សម្ដេចតេជោ ហ៊ុន សែន៖ ការប៉ុនប៉ងណាមួយដែលធ្វើឱ្យកម្ពុជាឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ គឺពុំអាចទទួលយកបានឡើយ

ភ្នំពេញ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ – សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាការពារ ដាច់ខាតនូវឯករាជ្យអធិបតេយ្យ ជាតិទោះស្ថិតក្នុង កាលៈទេសៈនិងស្ថានភាពណាក្តីហើយការប៉ុងប៉ងណាដែល ធ្វើ ឱ្យកម្ពុជាឃ្លាតចេញពីមាគ៌ាប្រជា ធិបតេយ្យ និង នីតិរដ្ឋដោយដាក់បង្ខំ ឱ្យកម្ពុជាមិនអាចអនុវត្តសូម្បីតែច្បាប់ជាតិរបស់ខ្លួននោះគឺពុំអាចទទួលយក បានឡើយ។

ក្នុងមិទ្ទីងរម្លឹកខួបលើក៤១ នៃទិវាជ័យជម្នះ ៧មករា (០៧.០១.១៩៧៩ – ០៧.០១.២០ ២ ០  ) ដែលមានការចូលរួមរបស់អ្នកការទូតនៃបណ្ដាប្រទេសនានា និងមហាជនប្រមាណជាង ៣  ម៉ឺ ននាក់ នាព្រឹកថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២០ នៅខាងមុខបរិវេណខាងមុខមហោស្រពកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការពិត ជាក់ស្តែងបានបង្ហាញហើយថាលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិសេរីភាព របស់ពលរដ្ឋកម្ពុជាកំពុងត្រូវបាន គោរពថែរក្សា និងលើកកម្ពស់ឥតឈប់នៅក្នុងផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា ។ ដូច្នេះពុំមានមូលហេតុត្រឹមត្រូវ ណាមួយដែលមជ្ឈដ្ឋានខាងក្រៅខ្លះ បានលើកឡើងដដែលៗអំពីការស្តារឡើងវិញ នូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានោះទេ ។  សម្តេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមថាមជ្ឈដ្ឋានទាំងនោះ   នឹងពិចារណាឱ្យបាន ត្រឹមត្រូវចំពោះការវិវត្តន៍ប្រកបដោយភាពវិជ្ជមាននៅកម្ពុជាហើយ គោរពចំពោះ សិទ្ធិ នៃ ការជ្រើសរើស របស់ ប្រជាជន កម្ពុជានូវមាគ៌ាសម្រាប់ ការអភិវឌ្ឍរបស់ខ្លួនដែលស្របទៅនឹង ប្រវត្តិសាស្ត្រ ស្ថានភាព សង្គម វប្បធម៌ និង រដ្ឋធម្មនុញ្ញរបស់ខ្លួន។ សម្តេចតេជោក៏សង្ឃឹមផងដែរថាទំនាក់ទំនងរវាងកម្ពុជាជាមួយ នឹងប្រទេសខ្លះដែលធ្លាប់មាន ទស្សនៈមិនគ្រប់ជ្រុងជ្រោយចំពោះ រាជរដ្ឋាភិបាលកម្ពុជានោះនឹងត្រូវបានថែរក្សាពូនជ្រំលើកស្ទួយឱ្យល្អប្រសើរ ឡើងដែលនឹងមិនក្លាយជា ចំណាប់ខ្មាំងនៃទំព័រដ៏ ខ្មៅងងឹតខ្លះនៃប្រវត្តិសាស្ត្រឡើយ។  សម្ដេចតេជោបានបន្តថា មាន សន្តិភាពទើបធានាការអភិវឌ្ឍ ប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏ សុខសាន្តសម្បូរសប្បាយរបស់ ប្រជាជនមានសន្តិភាពទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើន នៃ លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិសេរីភាពហើយ ជោគជ័យ នៃ ដំណើរការអភិវឌ្ឍ និង ភាពរឹងមាំនៃប្រជាធិបតេយ្យ និងជះឥទ្ធិពល ត្រឡប់មកវិញធានានូវចីរភាពនៃសន្តិភាព ។ បើយើងបាត់បង់សន្តិភាពនោះយើង នឹងត្រូវបាត់បង់អ្វីៗទាំងអស់។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអរគុណបងប្អូនជនរួមជាតិដែលបានគាំទ្រដល់សារនយោបាយ«អរគុណសន្តិភាព» ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ។ ទន្ទឹមនេះមនុស្សទាំងអស់គ្នា ត្រូវការសន្តិភាព លើកលែងតែពួកភេរវករ និងអ្នកគាំទ្រភេរវករប៉ុណ្ណោះដែល ចង់បំផ្លាញសន្តិភាព ។ ក្នុងមិទ្ទីងរម្លឹកខួបលើក៤១ នៃទិវាជ័យជម្នះ ៧មករានេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានរម្លឹកថាចាប់ពី ថ្ងៃជ័យជម្នះ៧មករាជាប្រវត្តិសាស្ត្រ ប្រជាជាតិ ខ្មែរបាន ក្រោកឈរ ឡើងវិញ និង បានធ្វើ ដំណើរ ទៅមុខលើមាគ៌ាមួយដ៏ត្រឹមត្រូវ ប្រកបដោយភាពជាម្ចាស់លើ ជោគវាសនារបស់ខ្លួន ។ ៤១ ឆ្នាំ កន្លងទៅនេះ គឺ ៤១ ឆ្នាំ នៃសាមគ្គីភាពវីរភាព និងជ័យជម្នះ ។ ការពុះពារ ប្តូរផ្តាច់របស់យើង ក្នុង រយៈពេល ៤១ ឆ្នាំនេះបាន កែប្រែ មាតុភូមិ យើងពីគំនរផេះផង់ឱ្យឈានមកដល់ដំណាក់កាល អភិវឌ្ឍន៍ ប្រកបដោយមោទនភាពបំផុត។ នៅលើ កំណាត់ផ្លូវដ៏វែងនេះគណបក្ស ប្រជាជនកម្ពុជា ដែលបានដឹកនាំការប្រយុទ្ធតស៊ូសង្គ្រោះជាតិពីរបប ប្រល័យពូជសាសន៍បានស្ថិតនៅ រួមសុខរួមទុក្ខជានិច្ច ជាមួយ ប្រជាជន ធ្វើជាបង្អែករបស់ ប្រជាជននៅគ្រប់កាលៈទេសៈទាំងក្នុង បុព្វហេតុ ការពារជាតិការពារការរស់ ឡើងវិញរបស់ប្រជាជនទាំងបុព្វហេតុសន្តិភាព និង បង្រួបបង្រួមជាតិនិង ទាំងបុព្វហេតុស្តារកសាង និង អភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។  សម្តេចតេជោគូសបញ្ជាក់បន្តថាច្បាស់ណាស់ថាផ្លូវទៅមុខ នឹងនៅតែមានឧបសគ្គ ច្រើន ទៀតប៉ុន្តែគ្មានឧបសគ្គណា អាចមករារាំង ដំណើររបស់ ជាតិយើងបានឡើយឱ្យតែ យើង រក្សាបាននូវឯកភាពជាតិរួមគ្នាបន្តធ្វើ ដំណើរ លើ ផ្លូវដ៏ត្រឹមត្រូវនេះទៅមុខទៀត ។ យើងជឿជាក់លើកម្លាំង នៃការប្រឹងប្រែង របស់យើងហើយចងចាំថា គឺ កត្តាផ្ទៃក្នុងនោះ ហើយដែលជាកត្តាកំណត់ នៃជ័យជម្នះ ។ ក្នុងស្មារតីនេះយើងទាំង អស់គ្នាប្តេជ្ញាដាច់ខាតក្នុងការការពារសន្តិភាព  ដែលយើងសម្រេច បានមកដោយលំបាក ជាទីបំផុតនោះឲ្យរឹងមាំស្ថិតស្ថេរគង់វង្ស ជានិច្ចមិនអនុញ្ញាត ឱ្យកម្លាំង ប្រតិកិរិយា ណាមកបំផ្លាញទៅវិញបានឡើយទោះបីជាត្រូវបង់ដោយតម្លៃណាក្តី ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែង អំណរគុណជាអនេកប្បការចំពោះបណ្ដាប្រទេសជាមិត្តិជិតឆ្ងាយ ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានជួយឧបត្ថម្ភដល់ប្រជាជនកម្ពុជា តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបប ប្រល័យ ពូជសាសន៍រៀងរហូតមក ហើយដែលកំពុងតែបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនង និ ង កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដើម្បីបុព្វហេតុន្តិភាពប្រជាធិបតេយ្យ និងអភិវឌ្ឍន៍៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...