នៅវិមានសន្តិភាព ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដែលមកពីសន្និសីអន្តរជាតិនៃគណៈបក្សនយោបាយនៅអាស៊ី (ICAPP) អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិច (CAPDI) និងអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-International) ដែល ដឹកនាំដោយលោក អង់ដ្រេ ប៉ាស្ត្រាណា អារ៉ង់ហ្គោ ដែលជាអតីតប្រធានាធិបតីកូឡុំប៊ី។ លោក អារ៉ង់ហ្គោ បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា នេះជាលើកទី៣ហើយ ដែលលោកបានមកកាន់កម្ពុជា។ ដំណើរទស្សនៈកិច្ចនាពេលនេះ គឺមានគោលការណ៍ចំនួន៣ ទី១ គឺតំណាងឲ្យប្រទេសកូឡុំប៊ី ដើម្បីមកសិក្សាពីបទពិសោធន៍អំពីកម្ពុជា យកទៅអនុវត្តន៍នៅប្រទេសកូឡុំប៊ី, ទី២គឺដើម្បីចូលរួមសង្កេតការណ៍ ពីការបោះឆ្នោតនៅកម្ពុជា មើលនិងរៀនពីការបោះឆ្នោត របស់កម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃស្អែកនេះ។
លោកបានបញ្ជាក់ថា កាលពី២០ឆ្នាំមុន កម្ពុជាបានទទួលការជួយឧបត្ថម្ភពី អាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា UNTAC ហើយពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ គឺលោកមករៀននិងពិនិត្យ ការបោះឆ្នោតដែលកម្ពុជារៀបចំឡើងដោយខ្លួនឯងតែម្តង និងទី៣នោះ គឺលោកមានបំណងចង់យកបទពិសោធន៍ដែលទទួលបានពីកម្ពុជាពេលនេះ ទៅចែករំលែក ដើម្បីជាការលើកស្ទួយដល់លទ្ធិប្រជាធិបតេយ្យ ទូទាំងពិភពលោក។ នៅក្នុងឱកាសនេះដែរ លោក វិជ័យ ជូលី តំណាងអង្គការ ICAPP បានគោរពជម្រាបជូនសម្តេចតេជោ និងអង្គពិធីទាំងមូលថា លោកបានចុះពីយន្តហោះ កាលពីថ្ងៃម្សិលមិញ ហើយលោកបានឃើញគណបក្សនយោបាយជាច្រើន បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដែលក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗទៀត គឺលោកពិតជាមានសេចក្តីរីករាយណាស់ ដែលសង្កេតឃើញថា យុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ នៅកម្ពុជា ជាពិសេសថ្ងៃចុងក្រោយនេះ បានប្រព្រឹត្តិទៅយ៉ាងល្អ ហើយលោកក៏បានសម្តែងនូវភាពរីករាយ ដែលកម្ពុជាកំពុងតែជ្រោងទង់ប្រជាធិបតេយ្យ ឆ្ពោះទៅមុខ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គណប្រតិភូទាំងអស់ ដែលបានមកចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅស្អែកនេះ។ សម្ដេចតេជោបានបញ្ជាក់ថា ការដែលកម្ពុជា អញ្ជើញគណប្រតិភូទាំងអស់ចូលរួមសង្កេតការណ៍នេះ គឺដើម្បីធ្វើយ៉ាងណា អោយបានឃើញនូវភាពជាក់ស្ដែងអំពីដំណើរការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះ។ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃស្អែកនេះដែរ គឺបានទទួលជំនួយឧបត្ថម្ភពីសហគមអឺរ៉ុប និងប្រទេសជប៉ុនទាំងផ្នែកសម្ភារៈ និងបច្ចេកទេស៕