ធតែផលិតនៅស្រុកយើង។ បង្កើនសមត្ថភាពផលិតទៅវិញ។ កាលជំងឺ SARS ឆ្នាំ ២០១៣ ក្រុមហ៊ុននេះ បានផលិតនាំចេញសំលៀកបំពាក់គ្រូពេទ្យ​ ៥ លានកំប្លេ។ ឥឡូវ យើងនិយាយរឿងបញ្ហាទាក់ទិននឹងវត្ថុធាតុដើមនឹងមកដល់ តាមដឹងនាវាទាំង ៧ គ្រឿងនេះ នiងដឹកវិលទៅមកៗ ដើម្បីផ្គត់ផ្គង់រោងចក្រនៅកម្ពុជា។ នេះគឺជា(ផ្លែផ្កានៃ)ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែលយើងទទួលបាននូវវត្ថុធាតុដើម ដើម្បីដោះស្រាយបញ្ហាការងារធ្វើរបស់កម្មករ និងស្ថិរភាព នៃសង្វាក់ផលិតកម្ម បម្រើឱ្យការនាំចេញរបស់យើង។

ប្រេងចុះថោក ស្បៀងឡើងថ្លៃ

បើនិយាយពីប្រេង ដូចអ្វីដែលខ្ញុំបាននិយាយកាលពីថ្ងៃ ២៤ (កុម្ភៈ)។ ប្រេងចុះថ្លៃដល់កម្រិតហើយ។ ម្សិលម្ងៃដូចជានៅ ៣១ ឬ ៣២ កាលមុនដូចជាចូលដល់ ៦៩/បារ៉ែល។ ពី ៦៩/បារ៉ែល មកនៅជាង ៣០/បារ៉ែលទេ។ និន្នាការពិភពលោក ប្រេងចុះថោក ស្បៀងឡើងថ្លៃ។ ឥឡូវ វាត្រូវឡើង។ មិនទាន់ស្អីផង នៅស្រុកខ្មែរឡើង ព្រោះនាំគ្នាទៅដណ្ដើមទិញស្តុកនោះ។ បើវាបានអញ្ចឹងក៏អញ្ចឹងទៅ។ តាមដឹងលឺព័ត៌មាន ដោយមានការចុះផ្សាយតាមកាសែតវៀតណាម នៅទីក្រុងហាណូយក៏មានការទិញស្បៀងទុកដែរ។ ខ្ញុំគិតថា គេទិញស្បៀងទុកនេះ គេទុកយកទៅណា? ចេះតែឆ្ងល់នេះ។ បើសង្គ្រាមផ្ទុះនៅខាងលិច គេចទៅខាងកើត។ ផ្ទុះនៅខាងត្បូង គេចទៅខាងជើង។ តែឥឡូវសួរថា តើគេចទៅណាអស់លោកអ្នក បើសុទ្ធតែមិនច្បាស់ដូចគ្នា? ព្រោះ Covid-19 ហ្នឹង វាអត់បង្ហាញខ្លួនផង …។

ប្រែវិបត្តិនៃ Covid-19 ជាកាលានុវត្តភាពទម្លាប់អនាម័យ

រឿងម៉ាស់នេះ សុំឱ្យប្រយ័ត្នប្រយែង … ខ្ញុំគិតថា វិធីដើម្បីជំនួសម៉ាស់នេះ ល្អជាងគេ គឺប្រើក្រមា។ ស្រួលតែម្ដង។ ទុកចិត្ត។ តែម៉ាស់អត់ធ្វើអញ្ចឹងបានទេ។ ឥឡូវ ខ្ញុំមិនចាំបាច់ទាញកន្សែងពីក្នុង(ហោប៉ាវ)នេះទេ មាន​ការអីជូតមាត់(នឹងក្រមានៅក)អញ្ចឹងទៅ។ ស្រ្តីៗខ្លាចខូចសម្រស់។ ខ្ញុំយល់។ ប៉ុន្តែ មួយចំនួននៅខាងលើបង់កក្រមាដែរតើ។ មានអីសមរម្យដែរតើ។ អត់តែលោកជំទាវ សោម គឹមសួរ។ កន្លែងខ្លះមិនត្រូវការប្រើ ក៏មិនប្រើទៅ ក៏ប៉ុន្តែ ខ្ញុំត្រូវការប្រើ។ ហ្នឹងចាត់ទុកថាជាក្រវាត់កបែបថ្មីរបស់ខ្ញុំទៅចុះ។ វាក៏ដោះស្រាយបានបញ្ហាដែរ។ ខ្ញុំគិតថា នេះជាឱកាសល្អបំផុតផ្នែកវេជ្ជសាស្រ្ត ក៏ដូចជាអាជ្ញាធរ ដើម្បីបំផុសប្រជាជនបង្កើតស្ថានភាពឱ្យទៅជាទម្លាប់អនាម័យ។ អនាម័យផ្ទាល់ខ្លួន អនាម័យក្នុងក្រុមគ្រួសារ អនាម័យនៅក្នុងភូមិ/ឃុំរបស់យើង ដើម្បីឱ្យកម្ពុជាក្លាយទៅជាប្រទេសដែលស្អាត។ បើយើងខ្វះអនាម័យ កុំថា Covid-19 ស្អីក៏វាមកដែរ ផ្ដាសាយតូច/ធំ ជំងឺរាគរូស វាមកតែទាំងអស់ហ្នឹង បើយើងខ្វះអនាម័យនោះ។ ប៉ុន្តែ ខ្ញុំគិតថា ប្រែក្លាយពីវិបត្តិឱ្យទៅជាកាលានុវត្តភាព បានសេចក្ដីថា ពីការភ័យខ្លាច ការព្រួយបារម្ភ លើបញ្ហាជំងឺផ្លូវដង្ហើម Covid-19 នេះ ទៅជាកាលានុវត្តភាព ដើម្បីពង្រឹងនូវការការពារខ្លួនតាមរយៈអនាម័យ។

ប្រែការធ្លាក់ចុះសេដ្ឋកិច្ច ជាកាលនុវត្តភាព បម្រុងទុកថវិកា សន្សំសំចៃ បន្ថយចំណាយ

ប្រែក្លាយការប្រឈមលើបញ្ហាសេដ្ឋកិច្ច ឱ្យទៅជាកាលានុវត្តភាព។ រាជរដ្ឋាភិបាលបម្រុងទុកនូវថវិកាតាមសេណារីយោទី ១ ឬ ទី ២។ បើទី ១ គឺត្រៀមបម្រុងប្រមាណជាជិត ៨០០ លានដុល្លារ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច។ បើសិន(វាអូសបន្លាយដល់) ៦ ខែ តើវាធ្លាក់កំណើនសេដ្ឋកិច្ចប៉ុនណា? ផលប៉ះពាល់វាធំប៉ុនណា? ហើយបាត់បង់ចំណូលប៉ុនណា? ប្រសិនបើវា(អូសបន្លាយ)ដល់ ១ ឆ្នាំ តើកំណើនសេដ្ឋកិច្ចរបស់យើងធ្លាក់នៅប៉ុនណា? ហើយយើងត្រូវប៉ះប៉ូវទំហំទឹកប្រាក់ប៉ុនណា? អញ្ចឹង វាស្ថិតនៅក្នុងចន្លោះពី ៨០០-២ ០០០ លាន(ដុល្លារ)ប៉ុណ្ណឹង ដែលយើងត្រៀមបម្រុង។ ប៉ុន្តែ ខ្ញុំគិតថា ពិភពលោកនឹងខិតខំដោះស្រាយបញ្ហានេះ។

អង្គប្រជុំអង្គការសហប្រជាជាតិអី គេធ្វើលែងកើតហើយឥឡូវហ្នឹង។ សូម្បីតែ Francophone សម្រាប់ ឯកឧត្ដម ហោ ណាំហុង ធ្វើដំណើរទៅ ក៏ថាផ្អាកសិនទៅ ព្រោះគ្មាននរណាគេទៅប្រជុំទេ។ ប្រ​ទេសអឺរ៉ុប ២១ ប្រទេស ក្នុងចំណោម ២៧ គឺមិនអនុញ្ញាតឱ្យមន្រ្តីរបស់គេចាកចេញពីប្រទេស។ សូម្បីតែការប្រជុំ Lancang-Mekong, ACMECS, CLMV នៅឯវៀងចន្ទន៍អាទិត្យក្រោយនេះ ​វាកើតឡើងឬអត់? ឥឡូវនៅក្នុងភាពស្ទាក់ស្ទើរនៅឡើយទេ។ ប្រជុំនៅវៀងច័ន្ទ ខ្ញុំត្រូវទៅទីនោះ។ បន្ទាប់ពីការប្រជុំ ខ្ញុំនឹងមានទស្សនកិច្ចផ្លូវការនៅឡាវផងដែរ។ ការប្រជុំមួយចំនួនត្រូវបានលុបហើយ។ ប្រជុំអន្តរជាតិតែម្ដង ត្រូវបានលុប។

ផ្អាកចំណាយ ៥០% តាមក្រសួង/ស្ថាប័ននានា លើកលែង ៣ ស្ថាប័ន បន្ថយតែ ២៥%

ខ្ញុំបានបញ្ជាឱ្យផ្អាកនូវការចំណាយមួយចំនួន។ ក្រសួងមួយចំនួនកាត់បន្ថយការចំណាយ ៥០%។ (មាន)ក្រសួង ៣៖ ទីស្ដីការគណៈរដ្ឋមន្រ្តី ក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្ម ដែលធ្វើការទាក់ទងនឹងបរទេសច្រើន ឱ្យកាត់បន្ថយ ២៥%។ អញ្ចឹងទេ ប្រសិនបើការកាត់បន្ថយរបស់យើង ហើយវាគ្មានរឿងអីកើតឡើង យើងសល់លុយហ្នឹងក៏វាអត់ផ្អូមទេ។ ការដ្ឋានខ្លះដែលវាមិនចាំបាច់ យើងផ្អាកការបើកការដ្ឋានសិន។ ពន្យារពេលរហូតដល់ពេលដែល Covid-19 ទៅផុតចាំបើកការដ្ឋាន ក៏វាមិនយឺតពេលដែរ។ យើងទុកសន្សំថវិកាសង្គ្រោះសេដ្ឋកិច្ច។ សង្គ្រោះលើបញ្ហាទាក់ទិនជាមួយនឹង Covid-19 ឥឡូវត្រៀមបម្រុងថវិកា ៣០ លាន(ដុល្លារ) បំពេញបន្ថែមឱ្យការចំណាយលើសុខាភិបាល បន្ថែមលើច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០។ អញ្ចឹង ៣០ លានដុល្លារនេះ អត់ទាន់មានការចាយទេ។ ប៉ុន្តែ បើសិនជាត្រៀមបម្រុង ៣០ លាន(ដុល្លារ) ដល់ទៅអត់ត្រូវចាយ វាសល់ ៣០ លាន(ដុល្លារ) … វានៅតែថវិកាជាតិ។ ការបម្រុងទុកដែលយើងត្រូវប៉ះប៉ូវឱ្យសេដ្ឋកិច្ច ក្នុងរយៈពេល ៦ ខែ នៃ(ការ)កើតឡើង(នូវការប្រឈមជំងឺ) ប្រ​មាណជា ៨០០ លាន(ដុល្លារ) បើសិនវាមិនកើតទេ វាសល់ ៨០០ លាន(ដុល្លារ) …។

ថ្ងៃទី ១ មេសា ខាងមុខ ដាក់ចេញវិធានការស្រោចស្រង់សេដ្ឋកិច្ចបន្ថែម

យើងក៏បានត្រៀមទុកពីចម្ងាយ សម្រាប់ផលប៉ះពាល់ពី EBA ស្អីគេនោះ ២០%។ កម្ពុជាបញ្ជាក់ច្បាស់ហើយថា “កម្ពុជាមិនទៅស្នើសុំ ២០% ហ្នឹងត្រឡប់មកវិញទេ” សុំអ្នកវិភាគ(ទាំងឡាយយល់)។ ជាពិសេស រ៉ុង ឈុន នោះ និយាយស្ដាប់ឱ្យវាបាន។ គេត្រៀមបម្រុងនៅទីនេះហើយ ឱ្យបាត់ទៅចុះអា ២០% នោះ កុំទៅខ្វល់។ ខ្ញុំបានចុះហត្ថលេខាយល់ព្រមរួចហើយ បើសិនជា(មានការ)ប៉ះពាល់ប៉ុណ្ណេះភាគរយ ខ្ញុំនឹងលើកលែងពន្ធឱ្យប៉ុន្មានខែ ប៉ះពាល់ប៉ុណ្ណោះភាគរយ ខ្ញុំនឹងលើកលែងពន្ធឱ្យប៉ុណ្ណោះភាគរយ ដើម្បីឱ្យរោងចក្រនៅតែប្រកួតប្រជែងបាន។ EBA នេះវាគង់តែបាត់ទេ គ្រាន់តែមុនឬក្រោយតែប៉ុណ្ណឹង។ ឥឡូវបាត់ ២០% អត់មានបញ្ហាអីទេ។ កុំយកអធិបតេយ្យជាតិ ទៅដោះដូរនឹង ២០% នៃ EBA។ អត់ទេ។ ខ្ញុំនឹងប្រ​កាសចេញនៅថ្ងៃទី ១ មេសា ខាងមុខនេះ នូវវិធានការបន្ថែមទៀត លើវិធានការកាលពីថ្ងៃទី ២៩ កុម្ភៈ ២០២០ កន្លងទៅ ព្រោះនេះជាការស្រោចស្រង់ខាងសេដ្ឋកិច្ច។

សិទ្ធិមនុស្ស ជាបញ្ហាគួរព្រួយបារម្ភនៅអឺរ៉ុប

ឥឡូវ ការបារម្ភរបស់ខ្ញុំ មិនមែនបារម្ភផលិតកម្មចេញពីស្រុកខ្មែរទេ។ ប៉ុន្តែ បារម្ភលើបញ្ហាអឺរ៉ុបខ្លួនឯងមានវិបត្តិ។ រឿងអង់គ្លេសចាកចេញពីអឺរ៉ុបវាជារឿងមួយហើយ ដែលអង់គ្លេសកំពុងតែចរចាយ៉ាងសកម្មជាមួយនឹងអឺរ៉ុប លើវិធានទាំងអស់ត្រូវចាប់ផ្ដើមសាជាថ្មី ព្រោះអង់គ្លេសមិនមែនជាសមាជិកសហភាពអឺរ៉ុបទៀតឯណា ត្រូវចរចាពាណិជ្ជកម្មសេរីជាមួយគ្នាយ៉ាងម៉េចអីយ៉ាងម៉េច។ រឿងរ៉ាវមួយកំភ្លូស។​ នៅចាំទេវិបត្តិសេដ្ឋកិច្ចសកលឆ្នាំ ២០០៨-២០០៩? គេសិក្សាដល់ប៉ុណ្ណេះ ស្រ្តីរកស៊ីផ្លូវភេទនៅអេស្ប៉ាញ ប្រាក់ចំណូលធ្លាក់ចុះ។ មូលហេតុអី? អឺរ៉ុបពេលនោះវិបត្តិសេដ្ឋកិច្ចធ្លាក់ ប្រុសៗរកលុយមិនបាន វាមិនបានទៅ(រកស្រី)។ អញ្ចឹង នាងៗនោះដាច់យ៉ៃដែរ។ គេសិក្សារហូតដល់ប៉ុណ្ណឹង។ ឥឡូវ អឺរ៉ុបទទួលរងការវាយប្រហារពី Covid-19 ហ្នឹងផង។ ប៉ុន្តែ រឿងដែលធ្ងន់ធ្ងរជាងនេះ ប្រហែលជារឿងសិទ្ធិមនុស្ស។ ពីដើមតួគីរឹតត្បិតត្រឹមតែអ្នកដែលរត់ចេញពីមជ្ឈឹមបូព៌ាមក។ តួគីដាក់រាប់ម៉ឺននាក់ក្នុងទឹកដីតួគី។ ឥឡូវ តួគីបើកចំហ។ ថាឈប់ទប់ស្កាត់ហើយ អញ្ចឹង ត្រូវរុលតាមប្រទេសក្រិច។ ប្រទេសខ្លះព្រមទទួលជនភៀសខ្លួន ប្រទេសខ្លះអត់ព្រមទទួលទេ។ អញ្ចឹង ទុកឱ្យជនភៀសខ្លួនរាប់ម៉ឺននាក់នេះទៅកន្លែងណា? នេះជាបញ្ហា។

បើស្ថានភាពសេដ្ឋកិច្ចអឺរ៉ុបមិនល្អ ការបញ្ជាទិញពីប្រទេសនានានឹងធ្លាក់ចុះដែរ

បើស្ថានភាពសេដ្ឋកិច្ចអឺរ៉ុបមិនល្អ ការបញ្ជាទិញពីប្រទេសនានាក៏នឹងធ្លាក់ចុះដែរ។ យើងត្រូវមើលឱ្យច្រើនជ្រុង កុំមើលឃើញតែមួយជ្រុង ហើយគិតស្មានថា ទុកឱ្យកម្ពុជាធ្វើទៅតាមការទាមទាររបស់ EU ដើម្បីបាន ២០% (នៃ EBA មកវិញ)។ អត់ធ្វើទេ។ ខ្ញុំបានប្រកាសហើយ “មិនយកឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា ទៅដោះដូរជាមួយជំនួយ ឬភាពអនុគ្រោះណាទាំងអស់”។ យើងត្រូវទទួលស្គាល់ថា អាមេរិក អឺរ៉ុប ដូចជាក្បាលរថភ្លើង នៃកំណើនសេដ្ឋកិច្ចអញ្ចឹង។ បើអ្នកទាំងពីរហ្នឹងគាត់មានផលប៉ះពាល់លើបញ្ហាសេដ្ឋកិច្ច វាក៏នាំទៅដល់ការថមថយនៃសេដ្ឋកិច្ចដែរ។ ចិន និងឥណ្ឌា ក៏ជាក្បាលរថភ្លើង នៃកំណើនសេដ្ឋកិច្ចដែរ រាប់ទាំងបូកបី គេហៅថា ចិន ជប៉ុន (និង)កូរ៉េ។ ឥឡូវ ទូទៅ គឺប៉ះពាល់ទាំងអស់។ ពីដើមប៉ះពាល់អាមេរិក និងអឺរ៉ុប ប៉ុន្តែ នៅអាស៊ីសេដ្ឋកិច្ចចិន/ឥណ្ឌានៅតែរឹងមាំ ធ្វើឱ្យកំណើននៅអាស៊ី គឺកើនខ្ពស់ ក្នុងពេលដែលអឺរ៉ុប និងអាមេរិកធ្លាក់ចុះ។

ឥឡូវ តិចឬច្រើន សេដ្ឋកិច្ចចិនមានផលប៉ះពាល់ ក៏ប៉ុន្តែ វាមិនធ្ងន់ពេកទេ។ បើមានផលប៉ះពាល់ចេញពី ហ្នឹង តើអឺរ៉ុប និងអាមេរិកអាចចៀសរួចទេ? សូម្បីតែកិច្ចព្រមព្រៀងដំណាក់កាលទី ១ រវាងអាមេរិក និងចិន ដែលចិនត្រូវទិញកសិផលរបស់អាមេរិក ដូចជា ៥០ ពាន់លានដុល្លារ។ អញ្ចឹង តើពេលនេះស្ថានភាពទៅជាយ៉ាងណា ក្នុងទំហំពាណិជ្ជកម្មទ្វេភាគី? នោះហើយសុទ្ធតែជាបញ្ហា។ អញ្ចឹង កុំមើលតែកម្ពុជា។ កម្ពុជាកំពុងតែរស់។ មកតាមផ្លូវ ឃើញអាមួយហ្នឹងនៅតែនិយាយពី EBA។ EBA តែឯងទៅ។ ពេញចិត្តក៏នៅស្រុកខ្មែរ មិនពេញចិត្តទេទៅនៅក្រៅទៅ។

មិនអាចឱ្យអ្នកត្រូវជាប់ទោស មិនបានកាត់ទោសនោះទេ

ខ្ញុំបានចុះហត្ថលេខាហើយ អារឿង Covid-19 មួយ (និង)អារឿង EBA ប៉ះពាល់ ២០% ក្នុងប៉ះពាល់ ២០% រោងចក្រណាប៉ះពាល់ប៉ុន្មាន ត្រូវប៉ះប៉ូវស្អីឱ្យគេខ្លះ ដើម្បីបន្តការងារធ្វើតទៅទៀត ឱ្យមានភាពប្រកួត ប្រជែងតទៅទៀត។ មិនអាចឱ្យអ្នកត្រូវជាប់ទោស មិនបានកាត់ទោសនោះទេ។ មុនបោះឆ្នោត ពួកគេឃោស​នា “ដូរមិនដូរ”។ ឃោសនាត្រូវហើយ “ដូរមិនដូរ? (ថា)ដូរ”។ ហ្នឹងមុនបោះឆ្នោត។ តែក្រោយបោះឆ្នោតរួចហើយ មកទារដូរ។ ហ្នឹងស្អី? ផែនការផ្តួលរំលំចុងក្រោយ ដែលថ្ងៃផ្តាច់ព្រ័ត្រ ២៩ ធ្នូ ២០១៣។ ហ្នឹងជាស្អី? ទីចុងបំផុតនាំដល់មនុស្សស្លាប់/របួសនៅផ្លូវវេងស្រេង។ ហ្នឹងជាស្អី? គិតមិនឱ្យគេកាត់ទោសឬស្អី? ត្រូវតែកាត់។ ម្តងនេះមិនមែនត្រពាំងថ្លុងទេ ប្រាប់ឱ្យហើយ។ កន្លែងផ្សេង។ តែសាលក្រមចេញគ្រឹបហើយ។ ដាក់ហើយ។ គ្មានទៅទុកទេ។ ស្អី! ចង់ឱ្យកម្ពុជាធ្វើទៅតាមបំណងការទាមទាររបស់គេ ដោយមិនអនុវត្តច្បាប់របស់ខ្លួន។ អញ្ចឹង មានន័យអីតទៅទៀត? បើអ្នកឯងមិនពេញចិត្តទេ អ្នកឯងទៅបម្រើគេទៅ កុំនៅស្រុកខ្មែរ។ នេះខ្ញុំគ្រាន់តែជូនសាររឿងសេដ្ឋកិច្ច ហើយវាផ្សារភ្ជាប់មួយផ្នែកនៃទិដ្ឋភាពនយោបាយ។

ចំណាយបន្ទុកបុគ្គលិកមិនថយ ឡើងបៀវត្សរ៍ ប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភ

ខ្ញុំនិយាយពីការកាត់បន្ថយការចំណាយពី ២៥-៥០% នៃក្រសួង/ស្ថាប័ន វាទៅកាឡៃថា យើងទៅកាត់បន្ថយប្រាក់ខែ ៥០%។ ពួកអាចង្រៃអស់នេះ ខ្ញុំថាល្មមដល់ពេលប្រើបច្ចេកវិទ្យាតាមចាប់យកមកតែម្តង។ យើងដឹងពីព័ត៌មានសម្ងាត់ត្រឡប់មកវិញទេ។ ខ្ញុំលើកឧទាហរណ៍៖ ការកាត់បន្ថយចំណាយ។ ចំណាយសម្ភារៈការិយាល័យ ក្នុងមួយឆ្នាំក្រសួងត្រូវការប៉ុន្មាន? ថ្ងៃមុនខ្ញុំថា ធ្លាប់ទិញប៊ិចដល់ទៅ ១០០ ឥឡូវ ទិញតែ ៥០ បានហើយ។ ធ្លាប់ធ្វើនេះ/នោះ ១០០ ទុកតែ ៥០ ទេ។ មន្ត្រីចុះទៅធ្វើបេសកកម្មមួយក្រសួងៗច្រើនណាស់ តែរដ្ឋមន្ត្រីទៅ គឺដង្ហែឱ្យសុទ្ធតែឡាន ព្រោះគេអត់ជិះឡានរួមទេសម័យឥឡូវនេះ គេជិះឡានដោយឡែក។ អញ្ចឹង គ្រាន់តែថ្លៃសាំងហ្នឹងវាច្រើនណាស់។ សុំអស់លោករដ្ឋមន្ត្រី (ដែល)ទៅ ថាធ្លាប់តែទៅ ១០ នាក់ ទៅតែ ៥ (នាក់) បានហើយ ដើម្បីបន្ថយការចំណាយ។ ថ្លៃសណ្ឋាគារផង ថ្លៃសាំងផង ថ្លៃទទួលទានផង ហើយអស់លោកខ្លះសុទ្ធតែស្រាក្រហមទៅទៀត អាហ្នឹងជាផែនការសន្សំសំចៃ។

ចំណាយបន្ទុកបុគ្គលិកមិនថយទេ គឺកើន។ ថ្ងៃ ១ មេសា ជិតមកដល់នេះ ជាថ្ងៃចាប់ផ្តើមឡើងបៀវត្សរ៍សា ជាថ្មីម្តងទៀត។ ប្រាប់ឯងឱ្យច្បាស់។ ថ្ងៃមុននៅក្នុងហ្នឹង (មានការច្រៀងចំរៀង)បងប្អូនខ្មែរសុរិន្ទបទ “ព្រះឥន្ទ្រទាត់សី និងចាបយំល្វើយៗ”។ អត់នឹកស្មានថាម្ចាស់បទនៅទីហ្នឹង។ ចាន់ មករា ចេញមុខមកច្រៀង ក៏ខំឡើងទៅ។ ប្រពន្ធខ្ញុំគាត់ហួសចិត្ត ឃើញខ្ញុំធ្វើកាយវិការ។ គ្រាន់តែធ្វើមួយភ្លែត ហើយច្រៀងតិចៗអត់មានឱ្យលឺផង។ យើងម្នាក់ៗ ជាមន្ត្រីរាជការ ជាកងកម្លាំងប្រដាប់អាវុធ ដែលទទួលបៀវត្សរ៍នេះ តើគេមានកាត់លុយយើង ៥០% ឬអត់? កុំទុកឱ្យពួកអាចង្រៃនេះវានៅតែបំភ្លៃ។ ក្នុងមួយឆ្នាំឡើងបៀវត្សរ៍ពីរដង។ លើកទី ១ ឡើងបៀវត្សរ៍មូលដ្ឋាន អាហ្នឹងចាប់ពីថ្ងៃទី ១ មករា។ ដល់ថ្ងៃទី ១ មេសា ចាប់ផ្តើម ឡើងប្រាក់បំណាច់មុខងារស្អីៗ បូកដោយប្រាក់ឧបត្ថម្ភចូលឆ្នាំ ត្រូវបើកឱ្យបានមុនចូលឆ្នាំ ហើយយកទៅចាយទៅ។ ហ្នឹងជាការចំណាយចរន្ត។

ពន្យារពេលវិនិយោគដើម្បីទប់ទល់សេដ្ឋកិច្ច

… យើងកាត់បន្ថយការចំណាយលើដំណើរការធម្មតា និងការវិនិយោគមួយចំនួន គឺយើងគ្រាន់តែពន្យារពេលសិន ដែលយើងអាចសន្សំប្រាក់ ៤០០-៥០០ លាន(ដុល្លារ)ដែរ ត្រឡប់មកវិញក្នុងពេលហ្នឹង ដើម្បីទប់ទល់សេដ្ឋកិច្ច។ ខ្ញុំចង់យកឈ្នះ (ការដែលស្អី)ឡើងស្រែក(ពី) EBA … (ដែល)វាគង់តែបាត់(ផង) ម្យ៉ាងទៀតដើម្បីឯករាជ្យរបស់កម្ពុជា។ កម្ពុជាមិនអាចធ្វើតាមគំរូប្រទេសណាមួយនោះទេ។ អ្នកមានទោស ត្រូវតែកាត់ទោសឱ្យជាប់គុក បើវាមានទោសពិតប្រាកដ។ ហ្នឹងជាសមត្ថកិច្ចរបស់តុលាការទេ ខ្ញុំមិនជះឥទ្ធិពលលើការសម្រេចចិត្តរបស់តុលាការទេ។ រឿងទាក់ទិនជាមួយនឹងការប្រឆាំងភេរវកម្មមិនទាន់ចប់ទេ។ អញ្ចឹង យើងមានសិទ្ធិស្តាប់/ចាប់យកព័ត៌មាន ដោយមានដីការបស់ព្រះរាជអាជ្ញា តម្រូវឱ្យមានការ(តាមដានតទៅទៀត)។ ប្រទេសនានាគេស្តាប់ពីយើងនិយាយតែទាំងអស់គ្នាហ្នឹង។ សូម្បីតែនៅក្នុងភ្នំពេញ ស្មានតែប្រទេសនានា គេអត់ប្រដាប់(តាមដាន/ស្តាប់)? …

ដោយសារ Osama bin Laden មិនប្រើទូរស័ព្ទ ទើបអាមេរិកពិបាកនឹងស្វែងរក

អ្នកខ្លះគាត់លើកឡើងថា ម៉េចបានជាពួកអ៊ីស្រាអែលបាញ់ពួកហាម៉ាស់នៅប៉ាលេស្ទីន បាញ់ត្រង់ម្លេះ? មិនត្រង់យ៉ាងម៉េចបើអាហ្នឹងវាប្រើស្មាតហ្វូន រួចហើយឡានវាទៅត្រង់ណា អានោះមីស៊ីលបាញ់មកចំអាឡានហ្នឹងបណ្តោយ។ បើយើងសិក្សាពី Osama bin Laden ហេតុអីពិបាករក Osama bin Laden? Osama bin Laden អត់ប្រើទូរស័ព្ទអីទាំងអស់។ ទម្រាំតែអាមេរិករកឃើញ។ អញ្ចឹងទេ បច្ចេកវិទ្យាបច្ចុប្បន្ននេះ បើកគ្រឹបឡើងយើងនៅឯណាឯណី មើលឃើញកោះពេជ្រមានអគារអីខ្លះ។ យើងចង់មើលបាងកក ក៏យើងមើលបាងកកមានស្អីៗខ្លះ។ មើលតូក្យូក៏មើលបាន។ ផែនទីនៅក្នុងទូរស័ព្ទដៃ …។

កុំបណ្តោយឱ្យអ្នកជំងឺណាម្នាក់ឡើងយន្តហោះ ដោយមិនបានត្រួតពិនិត្យវេជ្ជសាស្ត្រត្រឹមត្រូវ

ខ្ញុំនិយាយនេះគ្រាន់តែថា អ្នកទាំងឡាយនៅទីនេះរៀនខាងសេដ្ឋកិច្ច ដូច្នេះ ខ្ញុំក៏ចង់សំដៅទៅលើបញ្ហាសេដ្ឋកិច្ចផង លើបញ្ហាស្អីៗផង។ ចាត់ទុកថាជាការចែករំលែកមួយ។ មិនគ្រាន់តែនិស្សិតនៅទីនេះទេ ក៏សម្រាប់ប្រជាជននៅទូទាំងប្រទេស ជាពិសេស ខ្ញុំបន្តការអំពាវនាវឱ្យរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19 នេះ។ យើងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា ទាំងនៅជាប់/មិនជាប់ព្រំដែនជាមួយយើង ដើម្បីធ្វើកិច្ចការដែលជួយការពារកុំឱ្យរីករាលដាលនៃជំងឺឆ្លង។ យើងខិតខំធ្វើការក្នុងប្រទេសរបស់យើងផង យើងខិតខំធ្វើការជាមួយដៃគូយើងផង។ កុំបណ្តោយឱ្យអ្នកជំងឺណាម្នាក់ឡើងយន្តហោះទៅកាន់ប្រទេសណាមួយដោយយើងមិនបានត្រួតពិនិត្យខាងវេជ្ជសាស្ត្រឱ្យបានត្រឹមត្រូវ។ ពេលយន្តហោះមកដល់ យើងត្រូវធ្វើការត្រួតពិនិត្យឱ្យបានហ្មត់ចត់ មុនពេលដែលពួកគេចាកចេញទៅតាមគោលដៅនានា ដែលយើងមានមធ្យោបាយរួចហើយ ក៏ប៉ុន្តែ មិនមែនជារំខានទៅដល់អ្នកធ្វើដំណើរ/ទេសចរនោះទេ។

ថ្ងៃនេះ ខ្ញុំបាននាំសម្រាប់និស្សិតជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រ(នៅថ្ងៃនេះ) ចំនួន ៣ ៤៥៨ នាក់ ក្នុងនោះ មាននិស្សិតពិការជើង ១ នាក់ ក្នុងនិស្សិតទាងអស់ សុំជូនថវិកាក្នុងម្នាក់ៗ ចំនួន ៥ ម៉ឺនរៀល។ បន្ថែមជូននិស្សិតពិការជើង ១ នាក់ (ថវិកា)ចំនួន ១ លានរៀល។ ជូនសាស្ត្រាចារ្យ និងបុគ្គលិក ចំនួន ៩៧១ នាក់ ក្នុងម្នាក់ៗថវិកា ១០ ម៉ឺនរៀល។ ជូនវិទ្យាស្ថានវ៉ាន់ដា ថវិកា ៥ លានរៀល។ ជាមួយនឹងការអបអរសាទរ ចំពោះវឌ្ឍនភាព នៃវិទ្យាស្ថាន វ៉ាន់ដា ក៏ដូចជា អបអរសាទរ ចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ហើយនៅពេលខាងមុខនេះ ក៏នឹងឈានទៅដល់ចូលឆ្នាំប្រពៃណីខ្មែររបស់យើង ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ សូមឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ​៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...