សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានក្រុមហ៊ុន Axiata Group Berhad -Smart

28

នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក តាន់ស្រ៊ី ចាមាលូឌីន អ៊ីប្រាហ៊ីម (TAN SRI JAMALUDIN IBRAHIM) ប្រធានក្រុមហ៊ុន Axiata Group Berhad ដែលកម្ពុជាស្គាល់ថាជាក្រុមហ៊ុនទូរស័ព្ទចល័តស្មាត (Smart )។

លោក TAN SRI បានគោរពជម្រាបជូនសម្តេចតជោថា ក្រុមហ៊ុន Smart Axiata បានបោះទុកវិនិយោគនៅកម្ពុជាអស់ប្រមាណ ១,៤០០ លានដុល្លារអាមេរិកហើយ ហើយក្រុមហ៊ុនកំពុងមានគម្រោងវិនិយោគបង្កើតបន្ថែមទៀតគឺការវិនិយោគលើបច្ចេកវិទ្យាថ្មី ទំនើប រួមទាំងប្រព័ន្ធល្បឿនលឿន 5G ផងដែរ។ ការវិនិយោគរបស់ក្រុមហ៊ុន Smart Axiata គឺមិនត្រឹមតែដើម្បីរកផលចំណេញនោះទេ ប៉ុន្តែគឺមានគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសង្គមជាតិកម្ពុជាផងដែរ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនSmart បានចូលរួមចំណែកយ៉ាងច្រើនក្នុងកិច្ចការសង្គមដូចជាលើ វិស័យអប់រំ វិស័យសុខាភិបាលក៏ដូចជាវិស័យបរិស្ថាន និងកីឡាផងដែរ។ ជាមួយគ្នានេះផងដែរ លោក TAN SRI បានគោរពជម្រាបជូនសម្ដេចតេជោទៀតថាក្រុមហ៊ុន Smart Axiata នឹងបន្តពង្រីកវិសាលភាពរបស់ក្រុមហ៊ុនបន្តទៀតដែលនឹងគ្របដណ្ដប់ទៅតាមទីជនបទនៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ លោក TAN SRI បានស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើយ៉ាងណាឱ្យក្រុមហ៊ុន Smart Axiata មានឱកាសបានចូលរួមចំណែកកាន់តែខ្លាំងឡើងក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ លោក TAN SRI និងក្រុមហ៊ុន Smart ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍កម្ពុជាតាមកម្មវិធីមនុស្សធម៍នានរបស់ក្រុមហ៊ុន។ទន្ទឹមនឹងនេះ សម្តេចតេជោ បានសុំអោយក្រុមហ៊ុនពិចារណាពង្រីកវិសាលភាពរបស់ក្រុមហ៊ុនឲ្យគ្របដណ្ដប់ទៅលើទីជនបទអោយបានច្រើនទូលំទូលាយ ជាពិសេស សម្ដេចតេជោបានស្នើសុំឲ្យក្រុមហ៊ុនពិចារណាក្នុងការជួយផ្តល់នូវសេវា Internet ដល់សាលារៀន រួមទាំងសាកលវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងនៅតាមបណ្ណាល័យជាដើម និងមន្ទីរពេទ្យដើម្បីធ្វើយ៉ាងណាឲ្យគ្រូបង្រៀន និស្សិត និងសិស្សានុសិស្សមានឱកាសប្រើប្រាស់បច្ចេកវិទ្យាតាម Internet ដើម្បីបង្កើនការសិក្សាស្រាវជ្រាវពង្រីកចំណេះវិជ្ជាដើម្បីពង្រឹងគុណភាព និងសមត្ថភាពធនធានមនុស្សអោយកាន់តែរីកចម្រើន។

ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យក្រុមហ៊ុន Smart Axiata ពិចារណាពិនិត្យមើលប្រព័ន្ធស្មាតនៅក្រៅប្រទេស (Roaming) ផងដែរ គឺធ្វើយ៉ាងណាឲ្យប្រព័ន្ធស្មាត អាចដំណើរការទៅបានទាំងការហៅចេញចូល និងប្រព័ន្ឋ Internet អោយបានល្អនៅក្រៅប្រទេសអោយបានច្រើន។ ព្រោះពេលសម្តេចតេជោ អញ្ជើញទៅបេសកកម្មក្រៅប្រទេស គឺប្រព័ន្ឋស្មាតមិនសូវមាន Roaming ដែលលំបាកប្រើប្រាស់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរប្រព័ន្ធស្មាតដែលជាប្រព័ន្ធដ៏ល្អមួយដែលមានល្បឿនលឿនជឿទុកចិត្តបាន។ តាមរយៈការពង្រីកវិសាលភាពថែមទៀតទាំងនៅក្នុងស្រុក និងក្រៅស្រុកគឺនឹងធ្វើអោយកាន់តែពេញនិយមពីប្រជាពលរដ្ធ និងយុវជនសិស្សានុសិស្សជាមិនខាន ព្រោះសព្វថ្ងៃនេះ ក្រុមហ៊ុន Smart Axiata កំពុងមានសក្ដានុពលឈានខ្លាំងផ្នែកវិស័យ Telecommunication ដែលទាក់ទាញបានជំនឿជឿជាក់យ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា៕