មេបញ្ជាការ​កងទ័ព​ជើងគោក​សិង្ហបុរី​កត់​សម្គាល់​ពីការ​រីក​ចម្រើន​របស់​កម្ពុជា

ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ — ឯកឧត្ដម ឧត្ដមសេនីយ៍ទោ Goh Si Hoo មេបញ្ជាការកងទ័ពជើងគោកនៃសាធារណរដ្ឋ​សិ​ង្ហបុរី បានកត់សម្គាល់ពីការរីកចម្រើនរបស់កម្ពុជា ដែលផ្ដើមចេញពីសុខសន្តិភាព និងការអ​ភិ​វឌ្ឍ ហើយការអភិវឌ្ឍនោះសោតគឺជាការអភិវឌ្ឍរយៈពេល២០ឆ្នាំជាប្រវត្តិសាស្ត្ររបស់​ក​ម្ពុ​ជា។

នេះបើតាមការឱ្យដឹងពីឯកឧត្ដម អ៊ាង សុផល្លែត ជនួយការសម្ដេចតេជោ បន្ទាប់ពី​ស​ម្ដេ​ច​អគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអ​នុ​ញ្ញា​តឱ្យ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ Goh Si Hoo មេបញ្ជាការកងទ័ពជើងគោកនៃ​សា​ធារ​ណ​រដ្ឋសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ​២​០​២​០ នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូមកបំពេញទស្សន​កិច្ច​នៅ​ព្រះ​​រាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនោះ ឯកឧត្ដម Goh Si Hoo  បានជម្រាបជូន​សម្តេ​ច​តេ​ជោថា ឯកឧត្តម​ធ្លាប់មកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយដំណើរទស្សនកិច្ចជាផ្លូវការរប​ស់​ឯកឧត្តម​នៅ​ពេលនេះ ឯកឧត្ដមមានអារម្មណ៍ថា ប្រទេសកម្ពុជាមានសុខសន្តិភាពនិងការអ​ភិ​វឌ្ឍ ហើយ​ការអភិវឌ្ឍន៍នោះសោត គឺជាការអភិវឌ្ឍរយៈពេល២០ឆ្នាំជាប្រវត្តិសា​ស្ត្ររបស់​ក​ម្ពុ​​​ជា។ ឯកឧត្តម​បានបញ្ជាក់បន្ដថា សន្តិភាពដែលកម្ពុជាទទួលបានមកនេះ គឺបា​ន​មក​ដោយលំបាក ហើយសន្តិភាពនេះគឺនឹងស្ថិតនៅជាកត្តាដ៏សំខាន់របស់កម្ពុជា​សម្រាប់​រយៈ​ពេ​លវែងថែម​ទៀត។ ឯកឧត្តម Goh Si Hoo  ក៏បានគោរពជម្រាបជូនសម្ដេចតេជោ​ផងដែរថា​ ឯ​​កឧត្តមពិត​ជាមានកិត្តិយសណាស់ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ហើយ​ក៏​​បាន​ជួប​ពិភាក្សាជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ផងដែរ ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រ​តិប​ត្តិការ ពង្រឹងចំណងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។ ឯកឧត្តមបន្ដថា ​ឯក​ឧត្តមរួមជាមួយនឹង​ឯកឧត្តម ហ៊ុន ម៉ាណែត នឹងបន្តធ្វើការជាមួយគ្នា ​ដើម្បីធ្វើយ៉ាងណា​ពង្រឹ​ង​​កិច្ច​សហប្រតិបត្តិ​ការ​រវាងកងទ័ពទាំងពីរ ដើម្បីផលប្រយោជន៍ប្រយោជន៍នៃប្រទេស​នីមួយ​ៗ​ផ​ង និងផល​ប្រយោជន៍សម្រាប់អាស៊ានផងដែរ។ ជាងនេះទៀតឯកឧត្តមក៏បានគោរព​ជ​ម្រា​ប​ជូន​​សម្ដេច​តេជោផងដែរថា កងទ័ពនៃប្រទេសទាំងពីរ កន្លងមកមានកិច្ចសហប្រតិបត្ដិការ​គ្នា​យ៉ា​​ង​ល្អ ហើយឯកឧត្តម និងឯកឧត្តម​ ហ៊ុន ម៉ាណែត នឹងបន្តនូវកិច្ចសហប្រតិបត្តិការល្អ​នេះ​បន្ត​ទៀ​ត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍នូវកិច្ចពិភាក្សារវាងឯកឧត្តម Goh Si Hoo  និ​ង​ឯកឧត្តម ហ៊ុន ម៉ាណែត ហើយសម្ដេចក៏បានមានប្រសាសន៍ផង​ដែរថា ​ជា​កា​រ​ពិត​ណាស់ កងទ័ពទាំងពីរ ចាំបាច់ត្រូវចែករំលែកនូវបទពិសោធន៍រវាងគ្នាទៅវិញទៅមក ចែក​រ​ម្លែ​កព័ត៌មានគ្នានឹងគ្នាទៅវិញទៅមក ក៏ដូចជាការហ្វឹកហ្វឺនរួមគ្នាផងដែរ។ សម្ដេចតេជោ បន្តថា នៅ​ពេ​លនេះពិភពលោកគឺមានការរត់ប្រណាំងសព្វាវុធកាន់តែខ្លាំងឡើង ​បើប្រៀប​ធៀប​ទៅនឹង​ជំ​នា​ន់​​សង្គ្រាមត្រជាក់។ ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ​គឺពិតជាមានសារៈ​សំ​ខាន់ណាស់។ សម្ដេចតេជោក៏បានជម្រាបជូនឯកឧត្តម Goh  អំពីនយោ​បាយ​របស់កម្ពុជា ដែ​​លនោះគឺប្រជាជន គឺជាខឿនការពារជាតិកម្ពុជា កងទ័ពមានតួនាទី​សំខាន់​​ក្នុងការ​ពារ​ជា​តិ​ដែ​រ។ ប៉ុន្តែកងទ័ពកម្ពុជាក៏មានតួនាទីក្នុងការចូលរួមបង្កបង្កើនផល ការ​ចូលរួមសង្គ្រោះ​ប្រជាជន​នៅ​ពេលមានគ្រោះមហន្តរាយ និងការចូលរួមនូវការថែរក្សា​សន្តិភាព​ក្រោមឆ័ត្រអង្គការ​សហ​ប្រ​ជា​ជាតិ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា សម្ដេចពុំ​មានការ​ជឿ​ជាក់ថា ការប្រើ​កម្លាំងអាចដោះស្រាយបញ្ហានោះទេ ផ្ទុយទៅវិញការចរចា កិច្ចសហប្រតិបត្តិ​កា​រ​ និង​ការ​អភិវឌ្ឍ​ទេ ដែលដោះស្រាយរាល់បញ្ហាទាំងឡាយ។ ក្នុងន័យនេះ សម្ដេចបានមាន​ប្រ​សា​សន៍​ថា កម្ពុជាកំពុងតែប្រឹងប្រែងធ្វើយ៉ាងណាកែប្រែព្រំដែន កម្ពុជាជាមួយប្រទេសជិតខាង ឱ្យ​ក្លាយ​ទៅជាព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ហើយប្រែ​ក្លា​​យ​តំបន់ដែលធ្លាប់ជាសមរភូមិប្រយុទ្ធ ឱ្យក្លាយទៅជាតំបន់ទីផ្សារ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ