ប្រមុខដឹកនាំកម្ពុជា ចែករំលែកនូវទស្សនៈមួយចំនួនក្នុងកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០

ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ — នៅក្នុងកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃអង្គ​កា​រ​​ស​ហ​ព័​ន្ធ​ស​ន្តិ​ភាពសកល ស្ដីពី​ស​ន្តិ​ភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅទីក្រុង​សេ​អ៊ូ​ល​ សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាវេទិកាដ៏សំខាន់​ បង្កើតឱកាសសម្រាប់ថ្នាក់​ដឹកនាំមកពី​គ្រប់មជ្ឈដ្ឋា​ន​ទាំងរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាលធ្វើការពិភាក្សានិងផ្លាស់ប្ដូរទស្សនៈ​លើការអភិវឌ្ឍ​ស្ថាន​ភា​​ពតំបន់ និងសកល។ ដើម្បីចូលរួមចំណែករកវិធីដោះស្រាយបញ្ហាប្រឈមរួម សំ​ដៅ​​​រក្សា​សន្តិ​​ភា​ព សន្តិសុខ និងចីរភាពនៃការអភិវឌ្ឍន៍មនុស្សជាតិសម្រាប់ពិភពលោកនោះ ស​​​​ម្ដេច​អគ្គម​ហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូច​ជា​បណ្ដា​​​មេ​ដឹក​​​នាំនៃបណ្ដាប្រទេសនានា បាន​ចែ​ករំលែកនូវទស្សនៈមួយចំនួន​ក្នុងកិច្ច​ប្រជុំ​កំ​ពូ​លពិភព​លោ​​កឆ្នាំ២០២០នេះផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ប្រធានបទនៃវេទិកានេះ គឺពិតជាមានសារៈ​សំខាន់ និងចាំបាច់ ស្របពេលដែលប្រជាជាតិទាំងអស់ក្នុងពិភពលោកបច្ចុប្បន្ន​កំពុងប្រឈម​នឹងបញ្ហា​​​ជា​ច្រើន ដែលកំពុងបង្កផលប៉ះពាល់ និងគំរាមដល់សន្តិភាព កំណើនសេដ្ឋកិច្ច វិបុល​​ភា​ព​ និ​ង​ភា​ពសុខដុមរមនារបស់ប្រជាជនក្នុងសកលលោក។ សម្ដេចតេជោ ហ៊ុន សែន បាន​ចែក​រំ​លែ​ក​នូវ​ទស្សនៈមួយចំនួន ដើម្បីចូលរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងការ​អភិវឌ្ឍ​ធន​ធាន​​មនុ​ស្ស ដូចជា ១). បន្តលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម និងសណ្ដាប់ធ្នាប់​អន្តរជាតិ ​ដែ​ល​ផ្អែក​​លើ​បទប្បញ្ញត្តិសំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បី​ធានា​ឱ្យបាន​នូវសន្តិ​ភា​ព សន្តិ​សុខ សុវត្ថិភាព និងស្ថិរភាពយ៉ាងពេញលេញ​តាមរយៈការជំរុញ​លើក​កម្ពស់​កិច្ច​ស​ន្ទ​​​នា​ជិ​តស្និទ្ធ ការកសាងទំនុកចិត្តព្រមទាំងការដោះស្រាយបញ្ហាតំបន់​ដោយ​ សន្តិវិធី និង​ដោយ​ឈរ​​លើ​គោលការណ៍នៃច្បាប់អន្តរជាតិ។ ២). ជំរុញវប្បធម៌សន្ទនាអន្តរ​ជំនឿ ដើម្បីកសាងការ​យ​ល់​ដឹ​ង​អំពីគ្នាទៅវិញទៅមក ការគោរពគ្នា ការជឿទុកចិត្តគ្នា ការ​អធ្យាស្រ័យគ្នាទៅវិញ​ទៅ​ម​ក​ និ​ង​​ការ​គោរពឱ្យ​បានខ្ជាប់ខ្ជួន នូវគោលការណ៍មិនជ្រៀតជ្រែក​ចូលកិច្ចការផ្ទៃក្នុងរបស់​ប្រទេ​សដ​ទៃ ​​ព្រោះថាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់​ប្រទេសខាងក្រៅ ​តែងតែនាំមក​នូវ​វិ​នា​​ស​ និងមហន្តរាយដល់ការអភិវឌ្ឍរបស់ប្រទេសនោះ។ ៣). ពង្រឹងកិច្ចសហប្រតិបត្តិការ​បន្ត​​ជំ​រុ​ញសកលភាវូបនីយកម្ម ត្រូវធានាថាយន្តការកិច្ច​សហ​ប្រតិបត្តិការរក្សាបាន​នូវស្មារតី​បើ​ក​​ចំ​ហ​រ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការ​ពន្លឿន​ការតភ្ជាប់រវាងសង្គម និង​សេ​​ដ្ឋ​កិច្ចរបស់យើងសម្រាប់ជំរុញរបៀបវារៈនៃការអភិវឌ្ឍ​របស់​ប្រទេសនីមួយៗ និងសម្រេច​បា​ន​នូវ​​ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន។ ៤). ជំរុញការអភិវឌ្ឍ តាមរយៈអភិក្រម​ក្នុ​ង​​ការ​​កំណត់កត្តាមនុស្សជាស្នូល ជាពិសេសចំពោះកិច្ច​ការ​អភិវឌ្ឍនិងពង្រឹងប្រព័ន្ធ​សុខុមា​ល​ភា​ព​សង្គមដូចជាការពង្រឹងគុណភាពអប់រំការកែលម្អ​សុខុមាល​ភាពការរស់​នៅ ការកាត់បន្ថយ​ភា​ព​ក្រីក្រ និងការបង្រួមគម្លាតនៃការអភិវឌ្ឍឱ្យ​ស្រប​​ទៅនឹងកំណើន​ ឱ្យស្របទៅនឹង​ការរីក​ចម្រើ​ន​​ឆាប់​រហ័ស និងឥតឈប់ឈរនៃរចនាសម្ព័ន្ធ​សេដ្ឋកិច្ចសង្គម។ សម្ដេចតេជោបានលើកឡើង​ថា​ សម្រាប់កម្ពុជាដែលជាប្រទេសធ្លាប់ឆ្លង​កាត់សង្គ្រាម និងវិបត្តិវិនាសកម្មជាច្រើន កម្ពុជា​យ​ល់​ឃើញថា សន្តិភាពពិតជាមានតម្លៃមិន​អាច​កាត់ថ្លៃបាន។ អ្វីគ្រប់យ៉ាងដែលកម្ពុជាសម្រេច​បា​ន​កន្លងមកនេះ ទាំងការអភិវឌ្ឍ និង​វិបុលភាព គឺជាផ្លែផ្កានៃសន្តិភាព។ ជាមួយគ្នា​នេះ ​រាជ​រដ្ឋា​ភិបាលបានយល់ច្បាស់ថា ការ​បន្តរក្សាបាននូវសន្តិភាព គឺមិនអាចកាត់ផ្ដាច់បានពីការផ្ដល់​ឱ​កាសស្មើគ្នាជូនប្រជាជនគ្រប់រូប​នូវផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាអភិវឌ្ឍ​ធនធានមនុ​ស្ស​ឱ្យ​ក្លាយទៅជាធនធានដែល​មានសក្តានុពលមិនចេះរីងស្ងួត។ សម្តេចតេជោនាយករដ្ឋម​ន្ត្រី​​ក៏​​បា​​នមានប្រសាសន៍​ផងដែរ​ថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល​អាស៊ី-អឺរ៉ុ​ប​​​លើ​​​​កទី១៣ ក្រោមប្រធាន​បទ«ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម» នៅខែវិច្ឆិកា ឆ្នាំ​២​០​​២​​០ ខាងមុខ ក្នុងគោល​បំណងបង្កើតការមូលមតិគ្នាជាអន្តរជាតិប្រកប​ដោយថាមពល ស្ដី​អំ​ពី​​សា​រៈ​​សំខាន់នៃក្រប ខ័ណ្ឌពហុភាគីក្នុងការដោះស្រាយបញ្ហា និងការប្រឈមរបស់ពិភព​លោ​ក​។​​

សម្ដេចតេជោ​សង្ឃឹមថា កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០នេះ នឹងជំរុញឱ្យ​មាន​ការ​ពិ​ភា​ក្សា​គ្នាយ៉ាងផុសផុល ទៅលើស្ថានភាព និងបញ្ហាប្រឈមដែលពិភពលោកកំពុងតែជួប​ប្រ​ទះ​​​ក្នុ​ង​​ពេលបច្ចុប្បន្ន ជាពិសេសទាក់ទងទៅនឹងសន្តិភាព និងការអភិវឌ្ឍមនុស្សជាតិ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...