សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោក ស្ដីពី សន្តិភាពសន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅសាធារណរដ្ឋកូរ៉េ

ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី០៣ ខែ កុម្ភៈ ឆ្នាំ២០២០ តាមជើងយន្តហោះពិសេសដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកលស្ដីពីសន្តិភាពសន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី ០៣  ដល់ថ្ងៃទី០៥ ខែ កុម្ភៈ ឆ្នាំ២០២០។

អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យ សេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឥស្សរជនសំខាន់ៗជាច្រើនរូបទៀត។

សម្ដេចតេជោ ហ៊ុន សែនបានសរសេរនៅលើបណ្ដាញទំនាក់ទំ នងសង្គមហ្វេសប៊ុកថា នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ នេះ សម្តេចនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ច ប្រជុំកំពូល នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្សដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ចាប់ពីថ្ងៃទី០៣ – ០៥ កុម្ភៈ ២០២០។ នៅក្នុងឱកាសនេះដែរ សម្តេចនឹងជួបពិភាក្សាការងារជាមួយ លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្រ្តី ព្រមទាំងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាកូរ៉េឱ្យកាន់តែល្អប្រសើរឡើង។កិច្ចប្រជុំ នេះក៏នឹងជួយសម្រួលដល់ការរស់នៅនិងលក្ខខណ្ឌការងាររបស់កូនក្មួយនៅកូរ៉េ  ឱ្យបានល្អប្រសើរឡើងថែមទៀត។ សម្តខតេជោបានបន្ថែមថា “តាមពិតខ្ញុំត្រូវទៅកូរ៉េ កាលពីថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូល រួមកិច្ច ប្រជុំអាស៊ាន-កូរ៉េ និងកិច្ចប្រជុំមេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន ក៏ប៉ុន្តែពេលនោះត្រូវអាក់ខានដោយ សារតែម្តាយក្មេកខ្ញុំស្ថិតក្នុងសភាពសង្រ្គោះបន្ទាន់។ ប៉ុន្តែលើកនេះសង្ឃឹមថានឹងបានជួបបងប្អូន កូនក្មួយដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសកូរ៉េមិនខាន។” សម្តេចតេជោក៏សូមជូនពរ បងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងសំណាងល្អគ្រប់ៗគ្នាកុំបីខាន។អរគុណសន្តិភាព។ ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាននៅព្រលានយន្តហោះថា គណៈប្រតិភូដែលអញ្ជើញអមដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រីរួមមានឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងឥស្សរជនជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងអំឡុងស្នាក់នៅសាធារណរដ្ឋកូរ៉េ សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញជួបប្រជុំជាមួយឯកឧត្ដម មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិប តីនៃ សាធារណរដ្ឋកូរ៉េដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។ បន្ថែមពីនេះសម្ដេចតេជោក៏នឹងអញ្ជើញចូលរួម ពិធីពិសាអាហារថ្ងៃត្រង់រៀបចំដោយឯកឧត្ដម ជុង សៃឃ្យូន(Chung Sye-Kyun) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េផងដែរ។ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសន្ទករថាគន្លឹះ លើមូលបទរបស់កិច្ចប្រជុំកំពូលស្ដីពី«សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស» រួមជាមួយនឹងឥស្សរ ជនបរទេសមួយចំនួនទៀត ដែលចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២០ នៃអង្គការសហ ព័ន្ធសន្តិភាពសកល។ ទន្ទឹមនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏នឹងជួបសំណេះសំណាល ជាមួយសហគមន៍កម្ពុជាសិស្សនិស្សិត និងពលករកម្ពុជា ដែលកំពុងរស់នៅនិងធ្វើការនៅ ក្នុង សាធារណរដ្ឋកូរ៉េផងដែរ។ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េមានចំណងទាក់ទងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យជាច្រើន ដូចជាពាណិជ្ជកម្ម ការវិនិយោគការងារ និងការអប់រំជាដើម។
គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញនារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ