នាយករដ្ឋមន្រ្តី នៃសាធារដ្ឋកូរ៉េ រៀបចំពិធីលៀងសាយភោជន៍អាហារថ្ងៃត្រង់ការងារ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា

សេអ៊ូល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ — មុនពេលធ្វើដំណើរចាកចេញ ពីទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ក្នុងដំណើរបន្តទៅ​កា​ន់​​រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០  ឯកឧត្តម ជុង សៃ​ឃ្យូង (Chung Sye Kyun) នាយក​រដ្ឋ​មន្រ្តី នៃសា​ធារណរដ្ឋកូរ៉េ បានរៀបចំ​ពិធី​លៀ​​ងសាយភោជន៍ អាហារ​ថ្ងៃត្រង់ការងារថ្នាក់ខ្ពស់បំផុត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុ​ន​ សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណាចក្រកម្ពុជា និងគណៈ​ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល​ក​ម្ពុជា ដែលបានអញ្ជើញចូលរួមកិច្ច​ប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ របស់អង្គការសហព័ន្ធ​ស​ន្តិ​ភាពសកល។

ប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងពិធីលៀង​សា​យ​​ភោ​ជន៍​ជា​មហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនោះ ឯកឧត្តម ជុង សៃឃ្យូង នាយករដ្ឋមន្រ្តីនៃ​សា​ធា​រ​​ណរដ្ឋកូរ៉េ បានមានប្រសាសន៍សម្ដែងនូវការអបអរសាទរយ៉ាងកក់ ក្តៅបំផុត ចំពោះវត្តមាន​ដ៏​ឧ​ត្តុង្គឧត្តមបំផុត របស់សម្តេចតេជោនៅទីក្រុងសេអ៊ូលនាពេលនេះ ពិសេសការទទួលនូវ​ការ​អញ្ជើ​ញពីឯកឧត្តម ក្នុងការពិសាភោជនីយអាហារការងារថ្ងៃត្រង់នាពេល​នេះ។

ឯកឧត្តមនា​យក​រដ្ឋមន្រ្តីមានប្រសាសន៍ថា កម្ពុជាគឺជាពិតដ៏គួរឱ្យទុកចិត្តបំផុត សាធារណរដ្ឋ​កូរ៉េ តាមរយៈ​នេះទំ​នាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ មានការរីកចម្រើនឥតឈប់ ឈរ​ពី​​មួយថ្ងៃទៅមួយថ្ងៃ ពិសេសចាប់តាំងតែពីប្រទេស បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា កា​ល​​​ពីឆ្នាំ១៩៩៧ រហូតមកដល់បច្ចុប្បន្ន។

ក្នុងនាមថ្នាក់ដឹកនាំកំពូលៗរបស់សាធារណរដ្ឋកូរ៉េ ប្រ​ជា​ជន​កូរ៉េ ឯកឧត្តមនាយក រដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងនូវអំណរយ៉ាងជ្រាលជ្រៅបំផុត ជូនចំ​ពោះ​តួនាទី​យ៉ាងសកម្មបំផុតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងទំនាក់ទំនងនៃប្រទេស​ទាំងពីរ ទាំង​ក្នុងទំនាក់ទំនងទ្វេភាគី ពហុភាគី និងបញ្ហាអន្តរជាតិ ពិសេសឯកឧត្តម​សូម​​កោ​ត​​​សរ​សើរដោយស្មោះ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានបង្កើតនូវគំនិតផ្តួច​ផ្តើម​ឱ្យ​មានកិច្ចប្រជុំកំពូល​មេគង្គ-សាធារណរដ្ឋកូរ៉េ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរ​ចំ​ពោះនយោបាយដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលមានកំណើនសេដ្ឋកិច្ច​ខ្ព​ស់​ក្នុង​បណ្តាប្រទេសអាស៊ាន។

ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះ​ការរី​ក​ចម្រើនលើគ្រប់ផ្នែកទាំងអស់ នៃប្រទេសទាំងពីរ ហើយជាមួយគ្នានេះ សាធារណរដ្ឋកូរ៉េ និង​ខិតខំធ្វើនូវអ្វីៗគ្រប់បែបយ៉ាង ក្នុងការជួយ ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា​ឱ្យ​កា​ន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។

នៅចំពោះមុខ សម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តម ជុង សៃឃ្យូង មានប្រសាសន៍ថា សាធារណរដ្ឋកូរ៉េ នឹងជួយដល់ប្រទេសកម្ពុជា ក្នុងការ​រៀ​ប​ចំ​កិច្ច​ប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឱ្យទទួលបាន នូវភាពជោគជ័យខ្ពង់ខ្ពស់​បំ​ផុ​ត៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ