សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង​ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា

CNV:

អាក់ខានចូលរួមប្រជុំអាស៊ានមេគង្គ-កូរ៉េ និងជំនួបទ្វេភាគីជាមួយកូរ៉េ ដោយសារសុខភាពរបស់ម្តាយ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រ សម្រាប់និស្សិតនៅសាកលវិទ្យាល័យឯកទេស នៃកម្ពុជា ចំនួន ៦ ៧៦២ នាក់ ហើយក៏ជាថ្ងៃចាប់ផ្តើមចេញមុខដំបូងជាសាធារណៈ បន្ទាប់ពី ការអាក់ខានអស់រយៈពេល ២ សប្តាហ៍ ដោយសារជំងឺរបស់ម្តាយក្មេក។ ប្រហែលជាព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា បានជ្រាបហើយថា ការលុបចោលដំណើរចូលរួមប្រជុំនៅអាស៊ានមេគង្គ-កូរ៉េ និងជំនួបទ្វេរភាគីជាមួយកូរ៉េ គឺជាការអាក់ខានដែលតម្រូវ ដោយសារសុខភាពរបស់ម្តាយ។ ជាមួយ(គ្នា)នោះ កម្មវិធីផ្ទៃក្នុងមួយចំនួនក៏ត្រូវបានជំនួសដោយសម្តេច ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តីនៅក្នុងប្រទេស ប៉ុន្តែ ពីម្សិលមិញ និងថ្ងៃនេះ គឺផ្តល់ឱកាសឱ្យខ្ញុំព្រះករុណាខ្ញុំបានមកកាន់ទីនេះ ទោះបីថា សុខភាពម្តាយក្មេកស្ថិតក្នុងបន្ទប់សង្គ្រោះបណ្ណោះអាសន្ននៅឡើយ ប៉ុន្តែ ចេញផុតពីស្ថានភាពគ្រោះថ្នាក់។

វឌ្ឍនភាពសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា

ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយសារយើងឃើញនូវវឌ្ឍនភាព នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ដូចដែល ឯកឧត្តម ស្តើង សុខុម ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបានធ្វើរបាយការណ៍អម្បាញ់មិញ អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យនេះ ដែលក្នុងនោះ បានបណ្តុះបណ្តាលធនធានមនុស្សរហូតទៅដល់ជាង ៤ ម៉ឺននាក់ ដែលមានសាខានៅប្រាំពីរខេត្ត/ក្រុង។ ឥឡូវនេះ (និស្សិត)ចំនួន ១៤ ០០០ នាក់ ជាងទៀត កំពុងតែបន្តការសិក្សា។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយសារតែសាកលវិទ្យាល័យនេះ ក្រៅពីទីតាំងធំនៅរាជធានីភ្នំពេញ មានសាខានៅខេត្តកំពង់ចាម សៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពត និងកំពង់ធំ ដែលនោះ វាជាការផ្តល់បន្ថែម សម្រាប់ជួយឱ្យនិស្សិតរបស់យើងទទួលបាន នូវការសិក្សានៅតាមខេត្តតែម្តង។

គោលដៅខេត្តមួយសាកលវិទ្យាល័យមួយ

រាជរដ្ឋាភិបាលបានដាក់ចេញ នូវគោលដៅខេត្តមួយសាកលវិទ្យាល័យមួយ ក៏ប៉ុន្តែ មកដល់ពេលនេះ យើងទើបនឹងមានសាកលវិទ្យាល័យខេត្តមួយចំនួនប៉ុណ្ណោះ គឺរួមមាននៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ឯក្រៅពីនោះយើងកំពុងតែខិតខំ ដើម្បីជម្រុញឱ្យមានសាកលវិទ្យាល័យនៅតាមខេត្ត។ ប៉ុន្តែ នៅពេលដែលសាកលវិទ្យាល័យទៅមិនទាន់ដល់ វិស័យឯកជន ក៏មានសាខានៅតាមខេត្តមួយចំនួន ដែលបានផ្តល់ឱកាសសម្រាប់ឱ្យសិស្ស ដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិបានទទួលការសិក្សានៅទីនោះ។

ដូច្នេះហើយបានជាគេឃើញថា ចំនួននិស្សិតនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា មានចំនួនច្រើន បើប្រៀបធៀបទៅនឹងសាកលវិទ្យាល័យ ដែលមានតែមួយទីតាំងនៅទីក្រុងភ្នំពេញ។ ខ្ញុំសូមថ្លែងនូវការអរគុណ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងទាំងអស់ ដែលបានខិតខំ ដើម្បីធ្វើការវិនិយោគ សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ទាំងនៅទីក្រុងភ្នំពេញ ក៏ដូចជា នៅតាមបណ្តាសាខានៅតាមខេត្ត ដែលក្នុងនោះក៏មានការដោះស្រាយ នូវអ្នកទទួលបានការងារធ្វើពីសាកលវិទ្យាល័យនេះ រហូតទៅដល់ជាង ១ ២០០ នាក់។

យើងបានដើរឆ្ងាយពីទ្រីស្តី “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ”

យើងបានឃើញហើយថា ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ ការរីកចម្រើនក្នុងវិស័យការបណ្តុះបណ្តាលធនធានមនុស្ស ពីមួយឆ្នាំទៅមួយឆ្នាំ គឺមានការកើនឡើង។ យើងហាក់ដូចជាបានដើរឆ្ងាយរួចមកហើយ ពីដំណាក់កាលដែលយើងធ្លាប់បានប្រើប្រាស់ពីការចាប់ផ្តើមដែលកំណត់ថា “អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ”។ ស្ថានភាពពេលនោះវាលំបាកខ្លាំងណាស់ ដែលយើងធ្វើយ៉ាងម៉េចខិតខំ ដើម្បីរើបម្រាស់ចេញពីការលំបាក ហើយពេលនោះ ដែលហៅថា ប្រទេសទទួលការហ៊ុមព័ទ្ធទណ្ឌកម្ម គឺគ្មានជំនួយអភិវឌ្ឍន៍ទេ សូម្បីតែក្ដារសម្រាប់ការរៀនសូត្ររបស់សិស្ស សូម្បីតែដីសរសម័យនោះ សម័យប្រើធ្យូង/ដីឥដ្ឋ ដើម្បីសរសេរ ហើយរៀននៅក្រោមផ្ទះប្រជាជន/ក្រោមកុដ្ឋិលោក។

បន្តពង្រឹងគុណភាពអប់រំ/អត្រានិស្សិតមានការងារធ្វើ

ឥឡូវនេះ សាកលវិទ្យាល័យទាំងរដ្ឋ/ឯកជន បានកើតឡើងយ៉ាងច្រើន។ អ្វីដែលជាសំណូមពររបស់ខ្ញុំ នៅតែបន្តដូចមុនៗដដែល គឺបញ្ហាពង្រឹងនូវការបណ្តុះបណ្តាលធនធានមនុស្ស ទាក់ទងជាមួយនឹងគុណភាព នៃការបណ្តុះបណ្តាល។ ខ្ញុំសូមទទួលយកនូវការពេញចិត្តជាមួយនឹងវឌ្ឍនភាព នៃសាកលវិទ្យាល័យនេះ ដោយក្នុងនោះបានឆ្លុះបញ្ចាំង អំពីអត្រា នៃអ្នកដែលបានទទួលការងារធ្វើ ដែលក្នុងនោះ បរិញ្ញាបត្ររងមាន ៨៥.១១%។ បរិញ្ញាបត្រមាន ៩៧.៥៩%។ បរិញ្ញាបត្រជាន់ខ្ពស់មាន ៩៩.៥៣%។ នេះគឺជាចំនួនមួយ ដែលគួរឱ្យពេញចិត្ត សម្រាប់ការបណ្តុះបណ្តាលរបស់យើង។ ដែលក្នុងនោះ ស្រូបយកក្រសួងរដ្ឋចំនួន ៣២.៨៣% វិស័យឯកជនទទួលយក ៤១.៨៥%។ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ១២.៦៧%។ ហើយអាជីវកម្មផ្ទាល់ខ្លួន ៩.៩៥% ដែលចាត់ទុកថា ជាផ្នែកដ៏សំខាន់ ដើម្បីបម្រើឱ្យកិច្ចការអភិវឌ្ឍប្រទេសជាតិរបស់យើង។

អរគុណសាកលវិទ្យាល័យចំពោះការផ្តល់អាហារូបករណ៍

ខ្ញុំក៏សុំថ្លែងនូវការអរគុណ ជាមួយនឹងការផ្តល់អាហារូបករណ៍ដល់ខ្ញុំ ដើម្បីខ្ញុំអាចមានលទ្ធភាពជួយទៅដល់និស្សិតក្រីក្រផ្សេងទៀត ដែលចាប់តាំងពីឆ្នាំ ២០០៥-២០០៦ រហូតដល់ឆ្នាំ ២០១៩-២០២០ សាកលវិទ្យាល័យនេះ បានផ្តល់(អាហារូបករណ៍)ឱ្យខ្ញុំ ១ ៤៧៦ កន្លែង ប្រហែលជាថ្ងៃនេះក៏មាននិស្សិត ដែលសិក្សាដោយអាហារូបករណ៍របស់ខ្ញុំ នឹងទទួលបាននូវសញ្ញាបត្រក្នុងថ្ងៃនេះផងដែរ។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការអបអរសាទរ ចំពោះជ័យលាភីទាំងអស់ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ហើយនឹងគ្រប់កម្រិត ទាំងបរិញ្ញាបត្ររង ចំនួន ៩៦៧ នាក់, បរិញ្ញាបត្រ (ចំនួន) ៤ ០៧១ នាក់, បរិញ្ញាបត្រជាន់ខ្ពស់ (ចំនួន) ១ ៧២០ នាក់  និងថ្នាប់បណ្ឌិត ចំនួន ៤ នាក់។

កុំធ្វើឱ្យឪពុកម្តាយ អាណាព្យាបាល ឬប្រពន្ធ/ប្តី ស្រក់ទឹកភ្នែកដោយសារតែយើងធ្វើខុសច្បាប់

អម្បាញ់មិញខ្ញុំក៏បានក្រឡេកឃើញក្រុមគ្រួសារជ័យលាភី ដែលកំពុងរង់ចាំនៅខាងក្រៅ។ នេះក៏បង្ហាញឱ្យឃើញ អំពីការចូលរួម មិនមែនគ្រាន់តែជាការខិតខំផ្ទាល់របស់និស្សិត ដែលទទួលសញ្ញាបត្រនៅទីនេះទេ ក៏ប៉ុន្តែ យើងត្រូវឃើញថា ក្រុមគ្រួសារបានលះបង់ច្រើនណាស់ ដើម្បីផ្តល់ឱកាសឱ្យយើងបានរៀនសូត្រនៅទីនេះ។ ដូច្នេះ ជាការតបស្នងសម្រាប់ពួកគាត់វិញ គប្បីយើងត្រូវធ្វើយ៉ាងម៉េច? អ្នកដែលមានប្រពន្ធ​ត្រូវដឹងគុណប្រពន្ធ អាហ្នឹងនិយាយពិត កុំធ្វើអ្វីដែលជាការក្បត់ចិត្តប្រពន្ធ … ប្រពន្ធត្រូវរែកពន្ធ ដើម្បីឱ្យប្តីបានមកទទួលនូវការសិក្សា។ ឯចំពោះយុវជន/នារី ធ្វើយ៉ាងម៉េចកុំឱ្យមាតា(បិតា) អាណាព្យាបាល មានការខកចិត្ត និងស្រក់ទឹកភ្នែកដោយសារតែយើងធ្វើខុសច្បាប់នោះ។ មានចម្រៀងមួយ(បទ) ដូចជាច្រៀងដោយ ជុំ លីណូ “ទឹកភ្នែកម្តាយធ្លាក់លើខ្នោះកូន” ចម្រៀងហ្នឹងមានអត្ថន័យ … បានសេចក្តីថា អាកូនហ្នឹងវាប្រព្រឹត្តគ្រឿងញៀន …។

បន្តបង្កើនសមត្ថភាព និងយកចំណេះដឹង ទៅបម្រើដល់ប្រយោជន៍ជាតិ/ក្រុមគ្រួសារ

ត្រូវបន្តការខិតខំបន្តទៅទៀត នូវការបង្កើនចំណេះដឹងរបស់យើង ដើម្បីដើរឱ្យទាន់ការវិវដ្ត នៃប្រទេសជាតិ។ សង្ឃឹមថា និស្សិតជ័យលាភីទាំងអស់នៅថ្ងៃនេះ នឹងទទួលបាននូវការងារធ្វើល្អ ទន្ទឹមនឹងការខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរ ហើយសាកលវិទ្យាល័យនេះ ក៏បានចាប់ផ្តើមអនុវត្តន៍ដូចខាងផ្នែករដ្ឋដែរ គឺបើកបៀវត្សរ៍តាមរយៈធនាគារ ២ ដង/ខែ រយៈពេល ២២ ខែ រួចមកហើយ។ នេះអាចចាត់ទុកថា ទាំងរដ្ឋ/ឯកជន គឺរត់ទៅជាមួយគ្នា ក្នុងការបើកបៀវត្សរ៍ជូនមន្រ្តីរាជការនៅតាមស្ថាប័នរបស់រដ្ឋ។ ខ្ញុំគិតថា មិនមែនគ្រាន់តែទីនេះទេ (ទាំង)នៅកន្លែងដទៃ ប្រជាជនមានសិទ្ធិនឹងដឹង អំពីវឌ្ឍនភាពសេដ្ឋកិច្ច ក៏ដូចជា បញ្ហាប្រឈមនានា ដែលបាននឹងកំពុងកើតនៅក្នុងប្រទេសរបស់យើង។ តែអ្វីដែលខ្ញុំព្រះករុណាខ្ញុំចង់និយាយ គឺសំខាន់ផ្តោតការយកចិត្តទុកដាក់ទៅលើនិស្សិតជ័យលាភីរបស់យើង ត្រូវបង្កើនសមត្ថភាព ហើយត្រូវយកសមត្ថភាពនោះ ទៅបម្រើឱ្យកិច្ចការទាំងឡាយ ដែលជាប្រយោជន៍របស់ជាតិ/ក្រុមគ្រួសារ/សហគមន៍។ នេះជាចំណុច ដែលយើងត្រូវខិតខំទាំងអស់គ្នា។

វិស័យឯកជន ជួយក្នុងការកសាងសេដ្ឋកិច្ចជាតិ

ទាំងរដ្ឋ/ឯកជន ជាផ្នែកដ៏សំខាន់ នៃដំណើរការឆ្ពោះទៅមុខ ហើយវិស័យឯកជន ជាវិស័យនាំមុខមួយនៅក្នុងចំណោមកសាងសេដ្ឋកិច្ចរបស់ជាតិ។ សូម្បីតែនៅក្នុងវិស័យអប់រំនេះ វិស័យឯកជនបានដើរតួនាទីសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលក្នុងនោះ រដ្ឋបានដាក់ចេញនូវគោលនយោបាយ ដើម្បីផ្តល់ឱកាសឱ្យវិស័យឯកជន ដើម្បីចូលរួមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ យើងសាកល្បងគិតបន្តិចទៅមើលថា ប្រសិនបើជា(រាជ)រដ្ឋាភិបាល មិនអនុញ្ញាតឱ្យវិស័យឯកជនចូលរួមបណ្តុះបណ្តាលធនធានមនុស្ស យើងមិនទាន់និយាយពីថ្នាក់មត្តេយ្យ/បឋមសិក្សា និងមធ្យមសិក្សាទេ យើងនិយាយពីថ្នាក់ឧត្តមសិក្សា ដែលថាយុវជន(យុវនារី) ដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិក្នុងមួយឆ្នាំ មានរហូតទៅដល់ជិត ៨ ម៉ឺននាក់ អញ្ចឹង តើសាកលវិទ្យាល័យរបស់រដ្ឋអាចស្រូបយកបានប៉ុន្មាន? អញ្ចឹង យុវជន(យុវនារី) ដែលជាប់មធ្យមសិក្សាទុតិយភូមិហើយ តើឱ្យពួកគេទៅណា? នោះហើយជាបញ្ហា។

យកសាលាចិញ្ចឹមសាលា ជាការដាក់ចេញនូវគោលនយោបាយសមស្របមួយ

ទន្ទឹមនឹងការដាក់ចេញឱ្យវិស័យឯកជនចូលរួម ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្រិតឧត្តមសិក្សា យើងក៏បានផ្តល់ឱកាសឱ្យសាកលវិទ្យាមួយចំនួនផ្សេងទៀត ប្រើប្រាស់នូវអគារមួយផ្នែក ដើម្បីរៀន(ដោយ) អាហារូបករណ៍ និងមួយផ្នែកទៀតរៀនដោយមានការបង់ថ្លៃ។ ខ្ញុំព្រះករុណាខ្ញុំ នៅចាំថា យើងប្រើប្រាស់សាកលវិទ្យាល័យ ជាតិគ្រប់គ្រង ដែលមុននោះហៅថា វិទ្យាស្ថាន ជាតិគ្រប់គ្រង ចំណុះឱ្យសាកលវិទ្យាល័យ ភ្នំពេញ ដែលក្រោយមកយើងបង្កើតទៅជាសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ដែលជាការបង្កើតមុនគេ។ ឥឡូវ សាកលវិទ្យាល័យរបស់រដ្ឋមានមួយផ្នែក គឺរៀនដោយអាហារូបករណ៍របស់រដ្ឋ និងមួយផ្នែកទៀតរៀនដោយមានការបង់ប្រាក់។

យើងយកសាលាចិញ្ចឹមសាលា ធ្វើយ៉ាងនេះរដ្ឋមិនត្រឹមតែពិបាកទ្រទ្រង់ ក្នុងការនៅក្នុងការចំណាយរបស់សាកលវិទ្យាល័យទេ ក៏ប៉ុន្តែ សាកលវិទ្យាល័យនោះ បានដោះស្រាយប្រាក់បៀវត្សរ៍បន្ថែម សម្រាប់សាស្ត្រាចារ្យ និងអ្នកធ្វើការនៅទីនោះ បន្ថែមទៅដោយសាកលវិទ្យាល័យមួយចំនួនមានប្រាក់ ដើម្បីសាងសង់បន្ថែម នូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាលានោះថែមទៀតផង។ ចំណុចទាំងអស់នេះ គឺជាចំណុចដែលយើងដាក់ចេញ នូវគោលនយោបាយសមស្របមួយ សម្រាប់បង្កើតឱ្យមានចលនាជាតិមួយនៅក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស។ ជាចំណុចល្អ ដែលយើងបានដកស្រង់នូវបទពិសោធន៍រួចមកហើយ។ បើនិយាយពីនិស្សិត ដែលចូលរៀន អាចចាត់ទុកថា ជាផ្នែកនៃការចូលរួមរបស់វិស័យឯកជនដែរ ព្រោះគេបានបង់ប្រាក់ ដើម្បីទទួលបាន នូវការចេះដឹងរបស់ពួកគេ …។

បើពុំធ្វើសេរីភាវូបនីយកម្មវិស័យអប់រំ ការបណ្តុះបណ្តាលធនធានមនុស្សនឹងនៅមានកម្រិត

បើសិនជាពុំមានគោលនយោបាយបើកជំហរបែបនេះទេ ក្នុងការធ្វើសេរីភាវូបនីយកម្មទៅលើវិស័យអប់រំ អនុញ្ញាតឱ្យវិស័យអប់រំចូលរួម ប្រហែលជាល្បឿន នៃការបណ្តុះបណ្តាលធនធានមនុស្សរបស់យើង គឺមានកម្រិត។ បើនិយាយជាបរិមាណវិញ គឺអាចចាត់ទុកថា គឺច្រើនមែនទែន បើប្រៀបធៀបជាមួយសាកលវិទ្យាល័យឯកជននានា ទទួលបណ្តុះបណ្តាលនិស្សិត ដែលបានបញ្ចេញទៅធ្វើការរួចទៅហើយ នឹងកំពុងបន្ត។ សមត្ថភាពរបស់រដ្ឋមិនគ្រប់គ្រាន់ទេ ហើយនៅលើពិភពលោកមានប្រទេសជាច្រើន ដែលគេអនុវត្តន៍ដូចយើង ហើយគេអនុវត្តន៍មុនយើង។ ប៉ុន្តែ ក៏មានប្រទេសខ្លះក៏មិនទាន់មានការអនុញ្ញាតឱ្យវិស័យឯកជនចូលរួមក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែរ …។

កម្ពុជាទទួលបានមេដាយទាំងមាស/ប្រាក់/សំរឹទ្ធ សរុប ៤៦ គ្រឿង​ ពីការប្រកួតស៊ីហ្គេមលើកទី ៣០  

ខ្ញុំព្រះករុណាខ្ញុំ សូមយកថ្ងៃនេះ ដើម្បីនិយាយបន្តិច បន្ទាប់ពីកោតសរសើរជាមួយនឹងវឌ្ឍភាព នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ដែលឯកឧត្តម ស្តើង សុខុម បានធ្វើរបាយការណ៍ នឹងការឃើញជាក់ស្តែងនៅទីនេះ ជាមួយនឹងការកោតសរសើរ​ និងស្វាគមន៍ ចំពោះជ័យលាភី ដែលទទួលបានសញ្ញាបត្រនៅថ្ងៃនេះ នឹងជម្រុញឱ្យមានការខិតខំបន្ត។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ យកចំណុចមួយចំនួន ដើម្បីមកនិយាយនៅទីនេះ។ ដំបូងយើងគួរតែផ្តាំផ្ញើទៅដល់កីឡាករ/ការិនីរបស់យើង ដែលបានប្រកួតប្រកប​ដោយជោគជ័យនៅ(ឯ)ស៊ីហ្គេមលើកទី ៣០​ ដែលនឹងត្រូវបញ្ចប់នៅថ្ងៃនេះ។ លើកនេះអាចចាត់ទុកថា(ជា)រយៈពេល ដែលយើងទទួលមេដាយច្រើនបំផុតរហូតទៅដល់ ៤៦ គ្រឿង ទាំងមាស/ប្រាក់ នឹងទាំងសំរិទ្ធ។

សុំក្មួយ កែវ សុខផេង កុំបាក់ទឹកចិត្ត

ម្សិលមិញខ្ញុំចូលទៅផេក ឬក៏ហ្វេសប៊ុករបស់ក្មួយ កែវ សុខផេង ព្រោះថ្មីៗនេះ សុខផេង បានបង្ហោះក្នុងហ្វេសប៊ុក របស់ខ្លួនថា “អ្វីៗជាកំហុសរបស់ខ្ញុំ”។ អញ្ចឹង ខ្ញុំចង់ចូលទៅក្នុងហ្វេសប៊ុកហ្នឹង ដើម្បីទៅខម្មិនថា កុំឱ្យធ្លាក់ទឹកចិត្តឱ្យសោះ។ ជាប្រវត្តិសាស្ត្រហើយ ដែលកម្ពុជាបានឆ្លងចូលមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត និងផ្តាច់ព្រ័ត្រពីម្សិលមិញ ហើយអ្នកដែលនាំទៅដល់វគ្គបាល់ពិន័យនេះ ក៏បង្កើតព្រឹត្តិការណ៍ដោយ កែវ សុខផេង ដែរ។ មួយគ្រាប់នេះ គឺជាមួយគ្រាប់អស្ចារ្យណាស់ នៅពេលដែលទាត់បាល់ហ្វ្រីឃីក គឺហ្គោនខាងនោះរង់ចាំ(ចាប់)នៅខាងនោះទេ ប៉ុន្តែ (កែវ សុខផេង)នេះ ទាត់មកអាមុំ ៩០ … យើងពិនិត្យមើល មិនមែនគ្រាន់តែ កែវ សុខផេង ទាត់មិនចូលទេ។ នៅចាំទេ សេ្តចបាល់របស់អង់គ្លេស David Beckham មិនមែន(ត្រឹម)ត្រូវបង្គោល(ហ្គោន)ទេ ទាត់ខុសបាល់ធ្លាក់ឯណាឯណោះ។ អ្នកដែលគេចាប់បាល់បាន គេយកទៅលក់ដេញថ្លៃទៀត។ កុំធ្លាក់ទឹកចិត្ត។ ទម្រង់លេងបាល់របស់យើង គឺល្អ។ ទោះបីថាចាញ់ ក៏ចាញ់ដោយអស់ចិត្ត។ បាល់វាមានតែពីរទេដល់កន្លែងហ្នឹង។ ពេលដែលទាត់ជម្រុះមានស្មើ ប៉ុន្តែ ដល់ទាត់ពាក់កណ្តលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ អត់មានស្មើទេ ត្រូវតែឈ្នះ។ បើយើងមិនឈ្នះ គេឈ្នះតែប៉ុណ្ណឹង …។

វិស័យកីឡា នឹងក្លាយជាចរន្តចលនាជាតិមួយដ៏ធំ

ខ្ញុំសប្បាយចិត្តណាស់ ដោយសារតែនៅក្នុងវត្តបទុមនេះ ខាងហង្សមាសរៀបចំជាមួយនឹងសាលាក្រុងដោយដាក់សម្រាប់ការមើលបាល់ទាត់។ ប្រជាជនមើល។ បើទោះបីថា ក្រុមកីឡាខ្លួនប្រកួតចាញ់ក៏ដោយ ក៏ប៉ុន្តែ អ្នកមើលរបស់យើងនៅតែមានការលើកទឹកចិត្ត។ ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា វិស័យកីឡារបស់យើងនឹងក្លាយជាចរន្តចលនាជាតិមួយដ៏ធំ ដើម្បីបង្កើតឱកាស សម្រាប់យើង/សុខភាពប្រជាពលរដ្ឋរបស់យើង ដែលយើងត្រូវចេះកីឡាមួយយ៉ាងតិច សម្រាប់ការហ្វឹកហាត់ឱ្យមានការលេងកីឡា ហើយការលេងកីឡា គឺជាបញ្ហាសុខភាពរបស់ប្រជាជន។

យើងនឹងធ្វើម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ ២០២៣

យើងនៅសល់មួយស៊ីហ្គេមទៀត ដែលធ្វើនៅវៀតណាម(នៅ)ឆ្នាំ ២០២១ ហើយពេលនោះ សមត្ថភាពកីឡារបស់យើងនឹងកើនឡើងថែមទៀត។ បន្ទាប់ទៅបានដល់ឆ្នាំ ២០២៣ យើងធ្វើម្ចាស់ផ្ទះម្តង។ ខ្ញុំសង្ឃឹមថា ឆ្នាំ ២០២៣ ខ្ញុំអត់ទាន់ទៅណាទេ។ ឆ្នាំ ២០២៣ (ស៊ីហ្គេម)ត្រូវធ្វើខែ ឧសភា (រីឯ)ខែ កក្កដា បានបោះឆ្នោត។ អញ្ចឹង ដាច់ខាតវត្តមាន ហ៊ុន សែន ត្រូវប្រកាសបើកស៊ីហ្គេម។ វាច្បាស់អញ្ចឹង។ កុំស្អីឯណា ៩ វិច្ឆិកា ចាប់ ហ៊ុន សែន។ ឥឡូវដល់ ១១ ធ្នូ ហើយនៅឯណេះ។ បើថាក្បាលឯងមិនមែនដែកទេ កុំមកធ្វើសារនយោបាយ។ ខ្ញុំចង់និយាយពីបញ្ហាស៊ីហ្គេមនេះ ហើយការប្រកួតនោះ បើទោះបីថា មេដាយមាសតិច ឬច្រើនអីយ៉ាងម៉េច គឺជាការប្រកួតមួយ។​ លើកនេះយើងដាក់អ្នកទៅចូលរួមច្រើន រាប់ទាំងមន្ត្រីដែលទៅសិក្សាពីគេ ដើម្បីយើងធ្វើស៊ីហ្គេមខ្លួនឯង …។

ខ្ញុំបានបញ្ជាក់ហើយ មូលហេតុមុននេះ ដែលយើងមិនធ្វើស៊ីហ្គេម ខ្ញុំបានប្រាប់ទៅប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានថា សូមឱ្យយោគយល់ដល់កម្ពុជា ខ្ញុំត្រូវការលុយ ដើម្បីធ្វើផ្លូវ/ស្ពាន/ប្រឡាយទឹក/មន្ទីរពេទ្យ/សាលារៀន ដើម្បីការកសាងអ្វីដែលជាតម្រូវការ នៃជីវភាពប្រជាជនសិន ឯស៊ីហ្គេមលើកពេល។ ប្រទេសដទៃគេធ្វើរួចរាល់អស់ហើយ រាប់ទាំងឡាវ ប៉ុន្តែ កម្ពុជាអត់ទេ លើកពេលរហូតដល់ឆ្នាំ ២០២៣។ ទាល់តែយើងមានលទ្ធភាពគ្រប់គ្រាន់ ទើបយើងធ្វើ ព្រោះការធ្វើស៊ីហ្គេមមួយៗត្រូវចំណាយច្រើនណាស់ រាប់ទាំងហេដ្ឋារចនាសម័្ពន្ធ ដើម្បីធ្វើឱ្យគ្រប់គ្រាន់។

ត្រូវបង្កកថវិកាពីឥឡូវ ដើម្បីត្រៀមទុកចាយនៅស៊ីហ្គេមឆ្នាំ ២០២៣

ឥឡូវ សូម្បីតែថវិកាក៏ត្រូវបង្កកតាំងពីឥឡូវដែរ មិនមែនចាំដល់ស៊ីហ្គេមបានចាយទេ។ បង្កកពីឥឡូវ មួយឆ្នាំប៉ុន្មានៗ ដើម្បីត្រៀមទុកដល់ស៊ីហ្គេមយើងចាយ សម្រាប់ការងារនៅពេលនោះ ព្រោះទទួលកីឡាករ/ការិនី ពីប្រទេសគេរាប់ពាន់នាក់ឯណោះ ជាតម្រូវការមួយដ៏ធំ។ យើងនៅមានពេលឆ្លងកាត់មួយស៊ីហ្គេមឆ្នាំ ២០២១ នៅវៀតណាមមួយសាទៀត​ ហើយបានចូលមកដល់យើង។ ពេលនោះ ធនធានមនុស្សក្នុងវិស័យកីឡារបស់យើងក៏នឹងមានការកើន។ មិនដឹងថា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា មានផ្នែកកីឡារបស់ខ្លួនទេ? មានបាល់ទាត់។ ហើយក្នុងបាល់ទាត់នោះ មានចូលជម្រើសជាតិខ្លះទេ? ព្រោះក្រុមជម្រើសជាតិវាមិនមាននៅតែមួយក្រុមទេ​ ជួនកាលវានៅក្រុមនេះ/នោះ រួចហើយបានគេប្រមូលមកចូលក្នុងក្រុមជម្រើសជាតិ។ អញ្ចឹងទេ យើងប្រឹងហ្វឹកហាត់ក្រុមកីឡារបស់យើងឱ្យមានអ្នកខ្លាំងម្នាក់ ឬពីរនាក់ អាចចូលទៅក្នុងក្រុមជម្រើសជាតិហ្នឹងគេទៅ …។

សុំទី ១ សូមប្រជាពលរដ្ឋមានការយោគយល់ចំពោះ កែវ សុខផេង កីឡាមានឈ្នះ និងចាញ់

នេះជាចំណុចទី ១ ដែលសូមផ្តាំផ្ញើ សុំប្រជាពលរដ្ឋរបស់យើងយោគយល់ចំពោះ កែវ សុខផេង ដែលម្សិលមិញនេះទាត់មិនចូល ១ គ្រាប់ ដែលធ្វើឱ្យចាញ់មីយ៉ាន់មា ហើយមិនអាចទទួលបានមេដាយសំរឹទ្ធនោះ។ កីឡា គឺមានតែឈ្នះ ហើយនឹងចាញ់តែប៉ុណ្ណឹង។ ហើយវាជារឿងមួយដ៏អាក្រក់ ដែលខ្ញុំនិយាយសុំការពារដោយត្រង់តែម្តង នៅពេលដែលកីឡាបាល់ទាត់របស់យើងទាត់ចាញ់វៀតណាម បែរជាចោទ កែវ សុខផេង ថាជាកូនរបស់វៀតណាម។ នេះគឺជារឿងអកុសលបំផុត។ នៅពេលដែលទាត់ឈ្នះម៉ាឡេស៊ី គឺថា កែវ សុខផេង ជាវីរៈបុរស។ នៅពេលដែលគេទាត់ចាញ់វៀតណាម ថា កែវ សុខផេង មានម្តាយជាវៀតណាម។ ទោះ​បីម្តាយជាស្អីក៏ដោយ (ក៏ជា)កីឡាករជាតិរបស់យើង។ ខ្ញុំឃើញអត្ថបទរបស់វៀតណាមគេចុះ(ផ្សាយនៅ)មុនការប្រកួតជាមួយកម្ពុជា អ្នកកាសែតខាងវៀតណាមគេសិក្សា អំពីប្រវត្តិរបស់កីឡាករកម្ពុជាម្នាក់ៗ ក្នុងនោះ គេឱ្យប្រុង​ប្រយ័ត្ន កែវ សុខផេង … បានសេចក្តីថា កែវ សុខផេង គឺជាតារាសំខាន់នៅក្នុងក្រុមហ្នឹង …។

ខ្ញុំសុំឱ្យពលរដ្ឋរបស់យើងមេត្តាយោគយល់។ បើទោះបីជាតិសាសន៍ណាក៏ដោយ វាអត់ត្រូវរឿងយកលាបពណ៌ ប្រជាជនខ្លួនឯង។ អារឿងលាបពណ៌ហ្នឹង គឺជាវប្បធម៌របស់ក្រុមប្រឆាំងផ្កាប់មុខ។ និយាយឱ្យអញ្ចឹងតែម្តងទៅ។ ក្រុមហ្នឹង គឺជាក្រុមដែលចង្រៃបំផុត ដែលនាំឱ្យប្រទេសលិចលង់នោះ។ ឱ្យតែចង់ប្រឆាំងអ្នកណា ដូច(ចង់)ទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ចោទសម្តេចព្រះ នរោត្តម សីហនុ ថាចូលដៃជាមួយវៀតណាម គឺរឿងតែប៉ុណ្ណឹង។ ចង់ប្រឆាំងរាជរដ្ឋាភិបាល ហ៊ុន សែន គឺចោទរាជរដ្ឋាភិបាល ហ៊ុន សែន ថាលក់ដី/កាត់ដីឱ្យវៀតណាម …។

“ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី” មិនមែនបន្ទាត់នយោបាយរបស់ ហ៊ុន សែន

បើអញ្ចឹងៗ​ឱ្យនៅជាមួយគ្នាយ៉ាងម៉េច? វាមានតែ “មានឯងអត់អញ មានអញអត់ឯង” វាមានតែប៉ុណ្ណឹង។  នយោបាយ“ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី” មិនមែនជាគោលនយោបាយរបស់ខ្ញុំទេ។“មានឯងអត់អញ មានអញអត់ឯង” គឺតាំងពីឆ្នាំ ២០០៣។ អ្នកណាអ្នកដាក់នយោបាយហ្នឹង? “អាមានស៊ីអត់សែន មានសែនអត់ស៊ី”។ ឥឡូវ ជាក់ស្តែងមានតែ “សែន” ទេ វាអត់មាន “ស៊ី” … ខ្ញុំចង់គូសបញ្ជាក់ថា មិនមែនបន្ទាត់នយោបាយរបស់ ហ៊ុន សែន ទេ។ តែ(វាជា)បន្ទាត់នយោបាយរបស់អ្នកដទៃ។ ខ្ញុំមិនអាចឱ្យអ្នកឯងសម្លាប់ខ្ញុំបានទេ (ហើយ)ខ្ញុំក៏មិនអាចឱ្យអ្នកឯងធ្វើអ្វីខ្ញុំបានដែរ។ តាំងពីឆ្នាំ ២០០៣ ប្រ​កាស​ចេញមកអញ្ចឹងៗ បានសេចក្តីថា “មានឯងអត់អញ មានអញអត់ឯង” (វា)មិនមែនជានយោបាយរបស់ ហ៊ុន សែន ជានយោបាយរបស់អ្នកដទៃ។

អ្នកការទូតប្រទេសខ្លះ មិនថ្កោលទោសសារនយោបាយហិង្សា បែរជាទម្លាក់កំហុសលើរាជរដ្ឋាភិបាល

… ហើយ(មាន)សារនយោបាយហិង្សា(ក្នុង)រយៈពេលកន្លងទៅ(ដែល) ខ្ញុំប្រាប់ពួកអ្នកការទូតមួយចំនួន ដែលជួបជាមួយខ្ញុំថា ពួកអ្នកឯងអត់មានថ្កោលទោសសារនយោបាយហិង្សា ដែលចេញមកទេ សូម្បីតែអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (លោកស្រី) Rhona Smith ក៏បានចេញមកព្រមានសារហិង្សានយោបាយបែបនេះ។ អ្នកការទូតប្រទេសខ្លះ បែរជាខិតខំទម្លាក់កំហុសឱ្យរាជរដ្ឋាភិបាល លើការចាប់ខ្លួនក្រុមឧទ្ទាម។ គេអត់បានគិតថា តើក្រុមឧទ្ទាមនេះកំពុងធ្វើអី? មេឧទ្ទាមប្រកាសឱ្យធ្វើអី? យើងត្រូវតែចាប់(ខ្លួន) …។

លាបពណ៌គ្នា ពេលទាត់ឈ្នះម៉ាឡេស៊ី កែវ សុខផេង ទៅជាវីរៈបុរស ទាត់ចាញ់វៀតណាមទៅជា កែវ សុខផេង លក់ក្បាលឱ្យវៀតណាម។ ជាកូនវៀតណាម។ សូម្បីតែប៉ុណ្ណឹងយើងឃើញក្រយៅមនុស្សវាយ៉ាងម៉េច? តើជាតិរបស់យើងវាបានសុខទេ? បើអានេះជាខ្ញុំអាមេរិក/ខ្ញុំចិន/ខ្ញុំវៀតណាម/ខ្ញុំបារាំង ហើយអញ្ចឹងជាតិសាសន៍របស់យើងវាទៅជាស្អី? ខ្ញុំព្រះករុណាខ្ញុំ លើកឡើងគ្រាន់តែវិស័យកីឡា មិនទាន់ដល់វិស័យនយោបាយ។ វិស័យនយោបាយ ចេញសារមក គឺហិង្សាតែម្តង។ បំបែកបំបាក់ជាតិសាសន៍ រួចហើយតាំងថា មិនយកខ្មែរណាធ្វើជាសត្រូវ។ ទីចុងបំផុត គឺគំនុំចងពៀរ សឹងតែថាចង់លោតមកស៊ីសាច់យើង។ ដោយសារតែអាក្រក់អញ្ចឹងហើយ បានវាមិនដែរឈ្នះ ហើយអ្នកឯងបន្តចាញ់បន្តទៀត …។

សុំទី ២ សូមប្រជាកសិករថែទាំទឹក កាត់បន្ថយការធ្វើស្រែប្រាំងច្រើនដង

ចំណុចទី ២ ដែលខ្ញុំព្រះករុណាខ្ញុំចង់និយាយ គឺការអំពាវនាវ បន្ទាប់ពីការចេញសារាចរមួយរបស់ ខ្ញុំព្រះករុណាខ្ញុំ ជូនចំពោះប្រជាកសិករ អំពីការថែទាំទឹក និងការកាត់បន្ថយការធ្វើស្រែប្រាំងបន្ថែមទៀត។ យើងបានឃើញពីការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេស … ចាត់ទុកថា ជាប្រទេសដែលមានសំណាងជាងគេហើយ បើប្រៀបធៀបជាមួយថៃ/ឡាវ និងជាមួយប្រទេសក្នុងតំបន់។ ប៉ុន្តែ ពិនិត្យមើលស្ថានភាពទឹកទន្លេមេគង្គកម្រទាបបែបនេះណាស់។ ឆ្នាំនេះ ទឹកទន្លេមេគង្គហក់ឡើងខ្ពស់លើស ២ ម៉ែត្រ នៅឯស្ទឹងត្រែងលើសកម្រិតប្រកាសអាសន្ន។ ក្រចេះក៏លើស។ កំពង់ចាមក៏លើស។ ក៏ប៉ុន្តែ បែរជាមកខាងក្រោម គឺទឹកទាប។ ដោយសារទឹកនេះ វាត្រូវការបំពេញទៅឱ្យបឹងបួរទាំងឡាយនៅឯខេត្តស្ទឹងត្រែង នៅខេត្តក្រចេះ និងខេត្តកំ​ពង់ចាម បានធ្វើឱ្យទឹកនៅទីក្រុងភ្នំពេញកើនមិនដល់ ១០ ម៉ែត្រទេ ដូចជា ៩.៧០ ម៉ែត្រប្លាយ តែប៉ុណ្ណឹង។

តាមធម្មតាទឹកជំនន់លើកទី ១ មានជំនន់លើកទី ២ ប៉ុន្តែ ឆ្នាំនេះ ជំនន់មានតែមួយលើក រួចហើយធ្លាក់ទៅវិញធ្លាក់រហូត។ ពេលដែលយើង(ធ្វើ)បុណ្យអុំទូក គឺទឹកនៅក្រោម ៤ ម៉ែត្រ ដែលជាទឹកមួយទាបពិបាកនឹងអុំ។ ប៉ុន្តែ យើងក៏ជម្នះនូវការអុំទូក។ ឥឡូវនេះ ទឹកកាន់តែធ្លាក់ … សភាពការណ៍នេះ វានឹងអាចនាំមកនូវផលប៉ះពាល់ ហើយ(អ្នក)ប៉ះពាល់ដំបូង គឺប្រទេសវៀតណាម។ ឆ្នាំ ២០១៦ វៀតណាមជួប(នេះ)ម្ដង(ដែរ) ពេលនោះ ទឹកទន្លេមេគង្គទាបអញ្ចឹងដែរ។ ដោយសារតែទឹកទន្លេមេគង្គទាប ទឹកសមុទ្រហូរចូលមកទន្លេនៅក្នុងប្រទេសវៀតណាម។ យើងមិនត្រូវភ្លេចខ្លួនថា បើសិនជាទឹកធ្លាក់កាន់តែទាប មិនត្រឹមតែនៅវៀតណាមទេ អាចទឹកសមុទ្រឡើងមកដល់អ្នកលឿងក៏ថាបានដែរ ឆ្លងដែនពីវៀតណាមមកត្រឹមអ្នកលឿង ព្រោះទឹកអត់មានស្គាល់ព្រំដែនទេ។

នេះជាបញ្ហាដែលយើងត្រូវគិតគូរដែរ ព្រោះនៅពេលស្ថានភាពដូចឆ្នាំ ២០១៦ កើតឡើង យើងត្រូវតែបង្ការព្រោះទឹកសមុទ្រចូលមកដល់វៀតណាម ឆ្លងផុតវៀតណាមចូលមកដល់ស្រុកខ្មែរ តែយើងមានវិធានការដោះស្រាយ សម្រាប់ទឹកខេត្តកណ្ដាល និងទឹកសម្រាប់អ្នកខេត្តព្រៃវែង។ ខេត្តកណ្ដាលមានស្រុកលើកដែក ព្រៃវែងមានស្រុកពាមជរ នៅតាមទន្លេហ្នឹងដោះស្រាយយ៉ាងម៉េច? ធ្លាប់តែប្រើទឹកទន្លេសាប ប៉ុន្តែ បែរជាទឹកប្រៃងាប់ទាំងត្រីទៀត។ ប៉ុន្តែ អ្វីដែលសំខាន់ ទឹកដែលនៅតាមបឹងបួ និងតាមប្រឡាយ។ ត្រពាំងក៏ត្រូវតែសន្សំសំចៃ។ អំពាវនាវ ចំពោះប្រជាពលរដ្ឋ ធ្វើស្រែប្រាំងតែម្ដងបានហើយ។ ឯលើកទី ២ គួដាំដំណាំអ្វីផ្សេង ដែលប្រើប្រាស់ទឹកតិចជាង។ ប្រជាពលរដ្ឋរបស់យើងគាត់ឧស្សាហ៍ណាស់ ធ្វើស្រែប្រាំងរួច ហើយច្រូតកាត់ហើយ (គាត់)ធ្វើម្ដងទៀត។ លើកទី ២ ជាបញ្ហាត្រូវអន្តរាគមន៍ យ៉ាងហោចត្រូវអស់(ទឹក) ១២ ០០០ ម៉ែត្រគូប ទើបបានស្រូវមួយហិកតា។ បើអញ្ចឹងទេ យកលុយថ្លៃបូមប្រេងដាក់ស្រូវនេះ យកទៅវាចំណេញជាង។

អាកាសធាតុចុះត្រជាក់ ជាការចំណេញខាងសេដ្ឋកិច្ចមួយខ្ពស់

ក្នុងប៉ុន្មានថ្ងៃនេះ ក៏វាឱកាសល្អដែរ ឆ្នាំទៅស្ទើរតែគ្មានខែរងា ហើយឆ្នាំនេះ តាមការព្យាករ ខែរងាមានរយៈពេលវែង អាចទៅដល់ខែ មករា។ បើអញ្ចឹងល្អណាស់។ ទី (១) ទឹកវាមិនហួតហែងខ្លាំងពេក។ ទី (២)  ចំ​ណេញអគ្គិសនីខ្លាំងណាស់។ នេះជាការចំណេញខាងសេដ្ឋកិច្ចមួយខ្ពស់។ នៅពេលដែលធាតុអាកាសត្រ​ជាក់បែបនេះ ចំណេញក្នុងមួយថ្ងៃប្រហែលជារាប់លានដុល្លារ។ បើថាពេញមួយខែត្រជាក់ អាចនិយាយថា មួយខែចំណេញរាប់សិបលានក៏ថាបានដែរ ព្រោះកាលណាធាតុអាកាសត្រជាក់ មានអ្នកណាបើម៉ាស៊ីនត្រជាក់? ខ្ញុំក៏អត់បើម៉ាស៊ីនត្រជាក់ដែរ។ ដល់អញ្ចឹងកាត់បន្ថយការប្រើអគ្គិសនី។ គ្រួសារនីមួយៗក៏សន្សំសំចៃបាន តាមរយៈការប្រើប្រាស់ភ្លើងតិច។ ឯរដ្ឋដែលធ្លាប់តែទិញភ្លើងចូល ដើម្បីផ្គត់ផ្គង់ទៅឱ្យប្រជាពល​រដ្ឋប្រើប្រាស់ ត្រូវកាត់បន្ថយដូចគ្នា។ អញ្ជឹង យើងបន់ឱ្យរងាថែមបន្តិចទៀតវាមិនអីទេ។ ត្រជាក់វាមិនដល់កម្រិតធ្លាក់ទឹកកកទេ ក៏ប៉ុន្តែ យើងក៏មានបាតុភាពដែលកើតឡើង កន្លងទៅរញ្ជួយផែនដីដែលនៅចន្លោះឡាវ និងថៃ។ តើនៅកម្ពុជាអាចមានលទ្ធភាពរញ្ជួយផែនដីឬអត់? យើងត្រូវសិក្សាមើលដែរ។ ខ្ញុំព្រះករុណាខ្ញុំ វិលមកវិញទាក់ទងរឿងទឹក (ត្រូវ)សន្សំសំចៃ ដើម្បីធានាថា ទឹកត្រូវមានប្រសិទ្ធភាព បម្រើឱ្យជីវភាពប្រជាជន និងកុំឱ្យលំបាកអន្តរាគមន៍ដោយសារតែការធ្វើរបស់យើង។ យើងអាចផ្ទេរពីការធ្វើស្រូវទៅជាបន្លែបង្ការ ឬដំណាំដាំដុះដទៃទៀត ដែលប្រើប្រាស់ទឹកតិចជាង។ ជាការអំពាវនាវ ចំពោះប្រជាពលរដ្ឋរបស់យើង។

រាជរដ្ឋាភិបាលបញ្ចេញថវិកា ៥០ លានដុល្លារ ជួយទិញស្រូវកសិករ

សូមយកឱកាសនេះ អំពាវនាវចំពោះម៉ាស៊ីនកិនស្រូវទាំងអស់ ដែលទទួលទិញស្រូវពីប្រជាពលរដ្ឋ មេត្តាកុំទម្លាក់ថ្លៃស្រូវរបស់ប្រជាជន ក្នុងពេលដែលគាត់កំពុងច្រូតកាត់។ យើងយល់អំពីក្រឹត្យក្រម នៃសេដ្ឋកិច្ច។  មានតម្រូវការច្រើន ផ្គត់ផ្គង់តិចវាឡើងថ្លៃ។ មានតម្រូវការតិច ប៉ុន្តែ មានការផ្គត់ផ្គង់ច្រើន វាចុះថ្លៃ។ ប៉ុន្តែ ខ្ញុំសុំអំពាវនាវ ចំពោះម៉ាស៊ីកិនស្រូវ ដែលទទួលទិញស្រូវពីកសិករ សុំកុំបង្អាប់ស្រូវរបស់កសិករ។ រាជរដ្ឋាភិបាល បានបញ្ចេញថវិការ ចំនួន ៥០ លានដុល្លារ ដើម្បីជួយទិញស្រូវ។ សូមអស់លោកយល់ មិនមែនយក ៥០ លានដុល្លារ ទៅច្របាច់កប្រជាជន (និង/ឬ)បង្អាប់ទម្លាក់ថ្លៃនោះទេ។ ខ្ញុំសុំឱ្យក្រសួងពាណិជ្ជកម្ម (និង)ក្រសួងសេដ្ឋកិច្ច (និង)ហិរញ្ញវត្ថុ ត្រួតពិនិត្យមើលបញ្ហានេះ តាមដែលអាចធ្វើទៅកើត។

ស្រូវឥឡូវកំពុងតែពេញហើយ។ ស្រូវវស្សាកំពុងតែច្រូតកាត់ ស្រូវប្រាំងក៏ច្រូតកាត់​មានចំនួនច្រើន។ ក៏ប៉ុន្តែ ថ្លៃស្រូវក៏បានធ្លាក់ចុះ។ សុំឱ្យបណ្ដាម៉ាស៊ីនកិនស្រូវទទួលការទិញស្រូវដោយតម្លៃសមរម្យ កុំទម្លាក់ថ្លៃជ្រុលធ្វើឱ្យប្រជាកសិកររបស់យើងជួបការលំបាក។ យើងយល់អំពីទីផ្សារ មិនមែនមានកម្ពុជាមួយទេ ដែលផលិតស្រូវនោះ ផលិតនៅវៀតណាម/ថៃធំជាងយើងឆ្ងាយ។ នៅមីយ៉ានម៉ាក៏មានចំនួនច្រើនដែរ។ ពិតមែនហើយ ឆ្នាំនេះទិន្នផលស្រូវរបស់យើងមានការកើន (ដោយមានដល់ទៅ)ប្រមាណជាង ៣ តោន/ហិកតា យោងទៅលើស្ថិតិ នៃការច្រូតកាត់កន្លងទៅ។ ប៉ុន្តែ អ្វីដែលសំខាន់ គឺទាក់ទងជាមួយតម្លៃស្រូវ ដែលសុំឱ្យយកចិត្តទុកដាក់ទៅលើបញ្ហានេះ។ ម៉ាស៊ីនកិនស្រូវទាំងអស់សុទ្ធតែចងក្រងជាក្រុម ដែលហៅថា សហព័ន្ធស្រូវ-អង្ករ ហើយសភាពាណិជ្ជកម្ម ក៏ត្រូវតែពិនិត្យមើលរឿងនេះ។ ក្រសួងពាណិជ្ជកម្ម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម ក៏ត្រូវពិនិត្យមើលអំពីបញ្ហានេះ ដើម្បីចៀសវាងការជន់ស្រូវរបស់ប្រជាពលរដ្ឋច្រើន (ក្លាយជានាំគ្នា)ទៅទម្លាក់ថ្លៃ ដែលជារឿងមួយមិនគប្បីទេ។

កម្ពុជាមានទីផ្សារខាងក្រៅកាន់តែច្រើនក្នុងការនាំចេញ

យើងមានទីផ្សារទៅខាងក្រៅក៏កាន់តែច្រើនដែរ … ដូចជា ៦០ ប្រទេស ដែលយើងនាំចេញ រាប់ទាំងសហភាពអឺរ៉ុប ដែលពីមុនគេវាយពន្ធ។ វាយពន្ធហ្នឹងមិនមែនគេដាក់ទណ្ឌកម្មយើង EBA ហ្នឹងទេ។ ខ្ញុំមិនខ្វល់ ចង់ធ្វើអីធ្វើទៅ។ អ្នកបញ្ជូនសារ(ពីរឿង)ចេះរួចខ្លួន។ ឆ្លងព្រំដែនរួចហើយ បានបង្ហោះ។ វាថា ម្ដាយក្មេកខ្ញុំស្លាប់បាត់ទៅហើយ ប៉ុន្តែ រង់ចាំក្រោយថ្ងៃទី ១២ ដែលជាថ្ងៃយើងដាក់របាយការណ៍ទៅសហភាពអឺរ៉ុប។ វាប្រមាថម្ដាយក្មេកខ្ញុំថា ស្លាប់រួចទៅហើយ ប៉ុន្តែ ខ្ញុំលាក់ … ឯង(នោះ)គ្រាន់តែនៅក្រៅឃុំបណ្ដោះអាសន្នទេ។ ចេញពីកន្លែងហ្នឹង បង្ហោះហ្វេសប៊ុក​ប្រមាថជីវិតម្ដាយក្មេករបស់ខ្ញុំ។ បានជារត់ៗឱ្យឆ្ងាយ។ រត់ជិតមិនបានទេ។ នៅជិតខាងអ្នកឯងក៏ត្រូវដឹងថា ពលករដែលធ្វើការជាមួយអ្នកឯង តើអ្នកណាគាំទ្រអ្នកឯងទាំងអស់? ពលករគេអាចចាប់ខ្លួនអ្នកឯងបញ្ជូនមកឱ្យ(រាជ)រដ្ឋាភិបាល។

អង្ករកម្ពុជានាំចូលទៅអឺរ៉ុបដោយបង់ពន្ធ

ឥឡូវ ខ្ញុំនិយាយពីបញ្ហាអង្ករ​ ដោយសារអង្ករអេស្ប៉ាញ និងអ៊ីតាលី លក់មិនដាច់ ដល់លក់មិនដាច់អញ្ចឹង ត្រូវដាក់ពន្ធលើអង្ករកម្ពុជា និងមីយ៉ាន់មា។ ខ្ញុំព្រះករុណាខ្ញុំ គិតស្មានថា​ បន្ទាប់ពីគេវាយពន្ធហើយ អង្ករយើងលែងចូលទីផ្សារអឺរ៉ុបបាន ស្រាប់តែគេ(ធ្វើ)របាយការណ៍ទៅ(ឱ្យខ្ញុំ) ក្នុងចំណោម ២៨ ប្រទេសរបស់អឺរ៉ុប ២៣ ប្រទេស ខ្មែរយើងនៅតែនាំចូលបានទៅដដែល។ កាលពីគេមិនឱ្យបង់ពន្ធ ក៏នាំចូលបាន (ដល់ពេល)គេឱ្យបង់ពន្ធ នៅតែនាំចូលបានដូចតែគ្នា។ ​អញ្ចឹងទេ ឱ្យយើងមានវប្បធម៌បង់ពន្ធតែម្ដងទៅ។ អាហ្នឹង គឺជារឿងទាក់ទងនឹងអង្ករ។ អញ្ចឹង អស់លោកអ្នកដែលទិញស្រូវពីប្រជាពលរដ្ឋ ហើយកិនលក់លើទីផ្សារ កិនលក់ដើម្បីការនាំចេញ គឺមិនត្រូវធ្វើសកម្មភាពណាមួយទាក់ទងនឹងការបង្អាប់ថ្លៃ​ស្រូវរបស់ប្រជាពលរដ្ឋ ក្រោយពេលដែលគាត់ច្រូតកាត់នោះទេ។ ត្រូវខិតខំគាំទ្រតម្លៃស្រូវ។ (រាជ)រដ្ឋាភិបាលបញ្ចេញទុន ៥០ លានដុល្លារ មិនតូចទេ។ ហើយសមត្ថភាពម៉ាស៊ីនកិនស្រូវ និងកន្លែងស្តុក ក៏មានចំនួនច្រើនជាងពេលមុន ដែលយើងគម្បីត្រូវកិច្ចធ្វើការងារនេះឱ្យបានល្អ។

បញ្ចេញថវិកា ១០០ លានដុល្លារ បង្កើតធនាគារសហគ្រាសធុនតូច/មធ្យម

ជាមួយគ្នានេះដែរ បីបួនថ្ងៃមុននេះ ខ្ញុំព្រះករុណាខ្ញុំ ចុះហត្ថលេខាបញ្ចេញថវិកាជាង ១០០ ពាន់លាន(រៀល) ស្មើនឹង ១០០ លានដុល្លារ ដើម្បីបង្កើតធនាគារសហគ្រាសធុនតូច/មធ្យម។ រឿងម៉ាស៊ីនកិនស្រូវនេះ ជារឿងសហគ្រាសធនតូច និងមធ្យមដែរ។ អញ្ចឹងទេ វាក៏ជាផ្នែកដែលយើងត្រូវមើលឱ្យឃើញ។ បណ្ដាញវិស័យឯកជនក៏ត្រូវតែចូលរួម ដើម្បីកសិករ និងកសិផលដ៏ទៀតរបស់ប្រជាពលរដ្ឋរបស់យើង។ នេះទាក់ទងជាមួយនឹងបញ្ហាការបង្កបង្កើនផល ធាតុអាកាស ក៏ដូចជា បញ្ហាតម្លៃស្រូវ។

មន្ទីរពេទ្យកាល់ម៉ែត ជាសហគ្រាសសាធារណៈ ពីចុងទសវត្សរ៍ ៩០

ឯមួយទៀត ខ្ញុំព្រះករុណាខ្ញុំ បញ្ជាក់បន្តិច អំពីបញ្ហាមន្ទីរពេទ្យកាល់ម៉ែត។ នេះគ្រាន់តែជាការពន្យល់ ចំពោះប្រជាពលរដ្ឋរបស់យើង ដើម្បីឱ្យបានយល់ អំពីសហគ្រាសសាធារណៈ។ មន្ទីរពេទ្យកាល់ម៉ែត បានធ្វើជាសហគ្រាសសាធារណៈតាំងពីចុងទសវត្សរ៍ ៩០ បានសេចក្ដីថា ក្នុងកម្រិតប្រហែលជាឆ្នាំ ១៩៩៩។  មន្ទីរពេទ្យកាល់ម៉ែត បានដើរតួជាមជ្ឈមណ្ឌល នៃការពិនិត្យ និងព្យាបាលជំងឺមានពហុឯកទេស។ វះខួរក្បាល/បេះដូង ក៏វះនៅទីហ្នឹង។ ឡាស៊ែរបាញ់ សម្រាប់ជំងឺមហារីក ឬក៏ផ្នែកផ្សេងៗ ក៏ធ្វើនៅកន្លែងហ្នឹង។ ពហុបច្ចេកទេស។ ឥឡូវនេះ ម្តាយក្មេករបស់ខ្ញុំ អាចថា ជីវិតរបស់គាត់ត្រូវបានពន្យារដោយគ្រឿងម៉ាស៊ីនទាំងអស់ ព្រោះគាត់ព្រះជន្ម ៩៥ (ឈាន)ចូល ៩៦ ទៅហើយ ក៏មិនអាចវិលត្រឡប់មកវិញបានទេ … អ្នកផ្ទះបានត្រៀមខ្លួន យកទាំងចិនសែរ យកទាំងស្អីទៅមើលបាត់ទៅហើយៗគិតគូរតាំងពីពេលវេលាហែរចេញពីភ្នំពេញ … សង្ឃឹមថា ម្ដាយក្មេកខ្ញុំនឹងនៅជាមួយកូនចៅរយៈពេលវែងតទៅទៀត។ ចេញពីនឹងខ្ញុំត្រូវចេញទៅមើលគាត់ទៀត។

ខ្ញុំព្រះករុណាខ្ញុំ ក៏មិនទាន់ចេញទៅក្រៅប្រទេសបានដែរ អាចនៅក្នុងប្រទេស (និង/ឬ)ទៅតាមខេត្តអីខ្លះបាន ហើយធ្វើកម្មវិធីបាន ព្រោះមិនអាចចោលម្ដាយបានទេ។ មានអាមួយនោះចូលមកខម្មិនថា យើងបោះបង់ចោលការងារដ្ឋ ដើម្បីមកមើលម្ដាយ។ ប៉ុន្តែ យើងចង់សួរត្រឡប់ទៅវិញ បើសូម្បីម្ដាយអ្នកឯងៗមិនគិតផង សួរថា អ្នកឯងស្រលាញ់ប្រជាជនរបៀបម៉េចទៅ? ប្រជាជនអាចដាក់ចេញជាសំណួរ ម៉ែវាៗមិនគិតផង រឿងអីអញមិនជាប់សាច់ញាតិផងវាមកគិតដល់អញ? ដូច ព្រហ្ម ម៉ាញ ថាអញ្ចឹង ខ្លាចប្រពន្ធ ព្រោះអត់ជាប់សាច់ញាតិផង ត្រង់កូនបង្កើតវាវាយសឹងអី ត្រង់អញអត់ជាប់សាច់ញាតិផងរឿងអីវាមិនវាយ? ប៉ុន្តែ យើងលើកជាបញ្ហាអញ្ចេះ ថាយើងស្នេហាជាតិហើយ ត្រូវហើយ ជាតិត្រូវតែស្នេហា។ ប៉ុន្តែ ត្រូវចាប់ផ្ដើមពីគ្រួសារនីមួយៗ (ឬ)ពីមនុស្សម្នាក់ៗ បើអ្នកឯងមិនទាំងស្រលាញ់យកចិត្តទុកដាក់ចំពោះម្ដាយផង តើអ្នកឯងនឹងយកចិត្តទុកដាក់ជាមួយអ្នកដទៃយ៉ាងម៉េច?  …។

ថវិកាសប្បុរសជនជួយមន្ទីរពេទ្យកាល់ម៉ែតបានជាង ៧២ លានដុល្លារ

មន្ទីរពេទ្យកាល់ម៉ែតមកដល់ពេលនេះ ថវិកាដែលសប្បុរសជនចូលបានជាង ៧២ លានដុល្លារ ថវិការដ្ឋត្រូវផ្ដល់ជូន ចំនួន ៣០ លានដុល្លារ ដើម្បីធ្វើអគារមួយ។ អគារហ្នឹងត្រូវ(ធ្វើ)អស់(ថវិកា) ៣៩ លាន ៧ សែន(ដុល្លារ) ប៉ុន្តែ មន្ទីរពេទ្យខ្លួនឯងបានរកថវិកា ៧ លាន(ដុល្លារ) រួចហើយ គឺសង់ ១២ ជាន់ឡើងលើ ២ ជាន់ខាងក្រោម សម្រាប់ដាក់រថយន្តនៅខាងក្រោម។ អគារ(ធ្វើ)អស់មិនដល់ ៤០ លានដុល្លារទេ ដែលរដ្ឋបញ្ចេញថវិកាទៅឱ្យ ហើយមន្ទីរពេទ្យចេញ ៩ លានដុល្លារ ព្រោះមន្ទីរពេទ្យនេះ ជាមន្ទីរពេទ្យសហគ្រាសសាធារណៈ។ ឯយើងរៃអង្គាសបានពីសប្បុរសជន យើងនឹងទិញឧបករណ៍ សម្រាប់ទាំងអគារថ្មីផង និងអគារចាស់ផង។ (សម្តេចតេជោសួរ) ឯកឧត្តម ម៉ម ប៊ុនហេង អគារដែលខ្ញុំទៅសម្ពោធ ឡាស៊ែរបាញ់បំបាត់ជំងឺមហារីក អាហ្នឹងធ្វើបីប្លុក? ប៉ុន្តែ យើងមានលុយទិញតែមួយម៉ាស៊ីនទេ តម្លៃជិត ៤ លានដុល្លារ ហើយទិញបណ្ដាក់គេទៀត។  ឥឡូវនេះ ត្រូវយកលុយដែលរៃអង្គាសបានយកទៅសងគេផ្ដាច់ រួចហើយទិញថែម។ អាចមួយគ្រឿង ឬពីរគ្រឿងទៀត មកដាក់(សម្រាប់ប្រើប្រាស់)។

មន្ទីរពេទ្យគ្រោងបង្កើតប្លុកវះកាត់ ៩ ថែមទៀត និងបន្ទប់សង្គ្រោះបន្ទាន់ ៣០ បន្ទប់

មន្ទីរពេទ្យនេះ ដែលគ្រោងខាងមុខ គ្រាន់តែប្លុកវះកាត់ ៩ ប្លុក បន្ថែមលើអ្វីដែលកំពុងមានសព្វថ្ងៃ។ បន្ទប់សង្គ្រោះបន្ទាន់ គឺ ៣០ បន្ទប់ ហើយបន្ទប់នីមួយៗសុទ្ធតែមានប្រដាប់លាងឈាមទាំងអស់ ប៉ុន្តែ មិនមែនថាទាំងអស់ទេ។ ឥឡូវ បន្ទប់លាងឈាមនៅក្នុងកន្លែងសង្រ្គោះបន្ទាន់យើងមានតែមួយគ្រឿងទេ ហើយនិងចល័ត(បាន)មានមួយគ្រឿងតែប៉ុណ្ណឹងទេ​​។ ប៉ុន្តែ នៅពេលខាងមុខ កន្លែងដែលសង្គ្រោះបន្ទាន់ត្រូវមាន ៣០ បន្ទប់។ ឥឡូវ មានតែ ៨ បន្ទប់ទេ ហើយ ៣០ បន្ទប់ ហោចបំផុតបំពាក់ប្រដាប់លាងឈាម ៥ ដែរ ព្រោះមិនត្រូវបំពាក់ទាំងអស់ទេ ហើយនិងមានចល័ត(បាន)ទៀត។ ដូចជាម្ដាយក្មេករបស់ខ្ញុំនេះ ថ្ងៃណាក៏ត្រូវលាងឈាមឱ្យគាត់ដែរ បើមិនអញ្ចឹងទេ ជាតិពុលនឹងធ្វើឱ្យគាត់បាត់បង់ជីវិតភ្លាម បើមិនមានលាងឈាមទេ។ អញ្ចឹង យើងឃើញស្ថានភាពបែបនេះ។

មនុស្សបីប្រភេទទៅពិនិត្យ/ព្យាបាលនៅសហគ្រាសសាធារណៈដោយមិនបង់ប្រាក់

ខ្ញុំអរគុណណាស់ ចំពោះសប្បុរជន​ដែលបានចូលរួម។ ប៉ុន្តែ ក៏មានអ្នកដែលបានចូល(មកនិយាយ)ថា បើរដ្ឋផ្ដល់លុយអញ្ចឹង ម៉េចក៏ចាំយកលុយពីអ្នកជំងឺ? ខ្ញុំសុំធ្វើការបកស្រាយជូន សម្រាប់ឱ្យប្រជាពលរដ្ឋបានដឹង អំពីសហគ្រាសសាធារណៈ និយាយអោយចំ គឺមន្ទីរពេទ្យកាល់ម៉ែត (ដែល)ទទួលបន្ទុកព្យាបា​ល​មនុស្ស ៤ ប្រភេទ៖ ទី (១) អ្នកក្រីក្រដែលមានប័ណ្ណក្រីក្រ គឺព្យាបាលអត់បង់លុយទេ។ ទី (២) អ្នកដែលកាន់ប័ណ្ណសមធម៌។ ឯទី (៣) អ្នកដែលកាន់ប័ណ្ណបេឡាជាតិសន្ដិសុខសង្គម។ បីប្រភេទហ្នឹង គឺគ្មានការបង់ថ្លៃទេ។ ឯប្រភេទទី (៤) អ្នកដែលមានលទ្ធភាពបង់លុយ … យកមន្ទីរពេទ្យចិញ្ចឹមមន្ទីរពេទ្យ។ យក(លុយ)ពីអ្នកដែលមានលទ្ធភាពបង់ យកទៅជួយដល់អ្នកទាំងបីប្រភេទនោះ។ កន្លងទៅមន្ទីរពេទ្យនេះ កសាងអគារ (និង)ទិញនូវឧបករណ៍ថ្មីៗ … នៅទីនោះ អ្នកក្រីក្រដែលសម្គាល់ដោយប័ណ្ណក្រីក្រ (ឬ)ប័ណ្ណសមធម៌ និងប័ណ្ណបេឡាជាតិសន្ដិសុខសង្គម គឺអត់មានបង់ប្រាក់ទេ។ បង់ប្រាក់តែអ្នកមានលទ្ធភាព។

នៅពេលមន្ទីរពេទ្យកាល់ម៉ែតទៅជាពហុឯកទេស នឹងបញ្ឈប់ការទៅពិនិត្យ/ព្យាបាលនៅខាងក្រៅ

អ្នកមានលទ្ធភាពទៅព្យាបាលនៅវៀតណាម/នៅថៃ/នៅសាំងហ្គាពួរ ប៉ុន្តែ នៅពេលណាដែលមានមន្ទីរពេទ្យនេះរៀបចំសព្វគ្រប់ទៅជាពហុឯកទេស ខ្ញុំកំពុងគិតខ្លួនឯងថា ខ្ញុំបញ្ចប់ការទៅពិនិត្យ និងព្យាបាលនៅខាងក្រៅ។ ខ្ញុំប្រើប្រាស់អ្នកឯកទេសខ្មែរតែម្ដង ព្រោះនៅមន្ទីរពេទ្យកាល់ម៉ែត​មានទីកន្លែងរៀបចំតាំងពីព្រះមហាក្សត្រ តាំងពីឥស្សរជននានា ក៏មាននៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ។ ការថតស្អីៗរបស់ខ្ញុំ(នៅកម្ពុជា) ពេទ្យសាំងហ្គាពួរពឹងពាក់ទៅលើការថត(របស់ពេទ្យខ្មែរ) ដូចយើងត្រូវពិគ្រោះជំងឺរបស់ខ្ញុំអញ្ចឹង។ ដូចរឿងខ្ញុំរពឹសរឿងចង់ធ្វើអ្នកប្រណាំងកង់ ទៅជាមានបញ្ហាស្មា។ ថតនៅកម្ពុជាយើងនេះទេ។ រួចហើយបានបញ្ជូនទៅសាំង​ហ្គាពួរ។ ទាំងពេទ្យខ្មែរ និងពេទ្យសាំងហ្គាពួរថា យកទៅសាំងហ្គាពួរ បានខ្ញុំទៅ។ ដោយសារបចេ្ចកទេសយើងអត់ទាន់គ្រប់។ ពេលណាដែលយើងដាក់សម្ភារៈបចេ្ចកទេសមក គឺអ្នកឯកទេសរបស់យើងនឹងរីកចម្រើនភា្លម។ យើងប្រើប្រាស់ច្រើនតែម៉ាស៊ីនរបស់អាមេរិក។ ហើយខ្ញុំក៏បានប្រាប់ដែរថា ឱ្យទាក់ទងជាមួយនឹងក្រុមហ៊ុន GE ជាក្រុមហ៊ុនដែលផលិតឧបករណ៍ពេទ្យល្អៗ។

សូមមេត្តាយោគយល់ អំពីបញ្ហាអ្នកដែលចូល​មកខម្មិននៅក្នុងហេ្វសប៊ុករបស់ខ្ញុំៗមិនអាចបកស្រាយបាននៅក្នុងហ្នឹងទេ។ ប៉ុន្តែ ខ្ញុំបកស្រាយនៅទីនេះ គឺអ្នកក្រីក្រយើងព្យាបាលដោយអត់យកប្រាក់ទេ ប៉ុន្តែ អ្នកដែលមានលទ្ធភាព គឺយើងយកប្រាក់ ហើយប្រាក់ហ្នឹងយកទៅណា? ប្រាក់ហ្នឹង គឺយកទៅជួយអ្នកក្រីក្រ ដែលមកព្យាបាល។ កាត់បន្ថយការចំណាយរបស់រដ្ឋ។ រដ្ឋសល់ប្រាក់នេះ បញ្ចេញទៅឱ្យមន្ទីរពេទ្យដទៃផ្សេងទៀត ដែលមិនមែនមានតែមន្ទីរពេទ្យកាល់ម៉ែតមួយទេ។ អញ្ចឹង កាល់ម៉ែតត្រូវចិញ្ចឹមខ្លួនឯង រដ្ឋដែលធ្លាប់តែបញ្ចេញលុយទៅឱ្យមន្ទីរពេទ្យកាល់ម៉ែត រដ្ឋមិនបញ្ចេញទៅទៀតទេ ដូចបញ្ចេញជាចរន្តប្រចាំឆ្នាំ ប៉ុន្តែ យើងផ្ទេរលុយនេះទៅកាន់មន្ទីរពេទ្យដទៃ។ នេះហើយជាវិធីដោះស្រាយបញ្ហាមួយដែរ។

កំណើនសេដ្ឋកិច្ចកម្ពុជា ៧,១% ជាមួយនឹងអត្រាអតិផរណាត្រឹមតែ ២,៥%

ថ្ងៃនេះ ខ្ញុំក៏ចង់និយាយទៅដល់បញ្ហាស្ថានការណ៍សេដ្ឋកិច្ចរបស់យើងបន្តិច។ មកដល់ថ្ងៃនេះ ថ្ងៃទី ១១ ធ្នូ ហើយ។ ការវាយតម្លៃនៅចុងខែ វិច្ឆិកា កន្លងទៅនេះ ដោយក្រុមប្រឹក្សាធនាគារជាតិ បូកជាមួយនឹងអ្នកឯកទេសបរទេស កំណើនសេដ្ឋកិច្ចកម្ពុជា ៧,១% នៃកំណើនសេដ្ឋកិច្ចឆ្នាំនេះ ជាមួយនឹងអត្រាអតិផរណាត្រឹមតែ ២,៥% តែប៉ុណ្ណោះ។ យុទ្ធសាស្រ្តរបស់ ហ៊ុន សែន ជានិច្ចកាល គឺមានចំណងពីរ ហៅថា ចុងខ្សែពីរ នៃចំណងមួយ គឺអ្វី? ម្ខាងគ្រប់គ្រងឱ្យបាននូវស្ថិរភាពនយោបាយ និងម្ខាងទៀត គឺគ្រប់គ្រងឱ្យបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច។ ជាមួយកំណើន ៧,១% អត្រាក្រោម ៣% គឺជាសេដ្ឋកិច្ចមួយដ៏ល្អ។ ទោះបីជារដូវទឹកឡើងខ្លាំងលិចតំបន់បង្កបង្កើនផល ក៏មិនធ្វើឱ្យទីផ្សាររបស់យើងរំជើបរំជួល ដោយសារខ្វះនេះ/នោះដែរ។ ពេលបុណ្យទានសំខាន់ៗ ក៏មិនធ្វើឱ្យរំជើបរំជួលដល់ថ្លៃនៅលើទីផ្សារដែរ។ ឥឡូវ អាចអាវរងាឡើងថ្លៃបន្ដិច ព្រោះអ្នកទិញអាវរងាច្រើន វាជាក្រឹតក្រម។ … ពីរហ្នឹងវាឱ្យគ្នាទៅវិញទៅមក …។

សិទ្ធិមនុស្សចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិតមុនគេ

ម្សិលមិញ ខ្ញុំឮគេពិភាក្សាគ្នា អាហ្នឹងជាសិទ្ធិរបស់គេក្នុងការពិចារណាទេ។ គេថា ខាងរាជរដ្ឋាភិបាលសង្កត់ធ្ងន់លើសន្ដិភាព។ ឯម្ខាងទៀត សង្កត់ធ្ងន់លើសិទ្ធិមនុស្ស។ សម្រាប់យើង ទស្សនវិស័យរបស់យើងតាំងពីដើមរហូតដល់ចប់ “គ្មានសន្ដិភាព គឺគ្មានសិទ្ធិមនុស្ស”។ “គ្មានសន្ដិភាព គឺគ្មានអ្វីៗទាំងអស់” គឺអញ្ចឹងតែម្ដង​។ អ្នកឯងមិនអាចមានសិទ្ធិមនុស្សក្រោមគ្រាប់ផ្លោងទេ អ្នកឯងគ្មានសិទ្ធិមនុស្សនៅពេលដែលត្រូវរត់លូន ហើយត្រូវគម្រាមកំហែងដោយសារសង្រ្គាមទេ។ សិទ្ធិមនុស្សចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិតមុនគេ។ អញ្ចឹង គណបក្សប្រជាជនកម្ពុជាបានធ្វើកិច្ចការធំមហាសាល គឺចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិត។ ដោយ​សារតែសិទ្ធិរស់រានមានជីវិតហ្នឹងហើយ បានយើងចាប់ផ្ដើមពីប្រជាជនប្រមាណ ៥ លាននាក់ ឥឡូវឡើង ១៦ លាននាក់ហើយ។

ដោយសារតែចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិត បានជាយើងមានសមិទ្ធផលទាំងឡាយ រហូតមកដល់ថ្ងៃនេះ។ រាប់ទាំងសមិទ្ធផល ដែលអ្នកទាំងអស់នៅទីនេះទទួលបាន គឺសិទ្ធិទទួលបាននូវការអប់រំ សិទ្ធិទទួលបាននូវចំណេះដឹង និងសិទ្ធិទាំងឡាយ។ ឥឡូវ យើងសួរ បើងាប់ទៅបាត់ហើយ សួរថា បានសិទ្ធិមកពីណា? តើអ្នកឯងសរសេរកាសែតបានទេ បើងាប់ទៅហើយនោះ? ពួកអ្នកខ្លះ គេហៅថា ពួកក្រុមសិទ្ធិមនុស្ស​និយម ប៉ុន្តែ ពួកនេះ បើសិនមានការអីរត់លឿនជាងអីទៀត។ អញ្ចឹងទេ សម្រាប់យើងៗឱ្យតម្លៃធំបំផុត គឺសន្តិភាព … យើងពិនិត្យមើល ពួកអាវកាក់ពណ៌លឿងនៅប្រទេសបារាំងផ្ដើមចេញពីអី? ផ្ដើមចេញពីរដ្ឋាភិបាលរបស់ (Emmanuel) Macron ដំឡើងថ្លៃប្រេងសាំង។

ហេតុអ្វីដំឡើងពន្ធប្រេងសាំង?​ ថាមកពីរដ្ឋាភិបាលខ្វះលុយ អញ្ចឹង ត្រូវរក(លុយ) ដើម្បីឱ្យមានតុល្យភាពថវិកា​។ រហូតមកដល់ឥឡូវមិនទាន់ចប់ទេ … អភិបាលក្រុងប៉ារីស ដែលត្រូវមកប្រជុំនៅភ្នំពេញនេះ គាត់មកមិនបាន ដោយសារពួកអាវកាក់ពណ៌លឿង។ រឿងកងទ័ពបារាំងស្លាប់នៅម៉ាលី អាហ្នឹងរឿងមួយហើយ ប៉ុន្តែ ពួកអាវកាក់ពណ៌លឿងវាធ្វើសកម្មភាពចំពេលដែលគាត់ត្រូវមក(ប្រជុំនៅភ្នំពេញ) គាត់ចោលទីក្រុងគាត់មិនបាន។

ឆ្នាំ ២០១៩ កម្ពុជាបន្តកំណើនសេដ្ឋកិច្ចក្នុងអត្រា ៧%, ទំហំសេដ្ឋកិច្ចឡើងជិត ៣០ ពាន់លានដុល្លារ

… កំណើនសេដ្ឋកិច្ចរបស់យើងរឹងមាំ នៅក្នុងតំបន់នេះ ហើយនៅក្នុងពេលដែលប្រជុំអាស៊ានកន្លងទៅនេះ គឺគេបោះ(ពុម្ពឯកសារបង្ហាញថា) អត្រាកំណើនរបស់កម្ពុជានៅពីលើគេ។ ១០ ប្រទេសអាស៊ានហ្នឹង យើងកំណើនខ្ពស់ជាងគេ អាហ្នឹង ២០១៨។ ឥឡូវ ឆ្នាំនេះ ២០១៩ យើងនៅតែបន្តលើគេ ក្នុងអត្រា ៧%។ ឥឡូវ ចេញមក ៧,១% ហើយ។ កម្ពុជាបច្ចុប្បន្ននេះ ក្លាយទៅជាប្រទេស ដែលវប្បធម៌បង់ពន្ធបានជ្រាបចូលទៅក្នុងចំណោមអ្នកជាប់ពន្ធ។

ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់យើងទទួលបានលទ្ធផលល្អ។ បើនិយាយពីទំហំសេដ្ឋកិច្ច ២០១៩ ទំហំសេដ្ឋកិច្ចរបស់យើងមានត្រឹមតែ ២៤ ពាន់លានដុល្លារ។ ដូច្នេះ ប្រជាពលរដ្ឋរបស់យើងទទួលបានត្រឹមតែជាង ១ ៦០០ ដុល្លារ/ម្នាក់ តែប៉ុណ្ណោះ។ ទំហំសេដ្ឋកិច្ចនៅពេលដែលថវិកាជាតិត្រូវបានអនុម័ត ដែលសុំអរគុណ ចំពោះរដ្ឋសភា និងព្រឹទ្ធសភា ដែលអនុម័តយល់ព្រម ចំពោះច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ ដែលបានអនុម័តរួចហើយ នៅតែបន្តនីតិវិធីតទៅទៀត ដោយរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច (និង)ហិរញ្ញវត្ថុ។ ទំហំសេដ្ឋកិច្ចរបស់យើងឡើងជិត ៣០ ពាន់លានដុល្លារ ដែលប្រជាពលរដ្ឋម្នាក់ៗបានលើស ១ ៨០០ ដុល្លារ។

ចំណូលគយ និងពន្ធដារ ប្រមូលលើសផែនការកំណត់ប្រមាណជា ១ ៣០០ លានដុល្លារ

និយាយអំពីចំណូលសារពើពន្ធវិញ ខ្ញុំអាចនិយាយដោយមោទនភាពថា ការកែទម្រង់បានទទួលផលល្អណាស់។ ខ្ញុំមិននិយាយពីចំណូលរួមទេ។ ខ្ញុំយកតែចំណូលពីរមកជម្រាបជូន​៖ ទី (១) ចំ​ណូលគយ។ ក្នុងច្បាប់ថវិកា សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩ ផែនការចំណូលគយត្រូវរកឱ្យបាន ២ ២៦០ លានដុល្លារ ប៉ុន្តែ មកដល់ត្រឹមថ្ងៃទី ៩​ ធ្នូ យើងរកបានរហូតទៅដល់ ៣ ០១៣ លានដុល្លារ លើសផែនការ ចំនួន ៧៥៨ លានដុល្លារ ស្មើនឹង ៣៣.៥% រួចស្រេចទៅហើយ។ ជាមធ្យម ចំណូលគយចូល ១០ លានដុល្លារ/ថ្ងៃ។ ចំ​ណូលគយលើសផែនការប៉ាន់ស្មាន គឺជាង ៨០០ លានដុល្លារ។

សម្រាប់ចំណូលខាងផ្នែកពន្ធដារ គឺត្រូវរកឱ្យបាន ២ ២៨៨ លាន(ដុល្លារ)។ ឥឡូវនេះ រកចំណូលបាន ២ ៦៣៤ លាន(ដុល្លារ) រួចស្រេចទៅហើយ។ លើសការគ្រោងទុក ចំនួន ៣៤៥ លាន(ដុល្លារ)។ អញ្ចឹង ទាំងពីរផ្នែកនេះ ត្រូវរកចំណូលឱ្យបានសរុបទាំងអស់ ៤ ៥៤៨ លាន(ដុល្លារ) នៅក្នុងច្បាប់ថវិកា ក៏ប៉ុន្តែមកដល់ពេលនេះ យើងរកបាន ៥ ៦៥២​ លាន(ដុល្លារ)។ អញ្ចឹង យើងបានលើសផែនការរួចស្រេចទៅហើយ ១ ១០៣ លាន(ដុល្លារ)។ បើនៅក្នុងរយៈពេលក្នុង ១ ខែនេះបន្ថែមទៀត ទាំងគយ និងពន្ធដារ ថវិកាដែលយើងលើសផែនការប្រមាណជា ១ ៣០០ លាន(ដុល្លារ)។ ប៉ាន់ស្មានយ៉ាងដូច្នេះ។

មិនទាន់គិតចំណូលមិនមែនសារពើពន្ធទេ, គណនីចរន្ត មានអតិរេកថវិកា

ឯចំណូលមិនមែនសារពើពន្ធ អត់ទាន់បានយកមកគិតទេ។ ចំណូលពីថ្លៃទិដ្ឋាការរបស់ទេសចរ ចំណូលពីអាកាសយានដ្ឋាន​ អាកាសចរ ចំណូលពីការលក់បណ្ណចូលអង្គរវត្ត ឬចំណូលអំពីឈ្នួលដីកសិកម្ម ប៉ុន្តែ មិនមែនពន្ធដីពីកសិករទេណា ពីដីសម្បទានសេដ្ឋកិច្ច ដែលត្រូវបង់ប្រាក់ចំណូល។ សូម្បីតែការហោះហើរលើដែនអាកាសរបស់យើង ក៏យើងទទួលលុយរាល់ថ្ងៃដែរ ព្រោះយើងត្រូវនាំផ្លូវយន្តហោះរបស់គេ។ ចំនួនប្រាក់នេះ ជាផ្នែកមួយនៃអតិរេកចំណូលចំណាយចរន្ត។

ពិតហើយ យើងនៅមានឱនភាពជាថវិកាទូទៅ ប៉ុន្តែ គណ​នេយ្យចរន្តយើងមិនមានឱនភាពទេ យើងមានអតិរេកថវិកា។ អញ្ចឹងទេ បានជាសម្រាប់ឆ្នាំ ២០២០ គ្រាន់តែចំនួនថវិកាបញ្ជូនទៅឱ្យថ្នាក់ឃុំ ដូចជា ៦០០-៧០០ លាន(រៀល)ឯណោះ ធំជាងមុន។ ឥឡូវ ដូចជាមួយឃុំ ១២ ម៉ឺន(ដុល្លារ) … ចំនួនដែលយើងបញ្ជូនទៅឱ្យថ្នាក់ឃុំ ហើយកាន់តែច្រើនបញ្ជូនទៅកាន់ខេត្ត/ស្រុក/ឃុំ គឺជាចំនួនដែលយើងរកបាននេះ …។

ចំណូលពីពន្ធរថយន្ត និងម៉ូតូ ឡើងពី ៣៣% ដល់​ ៥២%

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ នៅត្រង់អញ្ចេះ ពីមុននោះ គេហៅថា ​ចំណូលគិតតាមផ្នែកទាក់ទងនឹងគយ ត្រឹមតែ ៣៣% ទេ ដែលចំណូលបានមកពីពន្ធរថយន្ត និងម៉ូតូនាំចូល។ ជាង ៣០% ទៀត ចំណូលពីប្រេងឥន្ធនៈ និងជាង ៣០% ទៀត ចំណូលបានមកពីទំនិញទូទៅ។ ប៉ុន្តែ ចម្លែកឆ្នាំនេះ ប្រជាពលរដ្ឋរបស់យើងមានលុយទិញរថយន្ត និងម៉ូតូ ធ្វើឱ្យចំណូលពន្ធគយឡើងដល់​ ៥២% ដែលបានមកពីការទិញរថយន្ត និងម៉ូតូ។ ឥឡូវហ្នឹងទីក្រុងរបស់យើងចំណោទធំជាងគេ គឺស្អី? ស្ទះចរាចរណ៍ គ្មានចំណតរថយន្ត។ នេះជារឿងដែលឃើញថា ចំនួនប្រជាជនគាត់មានប្រាក់ទិញឡាន គាត់មានប្រាក់ទិញម៉ូតូ អញ្ចឹង បានជាផ្លូវរបស់យើងកាន់តែតូច។ មូលហេតុតូច​ដោយសារតែឡានច្រើន ឃើញផ្លូវតូចហើយ។ កាលមុនផ្លូវរបស់យើងតែ ៧ ម៉ែត្រ ឃើញថាធំ ព្រោះវាអត់មានឡាន។ ដល់ឥឡូវពង្រីកប៉ុន្មានក៏នៅតែតូចដែរ។

សាច់ប្រាក់ចាយភ្លាមៗ មាន ៣ ៥០០ លាន ទុនបម្រុងអន្តរជាតិ ១៥ ០០០ លាន និងមាស ៣០ តោន

និយាយអញ្ចឹងសូមបញ្ជាក់ អត់មានក្រសួងណាសុំទារលុយចាយទេ។ ឥឡូវ យើងមានថវិកាជាសាច់ប្រាក់ដែលអាចចាយបានភ្លាមៗប្រមាណជា ៣ ៥០០ លានដុល្លារ ដោយយើងអត់បានគិត អំពីទុនបម្រុងអន្តរជាតិ ប្រមាណជា ១៥ ០០០ លាន(ដុល្លារ) ជាមួយនឹងមាស ៣០ តោននោះទេ​​ … ប៉ុន្តែ យើងក៏ត្រូវត្រៀមយថាហេតុ … សុំបញ្ជាក់ត្រង់ហ្នឹងបន្តិច។ (យើង)តែងតែមានការត្រៀមទុក(ថវិកា) សម្រាប់(ករណីកើតមានជា)យថាហេតុ ដូចជាទឹកជំនន់ ឬគ្រោះរាំងស្ងួត។ ដល់ទៅពេលផុតគ្រោះទឹកជំនន់នេះ ថវិកាសល់។ ដល់(តែ)សល់ យើងចាប់ផ្ដើមបែងចែកឱ្យទៅក្រសួង/ស្ថាប័នមួយចំនួន ដែលមានតម្រូវការបន្ថែម។

អញ្ចឹង ​បានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ប្រញាប់ប្រញាល់ ព្រោះត្រូវចេញអនុក្រឹត្យ ដើម្បីបែងចែកថវិកាបន្ថែមទៅឱ្យស្ថាប័នមួយចំនួន ដែលមានតម្រូវការនោះ។ នេះគ្រាន់តែជាការបញ្ជាក់ប្រាប់។ នេះហើយជាយន្តការ នៃការគ្រប់គ្រងថវិកា តាមរយៈអគ្គបញ្ជាការតែមួយ និងអគ្គសេនាធិការតែមួយ។ អគ្គបញ្ជាការ គឺនា​យករដ្ឋមន្រ្តី អគ្គសេនាធិការ គឺរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ … មិនគ្រាន់តែគ្រប់គ្រងហ្មត់ចត់ទៅលើបញ្ហាប្រាក់ចំណូល/ចំណាយនោះទេ ចំណូលលើសផែនការ ឯចំណាយប្រហែលជាត្រឹមតែមួយគ្រប់ផែនការ គឺមិនឱ្យលើសផែនការទេ។ មានដែរ យើងមានផ្ដល់ឱ្យថែមនូវថវិកា សម្រាប់ស្ថាប័នដែលមានការចាំបាច់ខ្លាំង។

អ្នកជាប់ពន្ធត្រូវតែបង់ពន្ធ

សមិទ្ធផលទាំងនេះ បានមកពីការខិតខំទាំងអស់គ្នា សូម្បីតែ(នៅទី)នេះ នៅក្នុងហ្នឹង មួយឆ្នាំៗបង់ពន្ធមិនតិចទេ សាស្រ្តាចារ្យមួយចំនួនត្រូវបង់ពន្ធ … អ្នកជាប់ពន្ធទាំងឡាយត្រូវតែអនុវត្តនូវកម្មវិធីបង់ពន្ធ។ ពន្ធលើប្រាក់បៀវត្សក៏ត្រូវតែបង់។ ពីមួយឆ្នាំទៅមួយឆ្នាំ ពន្ធលើប្រាក់បៀវត្សក៏ច្រើនដែរ ព្រោះមនុស្សចូលធ្វើការបានប្រាក់ខែច្រើន អញ្ចឹង ត្រូវកាត់ពន្ធបន្តិចមក។ ហើយពន្ធហ្នឹងយកទៅធ្វើអី? សន្សំវាទៅធ្វើផ្លូវ/ប្រឡាយទឹក ទិញថ្នាំពេទ្យ កសាងមន្ទីរពេទ្យ។ នោះហើយជាតម្រូវការរបស់យើង។ (រីឯ)អចលនទ្រព្យ យើងមានផ្ទះសម្បែង បង់ពន្ធបន្តិចទៅ។ ឡានកុំគេចពន្ធ។​ ត្រូវបង់ពន្ធនាំចូលហើយ ពេលដែលបង់ពន្ធផ្លូវត្រូវបង់ពន្ធទៀត​។

ប្រទេសយើងមិនទាន់ដូចប្រទេសគេទេ។ ប្រទេសគេ ទី (១) ត្រូវទិញសិទ្ធិទិញឡាន អ្នកឯងមិនទាន់មានសិទ្ធិទិញឡាន អញ្ចឹង ត្រូវយកលុយទៅទិញសិទ្ធិទិញឡានសិន។ សិទ្ធិទិញឡាននេះ មានរយៈពេលប៉ុន្មានគេកំណត់ទៀត អ្នកឯងអាចយកលុយទៅទិញសិទ្ធិទិញឡានបានតែ ៥ ឆ្នាំ ឬថា ១០ ឆ្នាំទៅចុះ។ ផុតពីហ្នឹងអ្នកឯងត្រូវទិញសិទ្ធិតទៅទៀត។ អញ្ចឹង រដ្ឋគេទទួលបានលុយ។ បន្ទាប់ទៅ ពេលដែលអ្នកឯងទិញឡាន អ្នកឯងត្រូវបង់ពន្ធ ហើយពន្ធឡាននៅប្រទេសដទៃ ៣០០% ឬ ៤០០% ឯណោះ ព្រោះប្រទេសគេមានហើយ គេមិនចង់ឱ្យឡានច្រើនពេក។ គេដាក់ពន្ធខ្ពស់។ កាលណាឡានរាងជំនុំបន្តិចហើយ គេឈប់ឱ្យបើកលើផ្លូវ។ ឡាននោះវាមកដល់យើងឯណេះ។ រឿងវាអញ្ចឹង បានជាយើងមានឡានជជុះនោះ។ ប៉ុន្តែ អាជជុះហ្នឹងយើងនៅជិះបាន លើកលែងតែចង្កូតស្ដាំទេ កុំឱ្យចូល។

តាមមើលព្រឹត្តិការណ៍មួយចំនួន នៅថ្ងៃទី ១២ ធ្នូ

… គេថា យើងហ្នឹងកំពុងស្ថិតនៅក្នុងស្ថានភាពអញ្ចេះ/អញ្ចុះ ហើយមិនដឹងវាផ្អើលអីវា ថាថ្ងៃទី ១២ មានរឿងស្អីកើតឡើង? ចាំមើល។ ស្អែកថ្ងៃទី ១២ មានស្អីវ៉ី? ផ្ដាំទៅ ស្រុកខ្មែរពីនេះតទៅ គឺគ្មានអីទេ។ អាខ្លះហៅវាឱ្យត្រឡប់​មកភូមិកំណើត វាថាចាំមើលថ្ងៃទី ១២ សិន។ ចាំទៅ។ ផុតពីថ្ងៃទី ១២ ចាំថ្ងៃណាទៀត? តែតាមពិតឯងសម្ងំយកប្រពន្ធផ្សេង ក្បត់ប្រពន្ធខ្លួនឯងទេ។ ខ្លះរត់មកភ្នំពេញ ប្រពន្ធហៅទៅស្រុកមិនព្រមទៅស្រុកទេ ថាចាំមើលសភាពការណ៍។ ដល់តាមស៊ើបមើល វាមានស្រីនៅភ្នំពេញធ្វើម៉េចវាទៅ។ ហ្នឹងរឿងគ្រួសារឯងទេ … អាក្រុមនៅព្រៃវែងប្រយ័ត្នបន្តិច។ សម័យនេះហើយបច្ចេកវិទ្យាគ្មានអ្វីលាក់បាំងទេ។ ប្រើកម្មវិធី ZOOM នៅកំពង់ឆ្នាំង (ក៏)ឯងត្រូវប្រយ័ត្នបន្តិច … ចៅហ្វាយខេត្ត(កំពង់ឆ្នាំង)នោះ មើលផងមើល គេបាញ់ទៅឱ្យព័ត៌មាន អាកម្មវិធី ZOOM ហ្នឹងវាយ៉ាងម៉េច? នៅកំពង់ឆ្នាំង គេប្រើកម្មវិធី ZOOM … ប្រជុំតាម ZOOM … មើលសារ៉េវាបន្តិចទៅមើល? …។

ថ្ងៃទី ១២ អ្វីដែល ហ៊ុន សែន តាមមើល គឺការបោះឆ្នោតនៅឯអង់គ្លេស ព្រោះរឿងនេះវាមិនមែនគ្រាន់តែរឿងអង់គ្លេសទេ វាជារឿងរបស់អឺរ៉ុប ហើយវាក៏ទាក់ទងដល់យើងដែរ គឺការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប។ ដែលអង់គ្លេសបានសន្យាជាមួយយើងថា ទោះបីជាចាកចេញពីអឺរ៉ុបក៏ដោយ ប៉ុន្តែ គោលនយោបាយ ពាណិជ្ជកម្មជាមួយប្រទេសទាំងអស់ អត់បានផ្លាស់ប្ដូរទេ រាប់ទាំងអតីតនាយករដ្ឋមន្រ្តី លោកជំទាវ (Theresa) May អង្គុយតុបាយជាមួយគ្នានៅបែលហ្ស៊ិក ហើយមានគណៈប្រតិភូអង់គ្លេសជាច្រើនឧស្សាហ៍មកកម្ពុជា។ នាយករដ្ឋមន្រ្តីបច្ចុប្បន្នកំពុងតែប្រកាស អំពីចំណោទលើបញ្ហាអត់មានសម្លេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល។ ដូចនៅអ៊ីស្រាអែល បោះឆ្នោតលើកទី ១ បង្កើតរដ្ឋាភិបាលអត់បាន ត្រូវបោះឆ្នោតលើកទី ២។ បោះលើកទី ២ ហើយ ឥឡូវ បង្កើតរដ្ឋាភិបាលអត់បាន។ ប្រហែលជាត្រៀមបោះឆ្នោតលើកទី ៣។ អញ្ចឹង តើនៅអង់គ្លេសអាចអញ្ចឹងទេ? … ពេលដែលអង់គ្លេសចាកចេញ សេដ្ឋកិច្ចអង់គ្លេសយ៉ាងម៉េច? ហើយប៉ះពាល់ដល់ប្រទេសណាខ្លះនៅអឺរ៉ុប? …

បន្ថែមទៅដល់បញ្ហាពីម្សិលមិញនេះ សភាអាមេរិកចាប់ផ្ដើមនីតិវិធីដកដំណែងប្រធានាធិបតី (Donald) Trump។ យើងកំពុងតែតាមមើលអាហ្នឹងទៀត ព្រោះប្រធានាធិបតីថា អញមិនទៅ ធ្វើអីអញ? អ្ហែងហៅទៅដេញដោលអញៗមិនទៅ។ Nixon និង Clinton ទៅ តែ Donald Trump មិនប្រាកដថាទៅទេ ព្រោះគាត់ប្រកាសហើយថាមិនទៅ។ សភាថាដកដំណែង ព្រោះគ្រប់គ្រង់ដោ​យប្រជាធិបតេយ្យ ប៉ុន្តែ​ ព្រឹទ្ធសភា គឺសាធារណរដ្ឋ បើព្រឹទ្ធសភាមិនព្រម ធ្វើអីមិនកើត …។

ម្យ៉ាងទៀត បើនិយាយពីសភាពការណ៍ក្នុងតំបន់ តាមមើល Aung San Suu Kyi កំពុងស្ថិតនៅតុលាការឡាអេនោះ ដើម្បីការពារក្ដីការពារជាតិរបស់គាត់​ ដែលគេចោទគាត់នោះថា ប្រល័យពូជសាសន៍ទៅលើជនជាតិរ៉ូហ៊ីងយ៉ា។ ឥឡូវ គាត់ទៅការពារក្តីខ្លួនឯងនៅក្នុងតុលាការឡាអេនោះ ហើយយើងកំពុងតែតាមមើលបញ្ហា តើនៅជិតចុងឆ្នាំនេះ កាដូដែល Kim Jong-un របស់កូរ៉េខាងជើង នឹងផ្ដល់ជូនពិភពលោកតើជាអ្វី? មីស៊ីលប៉ុន្មានគ្រាប់ ដែលត្រូវបាញ់ចេញ?​ អេ! (វាបែរជា)មកគិតពីរឿងថា ហ៊ុន សែន នឹងរលំ(នៅ)ថ្ងៃទី ១២ ហ្នឹង​ឯណា …។

មិនអាចយកច្បាប់ នៃក្រុមប្រទេសមួយ យកមកឱ្យប្រទេសមួយទៀតគោរពទេ ត្រូវតែច្បាប់ជាសាកល

ខ្ញុំបាននិយាយហើយ អត់យកអធិបតេយ្យជាតិ ទៅដោះដូរជាមួយជំនួយ ឬក៏ភាពអនុគ្រោះពីអ្នកណាទាំងអស់ អ្វីដែលធ្វើបាន (គឺ)បាន អ្វីដែលធ្វើមិនបាន គឺអត់។  អ្នកដែលគេមកនិយាយ គេថា ប្រជាធិបតេយ្យ ត្រូវតែគោរពច្បាប់។ ខ្ញុំឯកភាព។ តែខ្ញុំបានបញ្ជាក់ថា គោរពច្បាប់ ត្រូវតែគោរពច្បាប់ជាសាកល។ គេថា ពា​ណិជ្ជកម្មត្រូវតែគោរពច្បាប់។ ខ្ញុំឯកភាព។ ប៉ុន្តែ ត្រូវតែ(គោរពច្បាប់)សាកល។ ប្រជាធិបតេយ្យ ឬសិទ្ធិមនុស្ស ឬពាណិជ្ជកម្ម ត្រូវគោរពច្បាប់ ប៉ុន្តែ មិនអាចយកច្បាប់ នៃក្រុមមួយឱ្យក្រុមមួយទៀតគោរពទេ គឺច្បាប់នេះត្រូវចេញពីធម្មនុញ្ញសហប្រជាជាតិ។ មិនអាចយកច្បាប់ នៃក្រុមប្រទេសមួយ យកមកឱ្យប្រទេសមួយ និងក្រុមប្រទេសមួយគោរពទេ (គឺ)អត់ទេ។ បើនិយាយពីវិធានពាណិជ្ជកម្ម មិនអាចយកវិធានរបស់ក្រុមមួយ មកឱ្យក្រុមមួយ(ទៀត)គោរពទេ ត្រូវយកវិធាន នៃអង្គការពាណិជ្ជកម្មពិភពលោក។ ឆ្លើយជាមួយខ្ញុំអត់រួចទេ។ ខ្ញុំគោរព ប៉ុន្តែ វិធានត្រូវចេញពីធម្មនុញ្ញ(អង្គការ)សហប្រជាជាតិ មិនអាចយកវិធាន នៃក្រុមប្រទេសមួយ ហើយយកមកសង្កត់ឱ្យក្រុមប្រទេសមួយ អនុវត្តតាមស្តង់ដារបស់អ្នកឯងបានទេ។

ពាណិជ្ជកម្មក៏ដូចគ្នា។ អង្គការពាណិជ្ជកម្មពិភពលោក ជាតួអង្គសំខាន់ ដើម្បីប្រឆាំងនឹងភាពឯកតោភាគីនិយម ឬគាំពារនិយម។ អាស៊ានមិនតម្រូវឱ្យប្រទេសណាគោរពនូវវិធានរបស់អាស៊ានទេ គ្រាន់តែសំណូមពរឱ្យគេទទួលស្គាល់ ដូចជា៖ សន្ធិសញ្ញា​ ស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរ ឬក៏ចូលស្អីនៅក្នុងក្របខណ្ឌអាស៊ានរបស់យើង និងទទួលស្គាល់ភាពជាស្នូលរបស់អាស៊ានតែប៉ុណ្ណឹងទេ មិនអាចឱ្យប្រទេសដទៃយកច្បាប់ធម្មនុញ្ញអាស៊ានទៅអនុវត្តទេ។ ឯក្រុមនៅប្រទេសដទៃ ក៏មិនត្រូវមកសង្កត់ឱ្យក្រុម នៃប្រទេសមួយអនុវត្តទេ …។

សន្តិភាព ត្រូវកើតមុន ទើបនាំទៅដល់ដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស

… គេថា សិទ្ធិមនុស្ស សំខាន់ជាងសន្តិភាព។ ទៅនៅក្រោមគ្រាប់ផ្លោងទៅសំខាន់ទេ? បើមិនរត់លឿនជាងស្អីទៅទៀត។ ម្សិលមិញ(ទិវា)សិទ្ធិមនុស្ស គេជជែកគ្នា គេថា (រាជ)រដ្ឋាភិបាលសង្កត់លើសន្តិភាព។ យើងនៅតែបន្តសង្កត់លើសន្តិភាព។ ឥឡូវ លើការជាក់ស្តែង សួរថា នៅអាហ្វហ្គានីស្ថាន តើការគោរពសិទ្ធិមនុស្សបានគ្រប់គ្រាន់ទេ? បើបន្តិចៗការវាយប្រហារដោយភេរវកម្មសម្លាប់មនុស្ស។ នៅអ៊ីរ៉ាក់/ស៊ីរី/លីប៊ី/យេមែន សួរថា អាហ្នឹងទៅរកសិទ្ធិមនុស្សឯណាឃើញ? ផ្តើមចេញពីសិទ្ធិរស់រានមានជីវិត យើងដំណើរការប្រជាធិបតេយ្យ។ យើងទទួលស្គាល់ថា សិទ្ធិមនុស្ស ដំណើរការប្រជាធិបតេយ្យ វាជាផ្នែកមួយ នៃការគាំពារសន្តិភាព​ដែរ … សន្តិភាពត្រូវកើតមុន ទើបនាំទៅដល់ដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស​។ ឯដំ​ណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក៏វាបំពេញឱ្យការថែរក្សាសន្តិភាពដែរ។ យើងអត់មើលស្រាល ចំពោះការគោរពសិទ្ធិមនុស្សទេ។ សិទ្ធិ(ដែល)អ្នកឯងចង់បាន រហូតដល់សិទ្ធិអ្នកឯងអាចឡើងត្រួត(រាជ)រដ្ឋាភិបាលឬអី? …។

កាត់ទោសអ្នកសារព័ត៌មានម្នាក់ ពាក់ព័ន្ធរឿងបំពានផ្លូវភេទ មិនពាក់ព័ន្ធសេរីភាពសារព័ត៌មាន

សេរីភាពសារព័ត៌មានស្អីៗវាអស់ទាស់ណាស់ទៅហើយ។ ខ្ញុំមិនចង់និយាយទេ ខ្ញុំចង់ថា ថ្ងៃណាមួយផ្សាយតាមទូរទស្សន៍ទៅ។ ប៉ុន្តែ វាអាក្រក់មើលណាស់។ យើងមានចាប់អ្នកសារព័ត៌មានម្នាក់ ប៉ុន្តែ មិនមែនចាប់ដោយសាររឿងសេរីភាពសារព័ត៌មានទេ។ (ការ)កាត់ទោសគេនោះ (គឺ)ពីរឿងយកប្រពន្ធខ្លួនឯងទៅឱ្យជនបរទេសសេពកាម ហើយខ្លួនឯងជាអ្នកថត។ ខ្ញុំថា ពេលណាមួយ កែវ រ៉េមី យកអា(ឃ្លីប)ហ្នឹងបង្ហាញពួកទូតតែម្តងទៅ ប្រាប់ថា គេកាត់(ទោស) គេកាត់អា(រឿង)ហ្នឹង។ រឿងហ្នឹង(មាន)ពីរឃ្លីប ហើយឃ្លីបមួយទៀតជាមួយនឹងស្រីម្នាក់ផ្សេង។ អាហ្នឹងថតជាវីដេអូ។ សួរថា (ករណីបែប)ហ្នឹង យើងបំពានលើសេរីភាពសារព័ត៌មានទេ? យើងអត់បំពានទេ … ទូតណានិយាយ(ពីរឿងកាត់ទោសហ្នឹងថាអីចេះអីចុះ) យក(ឃ្លីប)ហ្នឹងទៅឱ្យទូតនោះមើលតែម្តង … ពីរឃ្លីបហ្នឹងមាននៅ ស្វាយ ស៊ីថា ហើយតើ។ មួយទៀត ខាងស្រីបានសរសេរសំបុត្រមកសុំទោសខ្ញុំផ្ទាល់។ ឱ្យគេមើលតែម្តង … (តើការប្រព្រឹត្តបែប)អញ្ចឹងៗ មិនឱ្យគេធ្វើ? ដល់គេធ្វើ ថាគេបំពាន។ អញ្ចឹង ឱ្យតែកាន់កាតសារព័ត៌មាន ចង់ទៅបំពានគេយ៉ាងម៉េចក៏អត់មានអីខុសទាំងអស់(ឬ)? ឱ្យតែយើងចាប់ គឺយើងរំលោភទៅលើសេរីភាពសារព័ត៌មានហើយ។ កន្លងទៅយើងដូចជាស្លូតពេកហើយ គេចោទយើងតាមចិត្ត តែយើងអត់តបត … ប្រគល់ឱ្យ កែវ រ៉េមី … បកស្រាយទៅ …។

មានអ្នកដែលថាថ្ងៃស្អែក (រាជ)រដ្ឋាភិបាលរលំ ហើយ ហ៊ុន សែន កំពុងតែភ័យ។ ចុម! មកនិយាយជិត ២ ម៉ោងទៅហើយ អញភ័យទៅណា។ ស្រុកអញនៅហ្នឹង។ ឯង(ថា)ត្រៀមចាប់អញ ហើយត្រៀមនិរទេសអញទៅស្រុកក្រៅ ហើយចែកទ្រព្យសម្បត្តិខ្លះឱ្យទៅនៅវៀតណាម។ អ្នកនិយាយហ្នឹង ប្រពន្ធកំពុងរកស៊ីដូរលុយនៅផ្សារទេណា។ កូនស្រីឯងដើរលេងយប់ច្រើនណាស់។ ប្រដៅតែកូនខ្លួនឯងនៅភ្នំពេញនេះ កុំឱ្យដើរលេង … អញ្ចឹងៗនិយាយទៅកើត។

សំណើដោះដូរទីតាំងសំរាមបច្ចុប្បន្ន ជាមួយទីតាំងចាក់សំរាមថ្មីបួនកន្លែង

គេនៅកាន់អំណាច ៤០ ឆ្នាំ នៅទីនេះ តាំងពីអត់មានអីស៊ីរហូតដល់ឥឡូវរបស់ស៊ីច្រើនពេក វាទៅជាសំរាមមួយថ្ងៃ ៣ ពាន់តោន … និយាយអញ្ចឹង មានអ្នកជំនួញម្នាក់គាត់ធានាថា គាត់រកដីបួនកន្លែងនៅខាងក្រៅឱ្យ តែសុំដោះដូរជាមួយនឹងគំនរសំរាមរាល់ថ្ងៃ។ ខ្ញុំថា គួរលេងដែរ ព្រោះយើងកំពុងតែបែងចែកតំបន់បួន ហើយចាក់កុំយកទៅចាក់តែស្ទឹងមានជ័យ។ អញ្ចឹងទេ ឱ្យគាត់រកដីឱ្យយើងបួនកន្លែងនៅខាងក្រៅទៅ ហើយឱ្យគេដឹកសំរាមយកទៅចាក់នៅទីនោះ ឯដីគំនរសំរាមនេះប្រគល់ឱ្យគាត់ទៅ។ អាចពិនិត្យមើលអាហ្នឹង ខ្ញុំកំពុងតែប្រាប់គាត់ថា ឱ្យដាក់សំណើមក ឱ្យខ្ញុំចារទៅ អូន ព័ន្ធមុនីរ័ត្ន។ កំពុងតែធ្វើការសម្របសម្រួលរឿងហ្នឹង ព្រោះ(បាន)សុំសិទ្ធិចាក់ ២ ឆ្នាំទៀតនៅកន្លែងហ្នឹង។ ២ ឆ្នាំទៀតទៅជាភ្នំសំរាមហើយ។ ត្រូវបែងចែកអាតំបន់ចាក់ហ្នឹង។ ដឹកសំរាមពីខាងពញាឮកាត់ក្រុងភ្នំពេញ យកទៅចាក់នៅខាងជើងឯកឯណោះ … ក្លិនសំរាមហ្នឹងវារត់កាត់ក្រុងរហូត។ បើយើងចេញអញ្ចេះ រង្វង់ខាងនេះ យើងចេញទៅខាងកៀនស្វាយ។ រង្វង់ចាប់ពីវត្តភ្នំទៅខាងនោះ ចេញទៅខាងមុខកំពូល ឬក៏ខាងពញាឮ។ រង្វង់ទៅខាងស្ទឹងមានជ័យ ពោធិ៍ចិនតុង គឺចេញទៅខាងកណ្តាលស្ទឹង។ រង្វង់ទៅខាងនោះ គឺចេញទៅខាងអង្គស្នួលអីអញ្ចឹងទៅ។ វាបានបួនជ្រុងដែរ។ សុំអំពាវនាវប្រជាពលរដ្ឋរបស់យើង ធ្វើម៉េចវេចខ្ចប់សំរាមឱ្យបានល្អ។ ខែ មករា នេះ ចាប់ដកហើយ (នូវ)ថ្លៃសំរាមផ្តាច់ចេញពីអគ្គិសនី។ ក្រុមហ៊ុន ស៊ិនទ្រី អត់ទៅយកអាហ្នឹងទៀតទេ។ ហើយយើងនឹងធ្វើការសម្របសម្រួលគ្នា ដើម្បីចែកតំបន់។

ជំហរកម្ពុជា៖ ធ្វើអ្វីដែលធ្វើបាន ពន្យល់អ្វីដែលមិនយល់គ្នា អ្វីពាក់ព័ន្ធច្បាប់កម្ពុជា អត់ធ្វើបានទេ

វាទៅជា ហ៊ុន សែន កំពុងតែភ័យ រហូតដល់ម្តាយក្មេកស្លាប់ ហើយក៏នៅលាក់ ព្រោះចង់ទុកឱ្យគេអាណិត ឱ្យពួកបរទេសអាណិតកុំផ្តាច់ភាពអនុគ្រោះ។ (ថា)ទេ! បើផ្តាច់ក៏ផ្តាច់ទៅ។ ខ្ញុំប្រាប់ហើយតើ។ ហ្នឹងសិទ្ធិរបស់អ្នកឯង ព្រោះយើងអត់មានជម្រើសទេ។ ទៅប្រ៊ុចស៊ែលខ្ញុំបានប្រាប់ពួកអ្នកទាំងនោះថា អ្វីដែលធ្វើបាន ខ្ញុំធ្វើ។ អ្វីដែលមិនយល់គ្នាយើងពន្យល់គ្នា។ អ្វីដែលពាក់ព័ន្ធនឹងច្បាប់កម្ពុជា គឺយើងអត់ធ្វើបានទេ។ យើងបានបញ្ជាក់ហើយ អ្នកឯងចង់យល់ក៏យល់ អ្នកឯងមិនយល់ទេក៏ហី។ ប៉ុន្តែ អ្នកឯងក៏ត្រូវតែដឹងដែរ ផលប៉ះពាល់វាមិនមែនគ្រាន់តែកម្ពុជាទេ អ្នកឯងក៏មានផលប៉ះពាល់ដែរ។ ប្រជាជននៅអឺរ៉ុបត្រូវបង់ផ្លៃច្រើនជាង នៅពេលដែលមានការបង់ពន្ធ ដូចជាអង្ករអញ្ចឹង។ អង្ករត្រូវបង់ពន្ធ ប្រជាជននៅអឺរ៉ុបដែលស៊ីអង្ករ ក៏ត្រូវស៊ីអង្ករថ្លៃជាងដែរ។

សមិទ្ធផលដែលអ្នកឯងជួយខ្ញុំ ក៏ដូចជា និរាករណ៍ចោលដែរ។ ទឹកមាត់អ្នកឯងជាមួយខ្ញុំ ក៏នឹងកាត់បន្ថយដែរ មានន័យថា (អ្នក)បានរួមចំណែកសម្លាប់អាពួកប្រឆាំងផ្កាប់មុខតែម្តង ព្រោះដំណើរការក្តី គឺតុលាការគេប្រកាសហើយ។ អ្នកណាត្រូវជាប់យ៉ាងម៉េចអីយ៉ាងម៉េច ពេលណាគេកាត់/គេអី។ ហ្នឹងដំណើរការរបស់តុលាការ។ អ្នកឯងត្រូវយល់ថា កម្ពុជា គឺជាសមាជិកអាស៊ាន ភាពជាដៃគូអាស៊ានជាមួយនឹងអឺរ៉ុប ក៏ត្រូវតែធ្វើជាមួយគ្នា ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី-អឺរ៉ុបនៅឆ្នាំ ២០២០ ដែលប្រទេសនៅអឺរ៉ុបនឹងមកចូលរួម។ ហ្នឹងជាការទទួលខុសត្រូវៗមើលឱ្យឃើញ។ អ្នកឯងកុំចាត់ទុកថាព្រៃ(មានតែ) ដើមឈើមួយដើម ត្រូវមើលព្រៃទាំងមូលឱ្យបានច្បាស់។

កម្ពុជាត្រូវដាក់ការឆ្លើយតប មិនមែនការធ្វើអត្ថាធិប្បាយ។ ខ្ញុំបានប្រាប់ ប្រាក់ សុខុន (ថា)នេះជាការឆ្លើយតប ចំពោះអ្វីដែលអ្នកឯងបានបញ្ជូនមកឱ្យ។ ខ្ញុំឆ្លើយតប គឺជាការសន្ទនា មិនមែនការធ្វើអត្ថាធិប្បាយ គឺការឆ្លើយតប។ យល់គ្នាឱ្យច្បាស់លើបញ្ហានេះ។ ប្រទេសអធិបតេយ្យមួយ យើងអាចទ្រាំទ្រ(បាន) ហើយកម្ពុជាមិនមែនរកស៊ីតែជាមួយក្រុមមួយទេ រកស៊ីជាមួយដៃគូច្រើន ហើយធ្វើពហុវិស័យ មិនមែនគ្រាន់តែវិស័យកាត់ដេរទេ។ កសិកម្មក៏ធ្វើ ផ្នែកផ្សេងៗក៏ធ្វើ។ អញ្ចឹង បានបញ្ហាដែលយើងត្រូវមើល កំពុងតែមើលអង់គ្លេស ព្រោះទំហំដែលយើងនាំទៅអឺរ៉ុប គឺនាំទៅអង់គ្លេសច្រើនជាងគេ។ អង់គ្លេសមានគោលនយោ​បាយមួយ ចាកចេញហើយក៏នៅបន្តគោលនយោបាយពាណិជ្ជកម្មធម្មតា។ យើងចង់ឱ្យអង់គ្លេសចាកចេញដោយមានកិច្ចព្រមព្រៀង ហើយ(ក្រោយការ)ចាកចេញ សេដ្ឋកិច្ចអង់គ្លេសនៅតែល្អ ដែលអាចបញ្ជាទិញពីស្រុកខ្មែរកាន់តែច្រើន។ យើងនាំទៅជប៉ុនក៏កាន់តែធំ នាំចេញទៅកូរ៉េខាងត្បូងក៏កាន់តែធំ ឥឡូវ ស្វាយកាន់តែត្រូវប៉ាន់ហើយ (សម្តេចសួរនាំឧកញ៉ា ម៉ុង ប្ញទ្ធី រឿងនាំស្វាយទៅក្រៅប្រទេស)។

នឹងទៅលេងកូនហ្គោលនៅអាមេរិក

សុំផ្តាំទៅអ្នកចាំ ហ៊ុន សែន ស្លាប់ (ឱ្យ)រង់ចាំមើលទៅ … ធ្វើនយោបាយរង់ចាំគេស្លាប់ វាអន់ពេក។ រង់ចាំ ហ៊ុន សែន ដួលរលំដោយសារគេច្របាច់ក។ គ្រាន់តែឃើញប្រធានាធិបតីអាមេរិក Donald Trump សរសេរសំបុត្រមកឱ្យខ្ញុំ (ក៏តាំងនាំគ្នា)ថា Donald Trump កំពុងតែសង្កត់ក ហ៊ុន សែន ហើយ។ ព្រះអើយ! ឯងមើលលិខិតហ្នឹងច្បាស់ទេ? កម្ពុជាចេញមុខមុនគេ គាំទ្រការប្រជុំអាស៊ាន-អាមេរិក នៅសហរដ្ឋអាមេរិក​។ ខ្ញុំត្រៀមប្រដាប់វាយកូនហ្គោលទៅហើយ ព្រោះលោក Donald Trump គាត់ពូកែវាយកូនហ្គោល។ ចង់ឬមិនចង់ ទៅអាមេរិកលើកនេះ ខ្ញុំទៅវាយកូនហ្គោលឱ្យបាន ព្រោះទៅអាមេរិកច្រើនដងហើយអត់បានវាយកូនហ្គោល។ បើ Donald Trump មានពេល ក៏វាយ(ជាមួយគ្នា) ពីខាងអាស៊ានទៅមានតែពីរ(នាក់)ទេ Thongloun Sisoulith ហើយនិងខ្ញុំទេ វាយកូនហ្គោល។ Shinzō Abe ធ្លាប់វាយកូនហ្គោលជាមួយ Donald Trump ថា Donald Trump គាត់វាយខ្លាំង។ ទៅលេងកូនហ្គោលជាមួយ Donald Trump។ ទៅប្រជុំជាមួយ Donald Trump រឿងអី​ Donald Trump មក​សង្កត់ក ហ៊ុន សែន? និយាយតែផ្តាស …។

ថ្ងៃនេះ បាននាំមកសម្រាប់ជូនសិស្ស/និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ចំនួន ៦ ៧៦២ អង្គ/នាក់ ក្នុងអង្គ/នាក់ ថវិកា ៥ ម៉ឺនរៀល។ ជូនសាស្ត្រាចារ្យ និងបុគ្គលិក ចំនួន ១ ២០៥ នាក់ ក្នុងម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ថវិកា ៥ លានរៀល។ ជាមួយនឹង ការអបអរសសាទរ នៃវឌ្ឍនភាព នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ក៏ដូចជា ការអបអរសាទរ ចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា សូមប្រកបតែពុទ្ធពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...