សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន, សម្ពោធដាក់ឱ្យប្រើប្រាស់នូវ ផ្លូវជាតិ លេខ៥៥ និងប្រកាសបើកការដ្ឋាន​ ផ្លូវជាតិ លេខ១០

CNV:

រីករាយចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវ ផ្លូវជាតិ លេខ ៥៥

ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយបង្គំព្រះតេជព្រះគុណ ព្រះអនុគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ ឯកឧត្តម Wang WenTian អគ្គរដ្ឋទូតវិស្សមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រិយមិត្តចិន។ សម្តេច ឯកឧត្តម និងលោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួម។ សូមគោរពចំពោះលោកយាយ លោកតា បងប្អូនជនរួមជាតិទាំងអស់ជាទីគោរព ស្រលាញ់ និងនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវលេខ ៥៥ ប្រវែង ១៨២ គីឡូម៉ែត្រ  និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ ប្រវែង ១៩៨ គីឡូម៉ែត្រ។ នេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា និយាយជារួម និងសម្រាប់បងប្អូនដែលរស់នៅក្នុងតំបន់នេះនិយាយដោយឡែក។

«អរគុណសន្តិភាព» … ស្រុកវាលវែង ជួរភ្នំក្រវាញ កម្រត្រួតត្រាបានដោយរដ្ឋាភិបាល

មុនចូលដល់បញ្ហាទាក់ទិនជាមួយនឹងបញ្ហានិយាយដល់ផ្លូវនេះ ខ្ញុំព្រះករុណាខ្ញុំ គួរតែស្រែកថា «អរគុណ សន្តិភាព» ហើយក៏សុំនិទានរឿងបន្តិចទាក់ទងនឹងតំបន់នេះ និងការតភ្ជាប់ពីតំបន់នេះ តើស្ថានភាពវាបែបណា។ ហើយថ្ងៃនេះកាលពីអតីតកាលស្ថានភាពបែបណា? នៅពេលនេះស្ថានភាពបែបណា? បើយោងទៅលើប្រវត្តិនៃតំបន់នេះតភ្ជាប់តាំងពីខេត្តកំពង់ស្ពឺនៃតំបន់ឱរ៉ាល់ ចុះទៅកោះកុង រហូតមកជួរភ្នំក្រវាញរបស់យើង តភ្ជាប់ទៅសំឡូត ប៉ៃលិន ជាទូទៅរដ្ឋាភិបាលគ្រប់ជំនាន់កម្រនឹងត្រួតត្រាបាននូវតំបន់នេះណាស់។ មិនមែនគ្រាន់តែរដ្ឋាភិបាលក្រោយៗមកទេ សូម្បីតែពេលបារាំងចូលមកត្រួតត្រារយៈពេលជិត ១០០ ឆ្នាំ។ បន្ទាប់ទៅ … ក្នុងពេលដែលជប៉ុន វាយបារាំង ទាំងបារាំង ទាំងជប៉ុនក៏គ្មានលទ្ធភាពត្រួត​ត្រាតំបន់អស់ទាំងនេះដែរ។ ក្រោយឆ្នាំ ១៩៥៤ គេបានឃើញថា តំបន់ទាំងនេះ មានសន្តិភាពមួយរយៈកាលខ្លី ក៏ប៉ុន្តែក៏បានវិលត្រឡប់ទៅក្រោមការកាន់កាប់ នៃកម្លាំងប្រឆាំងរដ្ឋាភិបាលវិញជាបន្តបន្ទាប់​។

លាតសន្ធឹងតាំងពីតំបន់សំឡូត តាសាញ់ ទៅដល់រូងភ្នំវាយចាប ដែលគេបានរំលឹកប្រវត្តិតាំងពីឆ្នាំ ១៩៥៩ តភ្ជាប់តំបន់នេះ កាត់រហូតទៅដល់ភ្នំឱរ៉ាល់នៃខេត្តកំពង់ស្ពឺ។ ដូច្នេះកម្រណាស់ ដែលថាតំបន់ទាំងនេះមានសន្តិភាព ហើយដែលត្រូវត្រួតត្រាដោយកម្លាំងរាជរដ្ឋាភិបាលទាំងស្រុងនោះ។ បើទោះបីជាកម្លាំងរដ្ឋាភិបាលចូលមកដល់ ក៏គ្រាន់តែចូលមកនៅក្នុងរយៈពេលខ្លី បន្ទាប់ទៅកម្លាំងរដ្ឋាភិបាលក៏បានធ្វើសកម្មភាពឡើងវិញ។

អនុក្រឹត្យឆ្នាំ ១៩៩៨ បង្កើតស្រុកវាលវែង

ប៉ុន្តែក្រោមនយោបាយឈ្នះឈ្នះ តំបន់នេះចាប់តាំងពីឆ្នាំ ១៩៩៦ បានក្លាយទៅជាតំបន់ដែលមានសន្តិភាព ហើយក៏បានជាផ្នែកមួយនៃការរួមចំណែកនៃការធ្វើឲ្យមានឯកភាពទឹកដី។ សម្តេចពិជ័យសេនា ទៀ បាញ់ ពេលនោះបានមកធ្វើសមាហរណកម្មនៅស្រុកភ្នំក្រវាញ ដែលមុននេះទឹកដីនៃស្រុកវាលវែងរបស់យើងនេះ គ្រាន់តែជាផ្នែកមួយនៃទឹកដីស្រុកភ្នំក្រវាញ របស់ខេត្តពោធិ៍សាត់ទេ។ ឆ្នាំ ១៩៩៨ ទើប ខ្ញុំព្រះករុណាខ្ញុំ បានចេញអនុក្រឹត្យបង្កើតទៅជាស្រុកថ្មីមួយហៅថា ស្រុកវាលវែងនេះឯង។ នេះហើយជា ប្រវត្តិឈឺចាប់នៃអតីតកាលដ៏លំបាករបស់យើង មិនមែនគ្រាន់តែលំបាកទៅលើបញ្ហាផ្លូវថ្នល់ទេ ក៏ប៉ុន្តែ លំបាកទាក់ទងជាមួយនឹងសន្តិភាព ឬសង្រ្គាម។ កម្ពុជាដែលពីមុននេះ គឺជាកម្ពុជាដែលបែងចែកទឹកដីត្រួតត្រា តំបន់ត្រួតត្រាផ្សេងៗគ្នា កម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលតែងតែមាន ក៏ប៉ុន្តែកម្ពុជាពេលនេះ ស្ថិតនៅក្រោមដំបូលសន្តិភាព …។

អតីតកាល ភាគច្រើននៃពេលវេលាគឺវាយគ្នា

ខ្ញុំព្រះករុណាខ្ញុំធ្លាប់មកភ្នំក្រវាញច្រើនដង តាំងពីសម័យសង្រ្គាម ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ នៅចាំរឿងមួយ។ នៅឆ្នាំ ១៩៨៦ យើងបានបញ្ជូននូវកងវរៈសេនាតូចមួយទៅឈរជើង​នៅខាងថ្មដា។ ពេលនោះយើងផ្គត់ផ្គង់ទៅអត់បានដោយសារវាអត់មានផ្លូវ។ អញ្ចឹងកងទ័ពក៏បានដកចេញពីតំបន់នោះ រួចហើយធ្វើដំណើរមកខេត្តពោធិ៍សាត់។ នាយអគ្គសេនាធិការរង ខួង ស៊ីផាន ចុះមកដោះស្រាយជាមួយបងប្អូននៅទីនេះ ហើយក៏បានទូរស័ព្ទមក។ ពេលនោះយើងមានប្រព័ន្ធទូរស័ព្ទផ្ទៃក្នុងសម្រាប់ប្រើក្នុងកងទ័ពបានឲ្យ ខួង ស៊ីផាន ជាមួយនឹងអភិបាលខេត្ត រស់ ស្រេង … ប៉ុន្តែគាត់ទទួលមរណៈភាពទៅហើយ។ ពេលនោះបានទូរស័ព្ទថា ធ្វើម៉េចថ្នាក់ថ្នមបងប្អូន ដោយសារយើងផ្គត់ផ្គង់ឲ្យគេអត់បាន។ អញ្ចឹងទេក្នុងស្ថានភាពនោះ គឺបងប្អូនចង់ឡើងរទេះភ្លើងទៅភ្នំពេញ ប៉ុន្តែយើងអប់រំបងប្អូន ហើយផ្គត់ផ្គង់ស្បៀងអាហារឲ្យបងប្អូន ឲ្យមកក្បែរទីរួមខេត្តពោធិ៍សាត់។ ហ្នឹងមួយដំណាក់កាលទៅ … ដើមឆ្នាំ ១៩៩០ ពេលនោះយើងមានកងពលលេខ ៩៤ របស់ អិន ស៊ីដារ៉ា ទៅបោះនៅខាងថ្មដាហ្នឹង ដែលទល់មុខនឹង KHAO PHU របស់ខេត្តត្រាត របស់ខាងថៃ ក៏បានដកត្រឡប់ទៅឈរជើងនៅភ្នំក្រវាញវិញ។ ខ្ញុំព្រះករុណាខ្ញុំ ក៏បានមកសួរសុខទុក្ខពួកគេ។ ពេលនោះអត់មានពេលវេលាដើម្បីកសាងទេ។ ពេលវេលាភាគច្រើនរបស់យើងគឺវាយគ្នាតែម្តង។ នោះហើយជាការជូរចត់នៅក្នុងអតីតកាល។ ទម្រាំរកបានសន្តិភាពនេះ គឺយើងជួបការលំបាកណាស់។

កសាងស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ធ្វើកំណត់ត្រាប្រវត្តិសាស្រ្ត

ឥឡូវនេះ យើងមានការសិក្សានៅក្នុងតំបន់របស់យើងនេះ គឺសូមឲ្យមានការរៀបរយ។ ថ្ងៃនេះ អ៊ី ឈាន ក៏បានមកទីនេះផងដែរ។ សុទ្ធតែជាអ្នកដែលត្រូវធ្វើកិច្ចការនេះ ហើយដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ផ្ទាល់។ នៅតំបន់របស់យើងនេះ មានភ្នំចិនយំ បន្តិចទៀតខ្ញុំនឹងនិទានអំពីប្រវត្តិភ្នំចិនយំ ដើម្បីឲ្យដឹងអំពីប្រវត្តិសាស្ត្រយូរអង្វែង រវាងកម្ពុជា-ចិន ទៅលើបញ្ហាជនជាតិចិនមករកស៊ីនៅស្រុកខ្មែរ។ ភ្នំមួយហៅថាភ្នំចិនយំ។ អញ្ចឹងភ្នំចិនយំ និងភ្នំស្វារអិល ក៏ជាតំបន់ដែលទាក់ទងជាមួយនឹងប្រវត្តិសាស្រ្ត ហើយដែលថ្ងៃក្រោយអាចនឹងកសាងទៅជាស្តូបអនុស្សាវរីយ៍ នៃនយោបាយឈ្នះឈ្នះ តំបន់ដទៃទៀត អូសបន្លាយរហូតទៅដល់ សំឡូត តាសាញ់ ទៅដល់ប៉ៃលិន ទៅដល់កំរៀងភ្នំព្រឹក្ស ទៅដល់ម៉ាឡៃ ទៅដល់អន្លង់វែង។ ត្រូវតែធ្វើ ដើម្បីយើងធ្វើកំណត់ត្រាមួយអំពីប្រទេសរបស់យើង ទុកឲ្យកូនចៅរបស់យើងបានដឹងនៅពេលក្រោយ។ យើងស្លាប់ទៅហើយ ប៉ុន្តែប្រវត្តិសាស្រ្តបានទុកសម្រាប់ឲ្យប្រជាពលរដ្ឋ ក្មេងជំនាន់ក្រោយបានដឹងថាវាយ៉ាងម៉េច។ សូម្បីតែយើង ក៏យើងបានស្រាវជ្រាវប្រវត្តិភ្នំចិនយំនេះមកពីអីដែរ?

ផ្លូវជាតិលេខ ៥៥ អាទិភាពគម្រោងស្នើសុំហិរញ្ញប្បទាន សាធារណរដ្ឋប្រជាមានិតចិន

ឥឡូវនិយាយពីផ្លូវលេខ ៥៥ ផ្លូវនេះពីដើមគឺមានឈ្មោះថា ផ្លូវលេខ ៥៦ … ឡើងរដ្ឋមន្រ្តីមួយមកដូរឈ្មោះផ្លូវម្តងៗ ទាល់តែចាប់ផ្តើមស្រែកបានឈប់ដូរ បើមិនអញ្ចឹងទេ ផែនទីបោះមិនត្រូវ។ បោះថ្ងៃហ្នឹងផ្លូវលេខ ៥៦ បោះថ្ងៃក្រោយចេញផ្លូវលេខ ៥៥។ អញ្ចឹងទេ បានជាដូររដ្ឋមន្រ្តីអត់ធ្វើការជួសជុលផ្លូវ កសាងផ្លូវគិតតែពីរឿងដូរលេខផ្លូវ។ នេះផ្លូវលេខ ៥៦ មុននឹងបាន(មកជា)ផ្លូវ ៥៥។ កាលពីជំនាន់ផ្លូវ ៥៦ ដើម្បីតភ្ជាប់រវាងទីរួមខេត្តពោធិ៍សាត់ រវាងទីរួមស្រុកភ្នំក្រវាញទៅថ្មដា យើងបានប្រើកងវិស្វកម្មនៃកងអគ្គបញ្ជាការ នៃកងយុទ្ធពលខេមរភូមិន្ទ របស់នាយឧត្តមសេនីយ៍ ខ្វាន់ សៀម ធ្វើផ្លូវនេះមួយខ្សែដោយប្រើគ្រួសក្រហម។ នៅពេលនោះ ជួបការលំបាកណាស់ ហើយបានតែប៉ុន្មានដូចជា ២ រដូវតែប៉ុណ្ណោះ ទឹកជំនន់បុកខ្ទេចខ្ទី បុកស្ពានអីហ្នឹង។ នេះវាបានកើតឡើងនៅពេលនោះ។ យ៉ាងណាក៏ដោយ យើងបានដាក់ចេញនូវនយោ​បាយអាទិភាព ទៅលើបញ្ហាការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងហ្នឹងផ្លូវជាតិលេខ ៥៦  ដែលបច្ចុប្បន្នមានឈ្មោះថា ផ្លូវជាតិលេខ ៥៥ ជាអាទិភាពគំរោងត្រូវស្នើសុំហិរញ្ញប្បទាននៃសាធារណរដ្ឋប្រជាមានិតចិន។

កូនកសិករ ប្រាថ្នាធ្វើជាគ្រូបង្រៀន ក្លាយជាអ្នកបញ្ចប់សង្គ្រាម និងអភិវឌ្ឍប្រទេស

មិននឹកស្មានថា កូនកសិករក្រីក្រម្នាក់ដែលបំណងប្រាថ្នាត្រឹមតែធ្វើជាគ្រូបង្រៀន … ហើយដែលត្រូវបែកពីឪពុកម្តាយតាំងពីអាយុ ១៣ ឆ្នាំ បែរទៅជាអ្នកមកដោះស្រាយបញ្ហាសង្រ្គាម និងសន្តិភាពរបស់កម្ពុជា។ សង្រ្គាមគេអ្នកបង្កើត ក៏ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ ជាអ្នកពន្លត់សង្រ្គាមនេះ។ បន្ទាប់ទៅត្រូវរកវិធីយ៉ាងណាដើម្បីប្រទេសនេះអភិវឌ្ឍទៅបាន។ វាជាភ័ព្វសំណាងមួយដែលយើងរកបានសន្តិភាព ហើយបើសិនជាគ្មានសន្តិភាពទេ យើងក៏គ្មានលទ្ធភាព ដើម្បីអភិវឌ្ឍដែរ។ នៅក្នុងពេលដែលយើងអភិវឌ្ឍនេះ យើងក៏បានរកឃើញនូវដៃគូដ៏ល្អរបស់យើង គឺសាធារណរដ្ឋប្រជាមានិតចិន ដែលជានិច្ចកាលបានគាំទ្រយើងលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាពិសេសទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធដែលទៅលើការតភ្ជាប់។

ផ្លូវជាតិលេខ ៥៥ ជាផ្លូវពិបាកធ្វើ

ផ្លូវមួយខ្សែនេះ តាមឯកឧត្តម ស៊ុន ចាន់ថុល រាយការណ៍អម្បាញ់មិញ គឺវាលំបាកក្នុងការសាងសង់។ មុននេះ ខ្ញុំព្រះករុណាខ្ញុំ គិតថាផ្លូវទៅ មណ្ឌលគិរី គឺជាផ្លូវដែលលំបាកសាងសង់ដោយសារត្រូវចៀរភ្នំដើម្បីកសាងនូវផ្លូវ ក៏ប៉ុន្តែ នៅទីនេះក្រៅពី ការត្រូវចៀរភ្នំ ត្រូវចិតភ្នំរហូតទៅដល់ ៦០ ម៉ែត្រ ចុះក្រោមដើម្បីទម្លាក់ បើមិនអញ្ចឹងទេ ឡើងឡានម៉េចនឹងរួច អញ្ចឹង ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់របស់ចិននេះ បានធ្វើផ្លូវដែលលំបាកៗ ពីរហើយ (គឺ)ផ្លូវរតនៈគិរី ហើយនិងផ្លូវ(ជាតិលេខ ៥៥)នេះ។ បន្តិចទៀត លំបាកអាផ្លូវ(ជាតិ)លេខ ១០ នេះទៀត។ ប៉ុន្តែ វាមិនទៅផុតពីសមត្ថភាពនៃក្រុមហ៊ុនទេ ទាំងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់របស់ចិន ទាំងក្រុមហ៊ុនសៀងហៃ ដែលថ្ងៃមុនយើងទៅសម្ពោធ (គឺ)ក្រុមហ៊ុន សៀងហៃ ដែលតភ្ជាប់ផ្លូវពីខេត្តបន្ទាយមានជ័យ ទៅដល់ខេត្តឧត្តរមានជ័យ។

ថ្ងៃក្រោយនឹងជិះរថយន្តសួរសុខទុក្ខប្រជាពលរដ្ឋពីខេត្តពោធិ៍សាត់ទៅថ្មដា

… ផ្លូវនេះ ឯកឧត្តម ស៊ុន ចាន់ថុល ចង់ឱ្យខ្ញុំជិះរថយន្ត ៤៥ គីឡូម៉ែត្រ។ ប៉ុន្តែ ខាងអង្គរក្សខាងស្អីគេពិគ្រោះគ្នាទៅ ហើយម្យ៉ាងទៀតពេលវេលារបស់ខ្ញុំ(វាខើច) ទុកពេលក្រោយ។ កុំតក់ក្រហល់។ ថ្ងៃក្រោយខ្ញុំនឹងជិះរថយន្តពីខេត្តពោធិ៍សាត់ទៅដល់ថ្មដាបណ្តោយ។ ពេលហ្នឹងចុះ សួរសុខទុក្ខបងប្អូនទាំងឡាយ។ តែថ្ងៃនេះយ៉ាងណាក៏ដោយ យើងនឹងពិភាក្សាគ្នាសាលានៅតំបន់ហ្នឹង។ អាហ្នឹងដូចសាលាបឋមសិក្សា ហ៊ុន សែន ប្រមោយ។ ប៉ុន្តែ ឯណាអគារ? បន្តិចទៀតយើងនឹងចរចាគ្នារឿងសាលានេះ ព្រោះនេះជាលើកទី ១ ដែលខ្ញុំមកដល់ស្រុកវាលវែង។ កាលពីមុនមកដែរ ប៉ុន្តែមិនទាន់កើតស្រុកវាលវែង។ វាមានស្រុកភ្នំក្រវាញ ហើយស្រុកភ្នំក្រវាញវាលាតសន្ធឹងតាំងពីពោធិ៍សាត់ធ្លាក់ទៅដល់ព្រំដែនថៃឯណោះ។ វាធំណាស់​។ ឥឡូវ សូម្បីតែកើតស្រុកវាលវែងមួយក៏នៅតែធំដែរ។ ប៉ុន្តែយើងគ្មានគម្រោង ដើម្បីនឹងបំបែកឱ្យទៅជាស្រុកមួយថ្មីនោះទេ។

ផ្លូវជាតិលេខ ៥៥ ឬ “ផ្លូវបុប្ផាលាក់ខ្លួន”

ផ្លូវនេះ ថ្ងៃមុនខាង BTV គេមកធ្វើ គេហៅថា សមិទ្ធផលបច្ចុប្បន្ន គេបង្ហោះ Drone មើលទៅ អាហ្នឹង គឺថា (ស្អាត)។ មានអ្នកដែលគេមកធ្វើបទយកការណ៍មុនៗ ក៏បានឃើញហើយ អ្នកខ្លះគេហៅផ្លូវអន្ទង់អាំង ព្រោះមើលទៅវាដូចអន្ទង់អាំងចង្កាក់អញ្ចឹង។ ខ្មែរស្គាល់អន្ទង់អាំង ព្រោះយើងធ្លាប់អាំងអន្ទង់ ប៉ុន្តែ បើពួកអឺរ៉ុបអត់ស្គាល់អន្ទង់ទេ ប្រហែលគេមិនចេះស៊ីអន្ទង់ផង។ អញ្ចឹងទេ ខ្ញុំព្រះករុណាខ្ញុំ ចង់ហៅថា “ផ្លូវបុប្ផាលាក់ខ្លួន” ដោយសារតែផ្លូវនេះកម្រនឹងមនុស្សមកដល់។ សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនៅតំបន់មួយចំនួននឹងមកលេងនៅក្នុងតំបន់នេះ ដែលជាផ្នែកមួយនៃតំបន់ទេសចរណ៍។ ឯកឧត្តម ថោង ខុន ក៏បានវាយសារឱ្យខ្ញុំព្រះករុណាខ្ញុំបានដឹងថា នៅក្នុងតំបន់របស់យើងនេះ រហូតទៅដល់ខាងផ្នែកថ្មដា គឺមានតំបន់ទេសចរណ៍។

ចរចាបើកច្រកព្រំដែនអន្តរជាតិអចិន្ត្រៃយ៍ ភ្ជាប់ខេត្តពោធិ៍សាត់ជាមួយខេត្តត្រាតរបស់ថៃ

យើងនឹងបន្តការខិតខំ ដើម្បីបើកច្រកតភ្ជាប់ រវាងយើងនឹងភាគីថៃ ដែលខ្ញុំព្រះករុណាខ្ញុំបានលើកជាមួយនាយករដ្ឋមន្ត្រី Prayut Chan-o-cha ប៉ុន្មានលើករួចមកហើយៗលើកចុងក្រោយ ពេលដែលយើងទៅសម្ពោធបើកការតភ្ជាប់រថភ្លើងពីប្រទេសថៃមកកាន់កម្ពុជា ហើយនឹងបើកការដ្ឋានសាងសង់នៅច្រកស្ទឹងបត់ នៅឯខេត្តបន្ទាយមានជ័យ។ ខ្ញុំព្រះករុណាខ្ញុំ បានលើកសំណើនេះជាមួយនឹងភាគីថៃរួចហើយ។ សុំឱ្យសម្តេចពិជ័យសេនា ទៀ បាញ់, សម្តេចក្រឡាហោម ស ខេង, ឯកឧត្តម ប្រាក់ សុខុន ដែលសុទ្ធតែជាឧបនាយករដ្ឋមន្ត្រី មួយកាន់ក្រសួងការពារជាតិ មួយកាន់ក្រសួងមហាផ្ទៃ មួយកាន់ក្រសួងការបរទេស កត់ត្រា ចរចាពេលណាក៏ដោយជាមួយភាគីថៃ កុំភ្លេចលើកអំពីការតភ្ជាប់បើកច្រកព្រំដែនអន្តរជាតិ ឱ្យទៅជាច្រកព្រំដែនអន្តរជាតិអចិន្ត្រៃយ៍ រវាងផ្លូវជាតិលេខ ៥៥ របស់យើងជាមួយខាងព្រះរាជាណាចក្រថៃ ដើម្បីភ្ជាប់ខេត្តពោធិ៍សាត់យើងជាមួយនឹងខេត្តត្រាតរបស់ថៃ។

នេះជាការសម្រួលឱ្យពាណិជ្ជកម្មព្រំដែន រវាងប្រទេសទាំងពីរ។ ទំហំពាណិជ្ជកម្មរបស់យើងជាមួយនឹងថៃ មានប្រមាណជា ៧ ពាន់លានដុល្លារអាមេរិកឯណោះ។ ប៉ុន្តែ បើបើកច្រកនេះមួយថែមទៀត ទំហំពាណិជ្ជកម្មរបស់យើងនឹងមានការកើនឡើងរវាងកម្ពុជា និងថៃ។ ចំនួនទេសចរទៅមករកគ្នា ទាំងទេសចរកម្សាន្ត/សុខាភិបាល ក៏នឹងមានការកើនឡើង។ នេះជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងឋានៈជាអ្នកជិតខាងភូមិផងរបងជាមួយ។

ផ្លូវជាង ៣ ពាន់គីឡូម៉ែត្រ ដែលកំពុងប្រើប្រាស់/សាងសង់ បើមិនមានចិនជួយទេ តើអ្នកណាជួយ? 

តាមរយៈ ឯកឧត្តម Wang Wentian អគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន សូមអរគុណរដ្ឋាភិបាល​នៃសាធារណរដ្ឋប្រជាមានិតចិន តែងផ្តល់ជំនួយ និងថវិកា សម្រាប់ការកសាងផ្លូវមួយខ្សែនេះ ដែលបានសម្រេចចេញជារូបរាង។ ប្រជាជនបានប្រើប្រាស់យូរក្រែលហើយ គ្រាន់តែថ្ងៃនេះ គឺជាថ្ងៃ ដែលយើងមកសម្ពោធជាផ្លូវការផង បន្ថែមទៅដោយបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ ដែលតភ្ជាប់ ពីខេត្តបាត់ដំបងទៅកាន់ខេត្តកោះកុង ចម្ងាយ ១៩៨ គីឡូ(ម៉ែត្រ)។ ជារួម ផ្លូវពីរខ្សែនេះជិត ៤០០ គីឡូម៉ែត្រ។ ថ្ងៃមុន ខ្ញុំព្រះករុណាខ្ញុំ នៅឯខេត្តបន្ទាយមានជ័យ ចោទចេញជាសំណួរថា បើគ្មានចិនជួយទេ តើអ្នកណាជាអ្នកជួយ? … រាប់ទាំងយើងជាអ្នកគាំទ្រគម្រោង … ចោទចេញជាសំណួរថា បើសិនចិនមិនចូលរួមជួយទេ តើអ្នកណានឹងជួយធ្វើផ្លូវនេះ? ខ្ញុំព្រះករុណាខ្ញុំ បានលើកទៅដល់បញ្ហាទាក់ទិនជាមួយនឹងការជួយរបស់ជប៉ុន ការជួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ការជួយរបស់កូរ៉េខាងត្បូង ការជួយរបស់ធនាគារពិភពលោក ការជួយរបស់តួអង្គនេះ/នោះ ក៏ប៉ុន្តែ ប្រមាណជាង ៣ ពាន់គីឡូម៉ែត្រ នៃផ្លូវដែលបានដាក់ឱ្យប្រើប្រាស់ និងកំពុងសាងសង់ បើមិនមានចិនជួយទេ តើអ្នកណាជួយ? …

ចិនបែកឪទិនស្រា អង្គុយយំ … ភ្នំចិនយំ

ខ្ញុំព្រះករុណាខ្ញុំ សុំនិយាយពីប្រវត្តិបន្តិចទាក់ទងជាមួយនឹងផ្លូវនេះ ដើម្បីឱ្យឯកឧត្តម Wang Wentian បានធ្វើការកត់សម្គាល់។ បើយោងក្នុងប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន មិនមែនត្រឹមរាប់សិបឆ្នាំទេ ចូលដល់ពាន់ឆ្នាំឯណោះនៃទំនាក់ទំនង រវាងប្រទេសទាំងពីរនៅក្នុងបញ្ហាការទៅមករកស៊ីជាមួយគ្នា ដែលគេអាចរកឃើញនៅក្នុងខេត្តកោះកុងក៏មានការលិចសំពៅ ហើយយើងក៏បានស្រង់យកចេញមក។ មានការទំ​នាក់ទំនងតាំងពីសម័យដើម។ ប៉ុន្តែ នៅក្នុងតំបន់នេះមានភ្នំមួយ ហៅថា ភ្នំចិនយំ។ ហេតុអីបានភ្នំចិនយំ? ចិនហ្នឹងបានដឹកស្រាទៅលក់ឱ្យអ្នកស្រុក ប៉ុន្តែមកដល់ហ្នឹង(ផ្លូវ)វាលំបាកពេក វាបែកឪទិនស្រាអស់ទៅ។ ដល់បែកឪទិនស្រាអស់ទៅ ចិនអង្គុយយំ។ ហ្នឹងបានជាមានប្រវត្តិភ្នំចិនយំ។ មិនមែនរឿងអីផ្សេងទេ គឺគាត់ដឹកទំនិញយកទៅលក់ឱ្យប្រជាពលរដ្ឋ។

ខ្ញុំក៏កើតទាន់ដែរ កាលពីសម័យដើម ពេលដែលចិនកើតកលិយុគនៅក្នុងស្រុក មានការឈ្លានពានជ្រៀតជ្រែកកាន់កាប់ពីបរទេស។ ប្រជាជនចិនរត់មកអាស៊ីអាគ្នេយ៍ច្រើនណាស់ ក្នុងហ្នឹងក៏មានរត់មកកម្ពុជាដែរ​។ នៅស្រុកខ្ញុំមានឈ្មោះ ចឹកស៊ឺ ឈ្មោះស្អីៗ ហើយនៅទីនេះច្បាស់ជាមានហើយ។ គាត់ច្រើនតែលក់ដូរ ក្នុងហ្នឹងក៏មានលក់ស្រាដែរ។ និយាយដល់អារឿងស្រានេះ ឥឡូវ ស្រាស គឺល្អ។ ម៉ៅតៃ(Maotai) របស់ចិនក៏ល្អ ដើម្បីទប់ទល់នឹងអាកូរូណានេះ។ និយាយអញ្ចឹង មិនមែននាំគ្នាលើកទឹកចិត្តឱ្យនាំគ្នាផឹកអាស្រាសនេះទេ ប៉ុន្តែ បើដាក់ស្រាសតាមខ្លួនខ្លះវាក៏ល្អ។ បើត្រូវការបឺត ក៏បឺតបន្តិចទៅ ប៉ុន្តែរឿងធំជាងគេ គឺលាងដៃ។ ម៉ៅតៃ ៥៣ អង្សាឯណោះ ក៏គ្រាន់ដែរ។ សម្លាប់មេរោគ។ កាលខ្ញុំទៅស្រុកចិន បាយជាមួយ Wang Yi ដាក់ ម៉ៅតៃ អស់មិនចេះតិច។ រងារផងអីផង …។ ប៉ុន្តែ បើទោះបីជាចិនមិនយំ ក៏ខ្មែរយំដែរ ព្រោះខ្មែរធ្វើដំណើរ ពេលខ្លះពិបាកពេកក៏ដេក គឺយំតែម្តង។ មិនមែនយំតែពីសម័យដើមទេ យំជំនាន់យើងទសវត្សរ៍ ៨០, ៩០ ហើយហ្នឹងនៅតែយំ។ ជួនកាលធ្វើដំណើរទៅវាជាប់ភក់ (ក៏)យំ(ទៅ)។ ពេលខ្លះជេរដល់(រាជ)រដ្ឋាភិបាលទៅទៀត មិនព្រមធ្វើផ្លូវ។ ហ្នឹងរឿងមួយ។ រឿងមួយទៀត អាស្វារអិល។ វារអិលណាស់ មិនមែនរអិលត្រឹមតែមនុស្សទេ រអិលដល់សត្វស្វា។ ឥឡូវនេះ អ្វីៗបានប្រែប្រួលហើយ។

ហៅអ្នកវាលវែងជាបុប្ផាលាក់ខ្លួន អត់មានអីទាស់ខុស

ខ្ញុំព្រះករុណាខ្ញុំ សុំអភ័យទោសដែរ តាមពិត ខ្ញុំព្រះករុណាខ្ញុំ គួរតែហោះម៉ោង ៦ (ព្រឹក) ប៉ុន្តែ ដោយសារតែ គេថា អាចនឹងមានការចុះអ័ព្ទ អញ្ចឹងទេ បានជាពន្យារការហោះដល់ម៉ោង ៦:៣០ (ព្រឹក)។ គេហោះដាក់អាផ្លូវហ្នឹងនៅខាងស្តាំដៃ អញ្ចឹងឱ្យខ្ញុំព្រះករុណាខ្ញុំបានមើលផ្លូវហ្នឹង ក្រៅពីផ្លូវ មានបង្គោលអគ្គិសនីនៅតាមហ្នឹង។ និយាយពីអស់ទាស់តែម្តងអ្នកពោធិ៍សាត់ អ្នកវាលវែង/ភ្នំក្រវាញនេះ។ មើលមុខមែនទែនទៅ អ្នកវាលវែងហៅបុប្ផាលាក់ខ្លួនអត់មានអីទាស់។ អម្បាញ់មិញក្មួយស្រីម្នាក់(ជា)ឥស្លាម មកថើបពូមួយខ្សឺត។ ឥឡូវ ក្លាយទៅជាបុរសថ្ពាល់ផ្អែម។ បើត្រូវថើបក៏ថើបទៅ វាអត់មានទាស់ខុសអីទេ មីងក៏អត់ប្រកាន់ដែរ ព្រោះថើបគេថតផ្សាយបន្តផ្ទាល់។ រឿងអីប្រច័ណ្ឌ? មីងខ្លាចបំផុតតែអាលួចថើបស្ងាត់ៗ។ និយាយលេងបន្តិចទៅចុះ បើជួបគ្នាទៅកើតទុក្ខអង្គុយយំធ្វើអី បើសម័យនេះទៅហើយ។

វាលវែងជាស្រុកមានមីនច្រើនជាងគេ ក្នុងចំណោមស្រុកទូទាំងខេត្តពោធិ៍សាត់

ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែជម្រាបជូនថា ស្រុកវាលវែង គឺជាស្រុកដែលមានមីនច្រើនជាងគេ ក្នុងចំណោមស្រុកទូទាំងខេត្ត។ ដើម្បីកសាងផ្លូវនេះមួយខ្សែ យើងត្រូវដោះមីនលើផ្ទៃដី ១៣ ៤៤៦ ម៉ែត្រការ៉េ គ្រាន់តែ ប៉ុណ្ណឹងយើងរកឃើញមីនប្រឆាំងថ្មើជើង ៦២២ គ្រាប់។ មីនប្រឆាំងរថក្រោះ ៤៤១ គ្រាប់។ អា ៤៤១ គ្រាប់នេះ ច្បាស់ជាមីន អ៊ី ឈាន ហើយ ព្រោះខាងនេះមានរថក្រោះ ខាងនោះអត់រថក្រោះ។ អ្នកណាបញ្ជាខាងហ្នឹង? អៀង ថាន ហ្នឹងពូកែដាក់មីនណាស់។ ខ្មែរក្រហមវាដាក់មីន ហើយខាងនេះវិញ ដាក់មីនប្រឆាំងមនុស្សដាក់ទាំងសងខាង … ហ្នឹងសម័យសង្គ្រាមវាអញ្ចឹង។ ឈាន មិនមែនអ្នកបង្កើតសង្គ្រាមណា ពេលឆ្នាំ ១៩៧០ អាឈានទើបអាយុ ១៨ ឆ្នាំ។ ស្រករខ្ញុំព្រះករុណាខ្ញុំដែរហ្នឹង។ យើងអត់មានដឹង អីទាំងអស់។ អ្នកធំៗ គេបង្កើតសង្គ្រាម ដល់ពួកយើងខ្មែរជំនាន់ក្រោយ នាំគ្នាបញ្ចប់សង្គ្រាមទៅ ដើរធ្វើហូរហែរអញ្ចឹងទៅ។

សំណល់សល់ពីសង្គ្រាមចំនួន ៤ ៦៦០ គ្រាប់ អំបែងចំនួន ៣៥១ ២២៦ ដុំ ហ្នឹងគឺជាការដោះដោយប្រើប្រាស់កងរក្សាសន្តិភាព ដើម្បីដោះមីនផង និងកងអន្តរាគមន៍កងពលលេខ ១៤ ដើម្បីដោះមីននៅក្នុងតំបន់នេះផង។ ប៉ុន្តែជាអកុសលដែល(នៅមានមីនជាច្រើនមិនទាន់ដោះអស់)។ ខ្ញុំនៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើងមានការប្រុងប្រយ័ត្ន។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុច បានធ្វើរបាយការណ៍អម្បាញ់មិញ មើលលើយន្តហោះ នៅក្បែរថ្មដា ម្សិលមិញផ្ទុះមីនមួយគ្រាប់ ដោយបងប្អូនភ្ជួរដីទៅកិនមីននោះ។ មីនផ្ទុះឡើងក្រោយត្រាក់ទ័រ ប៉ុន្តែមនុស្សរបួសស្រាល។ អញ្ចឹងបានជាតំបន់ខ្លះដែលគេដាក់ហាមកុំឲ្យមានការប៉ះពាល់ចូល ត្រូវព្យាយាមគេចចេញតំបន់នោះ ព្រោះជាតំបន់ដែលមិនទាន់មានសុវត្ថិភាពទេ។

គោលដៅ ២ (១) ប្រែតំបន់អតីតសមរភូមិជាទីផ្សារ (២) ព្រំដែនសន្តិភាព មិត្តភាព និងប្រតិបត្តិការ

អញ្ចឹងបានខ្ញុំព្រះករុណាខ្ញុំបានប្រកាស ក្នុងគោលដៅទាំង ២ ដែលខ្ញុំព្រះករុណាខ្ញុំ ដាក់ចេញគោលដៅទី ១ គឺប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឲ្យទៅជាទីផ្សារ ហើយទៅជាតំបន់អភិវឌ្ឍន៍។ គោលដៅទី ២ គឺប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព និងប្រតិបត្តិការ។ ឥឡូវនេះគោលដៅទី ១ សម្រេចបានជាង ៩០% ចុះសល់ជាង ១០% ទៀតជាអ្វី? ជាង ១០% ទៀត គឺជាំតំបន់ដែលមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលយើងមិនទាន់បានដោះ។ អញ្ចឹងយើងបានខិតខំស្វែងរកជំនួយ ក្នុងហ្នឹងក៏មានសាធារណរដ្ឋប្រជាមានិតចិនក៏បានចូលរួមដើម្បីជួយក្នុងការបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីដល់ឆ្នាំ ២០២៥ គឺជាប្រទេសដែលគ្មានគ្រាប់មីន។ អញ្ចឹងទេ សុំឲ្យប្រជាពលរដ្ឋរបស់យើងបន្តការយកចិត្តទុកដាក់ទៅលើការគេចចេញពីតំបន់ដែលមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ កុំប្រថុយប្រថាននឹងគ្រោះថ្នាក់ ហើយឆ្នាំនេះទិវាយល់ដឹងអំពីមីនធ្វើនៅស្រុកវាលវែង នៅកន្លែងហ្នឹងតែម្តង។ យើងបានសិក្សាថា តំបន់នេះមានគ្រាប់មីនច្រើននៅឡើយ ដែលសុំឲ្យព្យាយាមខិតខំអំពីបញ្ហានេះ។ នោះហើយជាផលវិបាក ដែលបន្សល់ទុកដោយសារសង្គ្រាម។ អញ្ចឹងទេ សុំឲ្យទាំងអស់គ្នារួមគ្នា ដើម្បីការពារសន្តិភាព កុំឲ្យសង្គ្រាមកើតឡើងវិញនៅក្នុងប្រទេសដ៏កំសត់របស់យើង។

ផ្លូវជាតិលេខ ១០

ឥឡូវនេះ ខ្ញុំព្រះករុណាខ្ញុំ និយាយទៅដល់បញ្ហាផ្លូវជាតិលេខ ១០ ដែលត្រូវបើកការដ្ឋាន។ អម្បាញ់មិញខ្ញុំព្រះករុណាខ្ញុំ និយាយអំពីទាក់ទិននឹងផ្លូវលេខ ៥៥ ដែលសម្ពោធដាក់ឲ្យប្រើប្រាស់ថ្ងៃនេះ ក៏ប៉ុន្តែឥឡូវនេះ ខ្ញុំព្រះករុណាខ្ញុំ និយាយអំពីផ្លូវលេខ ១០ ដែលតភ្ជាប់និយាយពីខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ទៅដល់ខេត្តកោះកុង ដែលមានប្រវែង ១៩៨ គីឡូម៉ែត្រ ៧១ និយាយលេខគត់ថា នេះចូលទៅបើនិយាយពីក្រុមប្រឹក្សាធម្មនុញ្ញ គឺបានកំណត់អញ្ចេះ គេគិតជាភាគរយ ៤១,២០ អាហ្នឹងគេគិត ៤១ ប៉ុន្តែបើសិន ៤១,៦០ និង ៤១,៨០ អាហ្នឹងគេគិត ៤២។ អញ្ចឹងទេ បើនេះជិតតែ ១៩៩ គីឡូម៉ែត្រ ហើយ ផ្លូវនេះអនុ​ញ្ញាតឲ្យយើងតភ្ជាប់នៅក្នុងក្របខណ្ឌផ្ទៃក្នុងរបស់យើង ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលតាំងពីក្រោយដែលយើងបញ្ចប់សង្គ្រាម ដាក់ចេញនូវគោលដៅទាំង ២ គឺប្រែក្លាយតំបន់អតីតសមរភូមិឲ្យទៅជាតំបន់ទីផ្សារ និងជាតំបន់មានការអភិវឌ្ឍ ដោយយើងយកការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាគោលដៅធំ។

ក្នុងនោះមិត្តចិនបានជួយយើងតភ្ជាប់ពីខេត្តឧត្តរមានជ័យដល់ខេត្តបន្ទាយមានជ័យ ពីខេត្តបន្ទាយមានជ័យកាត់តាមខេត្តបាត់ដំបង មកទល់ជាមួយនឹងប៉ៃលិនហើយ។ ឥឡូវនេះយើងត្រូវតភ្ជាប់ពីសំឡូតមកដល់វាលវែងរបស់យើងនេះ ហើយទៅដល់អូរសោម កាន់អូរសោម និងទៅដល់កោះកុង។ ផ្លូវនេះនឹងផ្តល់ភាពងាយស្រួលឲ្យយើងក្នុងការដោះស្រាយការដឹកជញ្ជូន តភ្ជាប់ជាមួយនឹងប្រជាពលរដ្ឋ និយាយរួមគ្រប់ផ្នែក។ ហើយបើនិយាយពីអ្នកពោធិសាត់ អ្នកវាលវែង អ្នកចំណេញទាំងអស់។ ហ្នឹងគេហៅថាសំណាងថ្មដា វាសនាវាលវែង។ ចេះនឹកឃើញ។ ថ្ងៃក្រោយតែងចម្រៀងមួយបទ ដាក់ថាសំណាងថ្មដា វាសនាវាលវែង​។ ចំណងជើងអញ្ចឹងតែម្តង ឯកឧត្តម ហ៊ុន ហេង អើយ។ តែងទៅ ខ្ញុំអត់មានពេលតែងទេ ប៉ុន្តែចំណង​ជើងចាប់ផ្តើមពីសំណាងថ្មដា វាសនាវាលវែង។ ព្រោះអី?

បើនិយាយពីការតភ្ជាប់វាលវែង ព្រឹបភ្លាមវាលវែងតភ្ជាប់ជាមួយនឹងទីរួមខេត្ត ចេញទៅទីរួមខេត្តពោធិសាត់ ហើយចង់ចេញទៅកំពង់ឆ្នាំង ចេញទៅបាត់ដំបង អាហ្នឹងរឿងមួយផ្សេងទៀត។ មួយទៀតតភ្ជាប់ទៅថ្មដាព្រំដែនកម្ពុជាថៃ ប៉ុន្តែនៅពេលដែលផ្លូវលេខ ១០ បានកសាងហើយ គឺព្រឹបភ្លាមតភ្ជាប់ទៅផ្នែកខាងជើង គឺតភ្ជាប់ទៅជាមួយសំឡូត ឯផ្នែកខាងត្បូងទៅកោះកុង។ អញ្ចឹងវាកណ្តាលតែម្តង។ តំបន់នេះកណ្តាល។ ប៉ុន្តែនិយាយចឹងកុំនាំគ្នាលក់ដី។ លក់ក៏លក់។ ណាត្រូវប៉ាន់លក់ ដើម្បីគេធ្វើសណ្ឋាគារ ធ្វើរោងចក្រ ធ្វើស្អីៗថ្ងៃក្រោយ។ បន្តិចទៀតអាចនឹងមានរោងចក្របង្កើតនៅកន្លែងនេះ ព្រោះវាងាយក្នុងការដឹកជញ្ជូន ធ្លាក់ទៅខេត្តត្រាត ទៅចុះនៅសមុទ្រទឹកជ្រៅនៅខេត្តត្រាតនោះ។ តំបន់នេះជាតំបន់ដែលមានផ្លូវដឹកជញ្ជូន មានទាំងអគ្គិសនីទៅទៀត។ អញ្ចឹងទេ អាចថ្ងៃក្រោយ ជាតំបន់មានការអភិវឌ្ឍមួយនៅក្នុងកម្រិតខ្ពស់ដែរ។

ហ្នឹងអាស្រ័យលើប្រជាពលរដ្ឋរបស់យើងដែរទេ ប៉ុន្តែបើនិយាយពីរឿង គិតអំពីផលចំណេញនៃផ្លូវនេះ ឥឡូវបើយើងធ្វើការដឹកជញ្ជូនចេញពីបាត់ដំបងទៅកោះកុង សព្វថ្ងៃនេះយើងត្រូវធ្វើដំណើរពីបាត់ដំបង ទៅភ្នំពេញ ទៅកោះកុង ដោយឆ្លងកាត់ផ្លូវជាតិលេខ ៥ ដល់ភ្នំពេញ រួចបន្តតាមផ្លូវជាតិលេខ ៤ បន្តតាមផ្លូវលេខ ៤៨ គឺមានចំងាយដល់ទៅ ៥៨១ គីឡូម៉ែត្រ។ ប៉ុន្តែ បន្ទាប់ពីយើងធ្វើផ្លូវនេះរួចហើយ យើងធ្វើដំណើរពីបាត់ដំបងទៅកាន់ខេត្តកោះកុង ក្នុងចំងាយផ្លូវ ២៧៥ គីឡូម៉ែត្រ អញ្ចឹងយើងចំណេញចំងាយផ្លូវ ៣០៦ គីឡូម៉ែត្រ។ យើងគិតទៅពេលវេលាត្រូវចំណេញប៉ុន្មាន? ថ្លៃសាំងត្រូវចំណេញប៉ុន្មាន? នេះហើយជានយោបាយតភ្ជាប់ប្រព័ន្ធគមនាគមន៍ ដែលជាផលចំណេញសម្រាប់ប្រជាពលរដ្ឋរបស់យើង។

តាមការគ្រោងទុក ផ្លូវនេះកសាងក្នុងរយៈពេល ៤៨ ខែ វា ៤ ឆ្នាំ ប៉ុន្តែជាធម្មតាមិត្តចិនកសាងលឿនជាងគម្រោង ព្រោះជាធម្មតាមិត្តចិនគាត់ដាក់ផែនការតែងតែទៅមុខ តែងតែវែងជាង ប៉ុន្តែគាត់ធ្វើលឿនជាង ព្រោះរបៀបរបស់គាត់ គាត់និយាយតិច តែធ្វើច្រើន។ ខុសពីអ្នកដទៃមួយចំនួន និយាយច្រើន ធ្វើតិច។ នេះគឺជារឿងរបស់ចិន ដែលយើងស្គាល់ទម្លាប់ ហើយដោយសារយើងមានប្រាស្រ័យទាក់ទងជាមួយប្រទេសជាច្រើន យើងស្គាល់ថាអ្នកណាយ៉ាងម៉េចៗ។ មិត្តចិនគាត់អត់សូវនិយាយទេ គាត់និយាយតិច ក៏ប៉ុន្តែគាត់ធ្វើច្រើន ឯអ្នកដទៃជួយយើងបន្តិច និយាយអើយនិយាយ និយាយអត់ឈប់ រួចហើយគំរាម អ្ហែង​តែមិនធ្វើតាម អញកាត់ វាអញ្ចឹង វាពិបាក អាហ្នឹងរឿងផ្សេងមួយទៅ។

ទាក់ទិននឹងការចំណាយសម្រាប់ការកសាងផ្លូវនេះ ផ្លូវដែលយើងកសាងរួចមកហើយនេះ គឺយើងគិតជាតម្លៃនៅក្នុងនេះ ប៉ុន្តែដូចជាមិនគួរគិតតម្លៃនៅក្នុងហ្នឹងអីបន្ថែមទេ។ នាំយូរពេកទេ។ ប៉ុន្តែសម្រាប់យើង យើងបានចេញថវិការហូតទៅដល់ ២៩ លានដុល្លារ។ ក្នុង ២៩ លានដុល្លារនេះ ចេញជាសាច់ប្រាក់ ៨ ០៨៦ ០០០ ដុល្លារសម្រាប់កិច្ចសន្យាកុងស៊ុល ក្នុងការត្រួតពិនិត្យការងារដោះស្រាយផលប៉ះពាល់ ៤ ១៣២ ០៣៥ ដុល្លារ ការងារបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះអស់ ២ ២៣១ ៦៦២ ដុល្លារ ហើយគិតជាពន្ធ ១២%។ អញ្ចឹងគឺថា នេះតែងតែមានការគិតអំពីបញ្ហាទាក់ទិនជាមួយនឹងបញ្ហាពន្ធដារ ប៉ុន្តែហិរញ្ញប្បទានដោយសាធារណរដ្ឋប្រជាមានិតចិនចំនួន ១២៩ ៣១៤ ០០០ ដុល្លារ អាហ្នឹងសម្រាប់ផ្លូវដែលយើងកំពុងសម្ពោធនេះ។ ឯសម្រាប់ផ្លូវដែលយើងកំពុងសាងសង់នេះ ចុះកិច្ចសន្យាដំបូង គឺជាប្រាក់ yen  ១ ២៤៦ ៩៩៦ yen យើងចុះកុងត្រាជាប្រាក់ yen។

ពីមុន រកលុយធ្វើផ្លូវឱ្យបានវែង ឥឡូវរកលុយធ្វើផ្លូវឱ្យបានវែងហើយមាំ

ប៉ុន្តែ ដូចឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអម្បាញ់មិញ យើងចាប់ផ្ដើមពង្រឹងសមត្ថភាពផ្លូវរបស់យើង។ ឯកឧត្តម Wang Wentian អាចនឹងមានការចចារសុំឥណទានបន្ថែម ដើម្បីកសាងផ្លូវនេះឱ្យបានរឹងមាំ ដោយសារតែផ្លូវរបស់យើង កាលណាធ្វើរួចទ្រាំនឹង​ទំងន់(ដឹក)វាមិនរួច។ យើងបង្កើនសមត្ថភាពទ្រទំងន់។ បើមិនអញ្ចឹង បន្តិចខូចត្រង់នេះ បន្តិចត្រង់នោះ គេប្រើពាក្យថាផ្លូវធ្វើអត់ជាប់ ធ្វើរហូតបានសេចក្ដីថាធ្វើទៅមុខខូចអាក្រោយ ដោយសារតែប្រភេទផ្លូវយើងរថយន្តដឹកធ្ងន់ៗណាស់។ វិធីដោះស្រាយបញ្ហា មុននេះយើងរកលុយធ្វើផ្លូវឱ្យបានវែង ប៉ុន្តែ ឥឡូវនេះរកលុយធ្វើផ្លូវឱ្យបានវែងហើយមាំ កុំឱ្យមានពាក្យថា ចាក់ក្រាស់ស៊ីស្ដើង ចាក់ស្ដើងស៊ីក្រាស់ទៀត។ មានស្តង់ដារបស់វាត្រូវចាក់បេតុងប៉ុន្មាន វាមានស្តង់ដារបស់វាដើម្បីដោះស្រាយបញ្ហា។

បើអត់ចិន តើមានប្រទេសណាខ្លះជួយហេដ្ឋារចនាសម្ព័ន្ធកម្ពុជា/អត់ចិន ពិភពលោកនឹងជួបវិបត្តិ

ខ្ញុំសុំអរគុណសាជាថ្មីម្ដងទៀត ជាមួយសាធារណរដ្ឋប្រជាមានិតចិន ដែលបានគាំទ្រកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីអភិវឌ្ឍ។ ថ្ងៃមុន រាប់ស្ពានរបស់ចិនរាប់ខ្វះ។ ដឹងខ្វះស្ពានណាទេ? រាប់ហើយ ខ្ញុំគិតឡើងវិញ ខ្វះស្ពានចិនមួយ ខ្វះស្ពានតាខ្មៅ។ យើងនិយាយពីទន្លេបាសាក់ និយាយពីស្ពានកោះធំ ភ្លេចស្ពានតាខ្មៅឆ្លងសឹងរាល់ថ្ងៃ ឆ្លងស្ពានទៅវាយកូនគោលនៅត្រើយម្ខាង ឆ្លងស្ពានមិត្តភាពកម្ពុជាចិន ចិនបានជួយយើងច្រើនណាស់។ អញ្ចឹងបានចេះតែនិយាយថា បើអត់ចិនជួយ តើ(មាន)អ្នកណាជួយធ្វើ(ផ្លូវស្ពានកម្ពុជា) សុំឲ្យអ្នកវិភាគទាំងឡាយធ្វើការថ្លឹងថ្លែងឲ្យច្បាស់។ ​បើមិនបានជួយកុំដាក់កំ​ហុសឲ្យកម្ពុជា គ្រាន់តែចិនជួយកម្ពុជាមានកំហុសដែរឬអ្វី? ចិនជាបិសាច ឬអ្វី? នៅលើពិភពលោកអត់ចិនមិនបានទេ និយាយឲ្យច្បាស់។ គ្រាន់តែចិនមានជម្ងឺ Covid-19 ពិភពជ្រួលច្របល់ទាំងអស់។ កុំភ្លេចខ្ញុំព្រះករុណាខ្ញុំ មិននិយាយលេងទេ ចិនបើថានោមស្មើគ្នា ក្លាយទៅជាទឹកជំនន់ ព្រោះប្រជាជនច្រើនណាស់ ១ ពាន់ ៤រយ លាន នាក់ មិនតិចទេច្រើនណាស់។ អញ្ចឹងអ្នកខ្លះពេលដែលយើងរកស៊ីជាមួយចិនចាត់ទុកចិនជាបិសាច ប៉ុន្តែ ខ្លួនឯងរកស៊ីជាមួយចិន។ បើនិយាយកាលពីពេលចូលឆ្នាំចិន​ ខ្មែរសោះអត់មានជាប់សាច់ឈាមជាមួយចិន បិទផ្លាកចិនទាំងអស់​។ វាលវែងប្រហែលនឹងគេដែរហើយមិនអត់ទេ។ ប៉ុន្តែ នៅពេលចិនកើតជំងឺ Covid-19 ភ្លាមប្រទេសមួយចំនួនរើសអើងចិន រហូតដល់ប្រទេសអង់គ្លេស វាយនិស្សិតសាំងហ្គាពួរ បែកមុខបែកមាត់។ ប៉ុន្តែគាត់ជាចិនសាំហ្គាពួរ ទៅរៀននៅអង់គ្លេស និស្សិតអង់គ្លេសវាយជនជាតិចិនសាំងហ្កាពួរ ហើយទង្វើបែបនេះសួរថាគុណធម៌ ឬការគោរពសិទ្ធិមនុស្សនៅកន្លែងណា បើប្រទេសមួយៗនាំគ្នារើសអើងគ្នាបែបនេះ។

បង់កក្រមាជាទម្លាប់របស់ខ្មែរ

ឥឡូវខ្ញុំព្រះករុណា ខ្ញុំឆ្លៀតយកឱកាសនេះនិយាយទៅដល់បញ្ហាទាក់ទងបញ្ហា កូរ៉ូណា អម្បាញ់មិញឯកឧត្តម Wang Wentian បាននិយាយរួចហើយ។ ខ្ញុំព្រះករុណា ខ្ញុំទៅដល់ស្រុកចិន ហើយថ្ងៃនេះម៉េចបានលោក ហ៊ុន សែន បង់កក្រមានេះ។ ជាប្រភេទក្រវាត់កថ្មី ជំនាន់ Corona។ មកកន្លែងនេះឃើញមានយុវជនក្មេងវត្ត កុំឲ្យអ្នកលក់ម៉ាសវាឡើងថ្លៃ។ នាំគ្នាប្រើក្រមាទៅស្រួល។ ស្អែកខ្ញុំព្រះករុណាខ្ញុំ ទៅចែកសញ្ញាបត្រក៏បង់កក្រមាទៅទៀត វាទាស់ខុសអី។ ក្រមានេះស្រួល មិនដូចម៉ាសពាក់តែបីម៉ោងត្រូវតែបោះចោល​។ អញ្ចឹងយើងម្នាក់ៗត្រូវតែស្ពាយម៉ាសពេញតែខ្លួន។ យើងដាក់ក្រមាតាមទៅមានការអីគ្រឹប(ទាញមកខ្ទប់មាត់) វាមិនស្រួលហើយអ្នកលក់ក្រមាស្រុកខ្មែរលក់ដាច់ទៀត។​ ខ្មែរបានត្បាញមានទីផ្សារទៀត យើងប្រើរបស់យើងទៅមានបងប្អូនខ្មែរយើងមួយចំនួន ឃើញគេបង្ហោះតាមហ្វេសប៊ុក គេអ្នកចេះដេរក្រមាធ្វើជាម៉ាសពាក់រឿងម្យ៉ាងទៅ។ ប៉ុន្តែរឿងបង់កក្រមាជាទម្លាប់របស់ខ្មែរយើង ​តាំងពីជំនាន់ដើមមក។ ថ្ងៃនេះពាក់អាវធំជាមួយក្រវាត់កជំនាន់ថ្មី(ក្រមា) ជំនាន់តេជោសែន សម័យកើតជម្ងឺឆ្លង ហើយស្រួលណាស់(បង់ក)ត្រឹមតែប៉ុន្មានម៉ោងយកទៅបោក។ ឥឡូវខ្ញុំដាក់ក្រមានៅក្នុងបន្ទប់ ៦ក្រមា ទៅវិញយកទៅបោកហើយទាញយកមួយមកប្រើទៀត។ ដាក់ឲ្យច្រើន ត្រូវពណ៌ណាយកពណ៌ហ្នឹងមក។ ស្អែកទៅជួបពួកនិស្សិតចែកសញ្ញាបត្រឲ្យនិស្សិត បង់កក្រមាទៀត។

ជំនួយប្រមាណជិត ១ លានដុល្លារពីផ្នែកសម្ភារៈវេជ្ជសាស្ត្រ

ម៉ាសបើប្រើលើសកម្រិតឆ្លងជម្ងឺចេញពីម៉ាសទៀត។ ម្សិលមិញខ្ញុំព្រះករុណា ខ្ញុំបានទទួលនូវជំនួយប្រ​មាណជិត ១ លានដុល្លារផ្នែកផលិតសម្ភារៈវេជ្ជសាស្ត្រ ខោអាវពេទ្យ ផលិតនៅរោងចក្រខេត្តកំពង់ចាម ខេត្តស្វាយរៀង និងម៉ាស ហើយប្រដាប់ប្រដាពេទ្យមានទាំងប្រដាប់ឃ្លុំមុខដូចនៅស្រុកចិន។ របស់នៅស្រុកចិនមួយចំនួនទិញពីស្រុកខ្មែរទៅទេ។ ដំបូងខ្ញុំគិតថាប្រគល់ទៅឲ្យមិត្តចិន ជួយបន្ថែមក្រែងមិនទាន់ធូរស្រាល ដល់ឯកឧត្តម អគ្គរដ្ឋទូតចិន ថាធូរស្រាលហើយ សុំបង្វិលទុកឲ្យកម្ពុជាប្រើប្រាស់ មិនត្រឹមតែប៉ុណ្ណឹងទេ មិត្តចិននឹងបញ្ជូនឧបករណ៍មួយចំនួនពីស្រុកចិន នៅតាមទីកន្លែងត្រួតពិនិត្យនានាដែលមិត្តចិននឹងផ្ដល់មក នៅពេលខាងមុខ ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

ចំនួនអ្នកស្លាប់ដោយជំងឺ Covid-19 ចិនទី ១ អ៊ីតាលីទី ២

ឥឡូវនេះ ប្រទេសចិនចំនួនអ្នកស្លាប់ អ្នកឆ្លងបានថយហើយដែលចិនបានប្រមើលទុកមុនថា​ ចុងខែបីនេះអាចនៅតំបន់ Wuhan ធ្លាក់ដល់អត្រាសូន្យនៃការឆ្លង។ ប៉ុន្តែជម្ងឺនេះទៅវាយប្រហារនៅប្រទេសអ៊ីតាលី ធ្ងន់ធ្ងរបំផុតនៅអឺរ៉ុប។ ឥឡូវនេះការស្លាប់ដោយសារជម្ងឺនេះបានឡើងទៅដល់ ៣៦៦ នាក់  … គ្រាន់តែ២៤ ម៉ោងយប់មិញនេះស្លាប់ ១៣៣ នាក់នៅអ៊ីតាលី អញ្ចឹងពីរថ្ងៃជាប់គ្នា ២៤ ម៉ោង ស្លាប់ជាងមួយរយនាក់ៗ ឥឡូវធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ ៣៦៦ នាក់។ ចំនួនអ្នកឆ្លងឡើងដល់ជាង ៦ ពាន់នាក់ នៅអ៊ីរ៉ង់ ចំនួនអ្នកស្លាប់ឡើងទៅដល់ ១៤០ នាក់ជាង ឯនៅកូរ៉េខាងត្បូងចំនួនឆ្លងច្រើនជាងគេ ៧ ពាន់នាក់ ប៉ុន្តែ អ្នកស្លាប់ប្រហែលជា ៥១ នាក់។ ចំនួនអ្នកឆ្លងនៅអ៊ីតាលីតិចជាងនៅកូរ៉េខាងត្បូង ប៉ុន្តែអ្នកស្លាប់ចំណាត់ថ្នាក់ទី ២ បន្ទាប់ពីចិន គឺអ៊ីតាលី បន្ទាប់ទៅអ៊ីរ៉ង់។ ឥឡូវនេះតួលេខឡើងដល់ ១០៩ ប្រទេសនិងដែនដី ដែនដីរួមមានតៃវ៉ាន់ ម៉ាកាវ និងដែនដីហុងកុង ប្រយ័ត្នច្រឡំអាហ្នឹងព្រោះនយោបាយចិនមួយត្រូវតែប្រយ័ត្ន កុំថាប្រទេសតៃវ៉ាន់មិនបានទេ គឺខេត្តមួយរបស់ចិន។

មានករណីជំងឺ Covid-19 ភ្លាម រៀបចំវិធីទប់ស្ដាត់មិនឲ្យឆ្លងរីករាលដាល/បិទសាលាក្នុងក្រុងសៀមរាប

កម្ពុជាយើងបានជួបមួយករណីហើយ។ មុននេះខ្ញុំព្រះករុណា ខ្ញុំបាននិយាយអំពីបញ្ហាទាក់ទិនជាមួយនឹង នាវា Westerdam ពេលនោះដោយសារតែមានមនុស្សតិះដៀល ខ្ញុំព្រះករុណាខ្ញុំ មិនមែនជាប្រជាជនកម្ពុជាតែពួកអាផ្កាប់មុខ វាថាយើងនាំជំងឺចូល។ បានខ្ញុំព្រះករុណាខ្ញុំ ប្រកាសថា រហូតទៅដល់ថ្ងៃ ៣១ ខែកុម្ភៈ ទើបមានជំងឺឆ្លងពី Westerdam នោះ … យើងបានព្យាករថា វានឹងមកដល់។ ខ្ញុំព្រះករុណាខ្ញុំនិយាយកាលពីថ្ងៃពុធ នៅសន្និបាតក្រសួងសុខាភិបាល ឱ្យរៀបចំសេណារីយោទី ១ យ៉ាងម៉េច ទី ២ យ៉ាងម៉េច ទី ៣ យ៉ាងម៉េច ឥឡូវនេះលេចចេញនូវសេណារីយោទី ២ ហើយ។ អញ្ចឹង គ្រាន់តែជំងឺនេះមកដល់ភ្លាម រកឃើញហើយយើងចាប់ផ្ដើមធ្វើការប្រកាសដោយតម្លាភាពបំផុតថា មានពលរដ្ឋកម្ពុជាយើងអាយុ ៣៨ ឆ្នាំ ម្នាក់បានឆ្លងមេរោគនេះហើយ។ ក្នុងភាពបន្ទាន់នោះ ខ្ញុំព្រះករុណាខ្ញុំបានប្រកាសឱ្យបិទជាបណ្ដោះអាសន្ននូវសាលារៀន នៅទីរួមខេត្តសៀមរាប ដែលមកដល់ពេលនេះជាង ១១០ សាលាត្រូវបានបិទ ថ្ងៃច័ន្ទនេះអត់មានការរៀនទេ។ សាលាបណ្ដុះបណ្តាលវិជ្ជាជីវៈទាំងផ្នែកក្រសួងការងារ និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈខាងផ្នែកទេសចរណ៍ ក៏ត្រូវបានបិទ។ អង្គរសង្ក្រាន្ត ដែលនឹងត្រូវរៀបចំ ក៏ត្រូវបានឱ្យផ្អាក។

ក្នុងរយៈពេលខ្លីមួយនៅតំបន់សៀមរាបត្រូវតែមានការប្រុងប្រយ័ត្ន

ជាមួយគ្នានេះ អ្វីដែលជាការគួរឱ្យកោតសរសើរ គ្រូពេទ្យរបស់យើងបានប្រឹងប្រែងយកសំណាកអ្នកដែលមានការពាក់ព័ន្ធជាមួយនឹងក្មួយប្រុសម្នាក់ដែលឆ្លងនេះ ហើយជាការក្លាហានណាស់ ដែលភរិយារបស់ក្មួយប្រុសនេះ បានចេញមកនិយាយហើយបញ្ចាំងតាមរយៈ​ Facebook ហើយទូរទស្សន៍នានាក៏បានចាប់យកមកផ្សាយហើយដែរ។ ជាភរិយា នៃក្មួយប្រុសដែលបានឆ្លង គឺបានចេញមក(បកស្រាយ)ថា ខ្ញុំអត់មានផង សំណាកអត់មានឆ្លងផង។ អញ្ចឹងទេ ប៉ុន្តែ យ៉ាងណាក៏ដោយ ក្នុងរយៈពេលខ្លីមួយនៅតំបន់សៀមរាបត្រូវតែមានការប្រុងប្រយ័ត្ន។ មូលហេតុអីបានខ្ញុំព្រះករុណាខ្ញុំសម្រេចឱ្យបិទសាលា? បញ្ហាត្រូវយកចិត្តទុកដាក់បំផុត គឺកុមារា/រី ដែលគ្នាមិនដឹងវិធីការពារខ្លួន។ ជួបប្រទះនូវហេតុការណ៍នេះ យើងក៏មិនទាន់ប្រមូលមកអស់នូវអ្នកដែលមានការពាក់ព័ន្ធជាមួយនឹងជនជាតិជប៉ុន ឬក៏ចំពោះក្មួយប្រុសអាយុ ៣៨ ឆ្នាំនេះ។ ពិតមែនហើយ យើងបានយកភរិយាគាត់ និងក្រុមគ្រួសាររបស់គាត់យកមកធ្វើសំណាកនោះ គ្មានវីរុសទេ អវិជ្ជមាន បានសេចក្ដីថា គ្មានជំងឺឆ្លងទេ។ ប៉ុន្តែ យើងត្រូវស្វែងរកតទៅទៀតនូវអ្នកដែលមានការពាក់ព័ន្ធ ដើម្បីយកសំណាក​។

រុញទូកបណ្ដោយទឹកតែម្តង អ្នកចង់ទិញឥវ៉ាន់ស្តុក ក៏បន្តទិញទៅ តែអ្នកលក់កុំតម្លើងថ្លៃជ្រុល

បន្ទាប់ពីនោះទៅ ខ្ញុំព្រះករុណាខ្ញុំគិតថា ខ្ញុំព្រះករុណាខ្ញុំនឹងទៅសៀមរាប ដើម្បីមើលឱ្យផ្ទាល់ កុំមានការភ័យខ្លាចហួសជ្រុល​ ព្រោះក្នុងប៉ុន្មានថ្ងៃនេះ មានការភ័យខ្លាចច្រើនហួស រហូតដល់អ្នកខ្លះទៅទិញអង្ករ ទិញមី ទិញស្រាបៀរ ស្រា មកស្ដុក ក្រែងលោមិនបានចេញទៅផឹក។ ឥឡូវអញ្ចេះ ចាប់យកយុទ្ធសាស្រ្តរុញទូកបណ្តោយទឹកតែម្ដង។ អង្ករកំពុងតែលក់មិនដាច់ផង កំពុងចុះថោក។ អញ្ចឹងទេ បើបានជាជ្រុលទិញហើយ ទិញតែម្ដងទៅ ព្រោះអី? ៤០០ សហគ្រាសកន្លែងកិនស្រូវ អង្ករមិនខ្វះទេ សូម្បីតែយើងមិនធ្វើមួយឆ្នាំ ក៏មិនខ្វះអង្ករហូបនៅស្រុកខ្មែរដែរ។ គ្រាន់តែអំពាវនាវអ្នកនៅតាមទីផ្សារ កុំតម្លើងថ្លៃជ្រុល។ ពីមុនលក់មិនដាច់ ឥឡូវលក់ដាច់ហើយ លក់ថ្លៃដដែលហ្នឹង ហើយឱ្យអ្នកហ្នឹងទិញយកទៅស្តុកនៅក្នុងផ្ទះទៅ។ ទីចុងបំផុត ទំនិញលក់ដាច់ដោយសារអ្នកភ័យ អញ្ចឹងឱ្យវាទៅអញ្ចឹងតែម្ដងទៅ ព្រោះយើងគ្មានសិទ្ធិហាមឃាត់គេមិនឱ្យ​ភ័យទេ។

ឥឡូវសួរថា អ្នកទិញទំនិញហ្នឹង ទិញប្រុងរត់ទៅណា? បើកាលសង្គ្រាមនោះ អាហ្នឹងទិញទុកវាត្រឹមត្រូវ មានទាំងអង្ករស្តុក មានទាំងអង្ករ មានទាំងឆ្នាំង បាយកាតាក ត្រៀមតែនឹងរត់។ ប៉ុន្តែ ឥឡូវដាក់ជាសំណួរថា រត់ទៅណា? រត់ទៅភ្នំពេញ សង្ស័យថាភ្នំពេញមានដែរ រត់ចេញពីសៀមរាបទៅបន្ទាយមានជ័យ សង្ស័យថាបន្ទាយមានជ័យមានដែរ។ រត់ពីបន្ទាយមានជ័យមកបាត់ដំបង សង្ស័យថាបាត់ដំបងមានដែរ​។ អញ្ចឹងបើមានសឹងតែគ្រប់កន្លែងអញ្ចឹង ទីចុងបំផុត ធ្វើការធម្មតា។ យប់មិញ ខ្ញុំបើកមើល​ concert ៣ កន្លែង មនុស្សពេញទាំងអស់ អ្នកភ័យចេះតែភ័យ អ្នកសប្បាយចេះតែសប្បាយ concert ហង្សមាស នៅកោះពេជ្រ ហ្នឹងមួយកន្លែង និយាយពីអស់ទាស់មនុស្ស … ខ្ញុំលើកទឹកចិត្តឱ្យទិញថែមទៅទៀតចុះ។ និ​យាយមិនស្ដាប់ហើយ មានតែរុញទូកបណ្ដោយទឹក ព្រោះទីចុងបំផុត កន្លែងរបស់អ្នក ផ្ទះរបស់អ្នក នឹងក្លាយទៅជាកន្លែងស្តុកអង្ករ/មី ឡើងផ្អូម។ ហើយមិនដឹងយកទៅណាទៀត តែមិនស្រួលយកទៅចាក់ចោលខួចបរិស្ថានទៅទៀត។

បើនិយាយពីពួកអាបំផុស​ អ្នកដែលក្ដាប់ព័ត៌មាន ទើបយើងដឹងថា ជានរណាពិតប្រាកដ។ បំផុស​ឱ្យមានការភ័យខ្លាចពិតប្រាកដ។ អាខ្លះនៅក្រៅស្រុក (តែ)ក្រៅស្រុកហ្នឹង សូម្បីតែអាមេរិក​ មានជាង ៥៤២ ករណី … ស្លាប់ឡើង ២២ នាក់ អញ្ចឹងឥឡូវរត់ទៅណា? រត់នៅស្រុកខ្មែរ រត់ពីពោធិសាត់ ទៅកំពង់ឆ្នាំង ថាកំពង់ឆ្នាំងក្រែងលោមានដែរ រត់ពីខ្មែរទៅចូលវៀតណាមៗកើតច្រើនជាងខ្មែរទៅទៀតរាប់សិបករណីឯណោះ រត់ចូលទៅថៃៗដូចជាជាង ៤០ ករណីទៅហើយ។ អញ្ចឹងទេ នៅស្រុកខ្មែរដូចជាសុវត្ថិភាពជាងគេ រកឃើញហើយ មានតែម្នាក់ទេ។ ខ្ញុំមកថ្ងៃនេះ អត់មានវិធានការការពារទេ។ បើសិនជាខ្ញុំជួបប្រជាជន ហើយបែរជាយកប៉ូលីសមកកាង ឬដាក់រនាំងកុំឱ្យប្រជាជនមកជិតខ្ញុំៗមិនចាំបាច់មកទេ ខ្ញុំលើកពេលបណ្ដោយ។

មិនលុបបុណ្យទន្លេនៅបាត់ដំបង, ជួបសំណេះសំណាលជាមួយមេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំ-សង្កាត់

អ្នកខ្លះលើកសំណូមពរ​ឱ្យខ្ញុំរំសាយចោលបុណ្យទន្លេនៅខេត្តបាត់ដំបង នៅថ្ងៃសៅរ៍នេះ ខ្ញុំនឹងមិនលើកពេលទេ ខ្ញុំនឹងទៅទីនោះ ហើយខ្ញុំនឹងទៅមិនមែនទៅកញ្ឆក់កណ្ដៀតទេ ព្រឹកថ្ងៃសៅរ៍ខ្ញុំចេញទៅ ស៊ីបាយថ្ងៃត្រង់នៅនោះ … មើលគិតថា ឆ្លៀតឱកាសហ្នឹង ខ្ញុំទៅសំណេះសំណាលពេលព្រឹក រួចហើយបាយថ្ងៃត្រង់ហើយខ្ញុំដេក ល្ងាច(កម្មវិធី) ហើយខ្ញុំដេកនៅនោះមួយយប់។ អញ្ចឹងឆ្លៀតពេលដែលខ្ញុំចុះទៅហ្នឹង អញ្ជើញលោកមេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំ-សង្កាត់ បើមានកន្លែងដាក់ធំ​ យើងដាក់បានប៉ុន្មានរយ ខ្ញុំជួបទាំងអស់ទៅ ២០០០ នាក់ មានសាលដាក់ពេញទេ? ឥឡូវរៀបចំសាលទៅ ​ខ្ញុំនឹងហោះ​ចេញព្រឹក រួចហើយជួបសំណេះសំណាលនៅហ្នុង ធ្វើការសាកសួរសុខទុក្ខបងប្អូននៅទីនោះ រួចហើយថ្ងៃត្រង់បាយ ដេកធ្វើព្រងើយ ល្ងាចទៅមើលសិល្បៈ ថ្លែងសង្កថា មានស្អី? អីក៏នាំគ្នាខ្លាចម្ល៉េះ?

ជំងឺដែលគ្រោះថ្នាក់មិនមែន Covid-19 ទេ គឺជំងឺភ័យខ្លាច

ឥឡូវនេះ អ្នកនិយាយដូចគ្នា សម្ដីរបស់ខ្ញុំ ក៏ដូចជាសម្ដីរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីដេញមកថ្លែងពីម្សិល ប្រធានាធិបតី Jokowi របស់ឥណ្ឌូនេស៊ី ចេញមកថ្លែងពីម្សិលថា ជំងឺដែលគ្រោះថ្នាក់មិនមែន Covid-19 ឯណា ជំងឺដែលគ្រោះថ្នាក់ គឺជំងឺភ័យខ្លាច អាហ្នឹងខ្ញុំនិយាយមុនគេមុនឯងនៅស្រុកខ្មែរហ្នឹង។ ឥឡូវ អ្នកដែលភ័យខ្លាច ក៏កុំឱ្យស្ទះចរាចរណ៍ នៅតែផ្ទះហ្នឹងតែម្ដង ដល់តែនិយាយមិនស្ដាប់ មានតែរុញទូកបណ្ដោយទឹក … ព្រោះគាត់ទិញមី សាច់ជ្រូក សាច់គោ ទុកទូរទឹកកកហើយនេះ គាត់មានអង្ករដល់ទៅថ្នាក់ ១ ឬ ២ បេ ទៅហើយ។ អញ្ចឹងទេ វាធូរផ្លូវបន្តិចដែរ ហើយគាត់ក៏អត់មានអីលំបាកដែរ។ និយាយអញ្ចឹងតែម្ដងវាស្រួលស្ដាប់ ព្រោះអញ្ចេះ កាន់តែអំពាវនាវ មនុស្សមួយចំនួនកាន់តែភ័យខ្លាច ឥឡូវនេះ សូមឱ្យអ្នកភ័យខ្លាច ខ្ញុំគោរពដល់សិទ្ធិអ្នកភ័យខ្លាច ហើយគោរពសិទ្ធិដល់អ្នកទិញ ប៉ុន្តែ សំណូមពរឱ្យអ្នកលក់កុំឡើងថ្លៃ​។

ប៉ុន្តែ ខ្ញុំនៅតែអំពាវនាវឱ្យយកវិធានការការពារ។ ឥឡូវនេះ បើទៅណា លេងក្រមាមួយម្នាក់ៗទៅ កុំខ្លាចអន់សោភ័ណភាពអី អាហ្នឹងជាទំនៀមទម្លាប់ខ្មែរយើង។ ថ្ងៃនេះ ​​សុទ្ធតែ(អាវម៉ាកល្បី) ម៉េចក៏គេពាក់(ក្រមា)ពីលើបាន អាហ្នឹងទំនៀមទម្លាប់ខ្មែរ។ ឥឡូវចាត់ទុកថា ថ្ងៃហ្នឹង ខ្ញុំលេងក្រវាត់កបែបបុរាណទៅចុះ ប៉ុន្តែ ក្រវាត់កនេះមានតម្លៃណាស់ អានេះត្រូវការ តែមិនស្រួលទៅកន្លែងណាមួយ ខ្វះកន្លែងមុជទឹក ផ្លាស់វាមុជទឹកបានតើ។ វាស្រួល រួចហើយ វាខុសពីម៉ាស បើយើងមានក្រមាមួយគូ ប្រើ ៣ ម៉ោង បោក រួចហើយយកអាមួយទៀតមក។ អានេះហាលមួយភ្លែតទៅ វាស្ងួតបាត់ហើយ។

អត្រាស្លាប់នៃ Covid-19 នៅទាបជាង SARS

វីរុសនេះ ស្រុកខ្មែរយើង អញ្ចឹងបានខ្ញុំសុំអនុញ្ញាតពីប្រពន្ធខ្ញុំ យ៉ាងហោចណាស់ឱ្យខ្ញុំហាលថ្ងៃបាន ២ ដង ដើម្បីទៅហាត់ប្រាណ វាយកូនហ្គោល អា(Covid-19)នេះឆាប់ងាប់ណាស់។ រួចហើយ ខ្ញុំមើលឃើញសម្ភាសន៍នៅក្នុងទូរទស្សន៍បារាំង គេថា ៣ ម៉ែត្រ អត់ឆ្លងគ្នាទេ កណ្ដាស់ក៏ដោយ ៣ ម៉ែត្រមិនឆ្លងគ្នាទេ។ បើប្រៀបធៀបនឹងជំងឺ SARS អានេះអត្រាស្លាប់តិចជាងជំងឺ SARS ដែលអត្រាស្លាប់ជិតដល់ ១០% ឯណោះ អា(Covid-19)នេះ អត្រាស្លាប់ប្រហែលជា ២% ទេ។ ប៉ុន្តែ ជំងឺភ័យខ្លាចទើបវាគ្រោះថ្នាក់ ហើយអ្នកបំពុល ខ្ញុំមិនយល់ថា ពលរដ្ឋខ្មែរខ្លះ ដែលជាជនជាតិខ្មែរគ្នាឯងបំភ័យប្រជាជនថែម។ មើលស្រាលប្រព័ន្ធសុខាភិបាល ឥឡូវថាមើលស្រាលប្រព័ន្ធសុខាភិបាលខ្មែរទៅចុះ ប៉ុន្តែប្រព័ន្ធសុខាភិបាលអាមេរិក ហេតុអីក៏ប្រជាជនស្លាប់? ប្រព័ន្ធសុខាភិបាលអ៊ីតាលី ហេតុអីប្រជាជនស្លាប់? ប្រព័ន្ធសុខាភិបាលនៅលោកខាងលិច ហេតុអីបានជាប្រជាជនស្លាប់? ប្រព័ន្ធសុខាភិបាលនៅកូរ៉េខាងត្បូង នៅប្រទេសនានា ដែលមានមនុស្សស្លាប់ ហេតុអីបានជា(ស្លាប់)? ឥឡូវទៅពឹងទេ បើមិនជឿជាក់ជាក់លើពេទ្យកម្ពុជាទេ តើគួរទៅពេទ្យណា? ពេលនេះសួរថា បើមិនជឿលើពេទ្យកម្ពុជា តើទៅពេទ្យថៃ គេឱ្យទៅទេ គេមិនឱ្យចូលទឹកដីរបស់គេទេ បើទៅវៀតណាមកាន់តែមិនឱ្យចូល។

VNA ចុះផ្សាយព័ត៌មានអាក្រក់ពីកម្ពុជា

ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខ្ញុំត្រូវតវ៉ាឱ្យរដ្ឋមន្ត្រីការបរទេស តវ៉ាទៅវៀតណាម ហេតុអីបានតវ៉ាទៅវៀតណាម មិនមែនរដ្ឋាភិបាលវៀតណាមទេ ប៉ុន្តែសារព័ត៌មាន VNA របស់វៀតណាមបានចុះផ្សាយដ៏អាក្រក់ពីកម្ពុជា … បើយោងទៅលើអ្វីដែលស្ថានទូតវៀតណាមប្រគល់មកឱ្យក្រសួងការបរទេស គណៈការពារសុខភាពរបស់វៀតណាម គេណែនាំឱ្យមានការពង្រឹងសុវត្ថិភាព នៃការចេញចូលប្រទេសគេ គ្រប់ជាតិសាសន៍ទាំងអស់ ប៉ុន្តែបែរជាសារព័ត៌មាន VNA របស់វៀតណាមថា រឹតបន្តឹងចំពោះប្រជាពលរដ្ឋដែលមកពីអឺរ៉ុប និងកម្ពុជា។ អញ្ចឹងកម្ពុជាចូលក្នុងចំណាត់ថ្នាក់ដែលត្រូវវៀតណាម ដាក់ឱ្យនៅជាមនុស្សចម្លែក។ អញ្ចឹងខ្ញុំអត់ព្រមទេ។ ខ្ញុំប្រាប់ ប្រាក់ សុខុន ឱ្យទាក់ទងជាមួយវៀតណាមភ្លាម។ អញ្ចឹងទូតវៀតណាមថា បានដឹង រឿងហ្នឹងហើយ។ តវ៉ាទៅ! គេផ្សាយព័ត៌មានមួយចេញមក … ខ្ញុំថា បើមិនដកទេ សុំធ្វើកំណត់ទូតតវ៉ាជាមួយវៀតណាម។ ហេតុអីបានជាអ្នកឯងដាក់ប្រទេសខ្ញុំ ទៅជាប្រទេសដែលមានហានិភ័យសម្រាប់ប្រទេសវៀតណាម? … ខ្ញុំបានឱ្យប្រាប់ទូតវៀតណាមថា រឿងនេះវាក្លាយទៅជាបញ្ហា បើសិនជាប្រជាជនកម្ពុជាប្រតិកម្មវិញ។ ប្រជាជនកម្ពុជាក៏បិទព្រំដែនមិនឱ្យវៀតណាមឆ្លងចូលមក អាហ្នឹងវាមិនរងគ្រោះទាំងសងខាង។ ខ្ញុំបាញ់ទាំងសម្លេង បាញ់ទាំងស្អីឱ្យទៅទៀត ប៉ុន្តែបានដោះស្រាយពីម្សិលហើយ។ VNA គាត់មិនព្រមផ្សាយ គាត់មិនព្រមដកចេញពីវេបសាយត៍ ពីសារព័ត៌មានរបស់គាត់។ ការពិតគណៈការពារសុខភាពដែលជាអង្គភាពផ្លូវការរបស់គេ(វៀតណាម) អត់បាននិយាយឈ្មោះកម្ពុជា និងឈ្មោះអឺរ៉ុបមួយម៉ាត់ ក៏ប៉ុន្តែ VNA នេះវាយកឈ្មោះអឺរ៉ុប និងយកឈ្មោះប្រទេសកម្ពុជា ផ្សាយជាវៀតណាមផង ផ្សាយជាភាសាអង់គ្លេសផង។

ត្រូវតែពង្រឹងជំនឿទុកចិត្តលើខ្លួនឯង និងបើមានការសង្ស័យ ត្រូវទៅពេទ្យ យកសំណាកទៅពិនិត្យ

ខ្ញុំគ្រាន់តែជម្រាបជូនបងប្អូនប្រជាពលរដ្ឋរបស់យើង បើយើងភ័យខ្លាចរត់ទៅរកព្យាបាលនៅវៀតណាម តើវៀតណាម គេឱ្យទៅទេ? បើយើងមិនទាន់ឈឺផង សារព័ត៌មានរបស់វៀតណាម គេចុះផ្សាយពីយើងអញ្ចឹងទៅហើយ។ នៅប្រទេសថៃ តើគេឱ្យយើងទៅទេ? គេអត់ឱ្យយើងទៅទេ។ អញ្ចឹងមានតែពង្រឹងជំនឿទុកចិត្ត ដំបូងជំនឿទុកចិត្តលើខ្លួនឯងតែម្តង។ ជំនឿទុកចិត្តលើខ្លួនឯងយ៉ាងម៉េច? ប្រាប់ថា អញអត់ឈឺទេ ដូច្នេះអាណាចង់បំផុសអី បំផុសទៅ ទីចុងបំផុតអញអត់ឈឺ អ្នកដទៃដែលថា ឈឺនោះ ក៏អត់ឈឺដែរ អាវាស្រវឹងស្រាដួលក៏ Corona ការពិតជាស្រវឹងស្រាសោះ រួចវាដួលចំពេលហ្នឹងវាយកទៅបំផុតតែម្តង។

ជំនឿទុកចិត្តទី ២ បើមានការសង្ស័យរត់ទៅរកពេទ្យ ដើម្បីសង្គ្រោះខ្លួនឯង រត់ទៅរកពេទ្យទៅ ដើម្បីឱ្យពេទ្យគេយកសំណាកយកទៅពិនិត្យ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនផង ក្រុមគ្រួសារខ្លួនផង និងអ្នកដទៃផង។ ឥឡូវខ្ញុំគិតថា ត្រឡប់ទៅវិញ ខ្ញុំឱ្យពេទ្យយកសំណាកខ្ញុំយកទៅមើលដែរ ព្រោះខ្ញុំនិយាយទៅដូចរាងតឹងច្រមុះ ព្រោះអញ្ចេះ កាលណាតែខ្ញុំឡើងម៉ាស៊ីនលើសពី ១ ម៉ោងទៅចាប់ផ្តើមរាងតឹងច្រមុះហើយ អាហ្នឹងជាទម្លាប់របស់ខ្ញុំទេ កុំថា មួយឈឺតនេះថា Corona។

ហើយអាមួយនោះ ផ្តាំអ្ហែង អាហ្នឹងអ្នកនៅកំពង់ត្របែក។ អាហ្នឹងវាថា ខ្ញុំហ្នឹងត្រូវបានគេបញ្ជូនដោយសម្ងាត់បំផុតទៅពេទ្យសាំងហ្គាពួរ ប្រយ័ត្នអញឱ្យប៉ូលិសទៅយកដល់ផ្ទះអ្ហែង ត្រូវដឹងមួយថ្ងៃៗ អ្ហែងនិយាយពីអីខ្លះ កុំគិតស្មានថាគេមិនដឹង គ្រាន់តែព្រមានទេ លើកក្រោយតែអ្ហែងដដែលហ្នឹង អញចាប់យកអ្ហែងមកឃុំហើយ។ រឿងពីរដែលគេឱ្យចាប់សំឡេង៖ រឿងទី ១ ប្រឆាំងភេរវកម្ម រឿងទី ២ គឺប្រឆាំងអំពើពុករលួយ។ អាហ្នឹងគេឱ្យចាប់សំឡេង។ អញ្ចឹងអានៅកំពង់ត្របែក និយាយឱ្យចំនៅព្រៃវែង ចុះឡើង​ៗវាថា ខ្ញុំហ្នឹងគេបញ្ជូនដោយសម្ងាត់ទៅពេទ្យសាំងហ្គាពួរ។ អាហ្នឹង ទៀ បាញ់ មានហើយ យើងស្គាល់ទាំងឈ្មោះ ទាំងស្អីវាទៀត ហើយអាអ្នកនៅក្រៅវាអ្នកបញ្ជូលក្នុងគ្រុប រួចហើយវាទាក់ទងគ្នា។

គោលការណ៍អង្គការសុខភាពពិភពលោក រកឃើញនៅកន្លែងណាព្យាបាលនៅកន្លែងហ្នឹង

ទៅណាបើមនុស្សនៅតែផ្ទះហ្នឹង ហើយថ្ងៃហ្នឹងចេញ ស្អែកចេញ បើសិនជាមាន Corona ពិតទៅសាំងហ្គាពួរគេឱ្យទៅទេ? គេមិនឱ្យទៅទេវាឆ្លងដល់គេ គោលការណ៍របស់អង្គការសុខភាពពិភពលោក រកឃើញនៅកន្លែងណា ព្យាបាលនៅកន្លែងហ្នឹង។ ដូចជាជនជាតិចិនកន្លងទៅមួយករណីនៅខេត្តព្រះសីហនុ យើងព្យាបាលជាហើយទើបឱ្យគាត់ត្រឡប់ទៅវិញ។ ជនជាតិជប៉ុននេះ ដោយសារតែវាអត់មានសញ្ញាអីនៅនេះទេ គាត់ទៅមានសញ្ញានៅអី Nagoya ប្រទេសជប៉ុនឯណោះ។ ដល់ចាប់ផ្តើមពេលហ្នឹងយើងចាប់ផ្តើមសហការតបណ្តាញគ្នា រហូតបានរកឃើញបុរសខ្មែរម្នាក់នៅនេះ។

ពេលវេលានេះ ជាពេលវេលាសហការដើម្បីនឹងត្រួតត្រាសភាពការណ៍នេះ កុំឱ្យរីករាលដាលនៅក្នុងប្រទេសរបស់យើង។ សហការនៅក្នុងក្របខណ្ឌជាតិរបស់យើង សហការជាមួយប្រទេសទាំងអស់ ហើយប្រទេសទាំងអស់សូមកុំលាបពណ៌កម្ពុជា។ ដូចជារឿងអន្តរាយមួយរបស់យើង យើងធ្វើកិច្ចការមនុស្សធម៌ដ៏ត្រឹមត្រូវអំពីនាវា Westerdam ដែលជាវិបត្តិមនុស្សធម៌មួយដ៏ធំ គ្មានអ្នកណាយកចិត្តទុកដាក់ ត្រូវបានគេលាបពណ៌ថា មាន (Corona) កើតចេញពីនាវា Westerdam ទៅនៅកូឡាឡាំពួរនោះ។ បង្កើតឱ្យយើងមានការលំបាកមួយរយៈ។

ខ្ញុំអរគុណចំពោះអគ្គរដ្ឋទូតវៀតណាមដែលបានជួយឱ្យសារព័ត៌មាន VNA ជាសារព័ត៌មានរបស់រដ្ឋវៀតណាម កែតម្រូវទៅលើបញ្ហានេះ បើមិនដូច្នោះទេ កម្ពុជានឹងធ្វើណោតទូតតវ៉ា ព្រោះដាក់យើងចូលអាហ្នឹងចង់ចូល Black list ទៅហើយ។ អញ្ចឹងទេ វាមានទៅ មានមក អាករណីហ្នឹង។ ខ្ញុំនិយាយក្នុងឋានៈខ្ញុំជាមេដឹកនាំកម្ពុជា ប៉ុន្តែនៅឯណោះ តាមខ្ញុំដឹង គឺកាសែត ក្រៅពី VNA នៅមានកាសែតមួយចំនួនទៀតបានចុះផ្សាយពីរឿងហ្នឹងថា កម្ពុជាមានការអនុញ្ញាតឱ្យទេសចរចូល។ អញ្ចឹងទេ ហានិភ័យចេញពីកម្ពុជា មានការចុះផ្សាយពីបញ្ហាហ្នឹង។ អញ្ចឹងខ្ញុំមិនយល់ស្របលើបញ្ហាហ្នឹងទេ ព្រោះហាក់ដូចជាកម្ពុជា ជាកន្លែងផ្ទុកមេរោគ ដែលខ្ញុំមិនយល់ស្របទេ។

មិត្តចិនបានរៀបចំនាវា ៧ គ្រឿង សម្រាប់ដឹកវត្ថុធាតុដើមផ្គត់ផ្គង់ឱ្យរោងចក្រ

ឥឡូវនេះដោយសារតែមានបញ្ហាហ្នឹង ខ្ញុំសូមយកឱកាសនេះ អំពាវនាវ ប៉ុន្តែមុននឹងដល់ការអំពាវនាវ សូមជូនជាព័ត៌មានដ៏រីករាយសម្រាប់កម្មករ កម្មការិនីរបស់កម្ពុជា មិត្តចិនបានរៀបចំនាវា ៧ គ្រឿង សម្រាប់ដឹកវត្ថុធាតុដើមផ្គត់ផ្គង់ឱ្យរោងចក្រ។ ថ្ងៃនេះចាប់ផ្តើមចូលជើងទី ១ ស្អែកចូលជើងទី ២, ៧ គ្រឿងនេះ ៥ គ្រឿងចូលនៅកំពង់សោម ២ គ្រឿងចូលនៅហូជីមិញ។ ហេតុអីបានត្រូវចូលនៅហូជីមិញ គឺអ្នកដែលផលិតនៅឯស្វាយរៀង តំបន់សេដ្ឋកិច្ចពិសេសនៅឯស្វាយរៀង ដឹកពីហូជីមិញមកវាជិតជាង បើប្រៀបធៀបដឹកមកពីកំពង់សោមទៅដល់នោះ គឺវាឆ្ងាយជាង។ ហើយបើតាមព័ត៌មានមិត្តចិនឱ្យដឹងនាវា ៧ គ្រឿងនេះ មិនមែនដឹកត្រឹមតែខែ ៣  នេះទេ ដឹករហូតដល់ខែ ៥ រហូតដល់សភាពការណ៍ធូរស្រាយ។

អំពាវនាវ ៤ ចំណុច៖ ១ រោងចក្រនានា កុំឆ្លៀតឱកាសឈប់ព្យួរការងារ លុបកិច្ចសន្យាការងារជាមួយកម្មករ, ២ មីក្រូហិរញ្ញវត្ថុ ឬធនាគារ លើកលែងការប្រាក់កម្មករព្យួរការងារ, ៣ ម្ចាស់បុរី ឬផ្ទះដែលលក់បង់រំលស់ អនុគ្រោះដល់កម្មករ ឬបុគ្គលសណ្ឋាគារដែលព្យួរការងារ, ៤ ស្នើដល់អគ្គិសនីកម្ពុជា រដ្ឋាករទឹក អនុញ្ញាតឱ្យកម្មករជំពាក់សិន

ប៉ុន្តែយ៉ាងណាក៏ដោយ ដោយសារតែប៉ុន្មានថ្ងៃនេះមានការព្យួររោងចក្រនៅកន្លែងនេះ ព្យួរការងារនោះកន្លែងនោះ ខ្ញុំអំពាវនាវទី ១ សូមកុំឱ្យរោងចក្រនានា ឆ្លៀតពេលវេលាដែលឈប់ព្យួរការងារ លុបចោលនូវកិច្ចសន្យាការងារជាមួយកម្មករ នេះជាចំណុចដាច់ខាតមិនត្រូវធ្វើរឿងនេះ ក្នុងពេលវេលាដែលកម្មករជួបការលំបាក។ សូមឱ្យគោរពឱ្យបានម៉ត់ចត់ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសរួចហើយដែរ អញ្ចឹងសូមកុំឱ្យឆ្លៀតពេលថា ផ្អាកការងារ ព្យួរការងារ រួចហើយលុបកិច្ចសន្យាការងារចោល អានេះកុំឱ្យមានឱ្យសោះ។

ទី ២ ចំពោះមីក្រូហិរញ្ញវត្ថុ ឬធនាគារ លើកលែងការប្រាក់សម្រាប់កម្មករដែលត្រូវបានព្យួរការងារ។ ថ្ងៃនេះ ឯកឧត្តម អូន ព័ន្ធមុនីរត្ន័ និងឯកឧត្តម ជា ចាន់តូ នឹងដឹកនាំការប្រជុំ។ ព្រោះគ្នាត្រូវព្យួរការងារហើយ អញ្ចឹងទេកុំបង្ខំឱ្យគ្នាសង ពន្យារការសង ឬក៏មិនយកការប្រាក់ ឧទាហរណ៍៖ ថាគ្នាដល់ពេលសង អញ្ចឹងពន្យារពេលសងបន្តិច ហើយបើត្រូវបង់ការប្រាក់ប្រចាំខែ លើកលែងឱ្យទៅក្នុងរយៈពេលដែលគ្នាត្រូវព្យួរការងារ។ ហ្នឹងសម្រាប់ផ្នែកធនាគារ និងមីក្រូហិរញ្ញវត្ថុ … សូមឱ្យយោគយល់ ហើយអ្នកដែលទទួលរងផលប៉ះពាល់ គឺមិនដល់ ២ ម៉ឺននាក់ទេ។ ក្នុងចំណោមមិនដល់ ២ ម៉ឺននាក់ នេះយើងអាចថា ៥០% ជាប់ធនាគារ ដោយសារតែគ្នាត្រូវការខ្ចីលុយគេមុនធ្វើផ្ទះ ធ្វើនេះធ្វើនោះ រួចហើយតាមរយៈប្រាក់បៀវត្សប្រចាំខែយកទៅសងគេ។

ឯទី ៣ សូមឱ្យម្ចាស់បុរី ឬម្ចាស់ផ្ទះដែលលក់ផ្ទះបង់រំលោះឱ្យកម្មករ ឱ្យអ្នកដែលមានការងារធ្វើនៅតាមសណ្ឋាគារនានា ឬតាមរោងចក្រនានា ដែលត្រូវព្យួរការងារនេះ ពន្យារការបង់ កុំផ្តាច់កុងត្រាក្នុងរយៈពេលហ្នឹង ព្រោះអញ្ចេះ បើតាមដឹងអាកុងត្រាសម្រាប់ការបង់រំលោះនេះ កាលណាពេលណាមួយមិនបានបង់ឱ្យគេក្នុងរយៈពេលប៉ុន្មានគឺគេផ្តាច់តែម្តង ដេញយើងចុះពីផ្ទះ។ អញ្ចឹងទេ សូមឱ្យមានការយោគយល់ទៅលើបញ្ហានេះ។

មួយទៀត ខ្ញុំស្នើឱ្យអគ្គិសនីកម្ពុជា ក៏ដូចជារដ្ឋាករទឹកនៅកន្លែងខ្លះ កម្មករ គ្នាត្រូវព្យួរការងារ អញ្ចឹងទេ វាខ្វះលុយបង់ថ្លៃភ្លើង ថ្លៃទឹក អញ្ចឹងអាចផ្ដល់ការយោគយល់ ឱ្យជំពាក់សិន។ ការពិតកម្មករ កម្មការិនី ប្រើភ្លើងក្រោម ៥០ គីឡូវ៉ាត់ទេ អញ្ចឹងវាច្រើនទេ ប៉ុន្តែគ្នាមានតម្រូវការ ព្រោះគ្នាបានទទួលប្រាក់បៀវត្សត្រឹមតែ ៦០% ទេ, ថៅកែចេញ ៤០% រដ្ឋាភិបាលចេញ ២០%។ ដូច្នេះ យោគយល់ការលំបាក។ ឯកឧត្តម ស៊ុយ សែម, ឯកឧត្តម កែវ រតនៈ ពិនិត្យអំពីបញ្ហានេះ ព្រោះវាមិនច្រើនទេលើបញ្ហាហ្នឹង។

ប៉ុន្តែមិនមែនប៉ាវទូទាំងប្រទេសទេ។ បើផ្ទះសំណាក់ ឬសណ្ឋាគារ ក៏សុំឲ្យជំពាក់ ឬមិនបង់ថ្លៃ(អគ្គិសនី)ដែរ ក៏វាមិនកើតដែរ។ កាលណាសណ្ឋាគារអត់ដំណើរការ មានរឿងអីត្រូវប្រើភ្លើង។ ដូច្នេះ ខ្ញុំគិតថា មិនចាំបាច់ដល់ហ្នឹងទេ យើងគិតជំហានដំបូង គិតដល់កម្មករ។

ដោះស្រាយអគារសិក្សាជូនបឋសិក្សា ហ៊ុនសែន ប្រមោយ និងវិទ្យាល័យ ប្រមោយ

ឥឡូវមកដល់បញ្ហាសាលារៀន។ គ្រប់ស្រុកនៅក្នុងខេត្តពោធិ៍សាត់ មានសាលារបស់ខ្ញុំព្រះករុណាខ្ញុំ រួចហើយ ប៉ុន្តែនៅស្រុកវាលវែងនេះ ដែលថ្ងៃនេះ យើងមកក្នុងទីតាំងសាលានេះ បើយើងមិនដោះស្រាយទេ លោក ហ៊ុន សែន ដូចមើលមិនឃើញ ចិត្តមិនទូលាយ។ ថ្ងៃមុន ខ្ញុំព្រះករុណាខ្ញុំ បានប្រកាសឱ្យគ្រប់ ការដ្ឋានណាដែលមិនទាន់បានបើក ឱ្យផ្អាកសិន ដើម្បីឱ្យពេលវេលាមេរោគ Corona នេះ ទៅផុតសិន ប៉ុន្តែហេតុអ្វីថ្ងៃនេះមកដោះស្រាយរឿងសាលា? មិនងាយបានមកវិញទេ។ បើមកដល់ បែរជាមិនដោះស្រាយឱ្យសម្រាប់សំណូមពរនៅទីនេះ គឺសំណូមពរអគារ ១ ខ្នង ២ ជាន់ ១២ បន្ទប់ ប៉ុន្តែឥឡូវដោយសារនាយឧត្តមសេនីយ៍ ខេង សាមេត បានសិក្សាហើយ សាលាមត្តេយ្យ និងបឋមសិក្សា ហ៊ុន សែន ប្រមោយ ស្ថិតនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់​។ ក្នុងសាលាហ្នឹង (មានអគារ)របស់ខ្ញុំព្រះករុណាខ្ញុំ ១ ខ្នង ៦ បន្ទប់ សាងសង់នៅឆ្នាំ ២០០៩ ក្រៅពីនោះ អគារ ២ ខ្នង ៦ បន្ទប់ ប្រក់ស័ង្កសី, បណ្ណាល័យ ១ ខ្នង ចាស់ទ្រុឌទ្រោមហើយ។ ឥឡូវអញ្ចេះ សុំ ១ ខ្នង ២ ជាន់ ១២ បន្ទប់ ហើយខ្ញុំព្រះករុណាខ្ញុំ ជូនឱ្យអញ្ចេះវិញ ១ ខ្នង ៣ ជាន់ ១៨ បន្ទប់ យក ឬមិនយក? ព្រោះចង់រៀបចំទុកឱ្យហើយ ១០ ឆ្នាំក្រោយ អត់ទាន់ខ្វះ ហើយកូនសិស្សច្រើន និងមនុស្សកាន់តែមកដល់ច្រើនហើយ។ អញ្ចឹងរៀបចំ សុំ ១ ខ្នង ២ ជាន់ ឱ្យ ៣ ជាន់, សុំ ១២ បន្ទប់ ឱ្យ ១៨ បន្ទប់។ ក្រៅពីនោះ ជូនទីចាត់ការ និងបណ្ណាល័យ ១ ខ្នង ៣ បន្ទប់ថែមទៀត។ ហើយត្រូវធ្វើផ្លូវពីប៉េតុងក្នុងបរិវេណសាលានេះ ទីលានបាល់ទះ និងបាល់បោះនៅក្នុងសាលាហ្នឹង។ អញ្ចឹងក្រុមហ៊ុន China Road and Bridge បើសិនចង់ចូលរួមចំណែកធ្វើផ្លូវបរិវេណសាលា ក៏ផ្លូវទៅ អត់យល់ទាស់ទេ អូខេទាំងអស់ ទទួលបានទាំងអស់។

ដល់វិទ្យាល័យ តាមដឹង វិទ្យាល័យនៅក្នុងស្រុករបស់យើងនេះ មានវិទ្យាល័យតែមួយទេ។ ឥឡូវនេះ វិទ្យាល័យនេះ មានគ្រូ ២៧​ នាក់ និងសិស្ស ៦២៥ នាក់ អគារសិក្សា ២ ខ្នង ១០ បន្ទប់ អន្ដេវាសិកដ្ឋាន ៥ បន្ទប់​។ ដោយកំណើនសិស្សរៀងរាល់ឆ្នាំប្រមាណកើន ៤០% ព្រោះក្នុងស្រុកវាលវែងទាំងមូល មានវិទ្យាល័យ ប្រមោយ តែមួយគត់ សម្រាប់បន្តពីអនុវិទ្យាល័យដែលមកពី ៥ ឃុំក្នុងស្រុកវាលវែង។ តម្រូវការចាំ​បាច់ សុំជូន៖ ទី ១ អគារ ១ ខ្នង ៣ ជាន់ ១៨ បន្ទប់។ ទី ២ ទីចាត់ការ និងបណ្ណាល័យ ១ ខ្នង ៣ បន្ទប់។ ទី ៣ អន្តេវាសិកដ្ឋានសម្រាប់គ្រូ និងសិស្ស ១ ខ្នង ២ ជាន់ ១០ បន្ទប់។ ព្រោះសិស្សដែលមកពីចម្ងាយ​ គឺឱ្យសិស្សបានស្នាក់នៅផង គ្រូមានប្រាក់អាចជួលផ្ទះនៅបាន ប៉ុន្តែគ្រូខ្លះពីចម្ងាយអាចនៅហ្នឹងបានដែរ។ ប៉ុន្តែបើសិនជាសិស្ស ដាក់សិស្សនារីនៅខាងលើ សិស្សបុរសនៅខាងក្រោម។ ហើយក្រៅពីនោះ ត្រូវរៀបចំផ្លូវប៉េតុងនៅក្នុងបរិវេណសាលា របង ក្លោងទ្វារ ដងទង់ជាតិ តារាងបាល់បោះ និងតារាងបាល់ទះ។ ហើយក្រុមហ៊ុន China Road and Bridge រួមវិភាគទានដើម្បីនឹងធ្វើអាហ្នឹង​ ក៏បានដែរ ដើម្បីធ្វើឱ្យស្អាត។ ថ្ងៃក្រោយ ប្រែក្លាយតំបន់អតីតសមរភូមិ ឱ្យទៅជាតំបន់អភិវឌ្ឍន៍ អាហ្នឹងវាត្រូវតាមអ្វីដែលយើងបាននិយាយ​។ អញ្ចឹងបានជាមកដល់ពេលនេះ ដល់កន្លែងនេះហើយ ដោះស្រាយអាហ្នឹងតែម្ដងទៅ។ ហើយកន្លែងដទៃ ប្រហែលជាមិនដោះស្រាយឱ្យទេ ព្រោះចាំឱ្យសភាពកាណ៍មេរោគ Corona ស្ងប់ស្ងាត់សិន។ ប៉ុន្តែអានេះ គឺមិនពន្យារពេលទេ។

ខេង សាមេត កាលបើកការដ្ឋាន? ប្រកាសហើយ បើកភ្លាម ហើយសហការជាមួយនឹងក្រុមហ៊ុន China Road and Bridge ផង ក្រែងលោគាត់ត្រូវការជួយធ្វើផ្លូវដែរ។ បើគាត់ជួយធ្វើ យើងស្រួលហើយ ហើយគ្រឿងចក្រគាត់នៅទីនេះដែរ។

ពោធិ៍សាត់ មានគ្រប់អាទិភាពទាំង ៤

ដោះស្រាយទាំងផ្លូវ ដោះស្រាយទាំងសាលារៀន ព្រោះ មនុស្ស ទឹក ផ្លូវ ភ្លើង។ អញ្ចឹងពោធិ៍សាត់ ដូចជាគ្រប់ហើយ។ និយាយពីទឹក ទំនប់ដំណាក់អំពិល ចារិក ប៉ុន្មានទំនប់ឯណាណោះ។ រួចហើយ អគិ្គសនីកាត់តាមហ្នឹង។ រួចហើយ ផ្លូវ, ផ្លូវជាតិលេខ ៥ ក៏កំពុងសាងសង់, ផ្លូវជាតិលេខ ៥៥ ក៏ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ ផ្លូវជាតិលេខ ១០ ក៏បើកការដ្ឋាន អញ្ចឹងវាគ្រប់ហើយ។ នេះហើយ ហ៊ុន សែន អញ្ចឹង។ អ្នកណាស្អប់ ហ៊ុន សែន មិនដឹងទេ ប៉ុន្តែប្រជាជនខេត្តពោធិ៍សាត់ អត់ស្អប់ ហ៊ុន សែន ទេ។

បន្តធ្វើនាយករដ្ឋមន្រ្តី ដល់ពួកប្រឆាំងផ្កាប់មុខងាប់អស់

បើសិនជាប្រជាជនស្អប់ ខ្ញុំព្រះករុណាខ្ញុំ ច្បាស់ជាមិនអាចនៅដល់ ៤៦ ឆ្នាំទេ។ ឥឡូវជាង ៣៥ ឆ្នាំហើយ ធ្វើជានាយករដ្ឋមន្រ្តី ប៉ុន្តែនៅ ១០ ឆ្នាំទៀត។ ធ្វើទាល់តែពួកប្រឆាំងផ្កាប់មុខងាប់អស់សិន ចាំឈប់។ មួយថ្ងៃឮសូរតែ ដូរៗ និមិត្តរូបនៃការផ្លាស់ប្ដូរ។ អ្ហែងចាំដូរទៅ អញនៅតែធ្វើនាយករដ្ឋមន្រ្តីហ្នឹង ហើយអញដូររាល់ថ្ងៃ ពីដើមផ្លូវនេះអត់ ជាផ្លូវដំរី បន្ទាប់ទៅអញដូរទៅជាផ្លូវក្រាលគ្រោះក្រហម។ ឥឡូវអញដូរពីផ្លូវគ្រោះក្រហម ទៅជាផ្លូវចាក់កៅស៊ូ អញដូរហើយតើ។ សាលាបឋមសិក្សានេះ ដែលកំពុងខ្វះអគារ ឥឡូវអញដូរហើយតើ អញដាក់ ១ ខ្នង ៣ ជាន់ ១៨ បន្ទប់។ សាលានេះ យើងចាប់ផ្ដើមធ្វើពីឥឡូវ ដល់ពេលចូលកងឆ្នាំក្រោយ អាចរួចរាល់។

ពាំនាំអំណោយ

ហើយថ្ងៃនេះ បាននាំមកសម្រាប់លោកយាយ លោកតា ចំនួន ២០០ នាក់ ក្នុងម្នាក់ៗ ក្រណាត់សមួយដុំ ថវិកា ២ ម៉ឺនរៀល។ ជូនក្រុមកាយារិទ្ធ និងយុវជនកាកបាទក្រហមកម្ពុជាចំនួន ២០០ នាក់ ក្នុងម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។ ជូនសិស្សានុសិស្ស ១ ៤៥៤ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិចមួយដើម ថវិកា ១ ម៉ឺនរៀល។ ជូនលោកគ្រូអ្នកគ្រូទូទាំងស្រុកវាលវែង ៣២៣ នាក់ ក្នុងម្នាក់ថវិកា ៥ ម៉ឺនរៀល។ ជូនសា​លាបឋមសិក្សា ហ៊ុនសែន ប្រមោយ ឃុំប្រមោយ ថវិកា ១ លានរៀល។ ជូនវិទ្យាល័យ ប្រមោយ ឃុំប្រមោយ ថវិកា ២ លានរៀល។ ជូនកងវរសេនាតូចការពារព្រំដែន ៨២៥, ៥០១ និងលេខ ១ មួយអង្គភាព​ៗ ថវិកា ៣ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣ លានរៀល។ ជូនមណ្ឌលសុខភាពប្រមោយ ថវិកា ២ លានរៀល។ ជូនសាលាស្រុកវាលវែង ថវិកា ២ លានរៀល។ ជូនក្រុមតន្រ្តីសម័យ ថវិកា ៥ លានរៀល។

ខ្ញុំព្រះករុណាខ្ញុំ សូមអរព្រះគុណ ព្រះតេជព្រះគុណនិមន្តចូលរួម ហើយអនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំ។ ខ្ញុំព្រះករុណាខ្ញុំ តែនិយាយហើយ មិនចេះយឺតទេ និយាយមួយម៉ោងស្ទើរ កន្លះម៉ោងស្ទើរ ហើយថ្ងៃនេះត្រូវប្រធានបទនិយាយច្រើនផង ដើមអាទិត្យត្រូវនិយាយច្រើន ក៏គប្បីត្រូវនិយាយដែរ ហើយរឿងគួរត្រូវនិយាយដែរក្នុងការសំណេះសំណាល។ ហើយថ្ងៃនេះ តាមអភិបាលខេត្តឱ្យដឹង ប្រជាជនមកលើសការគ្រោងទុករហូតដល់ ៣ ពាន់នាក់ឯណោះ ដែលពីមុនគ្រោងតែ ៨ ពាន់នាក់។ ឥឡូវប្រជាជនមកលើស ១ ម៉ឺននាក់ ដើម្បីមកជួបមុខនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ខ្ញុំព្រះករុណាខ្ញុះ មិនទាន់ឱ្យគេរត់ចេញឯណា មានតែអ្នកមកលើសចំណុះ។ ហើយអរគុណចំពោះការស្វាគមន៍នានា ដែលបានផ្ដល់ឱ្យខ្ញុំព្រះករុណាខ្ញុំ។ ហើយនេះជានិមិត្តរូបនៃការសន្ដិភាព នៃការអភិវឌ្ឍផង ជានិមិត្តរូបនៃចំណងទាក់ទងក្នុងភាពជាដៃគូយុទ្ធសាស្រ្តរវាងកម្ពុជាចិនផង ហើយក៏ជានិមិត្តរូប​នៃភាពចម្រុងចម្រើន នៃព្រះរាជាណាចក្រកម្ពុជាយើងផង។

ជាមួយនឹងការប្រកាសសម្ពោធដាកឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៥៥ ប្រវែង ១៨២ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៥ ខេត្តពោធិ៍សាត់ មកស្រុកវាលវែង ថ្មដា ព្រំដែនកម្ពុជាថៃ និងប្រកាសបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ ដែលមានប្រវែងជាង ១៩៨ គីឡូម៉ែត្រ ពីសំឡូត វាលវែង អូរសោម ខេត្តកោះកុង ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ និងជូនពរចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសបងប្អូនជនរួមជាតិ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរព្រះគុណ និងសូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...