សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន, ពិធីបិទសន្និបាត សុខាភិបាល លើកទី ៤១

210

CNV:

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមបិទ សន្និបាត សុខាភិបាល លើកទី ៤១ ដែលបានដំណើរការ ២ ថ្ងៃ កន្លងមក ដើម្បីធ្វើការវាយតម្លៃអំពីវឌ្ឍនភាព និងសមិទ្ធផលដែលវិស័យសុខាភិបាលសម្រេចបានក្នុងការអនុវត្តផែនការឆ្នាំ ២០១៩ ព្រមទាំងការពិនិត្យវាយតម្លៃនូវចំណុចវិជ្ជមាន និងអវិជ្ជមាន នៃប្រតិបត្តិការប្រព័ន្ធសុខាភិបាល ជាមួយនឹងការកំណត់ផែនការសកម្មភាពឤទិភាពដែលត្រូវអនុវត្តនៅក្នុងឆ្នាំ ២០២០ និងបណ្តាឆ្នាំខាងមុខ។

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស ដែលបានខិតខំអនុវត្តគោលនយោបាយសុខាភិបាល និងកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ជាពិសេស លទ្ធផលនៃការផ្តល់សេវាអប់រំសុខភាព ការបង្ការជំងឺ ការពិនិត្យព្យាបាល និងការថែទាំសុខភាពជូនប្រជាជន។

ទន្ទឹមគ្នានេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះក្រសួង-ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ព្រមទាំងសមាគមវិជ្ជាជីវៈសុខាភិបាល និងវិស័យឯកជនដែលបានឧបត្ថម្ភគាំទ្រ និងចូលរួមសហការយ៉ាងសកម្ម ក្នុងការអនុវត្តសកម្មភាពនានាក្នុងវិស័យសុខាភិបាលកាលពីឆ្នាំ ២០១៩ កន្លងទៅនេះ។

ដូចឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាន រាយការណ៍បូកសរុបអម្បាញ់មិញ បច្ចុប្បន្នវិស័យសុខាភិបាលបាន និងកំពុងបន្តមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់ស្ថានភាព សុខភាពប្រជាជន ជាមួយនឹងការអភិវឌ្ឍប្រព័ន្ធគាំពារសុខភាពសង្គម ស្របតាមគោលដៅយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល នៅគ្រប់ដំណាក់កាល។

ទន្ទឹមនឹងសមិទ្ធផលដែលវិស័យសុខាភិបាលសម្រេចបាន នាពេលបច្ចុប្បន្ន អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់កំពុងបន្ត អនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយខណៈដែលការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាល បាន និងកំពុងចាប់ផ្តើមដំណើរការវិមជ្ឈការប្រព័ន្ធសុខាភិបាល ដើម្បីលើកកម្ពស់ការគ្រប់គ្រង ការផ្តល់សេវាសុខភាពឱ្យកាន់តែល្អ ប្រសើរជាងបណ្តាឆ្នាំកន្លងទៅ ដើម្បីបន្តលើកស្ទួយសុខដុមនីយកម្ម សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែមានភាពសម្បូរសប្បាយក្រោមម្លប់សុខសន្តិភាពនាពេលបច្ចុប្បន្ននេះ។

ដើម្បីឱ្យគុណភាពសេវាសុខភាពសាធារណៈបានពង្រីកការគ្របដណ្តប់ និងកែលម្អកាន់តែល្អប្រសើរស្របតាមតម្រូវការ សេវាសុខភាព កំណើនប្រជាជន ការវិវត្តប្រជាសា្រស្ត ការប្រែប្រួលសណ្ឋានជំងឺ និងជីវភាពរស់នៅរបស់ប្រជាជន ខ្ញុំសូមផ្តល់នូវការណែនាំមួយចំនួនដល់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធដូចខាងក្រោម៖

· ក្រសួងសុខាភិបាលត្រូវអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ អំពីគោលនយោបាយសុខាភិបាលសំខាន់ៗ ដោយផ្តោតលើគ្រប់ទិដ្ឋភាព នៃការពង្រឹងប្រតិបត្តិការប្រព័ន្ធសុខាភិបាល រួមមានការធ្វើវិមជ្ឈការ ប្រព័ន្ធសុខាភិបាល ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ ការផ្តល់សេវាសុខភាព ការផ្តត់ផ្គង់ឱសថ និងបរិក្ខារសុខាភិបាល ការពង្រឹងគុណភាពសេវាអភិបាលកិច្ចគ្លីនិក ការពង្រឹងគុណភាពនៃការបណ្តុះបណ្ដាល ការផ្តល់ហិរញ្ញប្បទាន សម្រាប់ប្រព័ន្ធសុខាភិបាល ការលើកម្ពស់ប្រព័ន្ធគាំពារសុខភាព សង្គមកិច្ច និងភាពជាដៃគូរវាងសុខាភិបាលសាធារណៈ និងឯកជន។

· ចំពោះការផ្ទេរមុខងារគ្រប់គ្រងធនធាន និងផ្តល់សេវាសុខាភិបាលពីក្រសួងសុខាភិបាលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីដើមឆ្នាំ ២០២០ គឺជាការកែទម្រង់ប្រកបដោយតម្លាភាពក្នុងវិស័យសុខាភិបាលដែលឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពសេវាសុខាភិបាល លើកស្ទួយការអភិវឌ្ឍនៅមូលដ្ឋាន បង្កើនគណនេយ្យភាព និងអភិបាលកិច្ចល្អនៅមូលដ្ឋាន ជាពិសេសធ្វើឱ្យសម្រេចបាននូវការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងតម្លាភាព ហើយកាន់តែជិតស្និទ្ធនិងកៀកទៅនឹងប្រជាជន។

· រដ្ឋបាលរាជធានី-ខេត្តទាំងអស់ត្រូវសហការជាមួយក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីរៀបចំកែសម្រួលឡើងវិញ នូវរចនាសម្ព័ន្ធស្ថាប័ន តួនាទី និងមុខងារនៃអង្គភាពសុខាភិបាល នៅថ្នាក់ក្រោមជាតិ ហើយត្រូវរក្សាកិច្ចដំណើរការងារអង្គភាព សុខាភិបាលរាជធានី-ខេត្តដូចធម្មតា ជាពិសេសមិនត្រូវឱ្យមានការរឤក់រអួលដល់ដំណើរការផ្តល់សេវាសុខភាព ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់សេវាសុខភាពរបស់ប្រជាជន។

[ចាប់ផ្តើមការអធិប្បាយ ១]

ចំណុចនេះ បណ្តាខេត្តរាជធានីត្រូវយកចិត្តទុកដាក់។ កន្លងទៅនេះ យើងបានផ្តល់តួនាទី បែងចែកមុខងារផ្នែកគ្រប់គ្រងសុខាភិបាលមូលដ្ឋាននេះ ទៅកាន់ថ្នាក់រាជធានីខេត្តរួចស្រេចហើយ។ ដូច្នេះចំណុចនេះថ្នាក់រាជធានីខេត្តត្រូវតែមានការទទួលខុសត្រូវ មិនត្រូវធ្វើឲ្យដំណើរការសុខាភិបាលណាមួយរអាក់រអួល ដោយសារការផ្ទេរមុខងារនោះទេ។

[បញ្ចប់ការអធិប្បាយ ១]

· ក្រសួងសុខាភិបាលត្រូវពិនិត្យកែសម្រួល និងកំណត់តួនាទី និងមុខងាររបស់ក្រសួង និងអង្គភាពសុខាភិបាលក្រោមឱវាទនៅថ្នាក់ជាតិ ដើម្បីអនុវត្តប្រកបដោយតម្លាភាព និងមានគណនេយ្យភាព រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។

· រដ្ឋបាលរាជធានី-ខេត្តត្រូវខិតខំផ្សព្វផ្សាយ កៀរគរការ គាំទ្រថវិកា សម្ភារ និងបច្ចេកទេសពីស្ថាប័ន និងភាគីពាក់ព័ន្ធនានា ដោយប្រើប្រាស់ធនធាន ឆន្ទានុសិទ្ធិរបស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាជនតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

បច្ចុប្បន្ន វិស័យសុខាភិបាលឯកជននៅកម្ពុជាបាន និងកំពុង រីកដុះដាលយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ជាពិសេសការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺ។ ទន្ទឹមនឹងកំណើននៃវិស័យសុខាភិបាល ឯកជននៅកម្ពុជា វិស័យនេះក៏បាននាំមកនូវបញ្ហាប្រឈមដល់មុខងារ និយ័តកម្ម និងសមត្ថភាពនិយ័តកម្មរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវទទួលអនុវត្តមុខងារនិយ័តកម្ម ស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមបន្តលើកទឹកចិត្តដល់ការកសាងភាពជាដៃគូ រវាងវិស័យសុខាភិបាលសាធារណៈ និងសេវាសុខាភិបាលឯកជន ជាពិសេសការផ្តល់សេវាសុខាភិបាលជូនប្រជាជនបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ ខ្ញុំសូមផ្តល់នូវមតិណែនាមួយចំនួនដល់ក្រសួង និងភាគីពាក់ព័ន្ធដូចខាងក្រោម៖

· ក្រសួងសុខាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្ត ពង្រឹងការអនុវត្តច្បាប់ និងនីតិក្រមសុខាភិបាល តាមយន្តការដែលមានស្រាប់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឬយន្តការថ្មី ដើម្បីធានាថាសេវាសុខាភិបាលឯកជនបានផ្តល់សេវាសុខាភិបាលត្រឹមត្រូវ ស្របតាមនិយាមសមត្ថភាពបច្ចេកទេស ស្តង់ដារ គុណភាព និង ក្រមសីលធម៌វិជ្ជាជីវៈ។

· មន្ត្រី គ្រូពេទ្យ បុគ្គលិកសុខាភិបាលត្រូវបន្តលើកកម្ពស់ ការយល់ដឹងអំពីការប្រើប្រាស់បច្ចេកវេជ្ជសាស្ត្រថ្មី​ៗ ក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលស្របតាមឧបករណ៍ពេទ្យដែលមានបច្ចេកវិទ្យាខ្ពស់ ឱសថជំនាន់ថ្មី និងរបៀបព្យាបាលថ្មីៗ ដែលឤចជួយក្រុមគ្រូពេទ្យឱ្យធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការថែទាំអ្នកជំងឺកាន់តែមានភាពសុក្រិត និងមានប្រសិទ្ធភាព។

· ក្រសួងសុខាភិបាលត្រូវបន្តពង្រីកការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងទូរគមនាគមន៍ឱ្យបានកាន់តែទូលំទូលាយ ដើម្បីផ្តល់សេវាសុខភាពសាធារណៈ ការបណ្តុះបណ្តាល ការគ្រប់គ្រងអង្គភាព ការសិក្សាស្រាវជ្រាវ និងការគ្រប់គ្រងទិន្នន័យ និងស្ថិតិសុខាភិបាល។

· ត្រូវបន្តការយកចិត្តទុកដាក់ផ្សព្វផ្សាយ និងចែករំលែកព័ត៌មានដែលមានសារៈសំខាន់ទាក់ទងនឹងសុខភាពប្រជាជន ព័ត៌មានស្តីពីការបង្ការទប់ស្កាត់ការគ្រប់គ្រងការផ្ទុះរាតត្បាតនៃជំងឺឆ្លង ព្រមទាំងលើកកម្ពស់ការពង្រឹងប្រព័ន្ធអង្កេត តាមដាន និងឆ្លើយតបជំងឺឱ្យបានទាន់ពេលវេលា ជាមួយនឹងសីលធម៌វិជ្ជាជីវៈពេទ្យប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

ជាថ្មីម្តងទៀត ខ្ញុំនៅតែបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ នៅទូទាំងប្រទេស ទាក់ទងនឹងបញ្ហាវីរុស កូវីដ ១៩ ទោះបីនៅប្រទេសកម្ពុជាយើងពុំទាន់កើតមានឡើងនូវបញ្ហានានា ដែលទាក់ទងនឹងវីរុសនេះក៏ដោយ ក៏ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋត្រូវចេះការពារខ្លួន ដើម្បីទទួលបានសុខភាពល្អប្រសើរជាជាងការភ័យខ្លាច។ ជម្រើស នៃការភ័យខ្លាច មិនមែនជាជម្រើសល្អទេ តែជម្រើសក្លាហានក្នុងការចេះការពារខ្លួន ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អបំផុតហើយការពារខ្លួនបានពីជំងឺគ្រប់ប្រភេទ។

[ចាប់ផ្តើមការអធិប្បាយ ២]

គ្រប់ស្ថាប័នកាត់បន្ថយចំណាយ ៥០% ការបរទេស ពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្រ្តី កាត់ ២៥%​

ថ្ងៃនេះប្រធានបទដែលខ្ញុំចង់និយាយ គឺទាក់ទងជាមួយនឹងបញ្ហាវីរុសកូរ៉ូណាថ្មី ឬក៏ជំងឺ Covid-19 នេះតែម្តង ដែលខ្ញុំទុកផ្នែកខាងក្រោមនេះ ធ្វើអត្ថាធិប្បាយ។ សុំយកវេទិការនេះ ធ្វើអត្ថាធិប្បាយ មិនគ្រាន់តែបញ្ហា Covid-19 ទេ ក៏ប៉ុន្តែវាមានការពាក់ព័ន្ធជាមួយនឹងបញ្ហាធំទូលាយជាងនេះ។ ដំណាក់កាលទី ១ យើងបានធ្វើវិធានការសង្គ្រោះសេដ្ឋកិច្ចនៅក្នុងដំណាក់កាលនៃវិបត្តិនោះ នៅដើម ២ អាទិត្យមុននេះ គឺនៅថ្ងៃទី ២៤ ខែកុម្ភៈ។ យើងបានដាក់ចេញនូវគោលនយោបាយមួយចំនួនគាំទ្រវិស័យនានាដែលមានផលប៉ះពាល់ ដូចជាទាក់ទងជាមួយនឹងវិស័យទេសចរណ៍ និងវិស័យកាត់ដេរ ហើយក៏បានជម្រុញឲ្យគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច ជាមួយនឹងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ រៀបចំនូវផែនការឆ្លើយតបសេដ្ឋកិច្ច នៅក្នុងបរិបទ​ដែល Covid-19 នេះ​វានឹងរីករាលដាល។

ព្រឹកមិញនេះ ខ្ញុំបានសម្រេចផ្តល់នូវការគាំទ្រទៅលើការវិភាគនោះ។ ខ្ញុំសុំយកឱកាសនេះជម្រាបជូនគ្រប់ស្ថាប័នទាំងអស់ឲ្យបានជ្រាបថា ​ស្ថាប័នទាំងអស់ត្រូវកាត់បន្ថយរហូតទៅដល់ ៥០% នៃការចំណាយ លើកលែងតែក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្រ្តីទេ ដែលនឹងត្រូវកាត់បន្ថយការចំណាយចំនួន ២៥%។ នេះជម្រាបឲ្យបានជ្រាប ដើម្បីឲ្យឯកឧត្តម លោកជំទាវ អស់លោក លោកស្រីបានជ្រាបថាកុំសុំបង្កើនការចំណាយអ្វីទាំងអស់។ មិនតឹ្រមតែមិនឲ្យបង្កើនការចំណាយទេ យើងកាត់បន្ថយការចំណាយតែម្តង។ មានតែចំណាយទៅលើបៀវត្សរ៍តែប៉ុណ្ណោះ ដែលមិនមានការកាត់បន្ថយទេ។ ទាក់ទងទៅនឹងចំណាយចរន្ត ដែលក្នុងមួយខែ យើងត្រូវចាយជាង ៤០០ លានដុល្លារនោះ គឺអាហ្នឹងមិនអាចប៉ះពាល់បានទេ។

ប៉ុន្តែចំណាយមួយចំនួន ឧទាហរណ៍ដែលខ្ញុំបានលើកនៅក្នុងផែនការសម្រាប់សង្គ្រោះសេដ្ឋកិច្ច ដូចជាការចេញដំណើរទៅក្រៅប្រទេស បើមិនចាំបាច់ទេកុំទៅ ហើយបើត្រូវទៅ ៥ នាក់ ឲ្យទៅតែ ២ នាក់បានហើយ … ពេលខ្លះ ផ្តល់ការងារឲ្យអគ្គរដ្ឋទូតយើងនៅក្រៅប្រទេសចូលរួមប្រជុំជំនួសទៅ ប្រសិនបើការប្រជុំនោះ គ្រាន់តែជាការប្រជុំ ដែលមិនមានអន្តរាគមន៍របស់យើង ដើម្បីជាការសន្សំ។ ខ្ញុំនឹងសង្កេតមើល តើរដ្ឋមន្ត្រីក្រសួងណាខ្លះ ដែលយកវិធីហ្នឹង ដើម្បីយកទៅសម្រួល កុំឲ្យបញ្ហាដាក់មក ចាំឲ្យនាយករដ្ឋមន្ត្រីកាត់។ ហ្នឹងមិនមែនជាវិធីសមស្របទេ។ ត្រូវអនុវត្តដោយមានការភ្ញាក់រលឹក។

ផ្អាកការបើកការដ្ឋានថ្មី លើកលែងការដ្ឋានហរិញ្ញប្បទានដោយបរទេស និងថវិកាបដិភាគរបស់កម្ពុជា

ចំពោះគម្រោងវិនិយោគផ្ទាល់របស់យើង គឺការដ្ឋានណាដែលមិនទាន់ត្រូវបានបើកការដ្ឋានទេ ផ្អាកការបើកការដ្ឋានសិន លើកលែងតែការដ្ឋានដែលហរិញ្ញប្បទានដោយបរទេស ដោយមានថវិកាបដិភាគរបស់កម្ពុជា។ សូម្បីតែថ្ងៃ ៩ នេះ ខ្ញុំក៏ត្រូវទៅបើកការដ្ឋានសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែហើយ ផ្លូវលេខ ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវភ្ជាប់ពីបាត់ដំបង ទៅខេត្តកោះកុង អាហ្នឹងត្រូវបន្តធ្វើ។ ប៉ុន្តែកម្មវិធីមួយចំនួនដែលមិនទាន់បើកការដ្ឋានទេ ផ្អាកសិន រង់ចាំឆ្នាំក្រោយក៏មិនទាន់យឺតពេលដែរ ធ្វើម៉េចឲ្យ Covid-19 ទៅឲ្យផុតសិន ដើម្បីយើងដឹងច្បាស់ ថាទុនរបស់យើងមានប៉ុន្មានពិតប្រាកដ។

ការងារអាទិភាពខ្ពស់បំផុតរបស់កម្ពុជា​​ គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19

ខ្ញុំសុំប្រកាសនៅទីនេះថា កិច្ចការរបស់យើងនៅពេលកន្លងទៅ ចាប់ផ្តើមពីផ្ទុះកូរ៉ូណា រហូតដល់ពេលនេះ និងរហូតដល់ការបញ្ចប់នៃជំងឺ Covid-19 ការងារអាទិភាពខ្ពស់បំផុតរបស់កម្ពុជា​​ គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19។ នេះជាការដែលយើងត្រូវធ្វើទាំងអស់គ្នា​។ ដោយសារតែយើងបានធ្វើការបែងចែកមុខងារផ្នែកវិស័យសុខាភិបាលទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើកិច្ចការងារនេះហើយដែរ ថ្នាក់ក្រោមជាតិក៏ត្រូវតែពិនិត្យថាខ្លួនមានភារកិច្ចដាក់ចេញជាអាទិភាពទី ១​ ហើយត្រូវផ្តល់ការចំណាយមកផ្នែកនេះ។ បើទោះបីត្រូវកាត់កងពីវិស័យដទៃ ហើយមកប៉ះប៉ូវឲ្យការចំណាយលើវិស័យសុខាភិបាល យើងក៏ត្រូវតែធ្វើ ចៀសវាងមិនបានទេ។ ខ្ញុំសុំបញ្ជាក់អំពីបញ្ហានេះ ដើម្បីឲ្យយើងទាំងអស់គ្នា ស្រុះចិត្តស្រុះកាយជាមួយគ្នា​​ កុំឲ្យអ្នកខ្លះទាញ ថវិកាចំណាយលើនេះលើនោះ(ថា)ក៏វាចាំបាច់ ឡានក៏ចាំបាច់ ត្រាក់ទ័រក៏ចាំបាច់ ក្នុងពេលដែលថ្នាំពេទ្យសោះដែលវាចាំបាច់។ លុយមានកម្រិត … ខ្ញុំគ្រាន់តែអាចបញ្ជាក់អញ្ចេះ ហើយក៏សុំឲ្យស៊ីសង្វាក់គ្នានឹងការលើក អំពីការព្យាករនៃបញ្ហាសេដ្ឋកិច្ចរបស់យើង។

ផ្នែកសេដ្ឋកិច្ចធ្វើការព្យាករជាសេណារីយោ ២

ប៉ុន្តែការព្យាករសេដ្ឋកិច្ច និងការព្យាករផ្នែកជំងឺនេះ វាអាចមានចរិតដូចគ្នា និងវាអាចមានចរិតខុសគ្នា​ខ្លះៗ។ ខាងផ្នែកសេដ្ឋកិច្ច គ្រាន់តែទើបនឹងចាប់ផ្តើមធ្វើការព្យាករទៅលើសេណារីយោ ២។ សេណារីយោទី ១ គឺ Covid-19 អូសបន្លាយរយៈពេល ៦ ខែ។​ បើសិនជា Covid-19 អូសរយៈពេល ៦ ខែ សេដ្ឋកិច្ចប៉ះពាល់ទំហំប៉ុណ្ណា? ការធ្លាក់ចុះនៃកំណើននៅសល់ប៉ុន្មានភាគរយ? ហើយត្រូវចេញថវិកាអន្តរាគមន៍ប៉ុន្មាន? ទី ២ ព្យាករណ៍ទុកមុនថា បើសិនវាអូសបន្លាយក្នុងមួយឆ្នាំពេញ បន្ថែមទៅដោយ Covid-19 បានរុករានមកក្នុងប្រទេសរបស់យើងទៀត តើផលប៉ះពាល់សេដ្ឋកិច្ចវាមានទំហំប៉ុណ្ណា? ហើយត្រូវធ្វើអន្តរាគមន៍របៀបម៉េច ទៅលើបញ្ហាសេដ្ឋកិច្ច?។ ខ្ញុំដឹងថាក្រសួងសុខាភិបាលក៏បានរៀបចំនូវការត្រៀមគំនិតមួយចំនួនទៅហើយ ប៉ុន្តែខ្ញុំនៅទីនេះ សុំឲ្យក្រសួងធ្វើការប្រជុំ(សិក្សា)វាយតម្លៃថា ប្រសិនបើ Covid-19 ស្ថិតនៅក្នុងស្ថានភាពបែបហ្នឹង យើងបានកំពុងនឹងគ្រប់គ្រងសភាពការណ៍ហើយ។ ប៉ុន្តែក្នុង ករណី Covid-19 ចាប់ផ្តើមចូលមកដល់ក្នុងប្រទេសរបស់យើង ហើយមានល្បឿនលឿន និងមានទ្រង់ទ្រាយធំ វិធានការដែលត្រូវប្រកាន់យកគឺជាអ្វី?

បានរៀបចំវិធានការមួយចំនួន ដើម្បីពិនិត្យដោះស្រាយបញ្ហាជំងឺ Covid-19

ខ្ញុំបានប្រកាសតាំងពីមុនខ្ញុំចេញធ្វើសន្និសីទសារពត៌មាន ក្រសួងសុខាភិបាលជាអ្នកនាំមុខ ឥឡូវក៏នៅតែក្រ​សួងសុខាភិបាលជាអ្នកនាំមុខដដែល។ នាយករដ្ឋមន្ត្រីមិនមែនជាអ្នកឯកទេសទេ ប៉ុន្តែនាយករដ្ឋមន្ត្រីជាអ្នកសម្រេចទៅលើវិធានការខាងនយោបាយ សេដ្ឋកិច្ច និងផ្តល់នូវហិរញ្ញប្បទាន។ ឧទាហរណ៍៖ យើងលើក ថា ចាប់ផ្តើមមាន Covid-19 ដំបូងថានៅខេត្តមួយ បន្ទាប់ទៅរាលដល់ខេត្តមួយទៀត។ តើវិធានការអ្វីខ្លះដែលត្រូវប្រកាន់យក? បិទសាលារៀន ឬទេ? ទាំងអស់នេះសុទ្ធតែជាវិធានការហើយ។ ប៉ុន្តែកន្លងទៅខ្ញុំមិនទាន់ឱ្យ ឯកឧត្តម លោកជំទាវ ធ្វើកិច្ចការងារនេះ ដោយសារតែការភ័យខ្លាចច្រើនហួស។ មិនមែនខ្ញុំមិនបានគិតទេ។ ខ្ញុំគិតរួចហើយអំពីបញ្ហានេះ ប៉ុន្តែ(ខ្ញុំ)មិនមែនជាឯកទេសទេ។ ខ្ញុំមិនចង់ឱ្យប្រជាពលរដ្ឋរបស់យើង ដែលកំពុង ភ័យខ្លាចនៅពេលនោះ បង្កើតឡើងនូវការភ័យខ្លាចឡើងវិញនោះទេ។ ឥឡូវប្រជាពលរដ្ឋបានស៊ាំនឹងព័ត៌មាននេះទៅហើយ។

ពិតមែនហើយ ការបំពុលព័ត៌មាន គឺជាពួកភេរវករតែម្តង ដែលមិនមែនគ្រាន់តែបំពុលនៅស្រុកខ្មែរទេ បំពុលលើពិភពលោកតែម្តង។ អង្គការសុខភាពពិភពលោក ក៏មានការធុញទ្រាន់ទៅលើបញ្ហានេះដែរ។ អញ្ចឹងត្រូវត្រៀម … ឥឡូវយើងចាត់ទុកថា សព្វថ្ងៃនេះវានៅក្នុងកម្រិតនៃលទ្ធភាពទី ១ យើងគិតថាអញ្ចឹងទៅចុះ។ លទ្ធភាពទី ១ នេះកម្រិតរបស់យើងគឺអប់រំប្រជាពលរដ្ឋឱ្យចេះការពារខ្លួនតាមរយៈអនាម័យ ការអប់រំប្រជាពលរដ្ឋរបស់យើងមិនឱ្យមានការភ័យខ្លាច និងការរើសអើង។ ជាវិធានការដែលយើងបាន និងកំពុងប្រកាន់យកហើយ​។ យើងគប្បីដាក់ចេញនូវជំហានទី ២ ឬហៅថា​លទ្ធភាពទី ២ គឺការដែលប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើម​ឆ្លង Covid-19 ហើយនៅក្នុងទ្រង់ទ្រាយណាមួយ។ ឧទាហរណ៍ថាចូលទៅក្នុងក្របខណ្ឌខេត្តមួយ តើយើងគួរបិទខេត្តទាំងមូលទេ? ឬត្រឹមតែបិទនៅក្នុងតំបន់ដែលមានវីរុសនេះ។

ឧទាហរណ៍៖ ឃុំមួយ ឬស្រុកមួយ ឧទាហរណ៍អញ្ចឹងទេ។ បើចិនគេបិទទៅដល់ក្រុង Wuhan បន្ទាប់ទៅគេពង្រីកទៅកន្លែងមួយទៀត អញ្ចឹងត្រូវដាក់ចេញនូវផែនការបែបនេះ។ ឧទាហរណ៍៖ លទ្ធភាពទី ២ បានមកដល់មា​នកើតរួចហើយ(Covid-19) ទន្ទឹមនឹងវិធានការដែលយើងបាននឹងកំពុងប្រកាន់យកនេះ តើចំណុចបន្តនៅទីកន្លែងហ្នឹង ក្រុមគ្រួសារហ្នឹងត្រូវយើងធ្វើយ៉ាងម៉េច? ហើយក៏ត្រូវគិតផងដែរថា នៅពេលដែលយើងឃុំគ្រងគាត់ ទន្ទឹមនឹងព្យាបាលអ្នកជំងឺ ក្រុមគ្រួសារនេះ យើងមិនឱ្យទៅទីកន្លែងផ្សេងទេ។ ឧទាហរណ៍ថាអញ្ចឹង តើគួរយកវិធានការហ្នឹងទេ? ព្រោះមនុស្សម្នាក់ជាមួយនឹងគ្រួសារទាំងមូលនេះ តើយើងគួរឃុំគ្រងគាត់ទេ? នៅពេលដែលយើងឃុំគ្រងគាត់ តើយើងមានជំនួយឧបត្ថម្ភអ្វីឱ្យគាត់ទេ? នេះសុទ្ធតែជាបញ្ហាដែលយើងត្រូវតែពិនិត្យដោះស្រាយ។ គាត់ធ្លាប់តែទៅធ្វើការដើម្បីទទួលនូវកម្រៃ ប៉ុន្តែពេលនេះត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគ្រួសារអ្នកដទៃ ហើយតើគាត់បានទទួលទានអ្វីទៀត? មានតែយើងត្រូវផ្តល់ការឧបត្ថម្ភដល់គាត់។

ដូចជាកម្មករបាត់បង់ការងារធ្វើក៏យើងត្រូវផ្តល់ដែរ។ មកដល់ត្រឹមពីម្សិលនេះ កម្មករដែលគេស្នើសុំព្យួរចំនួន ២០ ប៉ុន្មានរោងចក្រឯណោះ។ មានចំនួនកម្មករ ១៨០០០ នាក់ជាង ដែលបានបាត់បង់ការងារ។ ហ្នឹងរោងចក្រ​។ សណ្ឋាគារ ៣ នៅខេត្តសៀមរាប ដែលមានកម្មករជិត ៣០០ នាក់ ដែលក្រៅពីថៅកែរោងចក្រផ្តល់ ៤០% រដ្ឋត្រូវផ្តល់ ២០%។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋ តើយើងត្រូវដោះស្រាយជាមួយពួកគាត់យ៉ាងម៉េច? ត្រូវលើកចេញជាវិធានការជាក់លាក់មួយ។ ប្រសិនបើវារីកធំទូលាយជាងនេះ នៅក្នុងឃុំនោះ ឬក្នុងស្រុកនោះ តើគួរត្រូវបិទសាលាររៀន ឬទេ? ចលនាទៅដល់ព្រះសង្ឃ កុំឱ្យមានការប្រមូលផ្តុំនៅរាល់ថ្ងៃសីល នៅតាមទីអា​រាមទេ? ត្រូវចលនាទៅដល់វិហារសាសនាឥស្លាម កុំឱ្យថ្វាយបង្គំជុំគ្នានៅក្នុងថ្ងៃសុក្រនោះទេ? និយាយទៅដល់ព្រះវិហារគ្រីស្តដើម្បីកុំឱ្យមានការជួបជុំគ្នា ដែលនាំទៅដល់ការឆ្លងនេះទេ?​

នេះគ្រាន់តែជា(សំណុំ)បញ្ហាដាក់ចេញ ដើម្បីលើកឱ្យមកពិភាក្សាអំពីបញ្ហានេះឱ្យបានល្អិតល្អន់ ដោយគិតអំពីកត្តាវេជ្ជសាស្ត្រផង និងកត្តាផ្សេងៗដែលទាក់ទងនឹងបញ្ហាហ្នឹង ជាសង្គម និងជានយោបាយចិត្តសាស្ត្រផងដែរ ត្រូវរៀបចំផែនការនេះ។

អរគុណក្រសួង/មន្រ្តីសុខាភិបាល សុខភាពពិភពលោក ផ្នែកប្រយុទ្ធជំងឺឆ្លងសហរដ្ឋអាមេរិក/អាល្លឺម៉ង់

ជាភ័ព្វសំណាងហើយ ដែលមកដល់ពេលនេះកម្ពុជាទន្ទឹមនឹងជនជាតិចិនម្នាក់ឆ្លង ហើយព្យាបាលជាត្រឡប់ទៅប្រទេសវិញ និងនាវា Westerdam ដែលចូលចតមក មកដល់ពេលនេះមិនទាន់មាននរណាមួយឈឺនៅលើនាវានោះទេ ដែលទៅដល់ផ្ទះរួចហើយ។ អរគុណចំពោះក្រសួងសុខាភិបាល មន្រ្តីសុខាភិបាល អរគុណចំពោះដៃគូសហការណ៍ដូចជា អង្គការសុខភាពពិភពលោក និងផ្នែកប្រយុទ្ធជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ឬក៏អាល្លឺម៉ង់ជាដើម ដែលបានចូលរួមប្រតិបត្តិការជាមួយគ្នា ដែលមានតម្លាភាពខ្លាំងណាស់សម្រាប់ការគ្រប់គ្រងនៃជំងឺឆ្លងនៅក្នុងប្រទេសរបស់យើង។ អរគុណសណ្ឋាគារសុខា ដែលបានព្រមទទួលភ្ញៀវឱ្យស្នាក់នៅ ពេលនោះបើសុខាមិនព្រមទទួលទៀត គ្នាស្នាក់នៅពោធិ៍ចិនតុង(អាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ) បានសេចក្ដីថា ដេកពេញពោធិ៍ចិនតុងហ្នឹង បន្ទាប់ពីយើងទទួលព័ត៌មានអកុសលពីខាងក្រៅមកថា (មានមេរោគកូរ៉ណាលើស្រ្ដីអាមេរិកអាយុ ៨៣ ឆ្នាំនៅម៉ាឡេស៊ី)។ អញ្ចឹងអ្នកទាំងនេះចេញមិនរួច​។ ចេញពីនាវាក៏ចេញមិនរួច ចេញពីពោធិ៍ចិនតុងក៏ចេញមិនរួច។

រឿងជំងឺ Covid-19 លើស្រ្ដីអាមេរិកអាយុ ៨៣ ឆ្នាំ រកឃើញនៅម៉ាឡេស៊ីត្រូវបានបញ្ចប់

ពិតហើយ ខ្ញុំបានមើលការបំភ្លឺរបស់អគ្គរដ្ឋទូតរបស់ម៉ាឡេស៊ីប្រចាំកម្ពុជា ជាមួយនឹងការអញ្ជើញ កោះហៅពីអនុរដ្ឋលេខាធិការក្រសួងការបរទេ ដើម្បីសួរនាំ។ ខាងម៉ាឡេស៊ីបានបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍របស់គេ គេមិនបានបញ្ជាក់ថា ជំងឺ Covid-19 (លើស្រ្ដីអាមេរិកអាយុ ៨៣ ឆ្នាំ)នេះ រកឃើញចេញពីកម្ពុជាទេ គឺបានរកឃើញនៅម៉ាឡេស៊ី អាហ្នឹងមួយទៅ។ តែមួយទៀត (អនុរដ្ឋលេខាធិការក្រសួងការបរទេស)ហៅមក ចំពេលដែលរដ្ឋមន្រ្តីសុខាភិបាល ក៏ដូចជារដ្ឋមន្រ្តីការបរទេស គឺអស់តំណែង ដោយសារតែ(នាយករដ្ឋមន្រ្តីម៉ាឡេស៊ី) មហាធៀ គាត់លាលែងពីតំណែង។ អស់តំណែងអញ្ចឹង មិនដឹងថាជូនព័ត៌មានទៅណា។ ប៉ុន្តែឥឡូវ រឿងគួរត្រូវបានបញ្ចប់ប៉ុណ្ណឹងហើយ មិនបាច់ធ្វើអីតទៅទៀតទេ ព្រោះរឿងធំជាងគេ​ គឺស្រ្ដីអាមេរិក​អាយុ ៨៣ ឆ្នាំឯណោះ គាត់បានចេញពីម៉ាឡេស៊ីទៅដល់អាមេរិកហើយ។ គាត់អត់មានជំងឺហ្នឹងទៀត។

បញ្ហានេះ អាចវាយតម្លៃបានហើយថា ប្រព័ន្ធសុខាភិបាលរបស់កម្ពុជា វាយ៉ាងម៉េច? ហើយអ្នកណាជាអ្នក​បង្កើត​នូវ​កំហុសព័ត៌មាន ដែលធ្វើអាប់ឱនកិត្តិយសរបស់ប្រព័ន្ធសុខាភិបាលកម្ពុជាផង និងធ្វើឱ្យរងគ្រោះទៅដល់មនុស្សរាប់ពាន់នាក់ ទាំងអ្នកនៅលើនាវា ទាំងនាវិក ទាំងភ្ញៀវនៅឯខេត្តព្រះសីហនុ និងអ្នកនៅទីក្រុងភ្នំពេញ? ប៉ុន្តែខ្ញុំស្នើថា កុំចាំបាច់សួរនាំតទៅទៀត ព្រោះអ្នកទទួលខុសត្រូវមុន ក៏អស់តំណែងជារដ្ឋមន្រ្តីអីៗអស់ទៅហើយ។ ហើយទៅរកការបញ្ជាក់ក៏មិនឃើញ។ ប៉ុន្តែ អ្វីដែលសំខាន់ គឺត្រង់ថា ស្រ្ដីដែលគេចាត់ទុកថា មានជំងឺកូវីដ១៩ នេះ ក៏បានទៅដល់ប្រទេស ហើយក៏អត់មានជំងឺ។ គាត់ក៏មិនស្លាប់អីដែរ។ រឿងនេះ កាន់តែបង្ហាញការទទួលខុសត្រូវរបស់យើង ដែលយើងផ្ដល់ការយកចិត្តទុកដាក់ដើម្បីពិនិត្យ ហើយយើងធ្វើទៅតាមការណែនាំរបស់អង្គការសុខភាពពិភពលោក។

ការប្រយុទ្ធប្រឆាំង និងទប់ស្កាត់មេរោគកូរ៉ូណា ជាអាទិភាពទីមួយ, សំពះគ្នា ជាការល្អ

ត្រូវផ្ដល់អាទិភាពឱ្យកិច្ចការទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩​ គឺជាកិច្ចការទីមួយរបស់ប្រទេសទាំងមូល ដែលទាំងអស់គ្នាត្រូវធ្វើ ចាប់ផ្ដើមពីមនុស្សម្នាក់ៗ រហូតទៅដល់ប្រជាជនទូទាំងប្រទេស។ តាំងពីប្រជាជនម្នាក់ៗ រហូតទៅដល់ថ្នាក់ស្ថាប័នជាតិទាំងមូល។ អម្បាញ់មិញ ខ្ញុំចូលមក ខ្ញុំសាកល្បង(ជាមួយនឹងឯកឧត្តម ម៉ម ប៊ុនហេង)។ និយាយជាមួយនឹងឯកឧត្តម ម៉ម ប៊ុនហេង ថា យើងសាកល្បងប្រើវិធីសាស្រ្តតាមប្រ​ពៃណីខ្មែរដោយមិនចាំបាច់ឱ្យចាប់ដៃទេ ព្រោះគេថា ការឆ្លង(ជំងឺកូវីដ១៩)ហ្នឹងដោយសារការចាប់ដៃ។ សាស្រ្តា​ចារ្យម្នាក់សរសេរ (ការការពារការឆ្លងជំងឺកូវីដ១៩) ថា ប្រុសត្រូវយកខ្នងដៃជល់គ្នា។ អម្បាញ់មិញ ខ្ញុំមកដល់ ខ្ញុំលើកដៃសំពះបង ម៉ម ប៊ុនហេង ហើយបង ម៉ម ប៊ុនហេង សំពះខ្ញុំវិញ។ អញ្ចឹង យើងប្រើវិធីសាស្រ្តហ្នឹង (ហើយដែលជា) ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើង អត់មានចាប់ដៃទេ។

ប៉ុន្តែ ប្រហែលជាទសវត្សរ៍ ៧០ ក្រោយរដ្ឋប្រហារ, ខ្ញុំគិតថាអញ្ចេះចុះ ៥០ ឆ្នាំមុន ទើបខ្មែរចេះចាប់ដៃ ក្មេងក៏ទៅចាប់ដៃមនុស្សចាស់។ ពីដើម ហ៊ានតែចាប់ដៃ ចាស់ខោកក្បាលមួយក្រញ៉ឥឡូវហ្នឹងថា ស្អីព្រហើនម្លេះ ក្មេងប៉ុណ្ណឹងមកចាប់ដៃអញ។ ពេលខ្ញុំចូលមកខាងក្នុង អ្នកគ្រប់គ្រងសណ្ឋាគារ គាត់មានជនជាតិបរទេស។ ខ្ញុំលូកដៃទៅ គាត់ប្រុងលូកដៃមកចាប់ដៃខ្ញុំ។ ដល់ខ្ញុំយកជល់ដៃអញ្ចឹងទៅ គាត់យកដៃជល់ដៃខ្ញុំវិញ។ អញ្ចឹងយើងប្រើអាហ្នឹងទៅជាមួយនឹងជនជាតិបរទេស … ត្រង់កន្លែងនេះ ទើបខ្ញុំយល់ ហេតុអ្វីបានជាឯកឧត្តមនាយករដ្ឋមន្រ្តី លី ខឺឈាំង (Li Keqiang) នៃសាធារណរដ្ឋប្រជាមានិតចិន គាត់អរគុណខ្ញុំថា “ខ្ញុំអរគុណឯកឧត្តម ហ៊ុន សែន។ ដោយសារតែខ្ញុំទើបនឹងមកពីទីក្រុង Wuhan អញ្ចឹងគេដាក់អោយខ្ញុំនៅឯកោ ប៉ុន្តែអរគុណឯកឧត្តមដែលបានចាប់ដៃខ្ញុំ ដោយមិនខ្លាចឆ្លងជំងឺ”។ ដល់ពេលខ្ញុំមើលសាស្រ្តាចារ្យម្នាក់ ដែលគាត់សរសេរ ហើយមិត្តភក្ដិគេបញ្ជូនមកថា បើចៀសវាងបាននូវការចាប់ដៃ គេប្រើវិធីជល់ដៃគ្នា ឬធ្វើសញ្ញា។ អញ្ជឹងសញ្ញា(ស្វាគមន៍)របស់ខ្មែរយើង គឺស្រួលណាស់ ផ្អាកការចាប់ដៃគ្នារហូតដល់ផុតជំងឺកូវីដ១៩ ហ្នឹងសិន ហើយប្រើវិធីលើកដៃសំពះគ្នា។ ហ្នឹងងាយស្រួល។ ទាំងស្រីទាំងប្រុស ជាពិសេស ស្រីៗគេមិនចាប់ដៃទេ ច្រើនតែបុរសៗទេ គេចាប់ដៃ។ អញ្ចឹងកុំឃើញថ្ងៃក្រោយ យើងមិនចាប់ដៃគ្នា គិតថាអានេះប្រកាន់ឫក។

ប៉ុន្តែ ខ្ញុំជឿថា ខ្ញុំមិនអាចចៀសវាងបានទេ នៅពេលដែលខ្ញុំទៅវាលវែងនៅថ្ងៃទី ៩ នេះ។ ប្រជាពលរដ្ឋ គាត់សុំថតរូប អោបស្អីៗ ខ្ញុំចៀសវាងមិនបានទេ។ ហ្នឹងគឺសុំកុំអោយអង្គរក្ស ឬក៏នគរបាលឃាត់គាត់ ព្រោះជាទម្លាប់ ទៅកន្លែងណា ប្រជាពលរដ្ឋតែងតែមកអោប ចាប់ដៃខ្ញុំ។ ជួនកាលសុំថតអី។ បើសិនថា មានឆ្លងជំងឺដោយសារបញ្ហារឿងជួបជាមួយនឹងប្រជាពលរដ្ឋ ក៏សមល្មមនឹងការលះបង់ដែរ ព្រោះយើងមិនអាចដើរចោលប្រជាពលរដ្ឋដែលមកពីឆ្ងាយៗ កំពុងទន្ទឹងរង់ចាំនោះទេ។ ហ្នឹងទុកមួយឡែក អង្គរក្សការពារកុំផ្អាកគាត់។

ប្រើប្រាស់ ម៉ាស និងក្រមា បង្ការការឆ្លងរាលដាល

មួយទៀត បើសិនជាវាចាប់ផ្ដើមរីករាលដាលក្នុងប្រទេសរបស់យើង, ម៉ាសរបស់យើងមានប៉ុន្មានឥឡូវនេះ? សូម្បីតែប្រទេសខ្លះ រាប់ទាំងប្រទេសចិន ម៉ាសប្រើមិនគ្រប់ទេ។ ម៉ាសហ្នឹង ប្រើបានយ៉ាងច្រើនតែមួយថ្ងៃហ្នឹងអស់ហើយ។ អាយុកាលរបស់វានោះ តែប្រើលើសពីហ្នឹង ជំងឺឆ្លងពីម៉ាសហ្នឹងបណ្ដោយ។ អញ្ចឹងខ្ញុំគិតថា ប្រហែលជាត្រូវសិក្សាមើល, ឃើញវីដេអូអប់រំរបស់យើង គេប្រើម៉ាស ឃើញគេលាងដៃ ហើយឃើញគេប្រើក្រម៉ាដែរ។ ប៉ុន្តែក្រម៉ាហ្នឹង បានត្រឹមតែខ្ទប់ច្រមុះទេ។ អញ្ចឹងក្រម៉ាក៏ជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយដែលត្រូវប្រើប្រាស់។ រកវិធីដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់ក្រមា ដែលក្រមានេះវាប្រើបានរយៈពេលវែងខុសពីម៉ាស។ ម៉ាសមិនអាចយកទៅបោកទឹក ហើយយកមកពាក់នោះទេ។ គេអាចយកទៅបោកទឹកអីបាន ប៉ុន្តែ ក្រមាអស់មួយ អាចយកទៅបោកទឹក(រួចហើយ)ហាល (ហើយ)យកអាមួយនោះមកប្រើវិញ។ ក្រមាពីរ។ អញ្ចឹងទេ ធ្វើឱ្យអ្នកត្បាញក្រមាក៏លក់ដាច់ដែរ។ អញ្ចឹង ម្នាក់ៗនាំគ្នាប្រើក្រមាទៅមើល។ ចាប់ផ្តើមពីខ្ញុំ ទៅណាបង់កក្រមាទៅតែម្តង។ ប៉ុន្តែ កន្លែងហ្នឹងមិនមែនជាទីកន្លែងត្រូវបង់កក្រមានោះទេ។ បង់ឱ្យវាត្រូវកន្លែង។ ដែលខ្ញុំប្រើពាក្យថា “ម៉ាសប្រើនៅពេលចាំបាច់”។ អញ្ចឹងទេ ប្រើសិនបើយើងប្រើក្រមាជំនួស វាក៏ជាសម្ភារៈដែលយើងផលិតក្នុងស្រុក ហើយវាអាចបង្កើតការងារឱ្យប្រជាពលរដ្ឋត្បាញក្រមា ប្រើប្រាស់នៅក្នុងស្រុក។ ប៉ុន្តែ និយាយយ៉ាងដូច្នេះ មិនមែនឱ្យអ្នកលក់ក្រមាឡើងថ្លៃក្រមានោះទេ …។

កំពុងទប់ទល់នឹងព័ត៌មានក្លែងក្លាយ មិនមែន Covid-19 នោះទេ

ឥឡូវនេះ យើងកំពុងស្ថិតក្នុងស្ថានភាព គេហៅថា ការទប់ទល់ជាមួយនឹងអាព័ត៌មានក្លែងក្លាយ មិនមែនទប់ទល់នឹង Covid-19 នោះទេ។ សព្វថ្ងៃនេះ គឺទប់ទល់នឹងអាព័ត៌មានក្លែងក្លាយ ធ្វើឱ្យមនុស្សភ័យខ្លាច។ ប៉ុន្តែ ជាភ័ព្វសំណាង និងសុំអរគុណចំពោះប្រជាពលរដ្ឋរបស់យើង ដែលមិនយកការភ័យខ្លាច និងការរើសអើងធ្វើជារឿងធំ។ យើងបានឃើញការប្រគុំតន្ត្រី ដែលផ្សាយដោយទូរទស្សន៍ផ្សេងៗ នៅក្នុងពេលប្រគុំតន្ត្រី មនុស្សរាប់ពាន់/ម៉ឺននាក់នៅណែនណាន់តាន់តាប់។ នៅបន្ត។ អត់ទាន់មានបញ្ហាទេ។

ឆ្នាំនេះធ្វើអង្គរសង្ក្រាន្ត ដើម្បីបង្កើនចំណាយក្នុងស្រុកឱ្យច្រើន

ក៏សូមបញ្ជាក់(ដែរថា) ឆ្នាំនេះយើងត្រូវធ្វើអង្គរសង្ក្រាន្តឡើងវិញនៅខេត្តសៀមរាប ដើម្បីឱ្យមនុស្សទៅលេង ហើយក៏សូមអញ្ជើញប្រជាពលរដ្ឋទៅលេងខេត្តបាត់ដំបងនៅថ្ងៃទី ១៣-១៥ (មីនា)នេះ។ សូមអញ្ជើញទៅទីរួមខេត្តបាត់ដំបង ដើម្បីចូលរួមបុណ្យទន្លេ ព្រោះយើងចង់ឱ្យប្រជាពលរដ្ឋរបស់យើងសប្បាយក្នុងស្រុក ចំណាយក្នុងស្រុកឱ្យបានច្រើន។ ពីមុននេះ ប្រជាពលរដ្ឋរបស់យើងជាង ១ លាននាក់ យកប្រាក់ទៅចំ​ណាយនៅក្រៅប្រទេស។

អរគុណទូរទស្សន៍/ក្រុមហ៊ុននានា ធ្វើការប្រគុំតន្ត្រីតាមបណ្តាខេត្ត

អរគុណ ចំពោះទូរទស្សន៍/ក្រុមហ៊ុននានា ដែលទៅ(ធ្វើ)ការប្រគុំតន្ត្រីនៅតាមបណ្តាខេត្ត ដើម្បីឱ្យប្រជាពលរដ្ឋយើងបានកម្សាន្តសប្បាយនៅទីកន្លែងនោះ។ ថ្ងៃទី ១៤ ខ្ញុំនឹងទៅដេកនៅទីរួមខេត្តបាត់ដំបងតែម្តង ព្រោះមកវិញមកម៉េចនឹងទាន់។ ឆ្នាំទៅ កំពង់ឆ្នាំងមកទាន់។ ឆ្នាំនេះអត់ទេ គឺត្រូវតែទៅសម្រាកនៅទីរួមខេត្តបាត់ដំបង។ អញ្ចឹង នាំគ្នាទៅសប្បាយនៅបាត់ដំបង។ ខ្វះអីក្រូចពោធិ៍សាត់បាត់ដំបង។ ផ្លែឈើបាត់ដំបង/ប៉ៃលិនអី គឺប្រមូលផ្តុំគ្នាដាក់ឱ្យមានការចំណាយក្នុងស្រុក។ អញ្ចឹងទេ ចំណុចទាំងអស់នេះយើងនឹងធ្វើបាន។

ជំងឺពិតប្រាកដរបស់យើងពេលនេះ មិនមែន Covid-19 ទេ គឺជំងឺភ័យខ្លាច

ប្រជាពលរដ្ឋរបស់យើងមុននេះនាំគ្នាភ័យ។ ដល់តែខ្ញុំចេញមកបញ្ជាក់ថា ជំងឺពិតប្រាកដរបស់យើងពេលនេះ មិនមែន Novel Coronavirus ទេ គឺជំងឺភ័យខ្លាច។ អញ្ចឹងទេ ក៏ស្រាប់តែនៅសល់ពាក់ម៉ាសខ្លះ។ ប៉ុន្តែ មានរឿងមួយ។ ព្រឹកមិញចម្លែកដែរ ចេះបើកហ្វេសប៊ុក (បន្ទាប់ពី)មើលឯកសារសព្វគ្រប់អីរួចអស់ អនុម័តគម្រោងឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ ក៏យកមកមើល ហើយ Note ទុកអំពីបញ្ហាដែលត្រូវនិយាយល្ងាចហ្នឹង។ វាចេះបើកហ្វេសប៊ុកឃើញក្មួយស្រីម្នាក់គាត់លាបក្រែមយ៉ាងក្រហម ហើយគាត់សរសេរពីខាងលើបន្តិចថា “ល្អដែរ គេពាក់ម៉ាសគ្រប់គ្នា។ អញ្ចឹង ខ្ញុំមិនចាំបាច់ពាក់ម៉ាស់ទេ ខ្ញុំលាបក្រែម” … ដល់អ្នកដទៃពាក់ម៉ាសអស់ហើយ មិនបាច់ពាក់ទេ ព្រោះមានឆ្លងឯណា … ម្យ៉ាងដែរ។

នេះខ្ញុំនិយាយអំពីសភាពការណ៍បច្ចុប្បន្ន ដែលយើងស្ថិតនៅក្នុងដំណាក់កាលនៃការទប់ទល់ ហើយការ ទប់ទល់របស់យើង គឺទប់ទល់ជាមួយនឹងព័ត៌មានក្លែងក្លាយ ទន្ទឹមនឹងការអប់រំប្រជាពលរដ្ឋរបស់យើង ឱ្យមានការអនាម័យ ថែទាំសុខភាព។ អញ្ចឹង យើងត្រូវបន្តនូវអ្វីដែលជាកិច្ចការ ដែលបានដាក់រួចមកហើយ។ ប៉ុន្តែ ត្រូវ(សិក្សានិង)វាយតម្លៃនូវលទ្ធភាព ដែលអាចកើត(ជំងឺ)នេះថា ត្រូវធ្វើរបៀបនេះៗ ឧទាហរណ៍៖ ឥឡូវ យើងប្រមូលផ្តុំមនុស្ស ចង់ឱ្យមនុស្សទៅលេងនៅកន្លែងនេះ/នោះ រាប់ទាំងប្រគុំតន្ត្រីរាប់ពាន់/ម៉ឺននាក់ ឬបុណ្យទន្លេ/អង្គរសង្ក្រាន្ត។ ប៉ុន្តែ បើសិនជាការផ្ទុះឡើងនៅក្នុងប្រទេសរបស់យើង ត្រួតត្រាលែងបាន ប្រហែលជាអាការប្រគុំតន្ត្រីក៏ត្រូវឱ្យផ្អាក អាការជួបជុំស្អីៗហ្នឹងក៏ត្រូវឱ្យផ្អាកដែរ។

បើយើងដកពិសោធន៍តាំងពីជំងឺសារស៍។ ជំងឺសារស៍ផ្ទុះនៅពេលណា? ជំងឺសារស៍ក៏ផ្ទុះនៅក្នុងថេរវេលាប្រជុំអាស៊ាន-ចិន ដែលខ្ញុំជាប្រធានអង្គប្រជុំ ថៃធ្វើជាម្ចាស់ផ្ទះ ហើយអាស៊ានទាំង ១០ បូកជាមួយចិន និងរដ្ឋបាលពិសេសហុងកុង អតីតនាយករដ្ឋមន្ត្រី Wen Jiabao និងអតីតនាយកប្រតិបត្តិហុងកុង Tung Chee-hwa មកចូលរួមប្រជុំ។ យើងឃើញថា កន្លែងដែលកើត គឺកើតនៅតំបន់ត្រជាក់។ ប៉ុន្តែ ប្រទេសយើងក្តៅអញ្ចឹង មកវាងាប់។ ហ្នឹងខ្ញុំថាខ្លួនឯងទេ។ ខ្ញុំមិនមែនពេទ្យឯណា។ អញ្ចឹង បានខ្ញុំឧស្សាហ៍ទៅហាលថ្ងៃ។ ប្រពន្ធខ្ញុំក៏ត្រូវតែបណ្តោយ​ឱ្យខ្ញុំទៅហាលថ្ងៃដែរ។ ចេញតែពីបន្ទប់ម៉ាស៊ីនត្រជាក់ ចូលម៉ាស៊ីនត្រជាក់នៅក្នុងឡាន។ ចេញពីម៉ាស៊ីនត្រជាក់ក្នុងឡាន ចូលម៉ាស៊ីនត្រជាក់ក្នុងកន្លែងធ្វើការ។ នៅតែក្នុងម៉ាស៊ីនត្រជាក់រហូត …         

ខ្ញុំសង្ឃឹមថា ឯកឧត្ដម ម៉ម ប៊ុនហេង ដឹកនាំការប្រជុំរៀបចំ។ យើងចាត់ទុកថា កំពុងស្ថិតនៅក្នុងលទ្ធភាពទី ១ ដំណើរការ​ធម្មតា ស្អីៗទាំងអស់​។ ប៉ុន្តែ លទ្ធភាពទី ២ ចេញដែរ លទ្ធភាពនោះវាស្ថិតនៅក្នុងរង្វង់ប៉ុនណា? លទ្ធភាពទី ៣ វាចេញប៉ុនណា? ខ្ញុំគិតថា ​ប្រហែលជា​ត្រឹមតែលទ្ធភាពទី ៤ ឬទី ៥ ប៉ុណ្ណឹង ដែលចូលដល់កម្រិតនៃការប្រកាសអាសន្ន … ចូលដល់ថា វាយប្រហារលើម៉ាក្រូសេដ្ឋកិច្ចតែម្ដង​។ តាមរយៈការគិតគូរនៃសេណារីយោរបស់ក្រសួងសុខាភិបាល យើងនឹងបោះការគិតគូរនេះទៅឱ្យការគិតគូររបស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រៅពីជំនួយចំពោះកម្មករ ដែលអត់មានការងារធ្វើ តើយើងនឹងត្រូវផ្ដល់ជំនួយទៅដល់ក្រុមគ្រួសារ ដែលមានអ្នកកើតជំងឺហ្នឹង ហើយត្រូវដាក់ឱ្យគាត់ស្ថិតនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ តើ​យើងត្រូវជួយឧបត្ថម្ភគាត់ឬទេ?​ នេះជាគោលនយោបាយគាំពារសង្គមមួយទៀត ដែលមានធ្វើឡើងនៅក្នុងថេរៈវេលាដែលមាន Covid-19 នេះ។ នៅពេលដែល Covid-19 ឆ្លងផុត អ្វីៗគឺដដែល។

ប៉ះពាល់មកលើកម្ពុជាស្រាលល្មមជាងវៀតណាម និងប្រទេសដែលយកគ្រឿងបង្គុំពីចិន

នៅក្នុងក្របខណ្ឌទាក់ទងជាមួយនឹងការចំណាយ យើងបានឃើញស្រេចហើយថា នៅក្នុងពេលវេលានេះ សេដ្ឋកិច្ច(ដែលរងការ)វាយប្រហារ មិនមែនគ្រាន់តែកម្ពុជាទេ។ កម្ពុជាស្រាលល្មមទេ។ វៀតណាមអាចធ្ងន់លើសកម្ពុជា ព្រោះវត្ថុធាតុដើមនៅវៀតណាម គឺប្រហាក់ប្រហែលជាមួយកម្ពុជាដែរ បើយោងទៅលើទិន្នន័យដែលយើងមាន។ ផ្គត់ផ្គង់ពីចិន ៦០% ហ្នឹង គ្រាន់តែសាច់ក្រណាត់ ប៉ុន្តែវៀតណាមនៅមានវត្ថុធាតុដើមមួយចំនួនទៀត ផ្នែកបង្គុំមួយចំនួនទៀត … អញ្ចឹងទេ ស្ថានភាពនេះ បានប៉ះទង្គិចទៅដល់ការងារធ្វើនៅក្នុងប្រ​ទេសវៀតណាម និងមានការប៉ះទង្គិចមកដល់កម្ពុជា។ វាមិនមែនគ្រាន់តែ ២ ប្រទេសហ្នឹងទេ វា(ប៉ះ)ប្រទេសច្រើនណាស់។ ឥឡូវ ចិនបានចាប់ផ្ដើមដំណើរការឡើងវិញ តែមិនទាន់ពេញលេញទាំងអស់ទេ។ ខ្សែសង្វាក់ផលិតនៃប្រទេសមួយចំនួនដែលផលិតគ្រឿងបង្គុំនៅក្នុងប្រទេសចិន ត្រូវជាប់គាំង ដូចជាក្រុមហ៊ុនរថយន្តនៅកូរ៉េ ក្រុមហ៊ុនរថយន្តនៅជប៉ុន ក្រុមហ៊ុនរថយន្តនៅបារាំង។ Peugeot នេះ។ សូម្បីតែ smartphones iPhone ស្អីៗនេះ ក៏គាំងដែរ …។

ធនាគារពិភពលោកគ្រោងថវិកា ១២ ពាន់លាន សង្រ្គោះសេដ្ឋកិច្ចរងផលប៉ះពាល់

(ជំងឺ)ហ្នឹង វាប៉ះទង្គិចសេដ្ឋកិច្ចពិភពលោក។ ឥឡូវហ្នឹងដូចជាធនាគារពិភពលោកបញ្ចេញថវិកាប្រមាណ ១២ ពាន់លាន … ដើម្បី​ជួយសង្រ្គោះសេដ្ឋកិច្ចក្នុងប្រទេសដែលរងផលប៉ះពាល់។ ឥឡូវ ផលប៉ះពាល់នេះ បើយើងពិនិត្យមើលផលប៉ះពាល់នៃសេដ្ឋកិច្ច … ប្រទេសដែលមានការឆ្លងជំងឺ Covid-19 នេះ មិនទាន់មានប្រទេសក្រីក្រច្រើនពេកទេ ប៉ុន្តែ ប៉ះប្រទេសដែលមានច្រើនជាង។ ប៉ះទៅលើកូរ៉េខាងត្បូង ជប៉ុន ក្នុងទ្វីបអាស៊ីរបស់យើង ដែលជាប្រទេសអ្នកមាន។ កូរ៉េខាងត្បូង គឺល្បឿននៃការឆ្លង គឺលឿនហួសពីកម្រិតដែលយើងគិតទុក។ ងាកទៅឯអឺរ៉ុប ផលប៉ះពាល់ទៅលើអ៊ីតាលី ដែលជាប្រទេសមួយក្នុងចំណោម G7 ដូច្នេះប្រហែលជាមិនមានការចាំបាច់ឱ្យធនាគារពិភពលោកជួយសង្គ្រោះទេ។ ទៅលើអាល្លឺម៉ង់ អឺរ៉ុបដូចជាមាន ២ ប្រទេសហ្នឹង ដែលមានការឆ្លងខ្ពស់ជាងគេ អ៊ីតាលី និងអាល្លឺម៉ង់។ អាមេរិកបានចាប់ផ្ដើមដល់ទៅជាង ១០០ នាក់ហើយ នៃការឆ្លងហើយ … អញ្ចឹងក៏សុទ្ធតែជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ ដែលហាក់ដូចជាមិនទាន់មានការចាំបាច់​ឱ្យធនាគារពិភពលោកជួយស្រោចស្រង់ទេ។

ប៉ុន្តែ បើប៉ះចំយើង និយាយរួម ប្រទេសដែលក្រីក្រ ទាមទារឱ្យមានការជួយសង្គ្រោះសេដ្ឋកិច្ចហើយ។ ប៉ុន្តែ ឥឡូវនេះ អត់ទាន់ទេ។ យើងសង្គ្រោះខ្លួន​ឯងមុន។ គ្មាននរណាជួយយើងមុនបានទេ។ រញ្ជួយផែនដីនៅ Haiti មានប្រទេសប៉ុន្មាន ដែលសន្យាជួយ Haiti? ទីចុងបំផុត​ Haiti នៅតែ Haiti។ ពេលដែលរញ្ជួយដីនៅ Nepal ដល់ដើមឆ្នាំ ២០១៩ ខ្ញុំទៅប្រទេស Nepal ខ្ញុំបានសួរថា តើអ្នកដែលបានសន្យា បានជួយអ្វីខ្លះ? ថាអត់។  បានត្រឹមតែសន្យា។ សម្រាប់យើង ការសង្គ្រោះទឹកជំនន់សហសវត្សរ៍ឆ្នាំ ២០០០ ខ្វះណាស់អ្នកជួយសង្គ្រោះ អ្នកសន្យា? ក៏ប៉ុន្តែ មួយឆ្នាំក្រោយ ឬមួយឆ្នាំកន្លះក្រោយ​​ ទើបឥណទាននោះមកដល់។

បន្ថយចំណាយ សន្សំថវិកា ត្រៀមហានិភ័យ

អញ្ចឹងទេ សូម​ឱ្យអស់លោកតាមក្រសួង-ស្ថាប័ន ត្រៀមបម្រុងកាត់បន្ថយនៃការចំណាយ ដែលមិនមែនបន្ទុកបៀវត្សរ៍។ បន្ទុកបុគ្គលិក កាត់បន្ថយមិនបានទេ។ ប្រាក់ខែតែត្រូវបើក។ ឡើងប្រាក់ខែ ក៏អត់ឈប់ដែរ។ (អូនព័ន្ធ)មុន្នីរ័ត្ន សួរមកខ្ញុំ ថានៅពេលដែលយើងត្រូវការសន្សំថវិកានេះ ​តើសម្ដេចត្រូវជួយឧបត្ថម្ភមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ (នាឱកាស)ចូលឆ្នាំខ្មែរ ដូចឆ្នាំកន្លងទៅឬទេ? ខ្ញុំបានប្រាប់ទៅ មុន្នីរ័ត្ន ថា ទីមួយរឿងឡើងប្រាក់ខែ គឺ​អត់ផ្អាកទេ។ ទីពីរជួយឧបត្ថម្ភពេលចូលឆ្នាំ ឬពេលភ្ជុំក៏អត់ថយទេ។ ថយមិនបានទេអាហ្នឹង ត្រូវតែប្រគល់ឱ្យបងប្អូន។ ប៉ុន្តែ ឥឡូវ ឧទាហរណ៍ថា សម្ភារការិយាល័យ សម្រាប់ក្រសួងនីមួយៗ ត្រូវកាត់បន្ថយប៉ុន្មានភាគរយ បន្តិចទៀត សេចក្ដីណែនាំរបស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញមកហើយ។ បើធ្លាប់ទិញប៉ិច ១០០ ទិញតែ ៥០ បានហើយ … ដើម្បីយើងទុកថវិកា ឬបម្រុងថវិកា។

បើវាមិនកើតទេក៏ថវិកាយើងសន្សំបានទុកល្អដែរ។ វាកើនថវិកា ចំណេញថវិកា ព្រោះយើងមិនមែនមានតែ Covid-19 ហ្នឹងទេណា។ មិនដឹងថារឿងអីកើតឡើងទៀត អាជំងឺគ្រុនផ្តាសាយបក្សីក៏វាត្រូវតែគិត និងជំងឺឆ្លងនានាក៏វាត្រូវតែគិត ហើយជំនន់រាំងស្ងួត អូសបន្លាយ ឥឡូវមានទាន់ភ្លៀងឯណា … ទិន្នន័យភ្លើងឆេះព្រៃ ដែល សាយ សំអាល់ ប្រាប់មកខ្ញុំ​ ថ្ងៃមុនមានដល់ទៅ ៧០០០ កន្លែង។ នេះថតចេញពីផ្កាយរណប នៅពេលណាទំហំលើសពី ១ ហិកតា ទិន្នន័យចាប់យកពីផ្កាយរណបបាន។ អញ្ចឹង នៅតំបន់ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ភ្លើងឆេះព្រៃច្រើនណាស់ បង្កទៅជាផ្សែងអាប់។ អស់ទាំងនេះសុទ្ធតែជាបញ្ហាប្រឈម ជាមួយនឹងសុខភាពសាធារណៈ។ មិនមែនគ្រាន់តែចំពោះកម្ពុជាទេ ក៏ប៉ុន្តែចំពោះប្រទេសជិតខាងផងដែរ។ តំបន់ភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ី ម៉ាឡេស៊ី នៅប្រទេសណាក៏កើតមាន ឲ្យតែមានព្រៃ ព្រោះខែប្រាំង​។

កុំនិយាយដល់ប៉ុណ្ណឹង ស្រាប់តែពួកប្រឆាំង ឬក្រុមជ្រុលនិយមផ្កាប់មុខស្រែកថាកម្ពុជាឆេះព្រៃម្តង ៧០០០ កន្លែង ហើយគ្មានសមត្ថភាពគ្រប់គ្រង។ ខ្ញុំគ្រាន់តែប្រាប់ទៅវិញថា ប្រទេសអ្នកមានដូចសហរដ្ឋអាមេរិកឆេះព្រៃរាល់តែឆ្នាំ ហើយនៅអូស្រ្តាលីនេះសំណាងបានគ្រាន់ថាកំពុងតែឆេះ វាមានភ្លៀងមកពន្លត់ សមត្ថភាពគេប៉ុណ្ណឹងគេគ្រប់គ្រងមិនបានផង។ យើងត្រូវខិតខំដោយខ្លួនយើងតាមរយៈសហគមន៍ជួយការពារ ហើយកុំឲ្យប្រជាពលរដ្ឋរបស់យើងចេះតែទៅដុតព្រៃដេញទន្សាយ អាដុតព្រៃដេញទន្សាយក៏ធ្វើ ជក់បារីទៅឆេះកន្ទុយបារីក៏មាន កាប់ព្រៃរុកយកដីក៏មាន។ មានច្រើនយ៉ាងណាស់ហើយមិនមែនរឿងថ្មីទេ អារឿងដុតព្រៃដើម្បីដេញទន្សាយ រឿងរកអណ្តើក រឿងបោះកន្ទុយបារី រឿងដាំបាយហើយបោះកន្ទុយអុសទៅតាមព្រៃ ហើយថាភ្លើងឆេះព្រៃ … កាប់ព្រៃរានដីធ្វើស្រែចំការ អាហ្នឹងសុទ្ធតែជាបញ្ហ។

រាជរដ្ឋាភិបាលកាត់កងចំណាយ សន្សំប្រមាណជា ៤០០ លានដុល្លារមកវិញ

អញ្ចឹងយើងត្រូវវេចខ្ចប់ចំណាយ។ ក៏ប៉ុន្តែ ឥឡូវនេះច្បាប់ថវិកាគឺបានអនុម័តហើយ តែបើអស់លោក ឯកឧត្តម លោកជំទាវដែលជាប្រធានស្ថាប័ន ឬក៏អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលមានថវិកាថ្នាក់ក្រោមជាតិចាយមួយសេរីតាមច្បាប់នោះមិនបានទេ។ រាជរដ្ឋាភិបាលត្រូវតែធ្វើការកាត់កងទៅលើការចំណាយនេះដោយសន្សំប្រមាណជា ៤០០ លានដុល្លារ ត្រឡប់មកវិញ ដោយបើមានការចាំបាច់ អាចបង្វែរភ្លាមទៅសុខាភិបាល ទៅកម្មករ កម្មការិនី ក្នុងពេលដែលវត្ថុធាតុដើមបញ្ជូនមកមិនទាន់ដល់។ អញ្ចឹងចំណុចអស់ទាំងនេះជាចំណុចដែលខ្ញុំសុំនិយាយរឿងនេះច្រើនបន្តិច។ សុំឲ្យប្រជាពលរដ្ឋរបស់យើងចាប់ពីពេលនេះទៅក្នុង ចំណោមប្រជាពលរដ្ឋ ក្នុងចំណោមមន្រ្តីរាជការរបស់យើងសូមអនុវត្ត។ គេហៅថាអនុវត្តវិធីប្រើវប្បធម៌ខ្មែរ គឺលើកដៃសំពះគ្នា រួចហើយមិនចាំបាច់ចាប់ដៃទេ ជាវិធីមួយក្នុងវិធីងាយៗ ព្រោះគេថាចាប់ដៃគ្នាវាងាយឆ្លង កុំឲ្យពិបាកលាងដៃនឹងសាប៊ូ និងអាល់កុល។ ទេបើគេចាប់ក៏ចាប់ទៅ ប៉ុន្តែ បើយើងកាត់បន្ថយបាន។ ខ្ញុំមិនហាមឃាត់ ដល់ថ្នាក់ថា ចាប់ដៃគ្នាដាក់ទោសអញ្ចេះអញ្ចុះ។

ស្ថានីយទូរទស្សន៍តផ្សាយ spot អំពីការធ្វើអនាម័យការពារការឆ្លងជំងឺ Covid-19

… ប៉ុន្តែបើអាចធ្វើបាន ជំរុញឲ្យប្រជាពលរដ្ឋរបស់យើងអនាម័យ។ ខ្ញុំគិតថា នេះជាឱកាសល្អសម្រាប់ផ្នែកសុខាភិបាល អប់រំប្រជាពលរដ្ឋឲ្យចេះអនាម័យ ក្លាយទៅជាទម្លាប់អនាម័យ។ អញ្ចឹងត្រូវប្រើ spot ដែលស្ថានីយទូរទស្សន៍ត្រូវផ្សាយ spot អប់រំហ្នឹង។ គេលាងដៃយ៉ាងម៉េច អីយ៉ាងម៉េច ហើយនៅអាវិធីប្រើក្រមាហ្នឹងទៀត។ ពេលខ្លះ ខ្ញុំឧស្សាហ៍ដែរ។ នៅពេលដែលដើរកាត់កន្លែងមានផ្សែងកាលនៅធ្វើកងទ័ព យកក្រមាមកចងរុំច្រមុះ មកចងខាងក្រោយ … ហ្នឹងវិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តដែលត្រូវសិក្សា និងប្រើប្រាស់។ ពេលណាក៏ដោយគឺមានក្រមានៅហ្នឹង។ បើសិនជាក្អកក្រដាសយើងមានអាក្រមាហ្នឹងខ្ទប់តែម្តង។ ហ្នឹងសឹងតែប្រសិទ្ធិភាពជាងម៉ាសទៀត ប៉ុន្តែគ្រាន់តែយកទៅក្នុងពិធីវាពិបាក។ ប្រើពីព្រឹក ថ្ងៃបោក។ ប្រើមួយទៀត ល្ងាចបោក។

ហ្នឹងជាការគិតគូរបន្ថែមមួយសម្រាប់ទស្សនទានទៅដល់ក្រសួងសុខាភិបាលយកទៅពិចារណា ហើយក៏ជាសារមួយសម្រាប់ប្រជាពលរដ្ឋរបស់យើងថា ក្រមាក៏អាចជាផ្នែកដ៏សំខាន់មួយនៃការជួយទប់ទល់ និងជួយការពារដែរ ហើយវិធីស្រួលដោយមិនចាំបាច់ចាប់ដៃគឺ វិធីលើកដៃសំពះ ទាំងជំរាបសួរជួបគ្នា​ ហើយបើជួប ជនបរទេសលើកដៃអញ្ចេះតែម្តង។ អាហ្នឹងពួកវាយកូនគោល។ កូនគោលតែគេវាយបាន birdie អីហ្នឹងគេយកដៃទៅបុកគ្នាអញ្ចេះ។ អាហ្នឹងជាវិធីមួយ។ និយាយប៉ុណ្ណឹងទៅចុះ។ ថ្ងៃចន្ទខាងអប់រំ អង្គារ៍ខាងវប្បធម៌ ពុធខាងសុខាភិបាល គេថាលោក ហ៊ុន សែន ឲ្យសាររាល់ថ្ងៃ។ ចុះកម្មវិធីរៀបចំតាំងពីប៉ុន្មានខែមកហើយ មិនឲ្យគេធ្វើសារ …។

[បញ្ចប់ការអធិប្បាយ ២]

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទ សន្និបាតសុខាភិបាល លើកទី ៤១ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គសន្និបាត សូមប្រកបតែនឹង ពុទ្ធពរ និងពរទាំង ៥ ប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមអរគុណ !