សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង​ពិធី​ចែកសញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ វេស្ទើន

CNV:

កុំមានការបារម្ភ ឬឃោសនាអកុសលអំពីសមយុទ្ធពីរកំពុងដំណើរការ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយ ដែលបានមកចែកសញ្ញាបត្រ សម្រាប់និស្សិត នៃសាកលវិទ្យាល័យ វេស្ទើន ចំនួន ២ ​៨៣១ នាក់ ដែលសប្តាហ៍នេះ គឺមានដូចជា ២ លើក។ មើលកម្មវិធីនៅសល់មួយលើកទៀត អា​ទិត្យក្រោយនោះ … អញ្ចឹង បានសេចក្ដីថា សាកលវិទ្យាល័យនានាត្រូវការឱ្យខ្ញុំព្រះករុណាខ្ញុំចែកសញ្ញាបត្រ គឺនៅក្នុងខែ វិច្ឆិកា, ធ្នូ ហើយចូលទៅដល់ខែ មករា ឯណោះ។ អញ្ចឹងទេ ក៏ចេះតែប្រឹងទៅ ដើម្បីនឹងមកជួ​បជាមួយនឹងនិស្សិតរបស់យើង មុនពេលដែលចាកចេញពីការសិក្សា ហើយទៅបំពេញនូវកិច្ចការ ដែលជាការផ្ដល់នូវកិត្តិយសមួយ (ឬ)ជាការលើកទឹកចិត្តមួយ សម្រាប់និស្សិតរបស់យើង។

អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំយកឱកាសនេះ ជម្រាបជូនប្រជាពលរដ្ឋរបស់យើងឱ្យបានជ្រាបថា នៅថ្ងៃនេះ មានសមយុទ្ធពីរកើតឡើងផ្ទួនគ្នាតែម្ដង។ សមយុទ្ធទី ១ គឺការសង្គ្រោះគ្រោះមហន្តរាយ សម្រាប់ពេលដែលមានឧបទ្ទវហេតុ នៃការធ្លាក់យន្តហោះ ដែលកិច្ចការនេះ ប្រព្រឹត្តនៅឯព្រលានយន្តហោះទីក្រុងសៀមរាប ហើយសូមកុំឱ្យមានការភ័យព្រួយ ឬក៏ការប្រើនូវបណ្ដាញសង្គមលើកឡើងមួលបង្កាច់ទាក់ទងនឹងការធ្លាក់យន្តហោះអីជាដើម។ សមយុទ្ធរបៀបនេះ គឺជាសមយុទ្ធសភាពការណ៍ជាក់ស្ដែង (ក្នុងករណីមានហេតុការណ៍)របៀបនៃការធ្លាក់យន្តហោះ។ មិនមែនយកយន្តហោះបើកទៅឱ្យធ្លាក់នោះទេ ក៏ប៉ុន្តែធ្វើជាប្រភេទដែលអាចកើតមានរបៀបនោះ។ ឯសមយុទ្ធទី ២ ក៏កំពុងតែចាប់ផ្ដើមដែរ គឺនៅឯខេត្តស្វាយរៀង គឺសមយុទ្ធរួមគ្នា រវាងកងទ័ពកម្ពុជា និ​កងទ័ពវៀតណាម ដើម្បីសង្គ្រោះគ្រោះមហន្តរាយនៅតាមព្រំដែន។ ដូច្នេះ សូមកុំឱ្យមានការព្រួយបារម្ភ ឬការធ្វើការឃោសនាអកុសលណាមួយ។

ការរកការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សា គប្បីត្រូវមានការលើកទឹកចិត្ត និងជម្រុញបន្ត

ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានស្ដាប់នូវរបាយការណ៍របស់ ឯកឧត្តម តែ ណូរិន ទាក់ទងជាមួយនឹងវឌ្ឍនភាពនៃសាកលវិទ្យាល័យរបស់យើងនេះ។ ឯកឧត្តម តែ ណូរិន បានលើកឡើង អំពីវឌ្ឍនភាព ក្នុងនោះក៏បានបង្ហាញ អំពីការប្រកួតប្រជែងជាអន្តរជាតិ ដែលនិស្សិត នៃសាកលវិទ្យាល័យ វេស្ទើនរបស់យើងក៏បានទៅចូលរួម ហើយក៏បាននាំមកនូវពានរង្វាន់ ដែលទាក់ទងជាមួយនឹងការប្រកួតប្រជែងខ្នាតអន្តរជាតិ។ នៅក្នុងការបណ្ដុះបណ្តាលនៅទីនេះទៀតសោត សាកលវិទ្យាល័យក៏បានខិតខំធ្វើយ៉ាងច្រើន ដែលមកដល់ពេលនេះ ចំនួននិស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនេះ គ្រប់កម្រិតមានរហូតទៅដល់ ១៣ ៥០៨ នាក់ ចាប់តាំងពីឆ្នាំ ២០០៣-០៤ រហូតមកដល់ ២០១៨-១៩ នេះ។ ឯចំនួននិស្សិតដែលនៅបន្តការសិក្សា គឺមានចំនួន ៥ ៥១៧ នាក់ ដែលចាត់ទុកថា ជាចំនួនមួយច្រើន ក្នុងចំណោមសាកលវិទ្យាល័យនានា ដូចដែលសាកលវិទ្យាល័យនានាបានធ្វើផងដែរ។

ឯចំណែកការងារធ្វើទៀតសោត ក៏ឃើញថា ចំនួនដែលឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបានលើកឡើងអម្បាញ់មិញ គឺមានបរិញ្ញាបត្ររង ចំនួន ៨៩.៤០% ដែលបានទទួលការងារធ្វើ។ ឯបរិញ្ញាបត្រមាន(ចំនួន) ៩៥% និងបរិញ្ញាបត្រជាន់ខ្ពស់មានចំនួន ១០០% ដែលទទួលបានការងារធ្វើ។ ចំណុចទាំងនេះ គឺជាចំណុចដែលយើងគប្បីត្រូវបានលើកទឹកចិត្ត ហើយក៏គប្បីត្រូវបានជម្រុញជាបន្តទៀត ដើម្បីនឹងដើរឱ្យ​ទាន់ឱកាស សម្រាប់ការអភិវឌ្ឍប្រទេសរបស់យើង ស្របជាមួយនឹងនិន្នាការវិវដ្ត នៃសង្គម ក៏ដូចជា ការវិវដ្តនៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។

ជំនួបរវាងនាយករដ្ឋមន្រ្តី និងសមាគមគ្រឹះស្ថានឧត្តមសិក្សា តែងមានមួយឆ្នាំម្ដង

ល្ងាចនេះ យើងត្រូវមានជំនួបមួយទៀត រវាងនាយករដ្ឋមន្រ្តី ជាមួយនិងសមាគមគ្រឹះស្ថានឧត្តមសិក្សា ដែលយើងនឹងមានការពិភាក្សា​គ្នាច្រើន ពាក់ព័ន្ធជាមួយនឹងបញ្ហាការបណ្ដុះបណ្តាលគ្រូផង គុណភាពផង ហើយមានបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការស្នើសុំ ដើម្បីអនុគ្រោះអំពីបញ្ហាហិរញ្ញវត្ថុ ដែលទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុ សម្រាប់ការបន្តរបស់សាកលវិទ្យាល័យ។ យើងនឹងពិភាក្សា និងសម្រេចគ្នានៅល្ងាចនេះ។ នេះជាកម្មវិធីប្រចាំឆ្នាំ ដែលសមាគមគ្រឹះស្ថានឧត្តមសិក្សាឯកជន នឹងត្រូវជួបជាមួយនាយករដ្ឋមន្រ្តីក្នុងមួយឆ្នាំម្ដង ហើយមួយឆ្នាំម្តងនោះ ក៏ផ្ដល់ឱកាសសម្រាប់គ្រឹះស្ថានឧត្តមសិក្សា នៃវិស័យឯកជនទាំងអស់ អាចដំណើរការទៅបាន និងផ្ដល់ភាពងាយស្រួលកាន់តែច្រើន សម្រាប់ការដោះស្រាយបញ្ហា។ ការងាយស្រួលរបស់សាកលវិទ្យាល័យនោះ ក៏វាជាការងាយស្រួលសម្រាប់និស្សិតរបស់យើង ក្នុងការទទួលបាននូវការបណ្ដុះបណ្ដាល។

មានតែធនធានធម្មជាតិ គ្មានធនធានមនុស្ស មិនអាចក្លាយជាអ្នកមានបាននោះទេ

(កត្តាអស់ទាំង)នេះក៏អាចបង្ហាញ(ឱ្យ)ឃើញ អំពីអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្ដោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍធនធានមនុស្សជាសំខាន់។ គ្មានធនធានមនុស្ស គឺមិនអាចធ្វើអ្វីបាននោះទេ។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បានបញ្ជាក់កាលពីមុនច្រើនដងហើយថា ប្រទេសដែលមានធនធានធម្មជាតិសម្បូរបែប មិនប្រាកដថាប្រទេសនោះក្លាយទៅជាប្រទេសអ្នកមានទេ។ ជាក់ស្ដែង ដូចជានៅកម្ពុជារបស់យើងនេះ ជាប្រទេសដែលមានធនធានធម្មជាតិសម្បូរបែប ក៏ប៉ុន្តែ ប្រទេសរបស់យើងក៏ជាប្រទេសក្រីក្រមួយដែរ។ ក្នុងនោះ មានមូលហេតុនយោបាយផង មានមូលហេតុដែលទាក់ទងនឹងបញ្ហាដទៃៗទៀត រួមទាំងធនធានមនុស្សរបស់យើង។

ការដើរខុសខាងនយោបាយ នាំមកនូវការបាត់បង់ធនធានមនុស្ស

ហេតុអីបានជាយើងនៅតែក្រ? បញ្ហានេះ វាទាក់ទងនឹងការដើរខុសខាងនយោបាយ ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ។ គឺជាភ័ព្វសំណាងមួយហើយ ដែលយើងបានដកខ្លួនចេញផុតពីសង្គ្រាមនៅឆ្នាំ ១៩៩៨។ ប៉ុន្តែ កាលពីពេលមុនៗនោះ ប្រទេសរបស់យើងជាប់ជំពាក់តែជាមួយនឹងសង្គ្រាមវិនាសកម្ម ហើយដែលធ្វើឱ្យប្រទេសដែលខិតខំកសាងពីជំនាន់មួយមកកាន់ជំនាន់មួយ ក្លាយទៅជាបាត់បង់ត្រឡប់ទៅវិញ ដូចជាស្ថានភាពទីក្រុងភ្នំពេញ ដែលត្រូវបានកសាងច្រើនជំនាន់មនុស្ស ហើយរហូតមកដល់ការរីកចម្រើននៅសម័យសង្គមរាស្រ្តនិយម ដែលដឹកនាំដោយ សម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានខិតខំយ៉ាងខ្លាំង ប៉ុន្តែ ត្រូវបានបំផ្លិចបំផ្លាញក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ ក្នុងសម័យសង្រ្គាម ហើយក៏បំផ្លាញបន្តទៀតដោយរបប ប៉ុល ពត។ យើងប្រឹងងើបស្ទុះឡើង ដើម្បីកសាងប្រជាជាតិមួយនេះពីគំនរផេះផង់។

ងាកទៅធនធានមនុស្សរបស់យើង គឺមានកម្រិតខ្លាំងណាស់។ ពិតហើយ បើសិនជាពុំមានការកាប់សម្លាប់របស់ ប៉ុល ពត ធនធានមនុស្សរបស់យើងនឹងមានច្រើនលើសនេះឆ្ងាយ។ ការកាប់សម្លាប់របស់ ប៉ុល ពត បានធ្វើឱ្យធនធានមនុស្សរបស់យើងចុះខ្សោយយ៉ាងខ្លាំង។ ឥឡូវ យើងខិតខំក្រោកឈរឡើងរួមគ្នា ដើម្បីកសាងធនធានមនុស្ស។ អញ្ចឹង យើងពិនិត្យជាក់លាក់ថា ប្រទេសមួយដែលពាក្យខ្មែរយើងតែងហៅថា “កម្ពុជា ប្រែថា សុវណ្ណភូមិ” គឺទឹកដីមាស ប៉ុន្តែ វានៅតែក្រ។ បើយើងពិនិត្យទៅមើលសាំងហ្គាពួរវិញ រកតែទឹកសាបផឹកឱ្យគ្រប់គ្រាន់ គឺមិនគ្រប់គ្រាន់ផង ក៏ប៉ុន្តែក្លាយទៅជាប្រទេសអ្នកមានទៅបាន ដោយសារតែនយោបាយរបស់គេត្រូវ និងធនធានមនុស្សរបស់គេពូកែ។ ដូច្នេះ គេក្លាយទៅជាប្រទេសអ្នកមានទៅបាន។

ការដាំមនុស្ស ត្រូវចំណាយពេល និងធនធានច្រើនជាងការដាំដើមឈើ

អញ្ចឹងទេ បានជាចំណុចនេះហើយ ដែលយើងផ្ដល់ការយកចិត្តទុកដាក់អភិវឌ្ឍន៍មនុស្សរបស់យើង ក្នុងនោះ រាប់ទាំងវិស័យអប់រំ/សុខាភិបាល ជាវិស័យអាទិភាព​ ដែលយើងផ្ដល់សម្រាប់កសាងមនុស្សរបស់យើងតាំងពីការចាប់ផ្ទៃ។ អាហ្នឹងគេថា របៀបដាំមនុស្ស។ តាំងពីការចាប់ផ្ទៃមក ដែលខ្ញុំបាននិយាយនៅទីនេះ កាលពី​ជាមួយនិស្សិតពេទ្យពីប៉ុន្មានថ្ងៃមុននេះ គឺទាក់ទងជាមួយនឹងធ្វើម៉េចឱ្យកុមារ ដែលចាប់ផ្ទៃ និងកុមារដែលកើតឡើង ក្លាយទៅជាកុមារដែលមានការវ័យឆ្លាត ហើយបន្តដល់ដំណាក់កាលដែលយើងត្រូវធ្វើការបណ្ដុះបណ្ដាល។

ដាំមនុស្ស គឺត្រូវប្រើពេលវេលាយូរជាងដាំដើមឈើឆ្ងាយណាស់។ ដាំដើមឈើ(ប្រើពេល)ត្រឹមតែ ៤-៥ ឆ្នាំ គឺបានទទួលផលហើយ ប៉ុន្តែ ដាំមនុស្សវិញ យើងគ្រាន់តែគិតអំពីចាប់ផ្ដើមចូលសាលាថ្នាក់ទី ១ រហូតដល់ថ្នាក់ទី ១២ ប្រឡងមធ្យមសិក្សាទុតិយភូមិ ត្រូវប្រើពេល ១២ ឆ្នាំ។ ចូលឧត្ដមសិក្សា យើងនិយាយថ្នាក់បរិញ្ញាបត្រទៅចុះ គឺត្រូវប្រើពេល ៤ ឆ្នាំ។ បរិញ្ញាបត្រជាន់ខ្ពស់ ប្រើពេល ៦ ឆ្នាំ។ អញ្ចឹងគ្រាន់តែប៉ុណ្ណឹង គឺវា(ប្រើពេល)អស់ ១៨ ឆ្នាំ បាត់ទៅហើយ។ បើសិនជាយកថ្នាក់បណ្ឌិតទៀត អាហ្នឹងកាន់តែវែងឆ្ងាយតទៅ​ទៀត។ អញ្ចឹង បានមើលឱ្យឃើញថា ការដាំមនុស្ស គឺត្រូវចំណាយពេលវេលាច្រើន ហើយប្រើដើមទុនច្រើនជាងដាំដើមឈើ ដើម្បីនឹងទទួលផលទៅទៀត។ ប៉ុន្តែ គ្មានជម្រើសណាឱ្យល្អជាងយើងប្រើការខិតខំនោះទេ។

អត្រានិស្សិតស្ត្រីធ្លាក់ចុះ នៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរ ចំពោះសាកលវិទ្យាល័យ វេស្ទើន ក៏ដូចជា ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ ដែលធ្វើការនៅទីនេះ ដើម្បីរួមចំណែកទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់សាកលវិទ្យាល័យមួយនេះ។ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការអបអរសាទរ ចំពោះជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ដែលក្នុងនោះ គឺមានបរិញ្ញាបត្ររង ចំនួន ៦៧០ នាក់។ បរិញ្ញាបត្រ (ចំនួន) ១ ៦៨១​ នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៨០ នាក់​។

ការកត់សម្គាល់នៅទីនេះ គឺរយៈពេលមុននេះ សាកលវិទ្យាល័យមួយណានោះ គឺឃើញកម្រិតនៃអត្រានារីសម្រាប់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ គឺមានអត្រាទាប។ នៅទីនេះ យើងឃើញថា បរិញ្ញាបត្ររងមាន(អត្រានិស្សិតជា)នារីដល់ទៅ ៥៨,២១% ដល់ថ្នាក់បរិញ្ញាបត្រមាន(អត្រានិស្សិតជា)នារីរហូតទៅដល់ ៥៩,២៦% ប៉ុន្តែ ដល់ទៅបរិញ្ញាបត្រជាន់ខ្ពស់ មាននារីធ្លាក់ចុះមកនៅត្រឹម ២៧,២៨%។ ចំនួននេះនៅតែជាចំនួនត្រូវចាប់អារម្មណ៍។

យើងចាប់ផ្ដើមថាឡើង ឥឡូវ របៀបពីរ៉ាមីត។ បើទៅពីក្រោមអញ្ចឹង ចំនួនស្រ្តីនៅបន្តធំនៅឡើយទេ តាំងពីថ្នាក់បឋម និងមធ្យម បានសេចក្តីថា ចំនួនស្រ្តី និងបុរស នៅប្រហាក់ប្រហែលគ្នា​។ ដល់មកដល់ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ក៏នៅតែប្រហាក់ប្រហែលគ្នា ឬអាចថា សាលាខ្លះអាចមានខ្ពស់ជាង(បុរស)បន្តិច​។ បើនិយាយអំពីសិស្សប្រឡងជាប់និទ្ទេស A, B, C, D, E ចំនួនស្ត្រីខ្ពស់ជាងបុរស។ ប៉ុន្តែ ចាប់ពីថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត គឺចំនួនស្ត្រីធ្លាក់ចុះភ្លាម។ ប៉ុន្តែ បើប្រៀបធៀបរយៈពេលនេះ អាចចាត់ទុកថា ចំនួននេះច្រើនជាងពេលមុន។

កត្តាសត្យានុម័តធ្វើឱ្យចំនួននិស្សិតជាស្ត្រីនៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ធ្លាក់ចុះ

ចំណុចនេះ សម្រាប់យើង ទាក់ទងនឹងកត្តាធម្មជាតិដែរ កត្តាសត្យានុម័ត គឺជាកត្តាធម្មជាតិ។ ដោយសារតែស្ត្រីរបស់យើងដល់វ័យយកប្ដីហើយ នេះគឺជារឿងពិត។ មានប្តីហើយខុសពីបុរស។ មានប្តីត្រូវពពោះមានកូនៗមួយហើយត្រូវមានកូនទៀត។ បន្តគ្នា។ អត់ចេះឈប់ទេ។ បានជាធ្វើឱ្យស្តី្រចាប់តាំងពីបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតធ្លាក់ចុះ នៅទីនេះយើងឃើញថា ខុសត្រូវគ្នាពាក់កណ្ដាល រវាងបរិញ្ញាបត្រមាន ៥៩%(ជាស្ត្រី) ដល់បរិញ្ញាបត្រជាន់ខ្ពស់ធ្លាក់មក ២៧%។ យ៉ាងណាក៏ដោយ ចំនួនតួលេខនេះ គឺកាន់តែឡើងជាង បើប្រៀបធៀប(ពីមុន) ព្រោះខ្ញុំតាមមើល នៃអត្រាការបណ្ដុះបណ្ដាលបុរស និងស្ត្រី ដើម្បីយើងពិនិត្យមើលវឌ្ឍនភាព នៃការអភិវឌ្ឍគោលនយោបាយសមធម៌យេនឌ័ររបស់យើងផងដែរ។

លើកកម្ពស់សមត្ថភាព ដើម្បីក្ដាប់ឱកាសអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែប្រសើរ

ខ្ញុំព្រះករុណាខ្ញុំ សូមអបអរជ័យលាភីទាំងអស់ (ទាំង)ព្រះសង្ឃ និងគ្រហស្ថនៅគ្រប់កម្រិត ដែលទទួលសញ្ញាបត្រនៅថ្ងែនេះ ក៏ដូចជា ចូលរួមអបអរសាទរ នៃក្រុមគ្រួសារជ័យលាភីទទួលសញ្ញាបត្រនៅថ្ងៃនេះ ដែលរង់ចាំនៅខាងក្រោយ។ អាទិត្យមុន គឺនិស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា។ ចេញពីនេះទៅក៏ឃើញបងប្អូននៅនោះ គាត់ទៅមានចាស់ៗមកឱប។ រួចហើយបន្តទៅមុខក៏នាំគ្នាថតស៊ែលហ្វីជាមួយគ្នា ប៉ុន្តែ ក្មួយស្រីម្នាក់មកសុំថើបមួយ។ ថើបរួចហើយបានចាប់ផ្ដើមស្នើសុំ។ ខ្ញុំកំពុងគិតថា ថ្ពាល់ខ្ញុំផ្អែមឬអី បានជាចូលចិត្តថើប? សំណាងល្អ មុនឡើងឡាន សេង ទៀង ជូតទាន់ កុំអីទៅពេទ្យមើលម្ដាយក្មេក គឺទៅទាំងក្រែម។ អត់អីទេ ថើបក៏ថើបទៅ។ ខ្ញុំដឹងថាបងប្អូនកូនក្មួយ ដែលថើបឱបខ្ញុំ ចាត់ទុកដូចជាឪពុក/មា ដូចជាជីតាទេ។ ខ្ញុំសុំយកឱកាសនេះ អបអរសាទរជាមួយនឹងក្រុមគ្រួសារផងដែរ ហើយក៏សុំអំពាវនាវ ចំពោះនិស្សិតទាំងអស់ ដែលទទួលបានសញ្ញាបត្រនៅថ្ងៃនេះ សុំបន្តការខិតខំលើកកម្ពស់សមត្ថភាពរបស់យើងតទៅទៀត។ ការរៀនគ្មានទីបញ្ចប់ទេ។ (ត្រូវ)ខិតខំស្រវា ដើម្បីក្ដាប់យកឱកាសការអភិវឌ្ឍនាពេលខាងមុខកាន់តែប្រសើរ។ គ្មានចំណេះណាមួយ ដែលអាចគ្រប់គ្រាន់នោះទេ។

វិធីសាស្ត្រ ៣ យ៉ាង ក្នុងការដឹកនាំ និងធ្វើការងារ

ចំណេះដែលយើងរៀននៅក្នុងសាលា និងពេលដែលយើងបំពេញការងារពិតប្រាកដ មានចំណុចខុសគ្នា។​ យើងគ្រាន់តែទទួលបានចំណេះដឹងនៅក្នុងក្របខណ្ឌមួយ ប៉ុន្តែ នៅពេលដែលយើងចេញធ្វើសកម្មភាពជាក់ស្ដែង វាលេចឡើងបញ្ហាច្រើនណាស់។ ខ្ញុំព្រះករុណាខ្ញុំ លើឧទាហរណ៍ករណីការដោះស្រាយការគ្រប់គ្រងប្រទេសមួយ។ មិនចាំបាច់ថាជាអ្នកគ្រប់គ្រងប្រទេសមួយទេ គ្រាន់តែថាក្នុងវិស័យមួយ ក៏វាលេចឡើងកត្តាចៃដន្យដទៃៗទៀត ដែលខ្ញុំព្រះករុណាខ្ញុំតែងតែលើក។ ពីដើមខ្ញុំព្រះករុណាជាអ្នករៀបចំ ហើយយកទៅឧទ្ទេសនាមក្នុងសាលាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងវិធីសាស្ត្រដឹកនាំ និងធ្វើការងារ។ ធ្វើយ៉ាងម៉េចដើម្បីដោះស្រាយបញ្ហា (ឬ)កិច្ចការនេះឱ្យបាន។

ការដឹកនាំមួយត្រូវតែមានផែនការជាក់លាក់។ ឧទាហរណ៍៖ ការរៀបចំផែនការនៃសាកលវិទ្យាល័យ សា​កលវិទ្យាធិការ គណៈគ្រប់គ្រង និងអ្នកដែលបោះទុនវិនិយោគ គឺត្រូវរៀបចំផែនការជាក់លាក់ណាស់ ដើម្បីដោះស្រាយបញ្ហា។ (ការ)រៀបចំផែនការមួយដែលល្អ ចាត់ទុកថា សម្រេចបាន ៣០% នៃការងារដែលយើងត្រូវធ្វើ។ ប៉ុន្តែ ៣០% នេះ វាសំខាន់ណាស់ ដោយសារវាជាផែនទីចង្អុលផ្លូវសម្រាប់យើង។ បន្ទាប់ពីរៀបចំផែនការបានហើយ គឺចាត់តាំងអនុវត្តន៍។ បើសិនជាផែនការមួយរៀបចំបានល្អហើយ យកទៅទុកនៅលើតុ ឬយកទៅចាក់សោរទុក វាគ្មានបានលទ្ធផលអីទាំងអស់។ ៣០% ស្មើសូន្យ។ អញ្ចឹង ការដែលរៀបចំផែនការបានហើយ ត្រូវតែចាត់តាំងអនុវត្តន៍។ ការចាត់តាំងអនុវត្តន៍នោះ ត្រូវមានគ្រប់ទិដ្ឋភាព ដែលជាលទ្ធភាពយើងមាន។ ឆន្ទៈមិនអាចមានរំលងលទ្ធភាពបានទេ។ គោលបំណងយើងវាធំណាស់ ក៏ប៉ុន្តែ លទ្ធភាពមានកម្រិត។ គេច្រើនតែនិយាយថា ឆន្ទៈមិនអាចរំលងពីលទ្ធភាពបានទេ។ នេះគឺជារឿងពិត។

យើងចង់ក្លាយទៅជាសេដ្ឋី ប៉ុន្តែ សមត្ថភាពពួកសេដ្ឋី មួយថ្ងៃគេចំណេញ ២០-៣០ លានដុល្លារ(អាមេរិក) ប៉ុន្តែលទ្ធភាពពិតប្រាកដរបស់យើង គឺមួយថ្ងៃរកបានតែ ២០០-៣០០ ដុល្លារ(អាមេរិក) ធ្វើម៉េចធ្វើសេដ្ឋីបាន? នេះគេហៅថា ឆន្ទៈមិនអាចរំលងលទ្ធភាព។  ត្រូវមានចាត់តាំងអនុវត្តដោយមានធនធានមនុស្ស ធនធានថវិកា ឬបញ្ហាដទៃទៀត។ ការរៀបចំផែនការបាន ៣០% ការចាត់តាំងអនុវត្តន៍ល្អ ក៏ទើបនឹងបាន៣០% ដែរ។ ដូច្នេះ ពីរផ្នែក(នេះ) ទាំងផ្នែករៀបចំផែនការ និងផ្នែកចាត់តាំងអនុវត្តន៍ ទើបនឹងសម្រេចបាន៦០% ទេ អញ្ចឹង តើនៅសល់ ៤០% ទៀត វាចំណុះលើអីទៅ? ៤០% ទៀតវាចំណុះលើកត្តាចៃដន្យ ដែលលេចឡើង ដែលនោះវាឆ្លុះបញ្ចាំងពីសមត្ថភាពរបស់យើង ក្នុងការដោះស្រាយបញ្ហា។

នៅពេលមានកត្តាចៃដន្យកើតឡើង លេចឡើងមន្ត្រីពីរប្រភេទ

បើខ្ញុំនិយាយមកអំពីការគ្រប់គ្រងរដ្ឋ ឬគ្រប់គ្រងថ្នាក់ដែនដីមួយ ត្រូវបង្ហាញអំពីសមត្ថភាពរបស់ថ្នាក់ដឹកនាំនោះហើយកម្រណាស់។ ការដាក់ចេញផែនការ ហើយអនុវត្តន៍ ដែលគ្មានឧបសគ្គ និងគ្មានកត្តាចៃដន្យលេចឡើង​ វាពិតជាមាន។ អញ្ជឹង ចំណុចត្រង់នេះ ​គឺវានឹងបញ្ជាក់អំពីសមត្ថភាពរបស់មន្ត្រីរបស់យើង ឬសមត្ថភាពមេដឹកនាំក្រុមហ៊ុនមួយ ឬមេដឹកនាំសាលាមួយ ត្រូវដោះស្រាយបញ្ហានោះយ៉ាងម៉េច។ កត្តាចៃដន្យកើតឡើងដោយសារមនុស្សបង្ក ឬដោយសារកត្តាធម្មជាតិបង្ក។ ខ្ញុំលើកពីស្ថានភាពរបស់ប្រទេស ការរៀបចំផែនការ សម្រាប់ការការគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ឆ្នាំ ២០២០ (យើងឧទារណ៍)។ ឥឡូវ សភាដាក់ឆ្លងអស់ហើយ។ ម្សិលមិញខ្ញុំចុះហត្ថលេខាថ្វាយស្នើសុំព្រះមហាក្សត្រ ដើម្បីព្រះអង្គឡាយព្រះហត្ថលេខាប្រកាសឱ្យប្រើច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០។

ក៏ប៉ុន្តែ នៅពេលពាក់កណ្ដាលឆ្នាំ ២០២០ ជួនកាលវាលេចឡើងនូវកត្តាគ្រោះទឹកជំនន់/រាំងស្ងួត ឬក៏គ្រោះមហន្តរាយផ្សេងៗទៀត ដែលបណ្ដាលឱ្យយើងរកវិធីដោះស្រាយ ទាំងថ្នាក់ជាតិ/ក្រោមជាតិ វានឹងលេចឡើងដោយកត្តាចៃដន្យ ដោយមិនបានគ្រោងទុកនៅក្នុងផែនការ។ វានឹងបង្ហាញចេញសមត្ថភាពរបស់មនុស្សពេលនោះនឹងកើតឡើងនូវប្រភេទមនុស្ស៖ ទី (១) ឧទារហណ៍ថា នៅថ្នាក់ខេត្ត គាត់ពូកែខាងរាយការណ៍ឱ្យខាងលើ ហើយបន្ទោសថ្នាក់ក្រោម។ លេចឡើងមន្ត្រីបែបហ្នឹងតែម្ដង។ ឯប្រភេទមនុស្សទី (២) គឺជាប្រភេទមនុស្សដោះស្រាយបញ្ហានៅនឹងកន្លែង គឺរួមប្រាស្រ័យសុខទុក្ខជាមួយប្រជាពលរដ្ឋ។ ដោះស្រាយ​បញ្ហា(ជូនប្រជាពលរដ្ឋ)។

អន្តរាគមន៍ពីខាងលើយ៉ាងម៉េច គឺជារឿងមួយ ប៉ុន្តែការឈ្មុសឈ្មុលដោះស្រាយបញ្ហានៅនឹងកន្លែង។ បើសិនជាមន្ត្រីគិតតែរាយការណ៍ និងបន្ទោសតែថ្នាក់ក្រោម គឺថាយកមន្ត្រីហ្នឹងទៅបញ្ចូលឃ្លាំងទុកមួយកន្លែង មិនអាចបន្តឱ្យកាន់ការងារតទៅទៀតបានទេ។ អនុញ្ញាតឱ្យរាយការណ៍ មិនឱ្យនៅស្ងៀមទេ ក៏ប៉ុន្តែ ទន្ទឹមនឹងរាយការណ៍ ត្រូវម្ចាស់ការដោះស្រាយ(បញ្ហា)នៅនឹងកន្លែង។ ខ្ញុំនិយាយរឿងនេះ ផ្សាភ្ជាប់ជាមួយព្រឹត្តការណ៍រលំអាគារ ៩ ជាន់ នៅខេត្តព្រះសីហនុ។ ខ្ញុំនិយាយដោយត្រង់។ ខ្ញុំមានការសោកស្ដាយ។ រលំអាគារបាន ២ ម៉ោងប្លាយ ខ្ញុំត្រូវចាកចេញទៅបាងកក … ខានមិនបានដោយសារការប្រជុំអាស៊ាន និងការប្រជុំពាក់ព័ន្ធដទៃទៀត។ ខ្ញុំក៏បញ្ជាពីទីក្រុងបាងកកមកដែរ។ អញ្ចឹង បានជាមេដឹកនាំអាស៊ាន ឬក៏មេដឹក​នាំអាស៊ីបូព៌ា ឬក៏ថ្នាក់បូក គេតែងឃើញខ្ញុំពាក់ប្រដាប់ពីរ។ ប្រដាប់មួយស្តាប់សារទូរស័ព្ទ តាមរយៈ WhatsApp ឬ Telegram ដែលនិយាយជាមួយខ្ញុំ។ ​ឯមួយទៀតស្តាប់ការបកប្រែក្នុងការប្រជុំ។

មិនមានវត្តមានអន្តរាគមន៍មន្ត្រីថ្នាក់ជាតិ មន្ត្រីនៅមូលដ្ឋានប្រមូលកម្លាំងរួមគ្នាដោះស្រាយនៅនឹងកន្លែង

យប់យើងអត់បានដេកទេ ត្រូវបញ្ជាចុះមកសួរ ហើយពេលមកដល់ គឺខ្ញុំត្រូវធ្វើដំណើរភ្លាមចុះទៅ(ក្រុងព្រះសីហនុ)។ ខ្ញុំមកដល់ផ្ទះតែប៉ុន្មានម៉ោងទេ ដោះស្រាយឯកសារអីៗ ហើយពេលហ្នឹងនិយាយមួយបែបទៅ មិនដឹងថាខ្ញុំមានវិញ្ញាណទីប៉ុន្មានទេ សម្លេងឱ្យជួយនៅពេញត្រចៀកតែម្តង។ គ្រាន់តែចុះពីលើយន្តហោះ ឡើងលើឡាន គឺមានសម្លេងស្រែកឱ្យជួយតែម្តង។ ទីចុងបំផុត វត្តមានរបស់ខ្ញុំនៅទីនោះ ហោចណាស់ក៏សង្គ្រោះបានមនុស្ស ២ នាក់ ដែលនៅរស់ ហើយដែលពេលនោះ ប្រតិបត្តិការប្រុងធ្វើលឿនទៅហើយ ខ្ញុំថា អត់បានទេ មុន ៧២ ម៉ោង មិនអាចធ្វើលឿនបានទេ ព្រោះខ្ញុំជឿជាក់ថា មានមនុស្សនៅរស់។ ពេលដែលខ្ញុំទៅដល់ ខ្ញុំចង្អុលចំកន្លែង … ថា មនុស្សអាចរស់នៅក្នុងកន្លែងហ្នឹង … សល់មនុស្ស ៤ នាក់។ ២ នាក់ស្លាប់ និង ២ នាក់រស់ ដែលយើងរកឃើញចុងក្រោយ។ អ្វីដែលខ្ញុំសោកស្តាយ មន្ត្រីថ្នាក់ជាតិបាត់បង់អន្តរាគមន៍។ ខ្ញុំកោតសរសើរ គឺមន្រ្តីនៅមូលដ្ឋានគេចេះរួមគ្នាប្រមូលកម្លាំងដើម្បីនឹងដោះស្រាយបញ្ហានៅនឹងកន្លែង​។ ទាំងអភិបាល/អភិបាលរងខេត្ត ទាំងមេប៉ូលីស មេទាហាន មេប៉េអឹម ហើយបញ្ជូនកម្លាំងអន្តរាគមន៍ពីកងពលលេខ ៧០ និងកម្លាំងដទៃទៀតចូលទៅរួមដោះស្រាយ។ អញ្ចឹងទេ ចំណុចអស់ទាំងនេះហើយ ដែលបង្ហាញអំពីសមត្ថភាព ដោយមិនរង់ចាំថ្នាក់ជាតិចុះទៅទេ។

ជម្រុញប្រតិភូកម្មអំណាច/ហិរញ្ញវត្ថុ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

ឥឡូវនេះ យើងកំពុងតែជម្រុញការបែងចែក/ផ្ទេរមុខងារ និងបញ្ជូនអំណាចនោះ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហា។ ចំណុចនេះ យើងបានឃើញថា យើងអន្តរាគមន៍ពីនេះ​ឆ្ងាយណាស់ ប៉ុន្តែបើយើងឱ្យអំណាចនេះទៅថ្នាក់មូលដ្ឋាន គឺថ្នាក់មូលដ្ឋាននឹងទទួលខុសត្រូវក្នុងការធ្វើ​។ ក៏ប៉ុន្តែ យើងត្រូវឱ្យទាំងមុខងារគេ ផ្តល់នូវភារកិច្ចឱ្យគេគ្រប់គ្រាន់ ធនធានមនុស្សក៏ត្រូវឱ្យគេគ្រប់គ្រង ថវិកាក៏ត្រូវឱ្យគេ។ អាហ្នឹងទើបគេអាចធ្វើទៅបាន។ ឱ្យតែអំណាចខ្យល់ ធ្វើអត់កើតទេ។ ចុងក្រោយនេះ ប្រ​ហែលជាក្រសួងមួយចំនួនបានឃើញហើយ ខ្ញុំចុះហត្ថលេខាយកតែម្តង។ រង់ចាំអស់លោកយល់ព្រម (មិនខុសពី)ចាំដល់សេះដុះស្នែង ព្រោះអស់លោកគិតតែថា កិច្ចការហ្នឹងរដ្ឋមន្ត្រីត្រូវគ្រប់គ្រង។ អស់លោកអត់មានប្រគល់ឱ្យគេ។ ខ្ញុំចារមួយឱ្យសម្តេចក្រឡាហោម ស ខេង គឺថា រៀបចំអនុក្រឹត្យមក ខ្ញុំចុះហត្ថលេខា។ វិស័យអប់រំផ្ទេរអីខ្លះ? វិស័យសុខាភិបាលផ្ទេរអីខ្លះ? វិស័យកសិកម្មផ្ទេរអីខ្លះ? វិស័យធនធានទឹកផ្ទេរអីខ្លះ? វិស័យដីធ្លីផ្ទេរអីខ្លះ? រុញទៅតែម្តង។ យកទៅធ្វើ …។

នៅពេលខាងមុខ អ្នកឈរឈ្មោះធ្វើជាមេឃុំ/ចៅសង្កាត់ មានសញ្ញាបត្រឧត្តមសិក្សា

ខ្ញុំឱ្យសម្តេចក្រឡាហោម ធ្វើស្ថិតិមួយឱ្យខ្ញុំ អំពីថ្នាក់ខេត្ត/ស្រុក ប៉ុន្មានភាគរយហើយ ដែលមានសញ្ញាបត្រឧត្តមសិក្សា? ការពិតយើងលើសពី ៩០% ទៅហើយ ដែលមានសញ្ញាបត្រឧត្តមសិក្សា បើនិយាយពីថ្នាក់ខេត្ត គឺមានរហូតទៅដល់ ១០០% ទៅហើយ ដែលមានសញ្ញាបត្រឧត្តមសិក្សា។ ឯថ្នាក់ស្រុក វាស្ទើរតែ ១០០% ទៅហើយ ដែលមានថ្នាក់ឧត្តមសិក្សា។ នៅពេលខាងមុខនោះ អាចនឹងថ្នាក់ដែលមានឧត្តមសិក្សាទៅឈរឈ្មោះធ្វើជាមេឃុំ/ចៅសង្កាត់ថែមទៀតផង ព្រោះមេឃុំ/ចៅសង្កាត់រាល់ថ្ងៃប្រាក់ខែច្រើនដែរ ហើយបន្ថែមដោយថវិកាដែលយើងផ្តល់ចុះឱ្យថ្នាក់ឃុំ/សង្កាត់កាន់តែច្រើនទៀត។ អាហ្នឹងត្រូវការសមត្ថភាពចាត់ចែង។ ដូច្នេះ ធ្វើឱ្យប្រទេសរបស់យើងមានស្ថានភាព នៃការគ្រប់គ្រង់កាន់តែប្រសើរ។

បើនិយាយអំពីស្ថាប័ននៅខាងលើនេះទៀត ឥឡូវនេះ សុំឱ្យមានការយោគយល់ ចំពោះអ្នកដែលមិនគ្រប់លក្ខណៈសម្បត្តិ ហើយចង់ចូលទៅកន្លែងហ្នឹង ព្រោះឥឡូវតាមស្ថាប័នមួយៗគេតម្រូវទៅលើបញ្ហាទាក់ទិនជាមួយនឹងរឿងសមត្ថភាព។ មិនមែនត្រឹមតែស្ថាប័នរដ្ឋទេ វិស័យឯកជនក៏គេត្រូវការសមត្ថភាព។ អញ្ចឹង គេត្រូវការថ្នាក់បរិញ្ញាបត្រជំនាញខាងអី ហើយអាយុពីប៉ុន្មានដល់ប៉ុន្មាន។

អាយុប្រឡងចូលក្របខណ្ឌរដ្ឋគួរចំហឱ្យខ្ពស់ កម្រិតអាយុទាបបំផុតចាប់ពី ២២ ឆ្នាំឡើង

ពេលខ្ញុំបង្ហោះហ្វេសប៊ុកចេញ មានមួយ(ខម្មិន)ចូលមកសួរថា “សម្តេច! សុំបញ្ជាក់មើល តើអាយុប៉ុន្មានចូលប្រឡងបាន?”។ គាត់អត់បានស្តាប់ (និង/ឬ)តាមដានអ្វីដែលយើងបានធ្វើទេ។ មុខងារសាធារណៈបានចេញហើយ អាយុប៉ុន្មានក៏ប្រឡងបានដែរឥឡូវនោះ។ ទាក់ទិនទៅនឹងក្របខណ្ឌមន្ត្រី អាហ្នឹងជាមន្ត្រីដែលកំពុងធ្វើការ គេអាចប្រឡងដូរក្របខណ្ឌដោយមិនគិតពីអាយុទេ។ វិស័យពេទ្យកាលពីពេលមុន គឺយើងបានកំណត់អាយុ ធ្វើឱ្យអ្នកដែលរៀនខ្ពស់បាត់ឱកាសប្រឡង។ ឥឡូវ យើងបានកែសម្រួលហើយ។ ប៉ុន្តែ អ្នកដែលចូលមកសួរនោះ ខ្ញុំមិនដឹងថាប្រភពគាត់ជាអ្វី? គាត់សួរថា អាយុប៉ុន្មានបានប្រឡងបាន ព្រោះអ្នករៀនច្រើនកើនអាយុច្រើន។ ចូលប្រឡងមិនបាន។

ខ្ញុំគិតថា មិនមែនជាឧបសគ្គទេ អ្វីដែលយកចិត្តទុកដាក់ យើងកម្រិតថា អាយុទាបបំផុត រួចហើយឡើងទៅលើ។ គួរតែកំណត់លំហឱ្យខ្ពស់។ កំណត់កម្រិតទាបបំផុតចាប់ពីអាយុ ២២ ឆ្នាំឡើង។ ត្រឹមតែប៉ុណ្ណឹងបានហើយ ដើម្បីទុកឱកាសឱ្យអ្នកអាយុ ៣០ (ឆ្នាំ), ៣៥ (ឆ្នាំ) ឬ ៤០ (ឆ្នាំ) អាចប្រឡងចូលធ្វើការបាន ព្រោះខ្លះ​គ្នារៀន​ច្រើន គ្នាអាយុច្រើន អញ្ចឹង បាត់បង់ឱកាសប្រឡង។ អញ្ចឹងទេ ខ្ញុំក៏សុំឆ្លើយតប សម្រាប់អ្នកដែលសួរ។ ប៉ុន្តែ បើជាមន្ត្រីរាជការអត់ចោទទេ ជួនកាលគេប្រឡងដូរក្របខណ្ឌពី “ខ” ទៅ “ក” ពី “គ” ទៅ “ខ”។ គេដូរក្របខណ្ឌ គេមិនចាំបាច់គិតអាយុទេ។ ហ្នឹងយើងបានដោះស្រាយបញ្ហាទាក់ទងនឹងកំណែទម្រង់មុខងារសាធារណៈរួចមកហើយដែរ។

ប្រាប់អគ្គលេខាធិការ ហ្វ្រង់កូហ្វូន អំពីការវិវឌ្ឍប្រែប្រួលក្នុងប្រទេសសមាជិក

សាកលវិទ្យាល័យវេស្ទីននេះ គឺជាសាកលវិទ្យាល័យមួយ ដែលរៀនភាសាអង់គ្លេសភាគច្រើន។ អញ្ចឹងបានជាយើងមានសមត្ថភាព ដើម្បីទៅប្រកួតប្រជែងនៅខាងក្រៅ។ ពីរអាទិត្យមុននេះ យើងមានសមាគមន៍អន្តរជាតិនៃអភិបាលក្រុងនិយាយភាសាបារាំង ដែលមកប្រជុំនៅទីក្រុងភ្នំពេញ។ ក្នុងពេលដែលខ្ញុំជួបជាមួយអគ្គលេខាធិការ ហ្វ្រង់កូហ្វូន (Francophone) ខ្ញុំបាននិយាយប្រាប់គាត់ អំពីការវិវឌ្ឍប្រែប្រួលនៅក្នុងប្រទេស សមាជិក ហ្វ្រង់កូហ្វូន (Francophone) ប្រទេសដែលនិយាយភាសាបារាំង ៣ រួមមាន៖ កម្ពុជា វៀតណាម និងឡាវ។ ប៉ុន្តែឥឡូវហ្នឹងសួរថា ប្រទេសទាំង ៣ ហ្នឹង និយាយភាសាអី? លែងជាភាសាបារាំងហើយ។ អង់គ្លេសចូល។ ដោយសារយើងជាសមាជិកអាស៊ាន ហើយអាស៊ានប្រើប្រាស់ភាសាអង់គ្លេស។ ម្យ៉ាងទៀត បើទោះបីយើងមិនចូលអាស៊ាន ក៏ខ្ញុំគិតថា ភាសាអង់គ្លេសនឹងក្លាយទៅជាភាសាខ្លាំងនៅក្នុងប្រទេសរបស់យើង។

ឆ្នាំ ១៩៨២ ប្រាប់ សភាបារាំងអោយគិតពីការបើក Alliance Française

បញ្ហាហ្នឹងខ្ញុំបានលើកបញ្ជាក់គាត់ថា ឆ្នាំ ១៩៨២ ខ្ញុំទៅទីក្រុងប៉ារីស ពេលនោះ ក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស ហើយពេលហ្នឹងក៏មានការជួបរៀបចំបាយមួយ គេរៀបចំឱ្យមានជំនួប រវាងសមាជិកសភា នៃបណ្តាគណបក្សរបស់បារាំងជាមួយនឹងខ្ញុំ។ នៅពេលបាយខ្ញុំបាននិយាយថា ភាសាបារាំងនៅកម្ពុជាចាប់ផ្តើមមានបញ្ហាហើយ។ អញ្ចឹងទេ សុំឱ្យបារាំងមានការគិតគូរ បើកមជ្ឈមណ្ឌលវប្បធម៌ ឬក៏បើកអាលីយ៉ង់ហ្វ្រង់សេ (Alliance Française) នៅទីក្រុងភ្នំពេញតែម្តងទៅ។ ស្រាប់តែមានតំណាងរាស្រ្តម្នាក់ចេញពី RPR … បែរជានិយាយថា អត់ទេ បារាំងអត់ទទួលស្គាល់រដ្ឋាភិបាលរបស់ឯកឧត្តមទេ។ អញ្ចឹង បារាំងមិនអាចដាក់មជ្ឈមណ្ឌលវប្បធម៌នៅទីក្រុងភ្នំពេញបានទេ។

ខ្ញុំក៏បានបញ្ជាក់ច្បាស់ៗត្រឡប់ទៅគាត់វិញថា អ្វីដែលខ្ញុំនិយាយនេះ គឺវាជាផលប្រយោជន៍របស់បារាំង។ អ្នកត្រូវដឹងថា ប្រទេសកម្ពុជាមានភាសាជាតិមួយដោយឡែក ខុសពីប្រទេសមួយចំនួននៅអាហ្វ្រិក ដែលប្រើប្រាស់ភាសាបារាំងជាភាសាញាណរបស់ខ្លួន។ កម្ពុជា មានភាសាជាតិមួយច្បាស់លាស់។ ហ្នឹងចំណុចទី ១ អ្នកត្រូវចាំ។ ចំណុចទី ២ ខ្ញុំមានជម្រើសច្រើនដទៃទៀត ពេលនេះខ្ញុំកំពុងបញ្ជូននិស្សិតទៅ(រៀននៅ)សូវៀត និងអឺរ៉ុបខាងកើត។ ពួកគេនឹងចេះភាសារុស្ស៊ី។ ដូចជាអាឡឺម៉ង់ខាងកើតពេលនោះ ហុងគ្រី ប៊ុល​ការី ប៉ូឡូញ ប៉ុន្តែ នៅមានទៀត នៅក្នុងប្រទេសរៀនភាសាអង់គ្លេស ហើយរៀនភាសាចិន។ ដល់មកដល់ឆ្នាំ ១៩៩០ បានគាត់មកបើកអាលីយ៉ង់ហ្វ្រង់សេ … ហួសពេល។ យឺតពេក។

អ្នកចេះភាសាអង់គ្លេស/ចិន ច្រើនជាងភាសាបារាំង

បានជាឥឡូវ Lycée Français René Descartes  តើបង្រៀនសិស្សបានប៉ុន្មាននាក់ទៅ ប្រៀបធៀបជាមួយនឹងសាលាដែលរៀនភាសាអង់គ្លេស? សូម្បីតែសាលាប៊ែលធី អង់គ្លេស គឺចាប់តាំងពីល្អិតៗទៅ។ កោះពេជ្រមានសាលាកាណាដាមួយ ចៅខ្ញុំមួយគ្រួសារមករៀននៅនេះ។ បួនមេទៀតរៀននៅសាលាអាមេរិកាំងទាំងអស់។ ដូច្នេះ ចំនួនអ្នកចេះភាសាបារាំង និងអ្នកចេះភាសាអង់គ្លេស គឺចំនួនអ្នកចេះភាសាអង់គ្លេសកាន់តែច្រើន។ នៅពេលនោះ ខ្ញុំបាននិយាយថា សព្វថ្ងៃនេះ អ្នកចេះបារាំងចាស់ៗអស់ហើយ (និងមួយចំនួន)ស្លាប់ទៅ ដល់អ្នករៀនថ្មីវាតិច ហើយយើងទើបនឹងមកជម្រុញក្រោយ គឺមានការបណ្តុះបណ្តាលគ្រូជាភាសាបារាំង។ ឥឡូវ សូម្បីតែភាសាបារាំង និងភាសាចិន អ្នករៀនភាសាចិនចង់ច្រើនជាងបារាំង ព្រោះអ្នកដែលនិយាយភាសាចិន ហាក់ដូចជាមានចង់ច្រើនជាងគេផង ១ ៣០០ លាននាក់ នៅក្នុងប្រទេសចិន វាច្រើនណាស់។ អញ្ចឹង ចេះតែភាសាចិនមួយ គឺថា ទៅ(បានសឹង)គ្រប់កន្លែង។

ជួយគ្នាពង្រឹងភាសាបារាំងនៅក្នុងប្រទេសកម្ពុជា

និយាយយ៉ាងដូច្នេះ យើងអត់បោះបង់ភាសាបារាំងទេ។ យើងនៅតែចូលរួមនៅក្នុងសហគមន៍បណ្តាប្រទេសនិយាយភាសាបារាំង រាប់ទាំងមានសំណូមពរ នៃអគ្គលេខាធិការ ហ្វ្រង់កូហ្វូន (Francophone) តាំងពីជំនាន់អតីតប្រធានាធិបតីសេណេហ្កាល់ (Senegal) សុំឱ្យកម្ពុជាជួយបញ្ជូនកម្លាំងរក្សាសន្តិភាពទៅកាន់បណ្តាប្រទេស ដែលនិយាយភាសាបារាំង។ សព្វថ្ងៃវត្តមានកងទ័ពរបស់យើងឈរ(ជើង)ក្នុងចំណោម ៤-៥ ប្រទេស។ យើងមានកងទ័ពរហូតទៅដល់បីប្រទេស ហើយដែលឈរជើងនៅក្នុងប្រទេសដែលនិយាយភាសាបារាំង គឺនៅលីបង់, នៅម៉ាលី និងនៅអាហ្វ្រិកកណ្តាល។ ឯនៅស៊ូដង់ខាងត្បូង ​និងស៊ូដង់ គឺនិយាយភាសាអង់គ្លេស។ ឥឡូវ ភាសាបារាំងរបស់យើង គឺប្រើប្រាស់នៅក្នុងវេជ្ជសាស្ត្រ។ ខាងពេទ្យ គឺបន្តប្រើ។ ខាងច្បាប់ក៏ប្រើច្រើន ឯក្រៅពីនោះ គឺអង់គ្លេសអស់ទៅហើយ។ (ហេតុនេះ)បានជាខ្ញុំស្នើឱ្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អគ្គលេខាធិការ ហ្វ្រង់កូហ្វូន តើធ្វើយ៉ាងម៉េច ដើម្បីជួយគ្នាក្នុងការពង្រឹងភាសាបារាំងនៅក្នុងប្រទេសកម្ពុជាឡើងវិញ? … មកពីយករឿងវប្បធម៌ទៅភ្ជាប់នឹងបញ្ហានយោបាយ បានជាធ្វើឱ្យវាមានការថយភាសាបារាំងនៅកម្ពុជា។

ជាទូទៅ មន្ត្រីកម្ពុជាដែលធ្វើការក្នុងក្របខណ្ឌជាអន្តរជាតិ ភាគច្រើនចេះពីរភាសា

ជាទូទៅសម្រាប់មន្ត្រីកម្ពុជារបស់យើង ដែលធ្វើការនៅក្នុងក្របខណ្ឌអាស៊ានក្តី ឬធ្វើការនៅក្នុងក្របខណ្ឌនេះ/នោះជាអន្តរជាតិក្តី ភាគច្រើនយើងចេះពីរភាសា ដែលយើងដាក់ទៅសម្រាប់ការចរចានៅក្នុងក្របខណ្ឌអាស៊ាន។ ឧទាហរណ៍៖ សហគមន៍បីនៅក្នុងក្របខណ្ឌអាស៊ាន មានសហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ច សហគមន៍វប្បធម៌-សង្គម គឺយើងដាក់ចេញទៅ គឺសុទ្ធតែអ្នកចេះ។ បើសហគមន៍វប្បធម៌ដោយ ហង់ ជួនណារ៉ុន និយាយដល់ ៣-៤ ភាសាឯណោះ។ ហង់ ជួនណារ៉ុន និយាយភាសាអង់​គ្លេស​/រុស្ស៊ី/បារាំង (ដូចជាអេស្ប៉ាញ)មួយទៀតផង។ ហ្នឹងរដ្ឋមន្ត្រីអប់រំរបស់យើង។ ប្រាក់ សុខុន និយាយពីរភាសា។ ប៉ាន សូរស័ក្តិ និយាយពីរភាសា។ ដូច្នេះ យើងមានស្ថានភាពបែបនេះ។

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ថ្ងៃ ២ ធ្នូ មាន ៣

ថ្ងៃមុនខ្ញុំនិយាយ អំពីនយោបាយឈ្នះឈ្នះ ប៉ុន្តែខែ ធ្នូ នេះក៏គួរតែត្រូវនិយាយ អំពីចំណុចទាក់ទិនទៅនឹងបញ្ហាខ្លះ ដែលមិនទាន់បានរំលេច។ កន្លងទៅយើងធ្វើខួបលើកទី ៤២ នៃការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ក៏ប៉ុន្តែ (ថ្ងៃទី) ២ ធ្នូ សម្រាប់ខ្ញុំ មិនមែនមានត្រឹមតែ (ថ្ងៃទី) ២ ធ្នូ មួយនោះទេ។ សម្រាប់ខ្ញុំ គឺមាន (ថ្ងៃទី) ២ ធ្នូ  រហូតទៅដល់ ៣ ឯណោះ។ (ថ្ងៃទី) ២ ធ្នូ នៃការបង្កើតរណរស្សិសាមគ្គីសង្រ្គោះជាតិកម្ពុជា(នៅ)ឆ្នាំ ១៩៧៨។ មាន(ថ្ងៃទី) ២ ធ្នូ (ដែលជា)ជំនួបចរចាលើកដំបូង រវាងខ្ញុំជាមួយសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅហ៊្វែអង់តាឌឺណ័រ (Fère-en-Tardenois)។ នេះក៏ជាព្រឹត្តិការណ៍ (ថ្ងៃទី) ២ ធ្នូ ដែលទាក់ទិនជាមួយសន្តិភាព នៃប្រទេសរបស់យើង។ (ថ្ងៃទី) ២ ធ្នូ ១៩៨៧ រហូតមកដល់ (ថ្ងៃទី) ២ ធ្នូ ឆ្នាំ២០១៩ តើប៉ុន្មានឆ្នាំហើយ? ខួប ៣២ ឆ្នាំ នៃការចរចា សីហនុ-ហ៊ុន សែន ដែលជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រ នៃការដោះស្រាយបញ្ហាកម្ពុជាតាមផ្លូវនយោបាយ។ រឿងនេះ បើគ្មាន (ថ្ងៃទី) ២ ធ្នូ ១៩៧៨ វាក៏អត់មាន (ថ្ងៃទី) ២ ធ្នូ ១៩៨៧ ដែរ។ បើអត់មាន(ថ្ងៃទី) ២ ធ្នូ ១៩៨៧ ទេ វាអត់មានអាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែរ។ ត្រូវចាំអាកន្លែងហ្នឹង។

អញ្ចឹងទេ ជំនួបចរចាលើកដំបូង ដែលទាំងខាងសម្តេច(ព្រះ) នរោត្តម សីហនុ ព្រះអង្គជួបការលំបាកខ្លាំងណាស់ ទម្រាំបានការចរចា ព្រោះត្រូវស្ទាក់ដោយប្រទេសខ្លះ ​និងក្រុមខ្លះនៅក្នុងត្រីភាគី មិនឱ្យព្រះអង្គមកធ្វើការចរចាទេ។ ក៏ប៉ុន្តែ ព្រះអង្គជម្នះចរចា ហើយបារាំងក៏ជួយសម្រួលឱ្យយើងបានចរចា។ ចាប់ផ្តើមពីការចរចា សីហនុ-ហ៊ុន សែន ហ៊្វែអង់តាឌឺណ័រ (Fère-en-Tardenois) នៅ (ថ្ងៃទី) ២ ធ្នូ ១៩៨៧ ទៅការចរចា សីហនុ-ហ៊ុន សែន នៅ Saint-Germain-en-Laye (នៅ)ខែ មករា ឆ្នាំ ១៩៨៨ គឺជាការបើកច្រក សម្រាប់ដំណើរការចរចាដោយឈានមកដល់ Jim 1, Jim 2 នៅឥណ្ឌូនេស៊ី។ នៅពេលហ្នឹង ឯកឧត្តម អៀង ម៉ូលី ចេញមុខហើយជាមួយលោកតា សឺន សាន។ មានឯកឧត្តម ថាច់ រ៉េន,  មាន អៀង ម៉ូលី, មាន សៀង ឡាប្រែស, (មាន) ប៉ែន ថុល ជាមួយលោកតា សឺន សាន។ តាមពិតគេទៅចរចានៅប៉ូហ្គោ (Bogor) អាហ្នឹងគួរតែហៅ BIM តែបានត្រូវ។ Bogor Informal Meeting ប៉ុន្តែ យើងហៅ JIM ទៅវិញ។ អា Jim ហ្នឹង គឺថា Jakarta Informal Meeting (អា)ហ្នឹង គឺថា ធ្វើពីរដង។

អញ្ចឹង ចេះតែចរចាបន្តៗ រហូតទៅដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ពីកន្លែងមួយទៅកន្លែងមួយ។ ច្រើនកន្លែងណាស់ ដើរចរចាធ្លាក់ដល់តូក្យូ។ ទៅចុះហត្ថលេខាបង្កើត SNC បង្កើតនៅតូក្យូ។ អញ្ចឹង បានខ្ញុំចេះតែឆ្ងល់ត្រង់ថា អ្នកដែលមិនដឹងកិច្ចព្រមព្រៀងប៉ារីសបែរមុខទៅខាងណា ពូកែស្រែកជាងគេឱ្យគោរពកិច្ចព្រមព្រៀងប៉ារីស? ហើយមិនដឹងកិច្ចព្រមព្រៀងប៉ារីសកើតចេញកន្លែងណាមកទៀត? សូម្បីតែអា SNC ក្រុមប្រឹក្សាជាតិជាន់ខ្ពស់នេះ កើតចេញពីកន្លែងណាគេក៏មិនដឹងផង? ការពិតការចាប់ផ្តើមក្រុមប្រឹក្សាជាតិជាន់ខ្ពស់នេះ. ខ្ញុំស្នើតាំងពីឆ្នាំ ១៩៨៨ ក៏ប៉ុន្តែត្រូវបានទាត់ចោល។ ពេលនោះ ខ្ញុំឱ្យប្រធាន ១ អនុ ៣ ក៏ប៉ុន្តែអត់ព្រម។ ក្រោយមកៗកើតនៅបាងកក ចុះហត្ថលេខា រវាងខ្ញុំ និងព្រះករុណាបិតា បង្កើត SNC ប៉ុន្តែ នេះគ្រាន់ជាការចរចាចុះហត្ថលេខា រវាងព្រះករុណាជាមួយនឹងខ្ញុំតែប៉ុណ្ណោះ។ អញ្ចឹង ដើម្បីឱ្យវាគ្រប់គ្រាន់ ជប៉ុនក៏រៀបចំឱ្យមានជំនួបចរចានៅឯតូក្យូ។ ម្ខាងគឺសម្តេចព្រះ នរោត្តម សីហនុ ហើយខ្ញុំ។

សុំនិយាយពេលហ្នឹងបន្តិច ពេលហ្នឹង គឺដល់កម្រិតប៉ុណ្ណឹង។ រឿងខ្មែររបស់យើងវាមិនមែនរឿងសាមញ្ញពេកទេ។ ឯកឧត្តម អៀង ម៉ូលី នៅចាំបានទេ យើងជប់លៀងនៅក្នុងសាលតែមួយ តែមានតុពីរ។ រឿងវានៅកន្លែងហ្នឹង។ តុមួយ គឺខាងរដ្ឋកម្ពុជា (ឯ)តុមួយ(ទៀត)ខាងត្រីភាគី។ អញ្ចឹង ជាម្ចាស់ផ្ទះ ជប៉ុនត្រូវធ្វើយ៉ាងម៉េច? ដាក់ម្ហូបមកប្រាំមួយមុខ។ រដ្ឋមន្ត្រីការបរទេសនៅអង្គុយតុជាមួយត្រីភាគី គាត់ឈ្មោះ ណាកាយ៉ាម៉ា (Taro Nakayama) គាត់អង្គុយនៅតុហ្នឹង។ ឱ្យអនុរដ្ឋមន្ត្រី អូវ៉ាដា (Ovada)  ដែលឥឡូវនេះ ជាឪពុកក្មេករបស់ព្រះចៅអធិរាជជប៉ុនថ្មីនេះ មកអង្គុយតុជាមួយខាងរដ្ឋកម្ពុជា។ ដល់ផុតម្ហូបបីមុខ ត្រូវដូររដ្ឋមន្ត្រីការបរទេសជប៉ុនមកអង្គុយជាមួយរដ្ឋកម្ពុជា ហើយយកអនុរដ្ឋមន្ត្រីទៅអង្គុយជាមួយតុត្រីភាគីម្តង។ មិនមែនរឿងលេង រឿងសើចទេ។ ដល់ទៅពេលប្រជុំ នាយករដ្ឋមន្រ្តី ខៃហ្វូ (Toshiki Kaifu) របស់ជប៉ុនចូលរួមប្រជុំ ដល់ពេលនាយករដ្ឋមន្ត្រី ខៃហ្វូ (Toshiki Kaifu) ចេញផុត ខៀវ សំផន ងឿកដើរចេញបាត់។ ការប្រជុំហ្នឹងខានប្រជុំបាត់ទៅ។

ជប៉ុនរួមជាមួយ Chavalit Yongchaiyudh ដែលពេលនោះ ជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីការពារជាតិរបស់រដ្ឋាភិបាល Chatichai Choonhavan ទៅសម្រួលលើបញ្ហាហ្នឹង។ ចុះហត្ថលេខាដោយអត់មានខ្មែរក្រហមទេ។ ពេលហ្នឹងខាងជប៉ុនថា​ ខ្ញុំដឹងថា រឿងនឹងមិនឡូហ្សិកដែរ តែសូមស្នើឱ្យឯកឧត្តមលេបអាមិន ឡូហ្សិកហ្នឹងទៅ។ ខ្ញុំថា ខ្ញុំទទួលបាន ប៉ុន្តែ ខ្ញុំមិននិយាយ ព្រោះខ្ញុំស្អប់ខ្មែរក្រហមដែរ។ ខ្ញុំក៏មិនចង់ឱ្យខ្មែរក្រហមចូលរួមចុះហត្ថលេខា ក៏ប៉ុន្តែការពិត យើងនិយាយអញ្ចឹងវាអត់កើត។ ខ្មែរក្រហមមិនព្រមចូលររួមចុះហត្ថលេខា ដើម្បីបង្កើត SNC គឺក្រុមប្រឹក្សាជាតិជាន់ខ្ពស់​ ក៏វាជារឿងមួយម៉្យាងដែរ។ កុំឱ្យមានឈ្មោះក្នុងហ្នឹងតែម្តង។​

អញ្ចឹងទេ បានជាឃើញរូបភាពនៃការចុះហត្ថលេខានៅតូក្យូ ដើម្បីបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់នោះ គឺមានតែសម្តេចព្រះ នរោត្តម សីហនុ​ ចុះហត្ថលេខាជាមួយខ្ញុំ។ រួចហើយមានលោកតា សឺន សាន ក្រុមរណរស្សិរំដោះប្រជាពលរដ្ឋខ្មែរ។ អត់មានខ្មែរក្រហម។ អញ្ចឹងទេ បានវាចេញអារូបមន្ត ៦+៦ ពីពេលនោះ ឬហៅថា​ ៦+២+២+២។ រូបមន្តនេះ ជារូបមន្តដែលខ្ញុំដាក់ចេញតែម្តង។ ខ្ញុំថា ឥឡូវ ប្រើពាក្យ ៦+៦ ឬ ៦+២+២+២។ ជ្រើសរើសទៅ យកមួយណាក៏បានដែរ។ អញ្ចឹង បានស្មើគ្នា ព្រោះខ្ញុំអត់ដឹងថាខាងណោះប៉ុន្មានទេ។ ប៉ុន្តែ ខ្ញុំដឹងស្មើគ្នា ព្រោះខ្ញុំរដ្ឋាភិបាលមួយ ឯណោះរដ្ឋាភិបាលមួយ។ ចង់យកទៅកាត់ជាបីកង់ (ឬក៏)កាត់ទៅជាពីរកង់ក៏កាត់ទៅ តែធ្វើម៉េចឱ្យចេញប្រាំមួយ។ ខ្ញុំអត់ដឹងទេអាហ្នឹង។

ខ្ញុំចង់ប្រើពាក្យ ៦+៦ ជាជាង ៦+៣+៣ ព្រោះខ្ញុំអត់ចង់ដឹងថាអ្នកឯងប៉ុន្មានភាគីទេ។ អាហ្នឹងខ្ញុំនិយាយឱ្យឃើញបន្តិច។ ពេលហ្នឹងគ្រាន់តែចុះហត្ថលេខាលើក្របខណ្ឌតែប៉ុណ្ណឹង ដល់មកដាក់ឈ្មោះសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ មកដាក់ឈ្មោះនៅឯហ្សាកាតាវិញ។ យើងត្រូវចាំ។ អ្នកខ្លះអត់ទាំងដឹងថាប្រវត្តិ SNC វាចេញមកពីត្រង់ណាអីត្រង់ណាផង រួចហើយមកដល់ប្រជុំលើកដំបូងនេះ មកប្រជុំនៅឯស្ថានទូតនៅបាងកក។ រឿងអីស្រាប់តែរៀបចំឱ្យលោកតា សឺន សាន អង្គុយតុជ្រុងម្ខាង ខ្ញុំអង្គុយម្ខាង ហើយតា ចៅសែន កុសល ធ្វើព្រឹទ្ធបុរស។

អញ្ចឹង ក៏នឹកទៅដល់ព្រឹត្តិការណ៍ (ថ្ងៃទី) ២ ធ្នូ នៃការចរចាស្វែងរកសន្តិភាព ដែលចាប់ផ្តើមជាលើកដំបូង រវាងខ្ញុំជាមួយសម្តេច(ព្រះ) នរោត្តម សីហនុ។ បន្តការចរចាតាំងពីភាគីកម្ពុជា រហូតមានការចូលរួមរបស់អន្តរជាតិនៅក្នុងក្របខណ្ឌអាស៊ាន និងឥណ្ឌូចិន។ នៅពេលនោះ អាស៊ីអាគ្នេយ៍ចែកជាពីរប្លុក។ ប្លុកអាស៊ាន និងប្លុកឥណ្ឌូចិន និងមានប្លុកមួយទៀត គឺប្លុកម្នាក់ឯង គឺថា ភូមា មីយ៉ាន់ម៉ាសព្វថ្ងៃនេះ។ ប៉ុន្តែ មាន(ថ្ងៃទី) ២ ធ្នូ មួយទៀត ដែលខ្ញុំសុំរំលឹកនៅពេលនេះ គឺខួបលើកទី ២១ នៃការដាក់ចេញយុទ្ធសាស្រ្តត្រីកោណ​។ ការដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណ នៅថ្ងៃទី ២ ធ្នូ ១៩៩៨ យើងមិនសូវបានលើកមកនិយាយទេ អំពីបញ្ហាយុទ្ធសាស្រ្តត្រីកោណនេះ តើយុទ្ធសាស្រ្តត្រីកោណនេះវារបៀបម៉េច?  ពេលនោះយើងបោះឆ្នោតរួចហើយ បាតុកម្មនៅឱ្យពេញខាងមុខ(រដ្ឋ)សភាចាស់។ ប្រជុំសភាអត់បានទេ ត្រូវទៅប្រជុំនៅសៀមរាប។ (គេ)ប្រើបេ ៤០ បួនគ្រាប់បាញ់ខ្ញុំ។ សំណាងល្អវាផ្ទុះតែមួយគ្រាប់ ហើយវាខុស។ បើសិនជាត្រូវប្រ​ហែលជារកឆ្អឹងមិនឃើញទេ ហើយក៏ប្រហែលមិនមែនស្លាប់តែខ្ញុំម្នាក់ទេ។ ឡាននៅខាងក្រោយប៉ុន្មានអាចនឹងរាលដាល។ ប៉ុនប៉ងធ្វើឃាតខ្ញុំទៀត …។

មុំទាំង ៣ នៃយុទ្ធសាស្ត្រត្រីកោណ

យើងបានប្រជុំ នៅថ្ងៃទី ១៣ វិច្ឆិកា នៅក្នុងព្រះបរមរាជវាំង។ គេថាថ្ងៃ(ទី) ១៣ ថ្ងៃមិនល្អ ប៉ុន្តែ ពេលនោះថ្ងៃ(ទី) ១៣ វិច្ឆិកា គឺថ្ងៃល្អ។ ប្រជុំនៅព្រះបរមរាជវាំង ពេលនោះហើយ ដែលយើងសម្រេចបង្កើតនៅព្រឹទ្ធសភាហើយរៀបចំ សម្តេច ជា ស៊ីម ពីប្រធានរដ្ឋសភា ទៅប្រធានព្រឹទ្ធសភា។ សម្តេចក្រុមព្រះ នរោត្តម  រណប្ញទ្ធិ ធ្វើជាព្រះប្រធានរដ្ឋសភា។ ឯខ្ញុំជានាយករដ្ឋមន្រ្តី។ ពេលនោះហើយ ដែលព្រះករុណាបិតា ព្រះអង្គមានព្រះបន្ទូលត្រង់ៗតែម្តងថា យើងកុំភ្លេច ខ្ញុំជាមហាក្សត្រ ជាមនុស្សទី ១, សម្តេច ជា ស៊ីម ប្រធានរដ្ឋសភាជា មនុស្សទី ២, សម្តេចក្រុមព្រះ ជាមនុស្ស ទី ៣, ឯសម្តេច ហ៊ុន សែន ជាមនុស្សទី ៤។

ក៏ប៉ុន្តែ យើងមិនត្រូវភ្លេចទេថា មនុស្សទី ៤ ហ្នឹងជាមនុស្សកាន់អំណាចពិត។ អំណាចនៅនឹងមនុស្សទី ៤។ ការពិតវាអញ្ចឹង។ ប្រទេសដែលអនុវត្តនូវគោលការណ៍សភា ដែលប្រមុខរដ្ឋត្រូវបោះឆ្នោតដោយសភា គឺអំណាចនៅនឹងនាយករដ្ឋមន្រ្តី។ នៅប្រទេសថៃ​/ម៉ាឡេស៊ី/សាំងហ្គាពួរ អំណាចនៅនឹងនាយករដ្ឋមន្រ្តី។ នៅឥណ្ឌា/ប៉ាគីស្តង់(ក៏)ដូចគ្នា លើកលែងតែប្រទេស ដែលអនុវត្តនូវរបបប្រធានាធិបតីទេ ដែលប្រធានា​ធិប​តីគ្រប់គ្រងអំណាចនីតិប្រតិបត្តិ។ បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលហើយ (នៅ)ថ្ងៃទី ២ ធ្នូ ១៩៩៨ ខ្ញុំបង្កើតការប្រជុំលើកដំបូងដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណ។ ឥឡូវ ខ្ញុំសូមបកស្រាយអំពីយុទ្ធសាស្រ្តត្រីកោណខ្លះ។

មុំទី (១) នៃយុទ្ធសាស្រ្តត្រីកោណ គឺការធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុងប្រទេស។ ដោយសារពេលនោះ ទោះបីជាយើងបោះឆ្នោតបានទាំងអន្លង់វែង/ប៉ៃលិន យើងបោះឆ្នោតបានទាំងអស់ ប៉ុន្តែ យើងមិនត្រូវភ្លេចថា ខៀវ សំផន, នួន ជា, តាម៉ុក មិនទាន់បញ្ចប់ការប្រយុទ្ធទេ។ ខៀវ សំផន, នួន ជា និងគណៈរដ្ឋមន្រ្តីមកចុះចូលដល់ថ្ងៃទី ២៩ ធ្នូ ហើយ។ អញ្ចឹង យើងប្រជុំនៅថ្ងៃទី ២។ អញ្ចឹង ការបន្តធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុងប្រទេស បានសេចក្តីថា ពង្រឹងសន្តិភាពនៅក្នុងផ្ទៃប្រទេស។

មុំទី ២ នៃយុទ្ធសាស្រ្តត្រីកោណ គឺការធ្វើសមាហរណកម្មឆាប់បំផុតរបស់កម្ពុជា ទៅក្នុងសហគមន៍អន្តរជាតិ​។ យើងឆក់យកឱកាសនោះធ្វើសកម្មភាពយ៉ាងមមាញឹក។ តែមួយអាទិត្យទេ យើងទៅយកកៅអីរបស់យើងនៅអង្គការសហប្រជាជាតិ ដែលគេភ្ជួរទុកកាលពីឆ្នាំ ១៩៩៧ ឱ្យត្រឡប់មកវិញ។ យើង(ក៏បាន)នាំប្រទេសយើងចូលក្នុងក្របខណ្ឌអាស៊ាន និងចូលក្នុងអង្គការអន្តរជាតិដទៃទៀត រាប់ទាំងអង្គការពាណិជ្ជកម្មពិភពលោក។ អង្គការពាណិជ្ជកម្មពិភពលោក យើងចូលតាំងពីក្នុងឆ្នាំ ២០០៣ ឯណោះ។

គេសម្រេចឱ្យយើងចូលធ្វើ ក៏ប៉ុន្តែ ដោយសារតែភាពជាប់គាំង ដែលយើងមិនអាចបង្កើត(រាជ)រដ្ឋាភិបាលបានៗជាយើងពន្យាដល់ឆ្នាំ ២០០៤។ យើងឱ្យសច្ចាប័ណ្ណចូលក្នុងអង្គការពាណិជ្ជកម្មពិភពលោក ព្រោះគេត្រូវទទួលស្គាល់យើងជាសមាជិកផ្លូវការ នៅពេលដែលយើងឱ្យសច្ចាប័នក្នុងប្រទេស។ ប៉ុន្តែ សភារបស់យើងគាំង រវល់តថ្លៃអំណាច ព្រោះពេលនោះ គណបក្សប្រជាជនសម្លេងភាគច្រើនហើយ​ ៦៨ កៅអី លើ ១២១ ជាសម្លេងភាគច្រើនហើយ។ ក៏ប៉ុន្តែ ពេលនោះប្រព័ន្ធ ២/៣ បានរួមរឹតយើងមិនឱ្យបង្កើត(រាជ)រដ្ឋាភិបាលបាន។ ដំបូងមានបាតុកម្ម ដោយមានសហការរវាងបណ្តាបក្សដែលមានអាសនៈក្នុងសភាប្រឆាំងលទ្ធផលបោះឆ្នោត។ ប៉ុន្តែក្រោយមក យើងបោះ(បង់ចោលប្រព័ន្ធ)ហ្នឹង។ អញ្ចឹង បានជាយើងពង្រីកខ្លួនយើងទៅភ្ជាប់ជាមួយនឹងអាស៊ាន ជាមួយនឹងធនាគារពិភពលោក ជាមួយនឹង IMF ជាមួយនឹងស្អីៗ ចូលគ្រប់ក្រហែង។ ឥឡូវ ខ្ញុំឱ្យចូលតទៅទៀត ទោះបីត្រូវបង់វិភាគទានប្រចាំឆ្នាំ។ ចូលទាំងអស់ រាប់ទាំងអង្គការប៉ារម៉ាណូអន្តរជាតិ ព្រោះអាហ្នឹងជាសិទ្ធិបោះឆ្នោតរបស់យើងមួយដែរ។ នេះជាមុំទី ២ គឺសមាហរណកម្មខ្លួនឆាប់បំផុត ទៅក្នុងសហគមន៍អន្តរជាតិ។

មុំទី ៣ ជាអ្វីទៅ? នោះគឺផ្អែកលើកត្តាអនុគ្រោះផ្ទៃក្នុង និងកត្តាអនុគ្រោះផ្នែកអន្តរជាតិ ប្រមូលការខិតខំទាំងអស់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រ។ ចំណុចនេះហើយ ជាចំណុច នៃការចាប់ផ្តើមអនុវត្តពេញមួយអាណត្តិ មុននឹងឈានមកដល់យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ១,២,៣ បន្តរហូតមក ព្រោះមិនអាចធ្វើក្នុងមួយអាណត្តិបានសម្រេចនោះទេ។ បើនិយាយអំពី (ថ្ងៃទី) ២ ធ្នូ ខ្ញុំគួរតែនិយាយប៉ុន្មានថ្ងៃមុន និយាយពីចំណុច ៣ យ៉ាង នៃនយោបាយឈ្នះឈ្នះ និងគោលដៅ ២ ស្តីពីការខិតខំសម្រេច គឺប្រែក្លាយតំបន់អតីតសមរភូមិ ឱ្យទៅជាទីផ្សារ និងតំបន់មានការអភិវឌ្ឍ។ ប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ឥឡូវ ខ្ញុំរំលឹកអំពីយុទ្ធសាស្រ្តត្រីកោណ ដែលការអនុវត្តយុទ្ធសាស្រ្តត្រីកោណនោះ គឺពង្រឹងការធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុង គឺពង្រឹងសន្តិភាព ដែលយើងរកបានដោយលំបាកនេះឱ្យវារឹងមាំទាំឡើង កុំឱ្យវិលត្រឡប់ទៅរកការបាញ់បោះគ្នាឡើងវិញ។ ចូលខ្លួនទៅក្នុងអាស៊ាន ហើយនឹងអង្គការអន្តរជាតិផ្សេងទៀត រាប់ទាំងអង្គការពាណិជ្ជកម្មពិភពលោក។ អង្គការពាណិជ្ជកម្មពិភពលោក យើងចូលមុនឃោសនាបោះឆ្នោតបន្តិច ប៉ុន្តែ ដល់កំពុងតែយឹតគ្នាមុនឃោសនាបោះឆ្នោត មានពេលណាឱ្យសច្ចាប័ន? ពេលនោះប្រព័ន្ធ ២/៣ ផង ឱ្យធ្វើយ៉ាងម៉េចទៅ? កូរ៉ុមត្រូវដល់ ៨២-៨៣ នាក់ឯណោះ ទើបអាចប្រជុំបាន។ ចាប់ពីពេលនោះមកយើងក៏ទទួលផល។

កត្តា ៤ យ៉ាង ជម្រុញឱ្យកម្ពុជាចូលជាសមាជិកអាស៊ាន

សួរថា ម៉េចបានខិតខំចូលអាស៊ាន មិននៅក្រៅទៅ។ ខ្ញុំតែងតែរំលឹកបញ្ហាហ្នឹង ជាពិសេស មុនពេលដែលយុវជនកម្ពុជាធ្វើដំណើររួមជាមួយនឹងយុវជន នៃបណ្តាប្រទេសអាស៊ានផ្សេងទៀត និងជាមួយជប៉ុនលើនាវាជប៉ុន។ ខ្ញុំតែងតែប្រាប់ថា មូលហេតុអីទៅបានជាយើងខិតខំចូលអាស៊ាន? មានកត្តាទាក់ទាញ ៤ (យ៉ាង) ដែលជម្រុញឱ្យយើងចូលអាស៊ាន តើកត្តាអីខ្លះ? មកជួបជាមួយបញ្ញវ័ន្តហើយគួរតែចែករំលែកខ្លះទៅ ព្រោះព្រះតេជព្រះគុណ/អ្នកទាំងអស់គ្នាអង្គុយស្តាប់មិនហត់ទេ។ ខ្ញុំឯណេះទៅវិញទេជាអ្នកហត់ ហើយការចែករំលែកនេះ មិនមែនអត់ប្រយោជន៍ទេ។ វាមានប្រយោជន៍ ដើម្បីយើងយកទៅត្រិះរិះពិចារណា ថាតើយើងចូលអាស៊ានត្រូវឬខុស? ហេតុអីបានជាយើងប្រឹងចូលអាស៊ាន? មានកត្តាទាក់ទាញ ៤ យ៉ាង ដែលតម្រូវឱ្យយើងចូលអាស៊ាន។

កត្តាទី ១ គឺគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ នេះជាកត្តាធំណាស់ ដែលទាក់ទាញឱ្យយើងចូលអាស៊ាន។ ប្រសិនបើយើងមិនចូលអាស៊ានទេ ឧទាហរណ៍៖ បញ្ហាកន្លងទៅជាមួយថៃ អញ្ចឹង អាស៊ានគេសាមគ្គីភាពជាមួយនឹងអាស៊ានគ្នាគេ យើងនៅតែឯង។ យើងទៅនិយាយជាមួយពីណា? ប៉ុន្តែ ដោយ​សារតែយើងនៅក្នុងក្របខណ្ឌអាស៊ានជាមួយគ្នា សូម្បីតែក្រុមប្រឹក្សាសន្តិសុខ ក៏ប្រគល់ភារកិច្ចនេះទៅឱ្យឥណ្ឌូនេស៊ី ដែលជាប្រទេសអាស៊ានជាមួយគ្នា។ អញ្ចឹង ក្នុងក្របខណ្ឌគោលនយោបាយ ដើម្បីការពារជាតិរបស់យើង។ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ជាអាទិភាព នៃគោលនយោបាយរបស់យើង ទាំងគោលនយោបាយក្នុងប្រទេស និងក្រៅប្រទេស។

កត្តាទី ២ គឺស្មារតីសហគមន៍។ ស្មារតីសហគមន៍ តើខ្ញុំចង់និយាយពីអី? ខ្ញុំចង់និយាយ អំពីរបៀបធ្វើការរបស់អាស៊ាន ដែលធ្វើការតាមកុងសង់ស៊ីស គឺធ្វើការតាមឯកច្ឆ័ន។ បើដូច្នោះ គឺគ្មានប្រទេសធំ/តូច គ្មានប្រទេសមាន/ក្រទេ គឺសិទ្ធិស្មើគ្នាទាំងអស់។ ក្នុងចំណោម ១០ (ប្រទេស) មានតែ(ប្រទេស)មួយមិនព្រម បានសេចក្តីថា ចេញប្រកាសអត់រួចទេ។ ពេលធ្វើធម្មនុញ្ញាអាស៊ានឆ្នាំ ២០១៧ មានការប៉ុនប៉ង ដើម្បីដូររបៀបធ្វើការ ដោយផ្ទេរពីការធ្វើការតាមកុងសង់ស៊ីស ទៅជាការធ្វើការដោយបោះឆ្នោត។ ខ្ញុំបានបញ្ជាក់ទៅក្នុងអង្គប្រជុំថា ឱ្យតែហ៊ានធ្វើការបោះឆ្នោត អាស៊ាននឹងបែកបាក់។ ការបោះឆ្នោត ត្រូវតែមានសម្លេងភាគតិច/ច្រើនហើយ ដូច្នេះ យើងមិនត្រូវធ្វើការតាមការបោះឆ្នោតបានទេ ត្រូវធ្វើការតាមកុងសង់ស៊ីសបន្តទៅទៀត។ អាស៊ានអត់មានបងតូច/ធំទេ អាស៊ានមានសាមគ្គីភាព ប្លែកពីអឺរ៉ុបៗមានបងតូច/ធំ បានជាមានក្រុមគាំទ្រអឺរ៉ុប និងមានប្រទេសដែលប្រឆាំងអឺរ៉ុបខ្លួនឯង។ សមាជិកអឺរ៉ុប តែប្រឆាំងអឺរ៉ុបខ្លួនឯងតែម្តង ហើយមានប្រទេសចាកចេញពីអឺរ៉ុប។

Brexit មានកិច្ចព្រមព្រៀង, ស្កុតឡែនសុំធ្វើប្រជាមតិ, ណាតូ និង សហភាពអឺរ៉ុប កំពុងប្រឈម

ឥឡូវ ច្បាស់លាស់ហើយ Boris Johnson គាត់នឹងនាំអង់គ្លេសចាកចេញពីអឺរ៉ុបដោយមានកិច្ចព្រមព្រៀង​។​​ សម្លេងគាត់វាច្រើនលើសលប់ រហូតដល់ ៥៧% ដូច្នេះ គាត់នឹងអង់គ្លេសចាកចេញពីអឺរ៉ុបដោយមានកិច្ចព្រមព្រៀង។ ពីមុនគេមានកង្វល់ថា បើ Brexit ដោយគ្មានកិច្ចព្រមព្រៀង នឹងមានបញ្ហាអៀឡង់ខាងជើង។ ឥឡូវនេះ ការប្រកាសថ្មីៗរបស់ស្កុតឡែន គឺជាកង្វល់មួយទៀត។ តើអង់គ្លេសសម្រេចឱ្យស្កុតឡែនធ្វើប្រជាមតិឬអត់? កាលពីឆ្នាំ ២០១៤ ស្កុតឡែនបានធ្វើប្រជាមតិម្តងហើយ ក៏ប៉ុន្តែ ប្រជាជនភាគច្រើនរបស់ស្កុតឡែនបាននិយាយថា សុខចិត្តនៅជាមួយអង់គ្លេស។ ប៉ុន្តែ អង់គ្លេសត្រូវតែផ្តល់ចំណែកទ្រព្យសម្បត្តិ ដែលបានទទួលផលពីស្កុតឡែន ឱ្យស្កុតឡែនឱ្យបានច្រើនបន្តិច។ ឥឡូវនេះ តើអង់គ្លេសព្រមឱ្យស្កុតឡែនធ្វើប្រជាមតិទេ? បើធ្វើប្រជាមតិរឿងនេះ នឹងកើតឡើងដូច កាតាឡូនី នៅឯអេស្ប៉ាញ។ ធ្វើប្រជាមតិហើយ ប្រកាសឯករាជ្យ។ តែទីក្រុងមាឌ្រីតមិនព្រមឱ្យឯករាជ្យ។ អ្នកដឹកនាំហ្នឹងដូចជារត់មកពួននៅប៊ែលហ្សិក។ អញ្ចឹង វាទៅជាការបំបែករដ្ឋ។ កាលពីមុនអនុញ្ញាតឱ្យស្កុតឡែនធ្វើប្រជាមតិ។ តើឥឡូវហ៊ានឱ្យទេ? តែហ៊ានឱ្យស្កុតឡែននឹងប្រកាសឯករាជ្យ ហើយស្កុតឡែននឹងសុំចូលអឺរ៉ុបទៀត។

រឿងហ្នឹងកាន់តែវែងឆ្ងាយហើយ។ រឿងនេះ ជារឿងដែលយើងប្រៀបធៀប រវាងអឺរ៉ុបជាមួយអាស៊ាន។ អឺរ៉ុបមានបងតូច/ធំ។ អញ្ចឹង បានវាមានប្រទេសនៅអឺរ៉ុបចាកចេញ ហើយពេលយុទ្ធនាការបោះឆ្នោតនៅបារាំង ក្រុម  Le Pen ថា បើឈ្នះក៏ចាកចេញដែរ។ មានសមាជិក ដែលគាំទ្រអឺរ៉ុប និងសមាជិក ដែលមិនគាំទ្រអឺរ៉ុប​។ ឥឡូវ វារាលដាល់ NATO ទៅទៀត ដែល NATO ជាសមាជិករបស់អឺរ៉ុប ចាត់ទុកថា NATO បាត់បង់ខួរក្បាលហើយ។ ប៉ុន្តែ ក៏មានសមាជិក NATO ដែលមិនមែនជាសមាជិកអឺរ៉ុប គឺប្រទេសតួគី គំរាមបិទមូលដ្ឋានអាមេរិក ដោយសារតែអាមេរិកប្រុងដាក់ទណ្ឌកម្ម ដោយសារគាត់ទិញខែលការពារមីស៊ីល S400 (ពីរុស្ស៊ី)។ កើតរឿងរ៉ាវនៅទីនោះច្រើនទៀត។ អូតង់ ឬ NATO ហ្នឹងគេហៅថា សន្ធិសញ្ញាអាត្លង់ទិកខាងជើង។

អញ្ចឹង គោលការណ៍ស្មារតីសហគមន៍ ដែលធ្វើការតាមកុងសង់ស៊ីស ត្រូវតែច្បាមឱ្យជាប់។ សុំផ្តាំផ្ញើទៅអ្នកជំនាន់ក្រោយបន្ទាប់ពីខ្ញុំទៅ ដែលក្លាយទៅជាមេដឹកនាំកម្ពុជា (ដែលនឹង)បន្តការងារនៅក្នុងក្របខណ្ឌអាស៊ាន ត្រូវរក្សាខ្ជាប់នូវគោលការណ៍ធ្វើការតាមកុងសង់ស៊ីស ជាជាងធ្វើការតាមការបោះឆ្នោត ដែលនឹងក្លាយទៅជាបែកបាក់នៅក្នុងក្របខណ្ឌសហគមន៍របស់យើង។ នៅក្នុងក្របខណ្ឌអាស៊ាន អត់បែងចែងថា ប្រទេសធំ/តូច អត់បែងចែកថា អ្នកមាន/ក្រទេ ចំណុចនេះហើយ គឺជាចំណុចល្អ។

កត្តាទី ៣ គឺទាក់ទិនជាមួយនឹងសមាហរណកម្ម។ យើងទទួលផលប្រយោជន៍ច្រើនណាស់ អំពីសមាហរណកម្មទាក់ទងនឹងវិស័យសេដ្ឋកិច្ច។ អាស៊ានបានជួយយើងច្រើន លើការបណ្តុះបណ្តាលធនធានមនុស្ស ជួយយើងច្រើនទៅលើបញ្ហានានា យើងគិតអញ្ចេះ ទាក់ទងជាមួយនឹងដៃគូពាណិជ្ជកម្ម យើងមានក្របខណ្ឌ AFTA ដែលសព្វថ្ងៃយើងប្រើមិនទាន់អស់នៅឡើយទេ។ យើងមើលទៅផ្សារឆ្ងាយៗ ក៏ប៉ុន្តែ យើងអត់ បានគិតអាប្រើប្រាស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន បន្ថែមលើនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន យើងប្រើអត់ទាន់អស់សក្តានុពលទេ ហើយយើងកំពុងធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយនឹងដៃគូដទៃទៀត។ យើងទទួលបានផលក្នុងវិស័យសេដ្ឋកិច្ច-សង្គម ហើយក្នុងនោះ ការអភិវឌ្ឍធនធានមនុស្ស។ បណ្តាប្រទេសអាស៊ានបានចូលរួមចំណែកច្រើន ព្រោះគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ត្រូវបានដាក់ចេញកាត់បន្ថយគម្លាត រវាងប្រទេសអាស៊ាន ដែលមានការអភិវឌ្ឍមុន និងប្រទេសអាស៊ាន មានការអភិវឌ្ឍតិច។ យើងបានទទួលផលពីចំណុចនេះ។

កត្តាទី ៤ គឺច្រកចេញការទូតរបស់កម្ពុជា។ ដោយសារអាស៊ានមានដៃគូច្រើន កម្ពុជាចូលអាស៊ានប្រឹប បានសេចក្តីថា កម្ពុជាមានដៃគូច្រើននៅទីហ្នឹងតែម្តង។ អញ្ចឹង បើសិនយើងនៅម្នាក់ឯង សួរថា យើងអាច ក្លាយទៅជាដៃគូ រវាងអាស៊ានជាមួយចិន អាស៊ានជាមួយជប៉ុន អាស៊ានជាមួយកូរ៉េ អាស៊ានជាមួយឥណ្ឌា អាស៊ានជាមួយអូស្ត្រាលី អាស៊ានជាមួយណូវែលហ្សឺឡង់ អាស៊ានជាមួយអឺរ៉ុប អាស៊ានជាមួយអង្គការសហប្រជាជាតិ អាស៊ានជាមួយអាមេរិកបានឬអត់? អត់ទេ។

អត្ថបទបាងកកប៉ុស្តិ៍ ស្តីពីសង្គ្រាមពាណិជ្ជកម្មដូងប្រេង រវាងមាឡេស៊ី/ឥណ្ឌូនេស៊ី ជាមួយអឺរ៉ុប

ខ្ញុំយល់ស្របជាមួយអត្ថបទបាងកកប៉ុស្តិ៍មួយ ដែលទើបនឹងចេញ ដែល(ខាង)ប្រតិកម្មរហ័ស(របស់) ស្វាយ ស៊ីថា បញ្ជូនមកឱ្យខ្ញុំ អំពីបញ្ហាសង្គ្រាមពាណិជ្ជកម្មដូងប្រេង រវាងមាឡេស៊ី/ឥណ្ឌូនេស៊ី និងអឺរ៉ុប ដែលអឺរ៉ុបត្រូវតែយកឥរិយាបទមួយដោយប្រុងប្រយ័ត្នជាមួយនឹងបញ្ហាកម្ពុជា និងមីយ៉ាន់មា។ ប៉ះពាល់ទៅដល់ម៉ាឡេស៊ី/ឥណ្ឌូនេស៊ី ក៏ជាផលប៉ះពាល់មកលើអាស៊ាន។ ប៉ះពាល់កម្ពុជា និងមីយ៉ាន់មា ក៏ប៉ះពាល់ទៅអាស៊ានដែរ។ ត្រូវមើលឃើញអំពីចំណុចនេះ។ គេបានឃើញហើយថា ការចាប់ផ្តើមដំបូង គឺការគំរាម របស់អឺរ៉ុប បញ្ឈប់ការទិញដូងប្រេងរបស់ឥណ្ឌូនេស៊ី/ម៉ាឡេស៊ី។ ប៉ុន្តែ ប្រទេសទាំងពីរនេះក៏បកត្រឡប់ទៅវិញ រហូតទៅដល់ ឯកឧត្តម Mahathir (Bin Mohamad) គាត់ថា បើឈប់ទិញដូងប្រេង យើងក៏ឈប់ទិញយន្តហោះរបស់អឺរ៉ុបដែរ ទៅទិញយន្តហោះ(របស់)រុស្ស៊ី និងរបស់ប្រទេសដទៃទៀត។ មានទៅ/មក។ នេះខ្ញុំគ្រាន់តែធ្វើការប្រៀបធៀបទេ។

កត្តាទាក់ទាញទាំង ៤ យ៉ាងនេះហើយ ដែលធ្វើឱ្យយើងក្លាយទៅជាសមាជិកសកម្មរបស់អាស៊ាន ហើយ យើងក៏មានទឹកមាត់ប្រៃដែរនៅក្នុងដៃគូអាស៊ានរបស់យើង។ ជាអកុសល ដោយសារជំងឺម្តាយក្មេករបស់ខ្ញុំ​ៗ​មិនបានទៅចូលរួមប្រជុំអាស៊ាន-កូរ៉េខាងត្បូង និងមេគង្គកូរ៉េខាងត្បូង។ មេគង្គកូរ៉េខាងត្បូងនេះ ជាគំនិតផ្តួចផ្តើមរបស់ខ្ញុំទៅទៀត ដែលមុននោះ គឺប្រជុំក្នុងកម្រិតថ្នាក់រដ្ឋមន្ត្រីការបរទេសទេ ប៉ុន្តែ ខ្ញុំបានស្នើទៅភាគីកូរ៉េថា មិនគួរស្ថិតនៅកម្រិតប៉ុណ្ណឹងទេ។ គេបានលើកដល់កម្រិតកំពូលអស់ហើយ។ ឡានឆាងមេគង្គ រវាងចិន និងមេគង្គ។ ជប៉ុនមេគង្គ ប្រជុំថ្នាក់កំពូលអស់ហើយ តែហេតុអីកូរ៉េមិនធ្វើ? ខ្ញុំមិនអាចចោលម្តាយក្មេករបស់ខ្ញុំក្នុងស្ថានភាពបែបនេះទេ។ ឥឡូវ គាត់នៅក្នុងសង្គ្រោះបន្ទាន់។ ចេញពីនេះទៅខ្ញុំត្រូវទៅមើលម្តាយក្មេករបស់ខ្ញុំតទៅទៀត។

ការប្រជុំមានច្រើន អាចចាត់តាំងអ្នកជំនួសបាន តែម្តាយមិនអាចចោលបាន

មានការអញ្ជើញឱ្យខ្ញុំទៅដាវូស ទៅ(ចូលរួមកម្មវិធី) World Economic Forum។ អាហ្នឹងជាគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្ត្រីស៊ុយអែត ស្តីអំពីការសន្ទនា ស្តីអំពីសិទ្ធិការងារ ដែលគាត់សុំការគាំទ្ររបស់ខ្ញុំនៅពេល ដែលខ្ញុំទៅជួបគ្នាដាវូស។ ការប្រជុំនៅទីក្រុងប៉ារីសខ្ញុំអត់បានទៅទៀត។ កម្មវិធីខែ មករា (២០២០) ត្រូវចេញទៅអឺរ៉ុប មួយទៅទីក្រុងដាវូស មួយទៀតទៅប៉ារីស។ អត់បានទៅ។ ការប្រជុំនៅមានច្រើន យើងអាចចាត់តាំងមនុស្សទៅជំនួស ប៉ុន្តែ យើងមិនអាចចោលម្តាយ។ មានអ្នកចូលមកខម្មិនថា ការងារប្រទេសជាតិមិនគិតទេ គិតមើលម៉ែខ្លួនឯង។ បានខ្ញុំដាក់ត្រឡប់ទៅវិញថា បើម៉ែខ្លួនឯងមិនស្រឡាញ់ទៅហើយ តើប្រជាជនគិតយ៉ាងម៉េច? វាចេះចូលមកខម្មិនលេងអញ្ចឹង។ យើងត្រូវតែឆ្លើយតប ដើម្បីយើងប្រាប់ទៅប្រជាពលរដ្ឋ បើអាធុនគ្រាន់តែម៉ែឪខ្លួនឯងមិនទាំងយកចិត្តទុកដាក់ផង ឯយើងអត់ជាប់សាច់ញាតិអីសោះ តើវាយកចិត្តទុកដាក់ទេ? យើងចោទចេញជាសំណួរអញ្ចេះវិញ។

ពេលនោះ ខ្ញុំត្រូវលុបចោលកម្មវិធីមួយចំនួន ទៅបើកអាហ្វ្រង់កូហ្វូន (Francophone) ក៏អត់បានទៅបើក​។ ប្រជុំជាមួយធុរកិច្ច ក៏មិនបានទៅ។ ចែកសញ្ញាប័ត្រនិស្សិតជាព្រះសង្ឃ និងគ្រហស្ថមួយចំនួនក៏អត់បានចូលរួម។ កម្មវិធីប៉ុន្មានត្រូវលុបចោល។ តែឥឡូវខ្ញុំអាចធ្វើការងារបាននៅក្នុងប្រទេស ហើយនឹងទៅចូលរួមបុណ្យសមុទ្រទៀត។ ខ្ញុំដូរកម្មវិធី ដោយមុនខ្ញុំត្រូវទៅពីព្រឹក ហើយទៅសម្រាកនៅទីនោះ ១ យប់។ ឥឡូវ អត់ទេ ប្រហែលជាម៉ោង ៤ ខ្ញុំត្រូវធ្វើដំណើរទៅដល់តាមឧទ្ធម្ភាគចក្រ ហើយឱ្យឧទ្ធម្ភាគចក្រហោះត្រឡប់មកភ្នំពេញវិញ។ ចប់កម្មវិធី ខ្ញុំត្រូវធ្វើដំណើរតាមឡានត្រឡប់មកភ្នំពេញវិញ។ គាត់ព្រះជន្ម ៩៥ ឈានចូល ៩៦ ហើយ ជួនកាល(គាត់ធ្វើទុក្ខ)ភ្លាមៗ ហើយបង្គោលគ្រួសារមួយមិនអាចឱ្យបាត់បង់ទេ។ អាហ្នឹងសុំមានការយោគយល់ អំពីការលំបាករបស់ខ្ញុំក្នុងពេលនេះ។

កម្ពុជា គោរពខ្ជាប់ខ្ជួនសិទ្ធិជនជាតិដើមភាគតិច

ដល់ថ្ងៃទី ២៩ ដែលជាខួបលើកទី ២១ នៃការអនុវត្តន៍នយោបាយឈ្នះឈ្នះ … មុនដាច់ឆ្នាំសកល។ យើងអត់មានណូអែលអីហ្នឹងគេទេ ប៉ុន្តែ អ្នកណាគេធ្វើណូអែលក៏ធ្វើទៅ។ ឥឡូវ ឃើញរៀបចំបណ្តើរៗហើយ។ យើងអត់មានហាមឃាត់ថាអ្នកធ្វើឬមិនធ្វើទេ។ ពេលឥស្លាមបួស នាំគ្នាបួសទៅ។ ខ្ញុំក៏ចូលរួមដែរ។ មកបាយនៅកោះពេជ្រនេះរួចហើយ ខ្ញុំក៏ទៅបាយនៅតាមវិហារឥស្លាម។ ពេលគ្រីស្ត ខ្ញុំក៏ទៅគ្រីស្តជាមួយគេទៅ។ បាយជាមួយគ្រីស្តអញ្ចឹងទៅ។ ហ្នឹងជារឿងធ្វើសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។ សុទ្ធ​តែជាបញ្ហាសំខាន់។ កម្ពុជាយើងវាទៅជាជំពាក់រឿងនេះ ឯកឧត្តម កែវ រ៉េមី បានរាយការណ៍ឱ្យខ្ញុំ យើងជំពាក់ស្តីពីការអនុវត្តសិទ្ធិជនជាតិដើមភាគតិច។ ផ្ទុយទៅវិញ យើងនេះហើយដែលជាប្រទេសអនុវត្តល្អជាងគេ។ នៅក្នុងតំបន់នេះសួរមើល តើយើងមានជម្លោះជាមួយជនជាតិដើមភាគតិចដូចជានៅម៉ុងតាញ៉ា? គឺអត់ទេ។ ផ្ទុយទៅវិញ យើងជំពាក់របាយការណ៍ទៅអង្គការសហប្រជាជាតិ។

បន្តិចទៀត នឹងចេញសារាចរមួយ ណែនាំគ្រប់ស្ថាប័នរាជរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងការធ្វើរបាយការណ៍ សិទ្ធិមនុស្ស ត្រូវធ្វើឱ្យបានគ្រប់គ្រាន់ (និង)ចូលរួមអាហ្នឹង រួចហើយតម្រូវការ(មនុស្ស)ប៉ុន្មាននាក់ទៅការពាររឿងស្អីមួយនៅហ្សឺណែវ ត្រូវនាំគ្នាទៅ។ ខ្ញុំនឹងឱ្យកញ្ចប់ថវិកាមួយដោយឡែក សម្រាប់ការធ្វើដំណើរទៅ ដោយប្រើប្រាស់កញ្ចប់ថវិកាទីស្តីការគណៈរដ្ឋមន្ត្រី ព្រោះក្រសួងមួយៗត្រូវបញ្ជូនតំណាងទៅ។ ក្រសួងនោះវាអត់លុយឱ្យទៅ។ អញ្ចឹងទេ ដំណើរការសិទ្ធិមនុស្សនេះ ត្រូវប្រើកញ្ចប់ថវិកាមួយនៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ទិញសំបុត្រយន្តហោះ ថ្លៃអូតែលស្អីៗប្រើអាហ្នឹងទៅ។ ការពិតយើងធ្វើច្រើន (តែ)យើងនិយាយបានតិច​។ ខ្លះមកខ្សឹបជាមួយយើង “ពួកអ្នកឯងធ្វើបានច្រើនណាស់ទាក់ទងនឹងសិទ្ធិការងារ ទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម”។ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមហ្នឹងបាន វាទាល់តែយើងមានសិទ្ធិ ទើបយើងអភិ​វឌ្ឍ​​បាន។ សេរីភាពទទួលបាននូវការបណ្តុះបណ្តាល។ សេរីភាពក្នុងការជ្រើសរើសមុខរបរ។ សេរីភាពនូវការជ្រើសរើសនូវមុខវិជ្ជា ដែលយើងត្រូវរៀន មានអ្នកណាទៅបង្ខំ? ការពិតយើងធ្វើបានច្រើនណាស់ ក៏ប៉ុន្តែ យើងនិយាយតិច ហើយអាអ្នកធ្វើតិច វានិយាយច្រើន (និយាយ)បង្ខូចពីយើងអស់។

អំណោយកំដរដៃ

ថ្ងៃនេះ ក៏បាននាំមក សម្រាប់សិស្ស/និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រ ចំនួន ២ ៨៣១ អង្គ/នាក់ ក្នុងអង្គ/នាក់ ថវិកា ៥ ម៉ឺនរៀល។ ជូនសាស្ត្រាចារ្យ និងបុគ្គលិក ចំនួន ៣៧៥ នាក់ ក្នុងម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ វេស្ទើន ថវិកា ៥ លានរៀល។ សង្ឃឹមថា និស្សិតរបស់យើងចាកចេញពីទីនេះទៅ ហើយអ្នកដែលមានការងារធ្វើ ខិតខំធ្វើការងារឱ្យល្អ អ្នកមិនទាន់មានការងារ ខិតខំស្វែងរកឱកាសការងារ ហើយពង្រឹងសមត្ថភាពជាបន្តទៀត។ ជាមួយនឹងការអបអរសាទរ នៃវឌ្ឍនភាពសាកលវិទ្យាល័យ វេស្ទើន ក៏ដូចជា ការកោតសរសើរ ចំពោះគណៈគ្រប់គ្រង និង សាស្ត្រាចារ្យ និងបុគ្គលិក ដែលធ្វើការនៅសាកលវិទ្យាល័យ វេស្ទើន ក៏ដូចជា អបអរសទរ ចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ជាមួយនឹងក្រុមគ្រួសារ ចំពោះកូន/ចៅ ប្តី/ប្រពន្ធ ដែលទទួលសញ្ញាបត្រថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា សូមប្រកប​ដោយ​ពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...