សន្និសីទកាសែត សម្តេចតេជោ ហ៊ុន សែន ស្តីពី ជំងឺរលាកផ្លូវដង្ហើមថ្មី កូរ៉ូណា (new coronavirus) នៅក្នុងប្រទេសកម្ពុជា


ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

ជំងឺរបស់ប្រពលរដ្ឋកម្ពុជា គឺជំងឺភ័យខ្លាចហួសហេតុ ថែមដោយព័ត៌មានបំពុលសង្គមទៀត

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានការចាំបាច់ ដើម្បីថ្លែងសារផ្ទាល់មាត់ជូនទៅកាន់ព្រះសង្ឃ ក៏ដូចជាបងប្អូនជនរួមជាតិ ទាក់ទងជាមួយនឹងសភាពការណ៍ថ្មីៗ ពាក់ព័ន្ធជាមួយនឹងបញ្ហាជំងឺ វីរុសកូរ៉ូណាថ្មី ដែលបានកំពុងយា យីនៅក្នុងប្រទេសរបស់យើង។ បញ្ហាដែលចោទឡើងប៉ុន្មានថ្ងៃនេះ តើអ្វីទៅជាបញ្ហាពិតប្រាកដ? តើប្រទេសយើងកំពុងមានជំងឺអ្វីទៅ? ខ្ញុំព្រះករុណាខ្ញុំ គួរតែយកឱកាសនេះបញ្ជាក់ថា ជំងឺពិតប្រាកដដែលបាននិងកំពុងកើតនៅក្នុងប្រទេសរបស់យើង គឺជំងឺភ័យខ្លាច មិនមែនជាជំងឺ វីរុសកូរ៉ូណាថ្មី ដែលបានកើតចេញពីទីក្រុង Wuhan នៃប្រទេសចិននោះទេ។

ជាការជាក់ស្ដែង យើងអាចចោទចេញជាសំណួរថា តើមកដល់ពេលនេះ មានប្រជាជនកម្ពុជាណាម្នាក់ ឬជនជាតិបរទេសណាម្នាក់ ដែលនៅលើទឹកដីកម្ពុជា បានស្លាប់ដោយសារជំងឺនេះហើយ ឬនៅ? វាមិនទាន់មានទាល់តែសោះ ក្រៅតែពី(ការរកឃើញជំងឺ)មួយករណី ដែលបានកើតឡើងនៅខេត្តព្រះសីហនុ​។ ប៉ុន្តែ ហេតុអ្វីបានជា(មាន)សម្ពាធផ្លូវអារម្មណ៍សម្រាប់ប្រជាជនយើងខ្លាំងម្ល៉េះ?​ ដូច្នេះ ជំងឺពិតប្រាកដ ដែលបានកើតក្នុងរយៈពេលកន្លងទៅ រហូតមកដល់ពេលនេះ គឺជំងឺភ័យខ្លាចហួសហេតុ ដែលវាហួសពីការពិត បន្ថែមទៅដោយការបំពុលដោយព័ត៌មានមួយចំនួន ដែលខ្វះការទទួលខុសត្រូវ និងជាប្រភេទនៃការបំពុលសង្គម។

ជំងឺបែប វីរុសកូរ៉ុណាថ្មី មិនមែនជារឿងថ្មីរបស់ពិភពលោក និងតំបន់ទេ

ខ្ញុំព្រះករុណាខ្ញុំ ចង់បញ្ជាក់ថា ជំងឺបែបនេះ មិនមែនជារឿងថ្មីរបស់ពិភពលោក និងតំបន់ទេ។ ក្នុងឋានៈជាប្រធានអាស៊ាន ខ្ញុំព្រះករុណាខ្ញុំ ផ្ទាល់ធ្លាប់បានដឹកនាំការប្រជុំអាស៊ាន និងចិន ព្រមទាំងហុងកុង នៅក្នុងពេលដែលប្រទេសកម្ពុជាធ្វើប្រធានអាស៊ាននៅចុងឆ្នាំ ២០០២ និងឆ្នាំ ២០០៣។ ពេលនោះ (ពិភពលោក)យើងមានជំងឺ សារស៍ (SARS) កើតឡើង ហើយអាស៊ានធ្វើការប្រជុំបន្ទាន់ រួមជាមួយសាធារណរដ្ឋប្រជាមានិតចិន និងតំបន់រដ្ឋបាលពិសេសហុងកុង។ បន្តមកទៀត ក៏មានការកើតឡើងនូវជំងឺប្រភេទផ្សេងៗ ដូចជាគ្រុនផ្ដាសាយបក្សី ជំងឺផ្ដាសាយជ្រូក Swine Flu (H1N1) ហើយជំងឺ Swine Flu ហ្នឹងវាឆ្លងមកដល់ខ្ញុំទៅទៀត។ កាលពេលនោះ យើងប្រជុំគណៈរដ្ឋមន្រ្តីនៅអគារមិត្តភាព​។ ខ្លួនខ្ញុំផ្ទាល់ជាអ្នកឆ្លងជំងឺនេះ។ ឧបនា​យក​រដ្ឋមន្រ្តី យឹម ឆៃលី គឺជាអ្នកចម្លង។ ចម្លងបានច្រើនគ្នាណាស់ កាលពីពេលនោះ។ ឯកឧត្តម ម៉ម ប៊ុន​ហេង កាលពីពេលហ្នឹង ទៅព្យាបាលខ្ញុំ ហើយយើងយកក្រុមគ្រូពេទ្យមួយក្រុមទៅព្យាបាលខ្ញុំ …។

ហ្វេសប៊ុកបំពុលបរិយាកាស និងអ្នកសារព័ត៌មានដែលគ្មានវិជ្ជាជីវៈ

វាមិនមែនជារឿងថ្មីរបស់ពិភពលោកទេ។ តំបន់ និងពិភពលោក ធ្លាប់បានកើតជំងឺនេះជាហូរហែមក។ ខុសគ្នាត្រង់ថា កាលពីពេលមុន វាអត់មានហ្វេសប៊ុកសម្រាប់បំពុលបរិយាកាសហ្នឹងទេ។ តែឥឡូវ វាមានហ្វេសប៊ុក​នោះ ដែលវាបំពុល។ ខ្ញុំសុំលើកឧទាហរណ៍ ដើម្បីឱ្យឃើញបន្ដិចថា តើរឿងនេះ វាសមហេតុ សមផលទេ? យប់ម្សិលម្ង៉ៃ ក្នុងពេលដែលខ្ញុំតបសារទៅឥស្សរជននយោបាយម្នាក់ ពេលនោះ ក៏ស្រាប់តែលោក ហេង ឡុង ដែលជាប្រធានសមាគមសិល្បៈ បង្ហោះភា្លមនូវរូបវីដេអូឃ្លីបមួយ អំពីក្មេងស្រីម្នាក់ ដែលធ្វើការនៅកាស៊ីណូនៅក្រុងព្រះសីហនុ “ស្រែកថា ពុទ្ធោៗ!” ហើយដាក់ឱ្យជួយ like and share ទៀត។ បានខ្ញុំហៅទូរស័ព្ទទៅស្ដីឱ្យ។ មិនទាន់បានប៉ុន្មាននាទីផង ឃើញក្មេងស្រីហ្នឹង(បង្ហោះវីដេអូបកស្រាយ)ថា យកវីដេអូខ្ញុំទៅបង្ហោះ បំផ្លាញការងាររបស់ខ្ញុំ។ ខ្ញុំអត់មានកើត(ជំងឺកូរ៉ូណា)ហ្នឹងផង។ អញ្ចឹងលោក ហេង ឡុង ក៏បានលុបចោល ហើយក៏បានធ្វើការសុំទោស។ ម្សិលមិញមានករណី K01។ សុំក្មួយៗ ឬ K01 បើមាននៅទីនេះ ឬនៅទីណាក៏ដោយ មើលឥរិយាបទរបស់ខ្លួនឡើងវិញបន្ដិច។ តើឥរិយាបទ(ដែលថតវីដេអូផ្សាយផ្ទាល់នៅមន្ទីរពេទ្យរុស្ស៊ី)ហ្នឹង វាសមជាឥរិយាបទ​​សមរម្យជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈទេ?

មិនគួរស្ថិតនៅក្រោមសង្គ្រាមចិត្តសាស្រ្ត នាំបាត់បង់ជំនឿទុកចិត្តលើប្រទេស/ខ្លួនឯង

វាមិនមានទាល់តែសោះ។ ធ្វើដូចជាគ្រាប់បែកបរមាណូរត់ត្រូវក្បាលរបស់ខ្លួនអញ្ចឹង (ដែលកំពុង live Facebook)នៅមុខមន្ទីរពេទ្យរុស្ស៊ី។ អញ្ចឹងស្ថានភាពអស់ទាំងនេះ វាបង្កទៅជាការភ័យខ្លាចចំពោះប្រជាពលរដ្ឋ ក្នុងពេលដែលគាត់មិនយល់។ អ្វីដែលសំខាន់ ខ្ញុំក៏គួរតែនិយាយថា ការភ័យខ្លាច ដែលបណ្ដាលមកពីការបំពុល(ព័ត៌មាន) និងជំនឿទៅលើការមិនទទួលខុសត្រូវរបស់ផ្នែកព័ត៌មានមួយចំនួន … យើងទាំងអស់គ្នាមិនគួរស្ថិតនៅក្រោមសង្រ្គាមចិត្តសាស្រ្តមួយ ដែលនាំទៅដល់ការបាត់បង់ជំនឿទុកចិត្តចំពោះប្រទេសខ្លួនឯង។ ការបាត់បង់ជំនឿទុកចិត្តចំពោះខ្លួនឯង ម្នាក់ៗ ឬក្រុមគ្រួសាររបស់ខ្លួនក្នុងការការពារខ្លួន។

កោតសរសើរចំពោះក្រសួងសុខាភិបាល និងអ្នកនាំពាក្យក្រសួង ដែលប្រតិកម្មរហ័ស

ខ្ញុំក៏សុំយក​ឱកាសនេះ កោតសរសើរចំពោះក្រសួងសុខាភិបាល ជាពិសេសឯកឧត្តម រដ្ឋមន្រ្តី ម៉ម ប៊ុនហេង ដែលបានម្ចាស់ការក្នុងភាពសកម្ម ដែលហៅថា ប្រតិកម្មរហ័សរបស់ក្រសួងសុខាភិបាល ទៅលើការរៀប​ចំ។ ទោះបីមិនទាន់មានការប្រកាសជាសាធារណៈទៅលើបញ្ហាទាក់ទងជាមួយនឹងជំងឺនេះ (កូរ៉ូណា) នៅក្នុងប្រ​ទេសយើង ក៏ប៉ុន្តែ វិធានការដែលបានប្រកាន់យកនោះ គឺដាក់នូវម៉ាស៊ីនសម្រាប់(ត្រួតពិនិត្យ)នៅតាមច្រកចេញចូល ជាមួយនឹងព្រលានយន្តហោះទាំងបី ក៏ដូចជាច្រកផ្សេងទៀត ដូចជាបាវិត ប៉ោយប៉ែត និងព្រែកចាក​។ សូមកោតសរសើរចំពោះលោកជំទាវ រដ្ឋលេខាធិការ ដែលជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល ដែលបានធ្វើកិច្ចការយ៉ាងសកម្ម ក្នុងការផ្ដល់ជូនព័ត៌មានសម្រាប់អ្នកសារព័ត៌មាន។

កោតសរសើរ BTV សម្ភាសន៍ផ្ទាល់ចេញពីទីតាំងអ្នកជំងឺ, “ដើមអម្ពិល” ធ្វើខុសវិជ្ជាជីវៈ

សុំថ្លែងនូវការកោតសរសើរចំពោះ BTV ដែលបានធ្វើកិច្ចការដ៏ល្អទាក់ទងជាមួយនឹងរឿងនេះ។ សម្ភាសន៍ផ្ទាល់ចេញពីទីតាំង ដែលមានរោគសញ្ញាពាក់ព័ន្ធនឹងបញ្ហា(ជំងឺកូរ៉ូណា)នេះ។ សូម្បីតែព្រឹកមិញនេះ មុនពេលដែលខ្ញុំមកទីនេះ BTV និងបាយ័ន បានសម្ភាសន៍ផ្ទាល់ចេញពីទីតាំង ដែលជនជាតិចិនម្នាក់ ដែលរកឃើញថា មានជំងឺ(កូរ៉ូណា)នេះ ដោយថតបានទាំងរូបរបស់ជនជាតិចិននេះ ចេញមកយកម្ហូបដែលដាក់នៅខាងក្រៅបន្ទប់ជូនគាត់ ជាមួយនិងការសន្ទនារវាងគ្រូពេទ្យរបស់យើងបីនាក់ ជាមួយនឹងជនជាតិចិននេះផងដែរ។ គេផ្សាយពីទីកន្លែងកើតហេតុ។ ប៉ុន្តែ ជាអកុសលណាស់ សូម្បីតែ ដើមអម្ពិល របស់ សយ សុភាព នេះ វាអាចធ្វើទៅរួច (ដែលចុះផ្សាយតាមហ្វេសប៊ុកអំពីមានអ្នកកើតជំងឺកូរ៉ូណា ពីរនាក់នៅកោះកុង)។ វិជ្ជាជីវៈគ្រាន់​បើនឹងគេដែរ ហើយឥឡូវនេះ ក៏ក្លាយទៅជាអ្នកធ្វើអត្ថាធិប្បាយនៅ BTV។ ខ្ញុំកំពុងតែគិតថា តើលោក សយ សុភាព មានហេតុសមផលដើម្បីនឹងធ្វើជាអ្នកអត្ថាធិប្បាយនៅទូរទស្សន៍មួយ ដែលជំនាញខាងផ្នែកព័ត៌មាន (ទេ)? ខ្ញុំនឹងពិចារណាអំពីបញ្ហានេះ បើសិនជាមានកំហុសបែបនេះ។ នេះចេះមិនធ្វើអត្ថាធិប្បាយទៅលើ BTV បើធ្វើអត្ថាធិប្បាយនៅលើ BTV គឺពិតជាបំផ្លាញកេរ្តិ៍ឈ្មោះរបស់ BTV។ នេះគ្រាន់តែជាការបំផ្លាញកេរ្ដិ៍ឈ្មោះរបស់ ដើមអម្ពិល តែប៉ុណ្ណោះ ហើយខ្លួនក៏បានសុំទោសអំពីបញ្ហានេះហើយដែរ។ ប៉ុន្តែមិនគួរទេ។

កុំបន្ទោសតែរដ្ឋាភិបាលកម្ពុជា បន្ទោសរដ្ឋាភិបាលប្រទេស Human Rights Watch ស្ថិតនៅផង

រឿងអស់ទាំងនេះ គឺរឿងទទួលខុសត្រូវរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឬអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល … រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឬអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល ជាអ្នកទទួលខុសត្រូវ។ អញ្ចឹងចំណុចអស់ទាំងនេះ គឺជាចំណុចដែលខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះធ្វើការបកស្រាយ ហើយក៏ធ្វើការណែនាំទៅលើបញ្ហាមួយចំនួន ជូនចំពោះស្ថាប័ន ក៏ដូចជាផ្ដល់ជាយោបល់សម្រាប់ប្រជាពលរដ្ឋរបស់យើង​។ ដូចខ្ញុំព្រះករុណាខ្ញុំបានលើកឡើងថា រឿងជំងឺឆ្លងបែបនេះ មិនមែនជារឿងថ្មីរបស់ពិភពលោក និងតំបន់ទេ។ រឿងដែលគួរឱ្យអកុសល យប់មិញនេះ វិទ្យុបរទេសបានផ្សាយជាភាសាខ្មែរមួយ បាននិយាយដោយយកសម្ដីរបស់(មនុស្សដែល)គេហៅថា អនុប្រធាននៃអង្គការឃ្លាំមើលខាងសិទ្ធិមនុស្ស Human Rights Watch ថា “គួរតែស្ដីបន្តោសឱ្យរដ្ឋាភិបាលកម្ពុជា ដែលបើកឱ្យមានការហោះហើរ ពី​ Wuhan ឱ្យចុះនៅខេត្តព្រះសីហនុ នាំជំងឺចម្លងមកកាន់កម្ពុជា” ក្នុងពេលដែលប្រទេសលោកឯង(ម្នាក់នោះ) ក៏មានរឿងហ្នឹងកើតឡើង។ អញ្ចឹងលោកឯងក៏មិនទៅស្ដីបន្ទោសរដ្ឋាភិបាលលោកឯង ចាំបាច់មកស្ដីឱ្យរដ្ឋាភិបាលកម្ពុជា។ ចោទជាសំណួរអញ្ចេះ​វិ​​ញ។ ទីតាំងដែលលោកឯងស្នាក់នៅ ក៏មានកើតជំងឺហ្នឹងដែរ ម៉េចក៏លោកឯងមិនទៅបន្ទោសរដ្ឋាភិបាលប្រទេសលោកឯង ហើយ(ហេតុអី្វមានការ)ចាំបាច់មកបន្ទោសរដ្ឋាភិបាលកម្ពុជា ដែលមានមួយករណី (ដែល)បើមើលទៅ(អ្នកជំងឺ គឺជា)មនុស្សមានកាយសម្បទា(រឹងមាំ) ហើយចេញមកក្រៅទៅមុជទឹកសមុទ្របាន។ ប៉ុន្តែ យើងត្រូវតែដាក់គាត់នៅដាច់ដោយឡែកពីគេតែប៉ុណ្ណោះ។

បើយើងបិទជើងហោះហើរពីចិន ស្មើនឹងសម្លាប់សេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយទំនាក់ទំនងជាមួយចិន

ខ្ញុំអត់យល់ទេ។ ការឆ្លង(ជំងឺលើ)មនុស្សម្នាក់ ដែលកើតមាននៅកម្ពុជា គេបានប្រើជាសម្ដីមួយចេញមកថា រាជរដ្ឋាភិបាលកម្ពុជាគួរតែត្រូវបានស្ដីបន្ទោស ដែលបណ្ដែតបណ្ដោយឱ្យមានជើងហោះហើរចុះមកកម្ពុជា អាចធ្វើឱ្យមានការឆ្លង។ ចំណុចនេះ ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់បន្តិច ការបំផុស(ឱ្យមាន)ការភ័យខ្លាចរបស់ប្រជាជន នាំទៅដល់ការបញ្ជូនមករាជរដ្ឋាភិបាល នូវសំណូមពរពីរ … សំ​ណូម​ពរទីមួយ គឺបិទជើងហោះហើរពីចិនមកកម្ពុជាទាំងអស់។ នេះជាវិធានការសម្លាប់ផ្នែកមួយនៃសេដ្ឋកិច្ចជាតិ និងជាការកាត់បន្ថយទំនាក់ទំ​នង​រវាងកម្ពុជា-ចិន។ ចំណុចនេះ សូម្បីតែក្មួយបង្កើតរបស់ខ្ញុំ ក្រោយពេលកើតរឿងនេះ បានវាយចូលមកក្នុង WhatsApp ថា “លោកអ៊ំ! គួរតែបិទជើងហោះហើរចេញពីប្រទេសចិនចូលមកកម្ពុជា”។ ខ្ញុំអត់ឆ្លើយតបទេ។ ក៏ប៉ុន្តែ ក៏មានលើកឡើងជាបន្តបន្ទាប់ សំណូមពរដែលថាគួរតែបិទ។ ខ្ញុំសូមជម្រាបថា វិធានការបែបនេះ វាជាផ្នែកមួយនៃការសម្លាប់សេដ្ឋកិច្ចរបស់កម្ពុជា ហើយកាត់បន្ថយទំនាក់ទំនងរវាងកម្ពុជា-ចិនផងដែរ។ ហេតុអ្វីទៅ? ប្រទេសចិនធំណាស់ ប្រជាជនរហូតមកដល់ពេលនេះជិត ១.៤០០ លាន នាក់។ ទីក្រុង Wuhan ប្រជាជនជាង ១០ លាននាក់ ហើយនិងខេត្ត Hebei ប្រហែលជាជាង ៣០ លាននាក់ តែប៉ុណ្ណឹងទេ។ ដូច្នេះគិតពីចំនួនដែលប្រជាជនទទួលការឆ្លង និងការស្លាប់ យើងឃើញថាមានចំនួនច្រើន ប៉ុន្តែបើគិតពីចំនួនសមាមាត្រប្រជាពលរដ្ឋគឺតូចណាស់។ វាមិនបានស្មើនឹងគ្រោះរញ្ជួយផែនដីនៅកន្លែងណាមួយផងទេ តែការរីករាលដាល មានការចាំបាច់ត្រូវតែមានការទទួលខុសត្រូវ។

ការបិទជើងហោះហើរពី Wuhan ដោយរដ្ឋាភិបាលចិន បង្ហាញពីការទទួលខុសត្រូវ

រដ្ឋាភិបាលចិនមានការទទួលខុសត្រូវខ្ពស់ណាស់ ទៅលើប្រជាជនខ្លួនឯងផង ហើយទៅលើប្រទេសនានាផង​។ ការទទួលខុសត្រូវរបស់រដ្ឋាភិបាលចិន ទៅលើប្រជាជនខ្លួនឯង នៅត្រង់ថា ឥឡូវទីក្រុង Wuhan ក៏ដូចជាតំបន់ជិតខាង​នៃទីក្រុង Wuhan ក៏ត្រូវបានដាក់មិនឱ្យមានការហោះហើរចេញ ​ពី Wuhan ទៅប្រទេសចិនខ្លួនឯងក៏មិនឱ្យហោះ ទៅប្រទេសជិតខាងក៏មិនឱ្យហោះ​។ មិនមែនត្រឹមបិទតែជើងហោះហើរទេ បិទទាំងរថភ្លើង និងការធ្វើដំណើរទាំងអស់ ដើម្បីកុំឱ្យប្រជាជន Wuhan មានការចម្លងទៅកន្លែងផ្សេង។ អ្នកដែលទៅកាន់ទីក្រុង Wuhan ចេញទៅតំបន់ផ្សេង ក៏ត្រូវឱ្យនៅក្នុងផ្ទះយ៉ាងតិច ១៤ ថ្ងៃ។ នេះជាវិធានការរបស់ចិនប្រកាន់យក ក្នុងការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់ខ្លួន។ សូម្បីតែរដ្ឋមន្ត្រីការបរទេសចិនដែលគ្រោងទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី ១ និងទី ២ ខាងមុខនេះ ក៏ត្រូវផ្អាកទស្សនកិច្ចដើម្បីរួមដោះស្រាយបញ្ហានៅក្នុងប្រ​ទេស​ចិន។ យើងមិនចាំបាច់ប្រកាសបិទទេ ចិនគេប្រកាសបិទពីប្រទេសគេរួចស្រេចទៅហើយ​។ មិនត្រឹមតែបិទជើងហោះហើរពី Wuhan មកកាន់កម្ពុជា ឬប្រទេសដទៃទេ គេបិទទាំងនៅក្នុងប្រទេសមិនឱ្យមានការហោះហើរពីទីក្រុង Wuhan ទៅកាន់ Beijing និងទីក្រុងដទៃទៀតនៅក្នុងប្រទេសចិន បិទទាំងផ្លូវដែក/គោក ដើម្បីទុកឱ្យមានការដោះស្រាយនៅក្នុងក្របខណ្ឌមួយ ដែលមានកម្រិតតូចជាង កុំឱ្យមានការរីករាលដាល។

វិនិយោគិន និងអ្នកទេសចរចិនច្រើន មកកម្ពុជា គ្មានទាក់ទងជាមួយជំងឺនេះទេ

រាជរដ្ឋាភិបាលចិនមានការទទួលខុសត្រូវទៅលើបញ្ហានេះ។ ប៉ុន្តែ ប្រទេសចិនទាំងមូល មានផ្ទៃដីជាង ៩ លាន គីឡូម៉ែត្រការ៉េ ជិត ១០ លានគីឡូម៉ែត្រការ៉េនោះ។ វាធំណាស់។ ប្រជាជនជិត ១.៤០០ លាននាក់ទៅហើយ​។ អញ្ចឹងទេសួរថា តើវិធានការបិទជើងហោះហើរពីប្រទេសចិនមកកាន់កម្ពុជា ​លទ្ធផលនាំដល់អី? វាមិនមែនជាការវាយប្រហារទៅលើប្រទេសចិនទេ តែវាការវាយប្រហារទៅលើសេដ្ឋកិច្ចកម្ពុជាដោយត្រង់តែម្ដង ជាពិសេសអ្នកដែលរកស៊ី អ្នកដែលវិនិយោគទុនរបស់ចិននៅកម្ពុជាយ៉ាងច្រើន។ អ្នកទេសចររបស់ចិនដែលមកកាន់កម្ពុជាដែលគ្មានផលប៉ះពាល់អ្វីទាក់ទងជាមួយនឹងជំងឺនេះសោះ។​ ដូច្នេះ វានឹងសម្លាប់សណ្ឋាគាររបស់កម្ពុជា វានឹងសម្លាប់ផ្នែកសេវារបស់កម្ពុជា​ ក្នុងចំណែកមួយ។ ដូច្នេះត្រូវយល់។

មិនខ្វល់ប្រទេសណាគិតពីកម្ពុជាយ៉ាងណាទេ តែមិនជម្លៀសពលរដ្ឋចេញឡើយ

មួយផ្នែកទៀតជានយោបាយ។ វាក៏ជាផ្នែកមួយនៃការកាត់បន្ថយទំនាក់ទំនងកម្ពុជា-ចិន ដែលត្រូវមើលឃើញ​។ ខ្ញុំមិនខ្វល់ថា ប្រ​ទេសដទៃគិតយ៉ាងម៉េចទេ គឺនៅត្រង់ថា ខ្លះគេបានជម្លៀសប្រជាជនគេចេញទៅផុតបាត់ទៅហើយ។ ខ្លះចង់យកយន្តហោះយោធាទៅជម្លៀសប្រជាជនគេចេញពី Wuhan ប៉ុន្តែ ត្រូវរដ្ឋាភិបាលចិនបដិ​សេធ។ ឥឡូវត្រៀមយន្តហោះស៊ីវិល។ កម្ពុជាមិនប្រកាន់យកឥរិយាបទបែបនេះទេ។ ខ្ញុំនឹងបញ្ជាក់ជូននៅផ្នែកខាងក្រោម។ ​អញ្ចឹងចំណុចទីមួយ ដោយសារការភ័យខ្លាចនេះ វាហួសកម្រិត បាននាំទៅដល់ការអំពាវនាវ និងលើកសំណើមកកាន់រាជរដ្ឋាភិបាលកម្ពុជា ឱ្យបិទជើងហោះហើរចេញពីប្រទេសចិនមកកាន់កម្ពុជា​ ខ្ញុំគ្រាន់តែបញ្ជាក់ថា ប្រទេសចិនធំណាស់ ហើយបើនិយាយពីការធ្វើដំណើរក្នុងប្រទេសចិនវិញ ពីទីក្រុង Nanning មកកាន់កម្ពុជា​ហោះត្រឹមតែ ១ ម៉ោង ៤៥ នាទី តែប៉ុណ្ណោះ ហើយហោះចេញពីប្រទេសកម្ពុជាទៅកាន់កោះ Hainan វិញ ហោះត្រឹមតែ ១ ម៉ោង ២៥ នាទី តែប៉ុណ្ណោះ ប៉ុន្តែ បើគេហោះពី Nanning ទៅ Beijing ត្រូវហោះ ៥ ម៉ោង ឯណោះ អញ្ចឹង រវាងព្រំដែនប្រទេសចិនជាមួយកម្ពុជា ជិតជាងព្រំដែនចិនជាមួយវៀតណាម ឬចិនជាមួយឡាវ មីយ៉ាន់ម៉ា ទៅទីក្រុងប៉េកាំងទៅទៀត។

ជម្លៀសនិស្សិតខ្មែរកំពុងរៀននៅចិន អាចនឹងឈានទៅបញ្ចប់អាហារូបករណ៍របស់និស្សិតខ្មែរពីចិនតែម្ដង

ចំណុចទី ២ គឺមានការស្នើសុំឱ្យជម្លៀសនិស្សិតខ្មែរដែលកំពុងរៀននៅចិនមកកម្ពុជាវិញ។ នេះអាចជាវិធានការឈានទៅដល់ការបញ្ចប់និស្សិតខ្មែររៀននៅប្រទេសចិនតែម្ដង។ ព្រោះអី? ពេលស្រួលនៅជាមួយគ្នា ពេលលំបាករត់ចោលគ្នា។ និស្សិតខ្មែរនៅប្រទេសចិន រដ្ឋាភិបាលចិនមានការទទួលខុសត្រូវ មើលថែទាំ។ ខ្ញុំកំពុងមានការបារម្ភថា និស្សិតខ្មែរខ្លះ ដែលវិលមកកាន់កម្ពុជាដោយមិនបានសុំច្បាប់សាលា​ នោះមិនត្រូវបានសា​លា​ឱ្យចូលរៀនវិញទេ។ នេះខ្ញុំកំពុងតែគិត។ ខ្ញុំឃើញសារព័ត៌មានចុះផ្សាយថា និស្សិតខ្មែរមួយចំនួន ​បានមកដល់កម្ពុជា។ ប៉ុន្តែ តាមការស៊ើបសួរថា មកវិស្សមកាល។ តើពិតទេ? ចំណុចនេះ ខ្ញុំគិតថា បើសិនជាយើងសម្រេចចិត្តជម្លៀសនិស្សិតខ្មែរ ដែលកំពុងរៀននៅប្រទេសចិនមកកាន់កម្ពុជា រឿងនេះវានឹងនាំទៅដល់ការបញ្ចប់នូវការបញ្ជូននិស្សិតខ្មែរទៅរៀននៅសាធារណរដ្ឋប្រជាមានិត្យចិន។ ព្រោះអី? ចិនក៏គេមើលឥរិយាបថរបស់យើងដែរ។ រឿងអីពេលសុខស្រួលនៅជាមួយគ្នា ពេលលំបាករត់ចោលគ្នា។ ប្រជាជនចិន ១​.៤០០ លាននាក់នៅហ្នុង ហេតុអីបានយើងមិនហ៊ាននៅ? ខ្ញុំបារម្ភកូនក្មួយដែលមកដល់កម្ពុជាប៉ុន្មានថ្ងៃនេះ តើមកដោយការភ័យខ្លាចអំពីវីរុសនេះទេ? ហើយបានសុំច្បាប់សាលាទេ? បើមិនទាន់បានសុំច្បាប់សាលាទេ គប្បីរកវិធីទាក់ទងសុំច្បាប់សាលា ព្រោះខ្ញុំបារម្ភថាសាលាអាចនឹងមិនអនុញ្ញាតឱ្យក្មួយៗចូលទៅរៀនវិញទេ …។ យើងធ្លាប់បាននិយាយហើយថា ប្រទេសរបស់យើងធ្លាប់(ជួបហើយ) ពេលមានសេចក្តីសុខគេមកនៅជាមួយយើង ប៉ុន្តែពេលដែលយើងមានទុក្ខ គេរត់ចោលយើងអស់។ ខ្មែរទេជាអ្នកស្លាប់ ជំនាន់ ប៉ុល ពត។ មានជនបរ​​​ទេសប៉ុន្មាននាក់ ដែលស្លាប់ជាមួយខ្មែរ? គេរត់ចេញអស់។ រាប់ទាំងខ្មែរមួយចំនួនរត់ចេញអស់។ ឥឡូវថា និស្សិតខ្មែររត់ចេញពីប្រទេសចិន ប៉ុន្តែរត់ចេញពីប្រទេសចិនមកដល់ប្រទេសខ្មែរ ក៏វីរុសហ្នឹងមកតាមប្រទេសខ្មែរកំពុងតែភ័យឆោឡោក្នុងប្រទេសខ្មែរផងដែរ អញ្ចឹងរត់ទៅណាពិភពលោកបច្ចប្បន្ននេះ រត់ទៅណាទៀត។

ការសម្រេចចិត្តដ៏ត្រឹមត្រូវទី ១ គឺមិនជម្លៀសប្រជាពលរដ្ឋយើង នៅពេលដែលប្រទេសជប៉ុនរញ្ជូយដី បែកធ្លាយ reactor ពីរោងចក្រអគ្គិសនីនុយក្លេអ៊ែរ និងរៃអង្គាសជួយប្រជាជនជប៉ុនទៀត

ខ្ញុំសុំដកពិសោធន៍រឿង ២ ដែលកើតឡើងនៅជប៉ុន និងនៅកូរ៉េ ដែលខ្ញុំសម្រេចចិត្តត្រឹមត្រូវ។ អស់លោកប្រ​ហែលជាបានដឹងហើយ ប្រជាពលរដ្ឋរបស់យើងប្រហែលជាបានដឹងហើយថា នៅជប៉ុនមានការផ្ទុះ មានការរញ្ជួយផែនដី បែកធ្លាយនូវ reactor អំពីម៉ាស៊ីនអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ។ ពេលនោះមានការជូនយោបល់ថា គប្បីជម្លៀសអ្នកការទូតរបស់យើងនៅតូក្យូចេញមកជាបណ្តោះអាសន្ន​។ បានខ្ញុំណែនាំទៅឯកឧត្តម ហោ ណាំហុង ពេលនោះជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស ថាណែនាំបន្ទាន់ទៅតូក្យូឱ្យ(អ្នកការទូតខ្មែរយើង)ស្ថិ​តនៅប្រទេសជប៉ុន ស្ថិតនៅតូក្យូ។ ប្រសិនបើជារដ្ឋាភិបាលជប៉ុនតម្រូវឱ្យទៅនៅកន្លែងសុវត្ថិភាពកន្លែងណាមួយ ត្រូវទៅតាមការចាត់ចែងរបស់រដ្ឋាភិបាលជប៉ុន មិនអាចនឹងបោះបង់ចោល រត់​ចោលប្រទេសជប៉ុន ក្នុងពេលដែលជប៉ុនមានការលំបាក។ នៅតូក្យូ ប្រជាជនជប៉ុនអាចរស់នៅបាន ហេតុអ្វីយើងនៅជាមួយគេមិនបាន? មិនត្រឹមតែប៉ុណ្ណឹងទេ ពេលនោះយើងបំផុសប្រជាពលរដ្ឋខ្មែរយើងឱ្យរៃអង្គាសគ្នាបានថវិកាមួយចំនួនជូនទៅដល់ប្រជាជនជប៉ុនថែមទៀត។ តើនៅចាំទេព្រឹត្តិការណ៍នេះ? ទោះបីថាយើងជាអ្នកក្រ ក៏ប៉ុន្តែទឹកចិត្តយើងអត់ក្រទេ។ អញ្ចឹងជានិច្ចជាកាល អ្នកនយោបាយជប៉ុនតែងអរគុណដល់ប្រជាជនកម្ពុជា ដែលបានឆ្លើយតបដោយទឹកចិត្តជ្រះថ្លា។ លុយវាតិចតួចណាស់សម្រាប់យើងជួយទៅដល់ប្រទេសជប៉ុននៅពេលនោះ ក៏ប៉ុន្តែទឹកចិត្តទើបជាបញ្ហា។ ទី ១ ទាំងអ្នកការទូតរបស់យើង ទាំងនិស្សិតរបស់យើងៗអត់បានជម្លៀសចេញពីប្រទេសជប៉ុនទេ។ ហ្នឹងបទពិសោធន៍ទី ១។

ការសម្រេចចិត្តត្រឹមត្រូវទី ២ មិនជម្លៀសប្រជាពលរដ្ឋយើង ពេលប្រុងផ្ទុះសង្គ្រាមឧបទ្វីបកូរ៉េ

បទពិសោធន៍ទី ២ គឺបញ្ហានៅកូរ៉េខាងត្បូង។ កាលពីកូរ៉េខាងជើងប្រកាសថានឹងធ្វើសង្រ្គាម ហើយតម្រូវឱ្យអ្នកការទូតនៅបរទេស នៅកូរ៉េខាងត្បូងចាកចេញ ពេលនោះមានសំណូមពរពីប្រជាពលរដ្ឋរបស់យើងដែលមានកូនចៅធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយនិងក្រុមប្រឆាំងមួយចំនួនក៏បានលើកឡើងថា គប្បីត្រូវតែជម្លៀសពលករយើងចេញពីកូរ៉េខាងត្បូង។ ខ្ញុំបានឆ្លើយតបហើយពេលនោះ បើអាចយកមកចាក់ឡើងវិញក៏មានឃ្លីបវីដេអូ។ ប្រជាជនកូរ៉េខាងត្បូង គេនៅយ៉ាងម៉េចបាន យើងនៅជាមួយគេទៅ។ គេមានវិធានការការ​ពារ​ប្រជាជនរបស់គេជាក់លាក់។ ការជម្លៀស តើយើងមានមធ្យោបាយអីជម្លៀសមនុស្សរាប់ម៉ឺននាក់? អ្វីដែលយើងត្រូវធ្វើ ត្រូវរួមជាមួយនឹងប្រជាជនកូរ៉េខាងត្បូង រួមរស់នៅជាមួយគ្នា រួមសុខរួមទុក្ខជាមួយគ្នានៅពេលនោះ។ ចំណុចនេះនាំទៅដល់ការបង្កើននូវចំនួនពលករកម្ពុជា តាំងពីតិចរហូតដល់ច្រើន ដោយគេឃើញការទទួលខុសត្រូវ និងការដែលយើងមិនរត់ចោលគេ (ពោលគឺ)មិនដាក់បញ្ហាជម្លៀស។ ក្នុងពេលនោះមានប្រទេសមួយចំនួនចង់ជម្លៀសប្រជាពលរដ្ឋមួយចំនួនចេញពីកូរ៉េខាងត្បូង។

កុំពេលគេសុខទៅរួមសុខជាមួយគេ ដល់គេមានទុក្ខបោះបង់គេចោល

បានខ្ញុំថាខ្ញុំអត់ទេ ធ្វើយ៉ាងដូច្នេះ មិនខុសពីការរួមសុខទៅរួមសុខជាមួយគេ ដល់ទុក្ខបោះបង់គេចោល។ ពាក្យ​ថា រួមសុខរួមទុក្ខនៅកន្លែងណា? ករណីដូចគ្នានេះ គឺករណីនៅប្រទេសចិនបច្ចុប្បន្ននេះ អត់មានតម្រូវការទាក់ទិននឹងការបញ្ឈប់ជើងហោះហើរដែលជាផ្នែកមួយនៃការសម្លាប់សេដ្ឋកិច្ចខ្មែរ និងជាផ្នែកមួយនៃការកាត់បន្ថយទំនាក់ទំនងរវាងកម្ពុជា-ចិន។ អត់មានតម្រូវការជម្លៀសនិស្សិតខ្មែរ អ្នកការទូតខ្មែរ កុង​ស៊ុលខ្មែរនៅតាមបណ្តាទីកន្លែងនានាមកកាន់កម្ពុជាទេ។ យើងទុកនៅទីនោះ ដែលជាការរួមសុខរួមទុក្ខជាមួយគ្នាក្នុងការដោះស្រាយបញ្ហានេះ។ ប្រសិនបើជម្លៀសនិស្សិត … បានសេចក្តីថា មិនចាំបាច់សុំអាហារូបករណ៍ចិនទៅទៀតទេ។ ច្បាស់ជាចិននឹងមិនឱ្យទេ អាហ្នឹងខ្ញុំប៉ាន់ស្មានទុក។ ខ្ញុំមិនដឹងថា ចិនគាត់គិតយ៉ាងម៉េចទេ។ ក៏ប៉ុន្តែ សម្រាប់ខ្ញុំ បើខ្ញុំជាចិន ខ្ញុំអត់ឱ្យអ្នកឯងទៀតទេ។ ពេលស្រួលអ្នកឯងមករកខ្ញុំ ពេលលំបាកអ្នកឯងរត់ចោលខ្ញុំ។ បើសិនជាខ្ញុំជា ស៊ី ជិនពីង ឬក៏ ​លី ខឺជាំង គឺខ្ញុំអត់ឱ្យទេ។ អ្នកឯងរត់ចោលខ្ញុំហើយ អ្នកឯងមកធ្វើអីទៀត។ សុំអាហារូបករណ៍ខ្ញុំធ្វើអីទៀត។ ហ្នឹងយើងគិតខ្លួនគេជាខ្លួនយើងទៅចុះ។ សូម្បីតែមិត្តភក្តិ ពេលអញមានលុយ អ្នកឯងមករកអញ អ្នកឯងធ្វើក្លើជាមួយអញ ពេលអញអស់លុយ អ្នកឯងឈប់ធ្វើក្លើជាមួយអញ ថ្ងៃក្រោយឱ្យស្បថមួយជីវិត។ យើងគិតពីប្រទេសមួយទៅប្រទេសមួយ ហើយយើងគិតពីគ្រួសារមួយទៅគ្រួសារមួយ។ ពេលយើងមានបាន យើងមានអំណាច គេមកសួរសុខទុក្ខយើងរហូត។ យើងប៉ាវគេរហូត។ ដល់យើងអស់លុយ គេដាក់យើងដាច់ដោយឡែក។ ហ្នឹងតើយើងអាចទទួលយកបានទេ? អញ្ចឹងការដឹកនាំប្រទេសវាក៏ដូចគ្នាដែរ។ គេគិតគូរដូចជាសហគមន៍ ពិភពលោកដូចជាគ្រួសារមួយអញ្ចឹង។ ដូចជាភូមិមួយអញ្ចឹង ដែលគ្រួសារនេះមានទំនាក់ទំនងល្អ ប៉ុន្តែនៅពេលដែលគ្រួសារនេះមានទុក្ខ គ្រួសារ​នេះត្រូវបានគេបោះ​បង់ចោល សូម្បីតែខ្ចីលុយក៏គេមិនឱ្យ។

អរគុណសារព័ត៌មានដែលមានវិជ្ជាជីវៈ ផ្សាយតាមការបញ្ចេញព័ត៌មានរបស់ក្រសួងសុខាភិបាល

អញ្ចឹងយកការសន្និដ្ឋានជាក់លាក់ ដែលកម្ពុជាកំពុងជួបប្រទះនៅពេលនេះ មិនមែនវីរុសកូរ៉ូណាថ្មីដែលកើតឡើងនៅក្នុងទីក្រុងមួយនៅក្នុងប្រទេសចិនទេ។ ជំងឺពិតប្រាកដរបស់យើងនៅពេលនេះ គឺជំងឺភ័យខ្លាច នេះជារឿងជាក់ស្តែង ព្រោះមានទាន់មានអ្នកណាស្លាប់? ខ្មែរយើងមានទាន់មានអ្នកណាស្លាប់? ហើយចាំបាច់ទៅពាក់អាវដូច K01 ធ្វើអី? អាហ្នឹងដូចត្រូវការពារវិទ្យុសកម្ម។ វាដល់ស្រែកពុទ្ធោ ដូចជា ហេង ឡុង បង្ហោះស្រែកពុទ្ធោនេះ វាហួស វាអត់គួរទេ។ ខ្ញុំក៏សុំថ្លែងនូវការកោតសរសើរចំពោះបណ្តាស្ថានីយដែលមានវិជ្ជាជីវៈ ស្ថានីយវិទ្យុ ទូរទស្សន៍ សារព័ត៌មានទាំងអស់ ទាំងអនឡាញអី ដែលមានវិជ្ជាជីវៈ ហើយដែលផ្សាយត្រឹមត្រូវ ទៅតាមការបញ្ចេញព័ត៌មានរបស់ក្រសួងសុខាភិបាល។

អ្នកនាំពាក្យក្រសួងសុខាភិបាលសកម្ម, នាយករដ្ឋមន្រ្តីតាមមើល តែទុកសមត្ថកិច្ចជូនស្ថាប័នពាក់ព័ន្ធ

… គិតថា ខ្ញុំទើបនឹងជួបអ្នកកាសែត កាលពី ថ្ងៃទី ១៤ កន្លះខែមុននេះ ខ្ញុំគួរតែនិយាយថា បណ្តាស្ថាប័នដែលមានអ្នកនាំពាក្យខ្លាំងបំផុតគឺក្រសួងសុខាភិបាល និយាយដោយត្រង់លោកជំទាវរដ្ឋលេខាធិការ ដែលទទួលបន្ទុកធ្វើជាអ្នកនាំពាក្យផងនោះ គឺសកម្មណាស់ មិនមែនទើបនឹងអារឿងហ្នឹងកើតឡើងទេ។ ជំងឺច្រើនណាស់ ការណែនាំច្រើនណាស់ ដែលបានធ្វើជាមួយនិងបទសម្ភាសន៍ ការផ្តល់ព័ត៌មាននេះ ផ្តល់ព័ត៌មាននោះ។ រឿង​ទាក់ទិនជាមួយការផ្សាយទៀតសោត ខ្ញុំបានទទួលនូវរបាយការណ៍អំពីការសង្ស័យ នៅពេលដែលមានទំនាក់ទំនង អភិបាលខេត្តព្រះសីហនុក៏បានធ្វើរបាយការណ៍ ឯកឧត្តម សាយ សំអាល់ ដែលជារដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ក៏បានធ្វើរបាយការណ៍។ ក្រុមការងារបានឆ្លើយតបបន្ទាន់ទៅកាន់ទីនោះ នៅពេលដែលរកឃើញម៉ោង ៣។ ក្រោយម៉ោង ៣ ឯកឧត្តម ម៉ម ប៊ុនហេង​ ស្នើសុំយោបល់ថា បានរកឃើញនូវចំណុចនេះហើយ។ ខ្ញុំបានវាយត្រឡប់មកវិញថា​ ធ្វើការផ្សព្វផ្សាយ ព្រោះមុននឹងផ្សព្វផ្សាយក៏ត្រូវមានការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រីគ្មានការលាក់បាំងអ្វីទាំងអស់ គឺអនុញ្ញាតឱ្យធ្វើការផ្សព្វផ្សាយ ទើបមានសន្និ​សីទសារព័ត៌មានកាលពីប៉ុន្មានថ្ងៃមុននេះ។ អញ្ចឹងរឿងនេះមិនមែនបានសេចក្តីថា នាយករដ្ឋមន្ត្រីដេកស្ងៀមនោះទេ នាយករដ្ឋមន្ត្រីតាមមើលបញ្ហានេះ។ ក៏ប៉ុន្តែ នា​យករដ្ឋមន្ត្រីទុកសមត្ថកិច្ចនេះឱ្យស្ថាប័នដែលអនុវត្តទៅតាមច្បាប់ធ្វើការ។ ពិតមែនហើយ យើងមានការរំលឹកតាមហ្វេសប៊ុករបស់យើងខ្លះៗ ក៏ប៉ុន្តែថ្ងៃនេះខ្ញុំត្រូវតែចេញមុខ ដោយសារតែរឿង(ព័ត៌មានបំពុលមួយចំនួន)។ មិនយល់ទេ ធ្វើឱ្យប្រជាពលរដ្ឋរបស់យើងក្លាយទៅជាចំណាប់ខ្មាំងនៃការភ័យខ្លាច ហើយជំងឺពិតប្រាកដរបស់យើងនេះ គឺការភ័យខ្លាច មិនមែនវីរុសកូរូណាថ្មីនោះទេ។ រឿងបន្តទៅទៀត ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះអំពាវនាវ ដែលមានចំណុចមួយចំនួនដូចតទៅនេះ៖

  • កុំមានការភ័យខ្លាចហួសពីអ្វីដែលជារឿងពិត, ការពារជំងឺគ្រប់ប្រភេទដោយប្រកាន់នូវអនាម័យ

ទី ១ កុំមានការភ័យខ្លាចហួសពីអ្វីដែលជារឿងពិត ដែលធ្វើឱ្យយើងខាតបង់ពេលវេលាបំពេញការងារ។ យើងអាចបញ្ចៀសបាននូវការឆ្លងមេរោគគ្រប់ប្រភេទតាមរយៈអនាម័យ (ក្នុង)ការរស់នៅ ការទទួលទាន ការធ្វើដំណើរ ការធ្វើការងារ​ ។ល។ មនុស្សម្នាក់ៗ គ្រួសារនីមួយៗ ត្រូវចេះការពារខ្លួនដោយខ្លួនឯង។ ខ្ញុំនិយាយថា ការពារជំងឺគ្រប់ប្រភេទ មិនមែនគ្រាន់តែ នូវែលកូរូណា នោះទេ ជំងឺគ្រប់ប្រភេទ បើយើងអត់មានអនាម័យទេ ជំងឺអីក៏វាឆ្លងដែរ។ លើកឧទាហរណ៍ទៅ តាមក្រុមគ្រួសារនីមួយៗ សាកល្បងមានមនុស្សម្នាក់ដែលមានជំងឺផ្តាសាយ ប៉ុន្តែ យើងអត់បានគិតថា ជំងឺផ្តាសាយវាចម្លងពេញមួយផ្ទះនោះ បើសិនជាគ្មានការដាក់ឱ្យអ្នកផ្តាសាយនៅមួយកន្លែង(ផ្សេងគេ) គឺវាឆ្លងផ្តាសាយពេញមួយផ្ទះហ្នឹង។ វា rotate គ្នាតែម្តង អ្នកនេះជា ដល់អ្នកនេះ អានេះជា ដល់អានេះ តគ្នាទាំងអស់ វិលជុំ ដូច volleyball ចឹង វាប្តូរវេនគ្នា ឈឺពេញផ្ទះ។ មិនចាំបាច់កូរូណាទេ គ្រាន់តែជំងឺទាក់ទិនទៅនឹងជំងឺធម្មតាផ្តាសាយ។ តិច(លោថាឈឺ)ផ្តាសាយធំសោះ នាំគ្នាថាកូរូណានឹងគេដែរ ប្រ​យ័ត្នកន្លែងហ្នឹង។ ប៉ុន្តែបើមានរោគសញ្ញាសង្ស័យណាមួយហើយ ក៏ត្រូវតែរកគ្រូពេទ្យឱ្យបានឆាប់ នៅតាមទីកន្លែងដែលក្រសួងសុខាភិបាលមានការរៀបចំរួចហើយ។​ (ដូចជា)ជំងឺភ្នែក … ឆ្លងអាក្រក់ណាស់។ ភ្នែកមើលពីមួយទៅមួយ សូម្បីតែឆ្លុះកញ្ចក់ អ្នកដែលឈឺភ្នែកល្មមៗទៅឆ្លុះកញ្ចក់ អាហ្នឹងឈឺលើសដើម។ អញ្ចឹងបញ្ហាអនាម័យជាបញ្ហាធំ។ យើងអាចបញ្ចៀសបាននូវជំងឺគ្រប់ប្រភេទ រាប់ទាំង នូវែលកូរ៉ូណា នោះផង។ គ្រួ​សារនីមួយៗ មនុស្សម្នាក់ៗត្រូវម្ចាស់ការខ្លួនឯង ព្រោះមិនអាចពង្រាយគ្រូពេទ្យទៅតាមគ្រួសារបានទេ។ អញ្ចឹង​ត្រូវយល់ដឹងអំពីការការពារសុខភាពតាមរយៈអនាម័យ។

  • ត្រូវផ្សព្វផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋ

ទី ២ ត្រូវផ្សព្វផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋ។ ហើយដូចដែលខ្ញុំបានលើកឡើងអម្បាញ់មិញ ខ្ញុំសុំកោត សរសើរជាថ្មីម្តងទៀត ចំពោះអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ មានការទទួលខុសត្រូវ អ្នកលេងហ្វេសប៊ុក ដែលមានការទទួលខុសត្រូវ បណ្តាញសង្គមដែលមានការទទួលខុសត្រូវ ជួយផ្សព្វផ្សាយព័ត៌មានពិតប្រឆាំងព័ត៌មានក្លែងក្លាយ​ និងបំពុលសង្គម។ ជាមួយគ្នានេះ ក៏សុំឱ្យក្រសួងព័ត៌មានចាត់វិធានការចាំបាច់ចំពោះព័ត៌​មានក្លែងក្លាយ។ ឃើញដូចជា ម៉ាឡេស៊ីចាប់អ្នកសារព័ត៌មាន ៣ នាក់ យើងអត់ទាន់មានចាប់ទេ ក៏ប៉ុន្តែ បើសិនមិនរាងចាលទេ ក៏ត្រូវតែធ្វើដែរ។ ខាងខេត្តពោធិ៍សាត់ បានយកអ្នកដែលផ្សព្វព័ត៌មានមិនពិតបំផុស យក​មកចុះហត្ថលេខា គេមកសារភាពខ្លួនគេថាគេខុស។

ប្រភពព័ត៌មានយកជាការបាន លើបញ្ហាជំងឺថ្មីនេះ គឺពីក្រសួងសុខាភិបាលតែមួយគត់

អញ្ចឹងត្រូវមានការទទួលខុសត្រូវទៅលើបញ្ហានេះ ហើយក៏សុំបញ្ជាក់សាជាថ្មី ប្រភពដែលយកជាការបាន គឺក្រសួងសុខាភិបាលជាអ្នកនាំមុខ នាំចេញផ្តល់នូវព័ត៌មាន មិនមែនប្រតិកម្មរហ័ស មិនមែនក្រសួងព័ត៌មាន ឬក្រសួងណាផ្សេង ក្រៅពីស្ថាប័ន ដែលច្បាប់បានប្រគល់ឱ្យស្ថាប័ននេះទទួលបន្ទុក។ ច្បាប់ស្តីពីការចាត់តាំងក្រសួងសុខាភិបាល អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសុខាភិបាល គឺផ្តល់អំណាចឱ្យក្រសួងនេះធ្វើកិច្ចការ។ ដូច្នេះ ក្រសួងត្រូវចេញព័ត៌មានជាក់លាក់។ ឥឡូវមានសារព័ត៌មានច្រើនណាស់ដែលផ្សាយ ប៉ុន្តែ ដែលផ្សាយទៀងទាត់គឺ BTV។ ខ្ញុំមិនសរសើរវាតែម្នាក់គត់ទេ មានសារព័ត៌មានច្រើន ដែលផ្សាយត្រូវ ប៉ុន្តែ update ជាប់គឺ BTV ដែលមានទំនាក់ទំនងច្រើនជាមួយនឹងក្រសួងសុខាភិបាល។ ខ្ញុំឃើញគេតាមមែន។ យប់ម្សិល គ្រាន់តែហ្វេសប៊ុករបស់ BTV ផ្សាយចេញ មិនមែនតាមកញ្ចក់ទូរទស្សន៍ដែលគេមើលទេ ប្រៀបធៀបជាមួយនឹង CNC ក្នុងពេលតែមួយ ហ្វេសប៊ុក page របស់​ CNC views មានតែ ១៤២ នាក់ទេ ហ្វេសប៊ុក page របស់ BTV views ៩៥០០ នាក់ … អ្នកតាមព័ត៌មាន ពី BTV ច្រើន ទៅលើ​បញ្ហាទាក់ទងពីជំងឺនេះ។ ផ្សាយពីជំងឺដូចគ្នា​ ប៉ុន្តែ គេតាមក្នុង page CNC តែ ១៤២ នាក់ ក្នុងពេលដែល​ BTV មាន ៩៥០០ នាក់។ គេដាក់ ៩,៥​k អាហ្នឹងបានសេចក្តីថា ៩៥០០។ ប៉ុន្តែ ទោះបីជាប៉ុន្មានៗ ខ្ញុំមិនដឹងទេ តែរឿងដែលព័ត៌​មានយកជាការបាន គឺព័ត៌មានចេញពីសុខាភិបាល។ បើអ្នកឯងយកព័ត៌មានចេញពីណាផ្សេង គឺខុស។ អញ្ចឹងចំណុចនេះត្រូវតែមានការប្រុងប្រយ័ត្ន។

  • ត្រូវដំណើរការធម្មតានូវស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន រោងចក្រ​ សហគ្រាស ផ្សារលក់ដូរ វត្តព្រះពុទ្ធ សាសនា វិហារឥស្លាមសាសនា ក៏ដូចជាវិហារគ្រឹស្ត

ទី ៣ ត្រូវដំណើរការធម្មតានូវស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន រោងចក្រ​ សហគ្រាស ផ្សារលក់ដូរ វត្តព្រះពុទ្ធ សាសនា វិហារឥស្លាមសាសនា ក៏ដូចជាវិហារគ្រឹស្ត ។ល។ មិនអាចតាមរយៈការភ័យខ្លាច បែរជានាំគ្នាបិទស្ថាប័នធ្វើការ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ឬកំពុងតែសន្និបាត ថារំសាយចោលសន្និបាតសិន ព្រោះខ្លាចឆ្លងជំងឺ។ នៅក្នុងហ្នឹង បើសិនមានអ្នកណាមួយពាក់ម៉ាសខ្ញុំដេញចេញ។ នាយករដ្ឋមន្ត្រីអត់ទាំងពាក់ម៉ាសផង មកពាក់អីនៅកន្លែងហ្នឹង? … ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា។​ ឆ្ងល់រឿងកន្លែងហ្នឹង … ខ្មែរមិនទាន់ឆ្លងម្នាក់ផង គ្រាន់តែចិនមួយ(ឈឺ) ហើយចិនហ្នឹង បើយោងទៅលើអ្វី ដែលគាត់ចេញមកយកម្ហូប សម្លឹង​មើលម្ហូប ដែល BTV ថតបាននោះ រួចហើយនៅពេលដែលគ្រូពេទ្យយើង ៣ នាក់ស្លៀកពាក់(ការពារ)ទៅ រួចហើយគាត់ស្លៀកអាវខោអាវធម្មតា​ ពាក់អាវក្រហមទៀត បានសេចក្តីថាគាត់មនុស្សមាំទាំ សឹងតែថា ឱ្យទៅស្រុកកំណើតវិញបាន។

គោលការណ៍របស់អាស៊ាន ជំងឺកើតឡើងនៅប្រទេសណា ត្រូវតែព្យាបាលឱ្យជានៅក្នុងប្រទេសនោះ

ពាក់ព័ន្ធនឹងគោលការណ៍ ដែលយើងយកតាំងពីអាស៊ានមក។ អំពីជំងឺសារស៍ គោលការណ៍(របស់អាស៊ាន)អញ្ចេះ ជំងឺកើតឡើងលើជនជាតិណាក៏ដោយ ជំងឺកើតឡើងនៅប្រទេសណា ប្រទេសហ្នឹងទទួលបន្ទុកព្យា​បាល​រហូតដល់ជា ទើបអនុញ្ញាតឱ្យត្រឡប់ទៅវិញ។ យើងយកគោលការណ៍ហ្នឹងប្រើ។ ទោះបីអាស៊ានមិនទាន់បានប្រជុំឡើងវិញក៏ដោយ តែគោលការណ៍នេះនៅតែជាគោលការណ៍ចម្បង។ គោលការណ៍នេះវាបានក្លាយជាគោលការណ៍សកលទៅហើយ ដែលផ្តើមចេញពីគំនិតផ្តួចផ្តើមរបស់អាស៊ាន។ រកឃើញជំងឺនេះនៅក្នុងប្រ​ទេសណា ត្រូវតែព្យាបាលឱ្យជានៅក្នុងប្រទេសនោះ មុននឹងឱ្យចាកចេញពីប្រទេសហ្នឹងទៅកាន់ប្រទេសសាម៉ី ឬទៅកាន់កន្លែងផ្សេង ដើម្បីចៀសវាងការឆ្លង។ គោលការណ៍នេះមានតាំងពី ហ៊ុន សែន និងកម្ពុជាធ្វើប្រធានអាស៊ាន ឆ្នាំ ២០០៣ ឯណោះ ដឹកនាំការប្រជុំ។ អញ្ចឹងទេ ស្ថាប័នរដ្ឋទាំងអស់ ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស ផ្សារលក់ដូរ វត្តអារាម ទាំងព្រះពុទ្ធ ទាំងឥស្លាម ទាំងគ្រឹស្ត … ពេលបុណ្យទានអត់មនុស្សទៅវត្ត លោកមិនដាច់ចង្ហាន់? បានអ្នកណាធ្វើបុណ្យ? ដាច់សីល ដាច់ទានអស់។ ថ្ងៃសុក្រអត់មាននរណាចូលវិហារឥស្លាម ថ្វាយបង្គំ វាមិនកើតជារឿង? ជំងឺភ័យខា្លចអាចនាំឱ្យយើងដាច់នូវការប្រតិបត្តិ(ធម៌)។ លោកមិនហ៊ានឆាន់ជុំគ្នា ឆាន់តាមកុដិមួយៗ ខុសរឿងខុសរ៉ាវ នេះមកពីជំងឺភ័យខ្លាច …។

  • ក្រសួងអប់រំ ត្រូវសហការជាមួយក្រសួងសុខាភិបាល ចុះអប់រំតាមសាលា

ទី ៤ សាលារៀនគឺជាគោលដៅដែលត្រូវយកចិត្តទុកដាក់ គឺត្រូវផ្តល់ទំនុកចិត្តដល់សិស្ស និស្សិត មាតាបិតា អា​ណាព្យាបាល បញ្ជូនកូនមករៀនធម្មតា និងរៀបចំអនាម័យឱ្យបានល្អ តាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត។ ក្រ​សួងអប់រំត្រូវសហការជាមួយក្រសួងសុខាភិបាល ចុះអប់រំតាមសាលា។ បញ្ហាសំខាន់នៅពេលនេះ សាលានីមួយៗ ត្រូវតែអនាម័យឱ្យបានល្អបំផុត ដើម្បីផ្តល់នូវជំនឿទុកចិត្តទៅដល់មាតាបិតា និងអាណាព្យាបាលសិស្ស​។ ខ្ញុំសុំកោតសរសើរទៅដល់មាតាបិតា អាណាព្យាបាលសិស្ស ដែលកន្លងទៅទោះបីជាមានពាក្យចចាមអារាមបំភិតបំភ័យ តែនៅតែបន្តបញ្ជូនកូនចៅទៅរៀនសូត្រ។ សង្ឃឹមថា អ្នកដែលមានការភ័យខ្លាច ក៏នឹងបញ្ឈប់ការភ័យខ្លាច ហើយបញ្ជូនកូន បញ្ជូនចៅ ឱ្យទៅទទួលបាននូវការរៀនសូត្រឡើងវិញ។ វាមិនទាន់ហួសពេលទេ ព្រោះបើសិនជាទុកកូននៅផ្ទះ គេរៀនៗទៅផុត (កូន)យើងត្រូវចាញ់គេហើយ។ ឧទាហរណ៍ ប្រឡងបាក់ឌុបនៅឆ្នាំនេះ មេរៀនដែលយើងមិនបានរៀន តើត្រូវដោះស្រាយយ៉ាងម៉េច? សាលាមិនអាចថយក្រោយមក ដើម្បីនឹងយិតយោងយើង ក្នុងថា ​៨០% ទៅរៀន ២០% អត់ទៅ ហើយបែរជាថយក្រោយមកស្ទូចអា ២០% ទេ គេទៅមុខហើយ។ ប៉ុន្តែ តាមសាលានីមួយៗ​ គ្រូបង្រៀនទាំងអស់ក្រៅពីយកចិត្តទុកដាក់អនាម័យខ្លួនឯង ត្រូវដឹកនាំធ្វើយ៉ាងម៉េច? សាលាត្រូវសម្អាតយ៉ាងម៉េច? ហើយអនាម័យលាងសាប៊ូស្អីៗហ្នឹង អាហ្នឹងគឺផ្នែកសុខាភិបាលធ្វើហើយ​។ ខ្ញុំគិតថា មិនមានការចាំបាច់ដើម្បីឱ្យខ្ញុំនឹងនិយាយពីបញ្ហាលំអិតនោះទេ។ ដូច្នេះក្រសួងសុខាភិបាល ក្រសួងអប់រំ ទាំងពីរហ្នឹងសហការគ្នា ធ្វើយ៉ាងម៉េចផ្តល់នូវទំនុកចិត្តសម្រាប់សិស្ស/និស្សិត ផ្តល់នូវទំនុកចិត្តចំពោះមាតាបិតា/អាណាព្យាបាល បញ្ជូនកូនចៅទៅរៀនដោយគ្មានការភ័យខ្លាច។

  • ត្រូវមានម៉ាសការពារនៅកន្លែងចាំបាច់ អាអត់ចាំបាច់វាអត់ត្រូវមាន

ទី ៥ ត្រូវមានម៉ាសការពារនៅកន្លែងចាំបាច់។ ហេតុអីបានខ្ញុំនិយាយថាត្រូវមានម៉ាសការពារនៅកន្លែងចាំបាច់ ? ខ្ញុំនិយាយតែអាចាំបាច់ទេ​ អាអត់ចាំបាច់វាអត់ត្រូវមាន។ ដូចជាការប្រជុំកាសែតអញ្ចឹង ខ្ញុំថ្លែងសារទៅកាន់ប្រជាពលរដ្ឋ តើមានការចាំបាច់ពាក់ម៉ាសទេ? វាអត់ចាំបាច់។ អញ្ចឹងបានជាខ្ញុំត្រូវប្រើពាក្យចាំបាច់ យើងមើល​ព្រលានយន្តហោះ ពួកអាស៊ីយើងទេពាក់ តែពួកទេសចរអឺរ៉ុបអត់មានអ្នកណាពាក់ទេ។ កម្រឃើញពាក់ណាស់តាមព្រលានយន្តហោះ។ គេយល់ដឹងអំពីរបៀបជំងឺ។ ឯយើង រឿងភ័យហួសទៅជានាំគ្នាពាក់ ដែលមិនមានការចាំបាច់ពាក់។ សូម្បីតែខ្ញុំនេះ បន្តិចទៀត ខ្ញុំក៏ត្រូវពាក់ម៉ាស ខ្ញុំពាក់ម៉ាសរាល់ថ្ងៃ ព្រោះអី? ម្តាយក្មេកខ្ញុំ ទោះបីយកចេញពីមន្ទីរពេទ្យ ប៉ុន្តែមានបន្ទប់សង្គ្រោះបន្ទាន់នៅឯផ្ទះ ហើយនៅពេលណាដែលខ្ញុំចូលដល់ផ្ទះ គឺខ្ញុំត្រូវពាក់ម៉ាស កាន់តែបន្ថែមទៀត ពាក់ទាំងមួក ទាំងស្បែកជើង(ក្រណាត់) ខ្ញុំត្រូវចូលទៅមើលម្ដាយក្មេករបស់ខ្ញុំ ត្រូវពាក់ទាំងអស់។ អាហ្នឹងគេហៅចាំបាច់។ ដល់មិនចាំបាច់យើងអត់មានត្រូវការពាក់ទេ។ អញ្ចឹងទេ​ ទីកន្លែងណាដែលត្រូវមានការចាំបាច់ ត្រូវពាក់ម៉ាសដើម្បីការពារ។ ខ្ញុំប្រើពាក្យចាំបាច់។ អ្នកដែលចង់ពាក់ក៏ពាក់ទៅ ហើយជួនកាលពាក់ម៉ាសហ្នឹង ពាក់ចុះពាក់ឡើងអាជំងឺឆ្លងពីម៉ាសហ្នឹងមកទៀត ព្រោះអី? ជួនកាលទឹកមាត់នៅហ្នឹង រួចហើយដោះដាក់ហោប៉ៅ រួចហើយទាញមកពាក់វិញ។ អញ្ចឹងទីចុងបំផុតឆ្លងពីអាជំងឺខ្លួន​ឯង ព្រោះអាទឹកមាត់ទឹកអីហ្នឹង រួចហើយ ខ្វះអនាម័យ យកមកដាក់ហោប៉ៅ រួចដកពីហោប៉ៅទៅពាក់ទៀត។ ដល់អញ្ចឹងកើតជំងឺ ដោយសារជំងឺបង្កើតដោយខ្លួនឯង។ អញ្ចឹងបើបានជាជ្រុលថា ពាក់ម៉ាសក៏ត្រូវតែដឹងថា ម៉ាសហ្នឹងមានសុវត្ថិភាព។

  • អ្នកលក់ម៉ាស កុំឆ្លៀតកេងចំណេញនៅក្នុងកាលៈទេសៈ នៅពេលដែលប្រជាជនកំពុងមានតម្រូវការ

ទី ៦ អ្នកលក់ម៉ាសកុំឆ្លៀតដំឡើងថ្លៃ ត្រូវជួយគ្នាក្នុងគ្រាក្រ កុំឆ្លៀតកេងចំណេញពេលមានតម្រូវការ។ សោកស្តាយ ដោយរយៈពេលកន្លងទៅនេះ គឺអ្នកលក់ម៉ាសមួយចំនួនក៏បានដំឡើងថ្លៃ។ សុំអំពាវនាវឱ្យអ្នកលក់ម៉ាសកុំឆ្លៀតកេងចំណេញនៅក្នុងកាលៈទេសៈនៅពេលដែលប្រជាជនកំពុងមានតម្រូវការពាក់។ ជាមួយគ្នានេះ ខ្ញុំអំពាវនាវចំពោះរោងចក្រកាត់ដេរមួយចំនួន ជួយដេរម៉ាសលក់ឱ្យរដ្ឋ ឬជួយដល់ប្រជាជនដែលមានតម្រូវការ។ រោងចក្រយើងមានច្រើនណាស់។ ដេរបន្ថែម។ ក្រសួងសុខាភិបាលត្រូវធ្វើការជាមួយក្រសួងការងារ និងសមាគមរោងចក្រកាត់ដេរ ដើម្បីផលិតម៉ាសបន្ថែម ព្រោះយើងមានត្រូវការបន្ត។ អាម៉ាសហ្នឹងខ្លះគេយកទៅបោក អាចប្រើបានបន្ត … ត្រូវត្រៀមលក្ខណៈក្រែងលោវាអូសបន្លាយពេល ដូច្នេះត្រូវផលិតម៉ាស។ រោងចក្រយើងមានច្រើនណាស់ រដ្ឋត្រូវទទួលខុសត្រូវក្នុងការទិញម៉ាសពីរោងចក្រដែលផលិតម៉ាសនេះ ចុះកុងត្រា រោងចក្រនេះផលិតប៉ុណ្ណេះរោងចក្រនោះផលិតប៉ុណ្ណោះ តាមស្តង់ដាដែលយើងប្រគល់ឱ្យគេផលិត។

កាលពីកើតជំងឺសារស៍ កម្ពុជានាំចេញសម្លៀកបំពាក់ការពារជំងឺសារ ៥ លានកំផ្លេ, ចេះដេរម៉ាសខ្លួនឯង ក៏ដេរប្រើតាមគ្រួសារនីមួយៗទៅ

ខ្ញុំសុំជម្រាប កាលពីកើតជំងឺសារស៍ កម្ពុជានាំចេញសម្លៀកបំពាក់ការពារជំងឺសារស៍ ៥ លានកំផ្លេ តើនាំចេញពីកន្លែងណា? ដេរនៅខេត្តកំពង់ចាម ដោយក្រុមហ៊ុន Manhattan។ ៥ លានកំផ្លេ ដើម្បីផ្គត់ផ្គង់ឱ្យបណ្តាមន្ទីរពេទ្យនៅក្នុងតំបន់របស់យើង ហើយនិងនៅប្រទេសដទៃទៀត ៥ លានកំផ្លេ។ អញ្ចឹងគ្រាន់តែម៉ាសគឺយើងអាចធ្វើទៅរួច អាចធ្វើទៅបានមិនបញ្ហាទេ។ ចំពោះក្រុមគ្រួសារដែលចេះដេរ គប្បីដេរខ្លួនឯងដើម្បីប្រើប្រាស់ក្នុងគ្រួសារ ច្នៃប្រឌិតឱ្យអស់ ប្រើឱ្យអស់លទ្ធភាព សក្តានុពលដែលមាន។ ក្រុមគ្រួសារនីមួយៗមិនចាំបាច់ទៅទិញគេទេ​ ខ្លះចេះដេរខ្លួនឯង ដេរខ្លួនឯងទៅ ព្រោះខ្ញុំមើលឃើញ BTV មានក្មួយស្រីម្នាក់នោះ គាត់ប្រើម៉ាសខុសពីគេ ប្រហែលជាច្រមុះគាត់មិនអាចខ្ទប់អាម៉ាសហ្នឹងបាន។ ម៉ាសគាត់ដូចរាងប៉ោងទៅមុខបន្តិច សមរបស់គាត់ម្យ៉ាងដែរ។ អាហ្នឹងតាមការកែច្នៃ ធ្វើម៉េចការពារជំងឺ។ ក្រុមគ្រួសារមួយៗក៏អាចធ្វើទៅបានដែរ មានក្រណាត់ មានអី ដែលត្រូវស្តង់ដាការពារជំងឺ។ ប្រសិនបើគ្មាន វាមានតម្រូវការក្រមានៅចង្កេះ ក៏ទាញមកចងបានដែរ។ កន្សែងនៅក្នុងហោប៉ៅ ក៏ទាញយកមកចងបានដែរ ច្នៃឱ្យវាអស់។ ប្រទេសយើងជាប្រទេសដែលមានការកាត់ដេរច្រើនណាស់ ហើយអ្នកចេះកាត់ដេរនៅក្នុងប្រទេសរបស់យើងក៏ច្រើនដែរ។ ម៉ាសហ្នឹង មិនមែនប្រើចាំតែមានអាកូរ៉ូណាហ្នឹងទេ។ ការពិតទៅសូម្បីតែក្មួយៗ ដែលធ្វើការនៅតាមរោងចក្រ ដែលខ្ញុំ​ទៅសួរសុខទុក្ខតាមរោងចក្រនោះ ក្មួយៗទាំងនោះធ្វើការដោយមានការពាក់ម៉ាស ដើម្បីការពារនូវដីហុយ (ធាតុគីមី)ចេញពីក្រណាត់ស្អីៗហ្នឹង គឺសុទ្ធតែការការពារ។

  • ដំណើរការផ្នែកសេវាជាធម្មតា ដោយគ្មានការរើសអើង

ចំណុចទី ៧ ត្រូវដំណើរការផ្នែកសេវាជាធម្មតា ដោយគ្មានការរើសអើងដូចជា សេវាទេសចរណ៍ ការ​ដឹកជញ្ជូនផ្លូវអាកាស ការដឹកជញ្ជូនផ្លូវទឹក ​ដែលវាទាក់ទងសំខាន់ទៅនឹងព្រលានយន្តហោះ កំពង់ផែ សណ្ឋាគារ និងសេវាដឹកជញ្ជូន។ ឥឡូវ អស់លោកអ្នកមួយចំនួន បានផ្ដល់មតិថា បិទជើងហោះហើរ។ បើបិទជើងហោះហើរត្រូវបិទទាំងអស់ មិនមែនបិទតែមកពីប្រទេសចិនទេ ព្រោះឥឡូវជំងឺវាបានទៅសឹងគ្រប់ប្រទេសហើយ។ អញ្ចឹងទាល់តែបិទទាំងអស់។ ជប៉ុនក៏មាន ក៏ត្រូវតែបិទជប៉ុនដែរ​​ កូរ៉េក៏មាន ក៏ត្រូវបិទកូរ៉េដែរ ថៃក៏មានក៏បិទ សាំងហ្គាពួរក៏មាន អញ្ចឹងបិទទាំងអស់ កម្ពុជាបិទព្រំដែនទាំងអស់ ទាំងទឹក ទាំងគោក ទាំងអាកាស បិទទាំងអស់ វៀតណាមក៏មានត្រូវបិទ អញ្ចឹងកម្ពុជាស្ថិតនៅជាប្រទេសឯកោ។ នេះដាក់ក្នុងកម្រិតឯកោខ្លួនឯង។ អស់លោកអ្នកនយោបាយ អស់លោកអ្នកវិភាគ អស់លោកអ្នកណាក៏ដោយចុះ បើអស់លោកគិតពីរឿងបិទ​ មិនត្រូវបិទតែចិនទេ ត្រូវបិទទាំងអស់ ព្រោះប្រទេសទាំងនោះកើតដែរ កើតអស់ហើយ រាប់ទាំងអាមេរិក បារាំង ស្អីក៏មាន បិទទាំងអស់។ អញ្ចឹងកម្ពុជាសូន្យតែម្ដង ហើយកម្ពុជាក៏មិនត្រូវចេញទៅប្រទេសក្រៅ ព្រោះមានអីចេញទៅទៀត បើអស់ផ្លូវហោះហើយ។

អញ្ចឹងសេវាកម្មទេសចរណ៍ សេវាកម្មដឹកជញ្ជូនផ្លូវអាកាស ផ្លូវទឹក ត្រូវធ្វើដោយគ្មានការរើសអើង។ កុំថា កប៉ាល់ហោះចិនមកដល់ មិនឱ្យចុះ ឱ្យចុះកប៉ាល់ហោះដទៃ អត់ទេ។ ទេសចរចិនមកដល់សណ្ឋាគារមិនទទួល តាក់ស៊ីមិនទទួលទេសចរចិន នាវាចិនដឹកទំនិញចូលកំពង់ផែ អត់ឱ្យនាវាចិនចូល វាអត់ត្រូវទេកន្លែងហ្នឹងនោះ។ ប្រជាពលរដ្ឋរបស់យើង ដើរលេងធម្មតាទៅ សូមកុំយកឱកាសនេះសម្លាប់អ្នកធ្វើទេសចរណ៍នៅតាមរមណីយដ្ឋាននានា ដែលឥឡូវនេះ រមណីយដ្ឋានមានច្រើនណាស់ ហើយបើយើងនាំគ្នាភ័យខ្លាច ម៉ាក្រូសេដ្ឋកិច្ចរបស់យើងអាចនឹងរង្គោះរង្គើ ដោយសារតែការភ័យខ្លាច។ ចរន្តទីផ្សាររបស់យើង ចលនាទីផ្សាររបស់យើងនឹងត្រូវជាប់គាំង។ ប៉ុន្តែ ខ្មែរយើងភ័យនៅតែភ័យ តែឡានស្ទះចរាចរណ៍នៅតែស្ទះ បានសេចក្ដីថាដើរ ប្រ​​កាសភ័យ តែដើរនៅតែដើរ វាល្អត្រង់កន្លែងហ្នឹង។

  • ប្រជាជនខ្មែរកំពុងនៅចិន ត្រូវបន្តស្ថិតនៅទីនោះ និងចូលរួមជាមួយចិនប្រយុទ្ធនឹងជំងឺនេះ

ចំណុចទី ៨ អ្នកការទូត កុងស៊ុល និងនិស្សិតកម្ពុជា ដែលកំពុងធ្វើការ និងរៀនសូត្រនៅប្រទេសចិន រាប់ទាំងនៅទីក្រុង Wuhan ត្រូវបន្តស្ថិតនៅទីនោះ និងចូលរួមជាមួយប្រជាជនចិន ដើម្បីប្រយុទ្ធជាមួយជំងឺនេះ។ កុំរត់ចោលប្រជាជនចិនក្នុងគ្រាដ៏លំបាកនេះ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» នេះជាពាក្យស្លោករបស់កម្ពុជាយើង តាំងពីដូនតាយើងមក។ កុំមិត្តភាពក្នុងពេលដែលស្រួល ដល់ពេលលំបាក(រត់)។ ឥឡូវនេះ ស្ថិតនៅក្នុងការទទួលខុសត្រូវ ហើយខ្ញុំមើល BTV ទៀត ព្រោះ BTV សម្ភាសន៍ផ្ទាល់និស្សិតខ្មែរ ដែលកំពុងរៀននៅ Wuhan នោះ មិនដឹងថាបច្ចេកទេសគេយ៉ាងម៉េចទេ តែគេសម្ភាសន៍បាន រូបភាពមកនៅក្នុងទូរទស្សន៍របស់យើងនៅនេះ។ យើងធ្វើតទៅទៀត លើកទឹកចិត្តឱ្យស្ថានីយទូរទស្សន៍ដទៃ ទាក់ទងជាមួយនិស្សិតខ្មែរនៅចិន សភាពការណ៍យ៉ាងម៉េចហើយ? គេសម្ភាសន៍តាម WhatsApp ប្រើបានតើ គេបញ្ចេញរូបភាពមក … ហើយអ្នកនៅនោះ នៅក្នុងបន្ទប់ជាមួយគ្នា គេមិនទាំងពាក់ម៉ាសផង។ រួចយើងនៅនេះ ក៏ភ័យម៉េះ? មកភ័យឯស្រុកខ្មែរ។​ និស្សិតយើងនៅក្នុង Wuhan នោះ នៅក្នុងបន្ទប់ជាមួយគ្នា ទាំងស្រីទាំងប្រុស ដែលមកប្រមូលផ្ដុំគ្នា ធ្វើបទសម្ភាសន៍នេះ គេអត់ទាំងពាក់ម៉ាសផង។ រួចយើងនៅនេះ ភ័យដោយសារ K01 ភ័យដោយសារការបំផុសនេះបំផុសនោះ។

K01 មានមកឬអត់? យប់មិញ ថា live សុំទោស មាន live ឬអត់?​ សរសេរសារផង Live ផង។ ហេតុអីបានជា K01 គេមិនឱ្យ Live នៅកន្លែងបាក់អគារនៅកំពង់សោម? K01 ត្រូវតែដឹង។ ពុកប្រាប់កូនឯងឱ្យ​ច្បាស់ ពេលនោះកូនឯងបានវាយសារមួយទៅសុំពុកនៅឯបាងកក។ ពុកនៅប្រជុំអាស៊ាននៅបាងកក។ ទៅដល់ វាហៅខ្ញុំថាពុក។ “ពុក! ខ្ញុំសុំ ​live​ តែគេមិនឱ្យ live”។ អញ្ចឹងខ្ញុំឆ្លើយតបទៅវិញ បើគេមិនឱ្យ live កូនកុំ live អី។ មូលហេតុងាយយល់ទេ មកពីលោកឯងនិយាយតែផ្តេសតែផ្ដាសហ្នឹង ទើបគេមិនឱ្យ live តែស្ថានីយដទៃគេ​ live បានតើ ដោយសារគេមានវិជ្ជាជីវៈ។ ឯយើងវាអត់វិជ្ជាជីវៈ។ អញ្ចឹង K01 ត្រូវទៅរៀន ទាំងក្រុម K01 រហូត សូន្យប៉ុន្មាននោះ ត្រូវទៅរៀនទាំងអស់។ កាញាឬទ្ធិ គួរតែបើកថ្នាក់បង្រៀនក្រុម K01 ហ្នឹងទៅ ​អំពីវិជ្ជាជីវៈ។ រួចមើលវាពាក់អាវ ពាក់មើលតែការពារវិទ្យុសកម្ម មើលរូបភាពវាពីម្សិលទៅមើល ការពារវិទ្យុសកម្មជាគ្នា។ វាខ្លាំងជាងពេលយើងទៅថត។ ធម្មតា មុនគេថតយើងកាំរស្មី X គ្រូពេទ្យគេយកស្អីៗមកបាំងខ្លួនរបស់គេ អញ្ចឹង K01 វាធ្វើដូចប្រយុទ្ធជាមួយនឹងវិទ្យុសកម្មអញ្ចឹង។ ចុះបើម្លឹងៗ វាបង្កើតគ្រាន់តែរូបភាពហ្នឹង ធ្វើឱ្យប្រជាជនខ្លាចតែម្ដង​។

យើងមិនអាចត្រូវគេបោកទេ បើសិនយើងមានទំនុកចិត្តលើខ្លួនឯង

សង្គ្រាមចិត្តសាស្រ្តនៅទីនេះ ប៉ុន្តែ ក៏ខ្ញុំសូមបញ្ជាក់ បើទោះបីជាមាន K01 មួយពាន់ មួយម៉ឺន ក៏នៅតែមិនអាចបំពុលបានដែរ បើសិនជាយើងមានជំនឿទុកចិត្តលើខ្លួនឯង។ ខ្ញុំធ្លាប់បាននិយាយហើយ ចាញ់បោកគេលើកទី ១ អ្នកបោកគឺជាអ្នកខុស យើងចាញ់បោកគេ ជាអ្នកត្រូវ​។ ចាញ់បោកគេលើកទី ២ អាអ្នកបោកគឺខុស អ្នកចាញ់បោកគឺត្រូវ។ តែចាញ់បោកគេលើកទី ៣ គឺអ្នកចាញ់បោកល្ងង់តែម្ដង។ ធ្វើដល់មនុស្សប៉ុនណាប៉ុនណី មានការរៀនសូត្រចេះដឹង ជានិស្សិត ជាគ្រូ ឬជាបញ្ញវ័ន្ត ក៏នៅតែចាញ់បោកគេទៀត រហូតទៅដល់ហ៊ានផ្សព្វផ្សាយដោយគ្មានការពិត។ ប្រើពាក្យពុទ្ធោ បង្ហោះ(រូបក្មេងឈឺ)។ ខ្ញុំជេរ អាឡុង តើ … ធ្វើដល់ប្រធានសមា​គមសិល្បៈ​ ហើយទៅបង្ហោះ(រូប)ក្មេង មិនដឹងថារឿងស្អីផង។ ស្រាប់តែពេលដំណាលគ្នា ជេរ អាឡុង ចប់ ក្មេងស្រីនោះស្លៀកពាក់ក្រហមអង្គុយនៅលើគ្រែថា ខ្ញុំអត់មានឈឺស្អីផង យកខ្ញុំទៅផ្សាយ ឱ្យក្មេងជេរលេងទៅ។ គ្នាត្រូវបាត់បង់ការងារ បើសិនជាអញ្ចឹង ព្រោះគ្នាត្រូវគេយកទៅដាក់នៅកន្លែងមួយ។ តែវាអត់មានអីផង។ អាណាបង្ហោះសម្លេងមក ឆ្លង ៧០ នាក់ មិនមែនត្រឹមម្នាក់ទេ។ បង្កើតបានការយល់ច្រឡំ។

មិនគប្បីដាក់ខ្លួនឱ្យស្ថិតនៅក្រោមការភ័យខ្លាច ដោយការបំពុលព័ត៌មាន

ប្រធានគណបក្សនយោបាយមួយវាយចូលមកក្នុង WhatsApp របស់ខ្ញុំ បានខ្ញុំថា ប្អូនប្រុស … ការដែលប្អូនប្រុសមិនជោគជ័យ គឺដោយសារតែប្អូនប្រុសទទួលយកព័ត៌មានពីបណ្ដាញរបស់ប្អូនដែលមិនត្រឹមត្រូវ ហើយប្អូនមិនទុកចិត្តព័ត៌មានរបស់រដ្ឋ។ វាយទៅវិញតែប៉ុណ្ណឹង។ ណែនាំ។ ស្ថាប័នប៉ុនមេឃ ប៉ុនដី ទទួលខុសត្រូវនេះ ហើយរៀបចំមិនធម្មតាទេ ស្ដង់ដាប្រទេសគេម៉េច យើងក៏ធ្វើដូចគេដែរ។ យើងធ្វើច្បាស់លាស់របស់យើង។ ខ្ញុំសូមអរគុណ ខ្ញុំនិយាយថ្ងៃនេះ សំដៅទូលប្រគេនជូនព្រះតេជព្រះគុណគ្រប់ព្រះអង្គ និងជម្រាបជូនជនរួមជាតិ អំពីករណីដែលវាបានកើតឡើង និងជំហានបន្ត។ មិនគប្បីដាក់ខ្លួនឱ្យស្ថិតនៅក្រោមការភ័យខ្លាច ដោយការបំពុលព័ត៌មាន ហើយដែលគ្មានរឿងពិតកើតឡើង។ រឿងពិតកើតឡើងគឺយើងភ័យខ្លាចទេ អត់ទាន់មានស្លាប់ម្នាក់សោះ។

ផ្តាំទៅ Human Rights Watch “បន្ទោសរដ្ឋាភិបាលលោកឯងផង”

សូមផ្ដាំផ្ញើទៅអ្នកដែលថា គួរតែស្ដីបន្ទោសរដ្ឋាភិបាលភ្នំពេញ អំពីការបើកឱ្យមានការហោះ។ សូមឱ្យអ្នកឯងនិយាយដូចគ្នានេះ ទៅកាន់ប្រទេសដទៃដែលមានករណីជំងឺនេះ។ បើអ្នកឯងមិននិយាយទេ​ បានសេចក្ដីថា រឿងទាំងឡាយអ្នកឯងរករឿងតែកម្ពុជាមួយគត់។ ចង្អុលឈ្មោះវាឱ្យច្បាស់តែម្ដង Human Rights Watch (ម្នាក់)ហ្នឹងឈ្មោះ Phil Robertson ផ្ដាំទៅ បើលោកឯងជ្រុលជាមកប្រដៅឱ្យទទួលថា រដ្ឋាភិបាលខ្មែរត្រូវទទួលខុសត្រូវ គួរស្តីបន្ទោស ទៅស្ដីបន្ទោសឱ្យរដ្ឋាភិបាលគ្រប់ប្រទេសទៅ រាប់ទាំងប្រទេសអ្នកឯងស្ថិតនៅផងដែរ ព្រោះជំងឺកើតនៅក្នុងប្រទេសអ្នកឯង ម៉េចក៏អ្នកឯង​មិនស្ដីបន្ទោសរដ្ឋាភិបាលអ្នកឯង ហើយមកស្ដីបន្ទោសតែខ្ញុំ? អយុត្តិធម៌រឿងហ្នឹង។ វាមិនមែនជា single standard ទេ វាចូលទៅដល់ស្តង់ដាទ្វេ ឬស្តង់ដាបី double standard, triple standard គឺវាស្ដង់ដាច្រើនណាស់។ ខ្ញុំអំពាវនាវចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋរបស់យើង ងើបឈរឡើងដើម្បីជម្នះឧបសគ្គទាំងឡាយ ដែលនៅពីមុខយើង ហើយយើងត្រូវរួមសាមគ្គីជាមួយនឹងប្រជាជនរបស់យើង ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ និងចូលរួមសាមគ្គីជាមួយប្រជាជនចិន ក៏ដូចជាប្រជាជននៃបណ្ដាប្រទេសដែលមានការពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះ ចូលរួមជាមួយអង្គការសុខភាពពិភពលោក ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ។

អរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់!

សំណួរចម្លើយ ក្រោយបញ្ចប់សន្និសីទកាសែត ស្តីពី ជំងឺរលាកផ្លូវដង្ហើមថ្មី កូរ៉ូណា (new coronavirus) នៅក្នុងប្រទេសកម្ពុជា

ដើមអំពិល៖ … សុំទោសសម្ដេចចំពោះកំហុសឆ្គងម្សិលមិញ។ ខ្ញុំបាទមានសំណួរ ២ ទាក់​ទងនឹងបញ្ហានេះ ១. តើរាជរដ្ឋាភិបាលបានត្រៀមលក្ខណៈកញ្ចប់ថវិកាចំនួនប៉ុន្មាន ដើម្បីទប់ស្កាត់​ ដែលយើងមិនអាចដឹងរយៈពេលនៃការរីករាលដាលនៃជំងឺនេះនៅក្នុងប្រទេសកម្ពុជា? ទី ២ តើសម្ដេចអាចមានការបង្កើតគណៈកម្មការចំពោះកិច្ចណាមួយ ដើម្បីតាមដាន និងវាយតម្លៃទៅលើផលប៉ះពាល់ ដែលអាចកើតមានទៅ​លើសង្គម សេដ្ឋកិច្ច ទេសចរណ៍ នៃប្រទេសកម្ពុជា នៅពេលយើងជួបនូវបញ្ហា ដែលសកលលោក​កំពុង​ប្រឈម?

សម្តេចតេជោ៖ អរគុណ! ដែលចេះសុំទោសហ្នឹងត្រឹមត្រូវហើយ ព្រោះខ្លួនយើងវាផ្សាយខុស​។ ថ្ងៃក្រោយ​បទពិសោធន៍ ​ដើម​អំពិល​ ហ្នឹងក៏​ល្មមសមរម្យហើយ សារព័ត៌មានល្បីនឹងគេដែរ ប៉ុន្ដែផ្សាយព័ត៌​មាន​ខុស។ … អរគុណដែលចេះដឹងកំហុស។

ឥឡូវ សំណួរទី១ សួរថាថវិកាប៉ុន្មាន? ខ្ញុំមិនបញ្ជាក់ថាថវិកាប៉ុន្មានទេ ក៏ប៉ុន្ដែដើរដល់ណា? គឺរាជរដ្ឋា​ភិបាលនឹងចំណាយដល់នោះ។ ហ្នឹងខ្ញុំបញ្ជាក់តែប៉ុណ្ណឹងគ្រប់គ្រាន់ មិនចាំបាច់បញ្ជាក់ទំហំទេ ថាត្រូវចាយ ១០០ លាន ២០០ លាន ៣០០ លាន ឬ ១០០០ លាន រដ្ឋាភិបាលមានលុយក្នុងដៃ ដើម្បីនឹងចាយ ព្រោះ​មិនអាចទុកឱ្យប្រជាជន​ស្លាប់ដោយខ្វះការទទួលខុសត្រូវទេ។ រដ្ឋាភិបាលមានលុយ ប៉ុន្ដែ ឥឡូវ​នេះមិនទាន់ដល់ពេលដែលរដ្ឋាភិបាលត្រូវចំណាយលុយនោះទេ​។ ថវិកាក្រសួងសុខាភិបាលវាគ្រប់​​គ្រាន់សម្រាប់នឹងចំណាយបែបនោះហើយ អាហ្នឹងខ្ញុំសូមបញ្ជាក់អំពីបញ្ហានេះ​។

ចំណុចទី ២ ខ្ញុំមិនចង់បង្កើតរឿងច្រំដែលទេ ម៉េចបានខ្ញុំមិនចង់និយាយដល់រឿងច្រំដែល? មុននេះយើង​បង្កើតគណៈកម្មការច្រើនណាស់ ដែលនៅដើមអាណត្ដិទី ៥​ ខ្ញុំបានរំលាយចោលគណៈកម្ម​ការស្ទើរតែទាំងអស់ ដោយសារការបង្កើតគណៈកម្មការនោះវាបានធ្វើឱ្យបាត់បង់នូវការទទួល​ខុសត្រូវចំពោះស្ថាប័នដែលចាត់តាំងដោយច្បាប់ និងមានលិខិតបទដ្ឋានប្រគល់ភារកិច្ចត្រឹមត្រូវ​។ ​ដូច្នេះ ក្រសួងសុខាភិបាលនៅតែជាអ្នកនាំមុខ​ ដើម្បីនឹងដោះស្រាយបញ្ហានេះ​ ដោយមានកិច្ចសហ​ការទៅតាមវិស័យ ដែលមានការទទួលខុសត្រូវពីស្ថាប័នផ្សេង។ ឧទាហរណ៍ ផ្នែកបរិស្ថាន​ក៏​មានចំណែក គេត្រូវធ្វើកិច្ចការរបស់គេ​ ផ្នែកនគរបាលក៏មានការទទួលខុសត្រូវ​។ ឧទាហរណ៍​នៅ​ខេត្តព្រះសីហនុ នៅពេលដែលត្រូវមានទំនាក់ទំនងជាមួយស្ថានទូតចិន​(ដើម្បី)ផ្ដល់ព័ត៌មាន​ តែប៉ុន្មានម៉ោងក្រោយមកទេ ស្នងការនគរបាលខេត្តព្រះសីហនុ​បានរកឃើញមនុស្សទាំងបីនាក់ ដែលក្នុងនោះម្នាក់ត្រូវចម្លង។ នៅឯខេត្តកោះកុង ដែលអស់លោកផ្សាយខុស ការពិត ដោយដឹងថាមានរឿងហ្នឹង អ្នកដែល​​ជិះ​យន្ដហោះមកជាមួយ ម្ចាស់ការស្នើសុំជំនួយពីយើង។ អភិ​បាលខេត្តកោះកុងក៏បាន​រាយការណ៍មកខ្ញុំ អញ្ចឹងយើងទុកឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ តាមលិខិតបទដ្ឋាន​​គតិយុត្តិទៅចុះ។

អំពីផលប៉ះពាល់ដទៃទៀត ទាក់ទងវិស័យសេដ្ឋកិច្ច យើងមាន​យន្ដការខាងផ្នែកសេដ្ឋ​កិច្ចដើម្បីនឹងវាយតម្លៃទៅលើផលប៉ះពាល់ទៅលើបញ្ហាសេដ្ឋកិច្ចនោះឯង​។ ថាតើក្នុងស្ថាន​ភាព​ដែល​​បានកើតឡើងរបៀបនេះ អត្រាកំណើន​មានការធ្លាក់ចុះឬទេ? ហើយបើធ្លាក់ចុះ ធ្លាក់ចុះក្នុង​វិស័យណា? យើងមានក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច ​ដែល​ដឹក​នាំ​ដោយ​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន វាយតម្លៃ​។ បើផល​ប៉ះ​ពាល់ទាក់ទងជាមួយនឹង​បញ្ហាណា គឺ(ក្រសួង)នោះវាយតម្លៃ ហើយរាជរដ្ឋាភិបាលដែលជាតួអង្គរួម គឺត្រូវវាយ​តម្លៃ​​ទៅលើបញ្ហានេះ ព្រោះស្ថាប័ន​​ទាំងអស់ជាសេនាធិការ និងជាអ្នកអនុវត្ដនូវការងារ ដែលរាជរដ្ឋាភិបាល​ប្រ​គល់ឱ្យ។ គេត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល មិនចាំបាច់បង្កើតគណៈកម្មការចំពោះកិច្ច​ ឬកិច្ចមិនកិច្ចស្អីទេ​ អាហ្នឹងនាំរញ៉េរញ៉ៃ​ទេ។

បទពិសោធន៍របស់ខ្ញុំជាង ៣៥ ឆ្នាំ នៃការកាន់មុខ​ដំណែង​ គឺចុងក្រោយនេះ យើងរកឃើញវិធីសាស្រ្តដែលល្អជាងគេ​ គឺបន្ទាប់ពីដើមអាណត្ដិទី ៥ គឺ​រំលាយចោលទាំងអស់​នូវស្ថាប័នគណៈកម្មការដ៏ច្រើននៅទីស្ដីការគណៈរដ្ឋមន្ដ្រី​។ កំណែទម្រង់​ប្រព័ន្ធយុត្ដិធម៌ ប្រគល់ឱ្យក្រសួងយុត្ដិធម៌ទទួល​។ កំណែទម្រង់រដ្ឋបាលសាធារណៈ បង្កើត​រដ្ឋ​មន្ដ្រី​ក្រសួងមុខងារសាធារណៈមួយទទួលខុសត្រូវ។ កំណែទម្រង់កងទ័ពប្រគល់ឱ្យ​រដ្ឋមន្ដ្រី​ការ​ពារជាតិ​ កំណែទម្រង់ណា គឺប្រគល់ឱ្យក្រសួងហ្នឹងទទួលខុសត្រូវ​។ ដូច្នេះ លទ្ធផលវាចេញមក កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ គ្រាន់តែចំណូលពន្ធគយខ្វះតែប៉ុន្មានលានទេ គ្រប់ ១ ពាន់លាន​។ លើសផែនការ​ វាផ្ដើមចេញពីការទទួលខុសត្រូវរបស់រដ្ឋមន្ដ្រីមួយៗ។

ខ្ញុំមិនចាំបាច់ទៅណែនាំ ម៉ម ប៊ុនហេង ថាត្រូវទៅដាក់ម៉ាស៊ីនស្កែននៅស្អីៗនោះទេ។ ម៉ម ប៊ុនហេងត្រូវទទួលខុសត្រូវលើ​មុខងារ​របស់ខ្លួន ត្រូវតែដាក់​ អត់ចាំបាច់មករាយការណ៍ថាសុំយោបល់យ៉ាងម៉េចអីយ៉ាងម៉េចទេ។ ការ​សុំ​យោបល់ត្រូវទាក់ទងនឹងទិដ្ឋភាពនយោបាយ រឿងអាវីរុសហ្នឹង គឺគាត់ស្នើសុំយោបល់ថា សុំផ្សព្វផ្សាយ ខ្ញុំថាឱ្យផ្សព្វផ្សាយ ព្រោះអាហ្នឹង​វាទាក់ទងនឹងទិដ្ឋភាពរួមនៃអំណាចរបស់នាយករដ្ឋមន្ដ្រីវានៅឯណោះ។ ប៉ុន្ដែអំណាចបច្ចេកទេស អំណាច​ទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់គាត់ ឯកឧត្តម ម៉ម ប៊ុនហេង ធ្វើទៅ។ ឥឡូវរឿងលុយប៉ុន្មានអីប៉ុន្មាន កុំទៅនិយាយថាកញ្ចប់ថវិកាប៉ុន្មាន​ បើសិនវា​ឈាន​ទៅដល់ណា យើងមានលុយចាយដល់ហ្នឹង ខ្ញុំនិយាយប៉ុណ្ណឹងអាចងាយស្ដាប់។

(អ៊ីរ៉ង់)គេបាញ់ច្រឡំធ្លាក់យន្ដហោះ(អ៊ុយក្រែន)មួយគ្រឿង សំណងបានតែ ២ ម៉ឺន ៥ ពាន់ ទេម្នាក់ ប៉ុន្ដែបាក់​អគារនៅកែបយើងជួយឧបត្ថម្ភ​គ្រួសារសព ក្នុងសពមួយជូនទៅគ្រួសារ ៥ ម៉ឺនដុល្លារ។ បាក់អគារ​នៅ​កំពង់សោម សពមួយ(ទទួលសំណង)ជាង ១០ ម៉ឺនដុល្លារ។ ដូច្នេះលទ្ធភាពរបស់យើងមានប៉ុណ្ណា​ យើងធ្វើដល់ប៉ុណ្ណឹង យើងមិនមែនជាប្រទេសអ្នកមានទេ ប៉ុន្ដែ យើងមានការទទួលខុសត្រូវ(ចំពោះ)​ពលរដ្ឋរបស់យើង។ ជាធម្មតា ថវិកាគេមានកញ្ចប់មិនទាន់បែងចែក​។ កញ្ចប់មិនទាន់បែង​ចែក​នោះហើយដែលមានថវិកាបម្រុងនៅទីនោះ ហើយថវិកានោះត្រូវបានបែងចែកបន្ទាប់ពីផុត​រលត់​ទៅនៃទឹកជំនន់ និងគ្រោះរាំងស្ងួត​ គឺចែកនៅចុងខែវិច្ឆិកា និងខែធ្នូ។ លោកអាចយល់ពីការចាត់ចែង​ថវិកានៅទីនេះ។ តើអ្នកណាចង់សួរសំណួរអ្វីទៀត?

Fresh News៖ … តើមកដល់ពេលនេះ​ រាជរដ្ឋាភិបាលកម្ពុជាមានបានត្រៀមលក្ខណៈសម្បត្ដិអី ដើម្បីចូលរួម​សហ​ប្រតិបត្ដិការជាមួយនឹងរដ្ឋាភិបាលចិន ដើម្បីរួមចំណែកនូវការជួយដោះស្រាយនូវបញ្ហាលំបាក​ចំពោះរដ្ឋាភិបាលចិននៅពេលនេះ?

សម្តេចតេជោ៖ បញ្ហានេះ យើងនឹងតាមដានមើលតទៅទៀត ប៉ុន្តែ ខ្ញុំគិតថា រដ្ឋាភិបាលចិនមានការទទួលខុសត្រូវខ្ពស់ណាស់។ នាយករដ្ឋមន្ត្រី Li Keqiang បានចុះទៅផ្ទាល់ដល់ទីកន្លែង (កើតហេតុនៅឯ Wuhan) ហើយយើងឃើញហើយថា មានរូបភាព នៃការប្រជុំចម្រុះ ដែលកម្រឃើញរបស់គណៈរដ្ឋមន្ត្រីរបស់ចិន ដែលដឹកនាំដោយប្រធានាធិបតី Xi Jinping និងនាយករដ្ឋមន្ត្រី Li Keqiang តែម្តង។ ចំពោះសួរថា តើយើងចូលរួមចំណែកជាមួយចិនរបៀបម៉េច? ការចូលរួមចំណែកជាមួយចិន គឺយើងបន្តកិច្ចការ ដែលយើងកំពុងធ្វើនេះ។ កុំទៅបិទ(ជើង)យន្តហោះ ដែលមកពីចិន កុំទៅបិទការដឹកជញ្ជូនផ្លូវទឹកមកពីចិន កុំបិទទេសចរចិន ហើយកុំជម្លៀសអ្នកការទូត/កុងស៊ុលខ្មែរ និងនិស្សិតខ្មែរចេញពីស្រុកចិន ហ្នឹងជាការរួមចំណែកហើយ ដែលមិនបំភ័យបន្ថែមទៅដល់ប្រជាជនចិន។ ខ្ញុំគិតថា នេះជាការរួមចំណែកគ្រប់គ្រាន់របស់កម្ពុជា។ យើងនឹងពិនិត្យមើល … តើយើងអាចនឹងធ្វើអ្វីបាន? ជាក់ស្តែង យើងបានជួយព្យាបាលប្រជាជនចិន កំពុង(ស្នាក់)នៅស្រុកយើងនេះឱ្យជាសះស្បើយ ក៏ជាផ្នែកមួយ នៃការចូលរួមចំណែកទៅដល់ប្រជាជន(ចិន)ផងដែរ។ យើងខិតខំការពារប្រជាជនចិន ដែលនៅស្រុកយើង កុំឱ្យឆ្លងរាលដាល ក៏ជាផ្នែកមួយ នៃការចូលរួមរបស់យើង។

ខ្ញុំគិតថា ចិនមិនត្រូវការលុយយើង ដើម្បីទៅជួយដល់ស្រុកចិនទេ? យើងគ្រាន់តែធ្វើម៉េចសហការជាមួយស្ថានទូតចិននៅកម្ពុជា ធ្វើឱ្យបានល្អនូវអ្នកវិនិយោគចិន តំបន់សេដ្ឋកិច្ចពិសេសរបស់ចិន និងពលរដ្ឋចិន (ឬ)ទេសចរចិន ដែលមកលេងស្រុកខ្មែរឱ្យល្អទៅ។ ខ្ញុំគិតថា វាជាការរួមចំណែកហើយ។ កុំរើសអើងប្រជាជនចិន។ សូម្បីតែអាមេរិក ក៏ប្រកាសចង់ជួយដល់ប្រជាជន/រដ្ឋាភិបាលចិនដែរ ទោះបីជាសង្រ្គាមពាណិជ្ជកម្មផ្ទុះឡើង រវាងអាមេរិក និងចិន ក៏ប៉ុន្តែ ប្រធានាធិបតីអាមេរិក Donald Trump ក៏គង់តែប្រកាសចង់ជួយដល់ប្រធានាធិបតី Xi Jinping លើបញ្ហាមួយចំនួនផងដែរ។ អញ្ចឹង ខ្ញុំគិតថា ទាំងអស់នេះ វាជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការ និងការចូលរួមចំណែករបស់យើង ចំពោះប្រជាជន/រដ្ឋាភិបាលចិនដែរ។ ប៉ុន្តែ បើសិនជាយើងបែរជានាំគ្នាបិទជើងហោះហើរពីចិនមកកាន់កម្ពុជា វាមិនខុសពីការដែលយើង ម្ខាងសម្លាប់ផ្នែកមួយ នៃសេដ្ឋកិច្ចខ្លួនឯង មួយផ្នែកទៀត គឺយើងទម្លាក់ទំនាក់ទំនងកម្ពុជាជាមួយចិន។ ប៉ុន្តែ អ្វីដែលយើងបានធ្វើកន្លងទៅនេះ វាជាការរួមចំណែកក្នុងការដោះស្រាយបញ្ហារបស់ចិនហើយ។

ហង្សមាស៖ … ទៅលើការផ្សាយព័ត៌មានមិនពិត ដូចដែលមានព័ត៌មានខ្លះលើកឡើងពីយុវជននៅកោះ​កុង ក៏បានមកធ្វើកិច្ចសន្យាពីរឿងផ្សាយព័ត៌មានមិនពិតហ្នឹង ដូច K01 ឬក៏មានបុរស/ស្ត្រីនៅសៀមរាបជាដើម។ ដោយឡែក សម្រាប់បុគ្គលឃើញថា ឱ្យគាត់មកធ្វើកិច្ចសន្យាហើយៗចំពោះរាជរដ្ឋាភិបាលយើង តើមានការស្រាវជ្រាវ អ្នកដែលលេងប្លុក(blog) ឬក៏អ្នកដែលបង្កើត channel ណាមួយ ដែលបំពុលនូវព័ត៌មានមិនពិតនេះដែរ ឬទេ?

សម្តេចតេជោ៖ ចំណុចនេះ ខ្ញុំគិតថា ដំបូងយើងយកវិធានការអប់រំ ជាការប្រសើរជាងវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរ។ អ្វីដែលខ្ញុំថាចាត់វិធានការ មិនសំដៅទៅលើគុកច្រវាក់នោះទេ។ ខ្ញុំពិតជាផ្តល់ឱកាស សម្រាប់អ្នកសារព័ត៌មានទាំងអស់ រហូតទៅដល់ខ្ញុំហ៊ានផ្តល់នូវមេធាវី ដើម្បីការពារក្តីឱ្យអ្នកសារព័ត៌មានតាមអង្គហេតុ/ច្បាប់សមស្រប។ ប៉ុន្តែ ផ្នែកហ្វេសប៊ុក ឬ channel នេះ/នោះ វាមិនមែនតួអង្គសារព័ត៌មានពេញលេញនោះទេ។ យើងក៏មិនមានការចាំបាច់ ដើម្បីនឹងធ្វើទោសទណ្ឌនោះដែរ ប្រសិនបើគេសារភាពទទួលស្គាល់នូវការខុសឆ្គងរបស់គេ។ ជាវិធានការ គឺយើងអប់រំគេ ឱ្យគេផ្សាយព័ត៌មានត្រឹមត្រូវ​។ ប៉ុន្តែ សម្រាប់អ្នកដែល(ចេញនូវព័ត៌មាន)បំពុល(សង្គម) ខ្ញុំគិតថា ភាគច្រើននៅក្រៅប្រទេសទេ។​ អ្នកនៅក្នុងប្រទេសច្បាស់ជាមិនទទឹងទិសរហូតទៅដល់បង្កើត Blog នេះ/នោះ ដើម្បីរុញមក ហើយរុញមកនេះ ក៏វាមិន​មានឥទ្ធិពល ស្អីជ្រុលហួស បើក្បាលម៉ាស៊ីនរបស់យើងប៉ុនមេឃ/ដី … ពេលដែលជួបជាមួយអ្នកសារព័ត៌មាន ខ្ញុំថា ខិតខំផ្សាយព័ត៌មានពិត ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ។ អ្វីដែលគួរខ្លាច គឺព័ត៌មានដែលចេញពីស្ថាប័នព័ត៌មានដូចជា អាដើមអម្ពិល … យើងគ្រាន់តែផ្តល់ការណែនាំល្អជាងវិធានការផ្លូវច្បាប់ …

រឿងមួយទៀត ព្រះគោ/កែវ នៅឯព្រៃនប់ មិននាំគ្នាទៅនៅក្រោមគោ ចាក់ទឹកពីលើ ហើយទៅដេកក្រោមគោ គ្រាន់តែឆ្លងអាមេរោគពីគោហ្នឹងល្មមងាប់ហើយ។ មនុស្សមិនឈឺក៏គួរតែឈឺដែរ។ សម័យពីមុន ខ្ញុំធ្លាប់តែស៊ីពងទាប្រៃហើយនិងសណ្តែកដីលីង។ ជំនាន់គេថាថ្នាំពុលនៅតាមផ្សារ តាំងពីទសវត្សរ៍ ៨០។ តា សាយ ភូថង ក៏គាត់ទទួលទានតែអាហ្នឹងជាមួយសណ្តែកដីលីងដែរ ព្រោះទៅទិញអីពីផ្សារមកសុទ្ធតែថ្នាំពុលទាំងអស់​។ ហ្នឹងហើយចាញ់សង្គ្រាមចិត្តសាស្ត្រ។ សូម្បីតែផ្ទះខ្ញុំក៏ធ្លាប់ចាញ់សង្គ្រាមចិត្តសាស្ត្រដែរ។ អញ្ចឹងទេ ចំណុចដែលលោកសួរអម្បាញ់មិញ ខ្ញុំសរុបឡើងវិញថា វិធានការផ្លូវច្បាប់មិនគួរត្រូវបានប្រើប្រាស់នៅ ពេលដែលពួកគេទទួលយកនូវការខុសឆ្គង ហើយកែតម្រូវនោះទេ។ យកវិធានការអប់រំវិជ្ជាជីវៈ និងផ្តល់ព័ត៌មានពេញលេញពីស្ថាប័នសុខាភិបាល និងក្បាលម៉ាស៊ីនព័ត៌មានអស់លោកទាំងអស់ ក្លាយទៅជាអ្នកជូនព័ត៌មានចំពោះប្រជាពលរដ្ឋ ដើម្បីបំបាត់ចោលនូវព័ត៌មានអាក្រក់។ នេះជាចម្លើយរបស់ខ្ញុំ។ មានអីទៀត?

ថ្មីថ្មី៖ … តើកម្ពុជាមានបច្ចេកទេសបែបណាដែរ ដើម្បីព្យាបាលពួកគាត់ឱ្យជា? … ហើយប្រជាពលរដ្ឋហាក់ដូចជាមិនមានជំនឿលើការព្យាបាលរបស់ក្រសួង …?

សម្តេច៖ កុំអាលទៅណា។ ខ្ញុំសួរត្រឡប់ទៅវិញ ប្រជាពលរដ្ឋមិនជឿទុកចិត្ត តើប្រជាពលរដ្ឋណាខ្លះបានឈឺជំងឺហ្នឹងហើយ? ខ្ញុំសួរនាង។ នាងឆ្លើយសំណួរខ្ញុំសិន។ តើប្រជាពលរដ្ឋណាខ្លះឈឺ ហើយមិនជឿទុក​ចិត្ត ឈឺហើយ ឬនៅ? (…សំណួរ…) ហើយចុះបើមិនទាន់មានអ្នកជំងឺម៉េចបានថាមិនជឿ។ ហ្នឹងមកពីយើងបន្ថែមតើ? ការពិតអត់ទាន់មនុស្សឈឺផងហ្នឹង រួចចេះតែថាមិនជឿ ហើយចុះមិនទាន់ទាំងឈឺផង អ្នកណាទៅព្យាបាលកើត។

ឥឡូវ ខ្ញុំឆ្លើយ។ ដល់ម៉ោងនេះ អង្គការសុខភាពពិភពលោក និងសកលលោកទាំងមូលអត់ទាន់រកឃើញថា វាជាជំងឺអី ហើយផ្តើមចេញពីអីទេ។ អាហ្នឹងបើតាមខ្ញុំដឹង ខ្ញុំមិននិយាយជំនួស ឯកឧត្តម ម៉ម ប៊ុនហេង នោះទេ។ ក៏ប៉ុន្តែ សូម្បីតែនៅប្រទេសចិន សូម្បីតែនៅអាមេរិក សូម្បីតែអង្គការសុខភាពពិភពលោក អត់ទាន់ដឹងថា អាហ្នឹងវាជាអីទេ ហើយក៏មិនទាន់មានការផលិតវ៉ាក់សាំងណាឱ្យវាត្រូវទេ។ ប្រទេសនៅលើលោកនេះ គឺអត់ទាន់មានប្រទេសណាដែលអះអាងថា មានវ៉ាក់សាំង ដើម្បីសម្លាប់អាមេរោគហ្នឹងភ្លាមៗទេ។ ដូច្នេះវិធីរបស់យើងនៅក្នុងទីនេះ គឺមានវិធី ២ ដែលបានអនុវត្តរួចហើយ។ វិធីទី ១ គឺវិធីការពារ កុំឱ្យវាឆ្លង តាមរយៈដែលយើងបាននិយាយហើយ តាំងពីម៉ាស តាំងពីស្អីណា លាងដៃស្អីណាគ្រប់បែបយ៉ាងស្អីហ្នឹង អាហ្នឹងវិធីធម្មតា នៃអនាម័យទូទៅ។ អាហ្នឹងវិធីទី ១ ជាវិធីដែលពាក្យនៅក្នុងវិស័យសុខាភិបាល គេថា ​«ការពារប្រសើរជាងព្យាបាល»។

វិធីទី ២ នៅពេលដែលរកឃើញ គឺត្រូវយកគាត់ទៅទុកដោយឡែក ស្អីគេហៅ isolated room យកគាត់ទៅទុកដោយឡែក ថែបំប៉នគាត់ទុកនៅទីនោះ ព្រោះយើងមិនដឹងថា​ ត្រូវយកថ្នាំអីទៅចាក់ឱ្យគាត់ ប៉ុន្តែប្រហែលជាគ្រូពេទ្យគេអាចដឹងហើយថា ថ្នាំអី ត្រូវការធម្មតាដូចជាផ្តាសាយអីៗ​ ត្រូវការថ្នាំអីៗ ប្រហែលជាវាមិនទើសទាល់អីជាមួយនឹងបង្កើតជំងឺបន្ថែមទេ ប្រហែលជាអាហ្នឹងផ្នែកវេជ្ជសាស្ត្រ។ ប៉ុន្តែសួរជាសំណួរថា ប្រជាជនអត់ទុកចិត្ត សួរប្រជាជនហ្នឹងមានអ្នកណាឈឺឬនៅ? ហ្នឹងជាសំដីរបស់អ្នកកាសែតសួរខ្លួនឯងតើ បង្កើតខ្លួនឯងមកសួរនាយករដ្ឋមន្ត្រីតើ។ បើអត់ទាន់ឈឺផង ឧទាហរណ៍ បើនាងឯងឈឺទៅ​ សួរពូមក ថាខ្ញុំកំពុងឈឺអាហ្នឹង តើលោកពូមានថ្នាំ ឬអត់? ឬសម្តេចមានថ្នាំ ឬអត់? ហ្នឹងទើបពូឆ្លើយបាន ប្រាប់ថា អត់ទាន់មានថ្នាំទេ … ខ្ញុំជាមួយអ្នកកាសែត តែសួរមិនត្រូវ ខ្ញុំសួរវិញ សួរឱ្យឆ្លើយតែម្តង។ ១៦ លាននាក់ អត់ទាន់មានមនុស្សណាម្នាក់ឈឺទេ។​ អញ្ចឹង អត់ទាន់មានសំណួរថា ទុកចិត្ត ឬមិនទុកចិត្តទេ។ ក្នុងពេលដែលអង្គការសុខភាពពិភពលោក អត់ទាន់រកឃើញថា ហ្នឹងជាវីរុសអីផង ចេញមកពីអីផង គ្រាន់តែប្រើពាក្យបណ្ដោះអាសន្នថា ណូវែលកូរ៉ូណា ឬក៏ កូរ៉ូណាថ្មី ឬក៏វីរ៉ុសវូហាន ប្រើពាក្យអញ្ចឹង តែប៉ុណ្ណឹងតើ។​ យកពាក្យដែលថា អត់ទុកចិត្ត បើអត់ទុកចិត្ត អាហ្នឹងកុំទុកទាំងអស់លើពិភពលោកនេះ ត្រូវទុកចិត្តខ្លួនឯងទៅ ទុកចិត្តខ្លួនឯងថា កុំឱ្យឆ្លងជំងឺហ្នឹង ខិតខំកុំឱ្យឆ្លងជំងឺហ្នឹងទើបអាចការពារខ្លួនបាន អាហ្នឹងរឿងប៉ុណ្ណឹងទេ ហើយមានអីទៀតសួរមក?

PNN៖ … មុននេះសម្តេចបានមានប្រសាសន៍ថា វីរុសកូរូណានេះមិនមានអីគួរឱ្យភ័យខ្លាច ដូចការផ្សាយព័ត៌មានមិនពិតដែលកើតឡើងប៉ុន្មានថ្ងៃមុននេះទេ ប៉ុន្តែពលរដ្ឋមួយចំនួនធំក្នុងនោះគាត់នៅតែខ្វះព័ត៌មានដែលថា តើមកទល់ពេលនេះរដ្ឋាភិបាលកម្ពុជា ជាពិសេស វិស័យសុខាភិបាលកម្ពុជាយើងមានសមត្ថភាពគ្រប់គ្រាន់ ឧបករណ៍សម្ភារៈដូចបណ្តាប្រទេសលើពិភពលោកយ៉ាងម៉េចដែរ ក្នុងការប្រយុទ្ធប្រឆាំងក៏ដូចជាការបង្ការឆ្លងមេរោគនេះសម្តេច?

សម្តេច៖ ចំពោះបញ្ហានេះ យើងបាននិយាយគ្នាច្រើនហើយ ប្រហែលជាលោកចាប់ចុងជួនមិនជាប់ហើយធ្វើជាអ្នកសារព័ត៌មានមួយដែរ គួរតែបើកវគ្គសិក្សាខ្លួនឯងបន្តិចទៅ គេនិយាយមួយព្រឹកហើយ។ ប្រជាជនចិន ១.៤០០ លាននាក់ យើងថាប៉ុណ្ណឹងចុះ គឺក្នុងរង្វង់ថាក្នុងមួយ Hebei ហ្នឹង ដែលរាប់ទាំង Wuhan ទាំងស្អីហ្នឹង យើងថាឱ្យ ៤០ លានចុះ។ សម្រាប់យើងវាមានតែមួយករណីទេ ឯក្រៅពីនោះបម្រុងទុកមន្ទីរពេទ្យ។ ស្ទើរតែគ្រប់កន្លែងទៅហើយ និយាយរួមថាមិនស្ទើរទេ វាគ្រប់កន្លែងទៅហើយ ដែលបម្រុងទុកនូវវិធានការដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ រាប់ទាំងបញ្ហាដែលខ្ញុំនិយាយអម្បាញ់មិញ រឿងទៅមុខទៀត ត្រូវទាក់​ទងជាមួយនឹងរោងចក្រដើម្បីដេរម៉ាសបន្ថែមបម្រុងទុកចែកឱ្យប្រជាពលរដ្ឋ អាហ្នឹងវាមិនជាផ្នែកមួយនៃវិធានការទេលោក? ចេះធ្វើអ្នកសារព័ត៌មានស្តាប់ឯងមិនយល់? បើអញ្ចឹងទៅពន្យល់អ្នកណាទៀត បើសូម្បីតែអ្នកសារព័ត៌មានមកស្តាប់នាយករដ្ឋមន្រ្តីមួយព្រឹកហើយ មកសួរឯងត្រង់ហ្នឹងទៀត។ ទេ! វាត្រូវតែឱ្យសួរអញ្ចឹងហើយអាអន្ទិត។ ឯងវាមិនយល់បានឯងសួរ។ និយាយឯងៗ ថាអសុរសទៀត។ ប៉ុន្តែ ចៅឯងវាស្មើនឹងចៅទេ …។

អញ្ចឹងទេ វិធានការដែលយើងបានរៀបចំបម្រុងទុក ហើយដែលយើងបានធ្វើកន្លងទៅនេះ បានសេចក្តីថា ដំណើរការរបស់យើង ការគ្រប់គ្រងសភាពការណ៍របស់យើងវាបានជាប់លាប់ហើយ វាមិនទៅផុតពីសមត្ថភាពជាក់ស្តែងរបស់យើងទេ។ បើសិនជាប្រជាពលរដ្ឋរបស់យើងម្នាក់ៗ កុំយកការភ័យខ្លាចដាក់នៅពីមុខ ហើយយកការជាក់ស្តែង នៃសុខភាពផ្ទាល់ខ្លួនដាក់ពីមុខ ប្រហែលជាវាមិនមានរឿងអីកើតឡើងទេ ព្រោះប្រជាជនម្នាក់ៗខិតខំការពារខ្លួនឯងកុំឱ្យឆ្លងអាវីរុសហ្នឹង អញ្ចឹងវាជាការចូលរួមចំណែក មិនចាំបាច់គ្រូពេទ្យទៅឯណា សូម្បីតែម៉ាស ក៏គាត់ចេះដេរខ្លួនឯង គាត់ម្នាក់ៗចេះការពារខ្លួនឯងទាំងអស់។ ដូច្នេះគឺវាមិនដាច់អាជីពរបស់ពេទ្យទេ ក៏ប៉ុន្តែ វាបានរួមចំណែកផ្ទាល់ពីប្រជាជនម្នាក់ៗមកកាន់កិច្ចការពារមួយ ដែលយើងបានធ្វើរួមគ្នា។ ហើយខ្ញុំឆ្លើយប៉ុណ្ណឹងចុះ។

អភ័យទោសចំពោះនាង ចំពោះក្មួយ ដែលពូមានសំដីចោទសួរភ្លាមៗ … ព្រោះប្រជាជនមិនទាន់ឈឺផង ប្រើពាក្យមិនទុកចិត្តវាអត់យល់អាភាសាហ្នឹងយល់វាមិនកើត។ យើងជាអ្នកបង្កើតនូវសំណួរហ្នឹងមក។ ពិភពលោកអត់មានអ្នកណាទាន់រកឃើញថាអាហ្នឹងជាជំងឺអីផង ហើយបើផលិតវ៉ាក់សាំងវិញមិនមែនត្រូវការតែ ១ ថ្ងៃ ២ ថ្ងៃទេ,  ១ ខែ ២ ខែប្រហែលជាមិនទាន់ផង។ វាត្រូវតែយកទៅពិសោធន៍ ពិសោធន៍ហ្នឹងអាចដំបូងពិសោធន៍ជាមួយនឹងសត្វ បន្ទាប់ពីពិសោធន៍ជាមួយសត្វ ពិសោធន៍ជាមួយមនុស្ស ពិសោធន៍ជាមួយមនុស្ស តើជាឬមិនជា? វាត្រូវឆ្លងកាត់(ច្រើន)។ អញ្ចឹងដំណាក់កាលរបស់យើងនេះ ជាដំណាក់កាលដែលយកកិច្ចការពារជាសំខាន់ ប្រើយុទ្ធសាស្រ្តការពារជាសំខាន់ ហើយបើមានការកើតហើយគឺខិតខំធ្វើដូចកន្លងទៅ។

ឥឡូវតាមព័ត៌មាន អ្នក(ចិន)នៅកោះកុងបានចេញដំណើរទៅប្រទេសវិញបាត់ហើយ។ អ្នកនៅកោះកុងដែលលោកឯងថាងាប់ ថារកឃើញគេទៅប្រទេសវិញបាត់ទៅហើយ។ លោកឯងមកផ្សាយនៅនេះ។ អភិ​បាលខេត្តកោះកុងបានវាយឱ្យខ្ញុំម្សិលមិញនៅម៉ោងដូចជា ម៉ោង ៦:៣៣ នាទីល្ងាច ដែលគាត់វាយមក ហើយខ្ញុំឆ្លើយតបទៅគាត់វិញម៉ោង ៦:៤៦ នាទី។ រឿងអស់នេះបានសេចក្តីថានាយករដ្ឋមន្រ្តីតាមជាប់។ នេះជាមេបញ្ជាការកំពូលរបស់ប្រទេសលើគ្រប់វិស័យ មិនមែនអង្គុយលេងសើច ដេកលេងសើចទេណា។ តាមជាប់ទៅលើព្រឹត្តិការណ៍អស់ទាំងនេះ ប៉ុន្តែ ស្ថាប័នទទួលបន្ទុកគឺជាអ្នកចេញអនុវត្ត។ គ្រាន់តែអញ្ចេះ ថ្មីថ្មី … ផ្សាយទៅថាប្រជាជនត្រូវតែជឿទុកចិត្ត​ ហើយជឿទុកចិត្តមុនគឺជឿទុកចិត្តផ្ទាល់ខ្លួនឯង ថាកុំឱ្យខ្លួនឯងមានជំងឺហ្នឹង អាហ្នឹងឆាប់ចប់រឿង។ បើមិនទាន់ឈឺផង យើងការពារកុំឱ្យឈឺទៅ មិនចាំបាច់មកជឿលើក្រសួងសុខាភិបាលធ្វើអី។ ជឿទុកចិត្តលើខ្លួនឯងទៅ វាចប់រឿងហើយ …។

រកឃើញការបំភ្លៃព័ត៌មានចេញពីប្រភពណាក៏ដោយ ត្រូវវាយប្រហារតបទៅវិញភ្លាមៗ

បានហើយប៉ុណ្ណឹងចុះ ឈប់ឱ្យសួរហើយ។ សង្ឃឹមថា បណ្តាស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ចូលរួមនៅក្នុងដំណើរការនេះ។ ពិសេសបណ្តាញសារព័ត៌មានរបស់យើងត្រូវធ្វើសកម្មភាព ហើយសារ​ព័ត៌មានរបស់យើង ខ្ញុំសុំផ្តល់ជាអនុសាសន៍ សារព័ត៌មានណាដែលរកឃើញ ការបំភ្លៃព័ត៌មានចេញពីកន្លែងណា សារព័ត៌មានណាអាចរកឃើញមុន ត្រូវវាយប្រហារលើប្រភពបំភ្លៃនោះភ្លាម។ ត្រូវហ៊ានធ្វើអាហ្នឹង ខ្ញុំម្សិលខ្ញុំពេញចិត្ត ខ្ញុំឃើញនៅពេល K01 ធ្វើអញ្ចឹង ឃើញអ្នកបង្ហោះហ្វេសប៊ុកមួយថា ម៉េចបានរដ្ឋាភិបាលមិនចាត់ការមនុស្សបែបហ្នឹង? មានហ្វេសប៊ុកគេចេញមកវាយប្រហារភ្លាម ជាមួយ K01​។ ខ្ញុំមើលភ្លាម​ៗ ព្រោះខ្ញុំជាមនុស្សរពឹសដៃ រពឹសភ្នែក ប៉ុន្តែរពឹសភ្នែករបស់ខ្ញុំ​ មិនមែនរពឹសភ្នែកមើលស្រីស្អាតទេ រពឹសមើលព័ត៌មាន រាប់ទាំងបណ្តាញសង្គមផងដែរ។ អញ្ចឹងបានជាខ្ញុំដឹងរឿងច្រើន ហើយពេលដែលអ្នកវាយមកបញ្ជូនមកខ្ញុំ នៅពេលដែលខ្ញុំទទួលបានហើយ​ ខ្ញុំតែងតែប្រាប់ថាទទួល ដើម្បីឱ្យអ្នកខាងនោះ បើទោះបីថាមានសញ្ញា WhatsApp មានសញ្ញាលោតឱ្យឃើញថា បានបើកមើល ហើយ Telegram ក៏មានសញ្ញា ប៉ុន្តែខ្ញុំត្រូវតែវាយថា បានទទួល ប្រើពាក្យ ទទួល គឺខ្លី។

អញ្ចឹងទេ​ សារព័ត៌មានយើងគគោក ប៉ុន្តែ បណ្តោយឱ្យហ្វេសប៊ុកមួយពីរកំប៉ិកកំប៉ុកតូចតាច យកមកបំ​ភ័យ​ប្រជាជន ១៦ លាននាក់ តើសក្តិសមជាក្បាលម៉ាស៊ីនព័ត៌មាន ដែលចំណាយលុយរាប់លានដុល្លារមកវិនិយោគទេ? មួយស្ថានីយៗមិនចេះតិចទេណា លុយច្រើនណាស់ទើបវិនិយោគផ្នែកសោតទស្សន៍ វិទ្យុ​ ទូរទស្សន៍។​ បុគ្គលិកត្រូវចាយលុយរាប់លានដុល្លារក្នុងមួយឆ្នាំៗ … ពេលរកឃើញអាហ្នឹង យើងវាយប្រហារ​តបវិញភ្លាម។ ស្ថានីយណាដែលចេញប្រតិកម្មមុនគេ ខ្ញុំនឹងផ្តល់លិខិតសរសើរនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ ពេលដែលយើងជួបគ្នា … ស្ថាប័នព័ត៌មានយើងមួយគគោក សួរទៅក្រ​សួងសុខាភិបាល​ភ្លាម ក្រសួងសុខាភិបាលថាអត់មានទេ យើងផ្សាយព្រឹបភ្លាមថាអត់មានទេ។ រត់អក្សរនៅហ្នឹងភ្លាម លើកញ្ចក់ទូរទស្សន៍របស់យើងភ្លាម ថាអត់មានព័ត៌មានហ្នឹងទេ។ ដោយការបញ្ជាក់ដូចជាម្សិលមិញនេះ បើខ្ញុំមិនបានមើលទាំងអស់ទេ BTV និង Fresh News វាផ្សាយជាមួយគ្នាតែម្តង ក្រសួងសុខាភិបាលទាត់ចោលនូវព័ត៌មាន ដែលថានៅកោះកុងមានឆ្លង ដោយ ដើមអម្ពិល អ្នកផ្សាយ។ អញ្ចឹងទេ បានសេចក្តីថា ហ្នឹងគេយកព័ត៌មានវាយព័ត៌មាន ព័ត៌មានពិតវាយព័ត៌មានក្លែងក្លាយ។ ព័ត៌មានពិតនោះមុន នឹងយើងផ្សាយ យើងត្រូវសួរមកក្រសួងសុខាភិបាល ឱ្យក្រសួងសុខាភិបាលចេញការបញ្ជាក់ ហើយបើបានធ្វើសម្ភាសន៍ផ្ទាល់ពីក្រសួងសុខាភិបាលទៅកាន់ស្ថានីយរបស់យើង វាកាន់តែល្អ ដើម្បីយើងបំបាត់ព័ត៌មានក្លែងក្លាយបន្ទាន់។ យកព័ត៌មានពិតសម្លាប់ព័ត៌មានក្លែងក្លាយ កុំឱ្យព័ត៌មានក្លែងក្លាយសម្លាប់ព័ត៌មានពិត ដូចរយៈពេលកន្លងទៅ។

អរគុណ ជូនពរទាំងអស់គ្នាមានជោគជ័យ សូមអរគុណ បិទបញ្ចប់តែប៉ុណ្ណឹង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...