ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ប៊ិន ឈិន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០

ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជា​ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានណែនាំឱ្យក្រុមប្រឹក្សា អ្នកច្បាប់បន្តពង្រឹងគុណភាពនៃការផ្តល់យោបល់និងធាតុចូល ដើម្បី​រួមចំណែកដល់ការធានាការគោរពនិងរក្សាឱ្យបាននូវគោលការណ៍សន្តិសុខគតិយុត្តនិងសង្គតិភាពគតិយុត្តឲ្យស្របតាមការ​វិវត្ត​ នៃនយោបាយនិងសេដ្ឋកិច្ចសង្គមកម្ពុជា។

​ការណែនាំនេះ ធ្វើឡើងនៅក្នុងកិច្ច​ប្រជុំបូក​សរុបលទ្ធផលកា​រងារប្រចាំឆ្នាំ២០១៩ និង​លើកទិសដៅ​ការងារ​​សម្រាប់​អនុវត្ត​​ឆ្នាំ​២០២០ នៅវិមានមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះក្នុងគោលបំណងរក្សាឲ្យបាន​នូវតម្លៃ​គតិយុត្ត និង​ការ​អនុវត្តយូរអង្វែង ដើម្បីរួមចំណែកលើវិស័យយុត្តិធម៌ក្នុងដំណើរការពង្រឹងនីតិរដ្ឋស្របតាម​យុទ្ធសាស្រ្តចតុកោណ​ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ប៊ិន ឈិន ក៍បាន ជំរុញ​ឲ្យបន្តពង្រឹង​សមត្ថភាព​ផ្ទាល់​ខ្លួន​បន្ថែម​ទៀត តាម​រយៈ​ការ​ខិត​ខំ​ស្រាវ​ជ្រាវនិងអភិវឌ្ឍសមត្ថភាព និងចែក​រំលែក​​បទពិសោធន៍​ដើម្បីបង្កើន​ការយល់ដឹ​ងផ្នែកច្បាប់​ឱ្យកាន់តែប្រសើរ។

សូមជម្រាប​ជូនថា នៅក្នុងឆ្នាំ២០១៩ កន្លងមកនេះ ក្រុមប្រឹក្សាអ្នកច្បាប់បានជួយពិនិត្យ និងផ្តល់យោបល់លើ​សេចក្តី​ព្រាង​ច្បាប់​និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗសរុបចំនួន១៧៣ នៅក្នុងកិច្ចប្រជុំចំនួន ៥៣១លើក ដែលក្នុង​នោះ​​មាន​​សេចក្តី​ព្រាង​ច្បាប់​ចំនួន​២៨ សេចក្តីព្រាង​ព្រះរាជក្រឹត្យចំនួន៧ សេចក្តីព្រាងអនុក្រឹត្យចំនួន៥៥ សេចក្តីព្រាងសេចក្តីសម្រេច​ចំនួន​២៤ និង​ឯកសារផ្សេងៗចំនួន៥៩។

ព្រមជាមួយគ្នានេះ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​អ្នកច្បាប់ ក៏បា​នជួយរៀបចំសេចក្តីព្រាង​ព្រះរាជក្រមប្រកា​សឱ្យប្រើច្បាប់​​ចំនួន២៤ ការរៀបចំបែប​បទបញ្ជូនសេចក្តីព្រាង​ច្បាប់ទៅ​ស្ថាប័ននីតិប្បញ្ញត្តិចំនួន៣០ សម្របសម្រួល​ឱ្យមាន​តំណាង​​រាជរដ្ឋា​ភិ​បាល​ទៅការពារ​សេចក្តី​ព្រាងច្បាប់​នៅស្ថាប័ន​នីតិប្បញ្ញត្តិចំនួន៦៦លើក និងសម្របសម្រួល​ការងារ​សំណួរ​ចម្លើយ​សភា​ចំនួន​​១៨​ករណីផងដែរ។

តាមរយៈ​សមិទ្ធ​ផល​ការងារ​នេះបង្ហាញ​ថាក្រុម​ប្រឹក្សា​អ្នកច្បាប់​ សម្រេច​បាន​លទ្ធផល​ការងារជាច្រើនជូនរាជរដ្ឋាភិបាល​លើ​ទិដ្ឋភាព​ច្បាប់ និងទិដ្ឋភាព​ពាក់ព័ន្ធ​ផ្សេងៗ ទៀតក្នុង​គោល​បំណង​ធានាការ​បំពេញ​ការងារ​ឱ្យកាន់​តែមាន​ប្រសិទ្ធ​ភាពខ្ពស់​បន្ថែមទៀ​តក្នុងឆ្នាំ២០២០នេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ