សម្តេចប្រធានរដ្ឋសភា៖ កុមារជាអ្នកបន្តវេនប្រកបដោយសក្តានុពលរបស់ប្រទេសជាតិ

ស្វាយរៀង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ — ក្នុងពិធីសម្ពោធសាលាបឋមសិក្សាតាសួស ស្ថិតនៅភូមិតាសួស ឃុំត្រស់ ស្រុករមាស ហែក ខេត្តស្វាយរៀង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើង ថា កុមារជាអ្នកបន្តវេនប្រកបដោយធនធានសក្តានុពលរបស់ប្រទេសជាតិ និងជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាពសេចក្ដីថ្លៃថ្នូរ ដើម្បីរួមចំណែកកាត់ បន្ថយគម្លាតសង្គម។
 
សម្តេចបានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ចំពោះការអប់រំរៀនសូត្ររបស់កុមារ មិនមែនជាកិច្ចការថ្មីនោះទេ រាជរដ្ឋាភិបាលកម្ពុជាបានផ្តើមយកចិត្តទុកដាក់អនុវត្តន៍តាំង ពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩មកម្ល៉េះ ហើយថាក្នុងរយៈពេលជាង ៤០ឆ្នាំកន្លង មកនេះ កម្ពុជា បានបង្កលក្ខណៈឱ្យយុវជនជំនាន់ក្រោយៗទទួលបានការសិក្សាពេញលេញរហូត ទទួលបានសញ្ញាបត្រ បរិញ្ញាបត្ររាប់ពាន់នាក់ក្នុងមួយឆ្នាំៗ មានឱកាសធ្វើការងារ និងមាន មុខរបរដូច នឹងបណ្តាប្រជាជាតិក្នុងតំបន់ និងបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាព និងការកាត់បន្ថយអត្រានៃភាពក្រីក្រនៅក្នុងប្រទេសជាតិ។
 
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្ថែមថា កុមារនៅកម្ពុជាត្រូវបានការពារ ការជួយឧបត្ថម្ភគាំទ្រ ការចិញ្ចឹមបីបាច់ថែរក្សា ការផ្តល់អាហារូបត្ថម្ភ ការអប់រំរៀនសូត្រត្រូវ បានលើកកម្ពស់ជាបន្តបន្ទាប់។ សម្តេចបានបន្តថា “យុវជនជាសសរទ្រូងជាកម្លាំងស្នូលដែល នឹងក្លាយជាអ្នកដឹកនាំនៅក្នុងពេលអនាគត ដែលពួកគេនឹងក្លាយជាអ្នកដឹកនាំគ្រប់គ្រង ស្ថាប័នក្លាយជាមេគ្រួសារ។ កម្ពុជាតែងយកចិត្តទុកដាក់ក្នុងកិច្ចគាំពារ និងជំរុញការអភិវឌ្ឍធន ធានមនុស្សប្រកបដោយសមធម៌ ដើម្បីផ្តល់ឱកាសដល់កុមារគ្រប់រូប ទទួលបាននូវការគាំពារ តាំងពីកុមារភាព។ ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គឺកុមារទាំងអស់ត្រូវទទួលបានការគាំ ពារការអប់រំកម្រិតមតេយ្យសិក្សា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឱ្យពួកគេត្រៀមខ្លួនរួចជា ស្រេច ដើម្បីចូលរៀនទៅតាមកម្រិត នៃបឋមសិក្សា”។
 
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណ ឯកឧត្តម វ៉ាតាណាបេ មិគិ អតីតសមាជិកសភាជប៉ុន និងជាប្រធានអង្គការស្គូលអេដជប៉ុន ប្រចាំកម្ពុជា ព្រមទាំង សហការី និងសប្បុរសជនជប៉ុន ដែលបានរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ ជា មួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរ គុណដល់រដ្ឋាភិបាល និងប្រជាជន ជប៉ុន ដែលជានិច្ចកាលតែងបានផ្តល់ការឧបត្ថម្ភគាំទ្រលើគ្រប់វិស័យក្នុងការរួម ចំណែក អភិវឌ្ឍន៍ប្រទេសកម្ពុជា តាំងពីដំណាក់កាលស្វែងរកសន្តិភាព ស្តារ និងអភិវឌ្ឍន៍ប្រទេស រហូតមកដល់ពេលបច្ចុប្បន្ននេះ។ វឌ្ឍនភាព និងការអភិវឌ្ឍរបស់កម្ពុជាសម្រេចបាននាពេល បច្ចុប្បន្ន ពិតជាមិនអាចកាត់ផ្តាច់ពីជំនួយដ៏ថ្លៃថ្លារបស់មិត្តជប៉ុននោះឡើយ។
 
សម្តេចក៏បានអំពាវនាវដល់មាតាបិតាទំាងអស់ ត្រូវបញ្ជូនកូនគ្រប់អាយុសិក្សាទៅ សាលារៀនឱ្យបានគ្រប់ៗគ្នា។ សម្តេចបានផ្តាំផ្ញើដល់យុវជន គោរពច្បាប់ចរាចរណ៍ និងចៀស វាងឱ្យឆ្ងាយពីគ្រឿងញៀន។ ប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ចុះ ឈ្វេងយល់ទុក្ខលំបាក និងដោះស្រាយបញ្ហាពលរដ្ឋឱ្យទាន់ពេលវេលា ពិសេសចូលរួមដោះ ស្រាយរាល់បញ្ហារបស់កុមារដោយហេតុថា ការយកចិត្តទុកដាក់ ការផ្តល់ការអប់រំដល់កុមារ ជាភារកិច្ច ទំាងអស់គ្នា មានរាជរដ្ឋាភិបាល ក្រសួងអប់រំ អាជ្ញាធរ អង្គការ សមាគម សហគមន៍ លោកគ្រូ អ្នកគ្រូ និងមាតាបិតាសិស្សជាដើម។
 
សូមជម្រាបថា អគារសិក្សាថ្មីមួយខ្នង មាន៥បន្ទប់ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ នាពេលនេះ ជាការឧបត្ថម្ភរបស់អង្គការស្គូលអេដជប៉ុន។ អង្គការនេះបានសាងសង់អាគារ សិក្សាជាច្រើនខ្នងនៅទូទាំងប្រទេស ដែលសរុបមកដល់ពេលនេះមានចំនួន ២៦៤អគារ ស្មើនឹងទឹកប្រាក់ប្រមាណជាង ១០លានដុល្លារអាម៉េរិក។ សម្រាប់២០២០ និង២០២១ អង្គការ ស្គូលអេដជប៉ុន មានគម្រោងសាងសង់អគារសិក្សា ២០អាគារបន្ថែមទៀត។ ក្រៅពីការកសាង អគារសិក្សា អង្គការស្គូលអេដជប៉ុន នៅមានសកម្មភាពផ្សេងៗទៀត ដូចជា ផ្តល់អាហារូប ករណ៍ ជាស្បៀង សម្ភារសិក្សា និងសម្លៀកបំពាក់ដល់សិស្សក្រីក្រទៀតផង៕
 
ដោយ ប៉ាល់ សុង

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ