ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអះអាងថា រាជរដ្ឋាភិបាល បានធ្វើការផ្ទេរនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងមុខងារមួយចំនួនដល់ថ្នាក់ក្រោមជាតិគ្រប់គ្រង និងទទួលខុសត្រូវទាំងស្រុងជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីកសាងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យទៅជារដ្ឋបាលឯកភាព។
ក្នុងពិធីបូកសរុបលទ្ធផលនៃអង្គសន្និបាតឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា នេះគឺស្របនឹងការផ្ទេរនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងមុខងារមួយចំនួន ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺយើងនឹងកសាងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យទៅជារដ្ឋបាលឯកភាព។ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា រដ្ឋបាលឯកភាពនេះ មានន័យថា អភិបាលខេត្ត រដ្ឋបាលខេត្ត រួមទាំងក្រុមប្រឹក្សាផង គឺពួកគាត់មានសិទ្ធិគ្រប់គ្រងគ្រប់ការងារទាំងអស់នៅក្នុងខេត្តរបស់គាត់លើគ្រប់វិស័យ។ សម្តេចក្រឡាហោមបានបញ្ជាក់បន្ថែមថា រដ្ឋបាលឯកភាព គឺជារដ្ឋបាល ប្រមូលផ្តុំឯកភាពរាល់កិច្ចការទាំងអស់ ដែលមាននៅក្នុងខេត្តនីមួយៗ ត្រូវមានសិទ្ធិដឹង និងគ្រប់គ្រងរៀបចំចាត់ចែងសម្របសម្រួលស្របតាមច្បាប់ដែលបានចែងជាធរមាន លើកលែងតែការងារណាដែលមិនមែនជាសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត។
សម្តេចក្រឡាហោមបានបន្តទៀតថា នេះគឺប្រៀបដូចជាការពង្រីកចំណេះដឹងដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការរបស់យើង ពីព្រោះរាល់កិច្ចការទាំងអស់គឺពួកគាត់ជាអ្នកអនុវត្តន៍ មិនមែនមានតែមន្រ្តីថ្នាក់ក្រសួងនោះទេ៕
ដោយ រិទ្ធី