ស្តង់ផលិតផលចិនចំនួន៦០ស្តង់ ចូលរួមតាំងបង្ហាញផលិតផល ក្នុងពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៤ ឆ្នាំ២០១៩

ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ — ស្តង់ដាក់បង្ហាញផលិតផលមកពីប្រទេសចិនចំនួន៦០ស្តង់ បានចូលរួមក្នុងពិធីពិព័រណ៍ ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៤ ឆ្នាំ២០១៩ នៅជម្ឈមណ្ឌលសន្និបាត និងពិព័រណ៍​កោះពេជ្រ ដើម្បីដោះដូរការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន។

ក្នុងពិធីសម្ពោធ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៤ ឆ្នាំ២០១៩” ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានី​ភ្នំពេញ កាលពីថ្ងៃអាទិត្យ ៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ដោយក្នុងនោះ ក៏មានការចូលរួមពីតាំងបង្ហាញពីស្ដង់មកពីបណ្ដា​ប្រទេស​អាស៊ានជាច្រើន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ពាណិជ្ជ​កម្មកម្រិត​អន្តរជាតិនេះ មានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ព្រោះបានរួមចំណែក ផ្សព្វផ្សាយពី​សភាពការណ៍ពិតជាក់ស្តែង នៃសង្គមកម្ពុជា ដែលមានសន្តិភាពពេញបរិបូរណ៍ បង្ហាញពី​បរិយាកាសធុរកិច្ច និងវិនិយោគដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាគោលនយោបាយ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិស័យផ្សេងៗ។ សម្ដេចតេជោបានបន្ដថា គោលនយោបាយ​ទាំងនេះ ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលសំដៅជំរុញសកម្មភាពពាណិជ្ជកម្មក្នុង និង​ក្រៅ​​ប្រទេស និងបានផ្តល់ឱកាសដល់ធុរជនកម្ពុជា និងបរទេសទាំងអស់បានជួបពិភាក្សាគ្នា​សំដៅជំរុញការធ្វើធុរកិច្ច និងវិនិយោគទៅវិញទៅមកឱ្យកាន់តែសកម្មឡើងថែមទៀត។

សម្តេចតេជោបានកត់សម្គាល់ឃើញថា ការរៀបចំ និងចូលរួមពិព័រណ៍ពាណិជ្ជកម្ម​នៅក្រៅ​ប្រទេសបានធ្វើឱ្យកម្ពុជាកាន់តែមានកិត្តិយស ឈរដោយស្មើមុខ ស្មើមាត់ជាមួយ​បណ្តាប្រទេសនានាលើឆាកអន្តរជាតិ នឹងមានឱកាសបានផ្សព្វផ្សាយអំពីចំណុចសក្តានុពល​របស់​កម្ពុជា ជាឱកាសស្វែងរកទីផ្សារនាំចេញ ពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និង​ឯកជនឱ្យមានបណ្តាញទំនាក់ទំនងជាអន្តរជាតិ។ ទន្ទឹមនេះ ក៏បានទាក់ទាញវិនិយោគទុនពី​បរទេស ផ្សព្វផ្សាយវប្បធម៌ អរិយ្យធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ជាមួយប្រទេសដៃគូនានាក្នុងតំបន់ និងលើពិភពលោក។

តំណាងស្តង់ផលិតផលចិនដែលបានចូលរួមការតាំងបង្ហាញនេះ លោក Hanson Lin ប្រធានគ្រប់គ្រង់ការនាំចេញ បានឱ្យដឹងថា នេះជាលើទី១ហើយ ដែលក្រុមហ៊ុនរបស់លោក មកធ្វើការតាំងបង្ហាញផលិតផលរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា ដោយសារលោកបាន​មើល​ឃើញថា កម្ពុជាគឺជាទីផ្សារមួយថ្មី ដែលកំពុងមានសក្ដានុពល។ លោកសង្ឃឹមថា ក្រុមហ៊ុន​របស់​លោក នឹងអាចទទួលបានឱកាសច្រើនពីទីផ្សារមួយនេះ ជាមួយនឹងការលក់នូវផលិត​ផលសម្រាប់កូនក្មេង។

សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មសម្រាប់ឆ្នាំ២០១៩នេះ ក៏មានការចូលរួមគាំទ្រពី​បណ្ដាប្រទេសនៅក្នុងតំបន់ដូចជា៖ ប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន ថៃឡង់ដ៍ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ឡាវ មីយ៉ាន់ម៉ា និងមន្ទីរពាណិជ្ជកម្មទាំង២៥ រាជធានី-ខេត្ត អង្គការ សមាគម ព្រមទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅប្រទេស ដែលមានស្ដង់សរុបជិត៤០០ស្ដង់ ដើម្បីតាំងបង្ហាញផលិតផល និងសេវាកម្មស្ទើរគ្រប់ប្រភេទ រាប់តាំងពីការប្រើប្រាស់នៅ​តាម​គេហដ្ឋាន រហូតដល់វិស័យសណ្ឋាគារ និងធនាគារ។ ពិព័រណ៍ពាណិជ្ជកម្មនេះ ក៏មានរៀប​ចំនូវកម្មវិធីដូចជា៖ ជំនួបពាណិជ្ជកម្ម វេទិកាវិនិយោគ សិក្ខាសាលា ពិធីចុះហត្ថលេខា​លើ​គម្រោងវិនិយោគនានា ហើយបើកជូនសាធារណជន ចូលទស្សនាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ២០១៩៕

ដោយ ម៉ៅ ចរិយា

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ