សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន

336

នៅល្ងាចថ្ងៃទី០៥​ កុម្ភៈ​ ដដែលនេះ​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជេីញជួបពិភាក្សាជាមួយ​ ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន​ នៅទីក្រុងប៉េកាំង​ ប្រទេសចិន។ នៅក្នុងជំនួបនេះដែរ​ ឯកឧត្តម​ ប្រធានាធិបតី បានជម្រាបសម្ដេចថា​ ឯកឧត្ដម​ ពិតជារីករាយក្នុងការជួបសម្តេចជាថ្មីម្តងទៀតនៅទីក្រុងប៉េកាំង។ ឯកឧត្តម បន្តថា ប្រជាពលរដ្ឋចិន ក៏ដូចជារដ្ឋាភិបាលចិន កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «កូរ៉ូណា»នេះ ហើយចំពោះប្រជាពលរដ្ឋកម្ពុជា ជាពិសេសនិស្សិតកម្ពុជាកំពុងរស់នៅក្នុងប្រទេសចិន រដ្ឋាភិបាលចិនកំពុងយកចិត្តទុកដាក់។

លោកប្រធានាធិបតី បានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថា គាំទ្រប្រទេសចិន ហើយកម្ពុជា បានចូលរួម រួមសុខ រួមទុក្ខជាមួយប្រទេសចិន ឯកឧត្តមពិតជាអរគុណចំពោះទឹកចិត្តរបស់កម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ដែរថា ចាប់ពីឆ្នាំកន្លងទៅនេះ ទំនាក់ទំនងកម្ពុជា និងចិន ចាប់ផ្តើមក្នុងទំព័រសករាជថ្មី ដោយបានអនុវត្តន៍នូវនយោបាយជោគវាសនារួមគ្នា ហើយអាចដាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងកម្រិតថ្មីមួយទៀតចាប់ពីពេលនេះតទៅ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបថា សម្តេចពិតជាអរគុណលោកប្រធានាធិបតី ដែលបានទទួលសម្តេចក្នុងពេលវេលាដ៏ខ្លី ហើយសម្តេចបានគូសបញ្ជាក់ថា គោលបំណងនៃការធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសចិនមាន៣ចំណុច៖ ទី១. បង្ហាញនូវសាមគ្គីភាពជាមួយរដ្ឋាភិបាលចិន ក៏ដូចជាប្រជាពលរដ្ឋចិននៅក្នុងគ្រាលំបាកនេះ, ទី២. ដើម្បីពង្រឹងនូវស្មារតី និងជំនឿចិត្តសម្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា រស់នៅ និងសិក្សានៅប្រទេសចិន ឱ្យបន្តស្នាក់នៅប្រទេសចិនទៀត តស៊ូជាមួយប្រជាពលរដ្ឋចិន និងទី៣. បញ្ជូនសារទៅប្រជាពលរដ្ឋកម្ពុជា ជំងឺរបស់ពលរដ្ឋកម្ពុជា មិនមែនជំងឺបង្កឡើងដោយមេរោគ «កូរ៉ូណា» នោះទេ គឺជំងឺភ័យខ្លាច ហើយមកដល់ពេលនេះមិនទាន់ពលរដ្ឋកម្ពុជាណាម្នាក់កើតជំងឺនេះទេ។ សម្តេចតេជោ បានគូសបញ្ជាក់ដែរថា ប្រទេសខ្លះហាក់បីដូចជាធ្វើសង្គ្រាមចិត្តសាស្ត្រ
ធ្វើឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា មុននេះសម្តេចបានចាប់ដៃ ឯកឧត្តម លី ខឺឈាង បើទោះបីជាឯកឧត្តម ទើបត្រឡប់មកពីទីក្រុងវូហានថ្មីៗក៏ដោយ។ សម្តេចតេជោ គូសបញ្ជាក់ថា សម្តេចមិនពាក់ម៉ាស់ទេ បើពាក់ម៉ាស់មិនបាច់មកទស្សនកិច្ចនៅប្រទេសចិនទេ។ សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា ទោះបីមិត្តចិនបានត្រៀមម៉ាស់សម្រាប់សម្តេចក៏ដោយ ក៏សម្តេចមិនពាក់ដែរ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ក៏បានចូលរួមរំលែកនូវទុក្ខកង្វល់ទាំងឡាយជាមួយប្រជាពលរដ្ឋរងគ្រោះដោយជំងឺបង្កដោយមេរោគ «កូរ៉ូណា» នេះ។ សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេចគាំទ្ររដ្ឋាភិបាលចិន ចំពោះវិធានការដែលបានធ្វើនាពេលកន្លងមកនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កាលពីឆ្នាំទៅប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀនយោបាយជោគវាសនារួមគ្នា។ សម្តេចតេជោ បានបន្ថែមថា មិនមាននរណាអាចបំបែកបំបាក់មិត្តភាពរវាងចិន និងកម្ពុជាឡើយ។ វត្តមានរបស់សម្តេចនៅប្រទេសចិននាពេលនេះ គឺបង្ហាញពីសាមគ្គីភាពជាមួយប្រទេសចិន ហើយរួមសុខរួមទុក្ខជាមួយប្រជាជនចិន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៅឯកឧត្តមប្រធានាធិបតីចិនថា នៅឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងថយចុះបន្តិច ដោយសារការប្រែប្រួលនៃសភាពការណ៍នានាលើពិភពលោក។ សម្តេចតេជោ បានស្នើរដ្ឋាភិបាលចិន បន្តគាំទ្រដល់ការវិនិយោគនៅកម្ពុជា ជាពិសេសរោងចក្ររបស់ចិននៅកម្ពុជា ឱ្យបន្តដំណើរការ ដោយកម្ពុជានឹងកែលំអរបរិយាកាសនានា ដើម្បីធានាដល់ដំណើរការរោងចក្រទាំងនេះ។
សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំឱ្យមានការទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឯកឧត្តមប្រធានាធិបតីចិន ពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជានៅក្នុងប្រទេសចិន។ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មសម្តេចតេជោ បានស្នើឱ្យបង្កើនល្បឿនចរចាទៅលើការធ្វើពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចិន តែងចាត់ទុកកម្ពុជាជាមិត្ត «ដែកថែប» ដូច្នេះគួរពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជារួមទំនាក់ទំនងរវាងកម្ពុជា និងចិន ជាពិសេសទាក់ទងការវិនិយោគ និងពាណិជ្ជកម្ម កំពុងដំណើរការទៅមុខយ៉ាងរលូន និងមានល្បឿនយ៉ាងល្អ។ សម្តេចតេជោ បានគូសបញ្ជាក់ដែរថា នៅខែមីនា ខាងមុខនេះ សម្តេចនឹងសម្ពោធផ្លូវដែលមានប្រវែងជាង ៣០០គីឡូម៉ែត្រ ដែលជាផ្លូវកសាងឡើងក្រោមកម្ចីរបស់ចិន។ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់វិញ សម្តេចបានគូសបញ្ជាក់ដែរថា កន្លងមកនេះ គឺកម្ពុជាបានបិទជាស្ថាពរនូវល្បែងភ្នាល់តាមអនឡាញ ក្នុងគោលដៅពង្រឹងសន្តិសុខ លុបបំបាត់ឧក្រិដ្ឋកម្មមួយចំនួននៅកម្ពុជា ហើយក៏អាចជួយដល់ប្រទេសចិនផងដែរ។ ជាថ្មីម្តងទៀតសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោកប្រធានាធិបតីចិន និងប្រជាពលរដ្ឋចិន ដែលតែងតែគាំទ្រប្រទេសកម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជា គឺជាមិត្តដ៏ស្មោះត្រង់របស់ប្រជាជនចិន ហើយនឹងបន្តជោគវាសនាតែមួយជាមួយគ្នា។

ឯកឧត្តម ប្រធានាធិបតីចិន បានឆ្លើយតបថា ឯកឧត្តមសូមថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានភក្តីភាពជាមួយប្រជាជនចិន និងរដ្ឋាភិបាលចិន។ កម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមិត្ត «ដែកថែប» របស់ចិន។ លោកប្រធានាធិបតីបានលើកឡើងថា ក្នុងប្រវត្តិសាស្ត្រជាង១ពាន់ឆ្នាំនេះ ពលរដ្ឋចិនតែងតែជួបនូវឧបសគ្គជាច្រើន ហើយចុងក្រោយនេះពលរដ្ឋចិនមានភាពក្លាហានប្រឈមមុខជាមួយគ្រោះថ្នាក់ដែលមិនអាចចៀសវាងបាន តែក៏អាចដោះស្រាយបញ្ហានោះបាន។
ឯកឧត្តមបន្តថា ក្រោយពេលមេរោគបានផ្ទុះឡើង គណបក្សកុម្មុយនិស្តចិន បានបើកកិច្ចប្រជុំ ហើយក៏បានដាក់ចេញចំណាត់ខ្ពស់ និងម៉ត់ចត់បំផុតលើបញ្ហានេះ និងបានឯកភាពគ្នាដាក់ផលប្រយោជន៍ប្រជាជនចិន ជាអាទិភាពខ្ពស់។

ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា បើរដ្ឋាភិបាលចិន មិនចាត់វិធានការភ្លាមៗ និងច្បាស់លាស់ទេ ជំងឺនេះអាចមានគ្រោះថ្នាក់ និងធ្ងន់ធ្ងរជាងនេះ។ ឯកឧត្តមប្រធានាធិបតីបន្តថា កន្លងមកនេះ រដ្ឋាភិបាលចិន បានបង្កើតគណៈកម្មការចំនួន៣ ធ្វើការប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ។ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា រដ្ឋាភិបាលចិន បានទទួលការគាំទ្រ និងអបអរសាទរពីអង្គការសុខភាពពិភពលោក WHO ចំពោះការព្យាយាមដោះស្រាយនូវជំងឺនេះ។ ឯកឧត្តម ប្រធានាធិបតី បានឱ្យដឹងថា ទីក្រុងវូហាន មានប្រជាពលរដ្ឋប្រមាណ ១០លាននាក់ ហើយនៅខេត្តហូប៉ី មានប្រជាពលរដ្ឋចន្លោះពី៦០ ទៅ៧០លាននាក់។ ដោយសារតែមានចំណាត់ការច្បាស់លាស់ និមានប្រសិទ្ធភាព ទើបធ្វើឱ្យការរីករាលដាលជំងឺនេះមានការថមថយ។ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ទៀតថា ការភ័យខ្លាច គឺជាបញ្ហាដ៏ធំ តាមពិតអត្រាឆ្លងជំងឺនេះ មានកម្រិតទាបបំផុត ធៀបជាមួយជំងឺផ្សេងៗទៀត។ ឯកឧត្តមប្រធានាធិបតី បានលើកឡើងថា តាមការស្រាវជ្រាវជំងឺនេះ អាចព្យាបាលបាន ហើយអ្នកជំងឺមួយចំនួនបានព្យាបាលឱ្យជាឡើងវិញ ហើយអ្នកខ្លះកំពុងមានសុខភាពល្អប្រសើរឡើងវិញផងដែរ។

ឯកឧត្តមប្រធានាធិបតី បានវាយតម្លៃថា ជំងឺនេះគ្រាន់តែជាជំងឺមួយស្ថិតក្នុងអន្តរកាលប៉ុណ្ណោះ។ លោកប្រធានាធិបតី ក៏បានគូសបញ្ជាក់ដែរថា កាលពីប៉ុន្មានឆ្នាំមុន ចិន ក៏បានជួបប្រទះជាមួយជំងឺ «សា» ផងដែរ។ លោកប្រធានាធិបតី បានគូសបញ្ជាក់ដែរថា រដ្ឋាភិបាលចិន មានជំងឺលើសមត្ថភាពក្នុងការដោះស្រាយ និងកម្ចាត់ជំងឺនេះ។
ឯកឧត្តមប្រធានាធិបតី បានថ្លែងថា លោកពិតជាអរគុណចំពោះទឹកចិត្តរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្ហាញនូវការគាំទ្រដ៏ខ្លាំងចំពោះប្រទេសចិន។ មានន័យថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាការផ្តល់នូវទំនុកចិត្តខ្ពស់ចំពោះប្រទេសចិន។ មិនតែប៉ុណ្ណោះសម្តេចតេជោ និងរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រ និងជឿទុកចិត្តប្រទេសចិន។ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា មាននិស្សិតកម្ពុជាកំពុងនៅក្នុងប្រទេសចិន ហើយរដ្ឋាភិបាលចិន នឹងយកចិត្តទុកដាក់លើពលរដ្ឋ និងនិស្សិតចិន ដូចជាប្រជាពលរដ្ឋ និងកូនចៅរបស់ប្រជាពលរដ្ឋចិន។

ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា កម្ពុជា ជាមិត្តស្មោះត្រង់របស់ចិន។ លោកប្រធានាធិបតី បានផ្ញើនូវការថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ ដែលបានសព្វព្រះហឫទ័យរំលែកទុក្ខលំបាកជាមួយរដ្ឋាភិបាលចិន។ ឯកឧត្តមប្រធានាធិបតី ក៏បានអរព្រះគុណព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានសព្វព្រះរាជហឫរាជឧបត្ថម្ភថវិកា ១០ម៉ឺន និង៥ម៉ឺនដុល្លារ សម្រាប់ជួយដល់ការលំបាករបស់ចិន។ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អាចអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនពេលណាក៏បាន ហើយលោកប្រធានាធិបតី អាចជួបសម្តេចតេជោច្រើនដង និងញឹកញាប់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ឯកឧត្តមប្រធានាធិបតី បានលើកឡើងថា លោកគាំទ្រចំពោះកិច្ចចរចាពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ហើយត្រូវតែបង្កើនល្បឿននៃការរៀបចំឯកសារឈានទៅការចុះហត្ថលេខាឱ្យបានឆាប់បំផុត។
ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា នៅខែមករា ឆ្នាំ២០១៩ កន្លងទៅ លោកក៏បានលើកពីការអនុវត្តន៍ច្បាប់នៅខេត្តព្រះសីហនុ ហើយសម្តេចបានបញ្ឈប់នូវល្បែងភ្នាល់អនឡាញ។ លោកប្រធានាធិបតី បង្ហាញការសរសើរដោយស្មោះចំពោះកម្ពុជា ក្នុងការចាត់វិធានការនេះ។

ឯកឧត្តមប្រធានាធិបតី បានអះអាងថា ចិននឹងផ្តល់ជំនួយសម្រាប់កម្ពុជា និងខេត្តព្រះសីហនុ ទៅតាមតម្រូវការនៃភាពចាំបាច់របស់កម្ពុជា។ ឯកឧត្តមប្រធានាធិបតី បានលើកឡើងថា រដ្ឋាភិបាលចិននឹងលើកទឹកចិត្តឱ្យអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា និងនាំចូលផលិតផលពីកម្ពុជាចូលប្រទេសចិន។ លោកប្រធានាស្នើកម្ពុជា ធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែល្អប្រសើរ ដែលគាំទ្រដល់ការវិនិយោគ និងធ្វើធុរកិច្ច។ លោកប្រធានាធិបតី ស្នើឱ្យពិនិត្យមើលតើអ្នកវិនិយោគចិនប្រឈមអ្វីខ្លះ ចំពោះការវិនិយោគនៅកម្ពុជា ដើម្បីរកវិធានការជួយដល់អ្នកវិនិយោគទាំងនោះ។

ជាចុងក្រោយប្រធានាធិបតីចិន បានអញ្ជើញសម្តេចតេជោ ឱ្យបំពេញទស្សនកិច្ចនៅចិនក្នុងពេលសមស្របណាមួយនាពេលក្រោយបន្ថែមទៀត៕