នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្ដីប្រចាំការ រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល បានអញ្ជើញជាអធិបតីក្នុងពិធីបិទធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ស្តីពីសន្តិសុខ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ អញ្ជើញចូលរួមក្នុងពិធីនេះដែរមានឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម សឹង សំណាង មេបញ្ជាការ-បញ្ជាការដ្ឋានកងទ័ពជើងគោក លោក អាឡាំង ប៊្រង អគ្គនាយកក្រុមហ៊ុន Cambodia Airport។
អង្គពិធីក៏បានធ្វើលំហាត់សមយុទ្ធ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផ្ទាល់តែម្តង ដោយបានប្រព្រឹត្តទៅតាមកូដ AIRPEX-19 ដែលមានលំដាប់នៃព្រឹត្តិការណ៍សេណារីយ៉ូ ដូចតទៅ៖ ជំហានទី១ ការចុះឈ្មោះអ្នកដំណើរឡើងយន្តហោះនៅបញ្ជារចុះឈ្មោះក្នុងស្រុកចំនួន៣០នាក់ ជំហានទី២ ការឆែកឆេរអ្នកដំណើរ និងឥវ៉ាន់ ជំហានទី៣ ការដឹកជញ្ជូនអ្នកដំណើរតាមរថយន្តទៅកាន់ផ្លូវបរ ជំហានទី៤ អ្នកដំណើរឡើងយន្តហោះ ជំហានទី៥ ការស្នើសុំហោះហើរ និងជនល្មើសចាប់ផ្តើមសកម្មភាព ជំហានទី៦ កម្លាំងអន្តរាគមន៍ធ្វើការឡោមព័ទ្ធយន្តហោះ ជំហានទី៧ កម្លាំងអន្តរាគមន៍ធ្វើការចរចារដើម្បីរំដោះចំណាប់ខ្មាំង ជំហានទី៨ កម្លាំងអន្តរាគមន៍ធ្វើការវាយប្រហារយន្តហោះដើម្បីរំដោះចំណាប់ខ្មាំង ជំហានទី៩ ការឲ្យអ្នកដំណើរចុះពីយន្តហោះដើម្បីធ្វើការឆែកឆេរ ជំហានទី១០ ការដឹកជញ្ជូនអ្នកដំណើរ និងក្រុមយានិកទៅកាន់មជ្ឈមណ្ឌលជួបជុំរស់រានមានជីវិត ជំហានទី១១ សន្និសីទសារព័ត៌មាន និងជំហានទី១២ ស្ថានការណ៍ត្រឡប់ទៅជាធម្មតា។
ថ្លែងបិទធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ស្តីពី សន្តិសុខ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍គូសបញ្ជាក់ថា តាមរយៈសារាចរណែនាំលេខ០៣ សរណន ស្តីពីការគ្រប់គ្រងគ្រោះអាសន្ននៅក្នុង និងក្បែរអាកាសយានដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១១ លំហាត់សមយុទ្ធសង្គ្រោះបន្ទាន់ចំពោះគ្រោះអាសន្ននេះ ត្រូវបានរៀបចំ និងអនុវត្តឲ្យបានទៀងទាត់ក្នុងរយៈពេល២ឆ្នាំម្តង សម្រាប់សមយុទ្ធទ្រង់ទ្រាយធំ ១ឆ្នាំម្តងសម្រាប់សមយុទ្ធតាមផ្នែក និង៦ខែម្តងសម្រាប់សមយុទ្ធដែលបង្ហាញនៅលើតុ។ នៅក្នុងឱកាសនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ការធ្វើលំហាត់សមយុទ្ធ ជាព្រឹត្តិការណ៍សេណារីយ៉ូ មួយដែលរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ និងសុវត្ថិភាពនៃវិស័យអាកាសចរស៊ីវិល ក្នុងករណីមានគ្រោះអាសន្នជាយថាហេតុ។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា តែងតែបានរៀបចំធ្វើលំហាត់សមយុទ្ធជាបន្តបន្ទាប់នៅតាមអាកាសយានដ្ឋានអន្តរជាតិទាំង៣ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ ជាក់ស្តែងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ថ្មីៗនេះ លំហាត់សមយុទ្ធទ្រង់ទ្រាយធំត្រូវបានរៀបចំឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយទទួលបានលទ្ធផលប្រកបដោយជោគជ័យ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍លើកឡើងថា អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលជាច្រកទ្វារអន្តរជាតិ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ ក៏ដូចជាការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោក។ ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិ ក៏បានដើរតួនាទីសំខាន់ក្នុងការរួមចំណែកធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ដែលរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ កម្ពុជារក្សាបានកំណើនផលិតផលក្នុងស្រុកសរុប(ផ.ស.ស)ក្នុងរង្វង់៧%ក្នុង១ឆ្នាំ។ ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍បញ្ជាក់បន្ថែមថា គោលបំណងនៃការធ្វើលំហាត់សមយុទ្ធនៅថ្ងៃនេះ គឺដើម្បីធ្វើការវាយតម្លៃលើផែនការគ្រប់គ្រងគ្រោះអាសន្ន ត្រួតពិនិត្យទៅលហេដ្ឋារចនាសម្ព័ន្ធនៅបន្ទប់គ្រប់គ្រងគ្រោះអាសន្ន ក៏ដូចជាការត្រួតពិនិត្យទៅលើក្រុមការងារគ្រប់គ្រងពេលមានគ្រោះអាសន្នកើតឡើង ជាអាទិ៍លើការដឹកនាំបញ្ជា ចាត់ចែង និងការសម្រេចចិត្តក្នុងការជួយសង្គ្រោះជនរងគ្រោះ ដែលកើតចេញពីឧប្បទ្ធវហេតុនានា នៅក្នុងនិងក្បែរអាកាសយានដ្ឋាន។ ទន្ទឹមនឹងនោះ ការធ្វើលំហាត់សមយុទ្ធនេះ ក៏ជាការវាយតម្លៃលើប្រព័ន្ធផ្សព្វផ្សាយជូនសាធារណៈជនជាតិ និងអន្តរជាតិផងដែរ។ ការធ្វើសមយុទ្ធថ្ងៃនេះ គឺជាលើកទី១ដែលផ្តោតលើប្រធានបទស្តីពី សន្តិសុខ ដែលបណ្តាឆ្នាំកន្លងមក ការធ្វើសមយុទ្ធបានផ្តោតការយកចិត្តទុកដាក់តែទៅលើប្រធានបទស្តីពី សុវត្ថិភាព ក្នុងវិស័យអាកាសចរណ៍ស៊ីវិលប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការធ្វើសមយុទ្ធនៅថ្ងៃនេះដែរ មានការចូលរួមពីអង្គភាពអន្តរាមន៍មកពីខាងក្រៅ រួមមាន ទី១កងពលតូច ង ៧០ ចំនួន៣៤នាក់ មានរថយន្ត៤គ្រឿង ទី២កងពលតូចទ័ពពិសេសឆត្រយោង៩១១ ចំនួន៨៨នាក់ មានរថយន្ត៧គ្រឿង ទី៣កងកម្លាំងពិសេសប្រឆាំងភេរវកម្ម ចំនួន៣៥នាក់ មានរថយន្ត៧គ្រឿង ទី៤ទ័ពអាកាស ចំនន៣៤នាក់ មានរថយន្ត២គ្រឿង និងយន្តហោះប្រភេទ MA60 មួយគ្រឿង និងព្រមទាំងមានកងកម្លាំងមានសមត្ថកិច្ច និងបុគ្គលិកភ្នាក់ការឯកជន ដែលកំពុងបម្រើការ ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចូលរួមផងដែរ៕