សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតក្រសួងមហាផ្ទៃ

នៅរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកងកម្លាំង និងមន្រ្តីរាជការទាំងអស់នៃក្រសួងមហាផ្ទៃដែលបានប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានសមិទ្ធផលជាច្រើននៅក្នុងឆ្នាំ២០១៩កន្លងមកនេះ។ ដើម្បីលើកកម្ពស់ប្រសិទ្ឋិភាពការងារប្រកបដោយស្មារតីទទួលខុសត្រូវក្នុងឆ្នាំថ្មីជាបន្តនេះ សម្តេចតេជោហ៊ុន សែន បានដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗ៤ ដែលត្រូវខិតខំពុះពាសម្រេចឱ្យបានគឺ៖

ទី១)បន្តប្តូរផ្តាច់ការពារ និងថែរក្សាឱ្យបាននូវសុខសន្តិភាព, ឯករាជ្យភាព, អធិបតេយ្យជាតិ និងបូរណភាពទឹកដី, សន្តិសុខសណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងលើកស្ទួយនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ។

ទី២)បន្តជំរុញលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការធានាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព និងការកសាងភាពសុខដុមរមនាជាមួយគ្រប់ជាតិសាសន៍ នៅក្នុងសង្គមជាតិទាំងមូល។

ទី៣)បន្តអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ពីការអនុវត្ត និងការប្រើប្រាស់សិទ្ធិសេរីភាព តាមរយៈការរួមគ្នាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមឤស្រ័យរដ្ឋធម្មនុញ្ញ និង ប្រព័ន្ធនយោបាយនៅកម្ពុជា។ ត្រូវពង្រឹងនិង ជំរុញការអនុវត្តច្បាប់ឱ្យបានហ្មឺងម៉ាត់ និងស្មើភាពគ្នា ។

ទី៤)លើកកម្ពស់ប្រសិទ្ធភាពនូវការកែទម្រង់លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ស្របតាមបាវចនា «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ» និងអភិក្រម «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់» ។

នៅក្នុងពិធីបិទសន្និបាតរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់នូវគោលការណ៍ណែនាំ និងអនុសាសន៍ចំនួន៨ ដូចខាងក្រោម៖

១)ត្រូវបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ពង្រឹងជំនឿទុកចិត្តដល់ធុរជន ក្នុងការបណ្តាក់ទុនវិនិយោគ និង ការប្រកបឤជីវកម្មនៅកម្ពុជា, ធានាសុវត្ថិភាពទាំងស្រុងសម្រាប់រាល់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិ ដែលរៀបចំនៅកម្ពុជា ទប់ស្កាត់មិនឱ្យមានអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននានា។

២)ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យកាន់តែសកម្មផុសផុលដើម្បីជំរុញចលនាប្រជាជនបានចូលរួមជាមួយឤជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់ ចោរកម្ម ឃាតកម្ម អំពើប្លន់ប្រដាប់ឤវុធ ល្បែងស៊ីសង ការជួញដូរមនុស្ស ឤជីវកម្មផ្លូវភេទ ការកាប់ឈើ និងការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់, បទល្មើសនេសាទ ឤជីវកម្មរ៉ែ និងឤជីវកម្មខ្សាច់ខុសច្បាប់។

៣)ត្រូវ រួមគ្នាពង្រឹងឱ្យមានប្រសិទ្ធភាព ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់នូវយុទ្ធនាការលើកកម្ពស់ការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានហ្មឺងម៉ាត់, អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ឱ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា។

៤)ត្រូវបន្តលើកកម្ពស់វិធានការគ្រប់គ្រងមុខសញ្ញានានាទាក់ទងនឹងកិច្ចការអន្តោប្រវេសន្តដើម្បីចូលរួមបង្ការ ទប់ស្កាត់បណ្តាញភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សំដៅពង្រឹងសន្តិសុខជាតិ និងសណ្តាប់ធ្នាប់ក្នុងសង្គមតាមរយៈការបង្កើនការគ្រប់គ្រងឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពនូវជនបរទេសអន្តោប្រវេសន្តស្របតាមច្បាប់ ។

៥)ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈកិច្ចសហការសម្របសម្រួលជាមួយកម្មវិធីកែទម្រង់នានា និង ក្រសួង-ស្ថាប័នញក់ព័ន្ធ ធ្វើការផ្ទេរធនធានហិរញ្ញវត្ថុ ទ្រព្យ សម្បត្តិ ស្របតាមប្រព័ន្ធវិមជ្ឈការ សំដៅធានាឱ្យរចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដំណើរការបានដោយរលូន និងមានប្រសិទ្ធភាព។ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវលើកកម្ពស់ភាពជាម្ចាស់ប្រកបដោយភាពច្នៃប្រឌិត ក្នុងការចាត់ចែង ប្រើប្រាស់មុខងារ និងធនធានដែលបានផ្ទេរ ហើយ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

៦)ត្រូវបន្តខិតខំយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាល, កសាងសមត្ថភាពដល់មន្ត្រីរាជការស៊ីវិល, កងកម្លាំង នគរបាលជាតិ និងមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់នូវជំនាញវិជ្ជាជីវៈ ចំណេះដឹង និង ចំណេះធ្វើជាក់ស្តែងថ្មីៗ ជាពិសេសសេវាសង្គម, សេវារដ្ឋបាល, សេវាសន្តិសុខ, និងសេវាសាធារណៈចាំបាច់នានារបស់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព, គណនេយ្យភាព និង មានប្រសិទ្ធភាពខ្ពស់ ។

៧)តាមការព្យាករណ៍ឆ្នាំ ២០២០២ នេះ ប្រទេសយើងនឹងមានឤកាសធាតុក្តៅហួតហែង ហើយការមកដល់នៃរដូវវស្សានឹងមានសភាពយឺតយ៉ាវជាងសព្វដង ។ ដូច្នេះ ក្រសួង-ស្ថាប័នញក់ព័ន្ធ និង ឤជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើការត្រួតពិនិត្យ វាយតម្លៃអំពីប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ដោយផ្អែកតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការចាត់វិធានការថែរក្សាទឹកទុកដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ដោះស្រាយទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលខ្វះខាតទឹកប្រើប្រាស់ឱ្យបានទាន់ពេលវេលា និងចូលរួមបង្ការទប់ស្កាត់ភ្លើងឆេះព្រៃ ព្រមទាំងការបង្ការជំងឺដម្កាត់នានានៅក្នុងរដូវប្រាំង ។

៨)ត្រូវបន្តចូលរួមពង្រឹងទំនាក់ទំនង, ផ្សារភ្ជាប់រវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ត្រូវបង្កើនសកម្មភាពចុះមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាប្រឈម និងទទួលសំណូមពរទាំងឡាយរបស់ប្រជាពលរដ្ឋឱ្យបានសមស្រប និងទាន់ពេលវេលា។

ទាក់ទងនឹងបញ្ហាជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពេលនេះមិនទាន់ត្រូវបានបិទបញ្ចប់នោះទេ។ សម្តេចតេជោ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា គ្មានភាពចាំបាច់អ្វីត្រូវលាក់បាំង ប្រជាពលរដ្ឋពីបញ្ហាជំងឺកូវីដ១៩នោះឡើយ ក្នុងពេលដែលរាជរដ្ឋាភិបាលមានស្មារតីទទួលខុសត្រូវគ្រប់គ្រាន់ចំពោះប្រជាពលរដ្ឋខ្មែរ ដែលរហូតមកដល់ពេលនេះគ្មានពលរដ្ឋខ្មែរយើងណាម្នាក់កើតជម្ងឺនេះទេ។ ជាមួយគ្នាដែរ កម្ពុជាគ្មានទំនាស់ការទូតជាមួយប្រទេសម៉ាឡេស៊ីនោះទេពាក់ព័ន្ធបញ្ហាជំងឺកូវីដ១៩ ក្រោយពីរដ្ឋាភិបាលម៉ាឡេស៊ី ប្រកាសថាបានរកឃើញស្រ្តីវ័យចំណាស់ជនជាតិអាមេរិកអាយុ៨៣ឆ្នាំម្នាក់មានផ្ទុកវីរ៉ុសកូរ៉ូណាវិជ្ជមាន បន្ទាប់ពីបានចាកចេញពីកម្ពុជា ហើយបន្ទាប់មកត្រូវបានក្រសួងសុខាភិបាលកម្ពុជា ទាមទារឲ្យម៉ាឡេស៊ី ត្រួតពិនិត្យឡើងវិញតែប៉ុណ្ណោះ ដូច្នេះកម្ពុជាគ្មានទំនាស់ការទូតជាមួយម៉ាឡេស៊ីនោះទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី សង្ឃឹមថាអង្គសន្និបាតទាំងមូលនឹងអនុវត្តប្រកបដោយភាពជោគជ័យនូវទិសដៅការងារ និងគោលការណ៍សំខាន់ៗជាច្រើនទៀតរបស់ក្រសួងមហាផ្ទៃដើម្បីនាំមកនូវជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិនិងប្រជាពលរដ្ឋ។ បន្ទាប់មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីមានស្នាដៃមួយចំនួននៃក្រសួងមហាផ្ទៃ និងបានថតរូបអនុស្សាវរីយ៍ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ