សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមកុំធ្វើការឃោសនាអកុសល​ទៅលើការធ្វើសមយុទ្ធនៅខេត្តសៀមរាប និងខេត្តស្វាយរៀង

ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនា​បតី តេជោ ហ៊ុន សែន បានមាន​ប្រ​សា​សន៍ ស្នើឱ្យប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភ និងអ្នកប្រើប្រាស់បណ្ដាញសង្គម​ទាំង​អស់​​កុំធ្វើ​ការឃោសនាអកុសលណាមួយ ទៅលើការធ្វើសមយុទ្ធពីរ ដែលកំពុងចាប់ផ្ដើមនៅ​ខេ​ត្ត    ​​សៀ​មរាប និងខេត្តស្វាយរៀង នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ​២០១៩​នោះ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតចំនួន ២,៨៣១នាក់ នៃសាកលវិទ្យាល័យវេស្ទើន នា​ព្រឹ​កថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេចតេ​ជោ​​នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ថ្ងៃ​នេះមានសមយុទ្ធពីរកើតឡើងផ្ទួនគ្នាតែម្ដង ដែលចង់​ជម្រាបជូនប្រជាពលរដ្ឋរបស់យើងឱ្យបានជ្រាបគឺសមយុទ្ធទីមួយ គឺការសង្គ្រោះគ្រោះ​មហ​ន្ត​រាយសម្រាប់ពេលដែលមានឧបទ្ទវហេតុនៃការធ្លាក់យន្តហោះ ដែលកិច្ចការនេះប្រព្រឹត្តទៅ​នៅ​​ឯព្រលាន​យន្តហោះអន្តរជាតិខេត្តសៀមរាប។ ដូច្នេះ សូមប្រជាពលរដ្ឋកុំមានការភ័យព្រួយ ឬក៏ការប្រើប្រាស់នៅបណ្ដាញសង្គមដែលលើកឡើងអំពីការមួលបង្កាច់​ ទាក់ទងនឹងការធ្លាក់​យន្តហោះជាដើម ព្រោះកិច្ចការដែលធ្វើនៅទីនោះ ជាសមយុទ្ធជាក់ស្ដែងដែល​មានការធ្លាក់​យ​ន្ត​​ហោះ ប៉ុន្តែមិនមែនយកយន្តហោះបើកទៅឱ្យធ្លាក់នោះទេ។ សម្ដេចតេជោបានបន្តថា  ចំណែកសមយុទ្ធ​ទី​ពីរ ក៏កំពុងតែចាប់ផ្ដើមដែរគឺនៅឯខេត្តស្វាយរៀង គឺសមយុទ្ធរួមគ្នារវាង​កងទ័ពកម្ពុជា និង​ក​ង​​ទ័ពវៀតណាម ដើម្បីសង្គ្រោះគ្រោះមហន្តរាយនៅតាមព្រំដែន។ ដូច្នេះ​សូមកុំឱ្យមានការ​ព្រួ​យ​បារម្ភ ឬការធ្វើការឃោសនាអកុសលណាមួយទៅលើសមយុទ្ធ​ទាំងពីរ​នេះ។

គួរបញ្ជាក់ដែរថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិ​សៀម   ​រា​ប​ មានរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ (Full Scale Ai​r​po​rt Emergency Exercise REPEX-19) ដោយធ្វើការហ្វឹកហាត់ សាកល្បង និងផ្តល់បទ​ពិ​សោ​ធន៍​ដល់ស្ថាប័នពាក់ព័ន្ធនានា សំដៅលើកកម្ពស់ការជួយសង្គ្រោះជនរងគ្រោះ ឱ្យ​បា​ន​   ទា​ន់​​ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលអាចកើត​មាន​ឡើ​ង​ជា​យ​ថាហេតុ។ ក្នុងលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ មានការដុតប្រេង និងដុតកង់ឡាន​ចាស់ៗ ប​ង្កើតបានជាអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ជាសិប្បនិម្មិត នៃការធ្លាក់យន្តហោះ​ដែលជា​ប្រ​ធា​នបទ នៃការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ។ ទន្ទឹមនេះ ក៏មានការប្រកាស​អាសន្ន​ដល់​សមត្ថកិច្ច អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុម​សង្គ្រោះ រថ​យន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យនានា ជាពិសេសរថយន្តពន្លត់​អគ្គិភ័យ នៅក្នុង​ខេត្ត​សៀ​មរាប។ ដោយឡែក នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះដែរ កងយោធពលខេមរ​ភូមិន្ទ និង​កង​ទ័ពប្រជាជនវៀតណាម បានរៀបចំពិធីបើក និងបិទលំហាត់សង្គ្រោះ​គ្រោះមហន្តរាយ នៅ​តំបន់ព្រំដែនគោករួមគ្នា និងការងារមនុស្សធម៌ឆ្នាំ២០២០ នៅភូមិដូនទៃ ឃុំទួលស្តី ស្រុ​ក​ច​ន្រ្ទា​ ខេត្តស្វាយរៀង ដែលពិធីនេះ ប្រព្រឹត្តធ្វើឡើងក្រោមវត្តមាន សម្តេច​ពិជ័យសេនា ទៀ បា​ញ់​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋ​មន្ត្រី​ក្រ​សួងការពារប្រទេសវៀតណាម។ ការធ្វើលំហាត់យោធានេះ គឺក្នុង​គោលបំណងចែក​រំលែក​បទ​ពិសោធន៍រួមគ្នា និងផ្តល់នូវផលប្រយោជន៍ ដល់ប្រជាជននៃ​​ប្រទេសទាំងពីរ នៅពេល​ដែ​ល​មានគ្រោះមហន្តរាយកើតឡើង ដូចជាគ្រោះធម្មជាតិ ទឹកជំនន់ ភ្លើងឆេះព្រៃ ឬគ្រោះ​ធម្ម​ជាតិ​ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រមជាមួយនឹងការ​ចូល​រួមចំណែក​លើកកម្ពស់កិច្ច​ស​ហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យមានការ​រីកចម្រើន។ ការរៀបចំសម​យុទ្ធ​រវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម គឺជាគំនិតផ្តួច​ផ្តើម​របស់សម្តេចតេជោ ហ៊ុន សែ​ន​  ដែលធ្វើឡើងក្នុងគោលបំណងត្រៀមសហការជួយប្រជា​ពល​រដ្ឋ​​នៅតាមព្រំដែន ក្នុងករណី​មា​ន​គ្រោះមហន្តរាយផ្សេងៗ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ