ប្រមុខរាជរដ្ឋាភិបាលអំពាវនាវឱ្យរោងចក្រ ធ្វើការដេរម៉ាស់លក់ឱ្យរដ្ឋ ដើម្បីផ្គត់ផ្គង់ ជូនដល់ប្រជាពលរដ្ឋ ខណៈកំពុងមានតម្រូវការប្រើប្រាស់ច្រើន

ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០​ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវ​ដល់​រោងចក្រដែលផលិតម៉ាស់ធ្វើការជួយដេរម៉ាស់ដើម្បីលក់ឱ្យរដ្ឋក្នុងការផ្គត់ផ្គង់ជូនដល់ប្រជា ពលរដ្ឋដែលខ្វះខាត ខណៈកំពុងមានតម្រូវការប្រើប្រាស់ច្រើន។

ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “ត្រូវមានម៉ាស់ការពារនៅកន្លែងចាំបាច់ ប៉ុន្តែដូច​ខ្ញុំជួប​ជាមួយអ្នកសារព័ត៌មានអីចឹង ខ្ញុំថ្លែងសារទៅកាន់ប្រជាពលរដ្ឋ តើមានការចាំបាច់​ពាក់​ម៉ាស់ទេ អីចឹងបានជាខ្ញុំប្រើពាក្យចាំបាច់។ យើងមើលនៅព្រលានយន្តហោះ អ្នកនៅអាស៊ីពាក់ ប៉ុន្តែអ្នកទេសចរមិនពាក់ទេ ព្រោះគេយល់ ចំណែកយើងភ័យហួសនាំគ្នាពាក់។”  សម្តេចតេ​ជោ​បានលើកឡើងថា យើងពាក់ម៉ាស់នៅពេលចាំបាច់បើមិនចាំបាច់ទេមិនត្រូវពាក់ទេ ហើយ​ទីកន្លែងណាដែលចាំបាច់ត្រូវពាក់ម៉ាស់។ ទន្ទឹមនេះ បើអ្នកណាចង់ពាក់ក៏ពាក់ទៅ ប៉ុន្តែ​ជួន កាលការពាក់ម៉ាស់នឹងអាចនាំឱ្យមានជំងឺឆ្លងមកវិញផងដែរ។ ផ្ទុយទៅវិញបើជ្រុលពាក់​ម៉ាស់ ហើយត្រូវពាក់ម៉ាស់មានសុវត្ថិភាព។

សម្តេចតេជោក៏បានអំពាវនាវដល់អ្នកលក់ម៉ាស់ សូមកុំធ្វើការឆ្លៀតដំឡើងថ្លៃឱ្យសោះ គឺត្រូវជួយគ្នាក្នុងគ្រាក្រ កុំកេងចំណេញ ហើយសោកស្តាយចំពោះអ្នកលក់ម៉ាស់មួយ​ចំនួន​ដែលបានដំឡើងថ្លៃម៉ាស់។ សម្ដេចតេជោថ្លែងបញ្ជាក់ថា “ខ្ញុំអំពាវនាវអ្នកលក់ម៉ាស់កុំកេង​ចំណេញ​នៅពេលដែលប្រជាជនកំពុងមានតម្រូវការដើម្បីពាក់។ ជាមួយគ្នានេះ ខ្ញុំអំពាវនាវ រោងចក្រកាត់ដេរមួយចំនួនជួយដេរម៉ាស់លក់ឱ្យរដ្ឋ ឬជួយដល់ប្រជាជនដែលមានតម្រូវការ ព្រោះថារោងចក្រមានច្រើនណាស់ ដូច្នេះក្រសួងសុខាភិបាល ត្រូវធ្វើការជាមួយក្រសួង​ការ ងារ និងសមាគមកាត់ដេរ ដើម្បីផលិតម៉ាស់បន្ថែម។”

សម្ដេចតេជោបានបន្ថែមថា ការប្រើប្រាស់នឹងមានរយៈពេលបន្តទៀត ដោយ​យើង​មិនអាចប្រើប្រាស់ តែម៉ាស់តែមួយនោះទេ។ យើងត្រូវត្រៀមលក្ខខណៈព្រោះវាអាចអូស​បន្លាយរយៈពេលបន្ថែម។ ទន្ទឹមនេះ ចំពោះក្រុមគ្រួសារណាដែលចេះដេរម៉ាស់គម្បីដេរខ្លួនឯង​ដើម្បីប្រើប្រាស់ក្នុងគ្រួសារផងដែរ។ សម្ដេចតេជោបានបន្ថែមទៀតថា រដ្ឋត្រូវទទួលខុសត្រូវ ក្នុងការទិញ​ម៉ាស់ពីរោងចក្រដែលផលិតម៉ាស់ដោយចុះកុងត្រា ដែលយើងឱ្យគេផលិត៕​

ដោយ ប៊ុនរិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ