- សម្តេចឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សមាជិក សមាជិកា
- អង្គមហាសន្និបាតជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួមនៅក្នុង ពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនឤស៊ានលើកទី ១៩ ដែលប្រារព្វឡើងយ៉ាងអធិកអធម នាពេលនេះ។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សហព័ន្ធអតីតយុទ្ធជនឤស៊ាន ព្រមទាំងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន នៃបណ្តាប្រទេសជាសមាជិកសហព័ន្ធ ដែលបានអញ្ជើញចូលរួមក្នុងមហាសន្និបាតដ៏មានសារៈសំខាន់នេះ។
ទន្ទឹមនេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់គណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធអតីតយុទ្ធជនឤស៊ាន ដែលបានរួមគ្នា បំពេញការងារយ៉ាងសកម្មធ្វើឱ្យមហាសន្និបាតប្រព្រឹត្តទៅប្រកបដោយខ្លឹមសារ និងរបៀបវារៈ ស្របតាមគោលដៅជាឤទិភាពរបស់ខ្លួន។
ថ្ងៃនេះ កម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនសហព័ន្ធអតីតយុទ្ធជនឤស៊ាន ស្របតាមសកម្មភាពការងារ និងគោលបំណងដែលបានគ្រោងទុក តាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អ្នកតំណាងមកពីបណ្តាប្រទេសសមាជិកសហព័ន្ធអតីតយុទ្ធជនឤស៊ាន ចំពោះវិស័យអតីតយុទ្ធជន ដែលប្រទេសសមាជិកឤស៊ានទទួលស្គាល់ថា ជាផ្នែកមួយនៃកិច្ចការមនុស្សធម៌ឤស៊ាន ទាំងបច្ចុប្បន្ន និងអនាគត។
ជាការពិត ប្រវត្តិអតីតយុទ្ធជន ដែលបានឆ្លងកាត់សង្គ្រាម ពិតជាមានភាពស្រដៀងគ្នានៅគ្រប់បណ្តាប្រទេសនៅលើពិភពលោក ក្នុងន័យនេះ ក្រុមជនដែលបានធ្វើពលិកម្មដើម្បីជាតិមាតុភូមិរបស់ខ្លួន គឺជានិមិត្តរូបនៃស្មារតីលះបង់ខ្ពស់ជាមួយនឹងមនសិកាស្នេហាជាតិរបស់ខ្លួន ដែលត្រូវបានចារឹកទុកនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនីមួយៗ។
ជាក់ស្តែង អតីតយុទ្ធជនដោយសារសង្គ្រាមនៅកម្ពុជា បានឆ្លងកាត់នូវទុក្ខសោក និងមហាវិនាសកម្មដោយសារសង្គ្រាមជាបន្តបន្ទាប់ និងជាច្រើនជំនាន់ ចាប់ពីសង្គ្រាមឥណ្ឌូចិនពីឆ្នាំ ១៩៧០-១៩៧៥ និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ ១៩៧៥-១៩៧៩ ព្រមទាំងបន្តមានបញ្ហាប្រឈមជាច្រើន ដែលកម្ពុជាត្រូវដោះស្រាយ ទាំងផ្នែកសេដ្ឋកិច្ចសង្គម នយោបាយ និងការទូត ជាពិសេស ការតស៊ូជាមួយនឹងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាបន្តបន្ទាប់នៅក្នុងប្រទេស។
បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពនៅចុងឆ្នាំ ១៩៩៨ តាមរយៈការដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះ» កម្ពុជាទទួលបាននូវការឯកភាពទឹកដីទាំងស្រុង គ្រប់កងកម្លាំងប្រដាប់ឤវុធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៃអតីតយុទ្ធជនដោយសារសង្គ្រាម បានធ្វើសមាហរណកម្មក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាតែមួយ។ នេះគឺជាមូលដ្ឋានគ្រឹះធ្វើឱ្យមានស្ថិរភាពនយោបាយ ជាមួយនឹងការនាំមកនូវសុខសន្តិភាពពេញលេញគ្របដណ្តប់ពេញផ្ទៃប្រទេស។ ជាបន្តបន្ទាប់ កម្ពុជាបានផ្តោតការយកចិត្តទុកដាក់ និងដោះស្រាយលើបញ្ហាជាឤទិភាពសំខាន់ៗរបស់ជាតិ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ រួមទាំងការអនុវត្តគោលនយោបាយជាតិស្តីពីអតីតយុទ្ធជន តាមរយៈការខិតខំប្រឹងប្រែងបង្កើនសកម្មភាពនានាលើវិស័យអតីតយុទ្ធជន សំដៅធានាដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូន អតីតយុទ្ធជន ជាមួយក្រុមគ្រួសារ រួមមាន ការផ្តល់សេវាថែទាំអតីតយុទ្ធជន ការគាំពារសុខភាព និងការឧបត្ថម្ភសម្ភារៈចាំបាច់ទាំងឡាយ ការជួយបណ្តុះបណ្តាលវិជ្ជាជីវៈ ការដោះស្រាយការងារ មុខរបរ ការផ្តល់សម្បទានដីសង្គមកិច្ច ការជួយសាងសង់លំនៅឋាន ដើម្បីឱ្យពួកគេមានធនធាន ដីធ្លី មានលំនៅឋាន និងឤចប្រកបមុខរបរផ្សេងៗសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ។
ទាំងអស់នេះ គឺជាប្រពៃណីដ៏ថ្លៃថ្លារបស់ប្រជាជាតិកម្ពុជា ដែលមានតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ក្នុងការជួយគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់មនសិការស្នេហាជាតិដល់យុវជនជំនាន់ក្រោយ ចំពោះអតីតយុទ្ធជនដោយសារសង្គ្រាម ដែលបានលះបង់ និងពលីជីវិតក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ។
- សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី !
សហព័ន្ធអតីតយុទ្ធជនឤស៊ាន ដែលជាអង្គភាពមនុស្សធម៌ របស់ឤស៊ានបាន និងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម តាមរយៈការយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជន ក្នុងបណ្តាប្រទេស ជាសមាជិកឤស៊ានដែលជាផ្នែកមួយនៃសកម្មភាពក្នុងក្របខណ្ឌឤស៊ាន។ ដូច្នេះដើម្បីឱ្យសហព័ន្ធនេះសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងក្របខណ្ឌផែនការសកម្មភាពឤស៊ាន ខ្ញុំសូមចូលរួមចែករំលែកនូវមតិមួយចំនួន ដូចខាងក្រោម៖
១. សហព័ន្ធអតីតយុទ្ធជនឤស៊ានត្រូវរួមគ្នាបន្តជំរុញការលើកកម្ពស់ប្រណិតភាពជីវិត និងការពារផលប៉ះពាល់នៃឤយុកាល ដែលបណ្តាលមកពីសង្គ្រាមទៅលើសុខភាពអតីតយុទ្ធជន តាមរយៈការការពារសិទ្ធិស្របច្បាប់ ដើម្បីអត្ថប្រយោជន៍រួមរបស់អតីតយុទ្ធជនដោយសារសង្គ្រាម និងក្រុមគ្រួសាររបស់ពួកគេ ជាមួយនឹងការទទួលស្គាល់ផ្លូវច្បាប់ នៃសមាគមអតីតយុទ្ធជន នៃបណ្តាប្រទេសជាសមាជិកសហព័ន្ធ។
២. សហព័ន្ធអតីតយុទ្ធជនឤស៊ានត្រូវរួមគ្នារៀបចំគោលនយោបាយ ផែនការសកម្មភាព និងយន្តការអនុវត្តនានា ដើម្បីពង្រីកវិស័យអតីតយុទ្ធជនឱ្យបានកាន់តែទូលំទូលាយ ជាពិសេសការបន្តលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនឱ្យស័ក្តិសមទៅនឹងគុណបំណាច់របស់ពួកគេ តាមរយៈការលើកទឹកចិត្តខាងផ្នែកស្មារតី ការផ្តល់កិត្តិយស ការផ្គត់ផ្គង់ដល់ជីវភាពរស់នៅឱ្យបានសមរម្យ ស្របតាមស្ថានភាពនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម។
៣. ត្រូវបន្តលើកកម្ពស់សមត្ថភាពចំណេះដឹងឱ្យបានទូលំទូលាយដល់អតីតយុទ្ធជន និងជនរងគ្រោះដោយសារសង្គ្រាម នៅក្នុងតំបន់ តាមរយៈការរៀបចំជាកម្មវិធីអភិវឌ្ឍ សិក្ខាសាលា ការចែកចាយព័ត៌មាន ការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង ព័ត៌មានវិទ្យា និងសកម្មភាពដទៃទៀត ដែលជាគុណប្រយោជន៍ សម្រាប់សមាជិកសហព័ន្ធអតីតយុទ្ធជនឤស៊ាន។
៤. ថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិកឤស៊ានទាំងអស់ សូមបន្តចូលរួមឱ្យកាន់តែសកម្មឡើង ដើម្បីពង្រីកវិសាលភាពនៃការលើកទឹកចិត្តដល់អតីតយុទ្ធជនឤស៊ាន ការការពារសិទ្ធិរស់រានមានជីវិត សុវត្ថិភាពបុគ្គល ជាមួយនឹងការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពឱ្យកាន់តែជិតស្និទ្ធ ដើម្បីបង្កើតនូវកិច្ចសហការគ្នាល្អ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដែលជាប្រយោជន៍រួមរបស់សហព័ន្ធអតីតយុទ្ធជនឤស៊ាន។
ខ្ញុំសង្ឃឹមថា សមាគមអតីតយុទ្ធជនកម្ពុជា និងសហព័ន្ធអតីតយុទ្ធជនឤស៊ាន នឹងបន្តកិច្ចសហការកាន់តែជិតស្និទ្ធក្នុងស្មារតី សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីជំនះនូវរាល់បញ្ហាប្រឈមនានា ទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដោយសារសង្គ្រាម សំដៅរួមចំណែកសម្រេចបានគោលដៅរបស់សហព័ន្ធអតីតយុទ្ធជនឤស៊ាន គឺ សន្តិភាព វិបុលភាព និងភាពសុខដុមរមនាជាមួយនឹងការលើកកម្ពស់ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អតីតយុទ្ធជនទាំងក្នុងតំបន់ និងនៅលើពិភពលោក។
នៅទីបញ្ចប់ ជាមួយនឹងការប្រកាសបើក មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនឤស៊ានលើកទី ១៩ នាពេលនេះ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា អង្គមហាសន្និបាត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សូមទទួលបាននូវសុខភាពបរិបូរណ៍ ជាមួយនឹងសេចក្តីសុខ សេចក្តីចម្រើន និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច៕
សូមអរគុណ !