សម្តេច​តេជោ​ នាយករដ្ឋមន្រ្តី អញ្ជើញ​ចាកចេញ​ពីទីក្រុង​សេអ៊ួល សាធារណ​រដ្ឋកូរ៉េ ក្នុងដំណើរឆ្ពោះ​មកកាន់​រដ្ឋធានី ប៉េកាំង​សាធារណ​រដ្ឋប្រជាមានិតចិន

បន្ទាប់ពីបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចការងាររយៈពេល៣ថ្ងៃ នៃការអញ្ជើញចូលរួមកិច្ច ប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ២០២០ របស់អង្គការ​សហព័ន្ធសន្តិភាពសកល នៅទីក្រុងសេអ៊ួល សាធា​រណ​រដ្ឋ​កូរ៉េ រយៈពេល៣ថ្ងៃ ប្រកបដោយល​ទ្ធផល​ដ៏ត្រចះ​ត្រចង់រួ​ចមក​កាលពីវេលាម៉ោង១៤និង៣០ នាទី ម៉ោង​នៅទីក្រុងសេអ៊ួល សាធារណរដ្ឋកូរ៉េ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់​រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើ ដំណើរ​ចាកចេញពីទីក្រុងសេអ៊ួល សាធារណរដ្ឋកូរ៉េ ក្នុងដំណើរឆ្ពោះមកកាន់រដ្ឋធានី ប៉េកាំង សាធា​រណរដ្ឋប្រជាមានិតចិន ដើម្បីជួប​សន្ទនាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ រដ្ឋាភិបាលចិន ដែល ទាក់ទិនទៅការ​ផ្ទុះឡើងនូវប្រភេទជំងឺផ្លូវដង្ហើមប្រភេទថ្មី កូរ៉ណាវីរ៉ុស នៅទីក្រុងប៉េកាំង​ប្រទេសចិន​។

នៅអាកាសយានដ្ឋានអ​ន្តរជាតិសេអ៊ួល វត្តមាននៃ​ការ​អញ្ជើញ​ជូន​ដំណើរសម្តេច​តេជោនាយក​រដ្ឋ​មន្រ្តី និងគណៈប្រតិភូជាន់​ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា រួមមាន ឯកឧត្តមអគ្គនាយក​ពិធី​ការ ក្រសូង​ការ​​បរ​ទេសកូរ៉េ ប្រធាន​អង្គការ​សហព័ន្ធសន្តិភាពសកល ប្រចាំអាស៊ីប៉ាស៊ីហ្វីក លោក​ជំទាវ ឃួន សុដារី អនុ​ប្រធាន​រដ្ឋសភា នៃព្រះ​រាជាណាច​ក្រកម្ពុជា ឯកឧត្តម ឡុង ឌីម៉ង់ អគ្គរាជទូត​វិសាមញ និងពេញ សមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ព្រម​ទាំងវត្តមាន ឯកឧត្តម លោកជំទាវ ឥស្សរ​ជនជាន់ខ្ពស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងឥស្សរជន​ការទូត របស់​ព្រះរាជាណាចក្រកម្ពុជា ប្រចាំ​សាធារណរដ្ឋកូរ៉េ ជាច្រើនរូប។

បន្ទាប់ពីបាន​ធ្វើដំណើរចាកចេញពីទិក្រុងសេអ៊ួល ដែលបានចំណាយ​ពេលប្រមាណ ២ម៉ោង​និង​២០នាទី យន្តហោះពិសេស​របស់ព្រះរាជា​ណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើ ការចុះ​ចត​នៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៥និង​១៥នាទី ម៉ោងនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន ត្រូវនិងម៉ោង១៤និង១៥នាទី ម៉ោង នៅ​រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

វត្តមាន​នៃការអញ្ជើញដល់​របស់​សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី និងគណៈ​ប្រតិភូ​ជាន់​ខ្ពស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ត្រូវបាន​ការធ្វើ​គារវកិច្ចស្វា​គមន៍យ៉ាង​ស្និទ្ធ​ស្នាល​រ៉ាក់ទាក់បំផុត ពីសំណាក់ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និងជារដ្ឋមន្រ្តការ​បរទេសចិន លោក​ជំទាវ ខែក កែវម៉ាលី ស៊ីសូដា ឯកអគ្គរាជ​ទូតវិសាមញ និង​ពេញសមត្ថភាព របស់ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណ​រដ្ឋប្រជា​មានិតចិន ព្រម​ទាំង​វត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ ខ្ពស់រដ្ឋាភិបាលចិន និងឥស្ស​រជនការ​ទូត របស់​ព្រះ​រាជា​ណាចក្រកម្ពុជា​ប្រចាំសាធា​រណរដ្ឋប្រជា​មានិត​ចិន ជាច្រើនរូប។

ក្រោមអាកាសធាតុ​ដក ៤អង្សាសេ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំ ណើរ​ដោយ​ផ្ទាល់​ពី​ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បានធ្វើការសន្ទនាគ្នា ប្រកប​ដោយ​ភាព​កក់​ក្តៅ ពិសេសទាក់ទិនទៅ និងទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រះរាជាណាចក្រ​កម្ពុជា និង​សាធា​រណ​រដ្ឋប្រជាមានិតចិន ដែលកំពុងមាន​ការរីក​ចម្រើនឥត​ឈាប់ឈរពីមួយ​ថ្ងៃទៅ​មួយថ្ងៃ។ ឯកឧត្តម វ៉ា យី មានប្រសាសន៍ជំរាប​ជូនសម្តេច​តេជោនាយករដ្ឋមន្រ្តី ពីស្ថានភាព​ក្នុងប្រ​ទេស​ចិន​នា​ពេល​បច្ចុប្បន្ន ពិសេសក្រោយ​ពេល ដែលមានការ​ផ្ទុះឡើង នូវប្រភេទ​ជំងឺផ្លូវ​ដង្ហើម​កូរ៉ណា វីរ៉ុស នៅទី​ក្រុង​វ៉ូហាន ខេត្តហ៊ូប៉ី កាលពីពេលថ្មីៗកន្លងទៅ។ នៅចំពោះមុខ​សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី ឯកឧត្តម​ទីប្រឹក្សារដ្ឋ និងជា​រដ្ឋមន្រ្តីការ​បរទេសចិន បានថ្លែងនូវអំណរ​គុណយ៉ាងជ្រាល​ជ្រៅ​បំផុត ជូន​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ដែលជាឥ​ស្សរជនកំ​ពូល​របស់ពិភពលោក ដែលបាន អញ្ជើញ​មក​កាន់​រដ្ឋធានីប៉េកាំង ស្របពេល ដែលប្រទេស​ចិនកំពុង​រងឥទ្ធិពល នៃការផ្ទុះ​ឡើង​នៃជំងឺ ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មីកូរ៉ណា​វីរ៉ុស នៅទីក្រុងវ៉ូហាន ខេត្តហ៊ូប៉ី។

សម្តេចតេជោ​នាយករដ្ឋមន្រ្តី បានសំ​ដែង​នូវភា​ពរីករាយក្នុងការឆ្លើយតបទៅ​និងឯកឧត្តមទីប្រឹក្សារដ្ឋ និង​ជារដ្ឋ​មន្រ្តីការ​បរទេសចិន ពីឆន្ទៈ​នៃ​ការគោរពស្រឡាញ់មិត្តភក្តី ដែលជួបប្រទះ​នូវការ​លំបាក់ និងក្តីគោរពស្រឡាញ់ចំពោះប្រជាជនចិន ជាបងប្អូននៃយើង។

សូមបញ្ជាក់ថា នៅរដ្ឋធានីប៉េកាំង សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងជួបសន្ទនា ដោយផ្ទាល់​ជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃ សាធារណរដ្ឋប្រជាមានិតចិន មុនពេល​ដែលសម្តេចតេ​ជោអញ្ជើញនិវត្តន៍ មកកាន់ព្រះរាជាណាចក្រ កម្ពុជា នាយប់ថ្ងៃទី៥កុម្ភៈនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ