សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប អគ្គលេខាបក្ស និង ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

41

នៅរសៀលថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ ឯ.ឧ ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាបក្ស និង ជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព។

ឯ.ឧ ប៊ុនញ៉ាំង វរជីត បានគោរពជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ជារៀងដរាបមក កម្ពុជា និងឡាវជាមិត្តជិតស្និតជាទីបំផុត ហើយក៏ជាមិត្តដែលបានជួយគ្នាទៅវិញទៅមក ក្នុងន័យនេះ គឺបានបង្កនូវលក្ខណៈឲ្យប្រទេសទាំងពីរជាប្រទេសភូមិផងរបងតែមួយ ជាប្រទេសជិតខាងដ៏ល្អ ហើយក៏ជាប្រទេសដែលមានកំណើនពាណិជ្ជកម្មទៅវិញទៅមកកាន់តែកើនឡើងល្អ ជាងនេះទៀតក៏មានសុវត្ថិភាពល្អផងដែរនៅតាមព្រំដែន។ ជាមួយគ្នានេះ ឯ.ឧ បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថាកន្លងមកភាគីឡាវមានសេចក្តីរីករាយយ៉ាងខ្លាំងដែលនាយករដ្ឋមន្ត្រីទាំងពីរបានលើកកម្ពស់លើកទំនាក់ទំនងប្រទេសទាំងពីរឲ្យទៅជាទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលយូអន្លាយ និងបានជំរុញបន្ថែមទៀតនូវទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធនិងកាន់តែមានកម្រិតជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងន័យនេះដែរ ឯ.ឧ បានបន្តគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងរយៈពេល២ ឆ្នាំកន្លងមកនេះ ឯ.ឧ បានមកកម្ពុជា ហើយបានសង្កេតឃើញថាប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សជាទីបំផុត ចំពោះប្រជាពលរដ្ឋកម្ពុជាវិញ ក៏មានជីវភាពរស់នៅល្អប្រសើរផងដែរ។ ទន្ទឹមនឹងនេះ ឯ.ឧ បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី បន្ថែមទៀតថា ឯ.ឧ បានចូលគាល់ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង ហើយក៏បានជួប សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។ ជាមួយគ្នានេះ ឯ.ឧ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជាទីបំផុតជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និប្រជាពលរដ្ឋកម្ពុជា ដែលបានស្វាគមន៍ក្នុងដំណើរទស្សនកិច្ចរបស់ ឯ.ឧ យ៉ាងកក់ក្តៅជាទីបំផុត ហើយការធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជាពេលនេះគឺទទួលបានជោគជ័យ និងបន្តជោគជ័យទៀតនៅថ្ងៃស្អែក។

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពនិង បានវាយតម្លៃខ្ពស់អំពីទំនងល្អរវាងប្រទេសទាំងពីរដែលបានលើកឡើងដោយ ឯ.ឧ ប៊ុនញ៉ាំង វរជីត ហើយ សម្ដេចតេជោ បានលើកទឹកចិត្តធ្វើយ៉ាងណាយើងគម្បីជំរុញឲ្យទំនាក់ទំនងល្អនេះកាន់តែស៊ីជម្រៅថែមទៀត ស្របតាមអ្វីដែលយើងបានចុះហត្ថលេខាក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផង។ ជាងនេះទៅទៀត សម្ដេចតេជោបានមានប្រសាសន៍ ថា គប្បីណាតាមព្រំដែនអាជ្ញាធរដែនដីទាំងសងខាងដែលបានដើរតួយ៉ាងសំខាន់ជំរុញទំនាក់ទំនងឲ្យបានយ៉ាងជិតស្និទ្ធ ហើយអាចបង្កើតឲ្យមានកម្មវិធីកីឡារួមគ្នាផង ដែលធ្វើយ៉ាងណាឲ្យទំនាក់ទំនងល្អនេះឈានដល់ការដោះស្រាយរាល់បញ្ហាផ្សេងៗដែលកើតមានឡើងនៅតាមព្រំដែន។ ទន្ទឹមនឹងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាមិនត្រឹមតែអាជ្ញាធរដែនដីទេ ក័ងទ័ពនៃប្រទេសយើងទាំងពីរ ក៏គប្បីដែលជំរុញទំនាក់ទំនង់ឲ្យបានកាន់តែជិតស្និតផងដែរ ព្រោះកាលណាមានភាពជិតស្និតហើយទោះបីមានរឿងអ្វីក៏អាចដោះស្រាយ និង ពិភាក្សាគ្នាបានដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរ ឯ.ឧ ប៊ុនញ៉ាំង វរជីត ទទួលបានសុខភាពល្អ និងជោគជ័យក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា៕