សម្តេចតេជោហ៊ុនសែនអញ្ជើញជាអធិបតីបើកសម្ពោធពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២នៅខេត្តកំពត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២១ខែធ្នូឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ​បើកពិធី បុណ្យ​សមុទ្រ​លើកទី៨ ជុំទី២នៅខេត្ត​កំពត​ជាផ្លូវការ ។
ពិធីបុណ្យសមុទ្រនៅឆ្នាំ២០១៩នេះ ប្រព្រឹត្តធ្វើនៅក្នុងពហុកីឡដ្ឋានខេត្តកំពត ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែធ្នូ  ក្រោមប្រធានបទ« ទីក្រុងស្អាត ឆ្នេរល្អ​ ទេសចរណ៍​រុងរឿង​ » អមដោយពាក្យ ស្លោក«អេកូទេសចរណ៍សម្រាប់កំណើនបៃតងនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។
ពិធីបុណ្យសមុទ្រត្រូវបានរាជរដ្ឋាភិបាលអនុ ញ្ញាតប្រារព្ធធ្វើជារៀងរាល់ឆ្នាំ នៅក្នុងខេត្តសក្តានុពលធម្មជាតិបៃតងទាំង៤ មាន ខេត្តកោះកុង ព្រះសីហនុ ខេត្តកំពត និង ខេត្តកែប។សម្រាប់ឆ្នាំ២០១៩នេះ ជាឆ្នាំទី៨ និង ជុំទី២ហើយ ដែលខេត្តកំពតធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រ។
ល្ងាចនេះសម្តេចតេជោ អញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពត។
ក្នុងសារលិខិតអបអរសាទរពិធីបុណ្យសមុទ្រសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការប្រារព្ធពិធីបុណ្យសមុទ្រ មិនត្រឹមតែចូលរួមចំណែ កក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរប៉ុណ្ណោះទេ តែបានចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ដោយឈរលើការប្តេ ជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ប្រជាពលរដ្ឋមូលដ្ឋាន ដូចដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈប្រធានបទនៃពិធីបុណ្យសមុទ្រលើកទី៨នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញក្តីរំពឹងថា ការប្រារព្ធពិធីបុណ្យសមុទ្រនេះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយសម្រាប់កម្ពុជាក្នុងការធ្វើឱ្យទីក្រុងជាប់មាត់ឆ្នេរ និងឆ្នេរសមុទ្រកម្ពុ ជា ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពស្របនឹងពាក្យស្លោក «ឆ្នេរសមុទ្រកម្ពុជា ៖ តារារះនាទិសនិរតី» ព្រមទាំងបង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ សាមគ្គីភាព និងមិត្តភាពផងដែរ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ឲ្យដឹងថា  ការរៀបចំពិធីបុណ្យសមុទ្រពីមួយ ឆ្នាំទៅមួយឆ្នាំ មានការចូលរួមកាន់តែផុសផុលពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែករដ្ឋ និងឯកជន និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីប្រជា ពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។
លោកថោង ខុន បានបញ្ជាក់ឲ្យដឹងថា ព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកំពតឆ្នាំនេះ មានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងគម្រោងអភិវឌ្ឍតំបន់ឆ្នេរ ។ផលិតផលនេះមានមកពីតាមក្រសួងស្ថាប័ននានា ក៏ដូចជាមកពីតាមក្រុមហ៊ុននានាទាំងនៅក្នុងប្រទេស និងបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។
ក្រៅពីនោះ ក៏មានការសម្តែងទស្សនីយភាពសិល្បៈចម្រុះបូរាណ-សម័យ ដែលមានការចូល រួមពីសិល្បករ-សិល្បការិនីជាតិនិងបណ្តាប្រទេសជាមិត្ត រួមមានប្រទេសចិន ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា និងវៀតណាម។ សកម្មភាពកីឡាវិញ រួមមាន៖ កីឡារត់កម្សាន្ត ការប្រណាំងកង់ បាល់ទះលើឆ្នេរខ្សាច់ ចាំបាប់លើឆ្នេរខ្សាច់ កីឡាប្រណាំងម៉ូតូទឹកលក្ខណៈអន្តរជាតិ ប្រដាល់គុនខ្មែរអន្តរជាតិដណ្តើមខ្សែក្រវ៉ាត់អន្តរជាតិ គុនល្បុក្កតោ ការប្រកួ តអុកចត្រង្គ និងការប្រកួតបុរសខ្លាំង ជាដើម។
លោករដ្ឋមន្ត្រីថោង ខុន បានរំពឹងថា ពិធីបុណ្យសមុទ្រលើកទី៨លើទឹកដីខេត្តកំពតដ៏ស្រស់បំព្រ ងនឹងចូលរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងខេត្តឱ្យកាន់តែទូលំទូលាយ។ លោករដ្ឋមន្ត្រីក៏រំពឹងដែរថា ពិធីបុណ្យសមុទ្រឆ្នាំនេះ នឹងមានអ្នកចូលរួមលេងកម្សាន្តជាង៥០ម៉ឺននាក់។
លោក ជាវ តាយ អភិបាលខេត្តកំពត បានឲ្យ ដឹងថា ក្រៅពីការសម្តែងសិល្បៈ និងផ្ទាំងទស្សនី យភាពផ្សេងៗ ដើម្បីជាការទាក់ទាញភ្ញៀវហើយនោះ ក្នុងពិធីបុណ្យសមុទ្រនេះ ក៏មានការតាំង ពិព័រណ៍ផលិតផលសរុបចំនួន ៤៦១ស្តង់ ក្នុងនោះរួមមាន ស្តង់គម្រោងអភិវឌ្ឍទេសចរណ៍សំខាន់ៗនៅតំបន់ឆ្នេរ ផលិតផលទេសចរណ៍ផលិតផលក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ស្តង់ពិព័រណ៍បរទេស ហើយពិសេសការរៀបចំវិថីម្ហូប អាហារ (Food Street) អាចសម្រាប់ជាគំរូដល់ខេត្តដទៃ។
ពិធីបុណ្យសមុទ្រត្រូវបានធ្វើឡើងលើកដំបូងនៅខេត្តព្រះសីហនុ ឆ្នាំ២០១១ ក្នុងគោលបំណងអបអរសាទរការចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក និងរួមចំណែ កក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្រ និងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍទេសចរណ៍ប្រ កបដោយនិរន្តរភាព៕

ចែម ហួត

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ