សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអគ្គមេបញ្ជាការកងស្វ័យការពារទ័ពជើងគោកនៃប្រទេសជប៉ុន

55

នៅវិមានសន្តិភាព នារសៀលថ្ងៃព្រហស្បតិ៍ ៥កើតខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ GORO YUASA មេបញ្ជាការកងស្វ័យការពារទ័ពជើងគោកនៃប្រទេសជជប៉ុន ។

ក្នុងជំនួបនោះ ឯកឧត្តម GORO YUASA បានជំរាបជូនសម្តេចតេជោថា ឯកឧត្តម បានដឹកនាំគណៈប្រតិភូកងទ័ពជើងគោកនៃប្រទេសជប៉ុនមកទស្សនៈកិច្ចក្នុងប្រទេសកម្ពុជាតបតាមការអញ្ជើញរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ។ ឯកឧត្តម បានជំរាបជូនសម្តេចតេជោថា មុននឹងជួបពិភាក្សាជាមួយសម្តេចតេជោនារសៀលនេះ ឯកឧត្តមក៏បានអញ្ជើញទៅទស្សនកិច្ចនៅវិមានឈ្នះឈ្នះផងដែរ ហើយឯកឧត្តមបានអបអរសាទរសមិទ្ធផល ជាពិសេសស្នាដៃរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសកម្ពុជាកន្លងទៅនេះ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានអញ្ជើញឯកឧត្តម និងគណៈប្រតិភូមកទស្សនកិច្ចនាពេលនេះ ហើយដំណើរទស្សនកិច្ចលើកនេះគឺជាការចូលរួមចំណែកក្នុងការបន្តពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនបន្ថែមទៀត ជាពិសេសវិស័យការពារជាតិនៃប្រទេសទាំងពីរផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាកន្លងនេះ សម្ដេចតែងតែជំរុញ និងពង្រឹកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកម្ពុជា និងជប៉ុន។ តាមរយៈនេះ សម្ដេចតេជោបានធ្វើការងារជាច្រើនជាមួយនឹងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ហើយសម្ដេចតេជោបានចាត់ទុកថាជាទំនាក់ទំនងដែលមានយូរណាស់មកហើយ។ សម្តេចតេជោបានបន្តទៀតថា ទំនាក់ទំនងនៃប្រទេសទាំងពីរ គឺបានគ្រប់ដណ្ដប់លើវិស័យជាច្រើន រួមទាំងវិស័យការពារជាតិផងដែរ។ ទន្ទឹមនឹងនេះ សម្ដេចតេជោក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា កន្លងមក កម្ពុជាតែងតែគាំទ្រតួនាទីរបស់ជប៉ុនពាក់ព័ន្ធទៅនឹងក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ជាពិសេសប្រទេសជប៉ុនបានបញ្ជូនកងរក្សាសន្តិភាពទៅប្រទេសកម្ពុជាជាលើកដំបូងក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ ក្រៅពីការពង្រឹងនូវកិច្ចសហប្រតិបត្តិការនេះ សម្ដេចតេជោ ចង់ឃើញកិច្ចសហការត្រូវបានពង្រីកបន្ថែមទៀត ជាពិសេសរវាងកងទ័ពជើងគោករបស់កម្ពុជា និងកងស្វ័យការពារជើងគោកជប៉ុន ក្នុងលក្ខណៈនៃការប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក ការចូលរួមសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងក្នុងការចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យនេះផងដែរ។

ក្នុងឱកាសនេះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ប្រទេសជប៉ុន ដែលទី១)សម្ដេចតេជោ បានស្នើឱ្យជប៉ុនមានការគាំទ្ររវាងកិច្ចសហប្រតិបត្តិការកងទ័ពមួកខៀវរបស់ប្រទេសជប៉ុន និងកងទ័ពមួកខៀវរបស់ប្រទេសកម្ពុជា ដែលប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការកងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ ទី២)សម្ដេចតេជោ បានស្នើឱ្យប្រទេសជប៉ុនចូលរួមបណ្ដុះបណ្ដាលកងប្រដាប់អាវុធក្នុងប្រទេសកម្ពុជា ជាពិសេសទ័ពមួកខៀវក្នុងប្រទេសកម្ពុជាមុនបញ្ជូនចេញទៅចូលរួមថែរក្សាសន្តិភាពតាមបណ្ដាប្រទេសផ្សេងៗ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោក៏ស្នើសុំជប៉ុនឲ្យមានការគាំទ្រដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ាន ដោយសារយើងមានទីតាំងនៅកម្ពុជាដែលជាកន្លែងបណ្ដុះបណ្ដាល ផ្លាស់ប្ដូរបទពិសោធន៍ក្នុងការដោះមីនផងដែរ។ លើសពីនេះទៀត សម្ដេចតេជោក៏បានស្នើសុំឱ្យជប៉ុនចូលរួមក្នុងការបណ្ដុះបណ្ដាលទៅដល់កងកម្លាំងរបស់កម្ពុជានៅក្នុងក្របខណ្ឌការគ្រប់គ្រងគ្រោះមហន្តរាយ ដោយសារជប៉ុនមានបទពិសោធន៍ច្រើនក្នុងប្រតិបត្តិការការគ្រប់គ្រងគ្រោះមហន្តរាយ។ ជាក់ស្តែងសម្តេចតេជោបានលើកឧទាហរណ៍ ដូចជាករណីបាក់រលំអគាររនៅខេត្តកែប និងខេត្តព្រះសីហនុជាដើមដែលកងកម្លាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រតិបត្តិការនៃការជួយសង្គ្រោះនេះ។

ឯកឧត្តម GORO YUASA បានឆ្លើយតបទៅសម្ដេចតេជោថា ឯកឧត្តមនឹងរាយការណ៍នូវសំណើនេះទៅរដ្ឋាភិបាលប្រទេសជប៉ុន ហើយជាពិសេសទៀតគឺការជួយដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ាន ដែលមានទីតាំងបណ្ដុះបណ្ដាលនៅកម្ពុជា។ ជប៉ុនតែងតែយកចិត្តទុកដាក់ហើយជប៉ុនចាត់ទុកថាប្រទេសកម្ពុជាគឺជាប្រទេសពិសេសក្នុងការចូលរួមកិច្ចសហប្រតិបត្តិការជាច្រើនក្នុងការដោះមីននេះ។ ទន្ទឹមនឹងនេះ ហើយឯកឧត្តមសន្យាថានឹងធ្វើកិច្ចការងារនេះជាមួយនឹងឯកឧត្តម ហ៊ុន ម៉ាណែត
ផ្ទាល់។ ជាមួយគ្នានេះផងដែរ ជប៉ុននឹងពិចារណាក្នុងការជួយដល់កងទ័ពមួកខៀវកម្ពុជាក្នុងការបណ្ដុះបណ្ដាលមុននឹងចេញទៅក្រៅប្រទេសផងដែរ។ ហើយពាក់ព័ន្ធនឹងការគ្រប់គ្រងគ្រោះមហន្តរាយនេះ ឯកឧត្តមក៏មានគោលបំណងក្នុងកិច្ចសហប្រតិបត្តិការ ជាមួយកងទ័ពជើងគោកនៃប្រទេសកម្ពុជាផងដែរ៕