សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាគឺនៅកាន់តែជិតជាមួយមិត្តចិន ជាពិសេសក្នុង កាលៈទេសៈដ៏លំបាកនេះ

ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រ​សា​ស​ន៍​​ថា កម្ពុជាគឺនៅកាន់តែជិតជាមួយមិត្តចិន ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ ព្រោះ​ថា​​មិត្ត​​​​​​​​​​ល្អមិនបោះបង់ចោលគ្នាក្នុងគ្រាអាសន្ន។

នៅលើបណ្ដាញនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេច​តេជោ​នា​​​​​​​​​​​​​​​​​​​​​​​​​​​​​យ​ក​រដ្ឋមន្ត្រីសរសេរថា “ថ្ងៃនេះខ្ញុំត្រូវ​ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅម៉ោង ៨:៣០ ព្រឹកនេះ។ ខ្ញុំសូមជម្រាបបងប្អូនផងដែរអំពីសុខភាពរបស់ខ្ញុំគឺនៅល្អរឹងមាំដូចធម្មតា។” សម្ដេចតេជោក៏សូម​អ​រ​គុណ​បងប្អូនដែលមានការព្រួយបារម្ភអំពីសុខភាពខ្ញុំ និងបានជូនពរខ្ញុំ​ក្នុងពេលបំពេញបេស​​ក​​​​​កម្ម​ការងារនៅកូរ៉េ និងនៅប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី០៣ ដល់​ថ្ងៃទី០៥ ខែកុម្ភះកន្លង​​មកនេះ​។ សម្ដេចតេជោបានលើកឡើងថា ច្បាស់ណាស់ កម្ពុជាគឺ​នៅ​កាន់​តែជិតជាមួយមិត្តចិន ជាពិសេសក្នុងកាលៈ​ទេសៈ​​ដ៏​លំ​បាក​នេះ​ ព្រោះថាមិត្តល្អមិនបោះ​បង់​ចោលគ្នាក្នុងគ្រាអាសន្ន។ សម្ដេចតេជោក៏សូមជូនពរបងប្អូនជន​រួម​ជា​​តិ និង​កូ​ន​ក្មួយ​ជួប​តែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា។

គួរបញ្ជាក់ដែរថា របៀបវារៈចំនួន៤ នឹងត្រូវដាក់ឆ្លងពិភាក្សា និងអនុម័ត ក្នុងកិ​ច្ចប្រ​ជុំ​ពេ​ញ​​អង្គគណៈរ​ដ្ឋ​ម​ន្ត្រី នាព្រឹកថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី០៧ ខែកុម្ភៈ ឆ្នាំ​​​២០២០ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច​អគ្គ​ម​ហា​សេនាបតី​តេ​ជោ​​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ របៀប​វារៈ​ទាំង​នោះ​ រួមមាន ១. សេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតក្រសួងឧស្សាហកម្ម វិ​ទ្យា​​​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ២. សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការរៀបចំ និងប្រព្រឹត្ត​ទៅ​របស់ក្រសួងឧ​ស្សា​ហ​ក​ម្ម វិ​ទ្យា​​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ៣. គម្រោងអភិវឌ្ឍន៍​រោង​ចក្រអគ្គិសនីដុតធ្យូងថ្ម ២​៦​៥​ម៉េហ្គាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ គ​ម្រោ​ងអភិវឌ្ឍន៍​បណ្ដាញ​បញ្ជូន២៣០គីឡូវ៉ុល ពីរោងចក្រអគ្គិសនីធ្យូងថ្មខេត្តឧត្ដរមានជ័យ​មក​អ​នុ​​ស្ថានីយសៀមរាប និង​គ​ម្រោ​​ង​​អភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០មេហ្គាវ៉ាត់ នៅស្រុ​ក​បទុមសាគរ ខេត្តកោះកុង និងការអនុវត្តបន្តទៀត។ ៤. បញ្ហាផ្សេងៗ សំណើសុំការយល់​ព្រម​​ពីគណៈ​រដ្ឋមន្ត្រី ដើម្បីសុំការ​អ​​នុម័ត​ពីស្ថាប័ននីតិប្បញ្ញត្តិលើ ៤.១ សន្ធិសញ្ញាស្ដីការជួយគ្នា​ទៅ​វិញ​ទៅ​មក​ផ្នែកច្បាប់ក្នុងវិ​ស័​យ​​ព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ​​សង្គ​មនិយមវៀតណាម។ ៤.២ សន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និ​ង​​សាធារណរដ្ឋសង្គមនិយម​វៀ​ត​​ណាម។ ៤.៣ ពិធីសារទីមួយ ដើម្បីធ្វើវិសោធនកម្មលើកិច្ច​​ព្រម​ព្រៀងពាណិជ្ជកម្មទំនិញ​​អាស៊ាន។ ៤.៤ ពិធីសារទីពីរ ស្ដីពីវិសោធនកម្មកិច្ចព្រមព្រៀង​​វិ​និ​យោ​គទូលំទូលាយអាស៊ាន។ ៤.៥​ ពិធីសារទីបី ស្ដីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគ​ទូ​លំ​​ទូលាយអាស៊ាន៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ