ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ — បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយជោគជ័យ ឯកឧត្ដម ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញចាកចេញពីកម្ពុជាហើយ នារសៀលថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២០ តាមជើងយន្តហោះពិសេស។
អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមារាជវាំ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។ ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា ឯកឧត្ដម ប៊ុនញ៉ាំង វរជីត បានអញ្ជើញចូលក្រាបបង្គំគាល់ព្រះកុរុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានជំនួបដោយឡែកពីគ្នាជាមួយ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ជាមួយគ្នានេះ ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឯកឧត្ដម ប៊ុនញ៉ាំង វរជីត (Bounnhang VORACHITH) ក៏បានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌប ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជាផងដែរ។
គួរបញ្ជាក់ដែរថា ឯកឧត្ដម ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជាកាលព្រឹកថ្ងៃទី០៩ ខែ កុម្ភៈ ឆ្នាំ២០២០ ដើម្បីបំពេញទស្សនកិច្ចផ្លូងរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ (ថ្ងៃទី០៩-១០ ខែកុម្ភៈ ឆ្នាំ២០២០) ដែលជាការតបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្ដម ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) គឺជាព្រឹត្តការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅបន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក៏ដូចជា រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស និងប្រជាជន ដែលជាអ្នកជិតខាងល្អទាំងពីរ ឱ្យកាន់តែប្រសើរឡើងថែមទៀត៕
ដោយ ជឹម ណារី