សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិន

90

នៅរសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយនឹង​ ឯកឧត្តម លី ខឺ ឈាំង ​(Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនូបពិភាក្សានោះ ឯកឧត្តម លី ខឺ ឈាំង បានបញ្ជាក់ថា រដ្ឋាភិបាលចិន និងប្រជាជនចិន កំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺវីរុសកូរ៉ូណា។ តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅប្រទេសចិននៅពេលនេះ គឺបង្ហាញពីការគាំទ្រដ៏ខ្លាំងក្លាចំពោះប្រទេសចិនក្នុងគ្រាលំបាក។ រដ្ឋាភិបាល និងប្រជាពលរដ្ឋចិន មានជំនឿយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងចំពោះជំងឺកូរ៉ូណានេះ ហើយចិននឹងនៅតែបន្តគាំទ្រផលប្រយោជន៍របស់ប្រជាជនចិន និងប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ទស្សនកិច្ចនៅពេលនេះ គឺបានបង្ហាញអំពីសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនចិនក្នុងគ្រាលំបាកនេះ ពិសេសគឺបង្ហាញអំពីជំនឿចំពោះប្រជាពលរដ្ឋកម្ពុជា និងនិស្សិតកម្ពុជា ដែលកំពុងសិក្សានិងរស់នៅប្រទេសចិន។ ទស្សនកិច្ចនៅពេលនេះ ក៏ដើម្បីលុបបំបាត់នៃការភ័យខ្លាចក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ជាពិសេសគឺការប្រឆាំងទៅនឹងភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋ។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាចង់បង្ហាញពីការគាំទ្រ ជាមួយប្រទេសចិនក្នុងពេលដែលចិនកំពុងតែប្រយុទ្ធប្រឆាំងទៅនឹងវីរុសកូរ៉ូណានេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ នឹងចូលរួមសុខរួមទុក្ខជាមួយនឹងគ្រួសារជនរងគ្រោះដោយសារវីរុសនេះ។ សម្ដេចតេជោ អរគុណដល់រដ្ឋាភិបាលចិន ដែលបានជួយដល់ប្រជាពលរដ្ឋកម្ពុជា កំពុងតែរស់នៅប្រទេសចិន គ្រាដែលរដ្ឋាភិបាលចិន បានចាត់វិធានការមួយចំនួនដើម្បីជួយដល់និស្សិតកម្ពុជា។ សម្ដេចបានបញ្ជាក់ថា អ្វីដែលសំខាន់មិនមែនដោយសារវីរុសកូរ៉ូណាទេ ប៉ុន្តែគឺជាការភ័យខ្លាចរបស់ប្រជាពលរដ្ឋ។ សម្ដេចបានចាត់ទុកថាបញ្ហាជំងឺកូណានេះគឺជាសង្គ្រាមចិត្តសាស្រ្ត ដែលកំពុងធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច។ មានអ្នកខ្លះចោទប្រកាន់ថារាជរដ្ឋាភិបាល ថាបានដោះដូរអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ជាមួយទំនាក់ទំនងកម្ពុជា-ចិនទៅវិញ តែការលើកឡើងនោះគឺសុទ្ធតែជារឿងមិនពិតទាល់តែសោះ ពីព្រោះសម្ដេចបន្តការយកចិត្តទុកដាក់ចំពោះនិស្សិត ដែលកំពុងតែសិក្សានៅប្រទេសចិន។ សម្ដេចតេជោមិនអាចរត់ចេញពីអ្វីដែលកំពុងកើតឡើងនេះបានទេ ប៉ុន្តែសម្ដេចនៅតែបង្ហាញពីការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋចិន។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏លើកឡើងពីកិច្ចសហប្រតិបត្តិការទ្វេភាគីពាក់ព័ន្ធទៅនឹងសហភាពអឺរ៉ុប ដែលគ្រោងនឹងចេញនូវសេចក្តីសម្រេចរបស់ខ្លួននាពាក់កណ្ដាលខែកុម្ភៈនេះ។ ទោះស្ថិតនៅក្នុងស្ថានភាពនេះក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចរាល់ជាងមួយឆ្នាំហើយ សម្ដេចតេជោបានស្នើឱ្យរដ្ឋាភិបាលចិន ជួយជំរុញ វិនិយោគ និងរោងចក្រដែលកំពុងប្រតិបត្តិការ ៧០ភាគរយ នៅកម្ពុជា បន្តរក្សានៅកម្ពុជាដដែល និងស្នើឲ្យចិនបន្តជម្រុញការគៀងគរវិនិយោគរបស់ចិនមកបណ្ដាក់ទុនវិនិយោគបន្ថែមនៅប្រទេសកម្ពុជា ជាមួយនឹងការពង្រីកទិន្នផលកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារចិន។ សម្ដេចតេជោ បានបញ្ជាក់ជូននាយករដ្ឋមន្ត្រីចិនថា ការបិទល្បែងអនឡាញនៅកម្ពុជាគឺដើម្បីធ្វើយ៉ាងណា ធានាសន្តិសុខជាតិរបស់កម្ពុជា នឹងចូលរួមប្រយុទ្ធប្រឆាំងនិងឧក្រិដ្ឋកម្មផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងល្បែងអនឡាញផងដែរ។

ឯកឧត្តម លី ខឺឈាំង នាយករដ្ឋមន្ត្រីចិន បានបញ្ជាក់ថា ចិនយកចិត្តទុកដាក់ខ្លាំងចំពោះទស្សនកិច្ចរបស់សម្ដេចតេជោ មកកាន់ប្រទេសចិននៅពេលនេះ។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ភាគីចិនធ្វើអ្វីៗដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅទីនោះកុំឲ្យមានការភ័យខ្លាច។ ឯកឧត្តមបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះរដ្ឋាភិបាល និងប្រជាពលរដ្ឋចិនកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគថ្មី ហើយសង្ឃឹមជឿជាក់ថា ចិននឹងអាចប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺមួយនេះប្រកបដោយជោគជ័យ។

ចិននឹងបន្តការគាំទ្រដល់កម្ពុជាទៅតាមលទ្ធភាព នូវអ្វីដែលចិនអាចជួយបាន ហើយ ចិននឹងបន្តការគាំទ្រ គៀងគរវិនិយោគបន្ថែមមកកាន់កម្ពុជា និងរក្សាវិនិយោគិនដែលកំពុងតែវិនិយោគនៅកម្ពុជាផងដែរ។ ពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ គឺកំពុងតែស្ថិតនៅក្នុងដំណាក់កាលចរចាគ្នា ដោយភាគីទាំងពីរ នឹងបន្តការជជែកគ្នាទៀតនៅខែមីនាខាងមុខ ដើម្បីជំរុញឱ្យបានចប់សព្វគ្រប់៕