សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ និង ទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី ១៤ ឆ្នាំ ២០១៩

CNV:

  • សម្តេច ឯកឧត្តម លោកជំទាវ លោក ឧកញ៉ា លោក លោកស្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដែលបានមកចូលរួមក្នុងពិធី សម្ពោធពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញនាំចូលកម្ពុជា លើកទី ១៤ ឆ្នាំ ២០១៩ កម្រិតអន្តរជាតិដែលប្រារព្វឡើងយ៉ាងអធិកអធមនាពេលនេះ។

ខ្ញុំសូមស្វាគមន៍ និងថែ្លងអំណរគុណប្រតិភូពាណិជ្ជកម្មជាតិ អន្តរជាតិ សហគ្រិន វិនិយោគិន និងតំណាងអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអ្នកទស្សនាពិព័រណ៍ទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិនេះ ហើយដែលបានសិក្សាស្វែងយល់ ដើម្បីចាប់យកកាលានុវត្តភាពចូលរួមធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។

ទន្ទឹមនេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ នៃក្រសួងពាណិជ្ជកម្ម ដែលបានចូលរួមយ៉ាងសកម្មរៀបចំ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងពេលកន្លងមក និងពេលនេះ។

ឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក ពិព័រណ៍ផលតិផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជា បានឆ្លុះបញ្ចាំងអំពីបរិយាសកាស ធុរកិច្ច និងវិនិយោគដ៏មានសក្តានុពលរបស់កម្ពុជា តាមរយៈការរក្ស បាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ និងការរីកចម្រើនលើគ្រប់វិស័យ ដែលបានផ្ដល់ឱកាសដល់ធុរជនកម្ពុជា និងធុរជនបរទេសទាំងអស់បានជួបពិភាក្សាគ្នា ដើម្បីជំរុញការធ្វើធុរកិច្ច និងការ​វិនិយោគ ការរៀបចំពិព័រណ៍ក្នុងស្រុក ពិព័រណ៍អន្តរជាតិ ពិព័រណ៍ចិន-ឤស៊ាន និងពិព័រណ៍ពិភពលោកជាដើម។ ព្រឹត្តិការណ៍ទាំងអស់នេះ គឺជាកាលានុវត្តភាពជួយផ្សព្វផ្សាយអំពី សក្តានុពលវិនិយោគរបស់កម្ពុជា ជាឱកាសស្វែងរកទីផ្សារនាំចេញ ការផ្សព្វផ្សាយវប្បធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យដទៃទៀតជាមួយប្រទេសដៃគូនានា ក្នុងតំបន់ និងពិភពលោក។

ដើម្បីធានាបរិយាកាសសម្រាប់ធុរកិច្ច ប្រកបដោយបរិយាបន្ន និងតម្លាភាព ពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយបើកចំហចំពោះវិនិយោគិនទាំងអស់ ដើម្បីចូលមកវិនិយោគ ឬបង្កើតធុរកិច្ច នៅកម្ពុជា។ ជាបន្តបន្ទាប់ ការហូរចូលវិនិយោគទុនពីបរទេសមកកម្ពុជា បានធ្វើឱ្យកម្ពុជាទទួលបាននូវធន​ធានហិរញ្ញវត្ថុ បចេ្ចកវិទ្យា ជំនាញ ចំណេះដឹង នៃការប្រើប្រាស់ បចេ្ចកវិទ្យាទំនើប បទពិសោធន៍សហគ្រិន ការបង្កើតការងារថ្មីៗសម្រាប់ប្រជាជន ការពង្រីកផលិតកម្មក្នុងស្រុកឱ្យបានទូលំទូលាយជាមួយនឹងគុណភាព និងលទ្ធភាពនៃធនធានសេដ្ឋកិច្ចដែលមាន ដើម្បីកសាងសមត្ថភាពធ្វើការអភិវឌ្ឍ និងវិនិយោគប្រកបដោយតម្លាភាព ទាំងបច្ចុប្បន្ន និងអនាគត។

  • អង្គពិធី ជាទីមេត្រី!

តាមរយៈសុខសន្តិភាពជាមួយនឹងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពកម្ពុជាបាន និងកំពុងធ្វើសមាហរណកម្មយ៉ាងសកម្ម ក្នុងតំបន់ និងពិភពលោកជាមួយនឹងការពង្រឹងសមត្ថភាពប្រកួតប្រជែងលើគ្រប់វិស័យ ដោយឡែក វិស័យពាណិជ្ជកម្មបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជា ជាមួយនឹងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការនាំចេញទំនិញ និងសេវា ទៅកាន់ទីផ្សារនៃប្រទេសដែលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកចំនួន ១៤៧ ប្រទេស និងនាំចូលមកវិញនូវទំនិញ និងសេវា បំពេញតម្រូវការសេដ្ឋកិច្ច ពីប្រទេសចំនួន ១៣៥ ដែលធ្វើឱ្យទំហំពាណិជ្ជកម្មអន្តរជាតិកើនឡើងរហូតដល់ជាង ៣០ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០១៨ កន្លងមក។

ទន្ទឹមនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យម ប្រចាំឆ្នាំក្នុងរង្វង់ ៧,៧% ក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយនេះ ព្រមទាំងសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត្រ គឺឆ្លងពីឋានៈជាប្រទេសដែលមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបជាផ្លូវការ កាលពីឆ្នាំ ២០១៥ ជាមួយនឹងការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០។

កាលពីឆ្នាំ ២០១៨ កន្លងមក អត្រាកំណើនសេដ្ឋកិច្ចកម្ពុជា សម្រេចបាន ៧,៥% ជាមួយនឹងការព្យាករឤចបន្តរក្សាកំណើន ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំសម្រាប់រយៈពេលមធ្យមទៅមុខ។ កម្ពុជា បានធ្វើពិពិធកម្មទាំងផលិតផល និងទីផ្សារដែលធ្វើឱ្យការនាំចេញ កម្ពុជាបានកើនឡើងពី ៥,៧ ប៊ីលានដុល្លារ នៅឆ្នាំ ២០១២ ដល់ ១៣ ប៊ីលានដុល្លារ នៅឆ្នាំ ២០១៨ និងបានធ្វើពិពិធកម្មជាបន្តបន្ទាប់ ពីការនាំចេញផលិតផលឧស្សាហកម្មសម្លៀកបំពាក់ (កាត់ដេរ ស្បែកជើង កាបូបធ្វើដំណើរ) ទៅកាន់ផលិតផលឧស្សាហកម្ម (មិនមែនវាយនភ័ណ្ឌ) និងផលិតផលផ្សេងៗទៀត ជាមួយនឹងគោលដៅនាំចេញសំខាន់ៗរបស់កម្ពុជា គឺទីផ្សារសហរដ្ឋឤមេរិក សហភាពអឺរ៉ុប ជប៉ុន ចិន កូរ៉េ បណ្តាប្រទេសក្នុងតំបន់ឤស៊ាន និងប្រទេសដទៃទៀត។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកមូលដ្ឋាន ផលិតកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធ កែលម្អប្រព័ន្ធដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទិក ទាំងផ្នែកទន់ និងផ្នែករឹង លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយកម្រៃសេវាផ្សេងៗ កាត់បន្ថយថ្លៃអគ្គិសនី បណ្តុះបណ្តាលជំនាញ ទាំងផ្នែករឹង និងផ្នែកទន់ រៀបចំប្រព័ន្ធបចេ្ច កវិទ្យាព័ត៌មាន និងឌីជីថល ជាមួយនឹងការកែទម្រង់វិស័យហិរញ្ញវត្ថុ និងវិស័យឤទិភាពផ្សេងទៀត ដែលទាំងអស់នេះគឺជាលក្ខខណ្ឌឤទិភាពដ៏ទូលំទូលាយ និងជាសក្តានុពលប្រកបដោយគុណភាព និងតម្លាភាពសម្រាប់ការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

  • សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី!

បច្ចុប្បន្នក៏ដូចជាបណ្តាឆ្នាំកន្លងទៅ ការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម គឺជាគោលដៅឤទិភាពរបស់រាជរដ្ឋាភិបាល ដែលតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ ស្របតាមការកំណត់នៃអនុក្រឹត្យស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈការលើកលែងពន្ធលើប្រាក់ចំណូលរហូតដល់ ៥ ឆ្នាំ ការលើកលែងការបង់ប្រាក់រំដោះពន្ធ លើប្រាក់ចំណូល និងពន្ធអប្បបរមាក្នុងរយៈពេលលើកលែងពន្ធ លើប្រាក់ចំណូល រួមទាំងការលើកទឹកចិត្តចំណាយ ដែលឤចកាត់កងបាន ដើម្បីបង្កើតការងារ និងបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុករបស់កម្ពុជា លើវិស័យឤទិភាព រួមមានវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការផលិត និងកែច្នៃម្ហូបឤហារ ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ដែលវិស័យទាំងអស់នេះស្ថិតក្នុង តំបន់ប្រមូលផ្តុំនៃសហគ្រាសធុនតូច និងមធ្យម។

ទន្ទឹមនេះ រាជដ្ឋាភិបាលបាន និងកំពុងរៀបចំច្បាប់វិនិយោគថ្មី និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ក្នុងគោលបំណងបង្កើតនូវក្របខណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព ឤចប៉ាន់ប្រមាណបាន ប្រកបដោយភាពអំណោយផល និងប្រសិទ្ធភាពសម្រាប់ការវិនិយោគ ការធ្វើទំនើបកម្ម និងការបង្កើនផលិតភាពឧស្សាហកម្មក្នុងស្រុក ជាមួយនឹងការពង្រឹងការតភ្ជាប់ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនលំហូរចូលមូលធន និងការផ្ទេរបចេ្ចកវិទ្យា ចំណេះដឹង និងចំណេះធ្វើ។ ក្របខណ្ឌច្បាប់ ដែលបានចែងខាងលើ គឺជាការលើកទឹកចិត្តការវិនិយោគប្រកបដោយតម្លាភាព គ្មានការរើសអើង ហើយមានលក្ខណៈប្រកួតប្រជែងស្មើភាព ផ្តល់ការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិ់និយោគិននៅកម្ពុជា ដើម្បីបង្កើតនូវក្របខណ្ឌគតិយុត្តដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតុល្យភាពស្របទៅនឹងលក្ខខណ្ឌនៃការវិនិយោគជាមួយនឹងផលប្រយោជន៍របស់ប្រទេសជាតិ។

ខ្ញុំសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍ពិព័ណ៍អន្តរជាតិថ្ងៃនេះ ពាណិជ្ជករ សហគ្រិន វិនិយោគិន ធុរជន ទាំងក្នុង និងក្រៅប្រទេស នឹងបានយល់កាន់តែច្បាស់អំពីសក្តានុពលវិនិយោគនៅកម្ពុជា ហើយនឹងចាប់យកឱកាស ដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសម្បទាន ជាឤទិភាពទាំងឡាយ ដែលផ្តល់ដោយរាជរដ្ឋាភិបាលសម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ ទាំងបច្ចុប្បន្ន និងអនាគត។

នៅទីបញ្ចប់ ជាមួយនឹងការប្រកាសបើកជាផ្លូវការ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី ១៤ ឆ្នាំ ២០១៩ ចាប់ពីពេលនេះតទៅ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់សូមទទួលបាននូវពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ ឤយ វុណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...