ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ – នៅថ្ងៃទី០៧ ខែ មករា ឆ្នាំ២០២០ ស្អែកនេះ ប្រជាពលរដ្ឋកម្ពុជា យុវសិស្ស និងនិស្សិត មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ នឹងជួបជុំគ្នារៀបចំមីទ្ទីង និងព្រឹត្តិការណ៍មួយចំនួនទៀត ដើម្បីរម្លឹកដល់ថ្ងៃជ័យជំនះ “៧ មករា ១៩៧៩” ដែលជាថ្ងៃប្រវត្តិសាស្រ្តរបស់ប្រទេស និងប្រជាជាតិកម្ពុជា ។
នៅក្នុងថ្ងៃនោះ តាមការគម្រោងទុក ប្រជាពលរដ្ឋកម្ពុជានឹងជួបជុំគ្នានៅតាមទីកន្លែងផ្សេងៗគ្នាដើម្បីប្រារព្ធពិធីអបអរ ប៉ុន្តែសម្រាប់នៅរាជធានីដែលជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងប្រវត្តិសាស្រ្ត របស់ព្រះរាជាណាចក្រកម្ពុជា នឹងមានមីទ្ទីងធំមួយក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំ ស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងអង្គការមហាជននានា នៅមជ្ឈមណ្ឌលកោះពេជ្រ ដើម្បីរំលឹកដល់ថ្ងៃងើបចេញពីសេចក្តីស្លាប់ និងការបំផ្លាញដល់ឫសគល់ ហើយនាំគ្នាខំប្រឹងប្រែងតាំងពីបាតដៃទទេ រហូតដល់កម្ពុជាមានអ្វីៗគ្រប់យ៉ាងនៅក្នុងរយៈពេល ៤១ឆ្នាំ កន្លងមកនេះ ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា “៧ មករា” អាចនិយាយបានថា ជាថ្ងៃរស់រានមានជីវិតជាថ្មី ថ្ងៃកំណើតនៃការអភិវឌ្ឍ និងជាប្រភពកំណើត នៃសន្តិភាពនៅកម្ពុជាផងដែរ ក្រោយពេលដែលភ្លើងសង្រ្គាមស៊ីវិលបានឆាបឆេះតាំងពីដើមឆ្នាំ១៩៧០ ។
លោកបណ្ឌិតបានឱ្យដឹងថា ថ្ងៃ “៧ មករា” គឺនៅតែជាថ្ងៃដែលមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទូទាំងប្រទេស ពីព្រោះនរណាៗក៏ទទួលស្គាល់ ។ នរណាដែលបដិសេធ “៧មករា” គឺអ្នកនោះបដិសេធការរស់រានមានជីវិតរបស់ខ្លួន និងក្រុមគ្រួសាររបស់ខ្លួន ។ លោកបានបន្តថា អ្នកដែលកើតមុនឆ្នាំ១៩៧៩ ទាំងអស់ គឺសុទ្ធតែបានយកកំណើតជាថ្មី ។ លោកបានបញ្ជាក់ថា “ទោះអ្នកសា្រវជ្រាវណាបកស្រាយយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ខ្ញុំ ក្នុងឋានៈជាអ្នកសិក្សាស្រាវជ្រាវមួយរូបដែរ គឺនៅតែផ្តល់តម្លៃ នូវសច្ចភាពខ្ពស់ ចំពោះថ្ងៃ ៧ មករា នេះ”។
លោកបានបញ្ជាក់បន្តទៀតថា “ខ្ញុំបានកើតមុនរបបខ្មែរក្រហម ហើយក្លាយជាកុមារនៅក្នុងរបបខ្មែរក្រហម ក្រោយមកក្លាយជាកុមារ និងជាយុវជននៅក្នុងសម័យក្រោយរំដោះ (ក្រោយថ្ងៃ ៧ មករា) ដូច្នេះខ្ញុំគឺជាសាក្សីម្នាក់ដែលបានឃើញការរីកចម្រើន និងការអភិវឌ្ឍប្រទេសកម្ពុជា ។”
លោកបានបន្ថែមទៀតថា យើងដឹងហើយ យើងពិតជាពិបាកនៅក្នុងការប្រៀបធៀបណាស់អំពីការរីកចម្រើន ប៉ុន្តែយើងអាចប្រៀបធៀបតែនៅក្នុងគ្រួសារយើង ក៏អាចដឹងបានដែរថា តើពីឆ្នាំ១៩៧៩ មកដល់ឥឡូវ មានការប្រែប្រួល ផ្លាស់ប្តូរអ្វីខ្លះនៅក្នុងសង្គមគ្រួសារបស់ខ្លួន កុំនិយាយដល់ការអភិវឌ្ឍ និងការរីកចម្រើន របស់ប្រទេសជាតិទាំងមូល ។
លោកបានបន្តទៀតថា អ្វីដែលលោកអាចនិយាយបានមុនគេ គឺយើងទទួលបានមកវិញនូវសិទ្ធិរស់រានមានជីវិត គឺជារឿងមួយដ៏សំខាន់ដែលនៅក្នុងសម័យខ្មែរក្រហមសូម្បីតែសិទ្ធិនៅក្នុងការស់រានមានជីវិត គ្មានផង ជីវិតរបស់យើងមិនមែនជារបស់យើងទេ គឺជីវិតយើងផ្ញើជាមួយនឹងអង្គការ ដែលមិនដឹងថា តើនៅពេលណាអង្គការដកហូតជីវិតយើងនោះទេ ។ ហើយអង្គការជានរណាប្រាកដ ក៏យើងមិនស្គាល់ដែរ។
លោកបានសង្កត់ធ្ងន់អំពីមុខងារបស់អង្គការនៅក្នុងសម័យខ្មែរក្រហមថា “យើងគ្រាន់តែយកត្រី យកដំឡូងដែលយើងរកបានទៅហូប ក៏អង្គការបេះយកជីវិតរបស់យើងដែរ។”
លោកបណ្ឌិតបានបន្តទៀតថា សព្វថ្ងៃគឺយើងមានសិទ្ធិសេរីភាពសព្វបែបយ៉ាង រាប់តាំងពីសិទ្ធគោរពប្រតិបត្តិតាមប្រពៃណី ទំនៀមទម្លាប់ សាសនា សព្វបែបយ៉ាង ដែលនៅក្នុងសម័យខ្មែរក្រហមមិនមានឡើយ សូម្បីការអប់រំ។ ការអប់រំយើងមានតាំងពីកម្រិតកុមារតូច ថ្នាក់បឋម រហូតដល់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា គឺយើងឃើញថា មានច្រើនណាស់។ ទាំងអស់នេះ គឺជាអ្វីដែលយើងបានឃើញអំពីការប្រែប្រួល នៃសិទ្ធិផ្នែកសា្មរតី រីឯផ្នែករូបវ័ន្តវិញ យើងបានឃើញហើយ ។ អ្វីដែលយើងបានឃើញនៅពេលនេះ មិនមែនជាការប្រទានរបស់អាទិទេពទេ គឺវាកើតឡើងពីការខិតខំប្រឹងប្រែង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដោយយើងឃើញរាប់តាំងពីហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ។
លោកបានបន្តទៀតថា ពីមុននៅពេលដែលយើងចង់ធ្វើដំណើរទៅទូទាំងប្រទេស តើយើងត្រូវចំណាយពេលប៉ុណ្ណា ឥឡូវនេះ សូម្បីយើងទៅខេត្តណា គឺសុទ្ធតែអាចវិលល្ងាចបានទាំងអស់ ។ ស្ពាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម គឺជាភស្តុតាងដែលមិនអាចបដិសេធបានទេ នូវសមិទ្ធិផល ក្រោយ ៧ មករា ១៩៧៩ ។
លោកបានបញ្ជាក់ថា ភ្នំពេញនាពេលរាត្រី តើនៅសម័យកាលណា ដែលយើងអាចឃើញភ្នំពេញមានការរីកចម្រើនបែបនេះ ។ ភ្នំពេញឥឡូវ រីកធំ មានសំណង់អាគារស្កឹមស្កៃ ។ មួយទៀត យើងមើលឃើញអំពីការរីកចម្រើននៃសេដ្ឋកិច្ច យើងមើលឃើញអំពីស្ថេរភាពនៃម៉ាក្រូសេដ្ឋកិច្ច ។ យើងមានកំណើនសេដ្ឋកិច្ច នៅក្នុងរង្វង់ ៧ ភាគរយ មួយទស្សវត្សរ៍ហើយៗបើនិយាយអំពីប្រាក់ចំណូលរបស់ពលរដ្ឋម្នាក់ៗ គឺយើងធ្លាប់បានត្រឹមតែ ១០០ ដុល្លារប៉ុណ្ណោះ តែឥឡូវនេះយើងម្នាក់ៗ គឺបានជិត ២.០០០ ដុល្លារទៅហើយ ។ ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺយើងនឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០ ។
លោកបានបន្តទៀតថា ” ទាំងអស់នេះ គឺជាសុចនាករដែលអាចវាស់វែងបានអំពីការរីកចម្រើន អ្វីដែលជាការអភិវឌ្ឍ របស់ប្រទេសកម្ពុជាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។”
ក្រៅពីលោកបណ្ឌិត គិន ភា ប្រជាពលរដ្ឋដទៃទៀត ក៏បានមើលឃើញ និងទទួលស្គាល់សមិទ្ធិផលដែលមិនអាចប្រកែកបានក្នុងរយៈពេល ៤១ ឆ្នាំកន្លងមកនេះផងដែរ ។ លោក ស៊ឹម សំរឹទ្ធ ជាប្រជាពលរដ្ឋ មួយរូបរស់នៅជាយរាជធានីភ្នំពេញ បានថ្លែងថា សមិទ្ធិផលក្រោយថ្ងៃ ៧ មករា គឺមានច្រើនណាស់ រៀបរាប់មិនអស់ទេ ប៉ុន្តែមើលតែផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ សំណង់អគារ ទៅដឹងហើយ គឺកើតឡើងព្រោងព្រាតតែម្តង ។
ទាក់ទិននឹងថ្ងៃជាប្រវត្តិសាស្រ្តនេះ លោកបណ្ឌិតគិន ភា បានថ្លែងថា “សម្រាប់ខ្ញុំ សូមផ្តាំដល់ប្រជាពលរដ្ឋ និងយុវជនឱ្យចេះផ្តល់តម្លៃដល់សច្ចភាពប្រវត្តិសាស្រ្ត ។ គេតែងនិយាយថា ផឹកទឹកឱ្យនឹកប្រភព ជ្រកម្លប់ឱ្យនឹកអ្នកដាំ អញ្ចឹងទេ បើមិនបានចូលរួមចំណែកចូលរួមកសាងនូវសុខដុមភាព សូមកុំឱ្យជាតិយើងបែកបាក់ ជាតិយើងជួបភ័យន្តរាយ ធ្លាក់ទៅដល់សង្រ្គាមទៅបានហើយ ដូច្នេះយើងគួរតែដើរទៅតាមរដ្ឋធម្មនុញ្ញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រ ដើម្បីវឌ្ឍនភាព ស្ថេរភាព និងសន្តិភាព របស់កូនចៅយើងទៅថ្ងៃមុខទៀត ។”
ដោយ ហេង បញ្ញា & ផល សុផានិត