សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១០៩

135

នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន សំរឹទ្ធិស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ​២០២០​នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៩ ក្នុងឆ្នាំ២២០នេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់ មានសមភាពយេនឌ័រ» ដែលបង្ហាញឱ្យឃើញពីការដើរតួនាទីយ៉ាងសំខាន់របស់សុខសន្តិភាពនៅក្នុងសង្គមជាតិ ជាពិសេសសុខសន្តិភាពនេះបានចូលរួមចំណែកជួយដល់ការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយឱ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គម។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញចូលរួមអបអរសាទរខួបលើកទី ១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរព្រះ
គុណ និងថ្វាយព្រះពរជ័យសេរីមង្គល សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុក្ខដាក់អំពីសុខទុក្ខ នឹងជីវភាពរបស់កូនចៅ ពិសេសការលើកកម្ពស់សមភាពយែនឌ័ររបស់ស្ត្រី និងក្មេងស្រីកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដែគូអភិវឌ្ឍន៍ជាតិ អន្តរជាតិទាំងអស់ដែលបានរួមចំណែកគាំទ្រការលើកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈតួនាទី សុខមាលភាព ស្ត្រី និងកុមារ និងការផ្តល់សេវាកម្មជួយជនរងគ្រោះដោយអំពើហឹង្សាប្រកដោយគុណភាព និងប្រសិទ្ធភាព។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងជនរួមជាតិទាំងអស់អនុវត្តនូវចំណុចសំខាន់ៗចំនួន០៧ដូចខាងក្រោម៖

១)ត្រូវរួមគ្នាយកចិត្តទុកដាក់តាមរយៈការផ្តល់អាទិភាពចំពោះការបង្កើនចំនួនស្ត្រីដែលមានតួនាទីជាថ្នាក់ដឹកនាំនៅតាមវិស័យផ្សេងៗ និងគ្រប់កម្រិត។

២)ត្រូវរួមគ្នាពង្រឹងការអនុវត្តច្បាប់ និងត្រូវពន្លឿនដំណើរការកាត់ក្តីស្រី្តដែលជាប់ទោសឱ្យទាន់ពេលវេលា។ គ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធ Internet នៅទូទាំងប្រទេសឱ្យមានប្រសិទ្ធភាពដើម្បីទប់ស្កាត់បញ្ហាជាច្រើនដែលពាក់ព័ន្ធទៅនឹងអំពើហិង្សា ការកេងប្រវ័ញ្ញលើស្ត្រី និងក្មេងស្រីតាមប្រព័ន្ធ Internet និងបណ្ដាញផ្សព្វផ្សាយជាច្រើនដែលធ្វើឲ្យបាត់សណ្ដាប់ធ្នាប់សង្គម។

៣)ក្រសួងអប់រំយុវជន និងកីឡា ត្រូវធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ឱ្យអនុវត្តវិន័យ ផ្ដល់ឱកាសដល់ក្មេងស្រីនៅគ្រប់កំរិត ជាពិសេសឪពុកម្តាយអប់រំ កូនចៅអោយមានសីលធម៌ល្អនៅក្នុងសង្គម។

៤)ត្រូវបន្តការវិយោគលើការសិក្សារបស់ក្មេងស្រី នៅគ្រប់កម្រិតសិក្សា ជាពិសេសក្នុងជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីអោយដើរទាន់សម័យបច្ចេកវិទ្យាជឿនលឿននៃសង្គមជាតិ។

៥)ក្រសួងវប្បធម៌ ក្រសួងព័ត៌មាន និងបណ្តាញផ្សព្វផ្សាយទាំងអស់ត្រូវបន្តពង្រឹង និងលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរយើងតាមរយៈការបង្កើតកម្មវិធីអប់រំ ដែលបង្ហាញអំពីអត្តសញ្ញាណស្ត្រីខ្មែរ ជាពិសេសតាមរយៈការស្លៀកពាក់ប្រកបដោយភាពថ្លៃថ្នូរ និងមានលក្ខណៈជាស្ត្រីខ្មែរ។

៦)រួមគ្នាទប់ស្កាត់ ការចម្លងមេរោគអេដស៍ថ្មី និងកុំអោយមានការរើសអើងស្ត្រីផ្សព្វផ្សាយស្រាបៀ រួមទាំងអ្នកស្រឡាញ់ភេទដូចគ្នា។

៧)សម្តេចតេជោបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាក់ទងទៅនឹងជំងឺកូវីដ១៩ ទោះបីជាប្រទេសកម្ពុជាមិនមានជំងឺនេះក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋត្រូវតែចូលរួមថែរក្សាសុខភាពឲ្យបានល្អប្រសើរតាមរយៈការធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ជម្រើសនៃការភ័យខ្លាចមិនមែនជាជម្រើសល្អនោះទេផ្ទុយទៅវិញការថែរក្សាសុខភាពគឺជាជម្រើសដ៏ល្អដើម្បីទប់ស្កាត់នៃជំងឺនេះ។

ក្នុងឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានជូនពរ បងប្អូនជនរួមជាតិ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ សូមជួបតែសេចក្តីសុខច្រើនគ្រប់ៗគ្នា៕