គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រកាសយកឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ — សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសយកឆ្នាំ២០២០ ជាឆ្នាំនៃការរឹត​បន្តឹងអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ នេះបើយោងតាមក្រសួងមហាផ្ទៃ។
 
បើយោងតាមរបាយការណ៍កាលពីឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍មាន​កំណើនយ៉ាង​គំហុក ទាំងស្លាប់ ទាំងរបួស និងការខូចខាតទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិឯកជន បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ជាក់ស្តែង អ្នកស្លាប់កើនឡើងចំនួន ២២០នាក់ ស្មើនឹង ១២​ភាគរយ និងអ្នករបួសកើនឡើងចំនួន១.៣៧១នាក់ ស្មើនឹង២៩ភាគរយ។ ទាំងនេះ មូលហេតុ​ដោយសារកត្តាសំខាន់បីយ៉ាងគឺ កត្តាកំណើនយានយន្ត(ប្រមាណ ៣៧ភាគរយ) កត្តារហេដ្ឋា​រចនាសម្ព័ន្ធដែលមិនទាន់មានតុល្យភាពនឹងកំណើនយានយន្ត និងកត្តាឥរិយាបថរបស់អ្នកប្រើ​ប្រាស់ផ្លូវដែលមិនគោរព និងអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់។ យោង​តាម​សេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្តីពីការរឹត បន្តឹង​ការ​អនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០។
 
សម្ដេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរ ចំពោះសមត្ថកិច្ចគ្រប់ថ្នាក់ និងប្រជាពលរដ្ឋប្រើប្រាស់ផ្លូវ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តច្បាប់ស្តីពីចរាចរណ៍​ផ្លូវគោក។ ទន្ទឹមនេះ ដើម្បីទប់ស្កាត់ និងកាត់បន្ថយជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០ អនុវត្តន៍តាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ប្រធានគណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រកាសជូនសាធារណជននូវវិធានការរួមមាន ទី១-ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសាលារៀន ត្រូវបន្តផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់​ប្រភេទ បុគ្គលិក កម្មករ សិស្ស និស្សិត ឱ្យប្រកាន់ខ្ជាប់នូវការគោរពច្បាប់ស្តីពី ចរាចរណ៍ផ្លូវ​គោក។ ទី២-អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌។ ទី៣-គណៈកម្មា​ធិ​ការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសូមប្រកាសយកឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្តឹង អនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ទី៤-អគ្គលេខាធិការដ្ឋាន អនុគណៈកម្មការសុវត្ថិភាព ចរាចរណ៍ផ្លូវគោកទាំងអស់ និងកងកម្លាំងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកត្រូវយកអស់ ស្មារតីទទួលខុសត្រូវរឹតបន្តឹងការអនុវត្តច្បាប់ ដោយស្មើភាព ដោយគ្មានការលើកលែង ដោយ​តម្លាភាព និងប្រកបដោយសីលធម៌វិជ្ជាជីវៈ សំដៅជម្រុញអ្នកប្រើប្រាស់ផ្លូវឱ្យគោរពច្បាប់ឱ្យ​បានម៉ឺងម៉ាត់។
 
សម្ដេចក្រឡាហោមបានបន្ថែមទៀតថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍​ផ្លូវ​គោកសង្ឃឹមថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ដើម្បីការពារអាយុ​ជីវិត​ខ្លួនឯង ជោគវាសនារបស់ក្រុមគ្រួសារជោគវាសនា និងកិត្តិយសនៃសង្គមជាតិ៕
 
 
ដោយ អ៊ុន រីទ្ធី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ