សម្ដេចតេជោ ហ៊ុន សែន គ្រោងនឹង​អញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ប្រទេសចិន

ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ — ក្នុងជំនួបផ្ទាល់មាត់ជាមួយលោកជំទាវ ហាក់ ចាហានមូន (Hak Ja Han Moon) ស្ថាបនិ​កអ​ង្គ​កា​រសហព័ន្ធសន្តិភាពសកល នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងសេអ៊ូល សា​ធារ​​​ណ​រដ្ឋកូរ៉េ មុនពិធីបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ សម្ដេចអគ្គមហាសេនា​បតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេច​បានជូនដំណឹងទៅថ្នាក់ដឹកនាំចិនរួចហើយថា នៅថ្ងៃស្អែក ទី០៥​ ខែកុម្ភៈ​ ឆ្នាំ២០២០ សម្តេចគ្រោងនឹង​​អញ្ជើញទៅសួរ​សុខ​ទុក្ខ​​​និ​ស្សិ​​​តកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន សាធារណរដ្ឋ​ប្រជា​​មានិតចិន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើ​ម្បី​កុំឱ្យ​និ​ស្សិ​​ត​ខ្មែរនៅទីក្រុងវូហានមានការ​ភ័យ​ខ្លាចចំពោះការឆ្លងរឺការកើតរីករាល​ដាល នៃជំងឺប្រភេ​ទ​​ថ្មី​កូរ៉ូ​ណាវីរ៉ុស។

ក្នុងជំនួបនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកជំទាវ​ស្ថាបនិកអង្គការសហ​ព័​ន្ធ​​សន្តិភាពសកល បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទាក់ទិនទៅនឹងប្រធានបទ ស​ន្តិ​​ភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ពិសេសទាក់ទិនទៅនិងបម្រែបម្រួលអាកាសធាតុ និង​​ការ​វិវត្តន៍ថ្មីៗ នៃការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ូណាវីរ៉ុសនៅទីក្រុងវូហាន ប្រទេសចិន ដែល​ជា​កង្វល់ពិតប្រាកដរបស់ពិភពលោក។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា បញ្ហា​នៃ​ការបម្រែបម្រួលអាកាសធាតុ និងការ​ផ្ទុះ​​ឡើងនៃជំងឺប្រភេទថ្មី កូរ៉ូណាវីរ៉ុស​ គឺមិនមែនតែ​ជា​កង្វល់របស់ប្រទេសចិននោះទេ គឺជា​កង្វល់​​របស់យើងទាំងអស់គ្នា ពោលគឺយើងត្រូវរួម​គ្នារិះរ​ក​វិ​ធីសាស្រ្តក្នុងការដោះស្រាយ និង​មិន​ត្រូវ​បង្កនូវការភ័យខ្លាចសម្រាប់មនុស្សជាតិនោះទេ។ ស​ម្តេចតេជោ និងលោកជំទាវស្ថាប​និក​អង្គ​ការ​សហព័ន្ធសន្តិភាពសកល ក៏បានធ្វើការពិភាក្សា​គ្នា​យ៉ាងយកចិត្តទុកដាក់ទៅលើ​បញ្ហា​ផ្សេងៗទៀត ដែលជាកង្វល់ពិតប្រាកដរបស់សម្តេច និង​លោកជំទាវ។

ក្នុងកិច្ច​សន្ទនាគ្នានោះ លោកជំទាវ ហាក់ ចា ហានមូន បានសម្ដែងនូវ​ការ​វា​យ​ត​ម្លៃ​ខ្ពស់ និងកោតសរសើរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ព​ស់​រា​​ជរដ្ឋាភិបាលកម្ពុជា ដែលបាន​អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅទី​ក្រុ​ង​​សេអ៊ូល សាធារណរដ្ឋកូរ៉េ ស្រប​ពេលនៃការផ្ទុះមានឡើងនៃជំងឺប្រភេទថ្មី កូរ៉ូណាវីរ៉ុស នៅ​ទី​ក្រុងវូហាន សាធារណរដ្ឋប្រជាមានិតចិន​។ ទាក់ទិនទៅនឹងប្រសាសន៍​លើកឡើងរបស់លោក​ជំ​ទាវ ​ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើក​ឡើង​ថា​ សម្តេចមិនបានចាត់ទុកថាការផ្ទុះនៃជំងឺប្រភេទថ្មី មិនមែនជាឧបសគ្គសម្រាប់​សម្តេច​នោះ​ទេ​ ប៉ុន្តែផ្ទុយទៅវិញសម្តេចមានឆន្ទៈពិតប្រាកដជាមួយមេដឹកនាំពិភពលោក ក្នុងការរួមគ្នាដោះ​ស្រា​យលើបញ្ហាដែលកើតមានឡើងចំពោះសន្តិភាព សន្តិ​សុខមនុស្សជាតិ ការប្រែប្រួល​អា​កាស​ធាតុ និងបញ្ហាប្រឈមដទៃទៀត ដែលពិភពលោកកំពុង​ប្រឈម និងរួមគ្នាដោះស្រាយ។ សម្តេចតេជោបន្តថា កាលពីឆ្នាំ២០១៣-២០១៤ កន្លងទៅ នៅពេលដែលប្រទេសកូរ៉េខាងជើង គំ​រាមធ្វើសង្រ្គាមមកលើសាធារណរដ្ឋកូរ៉េ គេបានទាមទារឱ្យសម្តេចអន្តរា​គមន៍ជន្លៀសជន​ជា​តិ​កម្ពុជា នៅសាធារណរដ្ឋកូរ៉េ វិលត្រឡប់មកកាន់កម្ពុជាវិញ តែសម្តេចយល់ពីអារម្មណ៍ និង​ភា​ពភ័យខ្លាចដែលថ្នាក់ដឹកនាំ និងពីប្រជាជនមួយចំនួន។ សម្តេចតេជោបានបន្ថែមថា នៅ​ថ្ងៃ​ស្អែកទី០៥ ខែកុម្ភៈនេះ សម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចក៏គ្រោង​នឹង​​អញ្ជើញ​ទៅ​សួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពី​ភាព​កក់​ក្តៅ និ​ង​ដើម្បីកុំឱ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរឺការ​កើត​​រីករាល​ដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ