ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថាក្រសួងនឹងបញ្ជូលមន្ត្រីរបស់ក្រសួងមហាផ្ទៃដើម្បីចុះតាមមូលដ្ឋានបើកវេទិកាបណ្តុះបណ្តាល ពង្រឹងភូមិ ឃុំមានសុវត្ថិភាពនៅពេលខាងមុខនេះ។
ថ្លែងក្នុងសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បាន គូសបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនឹងចាត់ឱ្យមន្ត្រីក្រសួងចុះទៅធ្វើវេទិកាសាធារណៈ ទាក់ទងនឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពដែលជាប្រធានបទតែមួយប៉ុ ណ្ណោះសម្រាប់មន្រ្ដីក្រសួង។ សម្ដេចក្រឡាហោមបញ្ជាក់បន្ថែមថា “យើងយកតែប្រធានបទមួយនេះទេ ចំណែកប្រធានបទផ្សេងទៀត ក្រុមការងារថ្នាក់ខេត្តដើម្បីធ្វើការងារនេះ អីញ្ចឹងសូមឱ្យមានការសហការគ្នា ព្រោះថារឿងភូមិ ឃុំមានសុវត្ថិភាពជារឿងសំខាន់ណាស់”។
សម្តេចក្រឡហោមបានបន្ដថា រឿងមូលដ្ឋានជារឿងគន្លឹះមួយដែលចាំបាច់ណាស់ ដែលកន្លងមកមានអង្គការអូស្ត្រាលីបានវាយតម្លៃថាការអនុវត្តជាង៨០ភាគរយ យ៉ាងណាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាននាយករដ្ឋាន អនុប្រធាន ត្រូវសហការគ្នាធ្វើវេទិកាសាធារណៈ ទាក់ទងនឹងរឿងភូមិ ឃុំមានសុវត្ថិភាព ដាក់តែប៉ុណ្ណោះ ហើយចំពោះការចូលរួមពីក្រសួងផ្សេងទៀតយើងស្វាគមន៍។ ជាមួយគ្នានេះដែរ សម្តេចក្រឡាហោមក៏បានជំរុញឱ្យសមត្ថកិច្ចធ្វើកិច្ចសហប្រតិបត្តិការគ្នាក្នុងបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស បទល្មើសការជួញដូរផ្លូវភេទ និងបទល្មើសការជួញដូរ ផលិតផលក្លែងក្លាយឱ្យបានម៉ឹងម៉ាត់ និងមានប្រសិទ្ធភាព។
សម្ដេចក្រឡាហោមបានបន្ថែមថា “បញ្ហាគ្រឿងញៀននេះកន្លងទៅយើងបានធ្វើបានច្រើនដោយសមត្ថកិច្ចនគបាលយុត្តិធម៌បានបង្គ្រាបគ្រឿងញៀនដោយមានការសហការពីសមត្ថកិច្ចរាជធានី ខេត្ត ដែលចាប់បានជាង១តោនហើយ។ ប៉ុន្តែសម្រាប់កម្ពុជាយើងដែលចំនួននេះគឺច្រើនណាស់ព្រោះថាប្រជាជនយើងមានជាង១៥លាននាក់ទេ។ ក្នុងករណី បើមិនបង្ក្រាបបញ្ហាគ្រឿងញៀនទេ នោះកម្ពុជាយើងនឹងក្លាយជាសំបុកគ្រឿងញៀនជាមិនខាន។”
ដោយ ប៊ុនរិទ្ធ