ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងការប្រកាសជាផ្លូវការ នៃការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ ឆ្នាំ ២០២០ នេះ នៅរាជធានីភ្នំពេញ។
ខ្ញុំសូមស្វាគមន៍វត្តមានរបស់សម្តេច ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថានប័នសិក្សាស្រាវជ្រាវ និងសារព័ត៌មាន ជាពិសេសឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអង្គទូតប្រចាំកម្ពុជា ក្នុងពិធីដ៏សំខាន់នេះ។
ខ្ញុំសូមវាយតំលៃខ្ពស់ចំពោះរបាយការណ៍សង្ខេបរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសូមកោតសរសើរ ចំពោះសមិទ្ធផលសំខាន់ៗជាច្រើន ដែលថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិករបស់ក្រសួងការបរទេសសម្រេចបានក្នុងឆ្នាំកន្លងទៅ ក្នុងការបំពេញបេសកកម្មការទូតដ៏ស្វិតស្វាញ ខណៈដែលពិភពលោកកំពុងឆ្លងកាត់ដំណាក់កាល នៃការប្រែប្រួលដ៏ជ្រាលជ្រៅ មិនប្រាកដប្រជា និងស្មុគស្មាញ។
ក្នុងរយៈពេល ២ ថ្ងៃ កន្លងទៅនេះ អង្គសន្និបាតបានពិភាក្សាផ្លាស់ប្តូរយោបល់លើប្រធានបទក្តៅៗជាច្រើននៃពិភពលោក និងតំបន់ នាំមកនូវព័ត៌មាន ការវិភាគ និងការវាយតំលៃទៅលើសភាពការណ៍តំបន់នានា ដែលអ្នកការទូតរបស់យើងបំពេញបេសកកម្ម។ អង្គសន្និបាតក៏បានពិភាក្សាគ្នាផងដែរ អំពីបញ្ហាផ្ទៃក្នុងក្រសួង អំពីទំនាក់ទនងដ៏ស្អិតរមួតរវាងក្រសួង និងស្ថានបេសកកម្មយើងនានានៅលើសកលលោក និងអំពីការលំបាក និងការប្រឈមនានា ពេលបច្ចុប្បន្ន និងតទៅមុខ។
ថ្ងៃនេះ ខ្ញុំនឹងយកប្រធានបទធំ ៣ មកវិភាគ វាយតំលៃ និងណែនាំ ដូចតទៅ៖
ទី១) អំពីពិភពលោកយើង
ជាច្រើនឆ្នាំមកហើយ យើងបានរស់នៅក្នុងពិភពលោកមួយ ដែលកំពុងមានការប្រែប្រួលយ៉ាងជ្រាលជ្រៅ និងស្មុគស្មាញ ជាពិភពលោកមួយដែលកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាល ឆ្ពោះទៅរកប្រព័ន្ធពហុប៉ូលដ៏សាំញាំ ដែលក្នុងនោះតួអង្គចាស់-ថ្មី រដ្ឋ និងមិនមែនរដ្ឋ កំពុងប្រកួតប្រជែងយ៉ាងតានតឹងដើម្បីគ្រប់គ្រង ចាត់ចែង និងដោះស្រាយកិច្ចការនៃភពផែនដី។
ជាពិភពលោកដែលមានការប្រទង់ប្រទាញដោយការប្រកួតតតាំងគ្នារវាងមហាអំណាចធំៗ ដែលបានប្តូរភាពជាដៃគូពីមុន មកជាការប្រជែង និងការប្រឆំាងគ្នា។ ក្នុងបរិបទនេះ គ្មាននរណាអាចបដិសេធបានទេថា ការប្រជែងគ្នារវាងមហាអំណាចធំបំផុតទាំងពីរ ជះឥទ្ធិពល និងប៉ះពាល់ដោយផ្ទាល់ដល់ដំណើរការ និងការតម្រង់ទិសរបស់ពិភពលោក។
ស្ថានភាពនេះបានស្តែងចេញតាមការសើរើឡើងវិញ នូវរបៀបរបបពិភពលោកបើកចំហមួយ ដែលត្រូវបានបង្កើតឡើងក្រោយសង្គ្រោមលោកលើកទី ២ ហើយដែលទោះជាមិនល្អឥតខ្ចោះក៏ដោយ ក៏បានជួយរក្សាសន្តិភាព និងវិបុលភាពដល់ពិភពលោកអស់រយៈពេលជាង ៧០ ឆ្នាំមកហើយដែរ។ ក្រោមសណ្ដាប់ធ្នាប់អន្តរជាតិនេះ ស្ថាប័នពហុភាគីជាច្រើន ត្រូវបានបង្កើតឡើងដើម្បីជួយរក្សាសន្តិភាព បញ្ចៀសសង្គ្រាម រក្សានីតិរដ្ឋអន្តរជាតិ និងដោះស្រាយជម្លោះនានាតាមការចរចា។
ឥឡូវនេះ របៀបរបបអន្តរជាតិ ដែលផ្អែកលើច្បាប់ និងប្រព័ន្ធពហុភាគីនិយម នេះកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរ។
ត្រង់នេះ ក៏មានការដេញដោលគ្នាច្រើនលើនិយមន័យនៃពាក្យ ”របៀបរបបអន្តរជាតិដែលផ្អែកលើច្បាប់” មិនខុសពីការដេញដោលគ្នាអំពីពាក្យ “និយាមអន្តរជាតិ” (International Standard) នោះឡើយ។ ព្រោះថា តើអ្នកណាជាអ្នកបង្កើត និងកំណត់ស្តង់ដារ និងរបៀបរបបអន្តរជាតិនោះ ហើយតើស្តង់ដារ និងរបៀបរបបនោះដាក់ឱ្យអ្នកណាជាអ្នកអនុវត្ត? ពេលខ្លះ អ្នកបង្កើតប្រែក្លាយទៅជាអ្នកបោះបង់ទៅវិញ នៅពេលដែលស្តង់ដារ របៀបរបបនោះ លែងផ្តល់ ឬប្រែទៅជាផ្ទុយនឹងផលប្រយោជន៍ខ្លួន។
យ៉ាងណាក៏ដោយ ការងាកចេញពីពហុភាគីនិយម ដែលមានន័យស្មើនឹងការបោះបង់ចោល ការទទួលខុសត្រូវជាអន្តរជាតិរបស់ខ្លួននោះ គឺជាមូលដ្ឋានចំបងនៃការរំជើបរំជួលបច្ចុប្បន្ននេះ។ ដើម្បីផលប្រយោជន៍ជាតិ និងផលប្រយោជន៍ខ្លួនឯង មេដឹកនាំប្រទេសខ្លះបានសម្រេចដកខ្លួនចេញពីអង្គការចាត់តាំង និងកិច្ចព្រមព្រៀងអន្តរជាតិសំខាន់ៗជាច្រើនមាន៖ កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP), កិច្ចព្រមព្រៀងទីក្រុង Paris ស្តីពីការប្រែប្រួលអាកាសធាតុ, អង្គការ UNESCO, ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួមស្តីពីបញ្ហានុយក្លែអ៊ែរនៅអ៊ីរ៉ង់, សន្ធិសញ្ញាស្តីពីកម្លាំងអាវុធនុយក្លែអ៊ែររយៈមធ្យម និងពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជាដើម។
ពាណិជ្ជកម្មសេរី និងយុត្តិធម៌ត្រូវគំរាមដោយរូបភាពថ្មីៗ នៃការគាំពារនិយម។ ជាលទ្ធផលសង្គ្រាមពាណិជ្ជកម្មដែលបានកើតឡើងនោះ បានបង្កភាពមិនច្បាស់លាស់ និងហានិភ័យជាច្រើនដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុតំបន់ និងពិភពលោក។ ទោះបីមានការចុះហត្ថលេខាលើ ”ដំណាក់កាលទីមួយ” រវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទំាងពីរ នៃពិភពលោកក៏ដោយ ក៏ប្រធានបទធំៗនៅមិនទាន់បានដោះស្រាយនៅឡើយ តួយ៉ាងការការពារកម្មសិទ្ធិបញ្ញា, ការផ្ទេរបច្ចេកវិទ្យា, សហគ្រាសរដ្ឋ, ការបើកទីផ្សារជាដើម។ សង្គ្រាមពាណិជ្ជកម្ម ក៏បានរាលដាលដល់សង្គ្រាមបច្ចេកវិទ្យា សន្តិសុខ និងការពារជាតិ។
ទី២) ៖ សម្ពាធមកលើប្រព័ន្ធនៃរបៀបរបបដែលផ្អែកលើពហុភាគីនិយម និងច្បាប់អន្តរជាតិនេះ បានប៉ះពាល់បន្តដល់ប្រទេសនានាដែលតូចជាង ខ្សោយជាង ទោះបីក្នុងកំរិតនិងរូបភាពខុសគ្នាក៏ដោយ។
ពិតហើយ កម្ពុជាមានឥទ្ធិពលតិចតួចប៉ុណ្ណោះ ក្នុងការកសាងរបៀបរបបអន្តរជាតិ ប៉ុន្តែមិនមែនបានន័យថា យើងមិនអាចជួយអ្វីបានសោះនោះទេ។ កម្ពុជាបានបង្ហាញទៅសហគមន៍អន្តរជាតិ អំពីតួនាទីកាន់តែសកម្មរបស់ខ្លួន នៅក្នុងកិច្ចការពិភពលោក និងតំបន់ ដោយចូលរួមវិភាគទាននានា ក្នុងបុព្វហេតុសន្តិសុខ សន្តិភាព និងសង្គម តួយ៉ាងការបំពេញភារកិច្ចជាអនុ-ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ ជាសមាជិក ECOSOC និងអង្គការអន្តរជាតិមួយចំនួនទៀត បញ្ជូនកងកម្លាំងរក្សាសន្តិភាព ព្រមទាំងចូលរួមក្នុងការប្រយុទ្ធនឹងការប្រឈមនានានៃពិភពលោក មានការប្រឆាំងនឹងភេវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាសធាតុ ជាដើម។
ការរួមវិភាគទានរបស់យើងអាចច្រើនប៉ុណ្ណានោះ ក៏អាស្រ័យលើភាពរឹងមាំរបស់យើងនៅក្នុងប្រទេសដែរ។ នយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស គឺជាដៃទំាង ២ នៃខ្លួនប្រាណតែមួយ ដែលត្រូវការគ្នាទៅវិញទៅមក ជួយគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក។ យើងបានឃើញការពិតនេះ ជារូបភាពជាក់ស្តែងតាមរយៈនៃការអនុវត្តនយោបាយ “អាមេរិកជាចំបង” (America First) ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការកំណត់នយោបាយក្រៅប្រទេស គឺជាកិច្ចការរកលំនឹងដ៏លំបាករវាងការបំពេញកាតព្វកិច្ច ការទទួលខុសត្រូវជាអន្តរជាតិ និងការការពារផលប្រយោជន៍ជាតិខ្លួនឯង។ ស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងសន្តិសុខក្នុងស្រុក តែងតែជាកត្តាកំណត់ដល់ឥរិយាបថ និងជំហរដែលត្រូវប្រកាន់យកចំពោះស្ថានការណ៍ បញ្ហា ឬសម្ពាធណាមួយពីខាងក្រៅ។
យ៉ាងណាមិញ អតីតកាលជូរចត់របស់កម្ពុជាតម្រូវឱ្យប្រទេសយើងខ្ញុំកំណត់យកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាអាទិភាពចំបងបំផុត។ គុណតម្លៃទាំងនេះ ពឹងពាក់គ្នាទៅវិញទៅមកផង ហើយអាចគង់វង្សទៅបាន លុះត្រាយើងការពារបាននូវឯករាជ្យ អធិបតេយ្យ និងអព្យាក្រឹត្យជាតិខ្លួនឯងផង។ ជិត ៣០ ឆ្នាំ នៃសង្គ្រាម ទុក្ខវេទនា និងការបំផ្លិចបំផ្លាញនៅប្រទេសយើង មានដើមកំណើតពីការបាត់បង់ឯករាជ្យ អធិបតេយ្យ និងអព្យាក្រឹត្យ នៅដើមទសវត្សរ៍ទី ៧០ នោះឯង។
ថ្មីៗនេះយើងក៏បានឃើញនូវភាពអន្តរាយនានា ដែលបានកើតឡើងក្រោយការជ្រៀតជ្រែករបស់មហាអំណាចធំៗ ក្នុងនាមនៃការស្តារលទ្ធិប្រជាធិបតេយ្យ ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសអធិបតេយ្យដូចគ្នា តែតូចជាង និងខ្សោយជាងនោះ នៅតំបន់មជ្ឈឹមបូព៌ា អាហ្វ្រិក អាមេរិកឡាទីន ឬនៅអាស៊ី។
នយោបាយដាក់ទណ្ឌកម្ម ដែលការពិតជានយោបាយប្រទេសធំសង្កត់ទៅលើប្រទេសតូចជាង មិនមែនជានយោបាយត្រឹមត្រូវទេ ជាពិសេសនៅពេលពួកគេអនុវត្តនយោបាយនេះ ក្នុងនាមគុណតម្លៃ និងគោលការណ៍ដែលគេប្រើ ឬមិនប្រើស្របតាមកាលៈទេសៈ និងផលប្រយោជន៍ណាដែលអំណោយផលឱ្យគេ។
[ចាប់ផ្ដើមអត្ថាធិប្បាយ]
បច្ចុប្បន្ន ប្រទេសធំគាបសង្កត់ប្រទេសតូច ក្រោមលក្ខខណ្ឌការការពារបរិស្ថាន
ត្រង់ចំណុចនេះ ឥឡូវយើងមិនគ្រាន់តែឃើញក្រោមហេតុផល នៃការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ឬការស្ដារឡើងវិញ នៃលទ្ធិប្រជាធិបតេយ្យទេ តែយើងបានឃើញក្រោមហេតុផល នៃការការពារបរិស្ថាន ដើម្បីបញ្ចប់ការកាប់ព្រៃឈើ និងដាំជំនួសឡើងវិញនូវដូងប្រេង។ វាក៏អាចបង្កើតឡើងនូវភាពតានតឹងមួយ រវាងតំបន់មួយ និងតំបន់មួយផ្សេងទៀត អំពីបញ្ហាដូងប្រេង ដូចជាបញ្ហាឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាដើម។ នោះហើយគឺជាអ្វីដែលយើងចង់និយាយដល់។
[ចប់អត្ថាធិប្បាយ]
ចំពោះកម្ពុជាវិញ សហគមន៍អន្តរជាតិ គប្បីជួយយើងឱ្យបានខ្លាំងឡើង ឯកភាពរឹងមាំឡើង ជាជាងបំបែកបំបាក់ បន្ទុចបង្អាក់ឱ្យចុះខ្សោយតាមវិធានការ ដែលនឹងអាចក្លាយជាកំហុសលើកទី ៣ របស់ខ្លួន។ គេគួរណាស់គោរពជម្រើសនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់យើង ពីព្រោះតាំងពីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍មកដល់ពេលនេះ ជម្រើសនោះតែងតែឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ពិតប្រាកដរបស់ប្រទេស និងប្រជាជន។ នោះគឺជាជម្រើសដែលបានស្តារជូនប្រជាជនកម្ពុជាវិញនូវសិទ្ធិជាមូលដ្ឋានគ្រប់បែបយ៉ាង គឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលអាហារ ការថែទាំសុខភាព ការរៀនសូត្រ ជម្រកផ្ទះសំបែង សិទ្ធិការងារ វប្បធម៌ និងសេរីភាព។ ជាងនេះទៀត នោះក៏ជាជម្រើសដែលបានការពារសន្តិភាព សន្តិសុខ ស្ថិរភាព ឯកភាពសង្គម និងបានចៀសវាងកុំឱ្យឯករាជ្យ អធិបតេយ្យជាតិ ធ្លាក់ទៅក្នុងដៃអ្នកដទៃ និងបំរើផលប្រយោជន៍ ដែលផ្ទុយពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋដ៏ច្រើនលើសលុប។
ទី៣)៖ ទិសដៅការងារការបរទេស
ក្នុងបណ្តាឆ្នាំខាងមុខ ភាពតានតឹង ការប្រឈម និងការប្រកួតប្រជែងបច្ចុប្បន្ន នឹងបន្តវិវឌ្ឍក្នុងលក្ខណៈលំបាក ស្មុគ្រស្មាញ ពិបាកប៉ាន់ស្មានបាន តាមទិសមិនប្រាកដប្រជា ទាំងលើវិស័យនយោបាយ សេដ្ឋកិច្ច យោធា និងសន្តិសុខ។
ភាពតានតឹងនៅតំបន់មួយចំនួនអាចនឹងកើនឡើង និងឈានទៅរកកំរិតប្រកបដោយគ្រោះថ្នាក់ នៅអាស៊ីខាងត្បូង នៅអាមេរិកឡាទីន និងនៅអាហ្រ្វិកជាដើម ជាពិសេសនៅតំបន់ដែលកំពុងមានភាពផុយស្រួយ។
ការប្រឈមធំៗជាសកលដូចជាការប្រែប្រួលធាតុអាកាស ភេរវកម្ម បញ្ហាជនភៀសខ្លួន ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាជំងឺឆ្លង (តួយ៉ាង corona virus នៅ Wuhan ថ្មីៗនេះ) ។ល។ នឹងនៅតែបន្តចោទជាគ្រោះថ្នាក់ ហើយទាមទារឱ្យមានការប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីរកដំណោះស្រាយឆ្លើយតប។
ការប្រើលេសស្តីពីការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតាមស្តង់ដារទ្វេ និងមិនសមស្រប ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសទីទៃ តាមការប្រើប្រាស់ឧបករណ៍ នយោបាយ និងសេដ្ឋកិច្ច នឹងបន្តដាក់សម្ពាធធ្ងន់ធ្ងរលើប្រទេសទន់ខ្សោយ រាប់ទាំងកម្ពុជាយើងផង។
ស្ថានការណ៍បែបនេះ តម្រូវឱ្យកម្ពុជាប្រកាន់នយោបាយការបរទេសមួយ ដែលបម្រើលើកស្ទួយ និងការពារផលប្រយោជន៍គោលរបស់ជាតិ ដោយប្រមូលផ្គុំលើការងារធំទាំង ៥ ដូចតទៅ៖
ការងារទី ១ គឺការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹត្យភាព រក្សាការពារឱ្យបានគត់ម៉ុតនូវសន្តិភាព សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ និងឯកភាពសង្គម។
សម្រាប់ប្រទេសដែលធ្លាប់ឆ្លងកាត់ទុក្ខលំបាកនៃសង្រ្គាមបំផ្លិចបំផ្លាញ និងការបែកបាក់ដូចកម្ពុជា តើមានអ្វីសំខាន់ជាង និងមានតំលៃ ជាងសន្តិភាព ស្ថិរភាព ឯកភាព និងសុខដុមនីយកម្ម នៃសង្គមជាតិនោះ? ពាក្យស្លោក ”អរគុណសន្តិភាព” ដែលខ្ញុំបានបំផុសដើម្បីអបអរឆ្នាំថ្មីឆ្នាំសកលកន្លងទៅនេះ ត្រូវបានទទួលស្វាគមន៍ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ និងក្លាយទៅជាចលនាដ៏ធំមួយក្នុងទូទាំងប្រទេស។ ដោយហេតុនេះ កម្ពុជានឹងបន្តរក្សាយ៉ាងម៉ុតមាំនូវឯករាជ្យភាពក្នុងរាល់សេចក្តីសម្រេចរបស់យើងលើបន្ទាត់នយោបាយ ក្នុងនិងក្រៅប្រទេស ទាំងលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាពិសេសក្នុងវិស័យសន្តិសុខ និងការពារជាតិ ដោយគោរពនូវគោលនយោបាយ អព្យាក្រឹត្យភាពអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក និងដោះស្រាយរាល់បញ្ហា ដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។ យើងនឹងរក្សា និងប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួន ក្នុងការជ្រើសរើសវិធី និងមធ្យោបាយដែលសមស្របបំផុត ដើម្បីការពារបូរណភាពទឹកដី ការពារផលប្រយោជន៍ ស្នូលរបស់ជាតិ ស្របតាមរដ្ឋធម្មនុញ្ញ។
ការងារធំទី ២ គឺអនុវត្តតាមទិសស្លោក «បង្កើនមិត្តខាងក្រៅ ដោយឈរលើស្មារតីឯករាជ្យជាតិ»។
កម្ពុជានឹងខិតខំបន្តពង្រឹងចំណងមិត្តភាព សហប្រតិបត្តិការ ទំនាក់ទនង និងភាពជាដៃគូល្អប្រសើរ ដែលមានស្រាប់ជាមួយប្រទេសជាមិត្តនានា ស្តារឡើងវិញនូវទំនាក់ទំនងសហប្រតិបត្តិការជាមួយមិត្តចាស់ និងស្វែងរកកសាងទំនាក់ទំនងល្អជាមួយមិត្តថ្មី ជាពិសេសនៅអឺរ៉ុបខាងកើត និងកណ្តាល នៅអាស៊ីកណ្តាល នៅអាហ្រ្វិក មជ្ឍឹមបូព៌ា និងអាមេរិកឡាទីន។
ជាការពិត ការធ្វើមិត្តជាមួយគ្រប់គ្នា ងាយនិយាយជាងធ្វើឆ្ងាយណាស់។ ជាពិសេសចំពោះប្រទេសតូចដូចកម្ពុជា ដែលសម្ពាធពីខាងក្រៅតែងបង្ខំឱ្យយើងជ្រើសរើសមិត្ត ឬក៏ឱ្យយើងធ្វើជាមិត្តជាមួយប្រទេសនេះ និងយកប្រទេសផ្សេងជាសត្រូវ។ ក៏ប៉ុន្តែ ទោះធ្វើមិត្តជាមួយនរណាក៏ដោយ ក៏មិនមានន័យថា កម្ពុជាបោះបង់ចោលឯករាជ្យ និងអធិតេយ្យខ្លួននោះទេ។ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំមិនដែលធ្វើសេចក្តីសម្រេចណា ដើម្បីតម្រូវចិត្តប្រទេសណាមួយនោះទេ។ ខ្ញុំមិនធ្វើអ្វី ដែលនឹងនាំឱ្យខូចប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជានោះឡើយ។
កម្ពុជានឹងរួមចំណែកកាន់តែសំខាន់ថែមទៀតក្នុងការកសាងសហគមន៍អាស៊ានដោយសំដៅបម្រើប្រជាជន និងយកប្រជាជនជាស្នូល រក្សា និងពង្រឹងឯកភាព និងមជ្ឈភាពរបស់អាស៊ាន ហើយតាមរយៈអាស៊ានជម្រុញ និងពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដើម្បីការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច និងសង្គម ផ្អែកលើគោលការណ៍គ្រឹះ ២ គឺ៖ ការប្រកាន់កុងសង់ស៊ីសក្នុងរាល់សេចក្តីសម្រេច និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។
[ចាប់ផ្ដើមអត្ថាធិប្បាយ]
យល់ស្របនៅក្នុងការបង្កើតស្ថានទូត អាចមួយនៅអាហ្វ្រិកខាងត្បូង និងមួយទៀតអាចនៅប្រេស៊ីល
ចំណុចទាំងនេះឲ្យខ្ញុំធ្វើអត្ថាធិប្បាយបន្តិច អម្បាញ់មិញមានសំណើរបស់ឯកឧត្តម ប្រាក់ សុខុន អំពីការពង្រីកបន្ថែមស្ថានទូតរបស់យើងនៅអាហ្វ្រិក និងអាមេរិកឡាទីន។ ជាគោលការណ៍ខ្ញុំយល់ស្របនៅក្នុងការបង្កើតស្ថានទូត អាចមួយនៅអាហ្វ្រិកខាងត្បូង និងមួយទៀតអាចនៅប្រេស៊ីល។ ហើយចំណុចនេះក៏គួរពិនិត្យមើលអំពីលទ្ធភាពនៅឆ្នាំ ២០២១ ឬឆ្នាំ ២០២២ ខាងមុខ ដែលត្រូវរៀបចំពីឥឡូវ ទាំងបញ្ហាទាក់ទិនជាមួយនឹងថវិកា, អគារ, ក៏ដូចជាបុគ្គលិកសម្រាប់បម្រើការងារនៅទីនោះ។
ធម្មនុញ្ញអាស៊ាន រក្សាបាននូវគោលការណ៍កុងសង់ស៊ីស និងគ្មានការបណ្ដេញសមាជិកចេញ
ចំពោះបញ្ហាអាស៊ាន យើងត្រូវមើលឃើញថាហេតុអ្វីបានអាស៊ានមានឯកភាព គោលការណ៍ សហគមន៍ តាមរយៈស្មារតីសហគមន៍? ដោយអនុវត្តនូវកិច្ចការ ដែលធ្វើការតាមកុងសង់ស៊ីស គឺជាមូលដ្ឋានធំណាស់ ហើយនេះក៏ជាបទពិសោធន៍ នៃបណ្តាមិត្តភក្តិនៃប្រទេសអាស៊ានរបស់យើង។ ខ្ញុំនៅចាំបានថា នៅពេលដែលយើងធ្វើសេចក្តីសម្រេចចិត្តអំពីធម្មនុញ្ញអាស៊ាន ពេលនោះយើងបានពិភាក្សានៅទីក្រុងសេប៊ូរបស់ប្រទេសហ្វីលីពីន ពេលនោះមានប្រទេស ២ ដែលបានលើកឡើង។ ទី ១ ទាក់ទិនជាមួយនឹងការធ្វើការ ប្រសិនបើមិនអាចរកកុងសង់ស៊ីសបាន ត្រូវធ្វើការបោះឆ្នោត នេះជាចំណុចទី ១។ ចំណុចទី ២ សមាជិកអាស៊ានមានសិទ្ធិដេញសមាជិក(ដទៃ)ចេញ។ ចំណុចនេះ ខ្ញុំត្រូវដឹកនាំមុខក្នុងការសន្ទនាជាមួយតួអង្គផ្សេងៗ ខ្ញុំបានបញ្ជាក់ប្រាប់ទៅសមាជិកថ្នាក់ដឹកនាំអាស៊ានថា ប្រសិនបើយើងធ្វើការបោះឆ្នោត អាស៊ាននឹងបែកបាក់តែម្តង ព្រោះតែកាលណាបោះឆ្នោត គឺវានឹងមានសម្លេងភាគច្រើន និងសម្លេងភាគតិចហើយ ដូច្នេះជៀសមិនផុត អំពីអាស៊ានមួយដែលត្រូវបែកបាក់។ ឯចំណុចទី ២ អំពីការដេញសមាជិកចេញ ខ្ញុំបានចោតសួរជាសំណួរថា ពាក្យដែលថាដេញសមាជិកចេញ គឺដេញដោយមានកំហុសធ្ងន់ធ្ងរ ខ្ញុំបានសួរចំណុច ២ ទៅកាន់អង្គប្រជុំ ពេលនោះលោកជំទាវប្រធានាធិបតី អារីយូ ប្រធានាធិបតីហ្វីលីពីន នៅពេលនោះ ខ្ញុំបានសួរថា តើអ្វីទៅជាកំហុសធ្ងន់ធ្ងរ? តើជារដ្ឋប្រហារយោធាឬ? នេះទី ១ ឯទី ២ តើអ្នកណាជាអ្នកកំណត់ថាកំហុសនេះធ្ងន់ធ្ងរ ឬមិនធ្ងន់ធ្ងរ? ចំណុចនេះ ទីចុងបំផុត យើងរក្សាបាននូវគោលការណ៍ធ្វើការតាមកុងសង់ស៊ីស បើទោះបីមានការលំបាកបន្តិច តែយើងទ្រាំនូវការលំបាកនោះ ដើម្បីធានាឯកភាពនៅក្នុងក្របខណ្ឌអាស៊ាន។ អាស៊ានមានប្រទេសធំ និងប្រទេសតូច អាស៊ានមានប្រទេសអ្នកមាន និងប្រទេសអ្នកក្រ។ ក៏ប៉ុន្តែអាស៊ានមិនបានបែងចែក ហើយអាស៊ានក៏មិនបានមានបងធំនោះដែរ។
តើនរណានឹងចាកចេញពីអឺរ៉ុប បន្ទាប់ពីអង់គ្លេស?
លើការជាក់ស្តែង បទពិសោធន៍មួយនេះបានបង្ហាញថា ឥឡូវ អឺរ៉ុប ថ្ងៃនេះ អង់គ្លេសត្រូវដល់កាលបរិច្ឆេទដែលអង់គ្លេសចាកចេញពីអឺរ៉ុបហើយ។ បន្ទាប់ពីអង់គ្លេស តើមានអ្នកណាទៀត ដែលអាចចាកចេញ? នេះជាសំណួរ។ ហើយនៅទីក្រុង ដាវ៉ូស កាលពីឆ្នាំ ២០១៧ … ពេលនោះមុនប្រធានាធិបតី ដូណាល់ ត្រាំម៍ ស្បថចូលកាន់ដំណែងតែប៉ុន្មានម៉ោងទេ នៅពេលដែលមានការសន្ទនានៅក្នុងនោះ ស្រាប់តែមានសាកលវិទ្យាធិការនៅប្រទេសអង់គ្លេសបានសួរខ្ញុំថា តើមានសមាជិកអាស៊ានណាខ្លះ ដែលចង់ចាកចេញពីអាស៊ាន។ ខ្ញុំបានឆ្លើយតបថា លោកគួរតែកែប្រែសំណួរនេះវិញ លោកគួរតែកែប្រែសំណួរថា តើមានប្រទេសអឺរ៉ុបណាខ្លះ នឹងចាកចេញពីអឺរ៉ុបបន្ទាប់ពីប្រទេសអង់គ្លេសទើបត្រឹមត្រូវជាង ព្រោះនៅក្នុងក្របខណ្ឌអាស៊ានគ្មានចែងអំពីការចាកចេញ ឬការបណ្តេញចេញទេ។ ហើយនេះគឺជារឿងពិត អឺរ៉ុបក្រោយការចាកចេញរបស់អង់គ្លេសនៅថ្ងៃនេះ តើនឹងមានការចាកចេញបន្តទៀតឬទេ? ដែលមានចរន្តគាំទ្រអឺរ៉ុប មានចរន្តប្រឆាំងនឹងអឺរ៉ុបខ្លួនឯង នោះហើយគឺជាបញ្ហា ជាមេរៀនដែលយើងត្រូវដកហូតពិសោធន៍អំពីអឺរ៉ុប ដើម្បីពង្រឹងអាស៊ានរបស់យើង មិនមែនជាការដែលយើងផ្ចាញ់ផ្ចាលអឺរ៉ុបនោះទេ។
មិនមែនជាការផ្ចាញ់ផ្ចាល តែអាស៊ានត្រូវដកពិសោធន៍ពីអឺរ៉ុបទាំងខាងល្អ និងខាងមិនល្អ
នេះជាអ្វីដែលយើងឃើញពិតនៅក្នុងសំណុំបញ្ហាទាំងឡាយ តួអង្គអង់គ្លេស គឺជាស្ថាបនិកនៃសហភាពអឺរ៉ុបតែម្តង។ ប៉ុន្តែ អ្វីដែលយើងបានឃើញការបោះឆ្នោតនៅអង់គ្លេសចុងក្រោយនេះ គឺការគាំទ្រភ្លូកទឹកភ្លូកដីរបស់ប្រជាជនអង់គ្លេស សម្រាប់ការបោះឆ្នោតមួយ ដែលនាយករដ្ឋមន្រ្តីរបស់អង់គ្លេស Boris Johnson បានដាក់ចេញដើម្បីចាកចេញពីអឺរ៉ុប ដោយមានកិច្ចព្រមព្រៀង បង្ហាញឲ្យឃើញថា ប្រជាជនអង់គ្លេសបានធុញទ្រាន់ជាមួយនឹងអឺរុបហើយ។ ចំណុចនេះ អាស៊ានគួររៀនសូត្រអំពីបទពិសោធន៍របស់អឺរ៉ុបជាបទពិសោធន៍ល្អ និងក៏ជាបទពិសោធន៍មិនល្អផងដែរ ដែលយើងក៏មានតួនាទីនៅក្នុងការស្ថាបនាអាស៊ានមួយ ដែលមានសាមគ្គីភាពហើយជម្រុញសុខដុមរមនានៅក្នុងតំបន់របស់យើង។ មិនមែនជាការផ្ចាញ់ផ្ចាលទេ ប៉ុន្តែ ក៏ស្ថិតក្នុងទំនាក់ទំនងរវាងតំបន់ទាំង ២ ផងដែរ។
ក្នុងអាស៊ានប្រទេស ៥ រួចទៅហើយដែលមានបញ្ហាជាមួយអឺរ៉ុប
អឺរ៉ុបបច្ចុប្បន្ន មានទំនាក់ទំនងមិនជាល្អទេជាមួយនឹងអាស៊ាន។ មានប្រទេស ៥ រួចទៅហើយដែលមានបញ្ហាជាមួយអឺរ៉ុប ធ្ងន់ធ្ងរជាងគេ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ក្រោមហេតុផលនៃបញ្ហាការការពារបរិស្ថានប្រឆាំងនឹងការកាប់ព្រៃ។ អឺរ៉ុបបានចាប់ផ្តើមឆ្ពោះទៅរកការបញ្ឈប់ការទិញប្រេងដូងពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលការឆ្លើយតបនោះអាចនឹងមានភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងទ្វីបទាំង ២។ អឺរ៉ុបក៏បានឆ្ពោះមកកាន់កម្ពុជា មីយ៉ាន់ម៉ា និងហ្វីលីពីន ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សដោយមិនទាន់រាប់បញ្ចូលជាមួយនឹងមនុស្សមួយចំនួនផ្សេងទៀត ដែលអឺរ៉ុបតែងតែដាក់ការគំរាមមកប្រទេសក្នុងតំបន់អាស៊ាន។
ដូច្នេះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាននៅអឺរ៉ុប តើវាអាចដើរលឿនទេ? ប្រសិនបើឥរិយាបថបែបនេះត្រូវបានប្រកាន់យកជាបន្តពីគណៈកម្មការអឺរ៉ុប មិនមែនក្នុងសហភាពអឺរ៉ុបទេ សុំយល់អំពីបញ្ហានេះ ខ្ញុំមិនមែនអ្នកឯកទេសរបស់អឺរ៉ុបទេ។ ប្រទេសនៅអឺរ៉ុបមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសនៅក្នុងក្របខណ្ឌអាស៊ាន ប៉ុន្តែអឺរ៉ុបមានសភារបស់អឺរ៉ុប និងមានគណៈកម្មការអឺរ៉ុប ដែលកំណត់នយោបាយរបស់អឺរ៉ុប នោះជាបញ្ហាដែលត្រូវគិតគូរ។
ដោយសារគោលការណ៍កុងសង់ស៊ីស និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា ទើបអាស៊ានមិនបែកបាក់
ហើយខ្ញុំមិនមែនយកវេទិកានេះ ដើម្បីនិយាយពីអ្វីសំដៅទៅលើការទិតៀនអឺរ៉ុបទេ ប៉ុន្តែ ខ្ញុំចង់ឲ្យបណ្តាប្រទេសអាស៊ាន ដែលកម្ពុជាជាតួអង្គមួយដ៏សំខាន់នៅក្នុងនោះដែរ ដកពិសោធន៍អំពីគោលការណ៍កុងសង់ស៊ីស និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នា។ គោលការណ៍កុងសង់ស៊ីស គឺជាគោលការណ៍គ្រឹះដែលធ្វើឲ្យអាស៊ានមានឯកភាព បើទោះបីមានការលំបាកបន្តិចក្នុងការឈានទៅរកការសម្រេចណាមួយ។ ប៉ុន្តែ វាមិនបាននាំមកការបែកបាក់នៅក្នុងក្របខណ្ឌអាស៊ាននោះទេ ដោយសារតែត្រូវរកវិធីសម្របសម្រួលគ្នាជាជាងតាមវិធីនៃការបោះឆ្នោត។
[ចប់អត្ថាធិប្បាយ]
ការងារទី ៣ គឺជំរុញការងារការទូតសេដ្ឋកិច្ច ដើម្បីរួមចំណែកជាមួយស្ថានប័នជំនាញក្នុងការទាក់ទាញទុនវិនិយោគពីបរទេស ធ្វើពិពិធកម្មប្រភពវិនិយោគ ពង្រីកទីផ្សារនាំផលិតផលកម្ពុជាទៅក្រៅប្រទេស ទាក់ទាញទេសចរណ៍ និងលើកស្ទួយវប្បធម៌ជាតិលើឆាកអន្តរជាតិ។ រួមចំណែកក្នុងកិច្ចប្រឹងប្រែងដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) បន្តចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ពិសេស ជាមួយចិន សាធារណរដ្ឋកូរ៉េ និងសហភាពសេដ្ឋកិច្ច អឺរ៉ុប-អាស៊ី។
[ចាប់ផ្ដើមអត្ថាធិប្បាយ]
មិនមែនបោះបង់ចោលឥណ្ឌា តែរង់ចាំពេលវេលាសមស្របណាមួយ ទទួលឥណ្ឌាចូលជាមួយ ASEM
ហើយសូមបញ្ជាក់ថា ចំណុចនេះក៏ជាចំណុច ដែលយើងគប្បីយោគយល់ចំពោះឥណ្ឌា ដែលនៅក្នុងពេលកន្លងទៅ ពេលប្រកាសនៅទីក្រុងភ្នំពេញ ប្រទេស ១៦ រាប់ទាំងឥណ្ឌា បានប្រកាសនៅទីក្រុងភ្នំពេញឆ្នាំ ២០១២ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែ ដោយសារតែមានការលំបាកនៅក្នុងការការពារផលប្រយោជន៍របស់ឥណ្ឌា ឥណ្ឌាអាចបានមិនទាន់ឈានដល់ដំណាក់កាល ដែលខ្លួនត្រូវធ្វើទេ។ ខ្ញុំក៏បាននិយាយជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា បន្ទាប់ពីចេញពីសាលប្រជុំថា អាចនិយាយតាមរូបមន្តថា ១៥ បូក ១ បានឬទេ? ព្រោះយើងមិនបោះបង់ចោលឥណ្ឌាទេ ក៏ប៉ុន្តែ ន័យត្រង់កន្លែងនេះ គឺចង់បញ្ជាក់ថា យើងបើទ្វារចំហសម្រាប់ពេលវេលាសមស្របណាមួយ ដែលឥណ្ឌានឹងចូលរួមនៅក្នុងកិច្ចព្រមព្រៀង ASEM របស់យើង។ យើងត្រូវចរចាជាមួយចិន យើងត្រូវចរចាជាមួយនឹងសាធារណរដ្ឋកូរ៉េ យើងត្រូវចរចាជាមួយអឺរ៉ាស៊ី ដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ជាមួយនឹងប្រទេស និងតំបន់ទាំងបីនេះ។
[ចប់អត្ថាធិប្បាយ]
ការងារទី ៤ គឺបន្តគាំទ្រ និងពង្រឹងពហុភាគីនិយម នៅក្នុងការចាត់ចែងកិច្ចការពិភពលោក និងរួមចំណែកក្នុងកិច្ចប្រឹងប្រែងជាសកល ក្នុងការដោះស្រាយបញ្ហា ការប្រឈម និងគ្រោះថ្នាក់ នានាដែលគំរាមកំហែងដល់សន្តិភាព សន្តិសុខ របៀបរបបអន្តរជាតិមួយដែលផ្អែកលើច្បាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
បន្តចូលរួមយ៉ាងសកម្មដល់បុព្វហេតុសន្តិភាពលើពិភពលោក ដោយបញ្ជូនកងកំលាំងកម្ពុជាចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បំពេញភារកិច្ចមនុស្សធម៌ប្រកប ដោយវិជ្ជាជីវៈខ្ពស់ ការគោរពយ៉ាងម៉ឺងម៉ាត់នូវវិន័យ និងច្បាប់អន្តរជាតិ កសាងទំនាក់ទំនងល្អជាមួយអង្គភាព និងប្រជាជនមូលដ្ឋាន។
ការធ្វើឱ្យស៊ីសង្វាក់គ្នា និងការបំពេញឱ្យគ្នាទៅវិញទៅមក នូវគំនិតផ្តួចផ្តើមតំបន់នានា មាន «ខ្សែក្រវ៉ាត់និងផ្លូវ» បណ្តា «យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក» និងនយោបាយរបស់ប្រទេសធំៗ ក្នុងតំបន់ដែលសម្លឹងមកតំបន់អាស៊ីអាគ្នេយ៍របស់យើង ក៏ដូចជាកិច្ចសហប្រតិបត្តិការនានា ក្នុងក្របខ័ណ្ឌទន្លេមេគង្គដើម្បីទាញយកផលប្រយោជន៍សម្រាប់ការអភិវឌ្ឍ។
យកចិត្តទុកដាក់ឱ្យកាន់តែខ្ពស់ចំពោះការអភិវឌ្ឍ បញ្ញាសិប្បនិមិ្មត និងបច្ចេកវិទ្យាឌីជីថលដើម្បីតាមឱ្យទាន់ប្រទេសជិតខាង និងពង្រឹងសមត្ថភាពកម្ពុជាក្នុងការតបតនឹងហានិភ័យ នៃសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ក្នុងសម័យកាល នៃបដិវត្តន៍ឧស្សាហកម្មទី ៤។
[ចាប់ផ្ដើមអត្ថាធិប្បាយ]
សំយោគរាល់គំនិតផ្ដួចផ្តើម និងនយោបាយទាំងអស់ ដើម្បីផលប្រយោជន៍អាស៊ាន
ចំណុចនេះ ខ្ញុំសូមបញ្ជាក់បន្តិច ពាក្យដែលនិយាយថា ប្រទេសធំៗក្នុងតំបន់ ដែលសម្លឹងមកតំបន់អាស៊ីអាគ្នេយ៍ យើងមិននិយាយទៅដល់បញ្ហាយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបានលើកនៅក្នុងឯកសារនេះនោះទេ។ អាស៊ានក៏មានគំនិតផ្ដួចផ្ដើមរបស់ខ្លួន អំពីទស្សនទានឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួនហើយដែរ។ យើងចង់ធ្វើសំយោគទាំងអស់ នូវគំនិតផ្ដួចផ្ដើមនៅក្នុងតំបន់នេះ រាប់ទាំង «ខ្សែក្រវាត់ និងផ្លូវ» និងបណ្ដាគំនិតផ្ដួចផ្ដើមដទៃទៀត ហើយក្នុងនោះ និយាយពីនយោបាយរបស់ឥណ្ឌាកាលពីពេលមុន នៅក្នុងរដ្ឋាភិបាលរបស់ Manmohan Singh ត្រឹមតែលើកឡើងទាក់ទិនជាមួយនឹងនយោបាយសម្លឹងមកទិសខាងកើត។ ប៉ុន្តែ ចូលមកដល់រដ្ឋាភិបាលរបស់ Narendra Modi គាត់បាននិយាយឈានទៅដល់សកម្មភាពមកទិសខាងកើត នោះគឺជាផ្នែកមួយដែលយើងត្រូវឈោងចាប់យក។ ឯកូរ៉េខាងត្បូងក៏មាននយោបាយសម្លឹងមកទិសខាងត្បូង ដែលយើងត្រូវធ្វើសំយោគនូវនយោបាយទាំងអស់ ដើម្បីអាស៊ានទទួលផលប្រយោជន៍ និងធ្វើជាមជ្ឈមណ្ឌលនៃសាមគ្គីភាពរវាងបណ្ដារដ្ឋ តាមរយៈនៃតួអង្គ ដែលខ្លួនមាន អាស៊ានបូកមួយ អាស៊ានបូកបី និងការប្រជុំអាស៊ីបូព៌ា។
កែតម្រូវទៅជាក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីដើរឱ្យទាន់បដិវត្តន៍ឧស្សាហកម្ម 4.0
មួយទៀត នៅក្នុងផ្ទៃក្នុងរបស់យើង ប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់ មានប្រទេសជាច្រើនដែលបានបង្កើតឡើងនូវ ក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យា។ ដូច្នេះ ខ្ញុំបានសម្រេចឱ្យមានការតែតម្រូវក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅជាក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ នឹងដឹកនាំធ្វើកិច្ចការងារនេះ ហើយនឹងកែប្រែច្បាប់នៅឯរដ្ឋសភា ជាមួយនឹងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងនោះ ដោយបង្កើតនូវអង្គភាពទាក់ទិននឹងការសិក្សា ស្រាវជ្រាវ វិទ្យាសាស្រ្ត បច្ចេកទេស និងប្រមូលផ្ដុំឱ្យបានតាមឱ្យទាន់នូវសភាពការណ៍ ដែលកំពុងវិវឌ្ឍ និងប្រែប្រួល។ យើងមិនទាន់មានការប្រមូលផ្ដុំនៅកន្លែងណាមួយទេ យើងនៅបែកខ្ញែក ដូច្នេះមានការកែតម្រូវនៅក្នុងរដ្ឋាភិបាល សម្រាប់កែទម្រង់ និងដើរឱ្យទាន់សម័យកាលនៃបដិវត្តន៍ឧស្សាហកម្មទី ៤។
[ចប់អត្ថាធិប្បាយ]
ការងារចុងក្រោយ គឺការលើកកំពស់គុណភាព ប្រសិទ្ធិភាពការងារ និងការអភិវឌ្ឍសមត្ថភាពមន្ត្រីការទូត
ក្នុងឱកាសបិទសន្និបាតក្រសួងកាលពីឆ្នាំទៅមិញ ខ្ញុំក៏បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្តីពីធនធានមនុស្សដែលក្រសួងការបរទេស ក៏ដូចជាក្រសួងស្ថានប័នរដ្ឋនានាជួបប្រទះដែរ។
ខ្ញុំមានសេចក្តីរីករាយ ចំពោះផ្លែផ្កាដែលក្រសួងសម្រេចបានក្នុងការកែទម្រង់ផ្ទៃក្នុងតាមរយៈនៃការបញ្ចូលប្រព័ន្ធគុណធិបតេយ្យនៅក្នុងការតែងតាំង និងតំឡើងតួនាទី និងការកសាងសមត្ថភាពជំនាញវិជ្ជាជីវៈ ដែលប៉ុន្មានឆ្នាំចុងក្រោយនេះមានការលើកកម្ពស់គួរឱ្យកត់សម្គាល់។ វិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិ ដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការ ២ ឆ្នាំមុននេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល បំពាក់បំប៉នចំណេះដឹង និងសមត្ថភាពវិភាគដល់មន្ត្រីការទូតយើង។ ពិតហើយការបណ្ដុះបណ្តាលធនធានមនុស្ស គឺជាការវិនិយោគដែលប្រើពេលយូរ មុននឹងបានទទួលផល។ ហេតុនេះ ខ្ញុំសូមលើកទឹកចិត្តថ្នាក់ដឹកនាំក្រសួង មន្ត្រីការទូតយើងទាំងអស់បន្តប្រឹងប្រែងបង្កើនចំណេះដឹង លើកកម្ពស់សមត្ថភាពវិភាគស្រាវជ្រាវព័ត៌មាន ពិសេស ពាក់ព័ន្ធនឹងភូមិសាស្ត្រ-នយោបាយ ភូមិសាស្ត្រ-យុទ្ធសាស្ត្រ និងភូមិសាស្ត្រ-សេដ្ឋកិច្ច។
[ចាប់ផ្ដើមអត្ថាធិប្បាយ]
៤១ឆ្នាំមុន រៀបចំក្រសួងការបរទេសមួយ ដែលចាប់ផ្តើមត្រឹមតែមនុស្ស ៣នាក់
ចំណុចនេះ ខ្ញុំនៅចាំបានថា ៤១ ឆ្នាំមុន គឺនៅពេលនេះហើយ ដែលជាពេលវេលានៃការចាប់ផ្តើមរបស់ខ្ញុំក្នុងការរៀបចំក្រសួងការបរទេសមួយ ដែលចាប់ផ្តើមត្រឹមតែមនុស្ស ៣ នាក់ តែប៉ុណ្ណោះ ខ្លួនខ្ញុំម្នាក់ អ្នកបើកឡានម្នាក់ និងកងការពារម្នាក់តែប៉ុណ្ណោះ អត់មានធនធានមនុស្សទេ។ ទីក្រុងភ្នំពេញគ្មានមនុស្សនៅ ស្ថាប័នទាំងអស់របស់ជាតិត្រូវបង្កើតឡើងវិញ ខ្ញុំជាអ្នកបង្កើតក្រសួងការបរទេសមុនគេ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសនៅពេលនោះ ដែលមានវ័យត្រឹមតែមិនទាន់ដល់ ២៧ ឆ្នាំ ផងនោះ។ ឥឡូវ ៤១ ឆ្នាំក្រោយមន្ត្រីការបរទេសយើងសម្បូរបែប។ ឥឡូវមន្ត្រីក្រសួងការបរទេសក៏មានវត្តមាននៅទីនេះ មានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏នៅទីនេះ ឯកឧត្តម ចម ប្រសិទ្ធ លោកជំទាវ ទី បូរ៉ាស៊ី ក៏សុទ្ធតែជាអ្នកការទូតនៅពេលនោះ ខ្ញុំបានប្រមែប្រមូល ហើយ ឯកឧត្តម ឡុង វិសាឡូ, អ៊ុច គឹមអ៊ន គឺសុទ្ធតែជាអ្នកដែលឆ្លងកាត់កម្សត់កម្រ។ ហើយពេលនោះយើងទទួលទានបាយផង និងគ្រាប់ពោតផងទេ។ រដ្ឋសភារបស់យើងនេះ ឥឡូវទៅជាកន្លែងតុលាការកំពូល ជាឆ្នាំងបាយរួមរបស់មន្ត្រីការទូតរបស់យើងកាលពីដំណាក់កាលនោះ។ ថ្ងៃនេះ អស់លោក ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអ្នកការទូតសឿងណាស់ មានក្រវាត់ក មានឡានជិះគ្រប់ៗគ្នា។ តែពេលនោះអត់ទេ។ ចម ប្រសិទ្ធ ធ្វើជានាយកខុទ្ទកាល័យខ្ញុំផង ហើយធ្វើជាលេខាផ្ទាល់ឱ្យខ្ញុំផង មានកង់ខ្មៅមួយជិះតែប៉ុណ្ណោះ អត់មានឡានទេ សុំជម្រាបជូន។ ឥឡូវ អស់លោកទៅកន្លែងណាត្រឹមតែ ១ គីឡូ ក៏ទារឡានទំនើបជិះដែរ។ អញ្ចឹងស្ថានភាពវាមិនដូចគ្នាទេ ក៏ប៉ុន្តែខ្ញុំនៅនឹកអនុស្សាវរីយ៍ ដែលយើងចងចាំក្នុងរយៈពេល ៤១ ឆ្នាំ។ ហើយខ្ញុំគឺជាមនុស្សតែម្នាក់គត់ ដែលនៅក្នុងរដ្ឋាភិបាលមិនដាច់រយៈ រយៈពេល ៤១ ឆ្នាំ គឺចាប់ពីឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស ហើយធ្វើជានាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីការបរទេស បន្ទាប់ទៅបានផ្ទេរឱ្យអ្នកដទៃ។
មោទនភាពចំពោះការវិវឌ្ឍឈានឡើងនៃធនធានមនុស្សរបស់កម្ពុជា, ទោះបីប្រទេសខ្ញុំក្រ ប៉ុន្តែគឺជាជាតិមួយ ទោះបីជាខ្ញុំក្មេង ប៉ុន្តែខ្ញុំក៏តំណាងឱ្យជាតិមួយ
ដូច្នេះ ខ្ញុំពិតជាមានមោទនភាពចំពោះការវិវឌ្ឍឈានឡើង នៃធនធានមនុស្សរបស់កម្ពុជា និយាយជារួម និងនិយាយដោយឡែក ចំពោះមន្ត្រីការទូតរបស់យើង។ ហើយពេលនោះទោះបីទៅទីណា កន្លែងណាគឺខ្ញុំតែងផ្ញើ។ ទៅដល់ Moscow សុំ Andrei Gromyko ពេលនោះ Andrei Gromyko រឿងដែលវាចម្លែកត្រង់អញ្ចេះ ខ្ញុំជួប Andrei Gromyko ដែលជាអតីតរដ្ឋមន្ត្រីការបរទេសរបស់សហភាពសូវៀតនៅពេលនោះ ខ្ញុំអាយុ ២៧ឆ្នាំ ដល់ Andrei Gromyko អាយុ ៧២ឆ្នាំ អញ្ចឹងអាលេខផ្ទុយគ្នា។ ខ្ញុំគិតហើយគិតទៀតថា បើខ្ញុំក្មេងរបៀបនេះ ហើយប្រទេសយើងក្ររបៀបនេះ តើទៅជួបគេរបៀបម៉េច? ខ្ញុំជិះយន្តហោះពីហាណូយ តម្រង់ឆ្ពោះទៅ Moscow នៅលើយន្តហោះខ្ញុំដេកមិនលក់សោះ ពេលយន្តហោះចុះនៅ Mumbai ពី Mumbai ទៅដល់ Tashkent ដេកក៏មិនលក់ ចេញពី Tashkent ទៅ Moscow ចាប់ផ្តើមលក់បន្តិច ប៉ុន្តែនៅក្នុងចន្លោះពី Mumbai ទៅ Tashkent ខ្ញុំគិតថា ប្រទេសធំ ឬប្រទេសតូចគឺជាប្រទេសមួយដូចគ្នា ទោះបីខ្ញុំក្មេង ប៉ុន្តែខ្ញុំក៏ជាតំណាងជាតិមួយ។ យន្តហោះបានចុះចតប្រមាណជា ម៉ោង ៣ នៅឯទីក្រុង Moscow ស្រាប់តែក្រឡេកពីលើយន្តហោះទៅ ឃើញទង់ជាតិមួយគូ ដាក់នៅក្បែរយន្តហោះដែលយើងចុះទៅ ព្រោះពេលនោះជាទស្សនកិច្ចលើកដំបូងរបស់ខ្ញុំ ទៅអតីតសហភាពសូវៀត ដើម្បីឆ្លងកាត់ទៅចូលរួមការរិយាល័យសម្របសម្រួលនៃចលនាមិនចូលបក្សសម្ព័ន្ធនាពេលនោះ។ បន្ទាប់ពីឃើញទង់ជាតិដែលដាក់នៅលើដងទង់ជាតិទាំងពីរ ទង់ជាតិសហភាពសូវៀត និងទង់ជាតិកម្ពុជា បន្តិចក្រោយមកឃើញឡានមួយគ្រឿងដោយដាក់ទង់ជ័យ ២ មកជាមួយ ទង់ជ័យម្ខាងគឺកម្ពុជា ទង់ជ័យម្ខាងគឺសូវៀត។ ដូច្នេះអ្វីដែលខ្ញុំគិតគឺត្រូវ ទោះបីប្រទេសខ្ញុំក្រ ក៏ប៉ុន្តែគឺជាជាតិមួយ ទោះបីជាខ្ញុំក្មេង ប៉ុន្តែខ្ញុំក៏តំណាងឱ្យជាតិមួយ។
ពេលនោះប្រហែលជា ឯកឧត្តម អគ្គរដ្ឋទូត នៅចាំក៏មិនដឹង អតីតអនុរដ្ឋមន្ត្រីការបរទេសសូវៀតនៅពេលនោះ ឈ្មោះ ហ្វី រ៉ូប៊ីន ជាអ្នកមកទទួលខ្ញុំដល់ព្រលានយន្តហោះ។ នោះហើយគឺជារសជាតិដំបូងនៃកិច្ចសន្ទនាការទូត រវាងរដ្ឋមន្រ្តីការបរទេសពីប្រទេសក្រីក្រមួយ ពីយុវជនម្នាក់ ជាមួយនឹងអ្នកការទូតជើងចាស់ សម័យសង្គ្រាមលោកលើកទី ២ Andrei Gromyko ជាអគ្គរដ្ឋទូតនៅសហរដ្ឋអាមេរិក ហើយពេលដែលខ្ញុំទៅដល់ Moscow ពេលដែលខ្ញុំត្រឡប់ពី Colombo ទៅវិញ ទើបខ្ញុំបានជួប Andrei Gromyko ដោយសារពេលនោះ Andrei Gromyko ត្រូវអមដំណើរអតីតប្រធានាធិបតីសហភាពសូវៀត Leonid Brezhnev ទៅ Helsinki ដើម្បីចុះហត្ថលេខាលើកិច្ច ព្រមព្រៀង Helsinki រវាងអាមេរិក និងសូវៀត ស្តីពីអាវុធនៅអឺរ៉ុប ដែលឥឡូវនេះ កិច្ចព្រមព្រៀងនោះហាក់ត្រូវបានបំផ្លាញទៅហើយ។
អ្នកការទូតជំនាន់នេះ សំណាងជាងអ្នកជំនាន់មុន
ចំណុចអស់ទាំងនេះ គឺជាចំណុច ដែលខ្ញុំគ្រាន់តែរំលឹកថា ឯកឧត្តម លោកជំទាវ ធ្វើជាអ្នកការទូតជំនាន់នេះវាសំណាងណាស់ទៅហើយ។ ជំនាន់ខ្ញុំធ្វើរដ្ឋមន្ត្រីការបរទេស រហូតដល់ធ្វើនាយករដ្ឋមន្ត្រី អ្នកដែលអម ដំណើរខ្ញុំមានសិទ្ធិទទួលបានប្រាក់ត្រឹមតែ ៥០ ដុល្លារ(អាមេរិក) តែប៉ុណ្ណោះ។ ទាំងអស់គ្នា(ទទួលបាន) ស្មើៗគ្នា។ មានសិទ្ធិមានលុយដាក់ហោប៉ៅតែ ៥០ ដុល្លារ(អាមេរិក)ទេ រាប់ទាំងមុខពេលទៅចុះហត្ថលេខាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ពេលដែល SNC ទៅកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិនៅញ៉ូវយ៉ក គណៈប្រតិភូរបស់រដ្ឋកម្ពុជា ដែលដឹកនាំដោយខ្ញុំ ទៅនៅសណ្ឋាគារ គេហៅថាអា Self Service នោះ អត់មានអ្នកណាបម្រើទេ សណ្ឋាគារហ្នឹង។ ប៉ុន្តែ ត្រីភាគីនៅសណ្ឋាគារផ្កាយប្រាំទាំងអស់។ កម្ពុជាសន្សំលុយ ដល់ប៉ុណ្ណឹង ដើម្បីប្រជាជន។ យើងអត់ហ៊ានចំណាយ(លុយ)ទៅនៅសណ្ឋាគារធំៗទេ។ លោកជំទាវ ណា នូ អាចដឹងហើយ។ អ្នកដទៃនៅក្នុងភាគីផ្សេងៗអាចដឹងនៅពេលនោះ។
បើការចរចា Fère-en-Tardenois វិញ ខ្ញុំនៅអាសណ្ឋាគារអត់ផ្កាយតែម្តង គឺនៅ Soissons លោកជំទាវ អគ្គរដ្ឋទូតបារាំងពិតជាដឹងហើយ កន្លែង Soissons អត់មានសណ្ឋាគារផ្កាយបី/បួន/ប្រាំអីទេ មានអាកូនបឹងកាឡូគេនៅហ្នឹង។ សម័យថ្ងៃមួយអាម៉ាស៊ីនកំដៅវាដាច់អាហ្វុយហ្ស៊ីប វារងា មិនដឹងធ្វើម៉េច ឱបតែប្រពន្ធ អាហ្នឹងរសជាតិ នៃបញ្ហា។ យើងអត់ទៅសណ្ឋាគារផ្កាយប្រាំកន្លែងណាបានទេ យើងសន្សំប្រាក់។ ហើយទៅកន្លះខែ ក៏មានសិទ្ធិដាក់លុយ(ត្រឹម) ៥០ ដុល្លារ ទៅមួយអាទិត្យក៏ ៥០ ដុល្លារ គឺមានតែប៉ុណ្ណឹង។ អត់មានអីច្រើនជាងប៉ុណ្ណឹងទេ។ អាហ្នឹងខ្ញុំសូមបញ្ជាក់ អំពីសារបានបន្តិច។
មិនត្រូវយកអធិបតេយ្យជាតិរបស់យើង ទៅដោះដូរជាមួយនឹងការអនុគ្រោះ ឬជំនួយណាទាំងអស់
ក្នុងពេលដែល ឥឡូវនេះ ប្រាក់បៀវត្សមន្ត្រីទូតរបស់យើងនៅក្រៅប្រទេសក៏មិនអន់ប៉ុន្មានដែរ។ យើងតែរិះរកវិធី ដើម្បីកាត់បន្ថយការលំបាក នៃមន្ត្រីការទូតរបស់យើង។ បញ្ជាក់ទៅលើចំណុចនេះ គឺជាការចងចាំធំណាស់ ហើយខ្ញុំ គឺជាតួអង្គមួយ ក្នុងចំណោមតួអង្គ ដែលបានឆ្លងកាត់រយៈពេលដ៏លំបាក (គឺមាន)រយៈពេល ៤១ ឆ្នាំទៅហើយ។ ដូច្នេះ ខ្ញុំនៅបន្តនិយាយថា មិនត្រូវឱ្យអ្នកណាមកដឹកច្រមុះរបស់យើង ហើយក៏មិនត្រូវយកអធិបតេយ្យជាតិរបស់យើង ទៅដោះដូរជាមួយនឹងការអនុគ្រោះ ឬជំនួយណាទាំងអស់។ ពិតជាគ្មានតម្លៃ ហើយថោកទាបផង ប្រសិនបើច្បាប់របស់យើងមិនអាចអនុវត្តបាន ហើយតម្រូវឱ្យធ្វើទៅតាមការបង្ខិតបង្ខំរបស់អ្នកដទៃ តើយើងជាប្រទេសមានឯករាជ្យ និងអធិបតេយ្យទេ? ជំនាន់មុន ការហ៊ុមព័ទ្ធសេដ្ឋកិច្ចមានគ្រប់ទិស នៅសល់តែសហភាពសូវៀត និងអឺរ៉ុបខាងកើត ដែលហៅថា COMECON នោះ បូកជាមួយ វៀតណាម ឡាវ ឥណ្ឌា តែប៉ុណ្ណោះ ដែលផ្តល់នូវការគាំទ្រសម្រាប់កម្ពុជារស់រានមានជីវិត។ ឥឡូវនេះ យើងមានដៃគូច្រើន ដែលរកស៊ីជាមួយគ្នា។
មិនមានការចាំបាច់ត្រូវប្រជុំបិទទ្វារ ដោយមន្ត្រីការទូតត្រូវបានអញ្ជើញចូលរួមក្នុងសន្និបាតគណបក្ស
ដំបូងគិតថា ប្រជុំនៅទីនេះរួចហើយ និងមានការប្រជុំបិទទ្វារ ហើយខ្ញុំនឹងធ្វើបទឧទ្ទេសនាម ក៏ប៉ុន្តែ ឆ្លងកាត់ថ្ងៃនេះ ដោយសារថ្ងៃស្អែកនេះ សន្និបាតគណបក្សក៏នឹងចាប់ផ្តើម ខ្ញុំនឹងត្រូវនិយាយច្រើននៅថ្ងៃស្អែក និង(ថ្ងៃ)ខានស្អែកនៅក្នុងសន្និបាតគណបក្ស ហើយមន្ត្រីការទូតក៏ត្រូវបានអញ្ជើញឱ្យចូលរួមនៅទីនោះ។ ដូច្នេះ ខ្ញុំគិតថា មិនមានការចាំបាច់ខ្ញុំធ្វើបទឧទ្ទេសនាម បើខ្ញុំត្រូវធ្វើបទឧទ្ទេសនាម ខ្ញុំត្រូវចំណាយ(ពេល) ៣ ម៉ោង យ៉ាងតិច ព្រោះត្រូវនិយាយវាយតម្លៃអស់សភាពការណ៍ពិភពលោក និងទិសដៅអនាគត ក៏ប៉ុន្តែ ខ្ញុំគិតថា បន្ទាប់ពីការបញ្ឈប់ទៅ យើងក៏មិនចាំបាច់បន្ថែមអ្វីទៀតទេ គឺដល់ពិធីបំពាក់មេដាយជូនចំពោះមន្ត្រីរបស់យើងតែម្តង។
[ចប់អត្ថាធិប្បាយ]
ខ្ញុំក៏សូមឆ្លៀតឱកាសនេះ ដើម្បីអរគុណប្រទេសជាមិត្តនានា ដែលបានផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការល្អ ក្នុងការជួយអភិវឌ្ឍធនធានមនុស្សតាមរយៈអាហារូបករណ៍ ទស្សនកិច្ចសិក្សា ការផ្លាស់ប្តូរបទពិសោធន៍ ការរៀបចំវគ្គបណ្តុះបណ្តាល ក៏ដូចជាការផ្តល់បាឋកថា ចែករំលែកចំណេះដឹង និងទស្សនទាននានា។ លុះត្រាណាតែជួរអ្នកការទូតរបស់យើងមានសមត្ថភាព វិជ្ជាជីវៈខ្ពស់វាងវៃ ប្រកបដោយគំនិតយុទ្ធសាស្ត្រ និងស្មោះត្រង់ចំពោះជាតិមាតុភូមិ ទើបយើងនឹងអាចសម្រេចបានដោយជោគជ័យនូវបេសកកម្មលើកស្ទួយ និងការពារផលប្រយោជន៍គោលរបស់ប្រទេសជាតិយើងបាន។ ក្នុងស្មារតីនេះ ខ្ញុំតែងតែគាំទ្រនូវគំនិតផ្តួចផ្តើមនានារបស់ក្រសួងការបរទេស ក្នុងការបង្កើនមធ្យោបាយ បច្ចេកទេស ហិរញ្ញវត្ថុ និងធនធានមនុស្ស ដើម្បីបម្រើផលប្រយោជន៍របស់ប្រទេសជាតិ។
ខ្ញុំសូមលើកសរសើរជាថ្មីម្តងទៀត ចំពោះកិច្ចប្រឹងប្រែង និងលទ្ធផលល្អប្រសើររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងចំពោះការខិតខំ និងឆន្ទៈខ្ពស់របស់មន្ត្រីការទូតរបស់យើងក្នុងការបំរើជាតិមាតុភូមិ និងសូមជូនពរឱ្យទទួលបានជោគជ័យថ្មីៗថែមទៀត។
ឆ្នាំ ២០២០ នេះ ជាឆ្នាំដែលអង្គការសហប្រជាជាតិប្រារព្ធខួបទី ៧៥ របស់ខ្លួន ក្រោមការប្តេជ្ញារួមគ្នា ដើម្បីពង្រឹងលើកតម្កើងពហុភាគីនិយម។
ឆ្នាំ ២០២០ នេះ ក៏ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ (ASEM13) ក្រោមប្រធានបទ “ពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម”។
ចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិក ASEM នៅឆ្នាំ ២០០៤ មក យើងតែងផ្តល់តម្លៃដល់វេទិកានេះ ជាវេទិកាដ៏សំខាន់សំរាប់កិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ី និងអឺរ៉ុប ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជាច្រើន។
សព្វថ្ងៃនេះ គ្មាននរណាអាចប្រកែកបានឡើយចំពោះតំលៃ និងសារសំខាន់នៃវេទិកា ASEM នៅក្នុងកិច្ចការនយោបាយ ការទូត និងទំនាក់ទំនងអន្តរតំបន់។ ចាប់តាំងពីការកកើតឡើងរបស់ខ្លួននាឆ្នាំ១៩៩៦ ASEM បានបំពេញតួនាទីជាគន្លឹះក្នុងឋានៈជាវេទិកាសន្ទនា និងសហប្រតិបត្តិការដែលផ្សារភ្ជាប់អាស៊ី និងអឺរ៉ុប។
ASEM ក៏ជាវេទិកាដែលផ្តល់ឱ្យកម្ពុជានូវកាលានុវត្តភាពជាច្រើន ដើម្បីជំរុញឱ្យកាន់តែរហ័ស និងស៊ីជម្រៅនូវសមាហរណកម្មរបស់ខ្លួននៅក្នុងតំបន់ និងពិភពលោកផងដែរ។
កិច្ចប្រជុំកំពូល ASEM លើកទី ១៣ ខាងមុខនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងការទូតធំបំផុតសម្រាប់កម្ពុជាយើង។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាឱកាសដ៏ប្រសើរបំផុតសម្រាប់កម្ពុជាបញ្ជាក់ក្នុងកំរិតខ្ពស់បំផុតនូវការបេ្តជ្ញារបស់ខ្លួន ចំពោះការពង្រឹងប្រព័ន្ធពហុភាគីនិយម ការចូលរួមក្នុងកិច្ចប្រឹងប្រែងរបស់ពិភពលោកក្នុងការដោះស្រាយការប្រឈមជាសកល និងការចូលរួមស្វែងរកកាលានុវត្តភាព ក្នុងការធ្វើឱ្យប្រសើរនូវសេដ្ឋកិច្ចពិភពលោក។
ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដែលនឹងប្រមូលផ្តុំមេដឹកនាំពី ៥១ ប្រទេស និងប្រធានស្ថាប័នតំបន់ ២ ព្រមជាមួយការចាត់តាំងរៀបចំព្រឹត្តិការណ៍ចំនួន ៧ ទៀតនោះ គឺទាមទារកិច្ចប្រឹងប្រែងថ្នាក់ជាតិ ដើម្បីដោះស្រាយបញ្ហាភស្តុភារ ហិរញ្ញវត្ថុ បច្ចេកទេស ទីតាំង ពិធីការ និងការធានាសន្តិសុខខ្ពស់បំផុត។ កម្ពុជាប្តេជ្ញានឹងសម្រេចកិច្ចការនេះប្រកបដោយកិត្តិយស និងជោគជ័យ។
ក្នុងឱកាសដ៏មហោឡាឫកនេះ ខ្ញុំមានសេចក្តីរីករាយ និងកិត្តិយស សូមប្រកាសជាផ្លូវការនូវការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ និង ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅរាជធានីភ្នំពេញ៕