ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យឯកឧត្ដម yamamoto KOZO សមាជិកសភាជប៉ុន ធ្វើការសិក្សា និងពន្លឿនការប្រើប្រាស់សេវាកម្មទូទាត់ប្រាក់ ជាពិសេសអ្វីដែលហៅថា Blockchain ដើម្បីឱ្យការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ឱ្យមានដំណើរការទៅបានល្អប្រសើរ និងសុក្រឹត្យភាព។
នេះបើយោងតាមការឱ្យដឹងរបស់ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម yamamoto KOZO សមាជិកសភាជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ នៅវិមានសន្តិភាព។
ឯកឧត្ដម yamamoto KOZO បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្ដមធ្លាប់បានជួបសម្ដេចតេជោកាលពីឆ្នាំ២០០៧ ហើយនៅពេលនេះឯកឧត្ដមបានពិនិត្យឃើញថា កម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំងជាទីបំផុត។ ឯកឧត្ដមបានបន្តថា ដំណើរទស្សនកិច្ចរបស់ឯកឧត្ដម មកកាន់កម្ពុជា នាពេលនេះ គឺមានគោលដៅពីរ ទី១ គឺដើម្បីសិក្សាអំពីសេវាទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទ និងការអភិវឌ្ឍអ្វីដែលហៅថា Blockchain។ ឯកឧត្ដមបានមានប្រសាសន៍ថា ការអភិវឌ្ឍ Blockchain នេះប្រសិនណាបើកម្ពុជាបានដាក់ចេញនិងប្រើប្រាស់ហើយនោះ កម្ពុជាគឺជាប្រទេសទីមួយហើយ ដែលបានដាក់ចេញនូវប្រព័ន្ធប្រើប្រាស់ឌីជីថលដ៏ទំនើបនេះ។ ទី២ គឺឯកឧត្ដមមានបំណងធ្វើការសិក្សាអំពីបញ្ហាផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងភ្នំពេញ។ ក្នុងន័យនេះ ឯកឧត្ដមក៏បានស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងបញ្ហាទាំងពីរខាងលើនេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យឯកឧត្ដម yamamoto KOZO ធ្វើការសិក្សា និងពន្លឿនការប្រើប្រាស់សេវាកម្មទូទាត់ប្រាក់ ជាពិសេសអ្វីដែលហៅថា Blockchain នេះ ដើម្បីឱ្យការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនេះ ឬក៏អាចហៅថា ការបូបឆ្លាតនេះ ឱ្យមានដំណើរការទៅបានល្អប្រសើរ និងសុក្រឹត្យភាព។ ពាក់ព័ន្ធនឹងបញ្ហាទឹកស្អាត សម្ដេចតេជោថ្លែងថា កម្ពុជាត្រូវការពង្រីកស្ថានីយទឹកស្អាតដោយមូលហេតុថា រាជធានីភ្នំពេញបានពង្រីកទំហំផ្ទៃដីពី ៣០០គីឡូម៉ែត្រក្រឡា ឡើងរហូតដល់៦០០គីឡូម៉ែត្រក្រឡា ហើយការអភិវឌ្ឍលំនៅឋានប្រជាពលរដ្ឋ បានរីកចម្រើនកើឡើងយ៉ាងឆាប់រហ័ផងដែរ។ ទន្ទឹមនេះ រដ្ឋាករទឹកស្វយ័តទីក្រុងភ្នំពេញ បានកំពុងទទួលផ្គត់ផ្គង់ទឹកទៅកាន់ខេត្តកណ្ដាលបន្ថែមទៀត។ ក្នុងន័យនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបន្ដថា ការងារពីរដែលត្រូវធ្វើ ទី១ គឺយើងត្រូវពង្រីកនូវសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនប្រើប្រាស់ឱ្យបានកាន់តែធំទូលាយ និងទី២ គឺត្រូវធ្វើយ៉ាងណាពង្រីកបណ្ដាញចែកចាយទៅកាន់តំបន់អភិវឌ្ឍន៍ថ្មីៗថែមទៀត៕