ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងសួរសុខទុក្ខ និងប្រទានព្រះរាជអំណោយដល់ប្រជាកសិករ នៅស្រុកថ្ពង

កំពង់ស្ពឺ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ — នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករ ប្រកបរបរធ្វើស្រែប្រមាណ ៥៦០គ្រួសារ ស្ថិតនៅភូមិទឹកលង១ និងភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ក្នុងព្រះរាជដំណើរតាមព្រះទីនាំងរថយន្ត ពីព្រះបរមរាជវាំង ឆ្ពោះទៅកាន់ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានចម្ងាយផ្លូវ ប្រមាណ ៧៥គីឡូម៉ែត្រ ដោយឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្ដាលតាមផ្លូវជាតិលេខ ៥ ផ្លូវជាតិលេខ ៤៤ រួចបន្តចុះតាមផ្លូវលំឆ្ពោះទៅភូមិទឹកលង ១ដល់កន្លែងប្រារព្ធព្រះរាជពិធី។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានដង្ហែព្រះរាជដំណើរដោយសម្តេច ចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងឯកឧត្តម លោកជំទាវ មន្រ្តីរាជការនៃក្រសួង ព្រះបរមរាជវាំង និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ជាច្រើនរូប។

ក្នុងឱកាសយាងដល់កន្លែងប្រារព្ធព្រះរាជពិធី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានទទួលថ្វាយបដិសណ្ឋារកិច្ចនៃព្រះរាជដំណើរយ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា បងប្អូនប្រជារាស្រ្តជាកូន ជាចៅរបស់ ព្រះអង្គ ប្រកប ដោយក្តីនឹករឭក និងគោរពស្រឡាញ់ជាទីបំផុត ។

នៅក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះរាជបន្ទូលទៅកាន់លោកយាយ លោកតា និងប្រជារាស្រ្តជាកូន ជាចៅ ដោយព្រះអង្គបានសម្ដែងនូវព្រះរាជហឫទ័យសប្បាយរីករាយ ដោយបានជួបលោកតា លោកយាយ និងប្រជារាស្រ្ត ជាកូន ជាចៅរបស់ព្រះអង្គ ជាពិសេសព្រះអង្គបានទត និងជួបផ្ទាល់ជាមួយប្រជារាស្រ្តជាកសិករ ព្រមទាំងមានព្រះរាជ បន្ទូលពីព្រះរាជបណ្តាំសាកសួរសុខទុក្ខ ពីសំណាក់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តចយាយទួត ប្រគេនព្រះសង្ឃ ជូនប្រជារាស្ត្រ ជាកូន ជាចៅ ចៅទូត ចៅលូត របស់ព្រះអង្គ ដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ពីសុខទុក្ខ និងការលំបាក ក៏ដូចជាការរស់នៅ របស់ប្រជារាស្ត្រគ្រប់ពេលវេលា។

ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក៏បានមានព្រះរាជបន្ទូល កោតសរសើរចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិរបស់យើងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលកត្តា ទាំងនេះបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជារាស្ត្រកាន់តែប្រសើរឡើង ។ ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែមានវិធានការក្នុងការជួយសង្រ្គោះប្រជារាស្ត្រ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា ដែលសកម្មភាពដ៏ប្រពៃនេះហើយបាន ធ្វើឱ្យព្រះរាជ ហឫទ័យរបស់ព្រះអង្គផ្ទាល់ និងព្រះរាជហឫទ័យរបស់សម្តេច ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ មានភាពកក់  ក្តៅបំផុត។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏មានព្រះរាជបន្ទូលកោតសរសើរដល់សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ដែលតែងតែបានរៀប ចំកម្មវិធី និងអំណោយបានទាន់ពេលវេលា ដើម្បីថ្វាយព្រះអង្គបានយាងសួរសុខទុក្ខ លោកយាយ លោកតា និងប្រជារាស្រ្តជាកូន ជាចៅ របស់ព្រះអង្គ និងប្រោស ព្រះរាជទានព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករ នៅតាមបណ្ដាខេត្តមួយចំនួន ផងដែរ។

បន្ទាប់ពីព្រះរាជបន្ទូលសំណេះសំណាលរួចមក ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចយាងប្រោសព្រះរាជទាន នូវព្រះរាជអំណោយដោយ ផ្ទាល់ព្រះហស្តរបស់ព្រះអង្គ និងយាងជួបសំណេះសំណាល និងទតដោយផ្ទាល់ព្រះភក្ត្ររបស់ព្រះអង្គ ចំពោះគ្រួសារ ប្រជាកសិករចំនួន ៦គ្រួសារ ដល់ក្នុងលំនៅឋាន។ ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជ អំណោយដល់គ្រួសារទាំង៦​ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) មី ១កេស ត្រីខ ១០កំប៉ុង កន្ទេល១(១,៧៥ម​. x ១,៨០ម.) ស្បែកជើងផ្ទាត់១គូ អាវយឺតចំនួន១ ដែលមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ថវិកា ១០ម៉ឺនរៀល ។

ក្នុងព្រះរាជពិធីនេះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏បានប្រោសព្រះរាជទានព្រះរាជអំណោយដល់លោកគ្រូ អ្នកគ្រូ ចំនួន ២៥នាក់ និងក្រុមគ្រូពេទ្យចំនួន ៦នាក់ ដោយក្នុងម្នាក់ៗទទួលបាន ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) អាវយឺតចំនួន១ ដែលមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ថវិកា ១០ម៉ឺនរៀល។ ដោយឡែកសម្រាប់ សិស្សានុសិស្សចំនួន ៩០០នាក់ ទទួលបានអាហារពេលព្រឹកមួយពេលសម្រាប់ទទួលទាន មាន៖ ទឹកបរិសុទ្ធ១ដប ទឹកក្រូច១កំប៉ុង មីចាន២ នំប៉ាវ១ នំផ្អែម១កញ្ចប់ ផ្លែប៉ោម១ផ្លែ ព្រមទាំងសម្លៀកបំពាក់មួយសម្រាប់ អាវយឺតមាន ស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទ    សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ចំនួន១ ថវិកា៥.០០០រៀល និងសម្ភារសិក្សាមួយចំនួនផងដែរ ។

ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយទឹកព្រះទ័យ សប្បាយរីករាយ និងអាណិតស្រឡាញ់ជាទីបំផុតព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេច យាងប្រោសព្រះរាជទាន នូវព្រះរាជអំណោយដោយផ្ទាល់ព្រះហស្តរបស់ព្រះអង្គ ដល់ប្រជារាស្រ្តជាកសិករទាំង ៥៦០គ្រួសារ ដោយក្នុងមួយ គ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) មី ១កេស ត្រីខ ១០កំប៉ុង កន្ទេល១(១,៧៥ម​. x ១,៨០ម.) ស្បែកជើងផ្ទាត់១គូ អាវយឺតចំនួន១ ដែលមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ថវិកា ១០ម៉ឺនរៀល ៕

ដោយ សោម ឫទ្ធី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...