សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន, ថ្លែងក្នុងពិធី​ចែកសញ្ញាបត្រដល់អធិការអប់រំ និស្សិត គរុនិស្សិត និងគរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំ

CNV:

គួរសាងសង់អគារថ្មីធំជាង និងវែងជាង លើដីអគារចាស់

ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រ/វិញ្ញាបនបត្រ សម្រាប់និស្សិតរបស់យើង ចំនួន ១ ៩៧៧ នាក់។ នេះជាលើកទី ២២ ចាប់តាំងពីឆ្នាំ ១៩៩៦ មក គឺវត្តមានរបស់ខ្ញុំមានជារៀងរាល់ឆ្នាំ។ ខ្ញុំគិតថា គួរតែត្រូវចាប់ផ្ដើមជជែកគ្នាបន្តិច អំពីអគាររបស់យើងនេះ។ ព្រឹកមិញ គាប់ជួននៅពេលដែលខ្ញុំរៀបចេញពីផ្ទះ ជាធម្មតា គឺកន្លែងណាក៏មានទូរទស្សន៍ដែរផ្ទះខ្ញុំ។ (ក្នុង)បន្ទប់ដេក/បន្ទប់ទឹក/កន្លែងហូបបាយ/ប៊ុយរ៉ូ … ខ្ញុំកំពុងតែគិតថា តើអគាររបស់យើងនេះ វាសមស្របឬទេ? ហើយមានដី ដើម្បីកសាងឬទេ? ខ្ញុំគ្រាន់តែលើកបញ្ហានេះ ដើម្បីពិភាក្សានៅកន្លែងនេះ។

ប្រវត្តិនៅកន្លែងនេះវាអញ្ចេះ។ នៅចាំបានទេ នៅក្នុងទសវត្សរ៍ ៩០ ពេលនោះ ពេលដែលយើងចែកសញ្ញាបត្រ យើងចាប់ផ្ដើមទៅជួលរោងការយកមកធ្វើកន្លែងចែកសញ្ញាបត្រ។ បន្ទាប់ទៅ ខ្ញុំជាមួយឧកញ៉ា ម៉ុង ប្ញទ្ធី នេះ ធ្វើដំបូលទូកកក្លេកកក្លាកនៅហ្នឹងទៅ។ បន្ទាប់ទៅបានកសាងអគារហ្នឹងមួយ។ កាលពីពេលនោះធំជាងគេទាំងអស់។ ឥឡូវនេះ ខ្ញុំចង់សួរនាយក តើយើងអាចវាយ(អគារ)នេះចោល ហើយពង្រីកឱ្យធំ។ មានដីឬអត់? យើងមិនបាច់ទៅរកដីឯណាទេ យើងវាយអា(អគារ)នេះចេញ ហើយយើងពង្រីកវាឱ្យធំបន្តិចទៅ ហើយឱ្យវែង។ សិក្សាទៅ ព្រោះបន្តិចទៀតកោះពេជ្រគេក៏បិទដែរ។ គេនឹងយកកន្លែងការទៅរៀបចំនៅខាងជ្រោយចង្វារវិញ។

បើសិនជាវាយអានេះចោល ខ្ញុំគិតថា ម៉ុង ប្ញទ្ធី យើងត្រូវពលិកម្ម(អគារចាស់) ប៉ុន្តែ ខ្ញុំអត់ឱ្យ ម៉ុង ប្ញទ្ធី ឯងចេញលុយទេកុំព្រួយ។ ពេលហ្នឹងខ្ញុំប៉ាវធ្វើ។ កន្លែងនេះ នៅតែដើរតួ នៃមជ្ឍមណ្ឌលបណ្ដុះបណ្ដាលធន​ធានមនុស្ស ដែលយើងនៅមានបន្តជារៀងរហូត។ នៅពេលដែលយើងមាននិស្សិតច្រើន ហើយក៏មានក្រុមគ្រួសាររបស់និស្សិតមកជាមួយទៀត យើងមានរោងមួយដោយឡែក។ សូមធ្វើការសិក្សាទៅ ដើម្បីដាក់ឱ្យបានច្រើន។ និយាយរួម ទំហំធំកាន់តែល្អ។ ដំបូង ពីដំណាក់កាលរោងការ បន្ទាប់ពីរោងការ(ដល់)ដំបូលទូក (បន្ទាប់ទៅ)ដល់អានេះ។ អានេះវាតូចពេក។ ឥឡូវ យើងអាចឈានទៅរកអាធំជាង ព្រោះសំណង់នេះយើង ទើបតែឆ្នាំ ២០០៦ ដូច្នេះ ១៤ ឆ្នាំហើយ ក៏ល្មមសមរម្យហើយដែរ។ មិនមែនបានសេចក្ដីថា វាយអាធំទៅធ្វើអាតូចដូច អាពត ទេ …។

ការបណ្ដុះបណ្ដាលធនធានមនុស្ស ជាអាទិភាពទី ១ ក្នុងចំណោមអាទិភាពទាំង ៤

អម្បាញ់មិញ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើរបាយការណ៍ ស្ដីពីវឌ្ឍនភាពវិស័យអប់រំ។ ខ្ញុំសូមយកឱកាសនេះ ដើម្បីអបអរសាទរជាមួយនឹងវឌ្ឍនភាពរបស់យើង ទាក់ទងនឹងការរីកចម្រើននៅក្នុងវិស័យអប់រំ ​ ជាវិស័យអាទិភាព ដែលរដ្ឋាភិបាលបានដាក់ចេញជាមុំទី ១ រយៈពេលពីរអាណត្តិហើយ។ អាណត្តិទី ៥ ឆ្នាំ ២០១៣-១៨ យើងបានប្ដូរមុំពី “ទឹក ផ្លូវ ភ្លើង មនុស្ស” ទៅជា “មនុស្ស ទឹក ផ្លូវ ភ្លើងវិញ” បានសេចក្ដីថា ថវិកាផ្សារភ្ជាប់នឹងគោលនយោបាយ អ្វីដែលជាអាទិភាពរបស់យើងៗបានផ្សារភ្ជាប់បញ្ហាការវិភាជថវិការបស់យើង ឱ្យស្របជាមួយនឹងអាទិភាពដែលយើងត្រូវផ្ដល់។

ប៉ុន្មានថ្ងៃមុន នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវលេខ ២ និងលេខ ២២ ខ្ញុំបានរំលឹកទាក់ទិនជាមួយបញ្ហាអាទិភាព ៤ យ៉ាង ដែលខ្ញុំបានប្រកាសចេញតាំងពីឆ្នាំ ១៩៨៧ គឺមុនពេលដែលកិច្ចចរចា សីហនុ-ហ៊ុន សែន Fère-en-Tardenois ចាប់ផ្ដើមស្វែងរកដំណោះស្រាយនយោបាយទៀត​ឯណោះ។ តាមខ្ញុំចាំ ពេលនោះ គឺប្រកាសចេញក្នុងខែសីហា ឆ្នាំ១៩៨៧ (ពោល) គឺ ៣៣ ឆ្នាំរួចមកហើយ នយោបាយផ្ដល់អាទិភាពទៅលើវិស័យទាំង ៤ សម្រាប់ការវិនិយោគនេះ បានផ្ដល់ឱ្យយើងដើរដល់ជំហាននេះ។

គ្រាន់តែឥឡូវនេះ យើងបានដាក់មុំទាក់ទិនជាមួយនឹងការបណ្ដុះបណ្ដាលធនធានមនុស្សនេះ ឱ្យទៅជាអាទិភាពទី ១ ក្នុងចំណោមអាទិភាពទាំង ៤ នេះ។ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្សនៅតែជាអាទិភាពទី ១។ ដើម្បីឱ្យមនុស្សយើងបានល្អប្រសើរ ការបណ្ដុះបណ្ដាលគ្រូ គឺនៅតែជាមូលដ្ឋានសំខាន់ ឧបមាថា យើងធ្វើចាន/ឆ្នាំង យើងត្រូវចាក់ពុម្ពហ្នឹងជាមុន បើសិនជាពុម្ពហ្នឹងវាល្អប្រាកដណាស់(ថា) ការផលិតចាន/ឆ្នាំងតាមរយៈពុម្ពនោះក៏វាល្អដែរ។ ដូច្នេះ បានជាយើងផ្តោតការយកចិត្តទុកដាក់ ទៅលើបញ្ហាទាក់ទងនឹងការបណ្ដុះបណ្ដាលគ្រូរបស់យើងនៅទីនេះ។

បញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ ដាក់ចេញគោលដៅពីរយ៉ាង

ក្នុងពេលដែលខ្ញុំធ្វើដំណើរប្រមាណជា ៥ ០០០ គីឡូម៉ែត្រ ទៅគ្រប់ខេត្ត/ក្រុងទាំងអស់ ពេលនោះ ខ្ញុំមិនធ្វើដំណើរតាមឧទ្ធម្ភាគចក្រនោះទេ ខ្ញុំចង់ស្វែងយល់នូវចំណុច ដែលជាគោ​លនយោបាយ ឬជាទិសដៅដែលខ្ញុំបានដាក់ចេញ បន្ទាប់ពី​ការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ។ គោលដៅពីរយ៉ាងនោះរួមមាន៖ ទី (១) ប្រែក្លាយពីតំបន់អតីតសមរភូមិ ឱ្យទៅជាទីផ្សារ និងតំបន់អភិវឌ្ឍន៍។ ទី (២) ប្រែក្លាយពីតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យក្លាយទៅជាព្រំដែនសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ នេះជាគោលដៅពីរ ដែលយើងត្រូវដោះស្រាយ។ ដូច្នេះ នៅឆ្នាំ ២០១៦នោះ ខ្ញុំបានធ្វើដំណើរ ហើយការធ្វើដំណើររបស់ខ្ញុំនេះ គឺគ្រប់ដណ្ដប់ផ្នែកមួយចំនួន នៃតំបន់ដែលជាអតីតតំបន់សមរភូមិ ដូចជា៖ តំបន់ព្រះវិហារ ឧត្តរមានជ័យ កាត់តាមអន្លង់វែងអីហ្នឹងមកអស់ហើយៗត្រូវធ្វើដំណើរកាត់តាមម៉ាឡៃ ប៉ៃលិន កំរៀង ភ្នំព្រឹក សុទ្ធតែតំបន់វាយគ្នា​។

អន្តេវាសិកដ្ឋាន ទាំងគ្រូ និងសិស្ស នៅតែជាបញ្ហាប្រឈម

នៅពេលដែលខ្ញុំធ្វើដំណើរ ខ្ញុំបានចុះដើម្បីធ្វើបា្រស្រ័យគ្នាជាមួយលោក/អ្នកគ្រូ នៅតាមសាលាមួយចំនួន ពេលនោះ ខ្ញុំបានឃើញថា ស្ថានភាពនៃបញ្ហាប្រឈមរបស់យើង គឺអន្តេវាសិកដ្ឋាន។ ការស្នាក់នៅរបស់លោក/អ្នកគ្រូ។ ផ្ទះសំណាក់របស់លោក/អ្នកគ្រូ ក៏ដូចជា ផ្ទះសំណាក់របស់សិស្សានុសិស្សដែរ។ ដូច្នេះហើយបានជាពេលនោះ ខ្ញុំបានធ្វើកន្លែងមួយចំនួនឱ្យមានកន្លែងគ្រូស្នាក់នៅ។ ប៉ុន្តែ វាមិនទាន់ឆ្លើយតបគ្រប់គ្រាន់ទេ។ យើងនៅប្រើប្រាស់ថវិកា សម្រាប់គ្រូបង្រៀនរបស់យើង ទៅលើតម្លៃឈ្នួលផ្ទះ ដែលមានកន្លែងខ្លះបាន ៨ ម៉ឺនរៀល។ ១០ ម៉ឺនរៀល។ ១២ ម៉ឺនរៀល ដែលជាការឆ្លើយតប ដើម្បីដោះស្រាយបញ្ហាទាំងនេះ។

អ្នកធ្លាប់ឃើញកម្ពុជាពីអតីតកាល មានការភ្ញាក់ផ្អើលនឹងកម្ពុជាបច្ចុប្បន្ន

ខ្ញុំគិតថា យើងនៅតែខិតខំបន្តទៀត ដើម្បីវិនិយោគក្នុងវិស័យអប់រំ ដែលក្នុងនោះ ទាំងវិនិយោគទៅលើការសាងសង់ ទាំងវិនិយោគ ដើម្បីបង្កើនជីវភាព សម្រាប់គ្រូបង្រៀន ទាំងការវិនិយោគ សម្រាប់ការស្នាក់នៅនិងការធ្វើដំណើររបស់គ្រូបង្រៀននៅតាមតំបន់ផងដែរ។ នេះជាបញ្ហាសំខាន់ សម្រាប់ដោះស្រាយបញ្ហាពេលអនាគត ដែលទាមទារឱ្យយើងលើកកម្ពស់សមត្ថភាពប្រជាពលរដ្ឋរបស់យើង។  បើយើងក្រឡេកមើលក្រោយត្រឡប់ទៅវិញ យើងបានដើរជំហានមួយមានល្បឿនលឿនគួរសម។ ប៉ុន្តែសម្រាប់អ្នកដែលមិនធ្លាប់ឃើញកម្ពុជាពីអតីតកាល នៅពេលដែលឃើញកម្ពុជា គេក៏មានការភ្ញាក់ផ្អើលដែរ ព្រោះគេធ្លាប់ដឹងអំពីខ្សែភាពយន្តឯកសារ ដែលទាក់ទងជាមួយនឹងវិនាសកម្ម ដែលទាក់ទងជាមួយនឹងជំនាន់ ប៉ុល ពត ហើយរូបភាព​ដែលនៅសេសសល់នោះ គេមិនស្មានថា ប្រទេសរបស់យើងមានការីកចម្រើនបែបនេះទេ …។

កម្ពុជាបានដើរហួសដំណាក់កាល “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ”

សម័យនេះ គឺសម័យសេដ្ឋកិច្ចបច្ចេកវិទ្យា។ សម័យឌីជីថល គឺទាមទារឱ្យយើងខិតខំកាន់តែច្រើន ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស។ ក្រឡេកទៅក្រោយវិញ យើងឃើញហើយថា កន្លែងនេះ គឺជាកន្លែងបណ្ដុះបណ្ដាលគ្រូកាលពីពេលមុន តាំងពីជំនាន់ឪពុកក្មេករបស់ ហង់ ជួនណារ៉ុន ធ្វើជាឧបការីរដ្ឋមន្ត្រីអប់រំនៅទីនោះ ហើយឪពុកបង្កើតរបស់ ហង់ ជួនណារ៉ុន ក៏(ធ្វើការ)នៅក្រសួងហ្នឹងដែរ។ ចេះសំណាងអីបានកូនបង្កើត និងកូនប្រសារគេនៅជាមួយគ្នា …។ ពេលនោះ ខ្ញុំក៏បានមកចូលរួម ដើម្បីបង្រៀននៅទីនេះផងដែរ ហើយផ្ទះខ្ញុំនៅក្បែរហ្នឹង។ (នៅ)វិមានឯករាជ្យហ្នឹង។ អញ្ចឹងទេ យើងដើរមកបង្រៀននៅទីនេះ។ បង្រៀនថ្ងៃមិនចប់ បង្រៀនយប់ទៀត។ ពេលនោះ អត់មានអគ្គិសនីរបៀបអញ្ចឹងទេ គឺមានម៉ាស៊ីនភ្លើងតូចសម្រាប់អួសភ្លើង។ វេទនាណាស់។

យើងបានឈានពីជំហានហ្នឹងដាច់ឆ្ងាយមកហើយ។ ហើយដំណាក់កាលមុន “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ” នេះជារឿងដែលយើងធ្វើនៅពេលនោះ។ ក្របខណ្ឌគ្រូបង្រៀនវិញ អត់ដឹងក្បាល/កន្ទុយអីទេ កន្លែងណាធ្វើអីបានមុនធ្វើទៅនៅពេលនោះ។ យើងនៅភ្នំពេញឯណេះ បើកបានតែសាលាមួយចំនួនទេ (មានដូចជា)៖ សាលាចតុមុខ សាលាស៊ីសុវត្ថិ សាលាស្អីៗ។ ប៉ុន្តែ នៅតាមជនបទវិញ ប្រជាពលរដ្ឋគាត់ម្ចាស់ការរើសតែម្ដង។ ហ្នឹងនិយាយពីការរៀបចំផែនផលិតកម្មឡើងវិញ និងការរៀបចំវិស័យអប់រំឡើងវិញ។

រំសាយចោលបែបផែនផលិតកម្មចាស់ បង្កើតឡើងនូវបែបផែនផលិតកម្មថ្មី ដោយប្រជាជនខ្លួនឯង

ខ្ញុំគិតថា ប្រជាពលរដ្ឋ បានដើរតួនាទីធំណាស់ក្រោមសម័យ ប៉ុល ពត។ ម៉េចបានខ្ញុំនិយាយអញ្ចឹង? តើយើងអាចទៅទាន់ទេ អំពីការរៀបចំបែបផែនផលិតកម្ម? អ្វីទៅដែលហៅថា បែបផែនផលិតកម្ម? បែបផែនផលិតកម្ម វាមានទំនាក់ទំនងផលិតកម្មនៅក្នុងនោះ ដែលទំនាក់ទំនងផលិតកម្មជំនាន់ ប៉ុល ពត គឺជាទំនាក់ទំនងផលិតកម្ម ដែលរៀបចំតាមរបៀបធ្វើ/ស៊ីរួម។ អញ្ចឹង រដ្ឋាភិបាលជាន់នោះ ក្រោយពេលផ្ដួលរំលំរបប ប៉ុល ពត ហើយ រដ្ឋាភិបាលគ្មានលទ្ធភាព ដើម្បីទៅទាន់ពេលវេលារៀបចំឱ្យប្រជាពលរដ្ឋទេ។ ប្រជាពលរដ្ឋម្ចាស់ការ បំបែកចោលឆ្នាំងបាយស៊ីរួមចោល។ គេហៅថា រំសាយចោលធ្វើ/ស៊ីរួមនេះ។ ចែកចាន/ឆ្នាំង ទៅស៊ីដោយឡែក។ ចែកដីគ្នា ដើម្បី(បង្កបង្កើន)ដោយឡែកទៅ។ គេហៅថា រំសាយចោលបែបផែនផលិតកម្មចាស់ បង្កើតឡើងនូវបែបផែនផលិតកម្មថ្មី គឺដោយប្រជាជនតែម្ដង មិនមែនរដ្ឋាភិបាលជាន់នោះទៅរៀបចំឱ្យពួកគាត់ទេ។

ពីគ្រូ និងសិស្ស ចេះដឹងខុសត្រូវគ្នាតែមួយថ្នាក់ ឬពីរថ្នាក់ មក ១២ បូក ២ និង ១២​ បូក ៤

វិស័យអប់រំនេះ ក្រោយពេលរំដោះពីរបប ប៉ុល ពត គឺប្រជាពលរដ្ឋម្ចាស់ការរៀបចំខ្លួនឯងតែម្ដង។ ពេលខ្លះរៀនក្រោមដើមឈើសិនទៅ ខ្លះរៀនក្រោមវត្ត ក្រោមកុដិ​លោក ដែលមិនមានព្រះសង្ឃ ខ្លះរៀនក្រោមផ្ទះ ហើយប្រើធ្យូង/ដីឥដ្ឋ ដើម្បីសរសេរ។ ក្រោយមកបានយើងរៀបចំបណ្ដើរៗទៅជាសាលា។ ដល់ទៅជាសាលា គ្រូបង្រៀនដែលប្រជាជនជាអ្នករើសហ្នឹង យើងក៏ទទួលស្គាល់ឱ្យពួកគាត់បង្រៀនតទៅទៀត។ គ្រូ និងសិស្ស ខុសត្រូវគ្នាតែមួយថ្នាក់ (ឬ)ពីរថ្នាក់ (គឺ)អាចទៅបង្រៀនបាន។ ឧទាហរណ៍ថា គ្រូរៀនថ្នាក់ទី ៧ ទៅបង្រៀនសិស្សថ្នាក់ទី ៥ អញ្ចឹង ខុសគ្នាតែប៉ុណ្ណឹង។ បន្តទៅ យើងត្រូវធ្វើវិក្រឹតការជួរគ្រូបង្រៀនយើងបន្តបន្ទាប់។ អញ្ចឹង គុណភាព(គ្រូ)នៅពេលនោះក៏វាមានកម្រិតដែរ។

ឥឡូវនេះ គ្រូបង្រៀនរបស់យើងៗ មានស្ដង់ដារហើយ។ ថ្ងៃនេះ គ្រូកម្រិតឧត្តម (គ្រូ)បរិញ្ញាបូកមួយ ដែលត្រូវចេញទៅបង្រៀននៅតាមវិទ្យាល័យ (និង/ឬ)អនុវិទ្យាល័យ។ មានបរិញ្ញាបត្រជាន់ខ្ពស់ និងមានគ្រូកម្រិត(បរិញ្ញា)។ ឥឡូវនេះ ស្តង់ដា(កម្រិតសិក្សា និងការបណ្តុះបណ្តាល)គ្រូបង្រៀននៅតាមខេត្ត/ភូមិភាគ កម្រិត ១២+២ និងឈានទៅ ១២+៤។ ឯគ្រូដែលយើងរៀបចំតាំងពីសម័យក្រោយ ប៉ុល ពត នោះ គឺបានចូលនិវត្តន៍ស្ទើរតែទាំងអស់ទៅហើយ។

មូលហេតុដែលធ្វើឱ្យបាត់បង់អ្នកនិយាយភាសាបារាំងនៅកម្ពុជា

ខ្ញុំគួរតែរំលឹកបន្ដិច ដោយសារតែអម្បាញ់មិញ ​ឯកឧត្តម ហង់ ជួនណារ៉ុន បានលើកទាក់ទិនជាមួយនឹងគ្រូភាសាបារាំង។ គ្រូភាសាបារាំងនេះ កាលពេលដែលប្រជុំអភិបាលក្រុងនិយាយភាសាបារាំងនៅកម្ពុជា ខ្ញុំបានជួបជាមួយអគ្គលេខាធិការ ហ្វ្រង់កូហ្វូន (Francophone) ហើយជួបមួយគណៈប្រតិភូមួយចំនួន ដែលទាក់ទិនជាមួយនឹងខាងក្រុងប៉ារីស ខ្ញុំក៏បាននិយាយអំពីបញ្ហាហ្នឹង។ វាមានប្រវត្តិរបស់វា។ ហេតុអ្វីបានជាភាសាបារាំងចុះខ្សោយខ្លាំងម្ល៉េះនៅកម្ពុជា? នេះជាចំណោទ។ យើងត្រូវហ៊ានទទួលយកការពិត។ ភាសាបារាំងនៅប្រើប្រាស់​ខ្លះៗ ប៉ុន្តែ ប្រើប្រាស់ភាគច្រើននៅក្នុងផ្នែកវេជ្ជសាស្រ្ត និងនៅក្នុងផ្នែកច្បាប់មួយចំនួន។ ប៉ុន្តែ ក្រៅពីនោះ ហាក់ដូចជាមិនសូវមានអ្នករៀនទេ។ រឿងនេះ វាអញ្ចេះ។

ខ្ញុំមានការសោកស្ដាយ ដោយសារ​វាមិនមែនជាកំហុសរបស់កម្ពុជាទេ ក៏ប៉ុន្តែ វាជាចរន្តសាកល ក្នុងពេលដែលបារាំងមិនបានយកចិត្តទុកដាក់ទៅលើបញ្ហានេះ។ ឆ្នាំ ១៩៨២ ក្នុងឋានៈជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស ខ្ញុំបានធ្វើដំណើរទៅប្រទេសបារាំង ទៅទីក្រុងប៉ារីស ពេលនោះ មានការរៀបចំឱ្យមានជំនួបមួយ និងទទួលទានអាហារ រវាងបណ្ដាគណបក្សនយោបាយនៅបារាំង មានតាំងពីគណបក្សនេះ/នោះ។ ជំនាន់នោះ Valéry Giscard d’Estaing ជាប្រធានាធិបតីបារាំង មុន(ប្រធានាធិបតី) François Mitterrand។ ខ្ញុំបានលើកថា បារាំងគួរយកចិត្តទុកដាក់ទៅលើភាសាបារាំងនៅកម្ពុជា តាមរយៈបើកមជ្ឈមណ្ឌលវប្បធម៌ ឬបើក Alliance Française នៅកម្ពុជា។ ស្រាប់តែមានអ្នកតំណាងរាស្រ្តម្នាក់មកពីគណបក្សរបស់ RPR គាត់និយាយថា បារាំងអត់ទទួលស្គាល់រដ្ឋាភិបាលអ្នកឯងទេ ដូច្នេះ បារាំងអត់មានលទ្ធភាពដាក់មជ្ឈមណ្ឌលវប្បធម៌ ឬបើក Alliance Française នៅកម្ពុជាទេ។ ខ្ញុំថា ឯកឧត្តម ខ្ញុំនិយាយនេះពីផលប្រយោជន៍បារាំងទេ សូមឯកឧត្តមចាំឱ្យច្បាស់ ប្រទេសខ្ញុំមានភាសាជាតិដោយឡែករបស់ខ្លួនមួយ មិនមែនដូចប្រទេសដទៃ ដែលយកភាសាបារាំងជាភាសាយាននោះទេ។ កុំថាឡើយកម្ពុជាមិនយកភាសាបារាំងធ្វើជាភាសាយាន សូម្បីតែ Romaniser ភាសាខ្មែរ (ឬ)អក្សរសាស្រ្តខ្មែរ ក៏ធ្វើមិនបានដែរ។ ដូចជានៅប្រទេសវៀតណាមអី បារាំងធ្វើ Romaniser អក្សរ។ អក្សរវៀតណាមពីដើមអក្សរចិន។ ឥឡូវ គាត់ធ្វើ Romaniser ទៅជាអក្សរបារាំង។ អាហ្នឹងចំណុចទី ១។

ចំណុចទី ២ សូមជម្រាបជូនឯកឧត្តម ពេលនេះ ខ្ញុំមានជម្រើសផ្សេងទៀត តាមរយៈបញ្ជូននិស្សិតកាន់តែច្រើនទៅសហភាពសូវៀត និងអឺរ៉ុបខាងកើត។ ក្រៅពីនោះ ក្នុងស្រុក គឺមានចលនារៀនភាសាអង់គ្លេស។ ខ្ញុំបានពន្យល់ថា អ្នកដែលចេះភាសាបារាំង ចេះតែងាប់ទៅ អ្នកដែលរៀនវាអត់(សាលា)រៀន។ អញ្ចឹង មិន(ភាសាបារាំងមិនចុះ)ខ្សោយ? ឆ្នាំ ១៩៩០ បានគាត់ស្ទុះស្ទាមកបើក Alliance Française នៅភ្នំពេញ។ ឥឡូវ សួរទៅ ប៉ុន្មាននាក់ទៅនិយាយភាសាបារាំង? បើបារាំងខ្លួនឯងនិយាយភាសាអង់គ្លេសនេះ? ខ្ញុំជួបអតីតប្រធានាធិបតីបារាំង Jacques Chirac ក៏និយាយអង់គ្លេសជាមួយគ្នា។ ជួបប្រធានាធិបតីបារាំង Nicolas Sarkozy ជួបប្រធានាធិបតីបារាំង Françoise Hollande ហើយថ្ងៃមុនជួបប្រធានាធិបតីបារាំង Emmanuel Macron នៅប្រ៊ុចសែល … ពេលចាប់ដៃគ្នាក្នុងពិធីជប់លៀង គឺសុទ្ធតែនិយាយអង់គ្លេស។ អញ្ចឹងទេ អ្នកដែលនិយាយភាសាបារាំងពិតប្រាកដនៅស្រុកខ្មែរនៅសល់ប៉ុន្មាន? តិចជាងអ្នករៀនភាសាចិនទៅទៀត។ អាហ្នឹងនិយាយឱ្យពិត។

នៅក្នុងផ្ទះខ្ញុំ អ្នកដែលនិយាយភាសាបារាំងនៅសល់តែបីនាក់ទេ កូនប្រុសទាំងបីនិយាយភាសាបារាំង និងកូនស្រីពៅមួយ។ ប៉ុន្តែ ប្រហែលកូនស្រីពៅឈប់ប្រើភាសាបារាំង ព្រោះនៅបារាំងតាំងពីតូច។ ប៉ុន្តែ បញ្ជូនគ្នាទៅញូវយ៉ក (រៀន)អង់គ្លេសនោះ វាលុបបាត់ភាសាបារាំង។ ចំណុចនេះ យើងមិនបោះបង់ចោលភាសាបារាំងទេ ក៏ប៉ុន្តែ បញ្ហាចរន្ត វាទៅបែបហ្នឹង។ វាក៏មានកំហុសពីអតីតកាល។ ប្រសិនបើពេលនោះ ចាប់រុញភាសាបារាំង ក៏មិនអាចភាសាបារាំងធ្លាក់ដល់កម្រិតហ្នឹងដែរ។ ខ្ញុំសុំរំលឹករឿងអតីតកាលបន្ដិចទៅចុះ។ ក្នុងពេលដែលបារាំងលើកស្ទួយភាសាបារាំង បែរជាភ្ជាប់បញ្ហាហ្នឹងទៅជាបញ្ហានយោបាយ។ អញ្ចឹង អ្នកដែលខាតបង់មិនមែនកម្ពុជាឯណា​ អ្នកដែលខាតបង់ គឺបារាំង ដែលភាសារបស់ខ្លួនត្រូវពង្រីកឥទ្ធិពល វាមិនពង្រីកឥទ្ធិពល វាទៅបង្រួមឥទ្ធិពលនៅក្នុងកម្ពុជា។

សមាជិក ហ្វ្រង់កូហ្វូន បីប្រទេស សុទ្ធតែនិយាយភាសាអង់គ្លេស

យើងពិនិត្យមើល សមាជិកហ្វ្រង់កូហ្វូន (Francophone) បីប្រទេស សួរថា អ្នកណានិយាយភាសាបារាំង? និយាយអង់គ្លេសទាំងអស់ អត់មាននិយាយភាសាបារាំង។ សូម្បីតែឥឡូវហ្នឹង ដូចជា វ៉ា គឹមហុង ធ្វើការរឿងទល់ដែន អត់និយាយបារាំងទេ និយាយអង់គ្លេស។ រដ្ឋមន្រ្តីនានាទៅធ្វើការជាមួយ គេអត់ចេះបារាំង។ ហេតុអ្វីបានជាត្រូវដោះដូរឯកអគ្គរដ្ឋទូតខ្មែរ មុនចប់អាណត្តិ? គាត់ចេះបារាំងច្បាស់ណាស់ ព្រោះគាត់នៅស្រុកបារាំង មានសញ្ជាតិបារាំងទៅទៀត។ ប៉ុន្តែ ដោយសារយើងនៅក្នុងសហគមន៍អាស៊ាន ហើយជាប្រ​ធានប្ដូរវេនមួយខែម្ដងៗ ដល់ពួកអាស៊ានដទៃទៀតនិយាយតែអង់គ្លេស ដល់យើងនិយាយបារាំងតែឯង អញ្ចឹង ត្រូវការអ្នកបកប្រែ។ បើគង់តែអញ្ចឹងដដែល ដាក់អ្នកដែលចេះអង់គ្លេសផង បារាំងផង ទៅធ្វើទូតនៅបារាំងតែម្ដងទៅ។

ការខុសឆ្គង នៃការសម្រេចចិត្តធ្វើឱ្យបាត់បង់ឱកាស

ពេលខ្លះការខុសឆ្គង នៃការសម្រេចចិត្ត បានធ្វើឱ្យបាត់បង់នូវឱកាស។ ប៉ុន្តែ យើងនៅតែបន្តសាលារបស់យើងនៅទីនេះ គឺនៅតែមានបណ្តុះបណ្តាលគ្រូភាសាបារាំង តែគ្រូភាសាបារាំង ខ្ញុំគិតថា គាត់ប្រើតែពេលគាត់មកបង្រៀនទេ ក្រៅពីហ្នឹងគាត់ចេញទៅវិញគាត់និយាយអង់គ្លេសហើយ។ ហ្នឹងតាមការស្មានរបស់ខ្ញុំ។ ខ្ញុំមានចៅ ២ នាក់ ទៅបាយជាមួយ(ខ្ញុំ) (ពួក)គេទៅកំដរ។ ចៅស្រី ១ ពូកែខាង Math ដែល Fresh News ឧស្សាហ៍យកទៅផ្សាយ និងជាប់លេខ ១ រហូត ផ្នែកអាស៊ី និងទូទាំងពិភពលោក។ អាចៅប្រុស ១ ទៀត គេទៅបាយជាមួយ។ ឥឡូវហ្នឹងដល់កម្រិតប៉ុណ្ណេះ យើងនិយាយទៅរកចៅ និយាយខ្មែរចៅអត់យល់ ដល់ចៅអត់យល់ ចៅស្រីហ្នឹងឱ្យអាចៅប្រុសជួយបកប្រែឱ្យវា។ យ៉ាងណាក៏ដោយ យើងត្រូវចាប់បង្ខំឱ្យចៅរៀនភាសាខ្មែរ។ ខ្ញុំសុំសរសើរដោយស្មោះជាមួយការខិតខំ ហើយអបអរសាទរជាមួយជ័យលាភី ដែលទទួលសញ្ញាបត្រថ្ងៃនេះគ្រប់កម្រិតទាំងអស់ ទាំងអធិការអប់រំ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ ទាំងគ្រូកម្រិតឧត្តម បរិញ្ញាបូកមួយ គ្រូកម្រិតមូលដ្ឋានប្រព័ន្ធពន្លឿន គ្រូកម្រិតមូលដ្ឋាន ១២+២ ចំនួន ១ ៩៧៧ នាក់។

ពេលចែកសញ្ញាបត្រឱ្យគ្រូ ត្រូវមានសៀវភៅ ក្រម ង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង

ដូចរាល់ដងដែរ​ លើកនេះ គឺចំណាយ ៣២១ លាន សម្រាប់ពិធីជប់លៀងផង ហើយសម្រាប់ការធ្វើដំណើរទស្សនកិច្ចនៅអង្គវត្តផង។ ប៉ុន្តែ ខ្ញុំស្តាយ។ ស្តាយថា ហេតុអីមកចែកសញ្ញាបត្រឱ្យគ្រូ បែរជាអត់មានសៀវភៅ ក្រម ង៉ុយ? ព្រោះខ្ញុំបានប្រកាសហើយថា​ កាលណាចែកសញ្ញាបត្រឱ្យគ្រូត្រូវមានសៀវភៅ ក្រម ង៉ុយ ដើម្បីឱ្យគ្រូកាន់យកទៅ បើមិនអញ្ចឹងសិស្សចេះជាងគ្រូ។ ដោយសារតែខ្ញុំវារវល់ពេក អញ្ចឹងទេ ពឹងពាក់អស់លោករៀបចំ។ ដល់អស់លោករៀបចំ ថ្ងៃហ្នឹងស្រាប់តែអត់ឃើញអាកញ្ចប់សៀវភៅហ្នឹង។ អញ្ចឹង​ទេ អាហ្នឹងបញ្ជូនមកតាមក្រោយទៅ កុំភ្លេច អាហ្នឹងត្រូវបោះពុម្ពទុក។ កាលណាចែកសញ្ញាបត្រឱ្យគ្រូ ត្រូវមានសៀវភៅ ក្រម ង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង ដើម្បីឱ្យគ្រូមានអាហ្នឹង​ សម្រាប់យកទៅអប់រំសិស្ស។ ថ្ងៃហ្នឹងខ្ញុំសុំជំពាក់អាហ្នឹងសិន ហើយបញ្ជូនទៅតាមក្រោយ ឱ្យគ្រូមាននៅក្នុងដៃ។ ប៉ុន្តែគ្រូក៏អត់ទាន់ទៅណាដែរ (ថ្ងៃហ្នឹងគេជប់លៀង)។ ប៉ុន្តែ អញ្ចេះ បើសិនធ្វើពង្រីកអគារ ដល់ពេលជប់លៀងៗក្នុងអគារតែម្តងវាមិនស្រួល? លៃអាហ្នឹងទុកកន្លែងជប់លៀង។ ល្ងាចនេះ អាចយកមកចែក ព្រោះអានេះ គឺជាអត់ស្អុយ/ផ្អូមទេ។ (សៀវភៅនេះ) ខ្ញុំគ្រាន់តែបោះពុម្ភឡើងវិញ ដើម្បីចែកសម្រាប់គ្រូបង្រៀននៅទូទាំងប្រទេស។ គ្រូចាស់មានរួចហើយ និងគ្រូថ្មីដែលចេញត្រូវទទួលបានអាហ្នឹង ដើម្បីយកទៅធ្វើជាមូលដ្ឋាន សម្រាប់មើលខ្លួនឯងផង​ ហើយបើសិនជាកូនសិស្សសួរ យើងបង្រៀនកូនសិស្សថែមទៀត។

ខ្ញុំទៅក្រៅប្រទេស ខ្ញុំអត់មានអីជាកាដូ សម្រាប់បងប្អូនខ្មែរនៅក្រៅប្រទេសទេ ខ្ញុំមានតែសៀវភៅហ្នឹង ដើម្បីផ្ញើជូនទៅឱ្យពួកគាត់ ព្រោះការប្រៀនប្រដៅរបស់មនុស្សចាស់ជាន់ដើម ដែលគេចាត់ទុកថា ជាអ្នកល្បីល្បាញកាលពីសម័យដើមនោះ។ ត្រូវបានថែរក្សា ហើយត្រូវបានយកមកចែកចាយ សម្រាប់គ្រូបង្រៀនរបស់យើង ដើម្បីគ្រូបង្រៀនរបស់យើងបន្តចំណេះវិជ្ជានេះទៅឱ្យសិស្ស ដូចជាការគោរពមាតាបិតាអីជាដើម ហើយច្បាប់ស្រី/ប្រុសស្អីសព្វបែបយ៉ាង។ អាហ្នឹងជារឿងដែលយើងត្រូវដឹង/លឺ។

ចិនបានប្រកាសថាខ្លួនអាចព្យាបាលជំងឺ Covid-19 ជា ដោយប្រើថ្នាំគ្រុញចាញ់

ម្សិលមិញ គឺមានការប្រជុំក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី​ ខ្ញុំបានលើកបញ្ហាខ្លះ។ ប៉ុន្តែ ខ្ញុំគួរតែត្រូវនិយាយឡើងវិញ លើបញ្ហាទាក់ទងជាមួយនឹងនាវា ដែលចូលចតនៅកម្ពុជា និងជំងឺភ័យខ្លាចផ្ទុះឡើង នៃជំងឺ Covid-19 ដែលមុននេះ យើងហៅថា Novel Corona នោះ អ្វីដែលយើងទទួលបានព័ត៌មាននោះ គឺពីម្សិលមិញ ខាងប្រទេសចិនបានប្រកាសថា ស្វែងរកឱសថដែលអាចព្យាបាលជំងឺនេះបាន តាមរយៈការប្រើ ថ្នាំព្យាបាលគ្រុនចាញ់។ ប្រសិនបើព័ត៌មាននេះវាជាការពិត ហើយព្យាបាលមនុស្សជា ខ្ញុំគិតថា សភាពការណ៍នឹងអាចរំលត់បានក្នុងរយៈពេលដ៏ខ្លី។ យើងពិតជាមានការរីករាយ ជាមួយនឹងព័ត៌មាន(នេះ)។ ទន្ទឹមនឹងការចូលរួមរំលែកមរណទុក្ខជាមួយនឹងរដ្ឋាភិបាល ក៏ដូចជាប្រជាជនចិន និងប្រទេសមួយចំនួន ដែលមានប្រជាពលរដ្ឋ(ស្លាប់)បាត់បង់ជីវិត។ យើងក៏សុំអបអរសាទរជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺ Covid-19 នេះ។

អរគុណរដ្ឋាភិបាលចិន មើលថែនិស្សិតខ្មែរ ២៣ នាក់ នៅវ៉ូហាន និងកន្លែងដទៃទៀត

យើងក៏សូមអរគុណ ចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយថែរក្សានូវនិស្សិតកម្ពុជា ដែលកំពុងរស់នៅទីនោះ រាប់ទាំងតំបន់វ៉ូហាន ២៣ នាក់។ ពួកគេមានសុខភាពល្អណាស់។ មិននឹកស្មានថា មានជនអាក្រក់បំភាន់ថា និស្សិតនៅវ៉ូហាន ស្លាប់ម្នាក់។ នេះជារឿងអកុសល។ សុំ(សួរ តើ)អ្នកធ្វើព័ត៌មាននេះ តើអ្នកទទួលបានផលប្រយោជន៍អ្វីទៅពីការបំភ្លៃព័ត៌មាននេះ? រាប់ទាំងបំភ្លៃព័ត៌មានថា ខ្ញុំកំពុងឈឺទៅទៀត។ ឆ្លងមេរោគ Covid-19 នេះ។ ហ៊ុន​ សែន កំពុងតែឈរនៅទីនេះ។ កុំដាក់បណ្តាសា ហ៊ុន សែន (ឱ្យ)ងាប់។ បើរាសីមិនដល់ទេ អ្នកឯងងាប់មុន។ ហ្នឹងនិយាយឱ្យច្បាស់។ មនុស្សមានរាសី។ បើរាសីមិនដល់ទេ កុំប្រថុយ ប្រយ័ត្នងាប់ខ្លួនឯង … សូម្បីតែកន្លែងអង្គុយៗមិនត្រូវរឿង គឺអត់បានទេ។ គ្រាន់តែផ្ទះហ្នឹង គ្រែដេកខុសទំនង រាសីមិនដល់ ដេកដាច់សរសៃកងាប់។ ត្រូវមានជំនឿខ្លះៗទៅ។

ព្រះបរមរតនកោដ្ឋ មានបន្ទូលថា មនុស្សត្រូវជឿលើវាសនា

នៅឆ្នាំ ១៩៩៨ នៅទីក្រុងសៀមរាប ព្រះករុណាបិតា ព្រះអង្គមានបន្ទូលថា ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជឿលើជោគវាសនាខ្លះៗទៅ។ ពេលហ្នឹង ប្រជុំមានថ្នាក់ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវអី ដោះស្រាយវិបត្តិក្រោយបោះឆ្នោតនោះ។ អញ្ចឹងទេ ​ព្រះករុណាបិតា ព្រះអង្គមានព្រះរាជបន្ទូលថា អស់លោកជឿលើជោគវាសនាខ្លះៗទៅ។ ធ្វើម៉េចវាសនារបស់លោក ហ៊ុ​ន​ សែន កើតមកគេឱ្យគាត់ធ្វើនាយករដ្ឋ​មន្ត្រី។ ព្រះអង្គមានបន្ទូលថា ដូចខ្ញុំអញ្ចឹង ខ្ញុំមានចង់ធ្វើស្តេចឯណា? សុខៗស្រាប់តែគេដង្ហែពីព្រៃនគរ ឱ្យមកធ្វើស្តេច ហើយបន្តមកទៀតឈប់ធ្វើស្តេចហើយ គេឱ្យមកធ្វើស្តេចទៀត ព្រោះទំនាយមកគេឱ្យមកធ្វើស្តេច។ ឥឡូវ ពិនិត្យមើល តាំងពីឆ្នាំ ១៩៩៨ រហូតមកដល់ឥឡូវ ខ្ញុំធ្វើនាយករដ្ឋមន្ត្រីជាង ៣៥ ឆ្នាំហើយ នៅសល់ ៤ ឆ្នាំទៀត ទើបផុតអាណត្តិ ហើយខ្ញុំមានមហិច្ឆតាធ្វើ ១០ ឆ្នាំ ទៀតឯណោះ និយាយឱ្យវាច្បាស់តែម្តងទៅ។ ខ្ញុំគ្រាន់តែផ្តាំផ្ញើទៅអ្នកដាក់បណ្តាសារខ្ញុំ ឬលើកឡើងនេះ/នោះ ​មិនស្រួលងាប់ខ្លួនឯងទេ …។

បើគ្រប់កន្លែងមិនឱ្យចូល តើនាវា Westerdam ពេលនេះជីវិតមនុស្សលើនាវា នឹងមានរឿងអី?

បកមកនាវា Westerdam ឥឡូវនេះ ភ្ញៀវកំពុងនៅទីក្រុងភ្នំពេញនេះប្រមាណ ៥០០ នាក់ ហើយថ្ងៃនេះតាមព័ត៌មាន ត្រូវដឹកដោយយន្តហោះ ៧៧៧ មួយគ្រឿង ដែលដឹកបានជាង ៣០០ នាក់ នឹងចាកចេញពីទីក្រុងភ្នំពេញទៅ(កាន់)ឌូបៃ។ តាមព័ត៌មានពីខាងនាវា។ ឯនៅមានយន្តហោះមួយគ្រឿងទៀត នឹងដឹកចេញពីទីក្រុងភ្នំពេញទៅកាន់ជប៉ុន ហើយអាចនឹងមានយន្តហោះមួយគ្រឿងទៀត គឺចេញពីក្រុងព្រះសីហនុទៅ(កាន់)រដ្ឋធានីនៃប្រទេសណាមួយនៅក្នុងតំបន់របស់យើងនេះ។ ការយឺតយ៉ាវនេះ មិនមែនបានសេចក្តីថា មកពីអ្នកទាំងនេះមានជំងឺទេ ឬអ្នកទាំងនេះខ្វះការយកចិត្តទុកដាក់ពីរដ្ឋាភិបាលនៃប្រទេសដែលជាប្រទេសម្ចាស់ផ្ទះនោះទេ។ ប៉ុន្តែ បញ្ហាស្ថិតនៅត្រង់សំបុត្រយន្តហោះ។ ខ្ញុំនៅតែដាក់ចេញជាបញ្ហានៅលើកន្លែងនេះថា ប្រសិនបើកម្ពុជាមិនឱ្យចូលចត តើមកដល់ម៉ោងនេះជោគវាសនានៃនាវាដ៏ធំនេះ និងមនុស្សជាង ២ ០០០ នាក់នេះ តើគាត់កំពុងកើតរឿងអី? នេះជាវិបត្តិមនុស្សធម៌លើបញ្ហានាវា Westerdam  ខ្ញុំហៅថា វិបត្តិមនុស្សធម៌ ព្រោះអី? ទៅកន្លែងនេះ/នោះគេមិនឱ្យចូល ហើយស្បៀងនៅលើនាវានោះជិតអស់។ យើងដាក់ចេញជាបញ្ហា ប្រសិនបើទៅកន្លែងណាក៏មិនឱ្យចូល រាប់ទាំងកម្ពុជាមិនឱ្យចូល តើពេលនេះនាវានេះកំពុងធ្វើអី? ជីវិតមនុស្សលើនាវានេះកើតរឿងអី? នេះមិនមែនជារឿងសាមញ្ញទេ។

ទី ១ មកដល់ម៉ោងនេះ មិនមានប្រជាជនកម្ពុជាណាម្នាក់ ឆ្លងមេរោគនេះទេ 

ខ្ញុំមិនដឹងថាជាតិសាសន៍ណានៅប៉ុន្មានអីប៉ុន្មានលើនោះទេ? ប៉ុន្តែ ចុងក្រោយទើបយើងដឹងថា មានដល់ ៤១ សញ្ជាតិនៅលើនាវានេះ។ បើសិនទុកនៅលើនាវាហ្នឹង ប្រសិនបើគេឈឺ (ឬ)គេស្លាប់ តើគេត្រូវបោះសាកសពទៅក្នុងទឹកសមុទ្រ ឬក៏ត្រូវធ្វើយ៉ាងម៉េច? អកុសលខ្លាំងណាស់។ ពេលដែលកម្ពុជាសម្រេចចិត្ត ភាគច្រើនប្រជាជនកម្ពុជារបស់យើងគាំទ្រ ដៃគូរបស់យើងដែលជាមិត្តនៅក្រៅប្រទេស និងអង្គការអន្តរជាតិនានា ក៏បានគាំទ្រអំពីកាយវិការមនុស្សធម៌របស់យើង។ ក៏ប៉ុន្តែ មានមនុស្សមួយចំនួនចាត់ទុកថា យើងនាំនូវជំងឺចូលក្នុងស្រុក។ ខ្ញុំចោទចេញជាសំណួរថា មកដល់ម៉ោងនេះតើប្រជាជនកម្ពុជាណាម្នាក់ ដែលបានឆ្លងមេរោគនេះហើយឬនៅ? នេះជាសំណួរទី ១ ។

ទី ២ មិនមានទេសចរដែលស្នាក់នៅកម្ពុជា ណាម្នាក់មានជំងឺនេះទេ

សំណួរទី ២ តើមានទេសចរណាម្នាក់មានជំងឺនេះឬនៅ (កំឡុងពេល)ដែលស្នាក់នៅក្នុងកម្ពុជា? អត់ទាន់មានទេ។ យើងមានការទទួលខុសត្រូវ ចំពោះសុខុមាលភាពរបស់ប្រជាជនយើង ព្រមជាមួយគ្នានឹងការទទួលខុសត្រូវលើសុខុមាលភាពរបស់ទេសចរ ដែលយើងឱ្យចូល។ យើងមានការត្រួតពិនិត្យសុខភាពជាក់លាក់របស់យើង ដោយវិទ្យាស្ថានបាស្ទ័រ បូកជាមួយនឹងអង្គការសុខភាពពិភពលោក ដែលនៅជាមួយយើង​។ ករណីកើតឡើងនៅឯម៉ាឡេស៊ីវាប្រាកដហើយឬនៅ? បញ្ហាដែលត្រូវចោទសួរនៅត្រង់ថា មនុស្សរាប់រយនាក់ ដែលបានចេញទៅដល់ស្រុកកំណើតហើយ (និង)មនុស្សរាប់រយនាក់ ដែលកំពុង(ស្នាក់)នៅកម្ពុជា និង(កំពុង)នៅលើនាវា ​អត់ទាន់មានអ្នកណាមួយចេញរោគសញ្ញាកូរ៉ូណាទេ។ ប្តីរបស់ស្រ្តីដែលមានអាយុ ៨៣ ឆ្នាំ ដែលដេក/ស៊ីជាមួយគ្នា បែទៅជាអត់មានរោគ កើតរោគអីតែម្នាក់(ឯង)? នេះជាសញ្ញាដែលត្រូវចោទសួរ។

រឿងនេះ បើសិនជាអង្គការសុខភាពពិភពលោក ដោយមានការសហការពេញលេញពីអាជ្ញាធរម៉ាឡេស៊ី គេនឹងអាចរកឃើញបញ្ហានេះពិតប្រាកដ តើវាកូរ៉ូណាពិត ឬយ៉ាងម៉េច? បើរឿងកើតកូរ៉ូណាមួយករណី ដែលអ្នកចេញពីកប៉ាល់ មិនមែនកើតនៅកម្ពុជាទេ ទៅរកឃើញនៅម៉ាឡេស៊ី ហើយអ្នកទាំងនោះហោះចេញពីព្រលានយន្តហោះកងកេងទៅម៉ាឡេស៊ីតែម្តង។ ករណីនេះចម្លែកបន្តិចត្រង់ថា មនុស្សដទៃអត់មានកើត រាប់ទាំងប្តីដែលដេក/បាយទឹកជាមួយគ្នា កាន់ដៃគ្នា ប្តីអត់កើត ប្រពន្ធកើត? ខ្ញុំគិតថា អង្គការសុខភាពពិភពលោក និងម្ចាស់កប៉ាល់ ក៏ដូចជា ក្រសួងសុខាភិបាលយើង សហការជាមួយនឹងខាងម៉ាឡេស៊ី ដើម្បីស្វែងរកតទៅទៀត។ អ្វីដែលយើងត្រូវខិតខំធ្វើ (ត្រូវ)យើងយកសំណាកទាំងឡាយមកធ្វើ(តេស្ត)។ ថ្ងៃនេះ ត្រូវយកសំណាកអ្នកជា ថ្មីម្តងទៀតនៅលើកប៉ាល់ ហើយដឹកតាមឧទ្ធម្ភាគចក្រមកធ្វើរោគវិនិច្ឆ័យនៅភ្នំពេញ មុននឹងឱ្យគេចាកចេញពីកប៉ាល់ឡើងយន្តហោះ។ យើងមានការទទួលខុសត្រូវ។

បើអ្នកទេសចរចង់ដើរលេង សូមដើរលេងដូចទេសចរធម្មតា

ខ្ញុំឃើញរូបថត ជា សុផារ៉ា ផ្ញើមក មានម្នាក់ចុះមកថ្វាយបង្គំដី។ រូបភាពដូចគ្នាបេះបិតជាមួយចៅហ្វាយខេត្តព្រះសីហនុ។ ថ្វាយបង្គំដីតែម្តង ព្រោះគ្នានៅលើនាវា ១០ ថ្ងៃជាងហើយ។ ឥឡូវ ចេញផុតពីនាវា មកដល់អត់សំបុត្រយន្តហោះ អត់ជើងយន្តហោះ អញ្ចឹង ត្រូវស្នាក់នៅទីក្រុងភ្នំពេញនេះ (គឺ)នៅសណ្ឋាគារសុខា។ ម្សិលមិញខ្ញុំប្រាប់ ឯកឧត្តម ម៉ម ប៊ុនហេង ឯកឧត្តម ឃួង ស្រេង ថា បើបងប្អូនចង់ដើរលេង ឱ្យបងប្អូនដើរលេងដូចទេសចរធម្មតា ព្រោះបើសិនជាគាត់មានជំងឺ មិនមែនទុកគាត់នៅសណ្ឋាគារទេ ត្រូវយកគាត់ទៅទុកនៅមន្ទីរពេទ្យកម្ពុជា-សូវៀត។ គេមានកន្លែងរៀបចំទុកដាក់គាត់ ប្រសិនបើរកឃើញថាមានជំងឺ​។ នេះជាការគ្រប់គ្រងអំពីសុខភាព សម្រាប់អ្នកទេសចរផង ហើយក៏សម្រាប់ការពារនូវសុវត្ថិភាព ចំពោះពលរដ្ឋរបស់យើងផង។ យើងមានការទទួលខុសត្រូវ មិនមែនសុខៗទៅទទួលយកជំងឺទេ។

បើអ្នកទេសចរនៅលើកប៉ាល់ មានវីរុសកូរ៉ូណា ក៏នៅតែមិនផ្លាស់ប្តូរការសម្រេចចិត្ត

ខ្ញុំនៅតែរក្សាស្មារតីរបស់ខ្ញុំដដែល។ នៅពេលដែលទទួលបានព័ត៌មានរាយការណ៍ អំពីការធ្វើដំណើរចេញពីត្រង់នេះគេមិនឱ្យចូល ទៅត្រង់នោះគេមិនឱ្យចូល គ្រាន់តែរាយការណ៍រួចហើយ ខ្ញុំអត់មានការចាំបាច់ ដើម្បីនឹងពិគ្រោះយោបល់ជាមួយនឹងអ្នកណាទេ។ ខ្ញុំបានប្រាប់ទៅ ស៊ុន ចាន់ថុល។ តាមរយៈទូតអាមេរិក បានស្នើទៅក្រសួងការបរទេស ហើយក៏បានស្នើទៅ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់ពីគាត់រាយការណ៍ឱ្យខ្ញុំៗ ប្រើពាក្យថា Welcome។ ស្វាគមន៍ឱ្យអ្នកឯងចូលមក។ ដូចដែលខ្ញុំបាននិយាយនៅព្រឹកថ្ងៃទី ១៤ ចុះប្រសិនបើពេលនោះគេថាមាន ៤ ឬ ៥ ករណី មានកើតវីរុសកូរ៉ូណា តើអ្នកឯងឱ្យចូលឬអត់? ខ្ញុំនឹងឱ្យចូល ហើយចូល(ឱ្យ)លឿនបំផុត។ ហេតុអ្វីបានត្រូវធ្វើដូច្នេះ? ត្រូវតែខិតខំយកអ្នកដែលមានជំងឺនេះឡើងដីគោក ដើម្បីទទួលបានការព្យាបាល កុំឱ្យរីករាលដាលនៅលើកប៉ាល់ហ្នឹងទៀត។ នេះជាគោលជំហរអត់ប្រែប្រួលរបស់ខ្ញុំ។ ខ្ញុំយកការទទួលខុសត្រូវ ក្នុងឋានៈជាអ្នកអនុវត្តនូវគោលការណ៍មនុស្សធម៌មួយ ចំពោះពលរដ្ឋនៃប្រទេសដទៃ ដែលយើងជាសមាជិកនៃអង្គការសហប្រជាជតិ ជាសមាជិកនៃអង្គការសុខភាពពិភពលោក និងជាបណ្តាញនៃការទទួលខុសត្រូវ។ នេះជាកិច្ចការដែលយើងគួរធ្វើ ត្រូវតែធ្វើ (និង)យើងបានធ្វើ(រួច)ហើយ។ វាជាកាតព្វកិច្ចមនុស្សធម៌ វាជាការទទួលខុសត្រូវខាងសីលធម៌ វាជាការរួមចំណែកសាមគ្គីភាព ដើម្បីដោះស្រាយបញ្ហាវីរុស Covid-19 ដែលជាបញ្ហាប្រឈមថ្នាក់តំបន់ និងសាកលនៅពេលនេះ … ខ្ញុំ ប្រាប់ ឃួង ស្រេង ថា ឱ្យដឹកទៅ។ ប៉ុន្តែ ម្សិលមិញ គ្នាអត់បានចុះទេ ដោយសារតែប្រធានកប៉ាល់គាត់ជប់លៀងឱ្យភ្ញៀវ។ គាត់ប្រញាប់ត្រឡប់ទៅជប់លៀងវិញ។ ល្ងាចនេះ ខ្ញុំជួបអគ្គរដ្ឋទូតអាមេរិកផង ហើយក៏ជួបជាមួយប្រធានកប៉ាល់ ដែលគេសុំមកថ្លែងអំណរគុណដោយផ្ទាល់។​

កោតសរសើរក្រសួងសុខាភិបាល/ស្ថាប័នពាក់ព័ន្ធ ចូលរួមក្នុងប្រតិបត្តិការ

យើងត្រូវតែខិតខំបន្តធ្វើការងារនេះតទៅទៀត រហូតដល់ចប់ចុង/ដើម។ ខ្ញុំសុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះក្រសួងសុខាភិបាល/គ្រូពេទ្យគ្រប់រូប និងវិទ្យាស្ថានប៉ាស្ទ័រ ដៃគូរអភិវឌ្ឍន៍ផ្សេងទៀត និងស្ថាប័នដែលមានភារកិច្ចទទួលខុសត្រូវ រាប់ទាំងអាកាសចរណ៍ស៊ីវិល អាជ្ញាធរខេត្តព្រះសីហនុ អាជ្ញាធរទីក្រុងភ្នំពេញ កំពង់ផែក្រុងព្រះសីហនុ ដែលធ្វើកិច្ចការល្អរួមចំណែកដើម្បីដោះស្រាយវិបត្តិមនុស្សធម៌។ ខ្ញុំប្រើពាក្យថា នេះជាវិបត្តិមនុស្សធម៌លើបញ្ហានាវា Westerdam  ព្រោះសង្គ្រាមនៅស៊ីរីមានចំណុចមួយ ដែលគេប្រើពាក្យថា វិបត្តិមនុស្សធម៌ មូលហេតុអី? មូលហេតុប្រជាជននៅតំបន់មួយនោះ ខាងណាក៏ផ្គត់ផ្គង់អត់បាន ខាងរដ្ឋាភិបាលក៏ផ្គត់ផ្គង់ទៅមិនបាន ខាងអង្គការសហប្រជាជាតិ ដែលជួយផ្គត់ផ្គង់ ចំពោះប្រជាជនដែលកំពុងតែជាប់សង្គ្រាមនោះ គឺគាត់អត់បានទទួលអីទាំងអស់ ព្រោះគេវាយគ្នា។ ធ្វើបាបជនស៊ីវិល។

កិច្ចការមនុស្សធម៌ ដែលត្រូវធ្វើ បន្តធ្វើឱ្យចប់ចុង/ដើម ដល់នាវាចាកចេញដោយសុវត្ថិភាព

… ខ្ញុំចាត់ទុកថា វាមានចរិតស្មើនឹងវិបត្តិមនុស្សធម៌មួយដែរ លើករណីនាវា Westerdam ក្នុងពេលដែលនាវានេះអត់មានបញ្ហាអីទាំងអស់។ នេះគឺជារឿងទាក់ទិនជាមួយនឹងបញ្ហាកិច្ចការមនុស្សធម៌ ដែលយើងត្រូវធ្វើ (ត្រូវ)បន្តធ្វើឱ្យចប់ចុង/ដើម ហើយនាវាចាកចេញទៅដោយសុវត្ថិភាព។ ខ្ញុំរំពឹងទុកថា អ្នកទាំងឡាយ ដែលបានរស់នៅលើកប៉ាល់ ហើយកណ្តោចកណ្តែងនៅលើផ្ទៃមហាសាគរ និងបន្ទាប់ទៅមកស្នាក់នៅទីក្រុងភ្នំពេញដោយសុវត្ថិភាព និងចាកចេញទៅកាន់ប្រទេសរៀងៗខ្លួនដោយសុវត្ថិភាព ព្រោះមនុស្សរាប់រយនាក់ក៏បានទៅដល់ប្រទេសហើយដែរ នៅសល់រាប់រយនាក់ទៀត។ សង្ឃឹមថា ពួកគេនឹងទៅដល់ ជួបកូន/ចៅ/បងប្អូននៅក្នុងប្រទេសរៀងៗខ្លួន។

ភាពភ័យខ្លាច ជាជំងឺពិតប្រាកដ មិនមែនកូរូណាទេ

មកដល់ពេលនេះ ខ្ញុំនៅតែបន្តហៅ សម្រាប់ពលរដ្ឋកម្ពុជាមុននេះ រហូតដល់ថ្នាក់នាយករដ្ឋមន្ត្រីត្រូវចេញមុខមក ដើម្បីធ្វើសន្និសីទសារព័ត៌មាន ថ្លែងទៅកាន់ប្រជាពលរដ្ឋ ដែលពេលនោះខ្ញុំហៅថា ជំងឺពិតប្រាកដរបស់កម្ពុជាពេលនេះមិនមែនកូរ៉ូណាទេ គឺជំងឺភ័យខ្លាច។ ពេលនោះ ម៉ាសឡើងថ្លៃ ស្រែកពេញ(ប្រទេស)ទាំងអស់។ អ្នកមិនដែលពាក់ម៉ាសក៏ពាក់ម៉ាស។ រហូតដល់ព្រះមហាក្សត្រ ព្រះអង្គយាង(ទៅ)ចែកជំនួយ ព្រះមហាក្សត្រអត់ទាំងពាក់ម៉ាសផង។ យើងពាក់ដែរ? ពិតហើយ ម៉ាសកន្លែងត្រូវពាក់ក៏ពាក់ទៅ។ ខ្ញុំឧស្សាហ៍និយាយ សូម្បីតែក្នុងផ្ទះខ្ញុំក៏ខ្ញុំពាក់ម៉ាសដែរ មូលហេតុអី? ទោះបីជាចាកចេញពី(បន្ទប់)សង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យក៏ដោយ ឥឡូវ ម្តាយខ្ញុំនៅតែស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដែលរៀបចំមួយបន្ទប់សម្រាប់គាត់។ អញ្ចឹង នៅពេលដែលខ្ញុំចូលទៅសួរ(សុខទុក្ខ)គាត់ ខ្ញុំពាក់មួកពីលើមួកពេទ្យ ស្រោមជើងពេទ្យ អាវពេទ្យទៀត គេថាខ្ញុំដូចវេជ្ជបណ្ឌិតអញ្ចឹង រួចហើយពាក់ម៉ាសទៅមើលម្តាយ ដើម្បីកុំឱ្យជំងឺរបស់យើងឆ្លងទៅគាត់។ ពេលខ្លះក្មួយៗរបស់យើង យុវជនរបស់យើងជិះម៉ូតូក៏គាត់ពាក់ម៉ាសដែរ ព្រោះដីហុយចូលមាត់/ច្រមុះគាត់។ ប៉ុន្តែ រហូតដល់មានការប្រជុំអី មានការពាក់ម៉ាសដោយគ្មានការចាំបាច់។ ពាក់ម៉ាសក្នុងករណីចាំបាច់ ត្រូវតែថែទាំការពារសុខភាព រឿងហ្នឹងយើងត្រូវលើកទឹកចិត្តទៅដល់ការធ្វើអនាម័យ ដើម្បីការពារសុខភាព។

ជំងឺភ័យខ្លាច និងរើសអើង វាយប្រហារលើសេដ្ឋកិច្ច ដំបូងបំផុត គឺទេសចរណ៍

ផុតពីជំងឺភ័យខ្លាចរបស់កម្ពុជា បានកើតមាននូវជំងឺភ័យខ្លាច និងការរើសអើងក្នុងតំបន់តែម្ដង។ អញ្ចឹង ភ័យខ្លាច និងការរើសអើងកំពុងវាយប្រហារលើសេដ្ឋកិច្ចពិតប្រាកដហើយ។ ឥឡូវ យើងឃើញហើយ តំបន់របស់យើងត្រូវរង់ចាំវិបត្តិមកដល់។ មិនចាំបាច់រង់ចាំទេ វាមកដល់រួចស្រេចទៅហើយ រឿងកើតចេញពីអី? កើតចេញពីការខ្លាចជ្រុល និងការរើសអើង (ដែល)នាំដល់វិបត្តិ។ ដំបូងបំផុតវាយផាំងទៅលើទេស​ចរណ៍។ មិនថាប្រទេសណាទេ ធ្លាក់ទេសចរទាំងអស់ រាប់ទាំងកម្ពុជា។ ពួកអឺរ៉ុបអត់មកអាស៊ី ដោយសារតែខ្លាចឆ្លង។ ឯពួកអាស៊ីអ្នកដែលធ្វើដំណើរច្រើនជាងគេ គឺចិន ១២០ លាន(នាក់) ទៅដល់ ១៥០ លាននាក់ឯណោះ ដែលចេញធ្វើដំណើរចេញមកទស្សនកិច្ច។ នៅកម្ពុជា ឆ្នាំកន្លងទៅនេះ យើងមានជាង ២ លាននាក់ ជាជនជាតិចិន មកលេងស្រុកខ្មែរ។ ថៃ​ប្រមាណ ១០ លាននាក់។ វៀតណាមក៏ទទួលទេសចរចិនច្រើនណាស់។ ប៉ុន្តែ ឥឡូវ សណ្ឋាគារ/ភោជនីយដ្ឋានមួយៗ គឺថាដាំក្បាលចុះហើយ …។

ជំងឺភ័យខ្លាច និងរើសអើង វាយប្រហារទីពីរ មកលើការផ្គត់ផ្គង់វត្ថុធាតុដើមពីចិន

បន្ទាប់ទៅស្អីទៀត? សេវាដឹកជញ្ជូន។ ដឹកជញ្ជូនហើយស្អីទៀត? វត្ថុធាតុដើម សម្រាប់ផលិតតាមប្រទេសនោះ។ ធ្ងន់បំផុតអា​រឿងហ្នឹងតែម្ដង។ អញ្ចឹង បានជាខ្ញុំបានប្រាប់កាលពីថ្ងៃទី ១០ ពេលបើកការដ្ឋានស្ថាបនាផ្លូវលេខ ២ និងលេខ ២២ ថា ប្រសិនបើមានការភ្ជួរបិទរោងចក្របណ្ដោះអាសន្នណាមួយ មិនមែនមកពី EBA នោះទេ។ EBA ​បើវាចូលជាធរមាននៅខែសីហាឯណោះ ហើយ EBA មិនមែនជារឿងភ័យខ្លាចរបស់កម្ពុជាទេ។ នេះអា Corona នេះ សម្រាប់ពេលនេះ ប្រទេសមួយចំនួនបានបិទរោងចក្រហើយ ដែលជាប្រទេសទទួលវត្ថុធាតុដើមចេញពីចិន។ ដូចជាសាច់ក្រណាត់ ភាគច្រើនផ្គត់ផ្គង់មកពីប្រទេសចិន ចូលកម្ពុជា ចូលវៀតណាម ចូលបង់ក្លាដេស ចូលសឹងតែគ្រប់ទីកន្លែង។ អញ្ចឹង បន្តិចទៀត អាវឡើងថ្លៃហើយ ចាំមើលទៅ ព្រោះប៉ះទង្គិច។ តែកាលណាបិទៗទាំងផ្លូវអាកាស/ទឹក … វត្ថុធាតុដើមចេញរួចឬមិនរួច?

ខ្មែរយើងមិនទាន់មានផលប៉ះពាល់ ពីការអាក់ខាននាំចូលវត្ថុធាតុដើមពីចិនទេ

សំណាង។ ខ្មែរយើងអត់បិទ។ ប៉ុន្តែ ខ្មែរយើងអាចមានសំណាងពីរ តាមការយើងបានស៊ើបសួរ។ មួយចំនួនបានដឹកវត្ថុធាតុដើមយកមកស្តុកទុកមុនចូលឆ្នាំចិន។ ហ្នឹងចំណុចល្អទី ១។ ចំណុចល្អទី ២ យើងអត់បានបិទផ្លូវហោះហើរជាមួយចិន ទាំងផ្លូវហោះហើរ និងទាំងផ្លូវទឹកទេ។ អញ្ចឹងទេ វត្ថុធាតុដើមអាចបញ្ជូនមកយើងបាន។ ប៉ុន្តែ ប្រទេសដទៃដែលបានបិទផ្លូវហោះហើរ បិទព្រំដែន បិទការដឹកជញ្ជូន តភ្ជាប់ ប្រហែលជាអាចមានផលប៉ះពាល់។ ហ្នឹងខ្ញុំគ្រាន់តែនិយាយពីបញ្ហាទាក់ទិនជាមួយនឹងឧស្សាហកម្មកាត់ដេរទេ។ ប៉ុន្តែ នៅឧស្សាហកម្មរថយន្ត នៅកូរ៉េខាងត្បូងក៏ប៉ះ នៅជប៉ុនក៏ប៉ះ នៅបារាំងក៏ប៉ះ និយាយរួម ផលិតផលដែលផ្គុំផលិតនៅចិន ហើយយកទៅផ្គុំ សម្រាប់យកទៅតភ្ជាប់ខ្សែសង្វាក់ផលិតកម្មនៅតាមប្រទេសនានា គឺរងគ្រោះទាំងអស់។ អញ្ចឹង វាវាយប្រហារសេដ្ឋកិច្ចតែម្ដង ដែលយើងត្រូវគិតទុកមុន។

សង្គ្រាមពាណិជ្ជកម្ម បូកនឹង ជំងឺភ័យខ្លាច និងការរើសអើង នាំឱ្យមានការប៉ះទង្គិចធ្ងន់ធ្ងរ

កំណើនសេដ្ឋកិច្ច ដោយមុននេះមានភាពមិនច្បាស់លាស់ ដោយមុននេះមានសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន វាត្រូវបានបន្ថែមមួយព្រនង់ទៀត ទៅលើភាពមិនច្បាស់លាស់ ស្ដីពីបញ្ហាទាក់ទងទៅនឹងជំងឺភ័យខ្លាច និងការរើសអើងនេះ។ បើត្រឹមតែ Corona វារឿងមួយហើយ វាត្រូវព្យាបាល វាត្រូវការពារ វាត្រូវសហការគ្នា ក៏ប៉ុន្តែ ជំងឺភ័យខ្លាច និងការរើសអើង បាននាំទៅដល់ការប៉ះទង្គិចធំណាស់។ ទេសចរចិនផ្អាកដើរលេងទៅក្រៅប្រទេស … អាចនឹងធ្វើឱ្យរង្គោះរង្គើទៅដល់ប្រព័ន្ធទេសចរតាមប្រទេសជាច្រើន។ ទម្រាំយើងទៅចលនាចិន ពេលដែលប្រធានាធិបតី Hu Jintao កាលនោះ ឯកឧត្ដម Xi Jinping នៅធ្វើជាអនុប្រធានាធិបតី … ខ្ញុំបាននិយាយជាមួយគាត់ថា ខ្ញុំត្រូវការទេសចរចិន ០,០១%។ ប្រជាជនចិន ១ ៣៥០ លាននាក់ បើ ០,០១% គឺបាន ១ ៣៥០ ០០០ នាក់ ប៉ុន្តែ ដល់ពេលឯកឧត្តម Xi Jinping ឡើងមក ខ្ញុំក៏និយាយជាមួយគាត់ ពេលទទួលទានអាហារពេលព្រឹកជាមួយគ្នា ស្រាប់តែទេសចរចិនហក់វឹបឡើងមកដល់ជាង ២ លាននាក់។ អញ្ចឹង ត្រូវដូរអត្រាហើយ ខ្ញុំចង់បានទេសចរចិន ០,០៥% គិតទៅ ឥឡូវ ប្រជាជនចិនឡើងដល់ ១ ៤០០ លាននាក់ទៅហើយ អញ្ចឹង វាលើសពី ៥ លាននាក់ ដែលយើងត្រូវការទេសចរចិនមកកាន់កម្ពុជា។ ចំនួននេះមិនស្មើសមត្ថភាពស្រូបរបស់ថៃនោះទេ។ ក៏ប៉ុន្តែ យើងត្រូវការទេសចរចិនមកកាន់កម្ពុជា។

“កម្ពុជាសុំអ្នកឯងកុំគេច” … ទេសចរចិននឹងសម្រុកមកកម្ពុជានៅអង្គរវត្ត

ក្នុងពេលដែលខ្ញុំទៅប្រទេសចិន មានអ្នកលេងផ្នែកអ៊ិនធើណែតហ្នឹងសម្បើមណាស់ តែមានចំណុចមួយដែលខ្ញុំចាប់អារម្មណ៍។ មានអ្នកលេងបណ្ដាញសង្គមម្នាក់ ប្រើពាក្យថា“កម្ពុជាអ្នកឯងសូមកុំគេច”។ ដំបូង​ៗខ្ញុំភ្ញាក់ដែរ ថាម៉េចអញ្ចេះ? “កម្ពុជាសូមអ្នកឯងកុំគេច” កុំគេចហ្នឹងមានន័យថា ទេសចរចិននឹងសម្រុកមកកម្ពុជានៅអង្គរវត្ត។ គេប្រើពាក្យអញ្ចឹង។ ព្រោះនៅពេលគេមានការរើសអើង ចំពោះប្រទេសចិន ខ្ញុំមានវត្តមាននៅក្នុងប្រទេសចិន ហើយពេលនោះ ខ្ញុំប្រាប់ប្រធានាធិបតី Xi Jinping និងឯកឧត្ដម Li Keqiang មកពីឯកឧត្ដមនាយករដ្ឋមន្រ្តី Li Keqiang ទេ គាត់ថា អរគុណ! ឯកឧត្ដម ហ៊ុន សែន ដែលបានចាប់ដៃខ្ញុំ ព្រោះខ្ញុំមកពីតំបន់វ៉ូហាន។ គេហាមឃាត់គាត់ ១៤ ថ្ងៃ។ ប៉ុន្តែ ដល់ខ្ញុំចាប់ដៃគាត់ៗបែរជាអរគុណ។ ហើយគាត់សុំអធ្យាស្រ័យពីសហការីរបស់យើង ដែលគាត់មិនបានចាប់ដៃ ហើយគាត់មិនបានជប់លៀងជូន។ គាត់ប្រគល់ឱ្យទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស រៀបចំបាយមួយពេលមុនពេលដែលខ្ញុំចាកចេញមក។ ដល់ពេលជួបឯកឧត្ដម Xi Jinping ខ្ញុំបានជម្រាបជូនគាត់ថា បើខ្ញុំមកប៉េកាំងខ្ញុំពាក់ម៉ាស ខ្ញុំមិនចាំបាច់មកទេ។ បើសិនពាក់ម៉ាស គឺជាការបញ្ជូនសារ នៃការភ័យខ្លាចជូនប្រជាជនចិនផង និងជូនប្រជាជនកម្ពុជាផង។

គេថា នាំជំងឺចូលស្រុកខ្មែរ តែអត់មានខ្មែរណាម្នាក់ឈឺជំងឺនោះទេ

មានអ្នកខ្លះគេថា លោក ហ៊ុន សែន កំពុងឈឺទៅទៀត។ ពេលមកពី(ចិន) គេថា ពេលនេះ លោក ហ៊ុន សែន កំពុងឈឺហើយ​។ ម្សិលមិញមានគេ live ស្អីមួយនេះ ខ្ញុំមើលហ្វេសប៊ុក BTV ស្រាប់តែមានអ្នកចូល Comment ថា មេដឹកនាំរបស់យើងកំពុងឆ្លងមេរោគហ្នឹងមែនទេ? ប៉ុន្តែ ខ្ញុំអត់ចូលទៅ Comment ត ព្រោះឥឡូវទូរទស្សន៍មួយៗ ក្នុងនោះមាន BTV ដែរ នៅពេលដែលគេផ្សាយលើកញ្ចក់ទូរទស្សន៍ គេមាន Facebook Page របស់គេមួយទៀត … យើងអាចមើលឃើញថា ព័ត៌មាននោះវាយ៉ាងម៉េច ហើយយើងអាចមើលទាំង Comment របស់គេចូលមកផង។ (អ្នក)ខ្លះសុទ្ធតែថា នាំជំងឺចូលស្រុកខ្មែរ។ ស្រុកខ្មែរអត់ទាន់មាននរណាកើតជំងឺមួយទេ។ ប្រហែលជាដល់ថ្ងៃ ​៣១ កុម្ភៈ ទើបមានជំងឺហ្នឹងកើតឡើង (សម្លេងសើច)។ យល់ដែរឬលោក/អ្នកគ្រូ? ថ្ងៃ ៣១ កុម្ភៈ ទើបមានជំងឺហ្នឹង។ បើខែកុម្ភៈ អត់មាន (ថ្ងៃទី) ៣១ អាហ្នឹងវាអត់ហើយ។

អនុវត្តអនាម័យរៀងៗខ្លួន, រាជរដ្ឋាភិបាលមិនងងឹតងងុល ខ្វះការទទួលខុសត្រូវ ចំពោះប្រជាពលរដ្ឋខ្លួនទេ

ពីមនុស្សម្នាក់ៗ ពីគ្រួសារមួយៗ អនាម័យ គឺយើងការពារបាន។ យើងមិនងងឹតងងុលរហូតទៅដល់ខ្វះការទទួលខុសត្រូវ លើសុខុមាលភាពប្រជាពលរដ្ឋខ្លួនឯងទេ។ យើងមានការទទួលខុសត្រូវលើបញ្ហានេះ។ យើងមានសមត្ថភាពគ្រប់គ្រងសភាពការណ៍នេះ។យអ្នកដែលមកនៅជាមួយយើងនេះ(អ្នកដំណើរតាមកប៉ាល់ Westerdam) នៅអូតែលសុខា​នេះ វាអត់មានជំងឺអីទេ។ បើមានជំងឺប្រហែលជាគាត់នៅមន្ទីរពេទ្យខ្មែរ-សូវៀតឯណោះ។ អ្នកដទៃមិនចាំបាច់ដាក់ផ្លែផ្កាឱ្យខ្ញុំទេ។ អ្នកឯងដាក់ទៅ ស្រេចតែខ្ញុំមិនត ព្រោះអ្នកឯងធ្វើមក ដើម្បីឱ្យខ្ញុំតតែប៉ុណ្ណឹង ដើម្បីឱ្យខ្លួនឡើងថ្លៃ។ យើងមិនតទេ។ សុំព័ត៌មានទាំងឡាយ កុំរើសយកថា លោក ហ៊ុន សែន មិនតមាត់ជាមួយនរណាម្នាក់នោះ ខ្ញុំអត់មាននិយាយចំឈ្មោះនរណាទេ។ សុំកុំយកភាសាថា លោក ហ៊ុន សែន មិនតជាមួយអ្នកនេះ/នោះ។ កុំនិយាយចំឈ្មោះអាណាទាំងអស់។ មិនដឹងអាណាទេ ប៉ុន្តែសារព័ត៌មានយើង ពេលដែលគេនិយាយអញ្ចឹង គាត់ទៅយកឈ្មោះអានេះ/នោះមកដាក់ …ធ្វើឱ្យគេច្រឡំថា ខ្ញុំតមាត់(ជាមួយ)វា។ ខ្ញុំអត់តទេ។ មនុស្សវាថោកអស់ហើយ តែគេមិនត(មាត់)នោះ។

ផលប៉ះពាល់នឹងមានលើកំណើនដែលគ្រោង ៦,៥% តែមិនមែនមកពី EBA ទេ

សេដ្ឋកិច្ចយើងច្បាស់ណាស់ថា ផលប៉ះពាល់ចាប់ផ្តើមដំបូង គឺពីទេសចរ មិនមែនតែសេដ្ឋកិច្ចកម្ពុជាទេ។ សេដ្ឋកិច្ចតំបន់អាស៊ីទាំងមូល រហូតដល់សេដ្ឋកិច្ចអឺរ៉ុប ប៉ះទង្គិចលើវិស័យទេសចរណ៍។ បន្ទាប់ទៅផ្នែកខ្លះ នៃវិស័យឧស្សាហកម្ម ដែលមានវត្ថុធាតុដើមចេញពីចិន ឬការផលិតផ្នែកខ្លះចេញពីចិន បន្ថែមលើសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងមានស្រាប់ ដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកពិបាកនឹងព្យាករទុកថា វាមានកំណើនប៉ុណ្ណា។ ការគ្រោងរបស់យើង កំណើន ៦.៥% យើងច្បាស់ណាស់ថា មានផលប៉ះពាល់ធ្លាក់ចុះ នៃកំណើននេះហើយៗ មិនមែនដោយសារអា EBA នោះទេ។ (ទី)ផ្សាររបស់យើងនៅតែមាន។

អំពី EBA ខ្ញុំទទួលយកការសម្រេចរបស់អ្នក តែសូមអ្នកទទួលយកការសម្រេចរបស់កម្ពុជាផងដែរ

សេចក្តីថ្លែងការណ៍លើបញ្ហា EBA នោះ ក៏នឹងធ្វើនៅថ្ងៃទី ៣១ កុម្ភៈ ២០២០ ដែរ ព្រោះខ្ញុំអត់និយាយអីទេ។ ម្សិលមិញ ខ្ញុំបាននិយាយក្នុងអង្គប្រជុំថា ខ្ញុំទទួលយកការសម្រេចរបស់អ្នក តែសុំឱ្យអ្នកទទួលយកការសម្រេចរបស់កម្ពុជាផងដែរ។ វាមានតែប៉ុណ្ណឹង ព្រោះហ្នឹង(ជា)សិទ្ធិរបស់គេៗ ជាអ្នកសម្រេច តែគេ(ក៏)ត្រូវគោរពនូវសិទ្ធិសម្រេចរបស់យើងផងដែរ។ ខ្ញុំអត់មានអីតបតទេ អាហ្នឹងសិទ្ធិនៅក្នុងដៃគេ។ ប៉ុន្តែ គេត្រូវគោរពសិទ្ធិក្នុងដៃរបស់យើងផងដែរ។ តែប៉ុណ្ណឹងវាឆាប់ចប់។ ខ្មែររស់វេទនាណាស់ ទម្រាំបានប៉ុណ្ណេះ។ បង់ពន្ធឱ្យគេទៅ ក្នុងមួយឆ្នាំ ១០០ (លានដុល្លារអាមេរិក) ឬជាង ១០០ (លានដុល្លារអាមេរិក) អីបន្តិចបន្តួច។ (ទី)ផ្សារនៅតែនាំចេញដដែល មានទៅស្អី។ ឱ្យក៏យក មិនឱ្យក៏ហី។ ហ្នឹងរឿងរបស់គេ ព្រោះជាសិទ្ធិរបស់គេ តែយើងគ្រាន់តែស្នើសុំឱ្យគេគោរពសិទ្ធិរបស់យើងវិញដែរ។ តែប៉ុណ្ណឹង។ ប៉ុន្តែ សេចក្តីថ្លែងការណ៍ផ្សេងៗ គឺចាំដល់ថ្ងៃទី ៣១ កុម្ភៈ ២០២០។ អញ្ចឹង វាអត់មានសេចក្តីថ្លែងការណ៍ ព្រោះវាអត់មានថ្ងៃនោះផង។

អំណោយកំដរដៃ

ថ្ងៃនេះ ខ្ញុំបាននាំមក សម្រាប់និស្សិតអធិការអប់រំ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ គ្រូបង្រៀន ដែលទទួលសញ្ញាបត្រ ចំនួន ១ ៩៧៧ នាក់។ សាស្ត្រាចារ្យ និងបុគ្គលិកវិទ្យាស្ថានជាតិអប់រំ ចំនួន ២៣៦ នាក់ សរុបទាំងអស់ ចំនួន ២ ២១៣ នាក់ ក្នុងម្នាក់ៗផ្តល់ជួនថវិកា ចំនួន ១០ ម៉ឺនរៀល។ ជូនវិទ្យាស្ថានជាតិអប់រំថវិកា ចំនួន ៥ លានរៀល។ សៀវភៅបានមកដល់ហើយ ទន្ទឹមនឹងថវិកានេះ គឺនឹងផ្តល់ជូនលោក/អ្នកគ្រូ និងអ្នកទាំងអស់ ដែលចូលរួមនៅទីនេះ (ជូន)សៀវភៅ លោកតា ក្រម ង៉ុយ ១ ច្បាប់ (សៀវភៅ)បណ្ឌិត អ៊ូ ចុង ១ ច្បាប់ សរុបទាំងអស់ គឺ ២ ២១៣ ច្បាប់ ហើយនៅសល់ ៨៧ ច្បាប់ តម្កល់ទុកនៅបណ្ណាល័យរបស់វិទ្យាស្ថានជាតិអប់រំទៅចុះ។

ភាគខាងត្បូងវៀតណាម ចាប់ផ្តើមផ្ទុះជំងឺគ្រុនផ្តាសាយបក្សី ត្រូវយកវិធានការប្រយ័ត្នប្រយែង

ខ្ញុំទទួលព័ត៌មាន (អំពី)ជំងឺគ្រុនផ្តាសាយបក្សីនៅវៀតណាម (គឺ)ចាប់ផ្តើមផ្ទុះនៅភាគខាងត្បូង អញ្ចឹងទេ ត្រូវយកវិធានការប្រយ័ត្នប្រយែង។ អញ្ចឹង បានថា អារឿងជំងឺនេះ វាទៅវាមកៗ អំពីបញ្ហាការប្រែប្រួល អាកាស​ធាតុហ្នឹងឯង វាអត់ទៅណាទេ។ ប៉ុន្មានខែមុន យើងនៅចាំទេ រឿងអីសុខៗប៉េសជ្រូកអាហ្វ្រិកកើតនៅក្រាំងយ៉ូវ? អ្នកខ្លះថា មកពីយើងដឹកជ្រូកមកពីវៀតណាម។ ចុះអ្នកក្រាំងយ៉ូវខ្វះជ្រូកស៊ីឬអី ចាំដឹកជ្រូកពីវៀតណាមមក? វៀតណាមសម្លាប់ជ្រូកអស់រាប់ម៉ឺនក្បាល។ ឥឡូវនេះ ឃើញព័ត៌មាន(ហ្នឹង) មិនដឹងថាពិតដល់កម្រិតណា ព្រោះប្រញាប់ត្រឡប់មក(ចែកសញ្ញាបត្រនៅទីនេះ) លឺថា គ្រុនផ្តាសាយបក្សីបានឆ្លងរាលដាលនៅភាគខាងត្បូងវៀតណាម។ អញ្ចឹងទេ យើងត្រូវតែប្រយ័ត្នប្រយែង។ ប្រយ័ត្នរឿងមាន់នៅខាងវៀតណាម បែរជាអ្នកខាងនោះខ្លាចគេសម្លាប់មាន់ ប្រឹងលក់មាន់មកខាងកម្ពុជា បញ្ជូនជំងឺគ្រុនផ្តាសាយបក្សីមកខាងកម្ពុជា។ ប៉ុន្តែ វៀតណាមក៏មានការទទួលខុសត្រូវរបស់វៀតណាមដែរ។

Covid-19 មិនមែនជារឿងថ្មី រឿងភ័យខ្លាច និងការរើសអើង ទើបជារឿងថ្មី

ជំងឺនៅលើពិភពលោកនេះ វាមានប្រភេទជំងឺច្រើន ហើយអារឿង Covid-19 វាមិនមែនជារឿងថ្មី រឿងថ្មី គឺ រឿងភ័យខ្លាច និងការរើសអើងតែប៉ុណ្ណឹង។ តែរឿងវីរ៉ុសមិនមែនជារឿងថ្មីទេ។ ខ្ញុំនៅចាំបាន ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន កាលហ្នឹង គឺថា ខ្ញុំពិភាក្សាជាមួយ Goh Chok-tong ជាមួយ Thaksin Shinawatra ដោយយើងទើបនឹងប្រជុំនៅចុងឆ្នាំ ២០០២ ហើយ អញ្ចឹងទេ លក្ខណសម្បត្តិរបស់យើងនៅពេលនោះ គឺជួបការលំបាក។ យើងស្នើឱ្យមានការកោះប្រជុំបន្ទាន់ (រវាង)អាស៊ាន-ចិន (ដោយ)ធ្វើឡើងនៅទីក្រុងបាងកក។ ថៃធ្វើជាម្ចាស់ផ្ទះ (ឯ)កម្ពុជាធ្វើជាប្រធានអង្គប្រជុំ។ ភាគីចិនចូលរួមដោយអតីតនាយក​រដ្ឋមន្ត្រី Wen Jiabao និងអតីតរដ្ឋបាលពិសេសហុងកុង Tung Chee-hwa។ ពេលនោះ យើងយកគំនិតផ្ដួចផ្តើមរកឃើញនៅប្រទេសណា ប្រទេសនោះទទួលបន្ទុកព្យាបាលឱ្យជា មុនពេលឱ្យគេធ្វើដំណើរ(ទៅប្រទេសរបស់គេវិញ)។ (បច្ចុប្បន្ននេះ) យើងក៏នៅបន្តគោលការណ៍នេះតទៅទៀត ហើយមនុស្សយើងឱ្យចាកចេញពីកម្ពុជា ទាល់តែយើងពិនិត្យថា សុខភាពគេច្បាស់លាស់ហើយ បានយើងឱ្យទៅ។ នេះយើងអនុវត្តនូវវិធានរបស់អង្គការសុខភាពពិភពលោក។

ថ្លឹងថ្លែងឱ្យបានដិតដល់ ប្រយ័ត្នប្រយែងអំពីសង្គ្រាមចិត្តសាស្ត្រ

បន្តិចជំងឺសារស៍ បន្តិចជំងឺគ្រុនផ្តាសាយបក្សី បន្តិចជំងឺជ្រូក ហើយវាមានអាគោឆ្កួតទៅទៀត។ (នៅ)អឺរ៉ុប និងអាមេរិកឧស្សាហ៍ណាស់គោឆ្កួត។ នៅឆ្នាំ ២០០០ នៅលើយន្តហោះក្នុងដំណើរពីប្រទេសបារាំងទៅគុយបា ទៅ La Havane ប្រពន្ធខ្ញុំទារតែសាច់គោ។ ខ្ញុំថា គោវាឆ្កួតអស់ហើយ។ ទារសាច់គោ។ បារាំងវាថា អត់មានសាច់គោទេ ទារសាច់គោអីបើគោវាឆ្កួតអស់ហើយហ្នឹង? ដល់មែនទែន នាយករដ្ឋមន្ត្រីបារាំងឈ្មោះ Lionel Jospin​ គាត់ចេញមកស៊ីឱ្យគេថត ថាគោបារាំងអត់ឆ្កួត។ នេះគ្រាន់តែទស្សនវិជ្ជានៃសង្គ្រាមពាណិជ្ជកម្មលើបញ្ហាសាច់គោ … តើអេស្ប៉ាញខាតតិចណាស់ឬអីរឿងត្រសក់? មានវីរុសនៅផ្លែត្រសក់ ហើយត្រសក់អេស្ប៉ាញលក់ទៅឱ្យអាល្លឺម៉ង់។ អាល្លឺម៉ង់ឈប់ទិញ ធ្វើឱ្យចំការត្រសក់អេស្ប៉ាញខូច ព្រោះត្រសក់អានេះទុកយូរបន្តិចវារហួសពេល ដោយសារខាងអាល្លឺម៉ង់ថារកឃើញវីរុសនៅក្នុងផ្លែត្រសក់។ អញ្ចឹង គ្រាន់តែមួយព្រឹបភ្លាម គឺធ្វើឱ្យអ្នកដាំត្រសក់នៅអេស្ប៉ាញមានបញ្ហា។ អញ្ចឹងទេ យើងត្រូវប្រយ័ត្នប្រយែងនៅកន្លែងហ្នឹង។ ត្រូវថ្លឹងថ្លែងឱ្យបានដិតដល់។

ចូលចិត្តអានអំពីការប្រៀនប្រដៅរបស់ ក្រម ង៉ុយ និងបណ្ឌិត អ៊ូ ចុង

នេះជាសៀវភៅរបស់ ក្រម ង៉ុយ ហើយនេះរបស់បណ្ឌិត អ៊ូ ចុង អាកន្លែងហ្នឹងខ្ញុំនៅតែចូលចិត្តអាន “ម៉ែឪ ចាស់ៗ ព្រឹកឡើងឃ្លានណាស់ គួរឱ្យវិយោគ ឪទារពិសារ កូនថាមុនលោក ពុំបានបរិភោគ គេឱ្យបាបផង។ នេះបុណ្យផ្កាប់មុខ ឬបុណ្យចោលស្រុក ព្រោះដើរផ្លូវឆ្គង បុណ្យមិនត្រកាល វិសាលឡើយហោង ព្រោះដើរកន្លង ឱ្យម៉ែឪអត់” គាត់ចង់ប្រដៅថា បើចង់ទៅវត្តឱ្យធ្វើបុណ្យជាមួយនឹងមាតាបិតាសិន។ អញ្ចឹង ស្រឡាញ់​សៀវភៅហ្នឹងពេក គឺថាឱ្យ ពុយ គា រៀបចំចូលរោងពុម្ពបោះ។ ខ្ញុំនឹងបន្តបោះ ពេលណាជួបជាមួយគ្រូ អនុស្សាវរីយ៍សៀវភៅពីរក្បាលហ្នឹងយកទៅ ព្រោះអាហ្នឹងមិនមែនជាទ្រឹស្តីរបស់ខ្ញុំ គ្រាន់តែបោះពុម្ពតែប៉ុណ្ណឹងទេ។ ហើយយកទៅមើលទៅ។

មិនធ្វើផ្ទុយគោលការណ៍អង្គការពាណិជ្ជកម្មពិភពលោក តែត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ

ពេលខ្លះ កសិកររបស់គេៗត្រូវការពារ។ ដូចជាសាច់គោអាមេរិក ពិបាកនាំចូលកូរ៉េខាងត្បូងណាស់ តែនាំចូលកសិករកូរ៉េខាងត្បូងបាតុកម្មតែម្តង។ ឯយើងៗមិនធ្វើផ្ទុយពីគោលការណ៍អង្គការពាណិជ្ជកម្មពិភពលោកទេ ក៏ប៉ុន្តែ យើងត្រូវមានការត្រួតពិនិត្យផ្នែកចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីការពារការរីករាលដាល ហើយត្រូវបំផុសឱ្យប្រជាពលរដ្ឋរបស់យើងដាំដុះបន្លែបង្កាដោយគ្មានប្រើប្រាស់គីមី ហើយកាត់បន្ថយការនាំចូលពីប្រទេសក្រៅ ដែលមានការប្រើប្រាស់នូវគីមី។ (នេះ)ជាវិធានការ ដែលយើងប្រកាន់យក ជម្រុញការដាំដុះក្នុងស្រុក ហើយជម្រុញចូលទីផ្សារ ហើយទីផ្សាររបស់យើង មិនសំដៅនាំចេញទៅក្រៅទេ។

ពង្រឹងសមត្ថភាពដាំដុះរបស់កសិករ ដើម្បីផ្គត់ផ្គង់តាមសណ្ឋាគារ

សព្វថ្ងៃនេះ ទេសចររបស់យើង ប្រើប្រាស់ផ្គត់ផ្គង់មកពីខាងក្រៅ រាប់ទាំងបន្លែបង្កា។ យើងត្រូវពង្រឹងសមត្ថភាពដាំដុះរបស់កសិករយើង ដើម្បីផ្គត់ផ្គង់តាមសណ្ឋាគារ។ ការចិញ្ចឹមសត្វ/ត្រី ដើម្បីផ្គត់ផ្គង់ចូលសណ្ឋាគារ។ នេះជាផ្នែកមួយ នៃការនាំចេញនៅហ្នឹងកន្លែង ដោយមិនចំណុះទៅលើទីផ្សារខាងក្រៅ ហើយកាត់បន្ថយការនាំចេញរូបិយប័ណ្ណទៅទិញពីខាងក្រៅ។ ទីចុងបំផុត (វិស័យ)ទេសចរណ៍យើងទទួលបានតែសំបកទេសចរទេ ព្រោះអាការផ្គត់ផ្គង់សម្រាប់វិស័យទេសចរណ៍ ត្រូវធ្លាក់ទៅលើប្រទេស ដែលយើងនាំមក ផ្គត់ផ្គង់ទេសចរក្នុងស្រុកដដែល។ អញ្ចឹង បើទោះបីទេសចរមិនទៅប្រទេសក្រៅ ក៏ប្រទេសដទៃនោះទទួលផលប្រយោជន៍ពីទេសចរនៅកម្ពុជាទៅវិញ។ អញ្ចឹង យើងត្រូវតែយកទស្សនទានមួយឱ្យច្បាស់ ទៅលើទស្សនទាន នៃវិស័យទេសចរណ៍ គឺ “ការនាំចេញនៅនឹងកន្លែង ពង្រឹងសមត្ថភាពផ្គត់ផ្គង់ទេសចរណ៍ដោយការដាំដុះ ការចិញ្ចឹមសត្វ និងធ្វើអ្វីផ្សេងទៀត ដើម្បីផ្គត់ផ្គង់ទេសចរណ៍”។ ការផ្គត់ផ្គង់ប្រជាពលរដ្ឋរបស់យើង ដែលធានាមិនប្រើប្រាស់គីមី ដែលនាំទៅដល់ការខូចសុខភាព …។

បើចិនរកឃើញថ្នាំព្យាបាលជំងឺ Covid-19 មិនយូរទេ សភាពការណ៍នឹងប្រែប្រួល

ឥឡូវហ្នឹងទេសចរវាមុខតែស្តារឡើងវិញ។ បើចិនគាត់រកឃើញអាថ្នាំព្យាបាលជំងឺហ្នឹង មិនយូរទេ សភាពការណ៍(នឹង)ស្តារ ព្រោះប្រទេសចិនកាលពីពេលមុននេះគេថាប្រទេសស្ងាត់ៗអី? បើប្រទេសចិនចូលឆ្នាំចិន គាត់ឱ្យឈប់ដល់ទៅបីអាទិត្យឯណោះ។ ដូច្នេះ វាកើតឡើងចំពេលចូលឆ្នាំចិន បានសេចក្តីថា រោងចក្រគេអត់ដំណើរការ។ ឥឡូវ គេបើក(ឱ្យ)រោងចក្រដំណើរការឡើងវិញធម្មតា លើកលែងតែ តំបន់វ៉ូហានទេ ក្រៅពីនោះដំណើរការឡើងវិញ។ ប្រទេសធំណាស់។ កុំទៅព្រួយ។ បិទជើងហោះហើរពីវ៉ូហាន ដោយសារតែចិនគេបិទខ្លួនគេ មិនត្រឹមតែបិទមិនឱ្យហោះចេញក្រៅប្រទេសទេ ក្នុងប្រទេសចិនខ្លួនឯង ហោះទៅខេត្តដទៃគេមិនឱ្យទៅ។ ផ្លូវដែកក៏ទប់ស្កាត់។ អ្នកដែលចេញពីវ៉ូហាន ត្រូវទៅនៅដាច់ដោយឡែក ១៤ ថ្ងៃសិន មុននឹងប្រាស័យទាក់ទងនៅកន្លែងផ្សេង។ គេមានការទទួលខុសត្រូវរបស់គេ។

ចិន(មាន)មនុស្ស ១ ៤០០ លាននាក់ និយាយតាមមួយបែប គ្រាន់តែនោមស្មើគ្មា ក្លាយទៅជាទឹកជំនន់។ នាំគ្នាផឹកទឹក រួចហើយណាត់គ្នា ចាំដល់ម៉ោង ១២ ថ្ងៃត្រង់ចាំនោម។ ចិន និងឥណ្ឌា ថ្ងៃក្រោយ គឺថា ពីរប្រទេសហ្នឹង បើនោមស្មើគ្នា គឺថា ដល់កហើយ … ចំនួនអ្នកជាកើនជាង ១ ម៉ឺននាក់ បានសេចក្តីថា គេមិនទាន់រកឃើញថ្នាំផង គេព្យាបាលអ្នកដែលឆ្លងមេរោគនេះបានជាជាង ១ ម៉ឺននាក់ រួចស្រេចទៅហើយ។ ប្រសិនបើថ្នាំនេះមានប្រសិទ្ធភាពទៀត ចិននឹងស្តារឡើងវិញឆាប់ ហើយល្បឿនអភិវឌ្ឍន៍របស់ចិននៅតែបន្ត ដែលចិនអាចជួយទៅដល់កំណើនសេដ្ឋកិច្ចរបស់ចិនខ្លួនឯង និងជួយទៅដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់ផងដែរ។

ជាមួយនឹងការអបអរសាទរ ចំពោះវឌ្ឍនភាព នៃវិស័យអប់រំ និយាយជារួម និងអបអរសាទរ ចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមនឹងក្រុមគ្រួសារ ដែលមកអបអរសាទរផងដែរ ខ្ញុំសូមជូនពរ ឯកឧត្ដម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...