ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ — ឯកឧត្ដម សាស្ត្រាចារ្យ Jeffrey D. Sachs ទីប្រឹក្សាពិសេសរបស់អគ្គខាធិការអង្គការ សហប្រជាជាតិ បានមានប្រសាសន៍ថា ឯកឧត្ដមត្រៀមជានិច្ច ដើម្បធ្វើយ៉ាងណាជួយដល់កម្ពុជា ជំរុញការអភិវឌ្ឍរបស់កម្ពុជា តំបន់អាស៊ាន និងតំបន់ដទៃទៀត ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។
នេះបើយោងតាមការឱ្យដឹងរបស់ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រ កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម សាស្ត្រាចារ្យ Jeffrey D. Sachs ទីប្រឹក្សាពិសេសរបស់អគ្គខាធិការអង្គការសហប្រជាជាតិ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដមមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ឯកឧត្ដម Jeffrey D. Sachs បានមានប្រសាសន៍ជម្រាបជូនសម្ដេចតេជោថា ឯកឧត្ដមពិតជាមានកិត្តិយស និងសប្បាយរីករាយយ៉ាងខ្លាំង ដែលបានជួបសម្ដេចតេជោសារជាថ្មីម្ដងទៀតបន្ទាប់ពីបានជួបសម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពី១៥ឆ្នាំមុននៅគេហដ្ឋានរបស់សម្ដេច នៅឯវិមានឯករាជ្យ។ ឯកឧត្ដមបានបន្ដថា ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្ដមមកកាន់កម្ពុជា នាពេលនេះ គឺឯកឧត្ដមបានឃើញដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍរបស់កម្ពុជា ដែលក្នុងនោះមានការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច សុខាភិបាល និងវិស័យដទៃទៀត ដែលហួសពីការស្មានរបស់ឯកឧត្ដម។ ឯកឧត្ដមក៏បានលើកឡើងផងដែរថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមនឹងធ្វើដំណើរទៅកាន់ប្រទេសឡាវ កម្ពុជា និងប្រទេសម៉ាឡេស៊ី ដើម្បីធ្វើយ៉ាងណាពង្រឹង និងជំរុញលើកទឹកចិត្តកិច្ចសហប្រតិបត្តិការ រវាងប្រទេសអាស៊ាន និងសហគមន៍អឺរ៉ុប ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ដឹកជញ្ជូន និងព័ត៌មានវិទ្យា ជាដើម ដើម្បីឱ្យសហគមន៍អឺរ៉ុប និងអាស៊ាន មានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ។ ឯកឧត្ដមបានបន្តទៀតថា ឯកឧត្ដមនឹងទៅធ្វើទស្សនកិច្ច និងជួបថ្នាក់ដឹកនាំសហគមន៍អឺរ៉ុបនៅសប្ដាហ៍បន្ទាប់ ដើម្បីពិភាក្សា និងជំរុញលើកស្ទួយកិច្ចសហប្រតិបត្តិការ រវាងសហគមន៍អឺរ៉ុប និងអាស៊ាន ដែលសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងតំបន់ និងតំបន់នេះ។ ឯកឧត្ដមក៏បានបន្ថែមថា ឯកឧត្ដមពុំចង់ឃើញមានការបែកបាក់គ្នារវាងតំបន់ និងតំបន់នោះទេ ផ្ទុយទៅវិញ នឹងឆ្លុះបញ្ចាំងនូវភាពខ្លាំង និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងតំបន់ និងតំបន់ទៅវិញ។ ឯកឧត្ដមក៏បានគូសបញ្ជាក់ដែរថា អាស៊ាន គឺមានសក្ដានុពលខ្ពស់ ហើយអាស៊ានបើបូកបញ្ចូលជាមួយ អាស៊ាន-ចិន អាស៊ាន-ជប៉ុន និងអាស៊ាន-កូរ៉េ នោះ តំបន់អាស៊ាន និងមានការអភិវឌ្ឍដោយគ្មានដែនកំណត់ ជាពិសេសលើវិស័យបច្ចេកវិទ្យា ដែលបច្ចេកវិទ្យាទាំងនេះ អាចយកមកប្រើប្រាស់ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្ដម Jeffrey D. Sachs បានអះអាងថា ឯកឧត្ដមត្រៀមជានិច្ច ដើម្បធ្វើយ៉ាងណាជួយដល់កម្ពុជា ជំរុញការអភិវឌ្ឍរបស់កម្ពុជា តំបន់អាស៊ាន និងតំបន់ដទៃទៀត ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ ឯកឧត្ដម សាស្ត្រាចារ្យ Jeffrey D. Sachs ហើយក៏បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ទាំងឡាយណាដែលមាននៅកម្ពុជា នោះសុទ្ធសឹងតែជាកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលនាំកម្ពុជាមកដល់ការអភិវឌ្ឍដល់ចំណុចនេះ។ សម្ដេចតេជោបានបន្តថា កម្ពុជាមានមហិច្ឆិតា ធ្វើយ៉ាងណាជំរុញកម្ពុជាឱ្យក្លាយទៅជាប្រទេសមានចំណូលកមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ កន្លងមកកម្ពុជាបានដាក់ចេញនូវគោលនយោបាយផលិតស្បៀង និងនាំអង្ករចេញ ហើយក៏បានទទួលជោកជ័យ ជាពិសេសទៅលើគោលនយោបាយផលិតស្បៀង ដែលកម្ពុជា ជាប្រទេសមួយធ្លាប់ខ្វះស្បៀងអាហារ បានប្រែក្លាយទៅជាប្រទេសមួយមានអតិរេកស្បៀងទៅវិញ។ ជាងនេះទៀត កម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយឧស្សាហកម្មផងដែរ ដើម្បីធ្វើយ៉ាងណាជំរុញកម្ពុជាឱ្យឆ្ពោះទៅកាន់ ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្ដេចតេជោបានលើឡើងថា កាលពី១៥ឆ្នាំមុន សម្ដេចបានជួបជាមួយនឹង ឯកឧត្ដម Jeffrey គឺបានពិភាក្សាគ្នា អំពីបញ្ហាការអភិវឌ្ឍសហវត្សរ៍។ ប៉ុន្តែនៅពេលនេះ គឺពិភាក្សាជាថ្មីម្ដងទៀត លើការអភិវឌ្ឍប្រកបដោយចីរភាពវិញ ហើយការអភិវឌ្ឍន៍ ប្រកបដោយចីរភាពនេះ គឺមានសារៈសំខាន់ណាស់ សំខាន់ជាងគេបំផុតគឺវិស័យបរិស្ថានតែម្តង។ សម្តេចតេជោបន្តថា បញ្ហាបច្ចុប្បន្ននេះ គឺបញ្ហាស្ទះចរាចរណ៍ ដែលកាលពី១៥ឆ្នាំមុន មិនដែលបានឃើញទេ ហើយក៏ដូចជាបញ្ហាចំណតរថយន្ត បញ្ហាសំណល់រឹង សំណល់រាវ ជាពិសេសទៅទៀតនោះ គឺបញ្ហាប្រែប្រួលអាកាសធាតុ ដែលបញ្ហានេះបាននាំមកនូវការបារម្ភសម្រាប់កម្ពុជា ជាពិសេសលើវិស័យកសិកម្ម និងធនធានទឹកផងដែរ ដែលធ្វើឱ្យកម្រិតទឹកនៅកម្ពុជាមានកម្រិតទាប។ ក្នុងន័យនេះសម្ដេចតេជោ បានគូសបញ្ជាក់បន្ថែមថា យើងគប្បីណារួមគ្នាធ្វើការដោះស្រាយ ជាពិសេសបញ្ហាប្រែប្រួលអាកាសធាតុ ដែលកម្ពុជាគាំទ្រគោលនយោបាយ និងរាល់អ្វីៗដែលជាពាក់ព័ន្ធនឹងបញ្ហានេះ ដែលអង្គការសហប្រជាជាតិបានដាក់ចេញមក៕