សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន, ពិធីជួបជុំសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរ កំពុងស្នាក់នៅ/ធ្វើការ/សិក្សានៅសាធារណរដ្ឋកូរ៉េ

CNV:

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗ បងប្អូនទាំងអស់ ដែលជា ពលករ ពលការិនី និស្សិត ក៏ដូចជាក្មួយៗដែលមានក្រុមគ្រួសារនៅប្រទេសកូរ៉េ ដែលបានចូលរួមនៅក្នុងពេលនេះ។

គ្រាន់តែគ្រួសារមិនស្រឡាញ់ផង តើអ្នកទៅស្រឡាញ់ប្រជាជនយ៉ាងម៉េច?

ថ្ងៃនេះ យើងបានជួបគ្នាពិតប្រាកដ ខុសប្លែកកាលពីឆ្នាំទៅ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការសុំអធ្យាស្រ័យអំពីការអាក់ខានកាលពីឆ្នាំកន្លងទៅនេះ។ ពេលនោះ ពិតជាមានការលំបាកមែន ត្រៀមនឹងរៀបចេញដំណើរទៅហើយ ក៏ប៉ុន្តែដោយសារជំងឺ(ម្ដាយក្មេក)ធ្ងន់ពេក នៅក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ដែលយើងមិនអាចដឹងបានថា តើគាត់អាចរស់ ឬស្លាប់។ សម្រាប់យើងជាកូន ត្រូវសម្រេចចិត្តបែបណា ម្ខាងការងារប្រទេសជាតិ តែម្ខាងទៀតគឺកិច្ចការទាក់ទងជាមួយនឹងម្ដាយក្មេក។ ម្ដាយក្មេក និងម្ដាយបង្កើត អត់មានអ្វីខុសគ្នាទេ។ រឿងនេះ អ្នកខ្លះបានធ្វើអត្ថាធិប្បាយចូលមកនិយាយនៅក្នុងហ្វេសប៊ុករបស់ខ្ញុំ អំពីបញ្ហាដែលថា គិតអំពីគ្រួសារច្រើនជាងគិតពីប្រទេសជាតិ។

ពេលនោះ ខ្ញុំក៏បានឆ្លើយតបត្រឡប់ទៅវិញថា បើសិនជាអ្នកឯងគ្រាន់តែគ្រួសារមិនស្រឡាញ់ផង តើអ្នកទៅស្រឡាញ់ប្រជាជនយ៉ាងម៉េច? រឿងហ្នឹង និយាយឱ្យពិតអញ្ចឹង។ ការងារប្រទេសជាតិ យើងធ្វើហើយ យើងមានអ្នកជំនួសដោយឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស។ ក៏ប៉ុន្តែ សម្រាប់យើងជាកូន នៅពេលដែលម្ដាយទទួលមរណកាល ឬក៏ឈឺធ្ងន់បែបនោះ ការដើរចោល សួរថា ប្រជាជននឹងដាក់ចេញជាសំណួរថា សូម្បីតែម៉ែវា វាមិនយកចិត្តទុកដាក់ផង ចុះទម្រាំអញអត់ជាតិសាច់ឈាម តើវាយកចិត្តទុកដាក់ទេ? អញ្ចឹងខ្ញុំព្រះករុណាខ្ញុំ គិតថា ពេលវេលានោះ គឺជាពេលវេលាដ៏លំបាក ហើយក៏ចំពេលវេលានៃការជួបជុំពលករ/ការិនីដ៏ច្រើននៅឯ Busan។ ប៉ុន្តែថ្ងៃនេះ ស្ថានភាពសុខភាពរបស់ម្ដាយ ពិតមែនតែឥឡូវហ្នឹង គាត់នៅក្នុងបន្ទប់សង្រ្គោះបន្ទាប់ជាបន្ត តែស្ថានភាពប្រសើរជាងនៅក្នុងមន្ទីរពេទ្យដោយយកគាត់ទៅផ្ទះ។

អ្នកមកធ្វើបាតុកម្មប្រឆាំង ហ៊ុន សែន តិចជាងអ្នកមកស្វាគមន៍

ទោះបីយ៉ាងណាក៏ដោយ ថ្ងៃនេះ យើងបានជួបជុំគ្នាហើយ ហើយយើងចាប់ផ្ដើមនូវការសន្ទនា នូវការនិយាយគ្នាពិតប្រាកដ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជារីករាយ ហើយអរគុណចំពោះក្មួយៗទាំងអស់ ដែលបានសុំច្បាប់មកចូលរួម។ វាមិនមែនជារឿងងាយស្រួលសម្រាប់ក្មួយៗទេ ពូដឹង ព្រោះថា ថ្ងៃនេះ មិនមែនថ្ងៃសម្រាកដូចពីម្សិលនោះទេ។ ពីម្សិលជាថ្ងៃសម្រាក ខ្ញុំស្មានតែមហាបាតុកម្មរបស់គេនោះ វាមានមនុស្សច្រើនជន់លិចទីក្រុងសេអ៊ូលទៅហើយ។ អម្បាញ់មិញ បើកមើលក្នុងហ្វេសប៊ុក ដែលគេបញ្ជូនមកឱ្យខ្ញុំនោះ ឃើញដូចជាស្រែកតាមរបៀប មានអ្នកស្រែកមួយទៅ ស្រែកតាមពីក្រោយ មានតែប៉ុន្មាននាក់មកធ្វើបាតុកម្មប្រឆាំង ហ៊ុន សែន។ ស្ថានភាពដូចជាខុសគ្នាឆ្ងាយ។ ម្សិលមិញ គួរមានមនុស្សច្រើន តែវាបែរជាមនុស្សប៉ុណ្ណឹងមកធ្វើអី។ (ខ្ញុំ)ទៅញូវយ៉ក អាមេរិក ចូលទឹកដីអាមេរិកក៏នៅមានអ្នកស្វាគមន៍ ហ៊ុន សែន ច្រើនជាង។ (ខ្ញុំ)ទៅបារាំង ក៏អ្នកមកស្វាគមន៍ ហ៊ុន សែន ច្រើនជាង។ (ខ្ញុំ)ទៅប៊ែលហ្ស៊ិក ក៏នៅមានអ្នកមកស្វាគមន៍ ហ៊ុន សែន ច្រើនជាង លើកលែងតែ ហ្សឺណែវ ទេ ពួកអ្នកដែលមកធ្វើបាតុកម្ម អត់មានមុខទាល់តែសោះ មិនដឹងថា វាឆុងអី។ ក្រោយនេះ ទាល់តែ ហ៊ុន សែន ចេញផុត បានគេមកធ្វើបាតុកម្ម … តែយើងមិនឌឺដងដាក់ឱ្យគេទេ។ អាហ្នឹងជាសិទ្ធិរបស់គេ។ គេប្រមូលបានប៉ុន្មាន ជារឿងរបស់គេ។

ប្រទេសដន្លងរវាងកម្ពុជា និងកូរ៉េ

ប៉ុន្តែសម្រាប់ក្មួយៗ កម្មករ កម្មការិនី ក៏ដូចជានិស្សិត និងអ្នកដែលមានគ្រួសារជាកូរ៉េ ដែលមកដល់ពេលនេះ បញ្ហាដែលយើងត្រូវឆ្លើយតបនោះ ប្រទេសយើងក្លាយទៅជាប្រទេសដន្លងរវាងកម្ពុជា និងកូរ៉េទៅហើយ ដែលមានស្រ្ដី និងបុរស ប៉ុន្មានជាង ៨ ពាន់នាក់ ដែលមានគ្រួសារជាជនជាតិកូរ៉េ។ បើអញ្ចឹង កូនឡើងជាង ១ ម៉ឺននាក់ហើយ។ អញ្ចឹង ខ្ញុំតែងតែពិភាក្សាជាមួយមេដឹកនាំកូរ៉េ និងចុងក្រោយ ខ្ញុំពិភាក្សាជាមួយនឹងប្រធានាធិបតីកូរ៉េ Moon Jae-in ក្នុងពេលដែលគាត់មកទស្សនកិច្ចនៅកម្ពុជា។ យើងរកវិធីយ៉ាងម៉េច ដើម្បីដោះស្រាយបញ្ហាកូនៗចៅៗ ដែលបានកើតឡើង ហើយជាកូនកាត់(ខ្មែរកូរ៉េ) ឱ្យគេបានចេះភាសាខ្មែរផង ហើយចេះភាសាកូរ៉េផង ត្រូវដោះស្រាយរឿងហ្នឹងយ៉ាងម៉េច? ប្រហែលជាថ្ងៃស្អែក ខ្ញុំអាចលើកបញ្ហានេះ ជាមួយនឹងប្រធានាធិបតីកូរ៉េសាជាថ្មីម្ដងទៀត ហើយនិងខានស្អែក ជាមួយនឹងនាយករដ្ឋមន្រ្តីកូរ៉េ។

ការដែលជួបជុំជាមួយមេដឹកនាំនេះ បង្ហាញពីសណ្ដានចិត្ត នៃការគាំទ្រចំពោះដំណើរការរបស់ប្រទេស

ការសុំច្បាប់មកជួបជាមួយនឹងពូ ក្នុងឋានៈជាគ្រួសារ ហើយជាមេដឹកនាំរបស់ប្រទេសផង បង្ហាញនូវសណ្ដានចិត្ត នៃការគាំទ្រចំពោះដំណើរការរបស់ប្រទេស។ ព្រឹកមិញ ខ្ញុំក៏បានឆ្លើយតបជាមួយនឹងការចូលទៅខម្មិននៅក្នុងហ្វេសប៊ុក ៣ ដែរ។ មួយសុំស្វាគមន៍, អញ្ចឹងមានតែអ្នកនៅទីនេះ? ប៉ុន្តែ ២ នាក់នោះ ម្នាក់បង្ហោះទាំងរូប។ តើអ្នកណាបង្ហោះទាំងរូបព្រឹកមិញ? បង្ហោះថា ខ្ញុំកំពុងតែជិះរថយន្តធ្វើដំណើរមកជូនសម្ដេចហើយ។ ខ្ញុំថា ម៉ោង ៥ យើងជួបគ្នា។ អញ្ចឹងក្រុមហ្នឹងតែម្ដង។ ខ្ញុំរពឹសដៃ ពេលកំពុងជិះឡានមកព្រលានយន្តហោះអន្តរជាតិ អញ្ចឹងក៏ឆ្លើយតបបន្ដិចទៅ។ សម័យឥឡូវវាអញ្ចឹង សម័យបច្ចេកវិទ្យាព័ត៌មាន គឺវាឆាប់រហ័ស។ ហើយយើងបានសន្យាជាមួយគ្នាតាមហ្វេសប៊ុកទៀត ប៉ុន្តែឥឡូវយើងជួបគ្នាពិតប្រាកដ។

ទំនាក់ទំនងការទូតកម្ពុជា-កូរ៉េ តាំងពីឆ្នាំ ១៩៩៦

អរគុណណាស់សម្រាប់ការជួបគ្នានៅថ្ងៃនេះ។ ឥឡូវតើខ្ញុំគួរចាប់ផ្ដើមពីអី បើនិយាយពីរឿងកិច្ចការប្រទេសជាតិ វាច្រើនជ្រុង ច្រើនផ្នែក ប៉ុន្តែខ្ញុំគួរតែច្បិចអំពីបញ្ហាទំនាក់ទំនងកម្ពុជា-កូរ៉េតែម្ដង ដើម្បីពិនិត្យមើលឡើងវិញថា តើការសម្រេចចិត្តរបស់ ហ៊ុន សែន លើការរៀបចំទំនាក់ទំនងជាមួយនឹងសាធារណរដ្ឋកូរ៉េ ដែលបានចុះហត្ថលេខាលើអនុសារណៈស្ដីអំពីបង្កើតទំនាកទំនងការទូតនៅឆ្នាំ ១៩៩៦ ហើយទស្សនកិច្ចឆ្នាំ ១៩៩៦ របស់ខ្ញុំព្រះករុណាខ្ញុំ មកកាន់កូរ៉េ ឥឡូវទទួលផលផ្លែផ្កាយ៉ាងម៉េចទៅហើយ? រឿងនៅកន្លែងនេះ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បាននិយាយនៅក្នុងការប្រជុំអាស៊ាន-កូរ៉េ នៅឯប្រទេសម៉ាឡេស៊ី ដូចជានៅឆ្នាំ ២០០៥ ឬឆ្នាំ ២០០៦។ ពេលនោះ គឺនៅក្នុងដំណាក់កាលប្រធានាធិបតី Roh Moo-hyun។ ពេលនោះ ប្រជុំអាស៊ានបូកកូរ៉េ ខ្ញុំព្រះករុណាខ្ញុំ បាននិយាយប្រាប់ទៅភាគីកូរ៉េថា ប្រសិនបើគ្មានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទំនាក់ទំនងការទូតរវាងកម្ពុជាជាមួយនឹងកូរ៉េទេ ប្រហែលជាពេលនេះ នៅក្នុងក្របខណ្ឌអាស៊ាន មានប្រទេសមួយ ដែលគ្មានទំនាក់ទំនងការទូតជាមួយកូរ៉េ នោះគឺកម្ពុជានោះឯង។

ទំនាក់ទំនងកម្ពុជា-កូរ៉េ វាបានឆ្លងកាត់នូវការលិចអណ្ដែតៗច្រើនដងច្រើនសា

រឿងរ៉ាវអតីតកាល នៃទំនាក់ទំនងកម្ពុជា-កូរ៉េ វាបានឆ្លងកាត់នូវការលិចអណ្ដែតៗ។ ហេតុផលអីបានជាការលិចអណ្ដែតៗ? វាចាប់ផ្ដើមពីអ្វី? មិនមែនចាប់ផ្ដើមពីនយោបាយការបរទេសរបស់កម្ពុជាទេ វាចាប់ផ្ដើមពីស្ថានភាពនៅឯកូរ៉េ និងចាប់ផ្ដើមពីស្ថានភាពនៃសង្រ្គាមត្រជាក់។ នៅប្រទេសកូរ៉េខ្លួនឯង គឺមានប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង ចែកចេញជាពីរ។ បន្ទាប់ពីសង្រ្គាមកូរ៉េហើយនោះ គឺចែកចេញជាកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ អញ្ចឹងស្ថានភាពនេះ បានដាក់ឱ្យនយោបាយការបរទេសរបស់កម្ពុជាស្ថិតនៅក្នុងស្ថានភាពប្រែប្រួល នៅពេលកម្ពុជាខ្លួនឯងក៏មានការប្រែប្រួលដែរ។ ដំណាក់កាលមួយនោះ កម្ពុជាមានទំនាក់ទំនងជាមួយនឹងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ តែក្រោយមក កូរ៉េខាងត្បូងចាកចេញ នៅសល់(ទំនាក់ទំនងជាមួយនឹង)កូរ៉េខាងជើង។ ដល់ឆ្នាំ ១៩៧០-១៩៧៥ ទំនាក់ទំនងជាមួយនឹងកូរ៉េខាងជើង ត្រូវផុតរលត់ កូរ៉េខាងត្បូងត្រូវចាប់ផ្ដើម។ ដល់ដំណាក់កាល ប៉ុល ពត, (កម្ពុជាមាន)ទំនាក់ជាមួយនឹងកូរ៉េខាងជើង អត់មានទំនាក់ទំនងជាមួយនឹងកូរ៉េខាងត្បូង រឿងវាអញ្ចេះ។ ហើយរឿងហ្នឹង ចេះតែបន្តមក។

កូរ៉េខាងជើងមានអគ្គរដ្ឋទូត ឯកូរ៉េខាងត្បូងមានត្រឹមស្ថានបេសកកម្ម

ខ្ញុំព្រះករុណាខ្ញុំ បានប្រឹងប្រែងធ្វើកិច្ចការងារនេះ ដើម្បីឱ្យមានតុល្យភាពក្នុងទំនាក់ទំនងរវាងកូរ៉េទាំងពីរ ព្រោះនៅពេលដែលកម្ពុជាចូលទៅគ្រប់គ្រងអាសនៈនៅអង្គការសហប្រជាជាតិ ឆ្នាំ ១៩៩១ ដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC។ ពេលនោះ កូរ៉េទាំងពីរក៏ចាប់ផ្ដើមចូលអង្គការសហប្រជាជាតិជាមួយគ្នាដែរ បានសេចក្ដីថា អង្គការសហប្រជាជាតិទទួលស្គាល់ទាំងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ឱ្យចូលអង្គការសហប្រជាជាតិជាមួយគ្នា។ ខ្ញុំបានលើកបញ្ហាហ្នឹងក្នុងក្របខណ្ឌ SNC ដោយពិនិត្យទៅលើស្ថានភាពបែបនេះ ត្រូវធ្វើទំនាក់ទំនងរវាងកូរ៉េទាំងពីរតែម្ដង។ ប៉ុន្តែការលើកឡើងនេះ មិនទទួលបាននូវជោគជ័យទេ។ យើងអូសបន្លាយពេលវេលា។ ពេលមួយនោះ ខ្ញុំព្រះករុណាខ្ញុំ បានអញ្ជើញតំណាងរបស់កូរ៉េខាងត្បូង ពីទីក្រុងបាងកក ទៅពិភាក្សាជាមួយខ្ញុំព្រះករុណាខ្ញុំ នៅផ្ទះនៅវិមានឯករាជ្យ។ ខ្ញុំស្នើសុំឱ្យកូរ៉េខាងត្បូងយោគយល់នៅពេលនោះថា សុំឱ្យអ្នកឯងទទួលលេបយកភាពមិនយុត្តិធម៌ ដោយគ្រាន់តែដាក់ស្ថានតំណាងបេសកកម្មសិនបានហើយ។ វាអយុត្តិធម៌ណាស់ បើយើងពិនិត្យអំពីបរិបទនៃផ្នែកការទូត យើងទទួលកូរ៉េខាងជើង ថ្នាក់អគ្គរដ្ឋទូត គឺមានស្ថានទូត និងមានអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំប្រទេសរបស់យើង ប៉ុន្តែយើងបែរជាស្នើសុំឱ្យកូរ៉េខាងត្បូងបើកត្រឹមស្ថានតំណាងសិន។ ពេលនោះ ហាក់ដូចជាមានការឆ្លើយតបជាវិជ្ជមានពីសំណាក់សាធារណរដ្ឋកូរ៉េ គឺកូរ៉េខាងត្បូង ទទួលយកនូវការដាក់ស្ថានបេសកកម្មរបស់កូរ៉េខាងត្បូងប្រចាំកម្ពុជា ហើយចាត់តាំងប្រធានបេសកកម្ម ដែលជាកម្រិតថ្នាក់អគ្គរដ្ឋទូត ប៉ុន្តែទៅធ្វើប្រធានបេសកកម្មនៅពេលនោះ ឈ្មោះ ប៉ាក់ ចុងតាយ។

ក្រោយមួយឆ្នាំ ស្ថានបេសកកម្មកូរ៉េខាងត្បូង បានប្រែទៅជាស្ថានទូត

បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្ដីអំពីការបង្កើតចំណងទាក់ទងរវាងកម្ពុជា និងកូរ៉េ ខ្ញុំក៏បានមកធ្វើទស្សនកិច្ចនៅឯសាធារណរដ្ឋកូរ៉េ។ ពេលនោះ ដំណើរទៅចូលរួម CG នៅTokyo។ ហើយចេញពី Tokyo បានមក Seoul ពេលនោះនៅជំនាន់អតីតប្រធានាធិបតី Kim Young-sam។ ជាភ័ព្វសំណាងរបស់កម្ពុជា ដោយមួយឆ្នាំក្រោយបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ និងមួយឆ្នាំក្រោយនៃបេសកកម្មរបស់កូរ៉េខាងត្បូង ដែលមានត្រឹមតែស្ថានតំណាងបេសកកម្ម ត្រូវបានលើកកម្ពស់ឱ្យទៅជាកម្រិតទំនាក់ទំនងការទូតពេញលេញ ដោយព្រះករុណា ព្រះបិតា សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានទទួលសារតាំង ពីសំណាក់អគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ គឺ ប៉ាក់ ចុងតាយ ដដែល គាត់ប្រែក្លាយខ្លួនរបស់គាត់ពីប្រធានបេសកកម្ម ទៅជាអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា។ ប្រែក្លាយស្ថានបេសកកម្មរបស់គាត់ ទៅជាស្ថានអគ្គរដ្ឋទូតតែម្តង។ ចំណុចនេះ ខ្ញុំព្រះករុណាខ្ញុំ នៅចាំបានច្បាស់នូវការពន្យល់របស់ខ្ញុំព្រះករុណាខ្ញុំ ទៅលើតំណាងអ្នកការទូតរបស់កូរ៉េខាងត្បូង ដែលជាអគ្គរដ្ឋទូតនៅបាងកកថា សុំអ្នកឯងទទួលយកភាពមិនយុត្តិធម៌ក្នុងមួយរយៈ។ ប៉ុន្តែ បើសិនជាយោងទៅលើការពិចារណា ការព្យាករណ៍របស់ខ្ញុំ ដោយសារកូរ៉េខាងត្បូងមានសេដ្ឋកិច្ចខ្លាំង ដូច្នេះ ត្រូវជម្រុញភ្លាមនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ដែលធ្វើជាឈ្នាន់ទ្រទ្រង់ នៃទំនាក់ទំនងនយោបាយ។ ដូច្នេះ ត្រឹមតែរយៈពេល ១ ឆ្នាំទេ ប្រែក្លាយពីស្ថានបេសកកម្ម ទៅជាស្ថានអគ្គរដ្ឋទូត ប្រែក្លាយពីប្រធានបេសកកម្ម ទៅជាអគ្គរដ្ឋទូតតែម្តង។

ជោគជ័យធំ ក្នុងការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសកូរ៉េ

រហូតមកដល់ពេលនេះ ខ្ញុំព្រះករុណាខ្ញុំ អាចនិយាយបានថា ក្នុងឋានៈជាស្ថាបនិក នៃទំនាក់ទំនងជាមួយ នឹងសាធារណៈកូរ៉េ ហើយដែលមានការគាំទ្រពីព្រះមហាក្សត្រ ចាត់ទុកថា យើងមានជោគជ័យធំណាស់នៅក្នុងការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសមួយនេះ។ ក្មួយៗអាចចោទជាសំណួរថា ប្រសិនបើ ពេលនោះពូមិនសម្រេចចិត្តឱ្យចុះហត្ថលេខា និងមកទស្សនកិច្ចមកកូរ៉េ ដើម្បីបង្កើតឱ្យចាប់ផ្តើម នៃដំណើរ ការការទូត ហើយយើងមានទំនាក់ទំនងតែជាមួយកូរ៉េខាងជើងតែមួយ សួរថា ក្មួយៗអាចមានវត្តមាននៅ ប្រទេសកូរ៉េខាងត្បូងទេ? បើយើងអត់មានទំនាក់ទំនងការទូតជាមួយគេផងនោះ រឿងអីដែលគេមកជាមួយ យើង? វាមិនអាចទេ។ ប៉ុន្តែ ឥឡូវនេះ យើងជាមួយកូរ៉េបានឆ្លងកាត់នូវវិញ្ញាសាល្អ … ក្នុងរយៈពេលជាង ២០ ឆ្នាំ នៃទំនាក់ទំនងការទូតជាមួយគ្នានេះ មិនមានអ្វីជាស្នាមប្រេះឆានោះទេ សម្រាប់យើង។

ការសម្រេចចិត្តខាងនយោបាយ ទាំងក្នុង/ក្រៅប្រទេស ឈរលើផលប្រយោជន៍ និងឯករាជ្យជាតិ

ពិតមែនហើយ នៅពេលនោះ ក៏មានចរន្ត នៃការភ័យខ្លាចថា កូរ៉េខាងជើងអាចមានការខឹងសម្បារ នៅក្នុង ពេលដែលកម្ពុជាមានទំនាក់ទំនងជាមួយនឹងកូរ៉េខាងត្បូង។ ក៏ប៉ុន្តែ កម្ពុជាគ្រាន់តែធ្វើជាមិត្តជាមួយកូរ៉េខាងជើង ក្នុងពេលដែលកូរ៉េខ្លួនឯងទទួលស្គាល់ថាមានប្រទេសពីរ។ តើវាយុត្តិធម៌ទេ សម្រាប់នយោបាយការបរទេសរបស់កម្ពុជា ដែលសម្រេចទៅលើស្មារតីឯករាជ្យរបស់ខ្លួន? កូរ៉េមានអាសនៈនៅអង្គការសហប្រជាជាតិ ប៉ុន្តែ បែរជាហាមឃាត់កម្ពុជាមិនឱ្យធ្វើទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។ វាមិនយុត្តិធម៌ទាល់តែសោះ។ ចំណុចហ្នឹងហើយ ដែលខ្ញុំតែងតែដាស់តឿនមន្ត្រីការទូត ក៏ដូចជា មន្ត្រីកម្ពុជាគ្រប់ថ្នាក់ថា “ការសម្រេចចិត្តខាងនយោបាយ ទាំងក្នុងប្រទេស និងក្រៅប្រទេស ត្រូវឈរលើផលប្រយោជន៍ជាតិ និងឈរលើស្មារតីឯករាជ្យពិតប្រាកដ ទៅលើការសម្រេចចិត្តខាងនយោបាយ ក្នុងទំនាក់ទំនងនយោបាយក្រៅប្រទេសរបស់ខ្លួន”។ ប្រសិនជាពេលនោះ ពូមិនសម្រេចចិត្តធ្វើរឿងបែបនេះទេ ក្មួយៗដែលយកប្តីជា(ជនជាតិ)កូរ៉េហ្នឹង អត់បានយកប្តី(ជាជនជាតិ)កូរ៉េទេ អាហ្នឹងនិយាយឱ្យពិត។ និស្សិតដែលមករៀននៅកូរ៉េ ក៏អត់មានវត្តមាននៅថ្ងៃហ្នឹងដែរ ហើយក្មួយៗជាពលករ/ការិនី ក៏អត់មាន(វត្តមាន)នៅថ្ងៃនេះដែរ។

ពលករកម្ពុជាធ្វើការនៅកូរ៉េ បណ្ដុះបណ្តាលធនធានមនុស្ស និងជំនួយសំរាប់ការអភិវឌ្ឍកម្ពុជា

រឿងនេះ គេមិនអាចយកដៃទៅបាំងនូវសច្ចធម៌ប្រវត្តិសាស្ត្រ ដែលវាជារឿងពិត ដែលវាបានកើតឡើងនៅក្នុងប្រវត្តិ នៃទំនាក់ទំនងការទូត រវាងកម្ពុជា និងកូរ៉េបានទេ។ ខ្ញុំមានទំនាក់ទំនងជាមួយនឹងកូរ៉េចាប់តាំងពី ប្រធានាធិបតី Kim Young-sam។ បន្ទាប់ពីប្រធានាធិបតី Kim Young-sam ដល់ប្រធានាធិបតី Kim Dae-jung។ ចាប់ផ្តើមពីប្រធានាធិបតី Kim Dae-jung ហ្នឹងហើយ ដែលទំនាក់ទំនងការទូតពេញលេញរបស់យើង។ ខ្ញុំទស្សនកិច្ចនៅកូរ៉េ ហើយពេលនោះ ក៏ចាប់ផ្តើមមានកិច្ចព្រមព្រៀងមួយចំនួន។ ការទទូចស្នើសុំរបស់់ខ្ញុំ ចាប់ផ្តើមពីការបើកឱកាសឱ្យពលករកម្ពុជាបានមកធ្វើការនៅកូរ៉េ ជាមួយនឹងសុំឱ្យជួយដល់ការបណ្ដុះបណ្តាលធនធានមនុស្ស និងជំនួយផ្សេងទៀត ដែលទាក់ទងនឹងការអភិវឌ្ឍកម្ពុជា។ បន្តមកទៀតដល់ដំណាក់កាលប្រធានាធិបតី Roh Moo-hyun ដំណាក់កាលប្រធានាធិបតី Roh Moo-hyun នេះ គឺ ចាប់ផ្តើមបង្កើនល្បឿន ដែលចាប់ផ្តើមមានជើងហោះហើរត្រង់ រវាងពីកូរ៉េទៅកាន់កម្ពុជា។

នេះមិនមែនទើបនឹងនិយាយជាមួយនឹងប្រធានាធិបតី Roh Moo-hyun ទេ តែខ្ញុំព្រះករុណាខ្ញុំបានចាប់ផ្តើមនិយាយជាមួយប្រធានាធិបតី Kim Young-sam តាំងពីឆ្នាំ ១៩៩៦ ឯណោះ សុំឱ្យបើកការហោះហើរត្រង់ រវាង កូរ៉េជាមួយនឹងកម្ពុជា។ ពេលនោះ ប្រធានាធិបតី Kim Young-sam បាននិយាយមកកាន់ខ្ញុំថា ការហោះហើរត្រង់អាចធ្វើទៅបាន តាមរយៈការកើនឡើង នៃទំហំទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍។ វាដូចគ្នាដូច្នោះ មែន។ អញ្ចឹង រឿងដែលបានកើតក្រោយឆ្លងកាត់ពី Kim Dae-jung មកដល់ Roh Moo-hyun តាំងពី Kim Young-sam រហូតមក ប៉ុន្មានឆ្នាំជាប់គ្នាទើបមានការហោះហើរ។ ប្រធានាធិបតី Roh Moo-hyun ក៏បានទៅទស្សនកិច្ចនៅកម្ពុជា ហើយដែលមាន អង្គរ-ឃ្យុងយូ នៅសៀមរាបនោះ ហើយខ្ញុំនៅស្រណោះ គាត់ និងភរិយាគាត់ ខ្ញុំ និងភរិយាខ្ញុំ ជូនទៅមើលប្រាសាទអង្គរវត្តជាមួយគ្នា។ គាត់ដើរ(មើល) ទៅឱបដើមឈើអាធំៗ។ តែជាអកុសល គាត់ក៏មរណភាពដោយការធ្វើអត្តឃាតលោតពីលើភ្នំ។ ខ្ញុំក៏បានជូនសាររំលែកមរណទុក្ខចំពោះគាត់។

អតីតប្រធានាធិបតី Lee Myung-bak ទីប្រឹក្សាសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន

បន្ទាប់មកដំណាក់កាលប្រធានាធិបតី Lee Myung-bak។ ប្រធានាធិបតី Lee Myung-bak នេះ ឥឡូវ មិនដឹងថា គាត់យ៉ាងម៉េចទៅហើយទេ ក៏ប៉ុន្តែ រឿងនៅកូរ៉េនេះ វាជារឿងមួយយើងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កូរ៉េទេ។ នៅពេលដែលប្រធានាធិបតី Lee Myung-bak គាត់ឃោសនាបោះឆ្នោត គាត់ប្រើប្រាស់នូវចំណុចមួយនៅក្នុងប្រវត្តិរូបរបស់គាត់ គឺជាទីប្រឹក្សាសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន។ បានសេចក្តីថា គាត់ធ្លាប់ទៅកម្ពុជាជួបជាមួយខ្ញុំ ហើយខ្ញុំក៏បានស្នើឱ្យគាត់ធ្វើជាទីប្រឹក្សាសេដ្ឋកិច្ច។ ខ្ញុំអត់នឹកស្មានថា នៅពេលដែលគាត់ឃោសនាបោះឆ្នោត គាត់ប្រើប្រាស់នូវចំណុចនេះ ជាទីប្រឹក្សាសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន។ ប្រធានាធិបតី Lee Myung-bak ក៏ធ្លាប់ទៅធ្វើទស្សនកិច្ចនៅកម្ពុជាពីរលើក។ លើកទី ១ ទស្សនកិច្ច លើកទី ២ ទៅប្រជុំអាស៊ាន-កូរ៉េ និងអាស៊ីបូព៌ា នៅឆ្នាំ ២០១២។ (ឆ្នាំ) ២០០៩ គាត់ទស្សនកិច្ចរយៈពេលខ្លី មុននឹងគាត់ទៅចូលរួមប្រជុំអាស៊ាន-កូរ៉េ នៅឯ ហួហ៊ីន ប្រទេសថៃ។ ពេលនោះ ក៏ធ្វើដំណើរជាមួយគ្នាតាមយន្តហោះ ពីភ្នំពេញមកសៀមរាប ហើយបាយជាមួយគ្នានៅសៀមរាប បានត្រឡប់ទៅដល់ពោធិ៍ចិនតុងក៏ចែកផ្លូវគ្នា គាត់ទៅយន្តហោះមួយ ខ្ញុំទៅយន្តហោះមួយទៅ។

ទំនាក់ទំនងទន្លេហាន-មេគង្គ កិច្ចសហប្រតិបត្តិការរវាងទ្វេភាគី និងភាពជាដៃគូរវាងអាស៊ាន-កូរ៉េ និងរវាងមេគង្គ-កូរ៉េ

បន្តទៅទៀតដល់ប្រធានាធិបតី Park Geun-hye។ ពេលនោះ មានប្រជុំអាស៊ាន-កូរ៉េនៅឯ Busan ហើយពេលនោះ ឆ្លៀតពេលប្រជុំអាស៊ាន-កូរ៉េនៅឯ Busan បន្ទាប់ទៅមកទស្សនកិច្ចនៅ Seoul។ ដូច្នេះ ឆ្នាំ ២០១៤ នោះ ខ្ញុំបានជួបបងប្អូនខ្មែរយើងពីរដង។ លើកទី ១ ជួបនៅឯ Busan មានអ្នកចូលរួមប្រមាណ ៥០០ នាក់។ លើកទី ២ នៅ Seoul ដូចជាជាង ១.០០០ នាក់។ លោកជំទាវ Park Geun-hye មិនបានទៅទស្សនកិច្ចនៅកម្ពុជាទេ។ កាលនោះ គ្រោងទៅទស្សនកិច្ចនៅកម្ពុជា ក៏ប៉ុន្តែ ត្រូវផ្អាកត្រឡប់ទៅវិញដោយសារមានរឿងរ៉ាវនៅឯកូរ៉េនេះ។ មកដល់ប្រធានាធិបតី Moon Jae-in។ ប្រធានាធិបតី Moon Jae-in បានមកទស្សនកិច្ចនៅកម្ពុជារួចហើយៗ យើងពិតជាមានមោទនភាព ដោយសារកាលពីឆ្នាំ ២០១៨ យើងជាអ្នកសម្របសម្រួល រវាងអាស៊ាន-កូរ៉េ។

យើងបានខិតខំប្រឹងប្រែងរួមជាមួយនឹងកូរ៉េ រួមជាមួយនឹងដៃគូអាស៊ានដទៃទៀត ដើម្បីឱ្យមានប្រជុំ រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-កូរ៉េ នៅ Busan កាលពីឆ្នាំទៅ ដែលខ្ញុំអាក់ខានមិនបានមកនេះ។ វាជាកិច្ចខិតខំប្រឹងប្រែង ដែលមិនអាចកាត់ថ្លៃបានពីតួនាទីសម្របសម្រួលរបស់កម្ពុជាទេ អាហ្នឹងមួយទៅ។ មួយទៀត ការលើកកម្ពស់កម្រិតទំនាក់ទំនងក្របខណ្ឌមេគង្គ-កូរ៉េ ដែលមុននេះត្រឹមតែកម្រិតថ្នាក់រដ្ឋមន្ត្រីការបរទេសទេ ក៏ប៉ុន្តែ ខ្ញុំបានស្នើសុំឱ្យមានការលើកកម្រិតពីថ្នាក់រដ្ឋមន្ត្រីការបរទេស ទៅថ្នាក់ប្រមុខរដ្ឋ/រដ្ឋាភិបាលតែម្តង ឱ្យវាស្របទៅនឹងនយោបាយថ្មីនៅទិសខាងត្បូងរបស់កូរ៉េ ព្រោះក្នុងឋានៈជាដៃគូ/មិត្តភក្តិ។ ចិនមានឡានឆាង-មេគង្គ រួចហើយ។ ជប៉ុនមានកម្រិតថ្នាក់ប្រមុខរដ្ឋ/រដ្ឋាភិបាលជប៉ុន-មេគង្គ រឿងអីដែលកូរ៉េនៅពីក្រោយគេ? អញ្ចឹង វាជាការសមហេតុសមផល … ដែលកូរ៉េបានទទួលយក។ យើងសម្រេចបាននូវគំនិតផ្តួចផ្តើមមួយ ដែលជម្រុញទំនាក់ទំនងទន្លេហាន-មេគង្គ។ នេះជាចំណុចដែលយើងធ្លាប់បានធ្វើ នៅក្នុងគំនិតផ្ដួចផ្ដើមទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងទ្វេភាគីផង និងភាពជាដៃគូរវាងអាស៊ាន-កូរ៉េ និងរវាងមេគង្គ-កូរ៉េ។

ចំនួនពលរដ្ឋខ្មែរដែលនៅកូរ៉េ ៦៥.៥០០ នាក់

ឥឡូវនេះ យើងឃើញថា បើនិយាយពីចំនួនពលរដ្ឋខ្មែររបស់យើងដែលមករស់នៅកូរ៉េ តាមស្ថិតិនេះ គឺរហូតមកដល់ពេលនេះ គឺយើងមានចំនួន ៦៥.៥០០ នាក់ ដោយក្នុងនោះឱ្យ ឡុង ឌីម៉ង់ ធ្វើការឆែកមើលឡើងវិញ … គឺនិស្សិត និងសិក្ខាកាមយោធា កំពុងសិក្សា ៤៥០ នាក់ … ខាងអន្តោប្រវេសន៍កូរ៉េ ទើបនឹងឱ្យ ពលករកម្ពុជាមាន ៣៨.០០៦ នាក់ ប៉ុន្តែ បើយោងលើការជាក់ស្ដែង គិតទាំងអ្នកមិនស្របច្បាប់ផង គិតទាំងអ្នកមានប្ដី/ប្រពន្ធជាកូរ៉េផង យើងមាន ៦៥.៥០០ នាក់។ នៅពេលដែលពូខិតខំជម្រុញកិច្ចប្រឹងប្រែងរកការងារធ្វើឱ្យពលករនៅក្រៅប្រទេសដូចជា កូរ៉េ ជប៉ុន ធ្វើឱ្យស្របច្បាប់នៅថៃ នៅម៉ាឡេស៊ី និងខិតខំស្វែងរកទីផ្សារការងារនៅឯមជ្ឈឹមបូព៌ា គេថា ពូដឹកនាំប្រទេសគិតតែឱ្យខ្មែរទៅធ្វើខ្ញុំ(បម្រើ)គេ។ ឥឡូវ យើងគួរបង្ហាញតួលេខខ្លះ តួលេខសម្រាប់ជនជាតិទាំងឡាយ ដែលមកនៅកូរ៉េ ដែលជាជំនួយស្មារតីសម្រាប់ខ្ញុំនេះ ទាំងអ្នកស្របច្បាប់ការងារ ឬសហគមន៍ស្អីៗ … គឺមាន ចិន ១ លាន ១ សែននាក់ (តួលេខមិនច្បាស់) ថៃ ២០ ម៉ឺននាក់ ហ្វីលីពីន ៧ ម៉ឺន ៨ ពាន់ នាក់ ម៉ុងហ្គោលី ៤ ម៉ឺន ៥ ពាន់នាក់ មីយ៉ាន់ម៉ា ៣ ម៉ឺន ១ ពាន់នាក់ បង់ក្លាដែស ១ ម៉ឺន ៧ ពាន់នាក់ វៀតណាម ២២ ម៉ឺននាក់ អូបេគីស្ថាន ៨ ម៉ឺន ៣ ពាន់នាក់ ឥណ្ឌូនេស៊ី ៧ ម៉ឺន ៣ ពាន់នាក់ នេប៉ាល់ ៤ ម៉ឺន ៣ ពាន់នាក់ ស្រីលង្ការ ២ ម៉ឺន ៦ ពាន់នាក់ ប៉ាគីស្ថាន ១ ម៉ឺន ៣ ពាន់នាក់។ ប៉ុន្តែនៅក្នុងបញ្ជីអន្តោប្រវេសន៍នេះ ចិនមានតែ ២.២៣៩ នាក់ទេ នេះគឺពលករដែលកាន់ប័ណ្ណការងារ វៀតណាមមាន ៣៦.៨៩៩ នាក់ ថៃមាន ២៥.៤៦២ នាក់ អូបេគីស្ថានមាន ១៣.៩៥២ នាក់ ហ្វីលីពីនមាន ២៥.៣៦៥ នាក់ ម៉ុងហ្គោលី ៥.៨៤១ នាក់ កម្ពុជា ៣៨.០០៦ នាក់ ឥណ្ឌូនេស៊ី ២៨.២៥៩ នាក់ នេប៉ាល់៣៥.៣២៥ នាក់ មីយ៉ាន់ម៉ា ២៥.២៣១ នាក់ ស្រីលង្ការ ២២.០៨៨ នាក់ បង់ក្លាដែស ១០.១៧៣ នាក់។

ថៃខ្វះពលកម្ម ប៉ុន្តែហេតុអ្វីពលករថៃទៅក្រៅប្រទេស?

អញ្ចឹងទេ បញ្ហាដែលគួរតែចោទសួរត្រង់នេះ យើងថាតួលេខថៃនៅក្នុងនេះ ២០ ម៉ឺននាក់ ប៉ុន្តែ ថៃអាចមានរកស៊ីដែលមិនមែនជាពលករ ប៉ុន្តែថៃនៅក្នុងនេះ មានពលករ ២៥.៤៦២ នាក់ ចំណោទចោទសួរនៅត្រង់ថាថៃខ្វះពលកម្ម ត្រូវយកពលករពីកម្ពុជាប្រមាណ ១ លាននាក់ យកពីភូមាប្រមាណ ២ លាននាក់ ពីឡាវប្រមាណជាកន្លះលាននាក់ ថៃខ្វះពលករ។ ប៉ុន្តែហេតុអ្វីបានជាថៃមកធ្វើពលករនៅកូរ៉េ? ចំណោទចោទសួរនៅកន្លែងនេះ។ ថៃមិនមែនគ្រាន់តែបញ្ជូនពលករមកកូរ៉េខាងត្បូងទេ ថៃបញ្ជូនពលករទៅមជ្ឈឹមបូព៌ាច្រើនណាស់ ទៅកោះតៃវ៉ាន់ ទៅកន្លែងផ្សេងទៀតដែលមានប្រាក់ឈ្នួលខ្ពស់ សុខចិត្តប៉ះប៉ូវដោយពលករពីកម្ពុជា មីយ៉ានម៉ា និងឡាវ។

លុបចោលកិច្ចព្រមព្រៀងបញ្ជូនពលករទៅក្រៅប្រទេស/អ្នកដែលខាតបង់គឺពលករ

អញ្ចឹងអ្នកដែលចោទខ្ញុំថា ដឹកនាំប្រទេសត្រឹមតែបញ្ជូនមនុស្សឱ្យទៅធ្វើខ្ញុំគេ អ្នកចង់សាកលមើលទេ? ខ្ញុំអាចធ្វើបាន ដើម្បីបញ្ចប់វត្តមានពលករខ្មែរនៅក្រៅប្រទេស។ អត់លំបាកទេ។ ម៉េចបានថាមិនលំបាក? ស្អែកខ្ញុំជួបប្រធានាធិបតីកូរ៉េ ខ្ញុំសុំលុបកិច្ចព្រមព្រៀងអំពីការបញ្ជូនពលករមកធ្វើការនៅកូរ៉េ ហើយសុំឱ្យបញ្ជូនពលករខ្មែរមកប្រទេសកម្ពុជាវិញ។ ចប់រឿងបាត់ទៅហើយ។ ក៏ប៉ុន្តែ បើធ្វើតាមក្រុមនេះ អ្នកដែលខូចខាតគឺក្មួយៗជាពលករ ដែលសព្វថ្ងៃ ក្នុងមួយឆ្នាំបញ្ជូនប្រាក់ទៅឱ្យឪពុកម្ដាយ តាមរបាយការណ៍ ឡុង ឌីម៉ង់ អម្បាញ់មិញ ជាង ៤ រយលានដុល្លារ។ ជាមួយថៃ ខ្ញុំក៏អាចធ្វើបានដែរ។ ខ្ញុំសុំលុបចោលកិច្ចព្រមព្រៀងដែលមានជាមួយថៃ ហើយសុំឱ្យថៃបញ្ជូនមកវិញ។ ថៃគេបញ្ជូនតែមួយព្រឹបទេ។ មិនយូរទេ។ កន្លងទៅ ប្រមាណជិត ៧០ ម៉ឺននាក់ ថៃគេដេញតែមួយព្រឹប យើងទទួលចង់បាក់ក។ ប្រមូលឡានទាំងអស់ ទាំងឡានកងទ័ពអីដឹក។ យើងខិតខំបញ្ជូនត្រឡប់ទៅវិញ។ អ្នកដែលមិនស្របច្បាប់ យើងខិតខំធ្វើឱ្យស្របច្បាប់នៅប្រទេសថៃ។ យើងខិតខំធ្វើឱ្យស្របច្បាប់នៅប្រទេសម៉ាឡេស៊ី។ ឥឡូវតាមដឹងខ្មែរយើងដែលរស់នៅមិនស្របច្បាប់នៅប្រទេសកូរ៉េខាងត្បូង ដូចជាប្រមាណជា ៧ ពាន់នាក់ ទៅហើយ។ ចំណុចនោះ យើងក៏ខិតខំដើម្បីប្រែក្លាយអ្នកទាំងនោះ ឱ្យទៅជាអ្នកស្របច្បាប់វិញដែរ។ បើទោះបីជាពួកគេមួយចំនួនបង្កប់ខ្លួន ដើម្បីឱ្យបានសិទ្ធិរស់នៅកន្លែងនេះ ត្រូវជេររដ្ឋាភិបាលឱ្យបានលឺ ព្រោះមានតែអញ្ចឹងដើម្បីកុំឱ្យបានត្រឡប់ទៅវិញ ជេររដ្ឋាភិបាលឱ្យខ្លាំង។ ខ្ញុំដឹងទេតើអាធុននេះ ប៉ុន្តែប្រហែលជាសំណាងរបស់អ្នកល្អ។ ការមិនជេរល្អជាងជេរ។ ប៉ុន្តែ ខ្ញុំមិនអាចបិទអ្នកមិនឱ្យជេរបានទេ …។

អំពាវនាវនិយោជកកូរ៉េ ជួយមើលថែទាំសុខទុក្ខកូនក្មួយពលករ/ការិនី

នេះ គឺជាចំណុចដែលយើងត្រូវឃើញអំពីវឌ្ឍនភាពអំពីទំនាក់ទំនងកម្ពុជា-កូរ៉េ។ ខ្ញុំអរគុណណាស់ ដែលកូរ៉េបានវាយតម្លៃខ្ពស់ទៅលើគុណភាពនៃពលករកម្ពុជា។ ថ្ងៃនេះ មាននិយោជកកូរ៉េ ៣៧ នាក់។ អរគុណណាស់ ដែលអស់លោកបានអញ្ជើញមកចូលរួម ហើយដែលផ្ដល់ឱកាសឱ្យកម្មករ/ការិនី បានមកជួបខ្ញុំ។ អ្វីដែលខ្ញុំសុំពីអស់លោក គឺសុំអស់លោកជួយថែទាំកូនក្មួយរបស់ខ្ញុំ មើលសុខទុក្ខកូនក្មួយររបស់ខ្ញុំ ដែលធ្វើការនៅរោងចក្រ ឬការដ្ឋានរបស់អស់លោកឱ្យបានល្អ។ នោះហើយគឺជាបំណងប្រាថ្នា។ ទន្ទឹមនឹងការអរគុណដែលអស់លោកបានយកចិត្តទុកដាក់របស់ពលរដ្ឋកម្ពុជា ដែលខ្ញុំចាត់ទុកថាពួកគេជាសាច់ឈាមរបស់ខ្ញុំ ខ្ញុំនៅតែបន្តអំពាវនាវឱ្យនិយោជក ដែលជាម្ចាស់រោងចក្រ ម្ចាស់ការដ្ឋាន ម្ចាស់ក្រុមហ៊ុន បន្តការថែទាំពលករ/ការិនី ដែលនៅគ្រប់ទីកន្លែង មិនគ្រាន់តែ ៣៧ នាក់ ដែលមកចូលរួមទេ គ្រប់ទីកន្លែងទាំងអស់។ យើងត្រូវការឱ្យពលករ/ការិនីទាំងអស់ មិនមែនគ្រាន់តែដោះស្រាយការងារធ្វើ ហើយឱ្យគេសង្កត់សង្កិននោះទេ។ យើងបានតាមការពារពលកររបស់យើងនៅប្រទេសនានា ហើយមានពេលខ្លះ ពលកររបស់យើងត្រូវបានគេបោកយកទៅដល់អារ៉ាប៊ីសាអូឌីត ទៅដល់មជ្ឍឹមបូព៌ា យើងតាមយកមកវិញ។

ក្រៅពីប្រាក់ចំណូល ត្រូវទទួលយកបច្ចេកវិទ្យា និងជំនាញ បង្កើតការងារក្នុងស្រុក

អ្នកទាំងអស់ ដែលបានមកធ្វើការទីនេះ កូរ៉េមានការខ្វះពលកម្មពិតប្រាកដ។ ដូច្នេះ កូរ៉េត្រូវនាំពលកម្មចូល ហើយវាជាភ័ព្វសំណាងនៅពេលដែលកម្មករ/ការិនីរបស់យើង មកធ្វើការដោយមានគោរពច្បាប់ មានសីលធម៌ល្អ ត្រូវបានទទួលការកោតសរសើរល្អពីសំណាក់ភាគីកូរ៉េ។ ដូច្នេះហើយ បានជាយើងស្នើសុំបង្កើនចំនួនពលកររបស់យើង ឱ្យបានច្រើនបន្ថែមទៀត ដើម្បីម្ខាងដោះស្រាយការងារធ្វើ តែម្ខាងទៀតទទួលយកបច្ចេកវិទ្យា សម្រាប់ទៅក្នុងប្រទេស មិនមែនទទួលតែប្រាក់ខែមួយមុខទេ។ នៅពេលដែលក្មួយៗធ្វើការនៅទីនេះ ក្មួយៗនឹងមានជំនាញ ហើយជំនាញនោះហើយដែលផ្តល់ឱ្យក្មួយៗអាចនឹងទៅរកការងារធ្វើ បើក្រុមហ៊ុនកូរ៉េទៅ ក្មួយៗអាចនឹងមានការងារធ្វើជាមួយក្រុមហ៊ុនកូរ៉េនៅស្រុកខ្មែរទៀត ឬក៏អាចបង្កើតការងារ។ មានមួយចំនួនបានទទួលជោគជ័យបន្ទាប់ពីបញ្ចប់ការងារជាពលករនៅឯកូរ៉េនេះ គេត្រឡប់ទៅវិញដើម្បីទៅបង្កើតការងារ បង្កើតមុខរបរនៅក្នុងប្រទេស។ ឡេង ណាវ៉ាត់ត្រា ឥឡូវក្លាយជាម្ចាស់អចលនទ្រព្យធំ ដែលសន្សំលុយតិចតួចដែលបានពីកូរ៉េយកទៅទិញដីធ្លីនោះ ឥឡូវអាដីធ្លីនោះវាកាក់កប អញ្ចឹងវាទៅជាអ្នកជំនួញអចលនទ្រព្យមួយដ៏ធំនៅទីនោះទៅ។

ទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ កើនល្បឿន

សម្រាប់ទំនាក់ទំនងរវាងយើង និងកូរ៉េ មកដល់ពេលនេះ អាចចាត់ទុកថា ល្បឿននៃទំនាក់ទំនងនេះកើនលឿន។ យោងទៅលើទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជើងលេខវាមាន ២ ប៉ុន្តែយើងយកជើងលេខរបស់កូរ៉េច្បាស់ជាង។ ជើងលេខរបស់កម្ពុជាយើងពិនិត្យឃើញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ ឆ្នាំ ២០១៩ កន្លងទៅ មានត្រឹមតែ ៧៧៨ លានដុល្លារ ដែលក្នុងនោះកម្ពុជានាំចេញមកកូរ៉េ ២១០ លានដុល្លារ ឯកូរ៉េនាំចេញទៅកម្ពុជាវិញ ៦៦៧ លានដុល្លារ។ ប៉ុន្តែ តួលេខរបស់កូរ៉េតែម្តង គឺបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេទិសរវាងប្រទេសទាំងពីរមាន ១.០៣២ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញមកកូរ៉េចំនួន ៣៣៥ លានដុល្លារ ឯកម្ពុជានាំចូលពីកូរ៉េទៅចំនួន ៦៩៦ លានដុល្លារ។ អតុល្យភាពជញ្ជីងពាណិជ្ជកម្មពិតប្រាកដមែន ប៉ុន្តែ វាគ្មានជម្រើសណាទេ ព្រោះយើងមានតម្រូវការពីកូរ៉េនៅក្នុងការនាំចូលទំនិញពីកូរ៉េ ហើយតាមរយៈនោះ វត្ថុធាតុដើមដែលនាំពីកូរ៉េនេះ ក៏ត្រូវបានផលិតកែច្នៃនៅកម្ពុជា ហើយនាំចេញបន្តទៅទីផ្សារខាងក្រៅទៀត មិនមែនគ្រាន់តែយកប្រើសុទ្ធនៅកម្ពុជាទេ។ ឥឡូវ ឡានកូរ៉េក៏ច្រើននៅកម្ពុជា កូរ៉េផលិតឡាន កូរ៉េផលិតទូរទស្សន៍ កូរ៉េផលិតកុំព្យូទ័រ ដូច្នេះមានតម្រូវការនាំចូលអាហ្នឹង ជាតម្រូវការរបស់ទីផ្សារ អានេះជាទីផ្សារកាត់សេចក្តី។ ប៉ុន្តែទំហំពាណិជ្ជកម្មដែលកើនឡើងរបៀបនេះ បើគ្មានទំនាក់ទំនងការទូតទេ ទំហំពាណិជ្ជកម្មមិនអាចកើតមានបានទេ។

ស្វាយខ្មែរនៅក្នុងទីផ្សារកូរ៉េ បញ្ជាក់អំពីការជឿនលឿនទៅមុខនៃសេដ្ឋកិច្ចកម្ពុជា

ឥឡូវនេះ ក្នុងខែមករាកន្លងទៅមិនដឹងថា ក្មួយៗបានទិញស្វាយទទួលហើយ ឬនៅទេ? អញ្ចឹងទេ ពីនេះតទៅ ក្មួយៗដែលនឹកស្រុក សុំទៅរកទិញស្វាយខ្មែរទទួលទានទៅ(ស្នូរទះដៃ)។ វត្តមានស្វាយខ្មែរនៅក្នុងទីផ្សារកូរ៉េ គឺបានបញ្ជាក់បង្ហាញអំពីការជឿនលឿនទៅមុខ នៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលតម្រូវស្តង់ដារនៅក្នុងទីផ្សារមួយ នៃប្រទេសជឿនលឿន ហើយនឹងធ្វើឱ្យអ្នកដាំស្វាយនៅប្រទេសកម្ពុជាមានលទ្ធភាពកាន់តែខ្ពស់ ពង្រីកអាជីវកម្មស្វាយកាន់តែធំ។ ព្រោះមិនមែនគ្រាន់តែផ្គត់ផ្គង់កូរ៉េចំនួន ៥០ លាននាក់ នោះទេ ប៉ុន្តែកូរ៉េក៏មានទេសចរច្រើនដែរ។ អញ្ចឹងតម្រូវការបើយើងរកអាហ្នឹងបាន ទីផ្សារហ្នឹង។ ធ្វើម៉េចការនាំចេញមកកូរ៉េ ធានាចត្តាឡីស័ក និងគុណភាពស្អីៗ កុំឱ្យមានដែលគេហៅថា រកស៊ីលក់ផ្លូវ។ ផ្លែស្វាយកម្ពុជាមិនអន់ជាងស្វាយនៅក្នុងបណ្តាប្រទេសអាស៊ានទេ។ អញ្ចឹងប្រភពទីផ្សារ ដែលយើងអាចនាំចេញមកកូរ៉េ វាក៏ជាផ្នែកមួយជម្រុញការដាំដុះនៅប្រទេសកម្ពុជារបស់យើង។ យើងកំពុងស្វែងរកឱកាសដើម្បីនាំបន្ថែមទៀតនូវមុខទំនិញផ្សេងៗ។

ឥឡូវបើយោងទៅលើមុខទំនិញ ដែលយើងនាំមកកូរ៉េ មានច្រើនប្រភេទដែរ។ កូរ៉េនាំពីយើងវិញ យើងដឹងហើយទំនិញកូរ៉េ។ ឯយើងមកកាន់ទីផ្សារកូរ៉េ រាប់ទាំងខោអាវស្លៀកពាក់នេះ ក៏កូរ៉េគាត់ទៅផលិតនៅស្រុកខ្មែរ ដោយសារពលកម្មនៅកូរ៉េវាថ្លៃ អញ្ចឹងបានថា សម្លៀកបំពាក់នេះ វាមិនចំណុះទៅលើទីផ្សារទៅអឺរ៉ុបទេ។ ជប៉ុនក៏មាននាំសម្លៀកបំពាក់ចេញពីស្រុកខ្មែរចូលប្រទេសជប៉ុន។ កូរ៉េខាងត្បូងក៏មាននាំចេញសម្លៀកបំពាក់មកផ្គត់ផ្គង់នៅកូរ៉េខាងត្បូង។ បន្តិចទៀតក្មួយៗអាចនឹងទិញសម្លៀកបំពាក់ដែលផលិតនៅកម្ពុជា ស្លៀកពាក់នៅកូរ៉េដែរ (មានហើយ ឬនៅ?) (មានហើយ)។ អញ្ចឹងទេ ស្លៀកពាក់សម្លៀកបំពាក់នៅស្រុកខ្មែរបានហើយ។ ឥឡូវបានទទួលទានផ្លែស្វាយបានទៀត។

រៀបចំការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងកូរ៉េ

នៅថ្ងៃក្រោយរកវិធីដើម្បីពង្រីកទីផ្សារនៅកូរ៉េ ហើយយើងជាមួយកូរ៉េ បានចាប់ផ្តើមរៀបចំការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងកូរ៉េ ដែលនោះយើងពង្រីកទីផ្សារនៅកូរ៉េកាន់តែធំ។ ចំណុចនេះ បើនិយាយ ត្រូវសម្លឹងអញ្ចេះ ហេតុអីបានជាកូរ៉េអាចចាប់ដៃជាមួយយើងបាន ហើយយើងអាចចាប់ដៃកូរ៉េបាន? វាទាល់តែសងខាងមានសុច្ឆន្ទៈ ប៉ុន្តែតែសុច្ឆន្ទៈមួយវាមិនគ្រប់គ្រាន់ទេ វាទាល់តែកម្ពុជាខ្លួនឯងមានការអភិវឌ្ឍដែរ។ ដូចជាពាណិជ្ជកម្ម មិនមែនត្រូវតែនាំចេញតែពីកូរ៉េទៅកម្ពុជា ហើយគ្មានទំនិញពីកម្ពុជាបកត្រឡប់មកវិញ ហើយមកធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េកើតទេ។ យើងសម្លឹងឃើញថា យើងមានលទ្ធភាពដើម្បីនឹងពង្រីកទំនិញពីកម្ពុជានាំចេញមកកូរ៉េ ហើយប្រទេសដែលមានសមត្ថភាពនាំចេញ ប្រទេសនោះក៏មានការអភិវឌ្ឍដែរ បើអត់មានការអភិវឌ្ឍធ្វើម៉េចមានទំនិញនាំចេញ? សូម្បីតែស្វាយ បើគិតតែផ្លែស្វាយតាមរបៀបថា ឃ្លានផ្លែស្វាយទៅដោលទម្លាក់ ហើយយកមកចុចអំបិលម្ទេស អាហ្នឹងផ្គត់ផ្គង់ទីផ្សារកូរ៉េម៉េចបាន? ផ្គត់ផ្គង់ឱ្យគេត្រូវធានាឱ្យគ្រប់ ហើយធានាអនាម័យគ្រប់គ្រាន់ឱ្យគេ។ អញ្ចឹងទេ ចំណុចអស់ទាំងនេះ យើងត្រូវបន្តការខិតខំដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ដើរទន្ទឹមនឹងពង្រីកទំនាក់ទំនងកម្ពុជាជាមួយនឹងប្រទេសដទៃទៀត ដែលមានដៃគូច្រើន។

គម្រោងឥណទានកូរ៉េ ផ្លូវជាតិលេខ ២ និង ២២ និងផ្លូវហាយវេ ពីផ្លូវជាតិលេខ ៤ ទៅកោះកុង

ក្នុងកិច្ចសន្ទនារវាងពូ និងប្រធានាធិបតីកូរ៉េ ដែលនឹងត្រូវធ្វើនៅស្អែកនេះ នឹងផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រីកទំនាក់ទំនងអស់ទាំងនេះ។ យើងពិនិត្យមើលតាំងពីឆ្នាំ ១៩៩៦ កូរ៉េផ្តល់ជំនួយឥតសំណងពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៨ សាធារណរដ្ឋកូរ៉េបានផ្តល់ជំនួយឱ្យយើងជាង ៣០០ លានដុល្លារអាមេរិក អាហ្នឹងជាជំនួយឥតសំណង។ ឆ្នាំ ២០១៩ កន្លងទៅនេះជំនួយឥតសំណងមានចំនួន ១៧ លានដុល្លារ។ ឆ្នាំ ២០២០ នេះ កូរ៉េគ្រោងផ្តល់ថវិកាឱ្យយើងចំនួន ២៤ លានដុល្លារ ជាជំនួយឥតសំណង។ ឯចំពោះហិរញ្ញប្បទានសម្រាប់ការអភិឌ្ឍវិញ គឺគិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០១៩ យើងបានទទួលឥណទានពីកូរ៉េចំនួន ៨៨៩ លានដុល្លារ ដែលក្នុងនោះយើងបានបើកយកទៅប្រើប្រាស់ហើយចំនួន ៤៤២ លានដុល្លារ។ ការត្រៀមរៀបចំសម្រាប់ឆ្នាំ ២០១៩-២០២៣ គឺកូរ៉េបានត្រៀមកញ្ចប់ឥណទានឱ្យយើងចំនួន ៧០០ លានដុល្លារ បន្ថែមទៀត សម្រាប់ការអភិវឌ្ឍ ១០ គម្រោង។ កាលមុននេះចំនួនជាង ៨០០លានដុល្លារនោះ គឺមាន ២៣ គម្រោង។ ក្នុងនោះ ខ្ញុំព្រះករុណាខ្ញុំគ្រាន់តែបញ្ជាក់ នៅពេលត្រឡប់ទៅវិញ នៅក្នុងខែកុម្ភៈនេះ នឹងត្រូវបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ២ តភ្ជាប់ពីរង្វង់មូលតាខ្មៅ ផ្លូវជាតិលេខ ២ និងផ្លូវជាតិ ២២ ដែលឆ្លងកាត់ខេត្តកណ្ដាល ខេត្តតាកែវ និងតម្រង់ឆ្ពោះទៅខេត្តកំពត។ អាហ្នឹងផ្លូវមួយខ្សែ។ នៅសល់ផ្លូវមួយខ្សែទៀត គឺពង្រីកឱ្យទៅជា ហាយវេ តែម្តង គឺតភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅកោះកុង ដែលផ្លូវនោះកាលពីពេលមុនកសាងដោយព្រះរាជាណាចក្រថៃ ប៉ុន្តែយោងទៅលើសារៈសំខាន់ផ្លូវនេះ យើងត្រូវពង្រីកផ្លូវនេះ។

នៅមានគម្រោងដទៃទៀត ហើយខ្ញុំធ្លាប់បានលើកសំណើហើយ។ ខ្ញុំគិតថា មិត្តកូរ៉េក៏កំពុងតែពិចារណាដែរ នៅត្រង់ថា ខ្ញុំបាននិយាយទៅកាន់ថ្នាក់ដឹកនាំកូរ៉េថា នៅឯកម្ពុជាមានស្ពានមិត្តភាពកម្ពុជា-ជប៉ុន គឺស្ពានគីហ្សូណា និង ត្សឹបាសា ហើយមានស្ពានមិត្តភាពកម្ពុជា-ចិន ច្រើនណាស់ នៅស្ទឹងត្រែងមានស្ពានមិត្តភាពកម្ពុជា-ចិន សេកុង-ស្ទឹងត្រែង ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គ-ស្ទឹងត្រែង … ដើម្បីតភ្ជាប់ទៅកម្ពុជាវិញ តាមផ្លូវជាតិលេខ ៩ ដែលជាផ្លូវថ្មី មានស្ពានមិត្តភាពកម្ពុជា-ចិន ដែលបានប្រើរួចទៅហើយមាន ព្រែកក្តាម ព្រែកតាមាក់ ជ្រោយចង្វារ កោះធំ ហើយកំពុងសាងសង់មួយទៀត ដែលមុននេះតភ្ជាប់រវាងស្រុកក្រូចឆ្មារ និងស្រុកស្ទឹងត្រង់របស់ខេត្តកំពង់ចាម ប៉ុន្តែ ឥឡូវយើងបែងចែកជា ២ ក្រូចឆ្មារវាស្ថិតនៅត្បូងឃ្មុំ ឯស្ទឹងត្រង់វាស្ថិតនៅខេត្តកំពង់ចាម។ មើលសុំសួរបន្តិចមើលអ្នកនៅកំពង់ចាមមានប៉ុន្មានទៅ? ច្រើនដែរតើ ហើយឥឡូវអ្នកត្បូងឃ្មុំម្តង ស្រុកនាងទាវ ឥឡូវលើកទាំង ២ មក លើកទាំងត្បូងឃ្មុំ និងកំពង់ចាម ជាអតីតខេត្តតែមួយមក វាប៉ុន្មាន? អ្នកស្រុកកំណើតជាមួយគ្នាសោះ ប៉ុន្តែ ខេត្តជាមួយគ្នា ឬមិនខេត្តជាមួយគ្នា ក៏ជាប្រទេសរបស់យើងទាំងអស់គ្នាដែរ។ មានអ្នកពាមកោះស្នា នៅហ្នឹងដែរ អ្នកស្ទឹងត្រង់? នោះគ្រវីដៃតាំងពីនោះមក មានតើ។

នាយករដ្ឋមន្ត្រី ៣ នាក់ សុទ្ធតែមានស្រុកកំណើតនៅស្រុកស្ទឹងត្រង់

ដូច្នេះមានតាំងពីអ្នកស្រុកស្ទឹងត្រង់ ដែលជាស្រុកកំណើតរបស់ខ្ញុំ ហើយអ្នកស្ទឹងត្រង់នេះទៀត សុំបញ្ជាក់ បន្តិចណា មិនដឹងថា តើទេវតាប្រទានមនុស្សយ៉ាងម៉េចទេ? ស្រុកស្ទឹងត្រង់ផលិតនាយករដ្ឋមន្ត្រីរហូតដល់ ៣ ដែលចេញពីស្រុកស្ទឹងត្រង់នោះតែម្តង ខុសប្លែកពីគេ។ នាយករដ្ឋមន្ត្រីទី ១ គឺនាយករដ្ឋមន្ត្រី អ៊ិន តាំ របស់ លន់ នល់ ពីដើមជារដ្ឋមន្ត្រីមហាផ្ទៃជំនាន់ព្រះករុណាបិតា ជំនាន់សង្គមរាស្រ្តនិយម ប៉ុន្តែជំនាន់ លន់ នល់ ធ្វើនាយករដ្ឋមន្ត្រី។ មួយទៀត ហង្ស ធនហាក់ ក៏នាយករដ្ឋមន្ត្រីរបស់ លន់ នល់ ដែរ។ ពីរនាក់បាន ធ្វើនាយករដ្ឋមន្ត្រីមុន ប៉ុន្តែ ពួកគេធ្វើបានមួយឆ្នាំ ពីរឆ្នាំ ក៏ចប់ទៅ។ ឯនាយករដ្ឋមន្ត្រីចុងក្រោយ គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់តំណែងជាង ៣៥ ឆ្នាំរួចមកហើយ។ (ស្នូរទះដៃ) ហើយពេលដែល អ៊ិន តាំ ធ្វើនាយករដ្ឋមន្ត្រី និង ហង្ស ធនហាក់ ធ្វើនាយករដ្ឋមន្ត្រី គឺខ្ញុំជាអ្នកប្រឆាំងគាត់ ព្រោះខ្ញុំជាកងទ័ពរបស់ សម្តេចព្រះករុណាបិតា ព្រោះ អ៊ិន តាំ ជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលដែលធ្វើរដ្ឋប្រហាររបស់ លន់ នល់។ អញ្ចឹងប្រហែលជាជាតិមុនហ្នឹង អ៊ិន តាំ និង ហង្ស ធនហាក់ និងខ្ញុំនេះ ស្លាប់ទៅៗនៅកើតនៅកន្លែងហ្នឹង ហើយទៅទាស់គ្នានៅម្តុំហ្នឹង។ ដល់ចាប់ជាតិមកវិញ មកប្រឆាំងគ្នាជាតិថ្មី។

ឥឡូវអ្នកទាំងនោះក៏ស្លាប់អស់ ទៅទៀត នៅសល់តែខ្ញុំម្នាក់ ប៉ុន្តែគាត់ប្រហែលជាចាប់ជាតិមកវិញហើយ ថ្ងៃណាមួយគាត់មកប្រឆាំងខ្ញុំ វិញដែរ។ ប្រហែលជាជួនកាលការចាំជាតិ វាតជាតិក៏ថាបាន អាហ្នឹងមិនដឹងទេ។ ហើយខ្ញុំក៏មានជំនឿចាប់ ជាតិដែរ ដោយសារម្តាយបង្កើតរបស់ខ្ញុំចាប់ជាតិមកជាចៅបង្កើតរបស់ខ្ញុំទៅវិញ។ ចៅទី ១ ដែលកំពុងរៀន នៅអឺរ៉ុបនោះ។ អត់ព្រមទៅណាមកចាប់ជាតិ ឥឡូវនៅតែអញ្ចឹង ក្តិបស្វាយ ទៅដល់អឺរ៉ុបហើយ ឱ្យជីដូនខ្ចប់ក្តិបស្វាយ កាពិ ពីស្រុកខ្មែរបញ្ជូនទៅ។ អ្វីដែលគាត់ទទួលទានពីជាតិមុន ជាតិក្រោយក៏នៅបន្តដល់សព្វថ្ងៃ។ ជំនឿចាប់ជាតិនេះ មាននៅក្នុងកូរ៉េ មិនមែនអត់ទេ។ ពួកអឺរ៉ុបគេមិនជឿទេ ក៏ប៉ុន្តែទទួល Dalai Lama ថាជាព្រះចាប់ជាតិដែរ វាទៅអញ្ចេះ ដោយសារតែចង់ប្រឆាំងចិន …។

សំណូមពរពលរដ្ឋកម្ពុជាស្នាក់នៅ/ធ្វើការ គោរពច្បាប់របស់កូរ៉េ

យើងបន្តធ្វើការងារអនុវត្តទំនាក់ទំនងជាមួយកូរ៉េជាបន្តទៀត។ សំណូមពរក្មួយៗដែលស្នាក់នៅកូរ៉េ បន្តការងារដោយគោរពច្បាប់របស់កូរ៉េ។ អ្វីដែលយើងចង់ឃើញ ច្បាប់របស់ប្រទេសគេត្រូវបានគោរព ដោយគ្មានការបំពាន កុំរំខានដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបស់គេ។ និស្សិតដែលកំពុងទទួលបាននូវការបណ្តុះបណ្តាលនៅទីនេះ ខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងទៅស្រុកទេសវិញ។ អ្នកដែលមានគ្រួសារនៅកូរ៉េក៏ត្រូវបន្ត ហើយត្រូវគិតថាខ្លួនក៏ជាសាច់ឈាមរបស់កម្ពុជា។ ឯកូនដែលកើតឡើង ក៏ជាផ្នែកមួយពាក់កណ្តាលកូរ៉េ ពាក់កណ្តាលខ្មែរ ដែលរាជរដ្ឋាភិបាលនឹងប្រឹងប្រែងជាមួយរដ្ឋាភិបាលកូរ៉េ ថាត្រូវរកវិធីយ៉ាងម៉េច ដើម្បីឱ្យចៅៗនោះវាអាចមានការចេះដឹងទាំងភាសាកូរ៉េផង ទាំងភាសាខ្មែរផង។ គូគាប់យ៉ាងម៉េចបានកាត់រកគ្នា តាំងពីសេអ៊ូលដល់កម្ពុជា តាំងពីកូរ៉េទៅដល់កម្ពុជា ទៅកើត អាហ្នឹងប្រហែលបើសិនជាមានរឿងអីត្រូវបន្ទោស ខ្ញុំជាអ្នកទទួលខុសទៀតហើយ ឧទាហរណ៍ បើសិនអស់គ្នា លែងលះគ្នាប្តីប្រពន្ធ កុំជេរខ្ញុំ ថាមកពីលោក ហ៊ុន សែន ហ្នឹង ទាក់ទងជាមួយកូរ៉េហើយ បានជាអញត្រូវមានប្តីជា មួយកូរ៉េ រឿងខ្លួនឯងសោះ អាពេលស្រួល សំងំឱ្យឈឹង (ស្នូរទះដៃ) ដល់ពេលទាស់គ្នា ព្រះតេជព្រះគុណអើយ! មកបន្ទោសអ្នកបង្កើតទំនាក់ទំនងការទូត។ ពេលគាត់ត្រូវគ្នា និយាយពីស្វះស្វែងគ្នា ទូរស័ព្ទរកគ្នា email រកគ្នា SMS រកគ្នា ដល់គាត់បែកបាក់គ្នា មកបន្ទោសឯងអ្នកបង្កើតទំនាក់ទំនងការទូតទៅវិញ …។

ជើងហោះហើររវាងកម្ពុជា-កូរ៉េ ១ អាទិត្យ ៥០ ជើង, ទំហំទុនវិនិយោគកូរ៉េ ជាង ៤ ពាន់លានដុល្លារ

សភាពការណ៍ក្នុងប្រទេស។ ឥឡូវនេះ ការហោះហើររវាងកម្ពុជា និងកូរ៉េ ដូចជាមួយអាទិត្យ ៥០ ជើង ដែលជាប្រទេសក្រៅមួយ។ ឥឡូវចិនទៅជាប្រទេសក្រៅតំបន់ ប៉ុន្តែ មានជើងហោះហើរច្រើនជាងគេទាំងអស់ ដោយសារហោះពីគ្រប់ទីកន្លែង។ កាលពីពេលមុននេះ កូរ៉េគឺជាប្រទេសនៅក្រៅតំបន់ ដែលឆ្ងាយជាងគេ ដែលមានជើងហោះហើរច្រើនបំផុត។ ជប៉ុន … បើកជើងហោះហើរ ឥឡូវនេះអ្នកធ្វើដំណើរកាន់តែច្រើន ជប៉ុនកំពុងចង់ពង្រីកជើងហោះហើរបន្ថែមទៀត។ វាចំណុះទៅលើការកើនឡើងនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ពិសេសក្នុងវិស័យទេសចរណ៍ ដែលយើងត្រូវបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍកម្ពុជា ហើយទាក់ទាញការវិនិយោគពីកូរ៉េទៅកាន់កម្ពុជា។ ទំហំទុនវិនិយោគរបស់កូរ៉េទៅកាន់កម្ពុជាដូចជាជាង ៤ ពាន់លាន ដែល យើងត្រូវប្រឹងប្រែងទាញតទៅទៀត។

ទៅសួរសុខទុក្ខប្រជាពលរដ្ឋនៅទីក្រុង Wuhan បើមានការអនុញ្ញាតពីប្រទេសចិន

ថ្ងៃនេះ យើងជួបជុំគ្នានៅទីនេះ ដូចជាមិនមានឃើញអ្នកណាមួយពាក់ម៉ាសទេ។ តែបើសិនត្រូវការពាក់ក៏ពាក់ទៅ អត់មានស្អីទេ។ ខ្ញុំបាននិយាយថ្ងៃមុន ហើយថ្ងៃហ្នឹងមានអ្នកឌឺទៀត ព្រោះខ្ញុំរវាសណាស់។ នៅពេលដែលមកនេះ មានការ live ចេញពីហ្នឹង ដោយហ្វេសប៊ុក page របស់នាយករដ្ឋមន្ត្រី ហ្វេសប៊ុក page របស់ទូរទស្សន៍ជាតិ ដែលជាផ្សាយផ្ទាល់ទៅហ្នឹង និងហ្វេសប៊ុករបស់ Fresh News។ អញ្ចឹងទេ មានអ្នកចូលមកឌឺថា សុំឱ្យលោក ហ៊ុន សែន ដែលយកចិត្តទុកដាក់ប្រជាជនគ្រប់ទីកន្លែង ទៅសួរសុខទុក្ខប្រជាជនខ្មែរនៅទីក្រុង Wuhan ប្រទេសចិន។ សុំឆ្លើយទៅវិញ ហ៊ុន សែន នឹងទៅ ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត។ (ស្នូរទះដៃ) មិនចាំបាច់ឌឺជាមួយ ហ៊ុន សែន ទេ។ ហ៊ុន សែន ហ៊ានចូលប្រយុទ្ធក្នុងភ្លើងសង្គ្រាម ហ៊ានយកក្បាលធ្វើដើមទុន ដើម្បីសង្គ្រោះជាតិ ហ៊ានយកជីវិតធ្វើដើមទុន ដើម្បីការឯកភាពជាតិ បញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិ រឿងអី ហ៊ុន សែន មិនហ៊ានទៅក្រុង Wuhan ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរ ដែលកំពុងរៀននៅទីក្រុង Wuhan។ (ស្នូរទះដៃ) កុំចង់សាកជាមួយ ហ៊ុន សែន ឱ្យសោះ។ បើស្គាល់ ហ៊ុន សែន មិនច្បាស់ កុំនិយាយ។ កុំធ្វើ។ ហ៊ុន សែន ទៅមែន ឱ្យតែរដ្ឋាភិបាលចិនអូខេ។ ឥឡូវសុំទាក់ទងទៅ ធ្វើឱ្យពួកហ្នឹងវាដឹង ហ៊ុន សែន ម្តង … ខ្ញុំសម្រេចចិត្តមិនបញ្ឈប់ជើងហោះហើរជាមួយនឹងប្រទេសចិនទេ។ ថ្ងៃនេះ ខ្ញុំឱ្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា បញ្ជាក់ទៅកាន់ប្រទេសចិនថា អត់មានបញ្ឈប់ជើងហោះហើររវាងកម្ពុជា និងចិនទេ។ តំបន់ Wuhan ត្រូវបានចិនបញ្ឈប់ការហោះហើរ មិនគ្រាន់តែចេញទៅក្រៅប្រទេសទេ ក្នុងប្រទេសចិនខ្លួនឯង តំបន់ Wuhan ត្រូវបានដាក់ឱ្យនៅឯកោ។ ជើងហោះហើរក៏មិនឱ្យហោះ ផ្លូវរថភ្លើងក៏មិនឱ្យទៅ ផ្លូវគោកក៏មិនឱ្យទៅ គេមានវិធានការ គេមានការទទួលខុសត្រូវក្នុងប្រទេសគេរួចស្រេចទៅហើយ។

ខ្ញុំបានសួរ ឌីម៉ង់ (តើ)កូរ៉េខាងត្បូង និងប្រទេសចិន មានបញ្ឈប់ ជើងហោះហើរឯណា? អត់ទេ? ប៉ុន្មានថ្ងៃហើយ? ពីរថ្ងៃមុន។ ប៉ុន្តែសម្រាប់យើងខ្ញុំសុំសួរបញ្ជាក់ បើកម្ពុជាកំពុងតែភ័យខ្លាចលើរឿងហ្នឹងដែរ វិធានការការពារនៅនឹងកន្លែង តំបន់ Wuhan នេះ តើវាមិនសុវត្ថិភាពជាងទេអី? នេះត្រូវមើលឱ្យឃើញ។ មានការចាំបាច់ ដើម្បីជម្លៀសពលរដ្ឋខ្មែរចេញពីប្រទេសចិនទេ? ទេសចរពីប្រទេសចិនទៅកាន់ប្រទេសដទៃទៀតក៏នៅតែទៅ។

មានប្រទេសខ្លះប្រកាន់យកឥរិយាបថទប់ស្កាត់ មានប្រទេសខ្លះនៅបន្ត។ ឯកម្ពុជា ខ្ញុំនៅតែជម្នះថាខ្ញុំនៅតែធ្វើ។ ឥឡូវលើការជាក់ស្តែង ក្នុងពេលដែលមានការហោះហើរបន្ត សួរថាតើប្រជាជនកម្ពុជាណាម្នាក់ ដែលបានឆ្លងជំងឺវីរុសកូរូណាហ្នឹងហើយឬ នៅ? វាមិនទាន់មាន។ មានជនជាតិចិនម្នាក់ ដែលយើងកំពុងតែព្យាបាល ដើម្បីឱ្យគាត់ជាសះស្បើយនៅក្នុងប្រទេសរបស់យើង មិនអាចអនុញ្ញាតឱ្យគាត់ធ្វើដំណើរទៅណាទេ។ ឯអ្នកដែលគេបំផុសផ្សាយព័ត៌មាន ថាបានឆ្លង គេត្រឡប់ពីកោះកុង ត្រឡប់ចេញទៅប្រទេសរបស់គេវិញបាត់ ដែលអភិបាលខេត្តកោះកុងបានធ្វើរបាយការណ៍មកថា បានត្រឡប់ទៅដល់ប្រទេស(គេ) ហើយជិះយន្តហោះលេខប៉ុន្មាន កៅអីលេខប៉ុន្មានថែមទៀតនោះ យើងតាមដល់ប៉ុណ្ណឹង។ អញ្ចឹងទេ សាកល្បងមើល ខ្ញុំទៅសួរសុខទុក្ខនិស្សិតនៅ Wuhan ឱ្យតែចិនអនុញ្ញាត។

គ្រាបារម្ភពីការផ្ទុះសង្គ្រាមឧបទ្វីបកូរ៉េ ក៏កម្ពុជាមិនបានជម្លៀសប្រជាជនចេញពីកូរ៉េទាំងពីរដែរ

វាមិនមែនជាការងាយស្រួល ហើយសូម្បីតែនៅកូរ៉េ ខ្ញុំសុំជម្រាប ប្រហែលជាមានអ្នកខ្លះ ដែលធ្វើការនៅយូរ ក្នុងឆ្នាំ ២០១៣ -២០១៤ កូរ៉េខាងជើងត្រៀមធ្វើសង្គ្រាម។ ពេលនោះកូរ៉េខាងជើងស្នើឱ្យយើងដកបុគ្គលិកទូតចេញពីព្យុងយ៉ាង។ ប្រទេសមួយចំនួនត្រៀមជម្លៀសប្រជាជនរបស់ខ្លួនចេញពីកូរ៉េខាងត្បូង។ អញ្ចឹង ឪពុកម្តាយរបស់ពលករកម្ពុជារបស់យើង ក៏មានភ័យខ្លាច ក៏លើកជាសំណួរថា ម៉េចមិនគិតគូរជម្លៀសកម្មករខ្មែរចេញពីកូរ៉េខាងត្បូង? បានខ្ញុំធ្វើការពន្យល់ជាសាធារណៈនៅពេលនោះ។ កូនក្មួយទាំងឡាយ! បើសិនជាពេលនោះខ្ញុំសម្រេចចិត្តធ្វើការជម្លៀស ដោយជួលយន្តហោះនានាដឹក ឬក៏បញ្ជូន គេថាជួលនាវា យើងអត់មានយន្តហោះអីច្រើនទេ សួរថាក្មួយៗអាចមកធ្វើការនៅកូរ៉េវិញបានទេ? ច្បាស់ជាមិនបានទេ។ បើនៅនេះវាសុវត្ថិភាពជាង។ ប្រជាជនកូរ៉េគេរស់នៅរបៀបម៉េច យើងរស់នៅជាមួយគេទៅ គេច្បាស់ជាយកការទទួលខុសត្រូវការពារហើយ។ បើសិនជាក្មួយត្រឡប់ទៅវិញ ក្មួយច្បាស់ជាគ្មានឱកាស(មកវិញទេ) កូរ៉េគេមិនអនុញ្ញាតឱ្យយើងមកធ្វើការនៅកូរ៉េទៀតទេ ព្រោះពេលដែលមានការរត់ចោលគេនោះ អញ្ចឹងទៅឱ្យផុតពីមុខពីមាត់បណ្តោយចុះ។

បើជម្លៀសសិស្សខ្មែរពី Wuhan ឬពីចិន តើចិននឹងទទួលយកសិស្សយើងត្រឡប់ទៅវិញទេ?

ករណីដូចគ្នានេះដែរ ខ្ញុំជឿថាចិនអាចនឹងប្រកាន់យកឥរិយាបថបែបនោះ។ ថ្ងៃក្រោយអ្ហែងមិនបាច់មកសុំអញរៀនទេ។ គ្រាន់តែខ្ញុំប្រើពាក្យរួមសុខរួមទុក្ខជាមួយគ្នា វាយល់មិនបាន។ វាថាចឹងបើគេកើតកូរូណា យើងកើតកូរូណាដែរមែន? ទេ។ បើថាវាឡប់ ឡប់តែឯងទៅចុះ។ ខ្ញុំចង់ធានាសុវត្ថិភាពឱ្យបានច្បាស់ ហើយធានាថា យើងនៅរួមជាមួយគេ។ គេទទួលខុសត្រូវចំពោះយើង។ ឥឡូវបើតាមខ្ញុំដឹងនៅ Wuhan គេបង្កើតការរៀនតាមអនឡាញ ដើម្បីកុំឱ្យស្ទះទៅដល់ការរៀនសូត្ររបស់និស្សិត ទាំងនិស្សិតខ្មែរ ទាំងនិស្សិតចិន។ អញ្ចឹងគេយកនិស្សិតយើង ដាក់ខែលការពារមួយដ៏ខ្ពស់ រួចបង្រៀននិស្សិតយើងតាមអនឡាញ។ អញ្ចឹងបើសិនជាយើងជម្លៀសនិស្សិតយើងចេញពី Wuhan ឬចេញពីប្រទេសចិន។ សួរថា តើគាត់អាចរៀនទាន់គេទេ? អាហ្នឹងសំណួរទី ១។ ប៉ុន្តែ ធ្ងន់ជាងនេះ បើយើងចាកចេញមក តើចិននឹងអនុញ្ញាតឱ្យយើងត្រឡប់ទៅរៀនវិញទេ? នេះជាចំណុចដែលយើងត្រូវពិចារណាជាកញ្ចប់បញ្ហា។ អ្នកដែលមិនយល់ មិនចាំបាច់ប្រឹងពន្យល់ទេ វាលំបាកណាស់នៅក្នុងការពន្យល់ជាមួយមនុស្ស ដែលមិនព្រមយល់នោះ។ គ្មានអ្នកណាងងឹតជាងមនុស្ស ដែលមានភ្នែកភ្លឺ ហើយធ្វើខ្វាក់នោះទេ ហើយក៏គ្មានអ្នកណាថ្លង់ ជាងមនុស្សដែលមានត្រចៀកល្អ ហើយធ្វើជាមិនឮដែរ។

ខ្ញុំមិនចាំបាច់និយាយថាចំពោះអ្នកណាទេ ព្រោះខ្ញុំគ្មានការចាំបាច់ប្រឡាក់មាត់ជាមួយអ្នកណាទាំងអស់។ ហើយមិនបាច់ចាំឌឺទេ ចូលមើល page ឡើងវិញ ចូលមើលខមិ្មនឡើងវិញ ព្រោះគេនិយាយវាមិនធ្ងន់ទេ ប៉ុន្តែគេឌឺ គេថាលោក ហ៊ុន សែន យកចិត្តទុកដាក់ប្រជាជនគ្រប់ទីកន្លែងគាត់នឹងទៅសួរសុខទុក្ខនិស្សិតខ្មែរនៅ Wuhan។ ឥឡូវឆ្លើយត្រឡប់ទៅវិញ អញនឹងទៅ(ស្នូរទះដៃ) ឱ្យតែខាងរដ្ឋាភិបាលចិនផ្តល់ឱកាសឱ្យទៅ។ ត្រឡប់ពីហ្នឹងទៅវិញ មិនទាន់ទៅប្រទេសក៏បានដែរ ចុះទៅ Wuhan តែម្ដងមើល។ សាកល្បងទាក់ទងមើល ព្រោះទៅពីនេះទៅ គង់តែហោះកាត់ប្រទេសចិនដដែល។ ចុះ Wuhan សួរសុខទុក្ខក្មេងៗបន្តិចមើល អ្នកណាមិនហ៊ាន មិនបាច់ជិះទៅជាមួយខ្ញុំទេ(ស្នូរទះដៃ)។ ប៉ុន្តែ ខ្ញុំមិនជឿថាមន្រ្តីដែលធ្វើដំណើរជាមួយខ្ញុំ រាប់ទាំងសភាពាណិជ្ជកម្ម លោកឧកញ៉ាអីទាំងអស់ អ្នកមានលុយមានកាក់ខ្លាច? ដល់នាយករដ្ឋមន្រ្តីទៅហើយ ឯងមិនហ៊ានទៅ មិនដល់ថ្នាក់ប៉ុណ្ណឹងពេកទេ។ ទៅៗ (ស្នូរទះដៃ)។

មិនអាចបិទជើងហោះហើរ ព្រោះប្រទេសនានាបានឆ្លងមេរោគកូរ៉ូណារួចហើយ សល់តែឡាវមួយ

ម្យ៉ាងទៀតវាអញ្ចេះ ឥឡូវថា ឱ្យបិទផ្លូវហោះហើរ។ ឥឡូវយើងដាក់ជាសំណួរអញ្ចេះ ឥឡូវបើសិនជាបិទផ្លូវហោះហើរ យើងនៅសល់តែឡាវមួយទេ ដែលអាចហោះមកកាន់កម្ពុជាបាន ព្រោះប្រទេសទាំងអស់បានឆ្លងមេរោគហ្នឹងរួចស្រេចទៅហើយ។ អញ្ចឹងត្រូវតែបិទទាំងអស់ ក៉ូរេមាន ១៥ ករណី បើអញ្ចឹង ត្រូវបិទពីកូរ៉េទៅដែរ បិទពីកូរ៉េប៉ះពាល់នរណា? ប៉ះពាល់ក្មួយៗ។ ផ្នែកមួយនៃការប៉ះពាល់ក្មួយៗ។ ក្មួយៗជួនកាលត្រូវការទៅស្រុក អត់មានយន្តហោះជិះ ទេសចរកូរ៉េទៅស្រុកខ្មែរប៉ះភ្លាម។ វិនិយោគិននៅកូរ៉េ ដែលកំពុងមានការងារ ដែលមានរោងចក្រ សហគ្រាស មានក្រុមហ៊ុននៅស្រុកខ្មែរ ប៉ះភ្លាម។ យើងត្រូវបិទទាំងអស់ បើគ្រប់ប្រទេសវាឆ្លងទៅហើយនោះ។ ប្រទេសចិន តំបន់ Wuhan គេបានម្ចាស់ការបិទខ្លួនគេដោយការទទួលខុសត្រូវទៅហើយ មិនមែនបិទតែផ្លូវអាកាសទៅក្រៅប្រទេសទេ បិទផ្លូវអាកាសទៅក្នុងប្រទេសខ្លួនឯង បិទផ្លូវដែក បិទផ្លូវគោក ហើយកសាងមន្ទីរពេទ្យនៅកន្លែងនោះ ព្យាបាលនៅកន្លែងនោះ។ អញ្ចឹងនៅទីនេះក៏យើងត្រូវប្រយ័ត្នប្រយែងដែរ។

ម្យ៉ាងទៀត ឥឡូវខ្ញុំដូចរាងចង់ផ្តាសាយបន្តិច តិចកូរ៉ូណានឹងគេដែរ? កុំស្អីគ្រាន់តែកណ្ដាស់មួយ។ កូរ៉ូណា អញ្ចឹងកូរ៉ូណាទាំងអស់ យូរៗមិនដឹងអាណាទៅជាអី អាណាទៅជាអីទេ? គ្រាន់តែពាក្យថា រួមសុខរួមទុក្ខ ខ្ញុំចង់សំដៅថា នៅពេលដែលយើងបានរៀនសូត្រធ្វើការនៅទីនោះ យើងនៅបាន ដូចករណីដែលបើខ្ញុំប្តេជ្ញាជម្លៀសពលករយើង ដែលសម័យកូរ៉េខាងជើងត្រៀមប្រកាសថានឹងធ្វើសង្រ្គាម ហើយយកការភ័យខ្លាចនោះជម្លៀសពលករខ្មែរ ប្រហែលជាពេលនោះកូរ៉េខាងត្បូងលែងអនុញ្ញាតឱ្យយើងបញ្ជូនពលករខ្មែរមកស្រុកគេទៀតហើយ ព្រោះនៅពេលស្រួលអ្នកឯងមករកអញ ពេលអញពិបាកអ្នកឯងរត់ចោល។ រឿងអីគេឱ្យមកទៀត? យើងកំពុងតែសុំគេបង្កើន ឯយើងបែរជារត់ថយខ្លួនឯង។ អញ្ចឹងបើត្រូវការជម្លៀស ត្រូវជម្លៀសគ្រប់ប្រទេសទាំងអស់ ព្រោះកើតគ្រប់កន្លែងទៅហើយ គ្រប់ប្រទេសទាំងអស់ត្រូវបិទៗទាំងអស់។

១ ករណីនៅកម្ពុជា ស្ថិតនៅក្រោមការតាមដាន, ពង្រឹងការពិនិត្យតាមព្រលានយន្តហោះ និងព្រំដែន

ខ្ញុំមិនយល់អាអ្នកដែលលើកនោះ ដើម្បីមកផ្ចាញ់ផ្ចាលជាមួយខ្ញុំ។ យើងមានមួយករណីហ្នឹងវាស្រាលណាស់ ហើយមួយករណីហ្នឹងបើសិនឱ្យគាត់មកក្រៅក៏បានដែរ ក៏ប៉ុន្តែយើងចង់ទុកគាត់យ៉ាងតិចក៏ ១៤ ថ្ងៃដែរ ដើម្បីធានាថា ច្បាស់ហើយ ទើបឱ្យគាត់ចាកចេញ។ ឯប្រភេទថ្មីៗ យើងមានការពិនិត្យតាមព្រលានយន្តហោះ និងច្រកចេញចូលអន្តរជាតិនៅតាមព្រំដែនជាមួយវៀតណាម តាមព្រំដែនជាមួយថៃ។ យើងយកការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់ខ្លួន។ មានតែឡាវមួយទេ ដែលមិនទាន់ផ្ទុះឡើងនូវជំងឺនេះ ឯក្រៅពីនោះគឺមានរួចមកហើយ។ អញ្ចឹង អីឡើងបិទ អីឡើងជម្លៀស មានអាណាមួយនោះថា កុំចាំលោក ហ៊ុន សែន អី និស្សិតនៅ Wuhan ត្រូវតែត្រឡប់មកកម្ពុជាដោយខ្លួនឯង។ អើ! ទៅៗ។ បើចង់អញ្ចឹងខ្ញុំក៏គ្មានសិទ្ធិហាមឃាត់ទេ។ ធ្វើតាមគេនោះទៅ ប្រសិនបើក្មួយៗចង់ធ្វើ។ ប៉ុន្តែសួរថាសុវត្ថិភាពដល់ណា ពេលដែលក្មួយៗចាកចេញទៅ? ហើយបើសិនជាជំងឺឆ្លងនេះទៅដល់ស្រុកខ្មែរ វាជាការនាំជំងឺពីប្រទេសចិនចូលស្រុកខ្មែរដោយនិស្សិតខ្មែរខ្លួនឯង។ យល់ទេអាហ្នឹង? អាអ្នកមិនយល់។ រួចហើយ នៅក្នុងពេលដែលចិនកំពុងតែគ្រប់គ្រងបាននូវសភាពការណ៍របស់គេ និងថែទាំនិស្សិតរបស់យើងបាន បែរជានិស្សិតយើងនាំជំងឺចូលទៅកាន់ប្រទេសខ្មែរហើយ រួចហើយរកវ៉ាក់សាំងការពារមិនបានទៀត។ ត្រូវស្លាប់ខ្លួនឯងនៅស្រុកខ្មែរ។

អ្នកប្រឆាំងគួរពិចារណាឱ្យដិតដល់ មុននឹងលើកយោបល់ប្រឆាំង

ខ្ញុំគិតថា អ្នកដែលប្រឆាំងគួរតែបានគិតពិចារណាឱ្យបានដិតដល់ មុននឹងលើកយោបល់ប្រឆាំង។ មានអ្នកណាមកស្រែកនៅនេះថា ហ៊ុន សែន គ្រោះថ្នាក់ធ្ងន់ជាងកូរ៉ូណាហ្នឹងទៀត។ បានបើអ្នកឯងយល់របៀបហ្នឹងមិនបាច់ទៅស្រុកខ្មែរទេ។ ប្រឹងស្រែកនៅនោះ «ហ៊ុន សែន គ្រោះថ្នាក់ជាងកូរ៉ូណាទៅទៀត»។ បើអញ្ចឹងម៉ែឪលោកឯងទាំងប៉ុន្មាន កំពុងតែរស់នៅរបៀបម៉េចរាល់ថ្ងៃ? ប្រហែលជាពេលនេះនៅឯណោះ ម៉ោង ៥ ល្ងាច បើគាត់ជាមន្រ្តីរាជការ គាត់ដល់ម៉ោងសម្រាកហើយ។ គាត់ជាកម្មករ/កសិករ ដល់ម៉ោងសម្រាក។ ប៉ុន្តែខាងស្រែកឱ្យខាងតែបាន។ ហ្នឹងជាសេរីភាពរបស់អស់លោកអ្នកទេ។ រួចតាំងទៀតហើយ គេថាលោក ហ៊ុន សែន មកនិយាយតែម្នាក់ឯង មិនឱ្យគេនិយាយផង។ វាទៅអញ្ចេះ។ ឥឡូវប្រសិនបើមិនឱ្យខ្ញុំនិយាយ ហើយទុកឱ្យអ្នកទាំងអស់គ្នានិយាយ អញ្ចឹងស្រួលបណ្តោយ។ ខ្ញុំមកដល់អង្គុយស្តាប់តែម្តង។ អ្នកនេះមួយម៉ាត់ អ្នកនោះមួយម៉ាត់ទៅ។ នេះមិនមែនជាសន្និសីទសារព័ត៌មានទេ។ ដូចជាកន្លងទៅខ្ញុំទៅជួបជាមួយនឹងអ្នកសារព័ត៌មាន អាមួយសន្និសីទសារព័ត៌មាន អាមួយជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន វាខុសគ្នា។ អាជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និយាយតែខ្ញុំតើ។ រដ្ឋមន្រ្តីក្រសួងព័ត៌មានរាយការណ៍ទៅ សភាពការណ៍វាយ៉ាងម៉េចអីយ៉ាងម៉េច មានសំណូមពរអី? រួចហើយនាយករដ្ឋមន្រ្តីឡើងថ្លៃងការទៅ និយាយទៅ ដោះស្រាយអី? … បើសន្និសីទកាសែត សន្និសីទសារព័ត៌មានគេបើកឱ្យសួរ។ ប៉ុន្តែថ្ងៃនេះ យើងសំណេះសំណាលសួរសុខទុក្ខគ្នាតើ។

មានរឿងអីកើតនៅឧបទ្វីបកូរ៉េ សូមពលរដ្ឋកម្ពុជាកុំស្លន់ស្លោ ត្រូវស្ថិតនៅជាមួយប្រជាជនកូរ៉េ

ខ្ញុំដឹងថាអ្នកទាំងអស់គ្នាត្រូវត្រឡប់ទៅវិញទាំងយប់ ដើម្បីស្អែកបានធ្វើការ ឯខ្ញុំម្សិលមិញសូមជម្រាបអត់មានថ្ងៃសៅរ៍ ថ្ងៃអាទិត្យទេ។ សៅរ៍ក៏ប្រជុំ អាទិត្យក៏ប្រជុំ។ ម្សិលមិញ និយាយបិទទ្វារជិត ៤ ម៉ោង។ និយាយអត់ឈប់ និយាយតែម្នាក់ឯង ព្រោះឱ្យអ្នកដទៃនិយាយអស់មួយថ្ងៃកន្លះហើយ។ បើកឱកាសឱ្យអ្នកដទៃនិយាយមួយថ្ងៃកន្លះ អញ្ចឹងសល់មួយល្ងាចជិត ៤ ម៉ោង លេងនិយាយតែម្នាក់ឯង ព្រោះអាហ្នឹងដល់ម៉ោងយើងត្រូវនិយាយ។ ឡើងគីឡូផឹកតែទឹក ក៏ឡើងគីឡូដែរ។ ខ្ញុំសង្ឃឹមថា ក្មួយៗបន្តនូវកិច្ចការនៅទីនេះ ហើយបើទោះបីថា នៅកូរ៉េនេះ ថ្ងៃក្រោយបើមានជំងឺអីដែលវាកើត ប៉ុន្មានឆ្នាំមានជំងឺឈ្មោះអី … ប៉ុន្មានឆ្នាំមុននោះមានជំងឺឆ្លងពីប៉ែកអាហ្វ្រិកមកដល់ហ្នឹង ប៉េស្តអាហ្វ្រិក។ ប៉ុន្មានខែមុននេះ មិនដឹងយ៉ាងម៉េចវាហោះចូលដល់កម្ពុជាដែរ ហើយជំងឺនេះវាម្តងកើតអានេះទៅ វាម្តងកើតអានោះទៅ ហ្នឹងហើយជាលទ្ធផល នៃការប្រែប្រួលអាកាសធាតុនោះ ដែលពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងរួមគ្នា ទៅលើការប្រយុទ្ធប្រឆាំងបញ្ហានេះ។ វាគ្មានជម្រើសណាឱ្យល្អ ដើម្បីរួមគ្នាដោះស្រាយបញ្ហាដែលកំពុងប្រឈមជាបញ្ហាប្រឈមរួមរបស់ពិភពលោកទេ។

រាប់ទាំងនៅឧបទ្វីបកូរ៉េ នៅកូរ៉េអ្នកទាំងអស់គ្នា បើនិយាយតាមមួយបែប អ្នកទាំងអស់គ្នានៅកៀកនឹងតំបន់គ្រោះថ្នាក់ខ្លាំងណាស់ បើនិយាយតាមមួយបែប។ ក្បែរនុយក្លេអ៊ែរ គ្រាន់តែឆ្នាំ ២០១៣-២០១៤ គំរាមវាយគ្នា ដែលមនុស្សមួយចំនួនទាមទារឱ្យខ្ញុំជម្លៀសពលករខ្មែរ។ ប៉ុន្តែ មិនត្រូវយកបញ្ហានោះដាក់នៅពីមុខ យកការភ័យខ្លាចសង្រ្គាមកូរ៉េដាក់ពីមុខ ដើម្បីឱ្យយើងចាកចេញ ឬមិនមានទំនាក់ទំនងជាមួយកូរ៉េទេ។ យើងរំពឹងទុកថា បើទោះជាការចរចា វាមិនទាន់ចាប់ផ្តើមបន្តទៅទៀតរវាងអាមេរិក និងកូរ៉េខាងជើង ក៏ប៉ុន្តែ យើងសង្ឃឹមថា ទំនាក់ទំនងរវាងខាងជើង និងខាងត្បូង នៅតែបន្តល្អ ដើម្បីជាផ្នែកមួយនៃការធូរស្រាល នៃឧបទ្វីបកូរ៉េដែរ។ ប្រធានាធិបតី Moon Jae-in ក៏បានទៅទស្សនកិច្ចនៅព្យុងយ៉ាង ហើយវាក៏អាចជាលទ្ធភាពដែរ ដែលប្រធានាធិបតី Kim Jung-un មកទស្សនកិច្ចនៅកូរ៉េខាងត្បូង។ វាអាចអញ្ចឹងទៅដែរ បើទោះបីជាការប៉ុនប៉ងមិនបានសម្រេចនៃជំនួបរវាងអាស៊ាន និងកូរ៉េទាំងពីរ ដែលកាលពីមុននេះគ្រោងធ្វើ។ គ្រាន់តែផ្ដាំផ្ញើបើសិនជាមានរឿងអីកើតឡើង ក៏សូមកុំស្លន់ស្លោ ប្រជាជនកូរ៉េគេរស់នៅបានយ៉ាងម៉េច រស់នៅជាមួយគេអញ្ចឹងទៅ។ និយោជកដែលមកទីនេះ ក៏ដូចជាថៅកែៗរោងចក្រ គេមានការទទួលខុសត្រូវរបស់គេ។ រដ្ឋបាលរបស់គេ រដ្ឋាភិបាលរបស់គេៗមានការទទួលខុសត្រូវរបស់គេហើយ។ យើងនឹងបន្តទៅទៀតនៅក្នុងការពង្រឹងទំនាក់ទំនងនេះ។

មោទនភាពនយោបាយការទូត/សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយកូរ៉េខាងត្បូង និងមិនបាត់បង់ការឧបត្ថមគាំទ្រពីកូរ៉េខាងជើង

ទំនាក់ទំនងខាងនយោបាយ ការទូត ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងផ្នែកដទៃទៀត នាំមកនូវការរីកលូតលាស់ សម្រាប់កម្ពុជា។ កម្ពុជាទទួលផលច្រើនជាង នៅក្នុងការដាក់ទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េ។ ខ្ញុំសប្បាយរីករាយនៅត្រង់ថា ក្នុងឋានៈជាអ្នកដែលជម្នះឧបសគ្គ ដើម្បីធ្វើឱ្យខាងតែបាននូវទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ គឺមានមោទនភាព។ ខ្ញុំនឹងមានការខកចិត្ត ប្រសិនបើដាក់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង មិនត្រឹមតែធ្វើឱ្យកូរ៉េខាងជើងខឹង បន្ថែមដោយគ្មានការលូតលាស់ណាមួយ នៅក្នុងទំនាក់ទំនងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលផ្ដល់ផលប្រយោជន៍ឱ្យកម្ពុជា ខ្ញុំនឹងក្លាយទៅជាជនបរាជ័យ។ ក៏ប៉ុន្តែ ឥឡូវនេះ ខ្ញុំនិយាយដោយមោទនភាពថា ខ្ញុំជាជនជោគជ័យម្នាក់នៅក្នុងនយោបាយនេះ។ នេះលើការជាក់ស្ដែង បើសិនជាពេលនោះដាក់ទៅ ទំនាក់ទំនងរវាងយើង និងកូរ៉េខាងត្បូងអត់មានអីជឿនលឿន បែរជាបាត់ការឧបត្ថម្ភគាំទ្រពីកូរ៉េខាងជើង ខ្ញុំជាជនបរាជ័យ។ ប៉ុន្តែ ឥឡូវនេះ ទំនាក់ទំនងរវាងកូរ៉េទាំងពីរនៅតែរក្សា។

ទទូចឱ្យបញ្ហាឧបទ្វីបកូរ៉េដោះស្រាយតាមផ្លូវចរចាដោយសន្តិវិធី

ពិតមែនហើយ យើងចៀសមិនផុតទេ យើងត្រូវអនុវត្តនូវសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ពាក់ព័ន្ធជាមួយនឹងកូរ៉េខាងជើង។ វាអត់មានជម្រើស។ នេះជាសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលយើងត្រូវតែគោរព។ ក៏ប៉ុន្តែ ទំនាក់ទំនងធម្មតា រវាងយើងជាមួយនឹងកូរ៉េខាងជើងនៅតែបន្ត ដោយមិនយកកូរ៉េខាងជើងធ្វើជាសត្រូវទេ។ យើងនៅតែទទូចឱ្យឧបទ្វីបកូរ៉េនេះគ្មានអាវុធនុយក្លេអ៊ែរ និងមានដំណោះស្រាយ តាមផ្លូវចរចា។ បើទោះបីជាការចរចាកើតឡើងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក កូរ៉េខាងជើងជាមួយកូរ៉េខាងត្បូង ឬការចរចាពហុភាគីកកើតឡើងវិញ ក៏វាសុទ្ធតែជាជម្រើសដោយសន្តិវិធីទាំងអស់។ នៅចាំទេ ប្រហែលជានៅទីនេះមានប្រកាសអាសន្នទេដឹង ដែលថាកូរ៉េខាងជើងត្រៀមកាដូសម្រាប់បុណ្យណូអែលនោះ? មុនចូលឆ្នាំថ្មី ម្នាក់ៗត្រៀមចាំមើល។ តើអាវុធធុនអី ដែលកូរ៉េខាងជើងបាញ់ចេញ កាលពីពេលនោះ? ម្នាក់ៗនៅក្រៅតំបន់ ពិសេសអ្នកនយោបាយចាំមើលថា តើអ្វីដែលជាកាដូឆ្នាំថ្មីរបស់កូរ៉េខាងជើងឱ្យអាមេរិកាំងនោះ? ចាំមើល។ ប៉ុន្តែ ដូចជាភាសាការទូតចុងក្រោយនៅតែស្វះស្វែងតាមរយៈសន្តិវិធី ដដែល ដោយចៀសវាងមិននិយាយទៅលើបញ្ហានេះ/នោះ។

ឧបកិច្ចថាម៉ោងនៅកូរ៉េ ជាម៉ោងពិតនៅកម្ពុជា ទើបគេងលក់

ខ្ញុំពិតជាមានការអរគុណចំពោះក្មួយៗ ដែលបានលះបង់ពេលវេលា ហើយធ្វើដំណើរឆ្ងាយ មកជួបពូនៅទីនេះ ហើយត្រូវត្រឡប់ទៅវិញ។ ប៉ុន្តែ ត្រឡប់ទៅវិញ លើឡានអាចសម្រាកបានតើ។ ថ្ងៃមិញចេញពីភ្នំពេញ ហោះ ៤ ម៉ោងកន្លះ … ខ្ញុំសម្រាកបាន ៣ ម៉ោងកន្លះ។ បើហោះ ៥ ម៉ោងកន្លះ ខ្ញុំសម្រាកបាន ៤ ម៉ោង ឡើងមកលក់តែរហូតហ្នឹង។ ឡើងមក យើងឧបកិច្ច … មួលដូរ(ទ្រនិច)នាឡិកាតាំងពីផ្ទះឯណោះ ពេលហ្នឹងចុះមកក្រោមនៅប៊ុយរូហើយ ម៉ោង ៧ កន្លះ។ អញ្ចឹងមួលនាឡិកាដាក់ម៉ោង ៩ កន្លះ។ អញ្ចឹងដល់យើងឡើងយន្តហោះៗ ចាប់ហោះនៅម៉ោង ៨ កន្លះ យើងឧបកិច្ចថាថ្ងៃត្រង់ហើយ។ ហោះបានបន្តិច យកបាយមក ឧបកិច្ចថាស៊ីបាយថ្ងៃត្រង់។ ទម្លាប់របស់យើងបាយថ្ងៃត្រង់ហើយ ត្រូវតែដេក។ ស្រុកខ្មែរ គឺភាគច្រើនគេដេកថ្ងៃ មានតែមួយចំនួនណាទេដែលមិនដេកនោះ។ ច្រើនតែពួកយុវជនគេមិនដេក។ តែចាស់ៗដូចខ្ញុំគេដេកហើយ។ អញ្ចឹងបើកុំតែគេហៅមិនភ្ញាក់ទៀត។ ដល់លឺសូរសម្លេងយន្តហោះកំពុងចុះបន្ទាបហើយ។ លក់រហូត។ តែត្រចៀកនៅស្ដាប់ចម្រៀងរហូតដែរ។ ដឹងខ្លួនបន្តិចទៅ លឺសូរចម្រៀង តែចម្រៀងតែច្រៀងទៅ លក់ក៏ចេះតែលក់ទៅ។ អាហ្នឹងគេហៅឧបកិច្ច។ ការពិតវាគួរតែបាយព្រឹកទេ វាទៅជាបាយថ្ងៃត្រង់ ដោយសារឧបកិច្ច។ យប់នេះ ត្រូវឧបកិច្ច … ថាឥឡូវយើងម៉ោងពិតប្រាកដ ព្រោះយើងយឺតជាង ២ ម៉ោង។ ដេកមិនលក់ទេ មុនម៉ោង ១២ មិនដែលដេកលក់ទេ។ ឥឡូវចាត់ទុកថា ម៉ោង ១២ ត្រូវម៉ោង ១០ ស្រុកយើងនោះ(ទេ តែម៉ោង ១២ គេហើយ) ត្រូវតែលក់ហើយ។

នាំយកមកជូននូវសៀវភៅពីរក្បាល របស់បណ្ឌិត អ៊ូ ចុង និង ក្រម ង៉ុយ

ហើយថ្ងៃនេះ គ្មានអីទេក្មួយអើយ! ដដែលៗទេ បានយកនាំមកនូវសៀវភៅ។ មួយប្រអប់ហ្នឹងមានសៀវភៅពីរក្បាល មួយគឺការប្រៀនប្រដៅរបស់ ក្រម ង៉ុយ មួយទៀតការប្រៀនប្រដៅរបស់បណ្ឌិត អ៊ូ ចុង។ សម្រាប់ក្មួយៗយកទៅអានទៅ ហើយបើក្មួយៗអានហើយ ឱ្យក្លាយទៅជាវត្ថុអនុស្សាវរីយ៍ប្រចាំជីវិត ព្រោះអានេះការប្រៀនប្រដៅរបស់អ្នកប្រាជ្ញជាន់ដើមរបស់យើងនៅតែស្ថិតស្ថេរ … គាត់និយាយ … «ម៉ែឪចាស់ៗ ព្រឹកឡើងឃ្លានណាស់ គួរឱ្យវិយោគ ឪទារពិសា កូនថាមុនលោក ពុំបានបរិភោគ មុនលោកបានទេ។ នេះបុណ្យផ្កាប់មុខ ឬបុណ្យចោលស្រុក ព្រោះដើរផ្លូវឆ្គង បុណ្យមិនត្រកាល វិសាលឡើយហោង ព្រោះដើរកន្លង ឱ្យម៉ែឪអត់»។ គាត់ចង់ប្រដៅថា បើមុននឹងធ្វើបុណ្យព្រះនៅវត្ត ត្រូវធ្វើបុណ្យព្រះនៅនឹងផ្ទះ។ ឪពុកឃ្លានចង់បានណាស់ កូនឆ្លើយថា ពុកឯងកុំស៊ីមុនលោក។ គេដួសកន្លែងឆ្ងាញ់ៗល្អៗទៅឱ្យលោក ទុកឆ្អឹងៗឱ្យឪពុកម្ដាយ។ ហ្នឹងហើយជាការប្រៀនប្រដៅរបស់បណ្ឌិត អ៊ូ ចុង។ គាត់រំលឹក ហើយលោក ពុយ គា មានគំនិតផ្ដួចផ្ដើមឱ្យបោះអាហ្នឹង។ ខ្ញុំក៏ចេញលុយបោះ។

ដល់ ក្រម ង៉ុយ គាត់លើកចំណុច ដែលអ្នករៀបរៀងបោះសៀវភៅនេះ យកមកដាក់(លើក្រប) «កុំដេកចាំសំណាង កុំក្អេងក្អាងចាំបុព្វេ ខំរកកុំទំនេរ រេរៀនរិះចេះឱ្យគ្រប់ បើចង់ស្រាលខ្លួន រៀនសូត្រឱ្យមួនឱ្យស្ទាត់ កុំចេះស្ទាក់ស្ទើរល្ងីល្ងើឥតបទ បើចេះប្រាកដប្រាក់រត់តាមហៅ» ហ្នឹងសុទ្ធតែជាការប្រៀនប្រដៅ ហើយខ្ញុំអត់មានអ្វីទេ សម្រាប់គ្រូមួយប្រទេសកម្ពុជា ខ្ញុំធានាបោះជូនគ្រូ។ គ្រូម្នាក់ៗសុទ្ធតែមានសៀវភៅហ្នឹង។ គ្រប់គ្រូចូលនិវត្តន៍បន្ត គ្រូថ្មីចេញ ខ្ញុំនឹងបោះបន្តសម្រាប់ឱ្យគ្រូៗ ព្រោះបើមិនអញ្ចឹង ជួនកាលគ្រូចាញ់កូនសិស្ស។ ត្រូវឱ្យគ្រូចេះ។ អញ្ចឹងថ្ងៃហ្នឹងមានអាហ្នឹងសម្រាប់ក្មួយៗ ហើយក្រៅពីនោះ មានតែក្រមាហ្នឹងយកទៅ …។

នៅកូរ៉េ អ្នកមិនជឿសាសនាជាង ៥០% តែវាក៏នៅជាសេរីភាពរបស់គេ

ប៉ុន្តែ ថ្ងៃនេះឱ្យអាទិភាពសម្រាប់ការថតរូប រៀបចំយ៉ាងម៉េចឱ្យបានថតរូបទាំងអស់គ្នា ខ្ញុំសុខចិត្តឈរ អ្នកដែលហត់មិនមែនអ្នកឡើងមកថតមួយភ្លែតៗទេ គឺអ្នកដែលឈរនេះ (ស្នូរទះដៃ) តែដឹងថា កូនៗ ក្មួយៗពិតជាចង់បានរូបថតណាស់ អញ្ចឹងបានជាតាំងចិត្តពីនោះមកថាទ្រាំទ្រការលំបាកបន្តិច ដើម្បីឱ្យមានរូបថត … អញ្ចឹងទេ មានប៉ុណ្ណឹងទៅចុះ ហើយព្រះតេជព្រះគុណ អរព្រះគុណហើយដែលបាននិមន្តមក សម្រាប់ការជួបជុំនៅកន្លែងនេះ។ នៅកូរ៉េនេះ អ្នកដែលអត់ជឿសាសនាណា(ទាំងអស់)មានភាគច្រើនជាងរហូតជាង ៥០%។ អាហ្នឹងគឺជាសេរីភាពមួយក្នុងចំណោមសេរីភាព(ដទៃ)។ ជឿ ឬមិនជឿសាសនាណាក៏បាន អ្នកខ្លះជឿព្រះពុទ្ធ អ្នកខ្លះជឿគ្រឹស្ត អ្នកខ្លះជឿឥស្លាម អ្នកខ្លះជឿហិណ្ឌូ អ្នកខ្លះជឿលើស្អីផ្សេងទៅ អ្នកខ្លះអត់ជឿអ្វីទាំងអស់។ អាហ្នឹងជាសេរីភាព។

ហើយចុងបញ្ចប់ សូមប្រគេនពរចំពោះព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរឯកឧត្តម លោកជំទាវ ពិសេសក្មួយៗ បងប្អូនទាំងអស់ ដែលអញ្ជើញមកចូលរួមនៅពេលនេះសូមប្រកបនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...