ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ — សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនមានពិការភាពដើម្បីទទួលបានសិទ្ធិជាមូលដ្ឋានក្នុងសង្គមបច្ចុប្បន្ន ខណៈមានការរួមបញ្ចូលសិទ្ធិយ៉ាងពេញលេញនៅក្នុងសហគមន៍ដែលពួកគេកំពុងរស់នៅ។ ការលើកឡើងរបស់សម្ដេចក្រឡាហោមនេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព(២០១៤-២០១៨) និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព ២០១៩-២០២៣ ព្រមទាំងទិវាជនមានពិការភាពលើកទី២១ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៧។
សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈនយោបាយប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការលើកកម្ពស់សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិក្នុងការចូលរួម ជាពិសេសការបញ្ចូលជនមានពិការភាពនៅក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ និងពិភពលោកទាំងមូល។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានផ្តល់សេវាគាំទ្រដល់ការរស់នៅ និងផ្តល់កន្លែងស្នាក់អាស្រ័យ និងសេវាសង្គមផ្សេងៗទៀត ដល់ជនមានពិការភាព និងអតីតយុទ្ធជនមានពិការភាពដើម្បីជួយឱ្យពួកគេទទួលបានសិទ្ធិជាមូលដ្ឋានដែលរួមបញ្ចូលទាំងការចូល រួមយ៉ាងពេញលេញនៅសហគមន៍។ សម្តេចក្រឡាហោមបានបន្តថា សិទ្ធិទទួលបានការងារ និងឱកាសចិញ្ចឹមជីវិតគឺឈរលើទីផ្សារការងារ ព្រមទាំងបរិយាកាសការងារបើកទូលាយសម្រាប់ជនមានពិការភាពក្នុងការទទួលស្គាល់យកចិត្តទុកដាក់ ព្រមទាំងការជំរុញពីសំណាក់រាជរដ្ឋាភិបាលដោយហាមឃាត់ជាដាច់ខាតចំពោះការរើសអើងពិការភាពលើគ្រប់ទម្រង់នៃការងារ ព្រមទាំងលក្ខខណ្ឌនៃការជ្រើសរើស ការជួល ការបម្រើការងារ ការបន្តការងារ និងការអភិវឌ្ឍមុខរបរជាដើម។ សម្តេចក្រឡាហោមបានបន្ថែមថា ការកែលម្អជីវភាពរស់នៅធានាដល់ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព ការលើកកម្ពស់ការងារ ព្រមទាំងមុខរបរសមរម្យ ត្រូវបានយកចិត្តទុកដាក់ពីរដ្ឋាភិបាល។ ទន្ទឹមនេះ ការផ្ដល់ជំនួយ ឧបត្ថម្ភពីរដ្ឋត្រូវបានអនុវត្តន៍ជាបន្ដបន្ទាប់ តាមរយៈការផ្ដល់របបគោលនយោបាយ។
សម្តេចក្រឡាហោមបានបន្ថែមទៀតថា ក្រៅពីសប្បុរសជន និងសង្គមស៊ីវិល ព្រមទាំងដៃគូអភិវឌ្ឍន៍ក៏បានចូលរួមចំណែកទាំងធនធានថវិកា និងធនធានមនុស្ស ដើម្បីសម្រេចបាននូវឧត្តមប្រយោជន៍សម្រាប់ជនមានពិការភាពនៅកម្ពុជា៕