សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យវេស្ទើន (Western University)

នៅព្រឹកថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ​២០១៩​នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃ សាកលវិទ្យាល័យវេស្ទើន (Western University) ចំនួន ២,៨៣១ នាក់ ដែលក្នុងនោះគឺមាននិស្សិតនារីចំនួន ១,៦១៤នាក់ ។ សញ្ញាបត្តដែលបានប្រគល់ជូនគឺមានថ្នាក់បរិញ្ញាបត្ររង, បរិញ្ញាបត្រ, និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

មុននឹងចាប់ផ្តើមថ្លែងសន្ទរកថា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសអោយបានដឹងថា នៅថ្ងៃនេះកម្ពុជាបានរៀចំសមយុទ្ធ២ គឺសមយុទ្ធទី១ ជាសមយុទ្ឋហ្វឹកហាត់សាកល្បង និងផ្តល់បទពិសោធន៍ដល់ស្ថាប័នពាក់ព័ន្ធនានា សំដៅលើកកម្ពស់ការជួយសង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលអាចកើតមានឡើងជាយថាហេតុ ដែលសមយុទ្ធនេះធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ រីឯសមយុទ្ធទី២ គឺជាសមយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម នៅឯខេត្តស្វាយរៀង ក្នុងវិធានការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយដោយគ្រោះធម្មជាតិតាមព្រំដែន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការ ភ័យខ្លាច ឬព្រួយបារម្ភអ្វីឡើយ។

សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីសោមនស្សរីករាយ និងអបអរសាទរ ចំពោះនិស្សិតជ័យលាភីទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ។ សម្តេចតេជោក៏បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ សាកលវិទ្យាល័យវេស្ទើន ដែលបានធ្វើការបណ្តុះបណ្តាលនិស្សិតកម្ពុជាជារាប់ម៉ឺនច្រើននាក់កន្លងមក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញអោយសាកលវិទ្យាល័យទាំងអស់ត្រូវបន្តចូលរួមពង្រឹងគុណភាពសិក្សាជាបន្តទៀត ដើម្បីអោយធនធាមនុស្សរបស់កម្ពុជាកាន់តែមានសមត្ថភាព និងរឹងមាំថែមទៀតនាពេលខាងមុខ។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលបានកើតឡើងនៅក្នុងខែធ្នូ ២០១៩ នេះ ដែលក្នុងនោះសម្តេចតេជោបានមានប្រសាសន៍ថា ក្នុងថ្ងៃ២ធ្នូ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ៣សំខាន់សំរាប់សម្តេច ក៏ដូចជាសម្រាប់កម្ពុជាទាំងមូលគឺ៖
ទី១) ២ធ្នូ ១៩៧៨ គឺជាថ្ងៃបង្កើត រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីប្រមូលផ្តុំកម្លាំងក្នុងការរំដោះប្រទេសជាតិអោយរួចផុតពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហមប៉ុលពត។

ទី២) ២ធ្នូ ឆ្នាំ១៩៨៧ ដែលព្រឹត្តិការណ៍ជំនួបចរចាជាលើកដំបូងរវាង សម្តេចព្រះ នរោត្តម សីហនុ ជាមូយ សម្តេច ហ៊ុន សែន នៅ Fère en Tardenois នៅប្រទេសបារាំង ដែលគិតមកដល់ពេលនេះមានរយៈពេល ៣២ ឆ្នាំហើយ មុននឹងមានការពិភាក្សាចរចាបង្កើតកិច្ចព្រមព្រៀងទីក្រុងបារីស ២៣តុលា ១៩៩១ និង

ទី៣) ២ធ្នូ ឆ្នាំ១៩៩៨ ក្នុងការរៀចំយុទ្ធសាស្ត្រត្រីកោណក្រោយពេលបង្កើតរាជរដ្ឋាភិបាល ដែលក្នុងយុទ្ធសាស្ត្រត្រីកោណនោះគឺមានមុំ៣សំខាន់គឺៈ ទី១) ការធ្វើសន្តិភាវូបនីកម្ម មានន័យថាការពង្រឹងសន្តិភាពផ្ទៃក្នុងប្រទេស ទប់ស្កាត់មិនអោយមានការបាញ់បោះ និងជម្លោះផ្ទៃក្នុងតទៅទៀត។ ទី២ គឺការធ្វើសមាហរណកម្មកម្ពុជាអោយបានឆាប់បំផុតជាមួយសហគមអន្តរជាតិ ហើយដែលពេលនោះយើងក៏បានយកកៅអីកម្ពុជាដែលបានព្យួរទុកនៅអង្គសហប្រជាជាតិ (UN) ត្រឡប់មកវិញ ហើយពេលនោះយើងក៏ចាប់ផ្តើមមានការប្រជុំនិងចូលជាសមាជិកអាស៊ាន (ASEAN) និងជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងៗទៀត។ ទី៣) ផ្អែកលើកកត្តាអនុគ្រោះផ្ទៃក្នុង និងកត្តាអនុគ្រោះអន្តរជាតិ គឺកម្ពុជាបានខិតខំទាំងប្រមូលគ្រប់ធនធានទាំងអស់ដើម្បីជំរុញការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស។

នៅថ្ងៃនេះផងដែ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ពីមូលហេតុចាំបាច់ដែលកម្ពុជាចូលអាស៊ានគឺមាន០៤ចំនុចសំខាន់ៗ៖

ទី១)គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង(មិនលូកដៃចូលក្នុងបញ្ហាផ្ទៃក្នុងរបស់ប្រទេសសមាជិកអាស៊ានដូចគ្នា)

ទី២)ស្មារតីសហគមន៍(កម្ពុជាគោរពតាមកុងសង់ស៊ីស ជាគោលការមិនធ្វើរំលងគ្នា មិនថាប្រទេសអ្នកមាន ប្រសទេអ្នកក្រ តូច ធំ គឺស្មើគ្នាទាំងអស់)។

ទី៣)កម្ពុជាទទួលបានផលប្រយោជន៍ច្រើនពីសមាហរណកម្មអាស៊ាន តាមរយៈការទទួលបាននូវការបណ្តុះបណ្តាលធនធានមនុស្ស និងតាមរយៈដៃគូពាណិជ្ជកម្មនានា ដែលបានជួយកាត់បន្ថយគម្លាតក្រីក្រនៅក្នុងប្រទេសនីមួយៗយ៉ាងមានប្រសិទ្ឋភាពទៀតផង។

ទី៤) ជាច្រកទ្វារចេញចូលការទូតដែលមានទំហំធំធេងសម្រាប់កម្ពុជា ដែលយើងត្រូវការពង្រឹងកិច្ចសហប្រតិបត្តិការអោយបានកាន់តែច្រើន។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានគាំទ្រ និងជំរុញអោយក្មួយៗនិស្សិតបន្តសិក្សាស្រាវជ្រាវទោះបីពេលនេះបានបញ្ចប់ការសិក្សាហើយក្តី ព្រោះថាការសិក្សាគឺគ្មានដែនកំណត់ ហើយចំណេះដឹងមួយចំនួនគឺមិនមានសិក្សានៅក្នុងសាលាទេ។ សម្តេចតេជោ សប្បាយរីករាយដែលបានចូលរួមចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់ក្មួយៗនិស្សិតអោយទទួលបាននូវជំណេះដឹងបន្ថែមនៅក្នុងឱកាសដ៏មានតម្លៃបំផុតនេះ។

ក្រោយពីបានបញ្ជប់នូវការថ្លែងសន្ទរកថា និងផ្តល់នូវអនុសាសន៍សំខាន់ៗរួចហើយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី និងបានថតរូបអនុស្សាវរីយ៍ជាមួយក្មួយៗក្នុងបរិយាកាសរីករាយក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ