ប្រធានរដ្ឋឡាវ សម្តែងមោទនភាពចំពោះការរីកចម្រើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ឡាវ

ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ — នៅក្នុងជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា ឯកឧត្តម ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ បានសម្តែងនូវមោទនភាពចំពោះការរីកចម្រើននៃទំនាក់ ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ។

តាមរយៈការរីកចម្រើននេះ ឯកឧត្តមប្រធានរដ្ឋ បានមានប្រសាសន៍ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ មានការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក និងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាជាច្រើនវិស័យ ជាពិសេសវិស័យអប់រំ វប្បធម៌ ការពារជាតិ ការពារសន្តិ សុខសាធារណៈ ក៏ដូចជាបញ្ហាព្រំដែន។ ឯកឧត្តមប្រធានរដ្ឋ បានសម្តែងនូវសេចក្តីរីក រាយដោយមើលឃើញថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ និងមានការរីកចម្រើនជានិច្ច។

ចំពោះបញ្ហាព្រំដែន ឯកឧត្តមប្រធានរដ្ឋ បានគាំទ្រការដោះស្រាយរួមគ្នារបស់ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញមកទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយភាគីទាំងពីរក៏បានលើកកម្ពស់ទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែង។

ឯកឧត្តមប្រធានរដ្ឋ បានរម្លឹកថា ប្រទេសឡាវ និងប្រទេសកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីបុរាណកាលមក។ ប្រទេសទាំងពីរជានិច្ចកាល តែងតែរួមគ្នាថែរក្សាសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ទោះ ជាប្រទេសទាំងពីរជួបឧបសគ្គយ៉ាង ណាក៏ដោយ ក៏ប្រទេសទាំងពីរបានខិតខំដើម្បី សុខដុមរមនា សម្រាប់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។ ប្រទេសទាំងពីររួមគ្នាថែរក្សាការពារព្រំដែនឱ្យមានសន្តិសុខ ដើម្បីឱ្យព្រំដែនក្លាយជា ព្រំដែន សន្តិ-ភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ បញ្ហាប្រឈម និងបញ្ហាគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ ការជួញដូរខុសច្បាប់ ទាមទារឱ្យសមត្ថកិច្ចនៃប្រទេសទាំងពីរ ត្រូវខិតខំសហការជាមួយគ្នា ដើម្បីប្រឆាំងនឹងអំពើខុសច្បាប់នេះ។

ឯកឧត្តមប្រធានរដ្ឋ បានមានប្រសាសន៍ថា ប្រទេសឡាវបានលក់ អគ្គិសនីឱ្យប្រទេសកម្ពុជាចំនួន ១៩៥មេហ្គាវ៉ាត់ ហើយបើតាមផែនការ ប្រទេសកម្ពុជាត្រូវ ការអគ្កិសនីចំនួន ៣.០០០ មេហ្គាវ៉ាត់បន្ថែមទៀតនៅឆ្នាំ២០៣០។ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានសំណូមពរសម្តេចប្រធានព្រឹទ្ធសភា ជួយជំរុញឱ្យប្រទេសទាំងពីរ មានការផ្លាស់ប្តូរទស្សនកិច្ចគ្នា ក៏ដូចជាការសហការគ្នាទៅវិញទៅមកឱ្យ កាន់តែច្រើនថែមទៀត ដើម្បីបង្កើនការយោគយល់គ្នា។

ឯកឧត្តម ប៊ុន ញ៉ាំង វរជិត ក៏បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបាន ទទួលស្វាគមន៍ ដោយមិត្តភាព ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា និងជាបងប្អូន។ ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោក ជំទាវប្រធាន រដ្ឋសភាឡាវ ជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាផងដែរ។

ជាមួយនេះសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះប្រសាសន៍ ដ៏ល្អប្រពៃរបស់ឯកឧត្តម      ប៊ុនញ៉ាំង វរជិត និងសូមអរគុណលោកជំទាវប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានផ្តាំផ្ញើសួរសុខទុក្ខសម្តេចផ្ទាល់។

ក្នុងនាមព្រឹទ្ធសភា ប្រជាជនកម្ពុជា និងក្នុងនាមខ្លួនសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងសូមស្វាគមន៍ដ៏កក់ក្តៅបំផុតចំពោះឯកឧត្តមប្រធានរដ្ឋ និងគណៈប្រតិភូ ដែលបាន អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវ រដ្ឋរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ និងសូមចាត់ទុកទស្សនកិច្ចនេះ ជាទស្សនកិច្ចប្រវត្តិសាស្រ្ត ដែលនាំមកនូវការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសឡាវ គឺជាដៃគូដ៏ល្អ ជាមិត្តល្អ ជាបងប្អូនល្អ និងជាអ្នកជិតខាងល្អ។ ក្នុងនាមព្រឹទ្ធសភា សម្តេចសូមគាំទ្រ ទាំងស្រុងរាល់កិច្ចព្រមព្រៀង និងអនុស្សរណៈដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខា និងសូមលើកទឹកចិត្តឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជំរុញការអនុវត្ត ឱ្យមានប្រសិទ្ធភាព ដើម្បីជាគុណប្រយោជន៍ក្នុងការអភិវឌ្ឍ ប្រកបដោយមោទនភាព វិបុលភាព សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាចូលរួមចំណែកថែរក្សាសុខសុវត្ថិភាព នៅក្នុងតំបន់ និងអន្តរជាតិ៕

ដោយ ដោយ ប៉ាល់ សុង

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ